ធម៌ អនិច្ចា ជាធម៌ដែលអាចពិសោធន៍ឃើញនៅថ្នាក់បដិបត្តិកម្រិតខ្ពស់, ប៉ុន្តែបច្ចុប្បន្ន ត្រូវបានយកមកប្រើខុសន័យ, ដូចជាការប្រើចំពោះភាពមិនទៀងនៃអាយុជីវិត, កើត, ស្លាប់ ជាដើម។ ន័យពិតប្រាកដ ដែលព្រះពុទ្ធទ្រង់ផ្ដល់ឲ្យ គឺការពិសោធន៍ឃើញ ភាពមិនទៀងនៃសភាវធម៌ខាងក្នុង រវាងកាយ និង ចិត្ត ដែលហៅថា សង្ខារ។ ដូចក្នុងព្រះគាថា «អនិច្ចា វត សង្ខារា ឧប្បាទវយធម្មិនោ ឧប្បជ្ជិត្វា និរុជ្ឈន្តិ តេសំ វូបសុមោ សុខោ» ដែលមានន័យថា សង្ខារធម៌ទាំងឡាយ មានសភាពមិនទៀង, វាកើតរលត់ កើតរលត់, កាលណាបើអ្នកបដិបត្តិ បានឃើញសភាពមិនទៀងយ៉ាងនេះ គឺឃើញអនិច្ចា សេចក្ដីប្រកាន់ថាជាខ្លួន ជារបស់ខ្លួន ក៏អស់ទៅ, ហើយគេនឹងបានសេចក្ដីសុខពេញបរិបូណ៌ គឺព្រះនិព្វាន។ ដូច្នេះ អនិច្ចាធម៌ អាចពិសោធន៍ឃើញតែក្នុងថ្នាក់បដិបត្តិវិបស្សនា មិនអាចឃើញ ឬ យល់ដោយការស្ដាប់ ការអាន ឬ ដោយការត្រិះរិះពិចារណាទេ។
គ្មានផ្កាឲ្យអូន
ថ្ងៃនេះគឺថ្ងៃបុណ្យស្នេហា
អូនប៉ងប្រាថ្នាផ្កាពីប្ដី
តិចតួចឬច្រើនក៏មិនថ្វី
បញ្ជាក់ថាប្ដី គិតដល់អូន។
រំពឹងពីព្រឹក ដល់ថ្ងៃត្រង់
គិតថាបងចង់ surprise ស្ងួន
ច្បាស់ជាលោកប្ដីលាក់បំពួន
ដល់ពេល នឹមនួនយកជូនស្រី។
រសៀលទល់ល្ងាចមិនទាន់ឃើញ
រង់ចាំលុះដល់ពេលរាត្រី
អូនងងុយគេងហើយលោកប្ដី
ម្ដេចក៏ប្រុសថ្លៃសំងំស្ងៀម។
សង្ស័យប្រហែលមិនដូចគិត
លោកប្រុសស្នេហ៍ស្និទ្ធមិនបានត្រៀម
អូនអន្ទះសាស្ទើរស្រក់ឈាម
បងសម្ងំស្ងៀមមិនចេញស្ដី។
ហេតុអ្វីក៏បងធ្វើដូច្នេះ
ឬក៏ពេលនេះ ប្រែចិត្តថ្មី
បងប្លែកខុសមុនហើយចរណៃ
ឱ!ទឹកភ្នែកស្រី ហូរមកហើយ។
មិនចង់ឲ្យបងឃើញអូនយំ
តែទប់មិនយំលែងបានហើយ
បណ្ដោយតាមចិត្តចុះលោកអើយ
យំហើយ និយាយឲ្យអស់ម្ដង។
“ម្ដេចបងមិនគិតដល់រូបអូន
ម្ដេចស្ងួនមិនមើលគូគេផង
ម្ដេចក៏មិនដឹងពីបំណង
ម្ដេចបងមិនទិញផ្កាជូនអូន!”
“នេះឬបងថាស្រឡាញ់ស្រី
តើស្មោះនឹងស្រី ឬលាក់ពួន
មានស្រីខាងក្រៅ ចោលរូបអូន
ប្រាប់ត្រង់គង់អូនឲ្យបងទៅ!”
លោកប្ដីតបថា “អូនសម្លាញ់!
ម្ដេចក៏ខឹងប្ដីដូច្នេះពៅ
ឲ្យឈប់ស្នេហ៍អូនម្ដេចបានទៅ
បើពៅអូនល្អដូច្នេះថ្លៃ។”
“មើលចុះទឹកភ្នែកជោគភត្ត្រា
កុំខឹងបងណាពៅពីសី
ស្រឡាញ់អូនធំជាងផែនដី
ហេតុអ្វីអូនមិនដឹងចិត្តបង។”
“រាល់ថ្ងៃស្រឡាញ់អូនប៉ុណ្ណា
នឹកមើលជីវ៉ា ទឹកចិត្តបង
មិនមែនមួយឆ្នាំស្នេហាម្ដង
ស្នេហ៍បង បងស្នេហ៍រៀងរាល់ថ្ងៃ។”
“បងជូតទឹកភ្នែកណាម្ចាស់ចិត្ត
ក្នុងមួយជីវិតមានតែស្រី
មិនដែលគេចកែចិត្តរកថ្មី
យល់ឬនៅថ្លៃ ក្ដីស្នេហ៍បង?”
