ខ្មែរ, ចំណេះ​ដឹង, អក្ខរាវិរុទ្ធ, អក្សរសាស្ត្រ

ចំណាំ​អក្សរ​មិន​តម្រួត ឬ​តម្រួត


ខាងក្រោម​ជា​ចំណាំ​​ខ្លះ​នៃ​អក្សរ​មិន​តម្រួត ឬ​តម្រួត​ ដើម្បី​ជំនួយ​ដល់​ការសរសេរ​ត្រឹមត្រូវ​ ៖

១. កិរិយាសព្ទ ឬ​គុណសព្ទ​ទោល ដែល​​មាន​អក្សរ​មិន​តម្រួត ឬ​គ្រវាត់ មិន​ផ្ញើ​ជើង ដល់​ចេញ​មក​ជា​នាម​សព្ទ​ត្រូវ​ប្រើ​រាយ​តួ ។
កប់ (កិ) > កំណប់ (ន) កុំ​សរសេរ កម្នប់
កាច់ (កិ) > កំណាច់ (ន) កុំ​សរសេរ កម្នាច់
កាត់ (កិ) > កំណាត់ (ន) កុំ​សរសេរ កម្នាត់
ដឹង (កិ) > ដំណឹង (ន) កុំ​សរសេរ ដម្នឹង
តូច (គុ) > តំណូច (ន) កុំ​សរសេរ តម្នូច
ធំ (គុ) > ទំហំ (ន) កុំ​សរសេរ ទម្ហំ
ចង់ (កិ) > ចំណង់ (ន) កុំ​សរសេរ ចម្នង់
ជិះ (កិ) > ជំនិះ (ន) កុំ​សរសេរ ជម្និះ
ខុស (គុ) > កំហុស (ន) កុំ​សរសេរ កម្ហុស
គុំ (កិ) > គំនុំ (ន) កុំ​សរសេរ គម្នុំ

២. កិរិយាសព្ទ ឬ​គុណសព្ទ​ដែល​មាន​អក្សរ​តម្រួត ឬ​ផ្ញើ​ជើង​ គ្រវាត់ ដល់​ចេញ​មក​ជា​នាមសព្ទ ត្រូវតែ​តម្រួត​ដូច​គ្នា ។
ក្រង (កិ) > កម្រង (ន) កុំ​សរសេរ កំរង
ក្រាល (កិ) > កម្រាល (ន) កុំ​សរសេរ កំរាល
គ្រប (កិ) > គម្រប (ន) កុំ​សរសេរ គំរប
ឃ្លាន (កិ) > គម្លាន (ន) កុំ​សរសេរ គំលាន
ត្រាស់ (កិ) > តម្រាស់ (ន) កុំ​សរសេរ តំរាស់
ត្រិះ (កិ) > តម្រិះ (ន) កុំ​សរសេរ តំរិះ
ក្រ (គុ) > កម្រ (ន) កុំ​សរសេរ កំរ
ជ្រៅ (គុ) > ជម្រៅ (ន) កុំ​សរសេរ ជំរៅ
ស្ល (កិ) > សម្ល (ន) កុំ​សរសេរ សំល
ឆ្ការ (កិ) > ចម្ការ (ន) កុំ​សរសេរ ចំការ
ស្ទូច (កិ) > សន្ទូច (ន) កុំ​សរសេរ សន់ទូច
ស្ទូង (កិ) > សន្ទូង (ន) កុំ​សរសេរ សន់ទូង
ខ្ជិល (គុ) > កម្ជិល (ន) កុំ​សរសេរ កំជិល
ជ្រក (កិ) > ជម្រក (ន) កុំ​សរសេរ ជំរក

៣. កិរិយាសព្ទ​កត្តុវាចក (សម្រាប់​អំពើ​ខ្លួនឯង) ចេញ​ទៅ​ជា​កិរិយាសព្ទ​ហេតុកត្តុវាចក (ញ៉ាំង​អ្នក​ដទៃ​ឲ្យ​សម្រេច​អំពើ) ។
ខ្ចាត់ (កិ.កត្តុ) > កម្ចាត់ (កិ.ហេតុ) មិន​ប្រើ​រាយ​ជា កំចាត់
ខ្ចាយ (កិ.កត្តុ) > កម្ចាយ (កិ.ហេតុ) មិន​ប្រើ​រាយ​ជា កំចាយ
ស្រេច (កិ.កត្តុ) > សម្រេច (កិ.ហេតុ) មិន​ប្រើ​រាយ​ជា សំរេច
ជ្រាប (កិ.កត្តុ) > ជម្រាប (កិ.ហេតុ) មិន​ប្រើ​រាយ​ជា ជំរាប

