សេចក្ដី​ភាន់​ច្រឡំ​ក្នុង​វេយ្យាករណ៍​ខ្មែរ


ពាក្យ​ប្រើ​សម្រាប់​បញ្ជាក់​ប្រភេទ​ពាក្យ​ក្នុង​វេយ្យាករណ៍​ខ្មែរ មាន​ការប្រើ​ខុសៗ​គ្នា​តាម​សម័យកាល តាម​អ្នក​និពន្ធ ។ ប្រការ​នេះ ខ្ញុំ​ពុំ​ធ្លាប់​ចាប់អារម្មណ៍​ទេ ស្រាប់តែ​ថ្ងៃនេះ សុវិចិត្រ ធ្វើ​ឲ្យ​ខ្ញុំ​វង្វេងវង្វាន់​ដូច​មាន់​ត្រូវ​មួយ​ដំបង ។ លុះ​ពិភាក្សា​វែកញែក​ជាមួយ សុវិចិត្រ​មួយ​រយៈ​ ទើប​អាច​តោង​ឃើញ​ហេតុ​ពិត​នៃ​ការប្រើប្រាស់​ពាក្យ​ប្លែក​គ្នា ដែល​សំដៅ​លើ​ន័យ​តែ​មួយ ។

មើល​សៀវភៅ​ក្នុង​ទសវត្ស​ ៦០ របស់​លោក ពូវ អ៊ុម និង លោក រ៉ាយប៉ុក ប្រើ និបាតសព្ទ សម្រាប់​ជំនួស គុណកិរិយា, អាយតនិបាតសព្ទ ជំនួស ធ្នាក់ និង សន្ធានសព្ទ ជំនួស ឈ្នាប់ ។ ចំណែក​ក្នុង​សៀវភៅ​របស់​លោក ឃឹន សុខ (២០០៧) លោក​ប្រើ ស្នៀត ជំនួស អាយតនិបាតសព្ទ និង ធ្នាក់ ប្រើ ចំណង ជំនួស​សន្ធានសព្ទ និង ឈ្នាប់ ។

ដូច្នេះ ការប្រើប្រាស់​ពាក្យ​ក្នុង​វេយ្យាករណ៍​ខ្មែរ​ខុស​គ្នា​ទៅ​តាម​អ្នកនិពន្ធ និង​សម័យ​កាល ។ ប្រសិន​បើ​លោក​អ្នក​អាន​ជួប​នឹង​ពាក្យ​ទាំងអស់​នេះ សូម​កុំ​ប្លែក​ក្នុង​ចិត្ត​ឡើយ ។

ដូច្នេះ​​បើ​គេ​ចេក​ប្រភេទ​ពាក្យ គេ​អាច​សរសេរ​ជា ៖

  1. នាម
  2. គុណនាម
  3. សព្វនាម
  4. កិរិយាសព្ទ
  5. កិរិយាវិសេសន៍
  6. និបាតសព្ទ ឬ គុណកិរិយា
  7. អាយតនិបាតសព្ទ ឬ ធ្នាក់ ឬ ស្នៀត
  8. សន្ធានសព្ទ ឬ ឈ្នាប់ ឬ ចំណង
  9. បរិវាសព្ទ
  10. សំខ្យាសព្ទ
  11. ឧទានសព្ទ

ប្រសិន​បើ​ការយល់​ឃើញ​ខាង​លើ​នេះ​ពុំ​ត្រឹមត្រូវ សូម​មេត្តា​ជួយ​កែ​តម្រូវ​ដោយ​អនុគ្រោះ​​ផង​ចុះ ។