រៀបរាប់ប៉ុណ្ណឹងឲ្យអូនគិត
ថាគូជីវិតពិតស្នេហ៍ស្នង
មិនដែលភ្លាំងភ្លាត់ឲ្យខុសឆ្គង
អូនគិតរំលងព្រោះតែផ្កា។
ឥទ្ធិពលបុណ្យក្ដីស្រឡាញ់
មិនមែនសុទ្ធល្អសោះឯណា
អ្នកខ្លះរីករាយ ខ្លះឡាំប៉ា
ព្រោះតែប្រាថ្នាស្នេហ៍ភក្ដី។
មានផ្កាអត់ផ្កា មិនសំខាន់
សំខាន់ស្នេហ៍ស្មោះប្រពន្ធប្ដី
មិត្តភ័ក្ត្រពេបជ្រាយ មានទៅស្អី
ស្នេហាភក្ដី ជាមង្គល។
ដោយ ទឹម បឿន
១៥ កុម្ភៈ ២០១៧ ១:៤៧ យប់
ក្រុមអ្នកកាន់សាសនាមូស្លិមនៅបង់ក្លាដេសដុតបំផ្លាញ់វត្តនិងផ្ទះរបស់ពុទ្ធសាសនិក
ថ្ងៃអាទិត្យទី ៣០ កក្កដា ២០១២, ក្រុមអ្នកកាន់សាសនាមូស្លិម បានដុតបំផ្លាញវត្តព្រះពុទ្ធសាសនា និងផ្ទះរបស់ប្រជាពលរដ្ឋ ដែលកាន់សាសនាព្រះពុទ្ធ នៅបង់ក្លាដេស ដើម្បីតវ៉ាប្រឆាំងអំពីការបង្ហោះរូបភាពនៃការដុតគម្ពីរកូអាននៅលើ Facebook ។ ការបង្ហោះនេះ ត្រូវបានគេចោទថាជារបស់ក្មេងប្រុសម្នាក់ដែលជាពុទ្ធសាសនិក ប៉ុន្តែក្មេងប្រុសនោះបានបដិសេធថាជារូបដែលគេ tag មកឲ្យ មិនមែនជារូបភាពដែលគាត់បង្ហោះខ្លួនឯងទេ ។ ក្រោយមក គណនេយ្យរបស់គាត់ត្រូវបានលុបចោលពី Facebook ។
អំពើហិង្សានេះបានកើតឡើងនៅទីក្រុង រ៉ាមូ ស្ថិតនៅភាគខាងត្បូងនៃរដ្ឋធានី ដាកា ហើយរាលដាលទៅតំបន់ក្បែរៗនោះ ។
CNN ថា ផ្ទះរបស់ពុទ្ធសាសនិកប្រហែល ៥០ខ្នង, វត្តចំនួន ៧ នៅទីក្រុង រ៉ាមូ និងវត្ត ៥ នៅតំបន់ផ្សេងទៀតត្រូវបានដុតបំផ្លាញ ។ ចំណែកចំនួនអ្នករបួសនៅពុំទាន់មានរបាយការណ៍ណាបញ្ជាក់នៅឡើយទេ ។
ករណីនេះ រដ្ឋាភិបាលបង់ក្លាដេសនឹងរៀបចំគណកម្មាធិកាស៊ើបអង្កេតឲ្យដឹងអំពីមូលហេតុពិតប្រាកដក្នុងកំឡុង ១០ថ្ងៃ ។ ចំណែកលោករដ្ឋមន្ត្រី Mohiuddin Khan Alamgir បានថ្កោលទោសចំពោះបក្សប្រឆាំង “ជាតិនិយមបង់ក្លាដេស” ដោយចោទថា អំពើហិង្សានេះ មានការរៀបចំគម្រោងទុកជាមុន និងបានរកឃើញភស្តុតាងមួយចំនួននៅក្នុងផ្ទះកើតហេតុ ។
ការដុតគម្ពីរកូអាន ក៏បាននាំឲ្យកើតមានអំពើហិង្សានៅ ប៉ាគីស្ថាន និង អាហ្វហ្គានីស្ថានផងដែរ ។
ហេតុដែលនាំឲ្យសុបិន
ពេលដែលដេកលក់មិនស៊ប់យើងក៏មានការយល់សប្ដិ ជួនកាលការយល់សប្ដិហ្នឹងច្បាស់ ជួនកាលមិនច្បាស់ ។ ការយល់សប្ដិជាការឃើញតាមមនោទ្វារ មិនឃើញតាមបញ្ចទ្វារណាមួយដូចជាភ្នែកត្រចៀកទេ ហើយក៏មានផលខ្លះដែរ មិនឥតផលទាំងអស់ទេ បើយល់សប្ដិក្នុងរឿងបុណ្យ ក៏បានបុណ្យខ្លះ បើយល់សប្ដិក្នុងរឿងបាប ក៏បានបាបខ្លះដែរ គ្រាន់តែមិនច្រើន ។ ហេតុដែលនាំឲ្យយល់សប្ដិនោះមាន៤យ៉ាង ។
១- ធាតុកម្រើក (គ្រុនក្ដៅក៏នាំឲ្យយល់សប្ដិ, ហូបអាហារខុស ឈឺពោះក៏យល់សប្ដិថាឈឺពោះជាដើម)
២- អ្វីដែលយើងធ្លាប់ឃើញ ធ្លាប់គិត ធ្លាប់ឮគេដំណាល (ធ្លាប់នៅស្រែ យល់សប្ដិឃើញនៅស្រែមែន, ធ្លាប់ឮគេដំណាលអំពីរឿងអ្វីមួយ ក៏យល់សប្ដិឃើញរឿងនោះជាដើម)
៣- ទេវតាបណ្ដាលប្រាប់ (ប្រាប់ឲ្យធ្វើយ៉ាងនេះសុខសប្បាយ ធ្វើយ៉ាងនោះមិនសុខជាដើម)
៤- កម្មមកបណ្ដាល (កម្មដែលធ្លាប់ធ្វើ ឬកម្មដែលធ្លាប់សន្សំពីជាតិកន្លងមកហើយ បើធ្វើរឿងអាក្រក់ច្រើន ក៏យល់សប្ដិឃើញរឿងអាក្រក់)
