ចំណេះ​ដឹង, អក្ខរាវិរុទ្ធ, អក្សរសាស្ត្រ

ការប្រើ​ខុស​ចំពោះ​ពាក្យ អើយ និង​ពាក្យ អឺយ


មិន​ថា​ខ្ញុំ ឬ​​អ្នក​ឯ​ទៀត​នោះ​ទេ ភាគ​ច្រើន​ភាន់​ច្រឡំ​ក្នុង​ការ​ប្រើ​ពាក្យ អើយ និង អឺយ ដោយ​ច្រើន​ប្រើ​ អើយ ជំនួស​ពាក្យ អឺយ​ទៅវិញ ។

ពាក្យ​ទាំង​ពីរ​នេះ​អាន​ផ្សេង​គ្នា ពាក្យ​អើយ​អាន​ថា​អ្ហើយ ចំណែក​ពាក្យ​អឺយ​​អាន​ថា​អឺយ​ដូច្នេះ ។ ពាក្យ​អើយ​នៅ​ពេល​ដែល​ប្រើ​ភ្ជាប់​ជាមួយ​ពាក្យ​ណា​មួយ​ខាង​ដើម​គេ​តែង​អាន​ភ្ជាប់ ដូច​ពាក្យ បង​អើយ អាន​ថា​បង​អ្ហើយ ឬ​បង​ង៉ើយ តែ​បើ​ពាក្យ​ខាងដើម​បញ្ចប់​ដោយ​ស្រះ ដូច​ជា​ពាក្យ​តា​អើយ មិន​ត្រូវ​អាន​តា​រ៉ើយ​ទេ គឺ​អាន​បាន​តែ​តា​អ្ហើយ​​ប៉ុណ្ណោះ ។ គួរ​មើល​សេចក្ដី​ពន្យល់​តាម​វចនានុក្រម​សម្ដេច​ព្រះ​សង្ឃរាជ​ជួន ណាត ខាង​ក្រោម ។

អឺយ ( និ. ) ពាក្យ​សម្រាប់​កែប​ស៊ែម ប្រើ​ក្នុង​កាព្យ​ឬ​សម្រាប់​ស្រែក​បង្អូស​សំឡេង​ឲ្យ​វែង​រលាក់​រលែក​តាម​លំនាំ​បទ​ប្រើ​ក្នុង​ខាង​ដើម​សង្កាត់​ចម្រៀង, ប្រើ​ក្នុង​ខាង​ចុង​ចប់; ប្រើ​សំឡេង​ខ្ពស់​ជា អឺ៎យ ក៏​មាន​ តាម​លំនាំ​សំឡេង​ដែល​ត្រូវ​ប្រើ (ម. ព. អឺយរ៉ា ក្នុង​ពាក្យ រ៉ា ផង) ។ កិ. (ព. ប្រ.) ទើប​តែ​​នឹង​ផ្តើម​និយាយ, តាំង​ផ្តើម​ថា, ចេញ​ថា : គ្រាន់​តែ​អឺយ​ឡើង​គេ​អាច​ដឹង​បាន​ថា​ចេះ​ឬ​ល្ងង់​ទៅ​ហើយ (ប្រៀប​ប្រដូច​នឹង​គេ​ស្រែក​ច្រៀង​ថា អឺយ) ។ គួរ​ប្រយ័ត្ន​ក្នុង​ការ​ប្រើ​ពាក្យ អឺយ និង​ពាក្យ អើយ (អ្ហើយ) ក្នុង​កាព្យ​និង​ចម្រៀង, គឺ​កុំ​ថា អឺយ ជា​ អើយ ឬ អើយ ជា អឺយ ឡើយ, ដូច​ជា​កាព្យ​ថា : បង​អើយ​ម្តេច​ឡើយ​ក៏​មិន​ស្ដី… (ត្រូវ​ថា បង​អ្ហើយ ឬ បង​ង៉ើយ) ទើប​ចួន​គ្នា​នឹង ឡើយ, កុំ​ថា បង​អឺយ ដែល​ត្រូវ​ចួន​គ្នា​នឹង ឡឺយ, ទៅ​វិញ ។ កាព្យ​មាន​ពាក្យ អើយ (អ្ហើយ) ថា : ឱ​លោក​តា​អើយ សុំ​កុំ​ឆ្លង​ឆ្លើយ​ទៅ​រក​វា​អី ព្រោះ​វា​កោង​កាច កំណាច​អប្រីយ៍ ក្រោយ​កុំ​ស្រដី ទៅ​រក​វា​ទៀត ។ (ត្រូវ​ថា តា​អ្ហើយ កុំ​ថា តា​អឺយ ឬ តា​រ៉ើយ) ។ កាព្យ​ប្រើ​ពាក្យ អឺយ ខាង​ចុង​ចប់​ថា : កាព្យ​នេះ​ប្រែ​ចេញ​ពី​បាលី ខ្ញុំ​រាយ​សេចក្ដី​តាម​ជើង​កាព្យ ឲ្យ​ចាប់​ចួន​គ្នា​ជា​ដរាប រាបសា​ចែង​ចប់​ប៉ុណ្ណេះ​អឺយ​ៗ ។ (ដូច​គ្នា​នឹង… ប៉ុណ្ណេះ​ឯង ឬ ប៉ុណ្ណេះ​ហោង ឬ​ក៏​ ប៉ុណ្ណេះ​ហើយ ដែរ) ។ ពាក្យ អឺយ នេះ​ជួន​កាល​ប្រើ​សំឡេង​ថា អ្ហឺយ ក៏​មាន សម្រាប់​ស្រែក​ហៅ​គ្នា​ពី​ចម្ងាយ, ដូច​ជា បង​អឺយ ! អឺះ​បង ! បង​ឆ្លើយ​ថា អឺះ ! ។ បើ​ស្រែក​ហៅ​បង្អូស​សំឡេង​ខ្ពស់​វែង ត្រូវ​សរសេរ​ជា អឺ៎យ, អឺ៎ះ ក៏​បាន (ម. ព. អឺះ, អឺះ, អើយ ទៀត​ផង) ។