18 thoughts on “សេចក្ដី​ភាន់​ច្រឡំ​ក្នុង​វេយ្យាករណ៍​ខ្មែរ

  1. lavorn (ឡាវ័ន​) ថ្ងៃអាទិត្យ ទី 5 ខែមិថុនា 2011 / 4:01 ល្ងាច

    អី​គេ​ទៅ​
    បរិវាសព្ទ
    សំខ្យាសព្ទ
    ឧទានសព្ទ
    ហ៊ី​ៗ ភ្លេច​អស់​ហើយ​

  2. Samady KS ថ្ងៃអាទិត្យ ទី 5 ខែមិថុនា 2011 / 4:18 ល្ងាច

    អឹ​ហឺ…​

  3. ទឹម បឿន ថ្ងៃអាទិត្យ ទី 5 ខែមិថុនា 2011 / 4:38 ល្ងាច

    បរិវាសព្ទ ជា​ពាក្យ​អម ឬ​កំដរ ដើម្បី​ឲ្យ​មាន​សូរ​កាន់តែ​ពីរោះ ដូច​កៀកកើយ ផ្លែផ្កា ខ្ចៅខ្យង… ។ សំខ្យាសព្ទ ជា​ការរាប់ ចំនួន​ដែល​ត្រូវ​រាប់ លេខ​ប្រាប់​ចំនួន​ជា​ដើម (១,២,៣,៤,៥… នាក់ ក្បាល ខ្នង សន្លឹក… ទី១ ទី២ ទី៣…) និង ឧទានសព្ទ ជា​សព្ទ​សម្រាប់​​ឧទាន គឺ​បន្លឺ​សំឡេង​ខ្លាំង បញ្ជាក់​ពី​សេចក្ដី ត្រេកអរ អស្ចារ្យ ខឹង ទុក្ខព្រួយ ឬភ្លាត់មាត់… ខ្លះ​កើត​ពី​ការត្រាប់​សព្ទ​សំឡេង ដូចជា ឱ! នែ! ពុទ្ធោ! កណ្ដុំឆែប!…

  4. achharia ថ្ងៃអាទិត្យ ទី 5 ខែមិថុនា 2011 / 4:44 ល្ងាច

    ដូចមិនឃើញ បុច្ឆាសព្វនាម ? ( បុច្ឆនសព្ទ ? )

  5. ទឹម បឿន ថ្ងៃអាទិត្យ ទី 5 ខែមិថុនា 2011 / 4:57 ល្ងាច

    បុច្ឆនសព្ទ គឺ​ពាក្យ ហេតុ​អ្វី? អ្វី? នរណា? ពេល​ណា?… យ៉ាង​នេះ​មែនទេ? ខ្ញុំ​ក៏​មិន​ដឹង​ដែរ ដូច​ពុំ​ធ្លាប់​ឃើញ​ក្នុង​សៀវភៅ​វេយ្យាករណ៍ ចាត់​ថា​ជា​ប្រភេទ​ពាក្យ ។

  6. achharia ថ្ងៃអាទិត្យ ទី 5 ខែមិថុនា 2011 / 5:57 ល្ងាច

    ខ្ញុំគិតថា បើរាប់ឧទានសព្ទ គួរតែរាប់បុច្ឆនសព្ទ បញ្ជូលដែរ ។
    ក្នុងវចនានុក្រមសរសេរ បុច្ឆនសព្វនាម ដែលសំដៅតែ
    ពាក្យសួរជំនួសអោយ នា​ម ។ ចំពោះពាក្យ ទីណា ពេលណា
    យ៉ាងណា ហេតុអ្វី…គួរតែហៅរួមថា បុច្ឆនសព្ទ ដោយរាប់បញ្ចូល
    ទាំង នរណា អ្វី នេះផង បើប្រៀបទៅនឹងភាសាអង់គ្លេស៍ថាជាពពួក
    adverbs of question គួរតែចាត់ពាក្យសំរាប់ប្រើធ្វើជាសំនួរអស់នោះ
    ថាជា កិរិយាវិសេសន៍សំរាប់សួរ ឬហៅ បុច្ឆនវិសេសនកិរិយាសព្ទ
    វិញក៏សមម្យ៉ាងដែរ តាមខ្ញុំយល់ ។

  7. achharia ថ្ងៃអាទិត្យ ទី 5 ខែមិថុនា 2011 / 6:15 ល្ងាច

    កែៈ ក្នុងវចនានុក្រមសរសេរ បុច្ឆាសព្វនាម ។
    តែបើគាត់ សរសេរថា បុច្ឆនសព្វនាម ឬក៏អ្នកបោះពុម្ព
    បោះច្រឡំខុស ក៏នាំគ្នាយល់ស្របតាមស្រ៊ូមិនខានទេ ព្រោះ
    ន័យវាបំបែកមកជាខ្មែរដូចតែគ្នា​រវាង បុច្ឆា និង បុច្ឆន ។

  8. ឌីយ៉ា ថ្ងៃអាទិត្យ ទី 5 ខែមិថុនា 2011 / 7:19 ល្ងាច

    ថ្នាក់ពាក្យ​ខ្មែរ! ខ្ញុំ​ភ្លេច​អស់​ខ្លះហើយ!