ហេតុទីមួយ និងទីពីរមិនសូវជាពិតទេ ។ ហេតុទី៣ មានពិតខ្លះមិនពិតខ្លះទៅតាមទេវតាល្អ ទេវតាអាក្រក់ដែលមកប្រាប់ ។ ហេតុទី៤ដែលបណ្ដាលមកពីកម្មទើបពិត ប៉ុន្តែពិតតែសាច់រឿងទេ បើឲ្យឃើញដូចក្នុងយល់សប្ដិហ្នឹងមិនពិតទេ គ្រាន់តែផលឆ្លុះបញ្ចាំងទៅខាងហ្នឹង ។
អ្នកដែលយល់សប្ដិមានបុថុជ្ជន (យល់សប្ដិច្រើន) និងបុគ្គលដែលជាអាណាគាចុះមក (យល់សប្ដិតិច) ចំពោះព្រះអរហន្តអត់មានយល់សប្ដិទេ ។ បុគ្គលដែលជាបុថុជ្ជនយល់សប្ដិច្រើនព្រោះនៅមានកិលេសច្រើន គឺនៅមានសញ្ញាវិបល្លាស, ចិត្តវិបល្លាស, ទិដ្ឋវិបល្លាស ។
ការលើកឡើងមកនេះ គ្រាន់តែឲ្យឃើញអំពីហេតុដែលនាំឲ្យយល់សប្ដិដែលវាពិតខ្លះ មិនពិតខ្លះ មិនមែនថាពិតទាំងអស់ ឬមិនពិតទាំងអស់ទេ ។
ប្រើសញ្ញា “អឌ្ឍចន្ទ” នឹងពាក្យកំព្រា
ពាក្យទោលជាស្រៈ អ ដែលឥតតួ រ ប្រកបហៅថា ពាក្យកំព្រា ដូចជា ក(កមនុស្សសត្វ), ង(ងស្ទើត), ល(លមើល), ស(សម្បុរស) ជាដើមនេះ អ្នកប្រាជ្ញជំនាន់មុនបានបង្កើតសញ្ញាថ្មីមួយហៅថា អឌ្ឍចន្ទ មានសណ្ឋានស្រដៀងចំណិតដូង ប៉ុន្តែផ្កាប់ (៝) ប្រើដាក់ពីលើ ដូចជា ឈឺក៝, លើកដាក់លើក៝, ទូកង៝, ថាល៝មើល, រលឹបរល៝, កុកស៝ក៝, ដីស៝ កុំឲ្យច្រឡំក្នុងការអាន ប៉ុន្តែមិនបានជោគជ័យសញ្ញា អឌ្ឍចន្ទ នេះបាត់រូបទៅវិញ ។ បច្ចុប្បន្ន ស្មេរខាងកាសែត ទស្សនាវដ្ដី ឬខាងនិពន្ធផ្សេងៗមានការលំបាកក្នុងការសរសេរពាក្យកំព្រានេះក្នុងអត្ថបទរបស់ខ្លួន ព្រោះខ្លាចអ្នកអានច្រឡំ ស្មេរខ្លះបន្ថែមសញ្ញា (–) នៅខាងដើមពាក្យកំព្រានោះ ដើម្បីញែកពាក្យ ដូចជា បុរសម្នាក់ចង-ក សម្លាប់ខ្លួន ខ្លះសរសេរដកឃ្លា ប្រណាំងទូក ង នៅ… អ្នកខ្លះដែលមិនក្រវល់ក្រវាយច្រើន ក៏សរសេរជាប់គ្នាតាមធម្មតា ដូចជា គោសម្ដេចថាខ្មៅ ។ របៀបសរសេរដែលមិនទាន់ស្របគ្នាទាំងនេះ នៅបង្កការលំបាកចំពោះស្មេរ និង អ្នកអានខ្លះដែរ ។
ក្នុង និទានកថា របស់វចនានុក្រម សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ បញ្ជាក់ថា សញ្ញា អឌ្ឍចន្ទ ត្រូវបានលើកទុក ព្រោះវិនាសបាត់រូប បាត់ឈ្មោះ បើបង្កើតឲ្យមានរូបសណ្ឋានផ្សេងជាជំនួស សម្រាប់ប្រើដាក់លើ ពាក្យកំព្រា ទាំងប៉ុន្មាននោះក៏ពុំកើតដែរ ។
តាមពិតសញ្ញានេះ នៅមិនទាន់វិនាសបាត់សូន្យនៅឡើយទេ ដ្បិតសញ្ញានេះនៅមានលើក្ដារចុចរបស់យូនីកូដខ្មែរនៅឡើយ ។ ជាគំនិតរបស់ខ្ញុំ ប្រសិនបើយើងនាំគ្នាត្រឡប់មកប្រើសញ្ញា អឌ្ឍចន្ទ ឡើងវិញ ដោយពុំចាំបាច់ពិបាកក្នុងការបង្កើតសញ្ញាថ្មី វាជាការងាយស្រួល ព្រោះថាបើរង់ចាំទម្រាំអ្នកប្រាជ្ញណាមួយមានគំនិតក្នុងការបង្កើតថ្មីនោះ ក៏នឹងអាចរង់ចាំដល់រយៈពេលយូរ រាប់ជាច្រើនឆ្នាំតទៅមុខទៀតក៏មិនដឹង ។
ដើម្បីប្រើសញ្ញា អឌ្ឍចន្ទ ចុច Ctrl + Alt + w ឬចុច Alt ខាងស្ដាំ + w ។
ទម្លាប់ខុសឆ្គងរបស់ពុទ្ធសាសនិកក្នុងការបញ្ជូនកុសលចំពោះជីដូនជីតា
