ធម៌ អនិច្ចា ជាធម៌ដែលអាចពិសោធន៍ឃើញនៅថ្នាក់បដិបត្តិកម្រិតខ្ពស់, ប៉ុន្តែបច្ចុប្បន្ន ត្រូវបានយកមកប្រើខុសន័យ, ដូចជាការប្រើចំពោះភាពមិនទៀងនៃអាយុជីវិត, កើត, ស្លាប់ ជាដើម។ ន័យពិតប្រាកដ ដែលព្រះពុទ្ធទ្រង់ផ្ដល់ឲ្យ គឺការពិសោធន៍ឃើញ ភាពមិនទៀងនៃសភាវធម៌ខាងក្នុង រវាងកាយ និង ចិត្ត ដែលហៅថា សង្ខារ។ ដូចក្នុងព្រះគាថា «អនិច្ចា វត សង្ខារា ឧប្បាទវយធម្មិនោ ឧប្បជ្ជិត្វា និរុជ្ឈន្តិ តេសំ វូបសុមោ សុខោ» ដែលមានន័យថា សង្ខារធម៌ទាំងឡាយ មានសភាពមិនទៀង, វាកើតរលត់ កើតរលត់, កាលណាបើអ្នកបដិបត្តិ បានឃើញសភាពមិនទៀងយ៉ាងនេះ គឺឃើញអនិច្ចា សេចក្ដីប្រកាន់ថាជាខ្លួន ជារបស់ខ្លួន ក៏អស់ទៅ, ហើយគេនឹងបានសេចក្ដីសុខពេញបរិបូណ៌ គឺព្រះនិព្វាន។ ដូច្នេះ អនិច្ចាធម៌ អាចពិសោធន៍ឃើញតែក្នុងថ្នាក់បដិបត្តិវិបស្សនា មិនអាចឃើញ ឬ យល់ដោយការស្ដាប់ ការអាន ឬ ដោយការត្រិះរិះពិចារណាទេ។
Category: Uncategorized
គ្មានផ្កាឲ្យអូន
ថ្ងៃនេះគឺថ្ងៃបុណ្យស្នេហា
អូនប៉ងប្រាថ្នាផ្កាពីប្ដី
តិចតួចឬច្រើនក៏មិនថ្វី
បញ្ជាក់ថាប្ដី គិតដល់អូន។
រំពឹងពីព្រឹក ដល់ថ្ងៃត្រង់
គិតថាបងចង់ surprise ស្ងួន
ច្បាស់ជាលោកប្ដីលាក់បំពួន
ដល់ពេល នឹមនួនយកជូនស្រី។
រសៀលទល់ល្ងាចមិនទាន់ឃើញ
រង់ចាំលុះដល់ពេលរាត្រី
អូនងងុយគេងហើយលោកប្ដី
ម្ដេចក៏ប្រុសថ្លៃសំងំស្ងៀម។
សង្ស័យប្រហែលមិនដូចគិត
លោកប្រុសស្នេហ៍ស្និទ្ធមិនបានត្រៀម
អូនអន្ទះសាស្ទើរស្រក់ឈាម
បងសម្ងំស្ងៀមមិនចេញស្ដី។
ហេតុអ្វីក៏បងធ្វើដូច្នេះ
ឬក៏ពេលនេះ ប្រែចិត្តថ្មី
បងប្លែកខុសមុនហើយចរណៃ
ឱ!ទឹកភ្នែកស្រី ហូរមកហើយ។
មិនចង់ឲ្យបងឃើញអូនយំ
តែទប់មិនយំលែងបានហើយ
បណ្ដោយតាមចិត្តចុះលោកអើយ
យំហើយ និយាយឲ្យអស់ម្ដង។
“ម្ដេចបងមិនគិតដល់រូបអូន
ម្ដេចស្ងួនមិនមើលគូគេផង
ម្ដេចក៏មិនដឹងពីបំណង
ម្ដេចបងមិនទិញផ្កាជូនអូន!”
“នេះឬបងថាស្រឡាញ់ស្រី
តើស្មោះនឹងស្រី ឬលាក់ពួន
មានស្រីខាងក្រៅ ចោលរូបអូន
ប្រាប់ត្រង់គង់អូនឲ្យបងទៅ!”
លោកប្ដីតបថា “អូនសម្លាញ់!
ម្ដេចក៏ខឹងប្ដីដូច្នេះពៅ
ឲ្យឈប់ស្នេហ៍អូនម្ដេចបានទៅ
បើពៅអូនល្អដូច្នេះថ្លៃ។”
“មើលចុះទឹកភ្នែកជោគភត្ត្រា
កុំខឹងបងណាពៅពីសី
ស្រឡាញ់អូនធំជាងផែនដី
ហេតុអ្វីអូនមិនដឹងចិត្តបង។”
“រាល់ថ្ងៃស្រឡាញ់អូនប៉ុណ្ណា
នឹកមើលជីវ៉ា ទឹកចិត្តបង
មិនមែនមួយឆ្នាំស្នេហាម្ដង
ស្នេហ៍បង បងស្នេហ៍រៀងរាល់ថ្ងៃ។”
“បងជូតទឹកភ្នែកណាម្ចាស់ចិត្ត
ក្នុងមួយជីវិតមានតែស្រី
មិនដែលគេចកែចិត្តរកថ្មី
យល់ឬនៅថ្លៃ ក្ដីស្នេហ៍បង?”
រៀបរាប់ប៉ុណ្ណឹងឲ្យអូនគិត
ថាគូជីវិតពិតស្នេហ៍ស្នង
មិនដែលភ្លាំងភ្លាត់ឲ្យខុសឆ្គង
អូនគិតរំលងព្រោះតែផ្កា។
ឥទ្ធិពលបុណ្យក្ដីស្រឡាញ់
មិនមែនសុទ្ធល្អសោះឯណា
អ្នកខ្លះរីករាយ ខ្លះឡាំប៉ា
ព្រោះតែប្រាថ្នាស្នេហ៍ភក្ដី។
មានផ្កាអត់ផ្កា មិនសំខាន់
សំខាន់ស្នេហ៍ស្មោះប្រពន្ធប្ដី
មិត្តភ័ក្ត្រពេបជ្រាយ មានទៅស្អី
ស្នេហាភក្ដី ជាមង្គល។
ដោយ ទឹម បឿន
១៥ កុម្ភៈ ២០១៧ ១:៤៧ យប់