ខ្ញុំគួរសរសេរ របាយការ ឬ របាយការណ៍? ខែ វិច្ឆិកា 7, 2009
Posted by ទឹម បឿន in អក្ខរាវិរុទ្ធ.20 comments
យូរៗទៅ រកនឹកសរសេរពាក្យខ្មែរលែងត្រូវ មិនដឹងថាគេសរសេរពាក្យ របាយការណ៍ យ៉ាងនេះត្រូវឬខុស បើសំដៅលើរបាយនៃការងារប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ប្រចាំខែ ឬប្រចាំឆ្នាំ ។
តាមពិតទៅ ពាក្យនេះ នរណាក៏សរសេរ របាយការណ៍ដែរ តែបើគិតទៅដូចពុំត្រូវ ។ តាមន័យពាក្យ ការ និងពាក្យ ការណ៍ ខ្ញុំយល់ថា របាយការ ដូចជាត្រឹមត្រូវសម្រាប់ការរាយការងារដែលបានធ្វើក្នុងក្រុមហ៊ុន ។ ពាក្យ ការណ៍ គេប្រើដូចជា រាយការណ៍ ឬសរសេររបាយការណ៍ដូច្នេះដែរ តែសំដៅទៅលើហេតុការណ៍ ឬព្រឹត្តិការណ៍ដែលគេយកមករាយ ឬប្រាប់អ្នកផ្សេងទៀត ពាក្យ របាយការ ដែលសរសេរដូច្នេះ គឺសម្រាប់រៀបរាយអំពីការងារ ឬកិច្ចដែលបានបំពេញ ។
ខ្ញុំមិនដឹងថាការចែកដូច្នេះ ត្រូវឬខុសនោះទេ ព្រោះគំនិតខ្ញុំមិនទូលាយនឹងអាចចែកពាក្យនេះឱ្យច្បាស់លាស់បាន ។ ព្រោះត្រូវយកពាក្យនេះមកប្រើ តើគួរសរសេរ របាយការណ៍ ឬរបាយការយ៉ាងនេះវិញ ?
ខែកត្តិក ផ្ដើមរងារ ខែ វិច្ឆិកា 4, 2009
Posted by ទឹម បឿន in ស្រុកខ្មែរ.32 comments
ពាក់កណ្ដាលខែកត្តិកទៅហើយ ទើបថ្ងៃនេះ ចាប់ផ្ដើមធ្លាក់ខ្យល់រងារ ថ្ងៃចាំង មេឃខៀវស្រឡះល្អណាស់ ខ្ញុំដេកអត់អាវផង គ្រលំភួយមិនចង់ក្រោកទេ ។ ដល់រងាអ៊ីចឹងបានខ្ញុំលែងឆ្ងល់ថាហេតុអីគេចង់បានប្រពន្ធខែហ្នឹង
តែប្លែកតែខ្ញុំ អត់ចង់បាននឹងគេទេ ។
តាមពិតទៅ ខ្ញុំកំពុងតែឆ្ងល់ថាហេតុអ្វីខែកត្តិកឆ្នាំនេះអត់ត្រជាក់ អត់រងាសោះ ស្រាប់តែព្រឹកនេះរងារហូតរួញខ្លួន ។ ប្អូនជីដូនមួយខ្ញុំសួរ បងបឿនបើកកង្ហារធ្វើអីរងាសឹងអី តែតាមពិតគឺខ្យល់កត្តិកទេ កង្ហារខ្ញុំមានបើកឯណា ។