ពុទ្ធសាសនិកខ្មែរយើងមានទម្លាប់មួយខុសឆ្គងយកតែមែនទែន ហើយមិនបានដឹងថាខ្លួនធ្វើខុសទាល់តែសោះ ។ ហេតុនេះ ខ្ញុំនឹងលើកយកបញ្ហានេះមកបង្ហាញដើម្បីឲ្យកាន់តែយល់ច្បាស់អំពីព្រះពុទ្ធសាសនារបស់ខ្លួន ។
ដែលខ្ញុំថាជាទង្វើខុសនោះគឺខុសក្នុងពេលយកគ្រឿងបង្សុកូលទៅវត្ត ពុទ្ធបរិស័ទតែងឲ្យលោកអាចារ្យវេរដើម្បីបញ្ជូនគ្រឿងបង្សុកូលទៅដូនតាញាតិមិត្តដែលបានចែកឋានទៅកាន់បរលោក ។ មួយទៀតលោកតែងប្រគេនចង្ហាន់ដល់ព្រះសង្ឃ ពេលព្រះអង្គសូធ្យ កុសលាធម្មា អកុសលាធម្មា… ដោយមានច្រូចទឹកផង ។ ទម្លាប់នេះមិនថាតែពុទ្ធបរិស័ទទេដែលធ្វើខុស លោកអាចារ្យក៏ធ្វើខុសដូចគ្នាដែរ ដែលខុសភាគច្រើននោះ គឺមកអំពីលោកអាចារ្យជាអ្នកណែនាំនោះឯង ។
តាមទម្លាប់ ពេលឮសំឡេងធម៌ កុសលាធម្មា ចាស់ៗឈូឆរនាំគ្នាប្រគេនចង្ហាន់ ខ្លះច្រូចទឹក អ្នកខ្លះមិនបានច្រូចដោយផ្ទាល់ក៏ត្រូវកាន់ដៃ ឬប៉ះជើងតគ្នាជាមួយអ្នកដែលបានកាន់ទឹកច្រូចនោះ សន្មតថាបានច្រូចដែរ ។ ការធ្វើបែបនេះមិនមែនជាការត្រឹមត្រូវទេ ដោយត្រឹមត្រូវគឺគួរតែត្រងត្រាប់ស្ដាប់ព្រះធម៌ដោយយកចិត្តទុកដាក់ និងប្រកបដោយសទ្ធាយ៉ាងមុតមាំចំពោះព្រះធម៌នោះ ។ ការប្រគេនចង្ហាន់ក្នុងពេលព្រះសង្ឃកំពុងសូធ្យ ធ្វើឲ្យគ្រប់គ្នាលែងបានស្ដាប់ព្រះធម៌ ព្រះសង្ឃសូធ្យតែព្រះអង្គឯង មិនមានអ្នកស្ដាប់ ហើយព្រះសង្ឃនោះក៏ត្រូវអាបត្តិព្រោះសូធ្យធម៌អត់អ្នកស្ដាប់នោះឯង ។
ដូច្នេះការវេរចង្ហាន់តាមអាចារ្យ ការប្រគេនចង្ហាន់ពេលព្រះសង្ឃកំពុងសូធ្យនោះមិនត្រឹមត្រូវ ហើយមិនបានកុសលសោះ ។ ការធ្វើបុណ្យបានកុសលនោះ គឺការស្ដាប់ធម៌ដោយសង្រួម, ដោយយកចិត្តទុកដាក់ មិនរំខានដល់ការសូធ្យធម៌របស់ព្រះសង្ឃ មិនរំខានដល់អ្នកដទៃក្នុងពេលព្រះសង្ឃសម្ដែងធម៌ ។ ព្រោះអ្វី ? ព្រោះអាហារដែលប្រគេនដល់ព្រះសង្ឃមិនអាចឲ្យអាហារទាំងនោះបានទៅដល់ដូនតាដោយអាហារទាំងដុំៗនោះ ឬបរិភោគអាហារទាំងនោះបានឡើយ ។ យើងបញ្ជូនបានត្រឹមតែកុសលដែលយើងបានធ្វើដោយអាហារចំពោះព្រះសង្ឃ និងកុសលដែលយើងបានត្រងត្រាប់ស្ដាប់នូវព្រះធម៌ប៉ុណ្ណោះ ។
ចុះអ្វីជាប្រតិបត្តិត្រឹមត្រូវ ? គឺយើងគួរស្ដាប់ធម៌ដោយយកចិត្តទុកដាក់ ស្ដាប់ចប់សឹមក្រោកប្រគេនចង្ហាន់ដល់ព្រះសង្ឃ ប្រគេនរួចចាប់ផ្ដើមឧទ្ទិសបុណ្យកុសលដែលយើងបានធ្វើដល់ញាតិមិត្ត ដូនតា ទេព្ដា ប្រេត អសុរកាយ និងសត្វតិរច្ឆានទាំងឡាយ, អ្នកទាំងឡាយនោះអនុមោទនាយកបុណ្យកុសលដែលយើងបានធ្វើដោយពាក្យថាសាធុនោះហើយ ក៏បានទទួលនូវចំណែកបុណ្យដែលយើងបានធ្វើទាំងនោះ បុណ្យទាំងនោះក៏មិនបាត់បង់អំពីខ្លួនរបស់យើង ប៉ុន្តែក៏បានបុណ្យកុសលថែមទៀតព្រោះតែចំណែកបុណ្យដែលយើងបានចែកឲ្យអ្នកទាំងនោះ, នេះទើបជាហេតុផលក្នុងព្រះពុទ្ធសាសនា ។
ហេតុនេះហើយ យើងជាពុទ្ធសាសនិក ជាអ្នកដែលជឿជាក់លើព្រះពុទ្ធសាសនា គួរប្រតិបត្តិឲ្យបានត្រឹមត្រូវតាមគន្លងព្រះពុទ្ធសាសនា, គួរស្គាល់ព្រះពុទ្ធសាសនារបស់ខ្លួនឲ្យបានច្បាស់លាស់ កុំឡូកឡំជាមួយសាសនាដទៃដែលមិនសមហេតុផល នេះទើបហៅថាជាពុទ្ធសាសនិកពិតប្រាកដ ។