ប៉ុន្តែ​សព្ទ​ដែល​តម្រួត​មិន​កើត មាន​ដូច​ជា ៖
ភ្លឺ (កិ.កត្តុ) > បំភ្លឺ (កិ.ហេតុ)
ផ្លើស (កិ.កត្តុ) > បំផ្លើស (កិ.ហេតុ)
ឃ្លាត (កិ.កត្តុ) > បង់ឃ្លាត (កិ.ហេតុ) ។ល។

សៀវភៅ ភាសា​ខ្មែរ (អគ្គទត្តោ គល់ សុភាព, ព.ស. ២៥៥១) ឬ វចនានុក្រមខ្មែរ (ជ.ណ, បោះពុម្ព​គ្រា​ទី ៥)

30 thoughts on “ចំណាំ​អក្សរ​មិន​តម្រួត ឬ​តម្រួត”

  1. ងាយស្រួលចំណាំទេ ព្រោះពាក្យខ្មែរក្លាយមកពីពាក្យ ដូចជា ជម្រក មកពីពាក្យ​ថាជ្រក ។ ដូចនេះបើពាក្យណាមួយមានជើងស្រាប់ពេលក្លាយជានាមត្រូវមាន ព្យាង្គតម្រួត។

    ច្ការ​ជាកិរិយា ប្រែក្លាយជា ចម្ការជានាម
    ដើរជាកិរយា ប្រែក្លាយជា ដំណើរជានាម
    ។ល។

  2. បូក​នឹង​ករណី​លើក​លែង​មួយ​ចំនួន​ដូច​ជា
    ស្នើ សំណើ (តែ​មិន​ប្រើ សម្នើ)។
    ស្កុង សំកុង រឺ សម្កុង។
    ស្កុល សំកុល រឺ​សម្កុល។
    ស្កូញ សំកូញ រឺ​សម្កូញ។
    ស្កូវ សំកូវ រឺ​សម្កូវ។
    ស្គម សំគម រឺ​សម្គម។
    ស្គាល់ សំគាល់ រឺ​សម្គាល់។
    ស្គុល សំគុល រឺ​សម្គុល។
    ស្គោក សំគោក រឺ​សម្គោក។
    ស្គាំង សំគាំងរឺ​សម្គាំង។
    ស្ងាច សំងាច រឺ​សម្ងាច។
    ស្ងាត់ សំងាត់​រឺ​សម្ងាត់។
    ស្នាក់ សំណាក់ រឺ​សម្នាក់។
    ។ល។

  3. ស្នើ​ (កិ)​ សំណើ (ន)
    ដើរ​ (កិ)​ ដំណើរ (ន)

    ហេតុមេចបានជាពាក្យ ស្នើ អត់មាន​អក្សរ​ (រ)​ ហើយ​​ ពាក្យ​ ដើរមានអក្សរ
    (រ)​ បើវាជា(កិ)ដូចគ្នា? ហើយ(ន)ក៏ចឹងដែរ។

  4. ខ្ញុំមិនយល់សោះ ហេតុអ្វីបានជាមិនអោយសរសេរជាព្យាង្គរាយ កាលខ្ញុំរៀននៅ​ស្រុកខ្មែរ អក្សរ​ភាគច្រើនគ្រូវបង្រៀនអោយសរសេរជាព្យាង្គរាយ ។ ហើយគ្រាន់​តែខុសគ្នា៣ ទៅ ៤ឆ្នាំសោះ ហេតុអ្វីបានជាគេនាំគ្នាមិនអោយប្រើព្យាង្គរាយដូច្នេះ?