រាល់ខែកត្តិក ខ្ញុំតែងមានអារម្មណ៍ស្រស់ស្រាយជាងខែផ្សេងៗ ព្រោះអាកាសធាតុត្រជាក់ ផ្ទៃមេឃពណ៌ខៀវ ខ្យល់ត្រសៀកៗ និងថ្ងៃចាំងពន្លឺល្អណាស់ បើនៅស្រុកស្រែនឹងឃើញផ្កាទន្ទ្រានខេត្តរីកស្គុះស្គាយ ។ ក្នុងខែហ្នឹង បើអ្នកកំពុងលួចស្រឡាញ់គេវិញ អណ្ដែតអណ្ដូងកម្សត់ខ្លួនណាស់ ហើយបើអ្នកដែលមានស្នេហាវិញ ប្រាកដជារីកស្រស់ស្រាយដូចអាកាសធាតុ ។
មនុស្សនៅតែសម្រុកចូលមើលរឿង នេសាទក្រពើ ខែ វិច្ឆិកា 3, 2009
Posted by ទឹម បឿន in ខ្សែភាពយន្ត, ទាក់ទងនឹងខ្ញុំ.3 comments
ពួកម៉ាកបបួលទៅមើលរឿងនេសាទក្រពើ ដំបូងគិតថាមិនទៅទេ ព្រោះធ្លាប់មើលម្ដងរួចទៅហើយ ក្រោយមកក៏ប្ដូរចិត្តចង់ទៅមើលវិញ តែពួកម៉ាកគេទិញសំបុត្រពីរ សម្រាប់គេ និងសង្សារគេរួចទៅហើយ ។ ខ្ញុំគិតថា ដល់ម៉ោងចូលមើលចាំទិញសំបុត្រក៏បាន តែលុះដល់ម៉ោង សំបុត្រសម្រាប់ម៉ោង ២រសៀលលក់អស់ អត់មានសល់ទេ ។ ខ្ញុំមិនដឹងទៅណា ក៏ទៅចូលមើលរឿង ភូមិខ្មោច នៅរោងកុនលុច្ស ។ រឿងនោះ ខ្ញុំមិនដឹងថាជារឿងរបស់ប្រទេសណាទេ តែទំនងដូចហ្វីលីព្ពីន ក៏មិនដឹង ។ រឿងភូមិខ្មោចនោះ គួរឱ្យធុញណាស់ ពីដើមដល់ចប់ ចេញតែខ្មោច មិនដឹងខ្មោចមួយណាប្រាកដ ប្រហែល១០វិនាទីលេចខ្មោចម្ដង ភ្លេងឆុងឆាំងៗ សាច់រឿងដូចគ្មានអីពិសេសសោះ ។
ងាកមករឿងនេសាទក្រពើនេះវិញ រហូតមកដល់ឥឡូវ ដូចជាបីបួនឆ្នាំហើយ ប្រជាប្រិយភាពនៅតែមិនបាត់ មនុស្សនៅតែដណ្ដើមគ្នាទិញសំបុត្រចូលមើល គួរឱ្យកោតសរសើរមែន ។ បើធៀបរឿងផ្សេងៗរបស់ខ្មែរក្នុងសម័យក្រោយនេះ កម្រមានរឿងណាទទួលបានជោគជ័យដូចរឿងនេះណាស់ ។
ទៅអនាគត បើហង្សមាសនៅបន្តថតភាពយន្តខ្មែរតទៅទៀត ពិតជាអាចជួយលើកស្ទួយវិស័យភាពយន្តខ្មែរមួយកម្រិតដែរ ។ ជាពិសេស អាចជាគំរូដល់ផលិតកម្មផ្សេងៗឱ្យខិតខំផលិតភាពយន្តរបស់ខ្លួនបានកាន់តែប្រសើរពុំខានឡើយ ។
វប្បធម៌ថ្មីនៅស្រុកខ្មែរ ខែ វិច្ឆិកា 3, 2009
Posted by ទឹម បឿន in ស្រុកខ្មែរ.12 comments
ខ្ញុំមានអារម្មណ៍ថាធុញពេក នៅពេលបើកទូរទស្សន៍មើល ឬស្ដាប់វិទ្យុ គ្រប់ពិធីករ មិនភ្លេចពាក្យលើកជើងលើកដៃដល់មនុស្សកំពូលៗរបស់ប្រទេសយើង ។ តើហ្នឹងជាវប្បធម៌ថ្មីរបស់អ្នកជាពិធីករខ្មែរមែនទេ?