ខ្ញុំបានសូមលើកយកហេតុផលខ្លីៗត្រឹមប៉ុណ្ណេះ បើការយល់របស់ខ្ញុំនៅមានការខ្វះខាត សូមលោកអ្នកដែលមានប្រាជ្ញាជួយកែតម្រូវនិងបំពេញដើម្បីជាការរួមចំណែកលើកកម្ពស់ដល់ព្រះពុទ្ធសាសនាដ៏ល្អផូរផង់នេះ ឲ្យបានគងវង់យូរអង្វែងតទៅអើយ ។
និយាយអំពីរឿង “ចង្កៀងនិទានរឿងខ្មោច”…
ប្រលោមលោករឿង “ចង្កៀងនិទានរឿងខ្មោច” ដែលជាស្នាដៃនិពន្ធរបស់ សុខ ចាន់ផល មានអ្នកខ្លះដំណាលថាជារឿងខ្មោច ប៉ុន្តែមិនមែនជារឿងដែលគួរឲ្យខ្លាច ជារឿងបែបកំប្លែង ចំណែកខ្ញុំយល់ថាជារឿងរបស់មនុស្ស រឿងរាប់អំពីតថភាពរបស់មនុស្ស គ្រាន់តែយករឿងខ្មោចមកប្រៀបធៀប ។ ប្រភេទរឿងប្រៀបធៀបបែបនេះខ្ញុំចូលចិត្តអានជាងគេ ព្រោះអាចឲ្យយើងដែលជាអ្នកអានបានចូលរួមគិតពិចារណាជាមួយនឹងអ្នកនិពន្ធ និងមានសេរីភាពក្នុងការប្រៀបធៀប ។ តើសាច់រឿងនោះប្រៀបធៀបដូចម្ដេច ? សូមអានសាច់រឿងសង្ខេបខាងក្រោម ។
ដំណើរការចាប់ផ្ដើម និយាយអំពីការប្រឡងនិទានរឿងខ្មោច ដែលមានទីតាំងនៅគុកទួលស្លែង ។ មានតួអង្គពីរនាក់បានចុះឈ្មោះចូលរួម, គណៈមេប្រយោគម្នាក់ក្នុងចំណោមនោះ តម្រូវឲ្យអ្នកស្ដាប់ទាំងអស់ជួយផ្ដល់ពិន្ទុ ព្រោះបេក្ខជនម្នាក់ត្រូវជាកូនគណៈកម្មាធិការ បើឲ្យមេប្រយោគដាក់ពិន្ទុ ក្រែងថាមិនសុក្រឹត ។
បេក្ខជនទីមួយ ដែលត្រូវជាកូនរបស់គណៈកម្មាធិការឡើងនិទានរឿងរបស់គេមុន រឿងនោះនិយាយអំពីទេសចរណ៍ឋាននរក គឺជាទេសចរណ៍ក្នុងការយល់សប្ដិរបស់គេ ហើយក៏បញ្ចប់រឿងនោះដោយគ្មានន័យ ធ្វើឲ្យអ្នកស្ដាប់ខកចិត្តនឹងបេក្ខជននោះយ៉ាងខ្លាំង ។
បេក្ខជនទីពីរឡើងនិយាយរឿង ខ្មោចនាងណាត ។ រឿងនេះនិយាយអំពីនាងណាតស្លាប់ និងការខ្លាចខ្មោចនាងណាតរបស់បុរសម្នាក់តែប៉ុណ្ណឹង សាច់រឿងបន្តនិយាយតែអំពីកូនរបស់ខ្មោចនាងណាប្រកបជីវិតជាធម្មតា ។ បេក្ខជននេះក៏ធ្វើឲ្យអ្នកស្ដាប់ខកចិត្តយ៉ាងខ្លាំងដូចគ្នា ព្រោះពួកគេខំចំណាយលុយអស់ ២០០០៛ ដើម្បីទិញសំបុត្រចូលស្ដាប់រឿងខ្មោច តែអ្នកឡើងនិទាននេះ មិននិទានអំពីរឿងខ្មោចឲ្យព្រឺព្រួចភ័យខ្លាចសោះ ។
បេក្ខជនចុះឈ្មោះពីរនាក់នេះនិទានចប់ គណៈកម្មាធិការឡើងប្រកាសក្រែងមានបេក្ខជនដទៃទៀតចង់ឡើងប្រកួតដែរ ។ ពេលនោះគណៈកម្មាធិការស្រីបានឡើងអំពាវនាវលើកទឹកចិត្តដល់ខាងស្ត្រីៗបានឡើងនិទាន ព្រោះថាមានតែបេក្ខជនប្រុសៗ និទានរឿងខ្មោចមិនចំរឿងខ្មោច ឲ្យខាងស្រីនោះក្លាហានឡើងនិទានម្ដងមើល៍ ។ គណៈកម្មាធិការនោះជក់និយាយរហូតអ្នកស្ដាប់ធុញគ្រប់គ្នា ក្រោយពីនិយាយចប់ ស្រាប់តែមាននារីម្នាក់មិនដឹងមកពីណាឡើងមកលើវេទិកា ក្នុងសំលៀកបំពាក់ពណ៌ខ្មៅ សក់កាត់ស្មើកញ្ចឹងក ។ គ្រាន់តែឃើញភ្លាមអ្នកស្ដាប់ ទាំងគណៈកម្មាធិការព្រឺរោមគ្រប់គ្នា និងសរសើរថានេះបានចំជាអ្នកនិទានរឿងខ្មោចមែន ។ នារីនោះឈ្មោះ ភីន (ខ្ញុំសង្ស័យថាអ្នកនិពន្ធយកឈ្មោះប្រពន្ធខ្ញុំ) ។