  9. posoky ថ្ងៃចន្ទ ទី 6 ខែមិថុនា 2011 / 8:06 ព្រឹក

    បឿនភាសាខ្មែរ សំរាប់ passive and active ដឹងថាគេហៅឈ្មោះដូចម្តេចដែរ?

  10. ខេមរបក្សីសាស្ត្រិន ថ្ងៃចន្ទ ទី 6 ខែមិថុនា 2011 / 8:10 ព្រឹក

    ខ្ញុំ​ធ្លាប់​ប្រើ​និង​រៀន​តែ​ពាក្យ៖ និបាតសព្ទ, សន្ធានសព្ទ, អាយតនិបាត, សទិសសព្ទ, វេវចនសព្ទ..ទេ ចំពោះ​ពាក្យ ឈ្នាប់ ចំណង ធ្នាក់​ហ្នឹង​ធ្វើ​ឲ្យ​ខ្ញុំ​វង្វេង​ម្ដងៗ​រហូត​ដល់​សព្វថ្ងៃ​ហ្នឹង ។

  11. ទឹម បឿន ថ្ងៃចន្ទ ទី 6 ខែមិថុនា 2011 / 8:56 ព្រឹក

    achharia: ខ្ញុំ​យល់​ស្រប ។
    posoky: passive គឺ​អកម្ម active សកម្ម ។

  12. ទឹម បឿន ថ្ងៃអង្គារ ទី 7 ខែមិថុនា 2011 / 8:55 ព្រឹក

    កម្មវាចក និង កត្តុវាចក គួរ​រាប់​ចូល​ក្នុង​កិរិយាសព្ទ ។

  13. ខេមរបក្សីសាស្ត្រិន ថ្ងៃអង្គារ ទី 7 ខែមិថុនា 2011 / 11:07 ព្រឹក

    ត្រូវ​ហើយបឿន វាចកៈ គឺ Voice ហ្នឹង​ហើយ! ចំណែក កម្ម​ និង កត្តុ នោះ​ស្រេច​លើ​អ្នក​ទាំង​ឡាយ​សម្រេច​ចុះ ។

  14. sokthou ថ្ងៃអង្គារ ទី 7 ខែមិថុនា 2011 / 11:15 ព្រឹក

    បច្ចេកសព្ទបែបនេះ មិនគួរប្រើតាមអំពើចិត្តដោយខ្វះការពន្យល់នោះទេ។ បើលោកប្រើ ស្នៀត ជំនួស ធ្នាក់ សំអាងលើហេតុផលអ្វី?
    បើលោកប្រើ ចំណង ជំនួស ឈ្នាប់ សំអាងលើហេតុផលអ្វី?
    ខ្ញុំមិនបដិសេធទេ តែបើយើងប្ដូរទាល់តែឃើញថារបស់យើងប្រសើរជាងគេ។

  15. bhasakhmer ថ្ងៃពុធ ទី 15 ខែមិថុនា 2011 / 6:43 ល្ងាច

    កត្តុវាចក​=active voice ឧ. នាងវនិតាដាំបាយ Vanitaa cooks the rice។កម្មវាចក=passive voice ឧ. បាយត្រូវបាននាងវនិតាដាំ(ឬ បាយត្រូវបានដាំដោយនាងវនិតា) Rice is cooked by Vanitaa។

  16. សិលា ថ្ងៃអង្គារ ទី 3 ខែធ្នូ 2013 / 8:15 ល្ងាច

    សួស្តី!​ បងប្អូនទាំងអស់។ ចំពោះខ្ញុំវិញក៏មានចាប់អារម្មណ៍ខ្លាំងចំពោះថ្នាក់ពាក្យរបស់ភាសាខ្មែរយើងដែរ ហើយសព្វថ្ងៃខ្ញុំកំពុងសរសេរសរណាអំពីវា។ ពេលនេះខ្ញុំពិតជាត្រូវការឯកសារដែលទាក់ទងជាមួយវាណាស់​ ហើយក៏យក៏វាទុកអំណះអំណាងដែរ។ ប្រសិនបើបងប្អូនជនរួមជាតិមានឯកសារ ឬស្គាលនរណាដែលមានជំនាញពីវា សូមអត់ទោសមេត្តាជួជម្រាបប្រាប់ខ្ញុំផង។ សូមអរគុណ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s