អើយ អ្ហើយ ( និ. ) ពាក្យ​សម្រាប់​កែមស៊ែម​ពី​ខាង​ចុង​ពាក្យ​អាលបនៈ ដែល​គួរ​ប្រកប​ប្រើ ឲ្យ​មាន​សំឡេង​វែង​ស្រួល​មាត់, ដូច​ជា អ្នក​អើយ, នាង​អើយ, សម្លាញ់​អើយ, ប្អូន​អើយ, កម្ម​អើយ, យាយ​អើយ, ម្ចាស់​អើយ ។ល។ ពាក្យ​ដែល​មាន​អក្សរ​ប្រកប​យ៉ាង​នេះ​ថា​បាន​ពីរ​យ៉ាង​គឺ​ថា “អ្នក​អ្ហើយ, នាង​អ្ហើយ,… យាយ​អ្ហើយ, ម្ចាស់​អ្ហើយ” ក៏​បាន; ថា តាម​សំឡេង​អក្សរ​ប្រកប​ខាង​ចុង​ជា “អ្នក​កើយ, នាង​ង៉ើយ,… និយាយ​យ៉ើយ, ម្ចាស់​សើយ” ដូច្នេះ ក៏​បាន (ត្រូវ​សរសេរ​ជា អើយ ដូច​ដែល) ។ ប៉ុន្តែ​បើ​អក្សរ​ប្រកប​ដែល​ផ្សំ​ខ្យល់​សំឡេង​មិន​ស្រួល​ស្ដាប់, ដូច​ជា ព្រះ​អង្គ​អើយ, ភិក្ខុ​អើយ, ទុក្ខ​អើយ, ព្រះ​ពុទ្ធ​អើយ យ៉ាង​នេះ​ត្រូវ​ថា​បាន​តែ អ្ហើយ ជា​ដាច់​ខាត (កុំ​ថា “ព្រះ​អង់​គើយ, ភិក​ខ្វើយ, ទុក​ខើយ, ព្រះ​ពុត​ឆើយ”; ត្រូវ​ថា “ព្រះ​អង់​អ្ហើយ, ភិក​អ្ហើយ, ទុក​អ្ហើយ, ព្រះ​ពុត​អ្ហើយ”) ។ ឬ​ពាក្យ​ដែល​ឥត​មាន​អក្សរ​ប្រកប, ដូច​ជា​ តា​អើយ, បា​អើយ, មា​អើយ, ពូ​អើយ យ៉ាង​នេះ​ក៏​ត្រូវ​ថា​បាន​តែ​ អ្ហើយ ដែរ (កុំ​ថា “តា​រ៉ើយ, បា​រ៉ើយ, មា​រ៉ើយ, ពូ​រ៉ើយ ឬ ពូ​វ៉ើយ”; ត្រូវ​ថា “តា​អ្ហើយ, មា​អ្ហើយ, ពូ​អ្ហើយ”) ។ ប្រើ​សំឡេង​ខ្ពស់​ជា អើ៎យ ក៏​បាន តាម​ទំនង​ដែល​ត្រូវ​ប្រើ​សូរ​ខ្ពស់ (ត្រូវ​ប្រយ័ត្ន​កុំ​ប្រើ​ពាក្យ អើយ “អ្ហើយ” ជា អឺយ ឬ អ្ហឺយ) ។ ម. ព. អឺយ ផង ។

3 thoughts on “ការប្រើ​ខុស​ចំពោះ​ពាក្យ អើយ និង​ពាក្យ អឺយ”

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s