នាងបាននិទានរឿងរ៉ាវរបស់នាងលំបាកវេទនានៅសម័យខ្មែរក្រហម ។ ការនិយាយហ្នឹងរៀបរាប់តែអំពីរឿងខ្លួនឯងយ៉ាងនេះយ៉ាងនោះ មិនឃើញមានរឿងខ្មោចលងនៅក្នុងសាច់រឿងសោះ រហូតអ្នកស្ដាប់គ្រប់គ្នាទ្រាំលែងបាន ក៏ស្រែកកាត់ការនិទានរបស់នាង ។ នាងភីន ប្រាប់ថា នាងឡើងមកនិទានរឿងខ្មោច ដែលនិទានរឿងរបស់នាងលំបាកយ៉ាងណាខ្លះកាលជំនាន់ខ្មែរក្រហមនោះ ព្រោះនាងជាខ្មោចដែលដែលស្លាប់ក្នុងជំនាន់នោះ ហ្នឹងឯង ។ គ្រាន់តែឮថាជាខ្មោចពិតដូច្នេះ អ្នកស្ដាប់ក៏ភ័យរត់ចែកជើងគ្នា ទាំងបេក្ខជនពីររូបនោះផង នៅសល់តែគណៈកម្មាធិការស្រីម្នាក់ និងប្រុសម្នាក់ គឺតាចក់ដែលជាឪពុករបស់បេក្ខជនប្រុសម្នាក់នោះដែលនៅចាំហុចរង្វាន់ដល់នាងភីន ដែលទទួលបានជយលាភី រួចហើយក៏សន្លប់នៅនឹងកន្លែងនោះអស់ទៅ ។
ឃើញសាច់រឿងប៉ុណ្ណេះ លោកអ្នកអានអាចកាត់យល់បានហើយថារឿងនេះជារឿងដែលអ្នកនិពន្ធចង់និយាយប្រៀបធៀបទៅនឹងការបោះឆ្នោតនោះឯង ។
ក្នុងសៀវភៅរឿង “ចង្កៀងនិទានរឿងខ្មោច” នោះ មានរឿងខ្លីផ្សេងៗជាច្រើនទៀត, ក្នុងនោះ រឿង “ឋានសួគ៌លោកិយ” ក៏ជារឿងល្អ ដែលបង្ហាញអំពីសច្ចភាព និងសេចក្ដីសុខរបស់មនុស្សលោកពេលគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា ។
ពុទ្ធសាសនិកគួរឈប់អុជធូប
ជាទូទៅ នៅតាមផ្ទះរបស់ពុទ្ធសាសនិក, នៅតាមទីវត្តអារាម ឬកន្លែងសក្ការផ្សេងៗ គេតែងតែធ្វើការអុជធូបសំបូងសង្រូងសុំសេចក្ដីសុខ, សុំឲ្យរកស៊ីមានបាន ឬសុំឲ្យសម្រេចកិច្ចការដែលគេប៉ងប្រាថ្នាអំពីព្រះ ឬទេព្ដា ឬអ្នកតា ជាដើម ។ បើតាមពិត ការអុជធូបសំបូងសង្រូងនេះ មិនមែនជាការបដិបត្តិត្រឹមត្រូវជាពុទ្ធសាសនិកនោះទេ ។ ព្រះពុទ្ធមិនបានបង្គាប់ឲ្យពុទ្ធសាសនិកអុជធូប និងសំបូងសង្រូងសុំពរពីព្រះ ឬទេព្ដាណាក្រៅអំពីខ្លួនឯងជួយខ្លួនឯងឡើយ ពីព្រោះព្រះពុទ្ធបានរកឃើញថា មនុស្សយើងមិនមែនព្រះឯណាជាអ្នកបង្កើតទេ គឺជាធម្មជាតិ និងកម្មរបស់ខ្លួនដែលនាំឲ្យកើត, គ្មានទេព្ដា ឬព្រះឯណាកំណត់វាសនាក្រៅអំពីខ្លួន និងកម្មរបស់ខ្លួន ហើយក៏គ្មាននរណាមកជួយយើងក្រៅអំពីខ្លួនឯងជួយខ្លួនឯង ។ ដូច្នេះការសំបូងសង្រូងសុំឲ្យព្រះជួយយ៉ាងណាក៏ជាការឥតប្រយោជន៍ ។
ទំនៀមអុជធូបសំបូងសង្រូងនេះ ជាការបដិបត្តិតាមព្រហ្មញ្ញសាសនា ដែលពីដំបូងគេប្រើភ្លើងដើម្បីបូជាដល់ព្រះ គឺបញ្ជូនគ្រឿងបូជារបស់ពួកគេទៅតាមផ្សែងភ្លើង ព្រោះមានតែផ្សែងភ្លើងនេះទេដែលអាចហោះហើរទៅដល់ឋានសួគ៌ លុះក្រោយៗមកគេប្រើត្រឹមផ្សែងធូបជាតំណាងវិញ ។ លុះយើងត្រឡប់មកកាន់យកព្រះពុទ្ធសាសនាហើយ ក៏នៅជាប់ទំនៀមទម្លាប់នេះរហូតដល់សព្វថ្ងៃ ។
ការអុជធូបនេះ មិនមែនជាការខុសធ្ងន់ទេ ប៉ុន្តែវាជាការអត់ប្រយោជន៍ដែលយើងត្រូវចំណាយថវិកាទិញធូប ហើយអុជបង្ហុយផ្សែងពេញផ្ទះ ឬវត្ត ដែលនាំឲ្យប៉ះពាល់ដល់សុខភាព និងពេលខ្លះក៏អាចបង្កឲ្យមានអគ្គិភ័យកើតឡើងដោយសារភ្លើងធូបផងក៏មាន ។ យើងគួរគិតថាមនុស្សយើងមិនចូលចិត្តផ្សែងធូបនេះផង ចុះមានព្រះ ឬទេព្ដាឯណាមកចូលចិត្តផ្សែងធូបនេះ បើព្រះពុទ្ធក៏ជាមនុស្សដូចគ្នានឹងយើងដែរ ។