ពេលមើលទូរទស្សន៍ម្ដងៗ ខ្ញុំធុញរកលេខដាក់គ្មានទេ មិនដឹងជាស្អីត្រូវទាក់ទងនឹងរឿងសរសើរ រឿងលើកជើងហ្នឹង កម្មវិធីច្រៀងក៏លើកជើង សូម្បីតែពិធីករផ្សាយអំពីការប្រណាំងទូក ក៏លើកជើងគ្មានពេលទំនេរដែរ ដល់យូរទៅ មិនត្រឹមលើកជើងបញ្ជោរដល់អ្នកកំពូលៗក្នុងស្រុកខ្មែរទេ សូម្បីតែទូកក៏លើកជើងរហូតជ្រុលហួសហេតុដែរ និងនៅឆ្លៀតរំឭកថ្ងៃ៧មករាអីឯណានោះទៅទៀត ។
ស្រុកខ្មែរ បើម្នាក់ៗចេះតែរឿងលើកដៃ លើកជើងអត់ហេតុផលអ៊ីចឹងមិនដឹងទៅជាយ៉ាងណាទេ ម្នាក់ៗនឹងស៊ីខ្សែជោរគ្រប់គ្នាអស់ហើយ ហើយម្នាក់ៗត្រូវតែរៀនឱ្យចេះបញ្ជោរគ្រប់គ្នាទើបរស់នៅស្រួល ។ បើធ្វើបាន ខ្ញុំចង់តែទៅប្រាប់នាយករដ្ឋមន្ត្រីថាកុំឱ្យអ្នកទាំងនោះ បញ្ជោរហួសហេតុពេក បញ្ជោរត្រឹមមានហេតុផលបានហើយ ព្រោះវាធុញរហូតមើលកម្មវិធីផ្សេងលែងល្អមើល ។
សុំទោស ត្អូញបន្តិចហើយ ព្រោះធុញទ្រាន់ពេក ។
ហេតុអ្វីពេទ្យភាគច្រើនអត់មានសុជីវធម៌ ខែ វិច្ឆិកា 2, 2009
Posted by ទឹម បឿន in ទាក់ទងនឹងខ្ញុំ, ស្រុកខ្មែរ, អប់រំ.37 comments
មិនចម្លែកសម្រាប់អ្នកដែលធ្លាប់ចូលពេទ្យរដ្ឋ នៅពេលឃើញអាកប្បកិរិយាពេទ្យធ្វើមកលើអ្នកជំងឺ និងអ្នកថែអ្នកជំងឺដោយប្រើពាក្យគំរោះគំរើយ ស្ដីថាដូចសត្វធាតុ ។ ពេទ្យដែលខ្ញុំគិតថាជាប់ចំណាត់ថ្នាក់លេខមួយខាងនេះ ប្រហែលជាពេទ្យគន្ធបុប្ផា ដែលជាពេទ្យពិនិត្យ និងព្យាបាលរោគកុមារ ។ ខ្ញុំទើបតែចូលពេទ្យនោះជាលើកទីមួយ កាលពីប៉ុន្មានថ្ងៃមុន ពេលប្អូនជីដូនមួយខ្ញុំក្ដៅខ្លួនខ្លាំង ។ ពេលចូលទៅដល់ក្នុងមន្ទីរពេទ្យ គ្រូពេទ្យបីបួនអ្នក ប្រុសម្នាក់ស្រីពីរ ឬបីនាក់, ខ្ញុំមិនចាំ, ខ្ញុំមិនទាន់បាននិយាយអី ឬអង្គុយផង ឮពេទ្យនោះស្ដីឱ្យមីងចំណាស់ម្នាក់កំពុងបីកូននឹងដៃ ដែលទំនងចាស់ជាងពេទ្យនោះ ។ ពេទ្យនិយាយកំបុតកំបុយ “ ឮថាឱ្យចេញទៅក្រៅទេ!! ម៉េចនិយាយមិនស្ដាប់គ្នាទេអ្ហី?” មីងនោះខំអង្វររលីងរលោងទឹកភ្នែក ព្រោះគាត់បារម្ភពីកូនគាត់ ពេទ្យនោះនៅតែដេញគាត់ឱ្យចេញ មីងក៏បីកូនចេញរបៀបមិនអស់ចិត្ត ។ រួចពេទ្យនោះបែរមកសួរខ្ញុំ “ ឈឺអី?