  5. ក្មេងៗ ស្រករ​ក្រោយ​ អត់​សូវ​ចេះ​ទេ អា​ផ្ជៀង​តម្រូត តម្រា អី​ហ្នឹង! ម្នាក់​គិត តែ​ខំ​បញ្ជូន​កូន​ទៅ​ សាលា​អង់​គ្លេស! ក្មេង​ខ្លះ ធំ​ខ្លួន​ដូច​ឃ្លោក អត់​ស្គាល់​អី ហៅ​ថា ស្រៈ​ពេញ​តួ!

  6. តាមខ្ញុំដឹងតាមវចនានុក្រមសម្តេចសង្ឃ ជួន​ ណាត ប្រើព្យាង្គតម្រួត។ ជាការសរសេរដែលទទួលស្គាល់ជាអក្ខរាវារុទ្ធត្រឹមត្រូវក្នុងអក្សរសាស្រ្តខ្មែរ។ តែក្រោយសម័យប៉ុលពត ឯកសារបង្រៀនអក្សរសាស្រ្តខ្មែរបានរៀបចំសារជាថ្មី​ដោយសាស្ត្រាចារ្យ កេង វ៉ាន់សាក់ ។ ហើយក្នុងឯកសារគឺពាក្យសរសេរជាព្យាង្គរាយទាំងអស់។ តែក្រោយមក កំនើនអ្នកចេះដឹងពីអក្សរសាស្រ្តបានកើនឡើង ហើយបានស្រាវជ្រាវឯកសារដើម ទើបគេណែនាំឲ្យសរសេរជាព្យាង្គតម្រួតវិញ​ហើយត្រួវបានក្រសួងអប់រំ ធ្វើសេចក្តីណែនាំឲ្យសរសេរព្យាង្គតម្រួតសម្រាប់​ការផ្សព្វផ្សាយនានា។ មានពាក្យមួយចំនួនដែលទើប តែធ្វើការកែសម្រួលឲ្យត្រូវតាមវចនានុក្រមសម្តេចសង្ឃ ជួន ណាត មានដូចជាពាក្យ៖
    អាសយដ្ឋាន ពីមុនសរសេរ អាស័យដ្ឋាន
    ព័ត៌មាន ពីមុនសរសេរ ព័តមាន
    ជាដើម។

  7. ទើប​ឃើញ អគ្គលីបុត្រ និយាយ​ពេញ​ចិត្ត​ខ្ញុំ​ម្ដង​នេះ​ឯង​! ប្រាវ៉ូ!

    សំណាង​ហ្អា! ខ្ញុំ​ថា​មិន​ចាំ​បាច់​ដល់​ថ្នាក់​ដើរ​ឱប​វចនានុក្រម​ទេ ប្រសិន​បើ​សំណាង​ពិត​ជា​ជឿជាក់​ប្រាកដ​ដូច​ដែល​បាវចនា​ក្នុង​ប្លក់​សំណាង​ឯង​ថា “បើ​ខ្មែរ​មិន​ស្រឡាញ់​ខ្មែរ តើ​មាន​នរណា​គេ​ស្រឡាញ់​ខ្មែរ​ទៀត” ពិត​ប្រាកដ​មែន​នោះ!