ដូច្នេះយើងជាពុទ្ធសាសនិកដែលមានបញ្ញា គួរសិក្សាពុទ្ធោវាទឲ្យបានច្បាស់លាស់ និងប្រតិបត្តិតាមការប្រៀនប្រដៅឲ្យបានទៀងទាត់ត្រឹមត្រូវ ដោយខំបដិបត្តិចិត្តឲ្យបរិសុទ្ធជាជាងការលុតជង្គង់បន់ស្រន់សុំឲ្យគេជួយ ។ ការបដិបត្តិផ្លូវចិត្តទើបជាការបដិបត្តិតាមពុទ្ធោវាទ ។ ចំពោះការបូជាព្រះ យើងអាចបូជាដោយផ្កា ឬអុជទៀនបំភ្លឺជាដើម ពុំចាំបាច់ប្រើធូបក៏បានដែរ ។
ចាប់ផ្ដើមកាន់យកសីល ៥
ពេលនេះខ្ញុំបានត្រៀមខ្លួនដើម្បីសមាទានសីល ៥ រួចជាស្រេចហើយ ។ ខ្ញុំចង់កាន់យកនិច្ចសីលនេះជាបឋម និងឆ្ពោះទៅរក សីល ៨ ជាបន្ត ។ បំណងដែលចង់កាន់នេះ មានយូរមកហើយ ប៉ុន្តែខ្ញុំនៅស្ទាក់ស្ទើរ ព្រោះយល់ថាឋានៈជាឃរាវាសនេះ ត្រូវប្រកបទង្វើផ្សេងៗដើម្បីចិញ្ចឹមជីវិតដោយមិនអាចវៀរចាកអំពើហាមឃាត់ ៥ ប្រការក្នុងសីល ៥ នោះបានឡើយ ម្យ៉ាងយល់ថាពុំទាន់ដល់ពេលសមគួរសម្រាប់ខ្ញុំ ។ លុះក្រោយៗមក ខ្ញុំបានសម្រេចចិត្តព្យាយាមបន្តិចម្ដង ដោយឈប់ប៉ះពាល់ជាតិសុរា ហើយខ្ញុំក៏ធ្វើបានដោយគ្មានលំបាក, ជាបន្ទាប់ខ្ញុំតាំងចិត្តមាំថាមិនយកទ្រព្យរបស់គេដោយគេមិនបានឲ្យ ក៏មិនមែនជាការលំបាក, ការមិនសម្លាប់សត្វក៏ខ្ញុំព្យាយាមតាំងចិត្តធ្វើបានបន្តិចម្ដងៗ, ខ្ញុំមិនធ្វើអំពើខុសឆ្គងចំពោះប្រពន្ធកូនអ្នកដទៃ និងព្យាយាមមិននិយាយកុហកជាដើម ។ ការតាំងចិត្តជារឿយៗនេះ ខ្ញុំយល់ថា សមាទានសីល ៥ មិនមែនជាការលំបាកទេ ហើយខ្ញុំអាចធ្វើបានក្នុងជីវិតជាឃរាវាសនេះដោយមិនប៉ះពាល់ដល់ការប្រកបរបរផ្សេងៗប្រចាំថ្ងៃផង ។ ដូច្នេះខ្ញុំក៏សម្រេចចិត្តថានឹងត្រូវវៀរចាកនូវអំពើ ៥ ប្រការនេះចាប់ពីពេលនេះតទៅ ។
ពាក្យសីលនេះ បើនិយាយឲ្យខ្លី គឺជាទម្លាប់ ឬជាចរិតប្រក្រតីធម្មតារបស់មនុស្ស គឺគេធ្វើទម្លាប់មួយប្រក្រតីទាំងថ្ងៃទាំងយប់ខ្លួនឯងដោយទៀងតែម្ដង ។ ចរិតប្រក្រតីរបស់គេដូចជាមិនសម្លាប់សត្វ មិនលួចប្រពន្ធកូនគេជាដើម ។ ការប្រព្រឹត្តចរិយានេះមិនថានៅចំពោះមុខគេ ឬកំបាំងមុខពីគេនោះទេគេតែងធ្វើជាប្រចាំ បើគេធ្វើខុសក្នុងពេលណានោះ មានន័យថាមនុស្សនោះអស់សីល គឺអស់ទម្លាប់ល្អ ឬប្រកាន់ទម្លាប់ល្អពុំបាន ។ ដូច្នេះលោកអ្នកដែលស្រឡាញ់សេចក្ដីសុខ ស្រឡាញ់ចិត្តបរិសុទ្ធ គួរចាប់ផ្ដើមកាន់យកសីលពីពេលនេះតទៅ កុំគិតចាំដល់ខ្លួនចាស់ទើបរកសីល ព្រោះសីលនេះអាចប្រព្រឹត្តបាន មិនប្រកាន់ថាចាស់ឬក្មេង មានក្រ ល្អអាក្រក់ឡើយ ។
យើងអានពាក្យ សេចក្ដី ពុំត្រឹមត្រូវ
ពាក្យ សេចក្ដី ដែលមានន័យ ដំណើរ; ហេតុ, ការណ៍; គតិ; លំអាន; ផ្ទៃរឿង; គ្វាម; ដំណើរពាក្យ ដូច្នេះ យើងទម្លាប់តែអានថា សិច-ក្ដី ជាយូរមកហើយ ប៉ុន្តែបើតាមខ្ញុំយល់ គឺត្រូវអានថា សាច់-ក្ដី ដូច្នេះវិញ ទើបត្រឹមត្រូវ ? សំឡេងអាន សាច់-ក្ដី នេះ ខ្ញុំច្រើនបានឮក្នុងចម្រៀងរបស់លោកតា ស៊ិន ស៊ីសាមុត ប្រហែលក្នុងសម័យនោះ គេនៅអាន ឬ និយាយថា សាច់-ក្ដី នៅឡើយ ក្រោយមក ការប្រកប ស-េ-ច នេះក៏លែងចេញសំឡេង សាច់ ប៉ុន្តែចេញសំឡេង សិច វិញ ? ក្នុង វចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ក៏បានបញ្ជាក់អំពីសំឡេងអាននេះផងដែរ ដែលបង្គាប់ឲ្យអានថា សាច់-ក្ដី ដូចគ្នា ។ ដូច្នេះ ខ្ញុំជឿថា ពាក្យ សេចក្ដី នេះ យើងត្រូវអានថា សាច់-ក្ដី ទើបត្រឹមត្រូវ ។