… អង្គុយកៅអីមក!!” និយាយរបៀបគំរាមសួរចម្លើយអ្នកទោសយ៉ាងម៉េចមិនដឹងទេ រួចឱ្យខ្ញុំដាក់ប្អូនអង្គុយលើកៅអី គេមើលតើអង្គុយបានឬអត់ រួចថា “ កូនហ្នឹងមិនអីទេ យកទៅវិញទៅ” ខ្ញុំក៏ថា “ វាក្ដៅឡើងចង់សន្លប់ ហូរឈាមតាមច្រមុះទៀតផង” ។ ពេទ្យថា “ ហូរឈាមតាមច្រមុះមិនអីទេ យកទៅវិញ ម៉ោង២ចាំចូលមកម្ដងទៀត!” ខ្ញុំក៏អង្វរថាឱ្យជួយពិនិត្យក្មេងបន្តិចទៅ ពេទ្យគេត្អូញ “ ធុញណាស់វ៉ី! មើល៍យកថ្នាំប៉ារាឱ្យលេបមួយចំហៀងទៅ ហើយឱ្យទៅក្រៅទៅ!” ពេទ្យប្រុសនោះ ក៏យកថ្នាំបោះនៅលើតុមុខខ្ញុំ និយាយថា “ ណេះ! យកទៅលេបទៅ! លេបមួយគ្រាប់ហ្នឹងហ្មងទៅ!” រួចពេទ្យៗគេនាំគ្នាសើចគ្នាគេ ហើយដើរទៅអង្គុយធ្វើមិនដឹង ។ ខ្ញុំចាប់ក្ដៅទ្រូងភ្លាម រួចក៏បីប្អូនដើរចេញមកក្រៅវិញ និងនាំទៅពេទ្យកុមារជាតិ ។ មិនស្មានថា ពេទ្យកុមារជាតិស្រួលជាងពេទ្យគន្ធបុប្ផាសោះ ខ្ញុំចំណាយលុយ ២០០០៛ ទិញសៀវភៅចូលពិនិត្យរោគ និងចំណាយ ៦០០០៛ លើថ្លៃបើកថ្នាំ និងមិនចាំបាច់រង់ចាំយូរទៀតផង តែសេវាក៏មិនល្អខ្លាំងណាស់ណាទេ តែចាត់ទុកថាប្រសើរជាងគន្ធបុប្ផាឆ្ងាយណាស់ ។
តើអាកប្បកិរិយាបែបពេទ្យនៅគន្ធបុប្ផាបណ្ដាលមកអំពីអ្វី? មកពីចរិតរបស់ពេទ្យទាំងនោះ ឬមកពីការនៅជាមួយអ្នកជំងឺរាល់ថ្ងៃ ធ្វើឱ្យគាត់មួម៉ៅ លែងចេះនិយាយពាក្យល្អ ចេះតែពាក្យជេរ ស្ដីបន្ទោស ។ តែទោះជាយ៉ាងណា ក៏ខ្ញុំនៅតែបន្ទោសដែរ ព្រោះអាកប្បកិរិយាហ្នឹងវាជ្រុលហួសហេតុពេក ធ្វើឱ្យខ្ញុំស្អប់មុខពេទ្យហ្នឹងមែនទែន ។ ឧបមាថា ចៃដន្យពេទ្យហ្នឹងជាបងប្អូនខ្ញុំ មកលេងផ្ទះខ្ញុំអី ខ្ញុំមិនខ្លាចនឹងតោងចានបាយចេញ និងដេញមិនឱ្យស៊ីបាយនោះទេ ព្រោះវាដូចជាឆ្អែតពេញទ្រូងណាស់ ថ្ងៃនោះ ។