  8. រដ្ឋា​៖
    វចនា​នុក្រម​ខ្មែរ​បាន​បោះពុម្ព​ជា​ច្រើន​លើក​ច្រើន​គ្រា​កាល​មុន​ឆ្នាំ​៧០។ មួយ​លើក​ៗ​ច្រើន​តែ​​មានកែត្រង់​នេះ​ត្រង់​នុះ(នេះ​តាម​ការ​រៀប​រាប់​របស់​អ្នក​និពន្ធ​ខ្លះ )​។ការ​ប្រើ​ព្យាង្គ​តំរួត​នោះ​ក៏​ដូច​គ្នា​ដែរ គ្រា​ដំបូង​ៗ អាច​សរសេរ​បាន​ពីរ​បែប​ទាំង​អស់មាន​ន័យ​ថា ព្យាង្គ​រាយ​ក៏​បាន​តំរួត​ក៏បាន តែ​​ចាប់​ពី​គ្រា​ណាមួយ​នោះ​​មក​​ សម្តេច​ក៏​សំរេចយក​គោលការណ៍​មួយ​ដូច​លោក​បឿន​រៀប​រាប់​ប្រាប់​នៅ​ក្នុង​ផូស​នេះ​ឯង (ដើម្បី​កាត់​បន្ថយ​កុំ​អោយ​សំនេរ​ឥត​របៀប​ពេកក៏​មិន​ដឹង​?)(សូម​អាន​នៅ​ក្នុង​អារម្ភកថា​របស់​វចនានុក្រម​ខ្មែរ​ឆ្នាំ​~៦៥)​។
    ក្រោយ​មក​មិន​ដឹង​ជា​ក្រោម​ហេតុផល​អ្វី ក្រុម​ខេមរយានកម្ម បាន​សំរេច​ថា សរសេរ​ដោយ​ប្រើ​ស្រៈ​អំ ទាំង​អស់​វិញ មានន័យ​ថា​ប្រើ​ព្យាង្គ​រាយ។ ពេល​នោះ​ សមាសភាព​របស់​ក្រុម​នេះ​ គ្មានលោក​កេង វ៉ាន់សាក់ទេ តែ​ខ្ញុំ​ជឿ​ថា ពួក​គេ​ស្ថិត​ក្រោម​ឥទ្ធិពល​លោក​កេង​វ៉ាន់សាក់។
    ខ្ញុំ​តែ​លឺ​គេ​និយាយ​ជា​រឿយ​ៗ​ថា ក្រុម​ខាង​សម្តេចជួន​ ណាត​អភិរក្ស ក្រុម​ខាង​តា​កេង​វ៉ាន់​សាក់​ កែ។ តែ​តាម​ពិត​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​បាន​កែ​អក្សរសាស្ត្រ​ខ្មែរ​ទាំង​ពីរ។ គ្រាន់​តែ​មាន​គោលការណ៍​ខុស​គ្នាប៉ុណ្ណោះ។

    សំណាង​ សុភ័ក្ត្រ៖បើ​ខ្មែរ​មិន​ស្រឡាញ់​ខ្មែរ តើ​មាន​នរណា​គេ​ស្រឡាញ់​ខ្មែរ​ទៀត” ត្រឹម​ត្រូវ​ហើយ ប៉ុន្តែ​ការ​អនុវត្ត​ជាក់​ស្តែង​ វា​ច្រើន​តែ​មិន​ដូច​មាត់។

  9. មនុស្ស​មាន​មាត់​តែ​ប៉ុណ្ណឹង​អែង​បង​វីរិយោក 😀

    កូន​សិស្ស​សព្វ​ថ្ងៃ នាំ​គ្នា​ទិញ​វចនានុក្រម​អង្គ្លេស-ខ្មែរ ខ្មែរ-អង្គ្លេស English-English ឲ្យ​ភ្លូក​ទឹក​ភ្លូក​ដី សួរ​ទៅ​បើ​ផ្ទះ​អ្នក​ណា​គ្មាន​វចនានុក្រម​អង្គ្លេស តែ​បើ​វចនានុក្រម​ខ្មែរ​វិញ ពុំ​សូវ​មាន​អ្នក​ណា​ចង់​បាន​ទេ អាង​តែ​ថា​ពាក្យ​ខ្មែរ​ស្រួល​ណាស់​រៀន​នៅ​សាលា (មាន​ឯណា រៀន​ពី​មុន​ និង​រៀន​ឥឡូវ​អត់​ដូច​គ្នា​ផង) ​ទៅ​ចេះ​ហើយ ណា​មួយ​មិន​សូវ​សំខាន់​ផង ។ល។ ផ្នត់​គំនិត​ខ្មែរ​សព្វ​ថ្ងៃ គេ​ឲ្យ​កូន​ចៅ​ខំ​​រៀន​តែ​ភាសា​បរទេស​បាន​ហើយ ក្រែង​បាន​ការងារ​សណំ​ជាង​ចេះ​តែ​ខ្មែរ 😀 ។

  10. រកតែអញ្ចឹង!
    ធ្វើបែបនេះ​ល្អណាស់
    កាន់តែធ្វើ​ឲ្យច្បាស់
    នូវអក្សរសាស្ត្ររបស់យើង
    សូមអរគុណរាល់ការលើកឡើង
    ពិតផ្ដល់ប្រយោជន៍​ជាច្រើន សំរាប់អ្នក! 🙂