លទ្ធផលបាល់ទាត់នៅស៊ីហ្គេម ត្រឹមថ្ងៃ ៩ វិច្ឆិកា
ថ្ងៃទី ៩ វិច្ឆកា ក្នុងពូល A, ម៉ាឡេស៊ី ជួប ថៃក្នុងលទ្ធផល ២-១, កម្ពុជា ជួប សិង្ហបុរី ក្នុងលទ្ធផល ១-២ ខណៈ ពូល B, ភូមា ជួប ព្រុយណេ លទ្ធផល ៤-០, វៀតណាម ជួប ទីម័រឡេស្តេ លទ្ធផល ២-០ ។
ក្នុងការជួបគ្នារវាង កម្ពុជា និង សិង្ហបុរី កម្ពុជាបាននាំមុខ ១-០ ក្នុងតង់ទីមួយ ដោយកីឡាករ ឈិន ឈឿន ពាក់ស្លាកលេខ ៨ នៅនាទី ៣៨, ក្នុងតង់ទីពីរ សិង្ហបុរី រកបាន ២ គ្រាប់វិញដោយកីឡាករ កាម៉ាល នៅនាទី ៥៦ និងកីឡាករឈ្មោះ នេល នៅនាទី ៧៤ ដែលធ្វើឲ្យកម្ពុជានៅរក្សាពិន្ទុ ០ ដដែលក្នុងពីរប្រកួត ទន្ទឹមនឹងថៃមិនទាន់រកបានពិន្ទុនៅឡើយក្នុងមួយប្រកួតរបស់ខ្លួនថ្ងៃទី ៩ វិច្ឆិកា នេះ ។ ខាងក្រោមជាលទ្ធផលពិន្ទុគិតត្រឹមថ្ងៃទី ៩ វិច្ឆកា ។
ពូល A
ក្រុម | Pld | W | D | L | GF | GA | GD | Pts |
---|---|---|---|---|---|---|---|---|
![]() |
២ | ១ | ១ | ០ | ២ | ១ | +១ | ៤ |
![]() |
២ | ១ | ១ | ០ | ២ | ១ | +១ | ៤ |
![]() |
១ | ១ | ០ | ០ | ៦ | ០ | +៦ | ៣ |
![]() |
១ | ០ | ០ | ១ | ១ | ២ | −០ | ០ |
![]() |
២ | ០ | ០ | ២ | ១ | ៨ | −៧ | ០ |
ពូល B
ក្រុម | Pld | W | D | L | GF | GA | GD | Pts |
---|---|---|---|---|---|---|---|---|
![]() |
៣ | ២ | ១ | ០ | ៧ | ២ | +៥ | ៧ |
![]() |
៣ | ២ | ១ | ០ | ៥ | ១ | +៤ | ៧ |
![]() |
៣ | ២ | ០ | ១ | ៤ | ៤ | ០ | ៦ |
![]() |
២ | ០ | ១ | ១ | ៤ | ៥ | −១ | ១ |
![]() |
៣ | ០ | ១ | ២ | ៣ | ៨ | −៥ | ១ |
![]() |
២ | ០ | ០ | ២ | ២ | ៥ | −៣ | ០ |
មើលវីដេអូសង្ខេបការប្រកួត
អត្ថបទផ្សេងទៀត៖
លទ្ធផលបាល់ទាត់នៅស៊ីហ្គេមស៍ ២០១១ មកដល់ថ្ងៃទី ៧ វិច្ឆិកា
ថ្ងៃទី ៧ វិច្ឆិកា ម៉ោង ៧,០០ ល្ងាច កម្ពុជាចាប់ផ្ដើមទាត់ជាមួយ ឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះ ។ ឥណ្ឌូនេស៊ី ឈ្នះកម្ពុជា ៦-០ ខណៈ ឡាវ និង ព្រុយណេ ២-២ ។ ការប្រកួតវេលាម៉ោង ៤ ក្នុងថ្ងៃនេះដែរ ទីម័រឡេស្តេ ឈ្នះហ្វីលីព្ពីន ២-១ និង សិង្ហបុរី ស្មើនឹងម៉ាឡេស៊ី ០-០ ។
ចំពោះការប្រកួតកាលពីថ្ងៃទី ៣ វិច្ឆិកា វៀតណាម ឈ្នះហ្វីលីព្ពីន ៣-១, ភូមា ឈ្នះឡាវ ៣-២ ។ ការប្រកួតថ្ងៃទី ៥ វិច្ឆិកា ទីម័រឡេស្តេ ឈ្នះ ព្រុយណេ ២-១, ភូមា ស្មើជាមួយវៀតណាម ក្នុងលទ្ធផល ០-០ ។
ចំណែកពិន្ទុវិញ មកដល់ថ្ងៃទី ៧, ទីម័រឡេស្តេ បានពិន្ទុខ្ពស់ជាងគេ គឺ បន្តអាន “លទ្ធផលបាល់ទាត់នៅស៊ីហ្គេមស៍ ២០១១ មកដល់ថ្ងៃទី ៧ វិច្ឆិកា”