  11. សុភ័ក្ត្រ៖ បាទ អគុណ ខ្ញុំ​និយាយ​លេង​ទេ តាម​ពិត​ទៅ​វា​មិន​ដល់​ថ្នាក់​ឱប​វចនានុក្រម​អី​ទេ គ្រាន់​តែ​មាន​ន័យ​ថា​ពាក្យ​ខ្មែរ​យើង​មាន​ជា​ច្រើន​ទៀត​ដែល​ខ្ញុំ​មិន​ដឹង មិន​បាន​យក​មក​ប្រើ​ប្រាស់​ព្រោះ​កាលៈទេសៈ។

  12. ចំពោះខ្ញុំ បានចេះអាន នឹងសរសេរខ្មែរ នោះ ហៅថាសំណាងធំហើយ ព្រោះខ្ញុំជាហនុមានមិនសូវបានរៀនសូត្រ ដូចប្អូនៗ ច្រើនទេ ណាមួយឃ្លាតស្រុកកំណើតតាំងពី នៅស្លៀក diaper ឯណោះ ! សូមអ្នករាល់គ្នាខំសិក្សាឡើង ខ្ញុំមានចិត្តនឹកស្តាយមែនទែន ព្រោះខ្នះការដឹងជ្រៅជ្រះ !

  13. ពាក្យខ្មែរមួយចំនួន ដែលមានអក្សរ រ នៅមុខ ត្រូវបានគេសរសេរ
    ដើម្បីរក្សាពាក្យដើម។ ខ្មែរកណ្ដាលសព្វថ្ងៃនេះ អានមិនបញ្ចេញសំឡេង
    រ ឡើយ(អានចេញសំឡេងតិចៗ =រើស…..)។ ដូចនេះ ត្រូវចំណាំពាក្យ
    ដែលមាន រ ។ប៉ុន្តែ អ្នកសុរិន្ទ្រ បុរីរ័ម្យនៅអានបញ្ចេញសំឡេង រ នេះបាន
    យ៉ាងច្បាស់នៅឡើយ តួយ៉ាងពាក្យ= ខ្មែរ ពីរ ផ្គរ ភ្ជួរ ជណ្ដើរ យូរ ដើរ។ល។
    ក្រៅពីសរសេរខុស យើងនៅតែអានខុសថែមទៀត។តាមមើលទៅ ពាក្យ
    ខ្មែរហាក់ដូចជាងាយនឹងអាននិងសរសេរជាងភាសាដទៃ បើយើងប្រៀបគ្នា
    តែយើងដូចជាមិនសូវសង្កេតសោះ។ពាក្យខ្លះត្រូវអានឲ្យអស់តួអក្ខរៈ ឬត្រូវអានតាមអក្ខរាតែម្ដង ឧទាហរណ៍ និស្ស័យ=និស(នេះ)សៃ,វស្សា=វះ សា,
    ឧស្សាហ៍=ឧស សា,វិជ្ជា=វិជ ជា,កនិដ្ឋា=កៈ​ណិត ឋា,កិន្នរ=កិន ណ,កិន្នរី=
    កិន ណ រ៉ី។ល។កុំអាន និសៃ,វ សា,ឧ សា,វិ ជា,កន់ និត​ឋា,កែ ណ ឬ កេ ណ,
    កេ ណ រី។ល។

  14. បង LOTO ខ្ញុំចង់សាកល្បងឆ្លើយចម្ងល់បង!
    មូលហេតុដែល ពាក្យ ស្នើ គ្មានព្យព្ជានៈ រ នៅខាងក្រោយ គឺ ពាក្យ ស្នើ = ពាក្យ រក៍ ដែលមានន័យ ពឹងពាក់ ពឹងពរ។
    ចំណែក ពាក្យ ដំណើរ មាន ព្យព្ជានៈ រ នៅខាងក្រោយ មានហេតុផលពីរ គឺទីមួយ វាជាពាក្យកម្លាយ មកពីកិរិយាសព្ទដើម ដើរ។ ហើយទី២ អាចមកពីពាក្យថា ចង់រក៍ឱ្យដើរ និងចេញដើរត្រូវរក៍។
    សូមអរគុណ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s