ពេលនេះខ្ញុំបានត្រៀមខ្លួនដើម្បីសមាទានសីល ៥ រួចជាស្រេចហើយ ។ ខ្ញុំចង់កាន់យកនិច្ចសីលនេះជាបឋម និងឆ្ពោះទៅរក សីល ៨ ជាបន្ត ។ បំណងដែលចង់កាន់នេះ មានយូរមកហើយ ប៉ុន្តែខ្ញុំនៅស្ទាក់ស្ទើរ ព្រោះយល់ថាឋានៈជាឃរាវាសនេះ ត្រូវប្រកបទង្វើផ្សេងៗដើម្បីចិញ្ចឹមជីវិតដោយមិនអាចវៀរចាកអំពើហាមឃាត់ ៥ ប្រការក្នុងសីល ៥ នោះបានឡើយ ម្យ៉ាងយល់ថាពុំទាន់ដល់ពេលសមគួរសម្រាប់ខ្ញុំ ។ លុះក្រោយៗមក ខ្ញុំបានសម្រេចចិត្តព្យាយាមបន្តិចម្ដង ដោយឈប់ប៉ះពាល់ជាតិសុរា ហើយខ្ញុំក៏ធ្វើបានដោយគ្មានលំបាក, ជាបន្ទាប់ខ្ញុំតាំងចិត្តមាំថាមិនយកទ្រព្យរបស់គេដោយគេមិនបានឲ្យ ក៏មិនមែនជាការលំបាក, ការមិនសម្លាប់សត្វក៏ខ្ញុំព្យាយាមតាំងចិត្តធ្វើបានបន្តិចម្ដងៗ, ខ្ញុំមិនធ្វើអំពើខុសឆ្គងចំពោះប្រពន្ធកូនអ្នកដទៃ និងព្យាយាមមិននិយាយកុហកជាដើម ។ ការតាំងចិត្តជារឿយៗនេះ ខ្ញុំយល់ថា សមាទានសីល ៥ មិនមែនជាការលំបាកទេ ហើយខ្ញុំអាចធ្វើបានក្នុងជីវិតជាឃរាវាសនេះដោយមិនប៉ះពាល់ដល់ការប្រកបរបរផ្សេងៗប្រចាំថ្ងៃផង ។ ដូច្នេះខ្ញុំក៏សម្រេចចិត្តថានឹងត្រូវវៀរចាកនូវអំពើ ៥ ប្រការនេះចាប់ពីពេលនេះតទៅ ។
ពាក្យសីលនេះ បើនិយាយឲ្យខ្លី គឺជាទម្លាប់ ឬជាចរិតប្រក្រតីធម្មតារបស់មនុស្ស គឺគេធ្វើទម្លាប់មួយប្រក្រតីទាំងថ្ងៃទាំងយប់ខ្លួនឯងដោយទៀងតែម្ដង ។ ចរិតប្រក្រតីរបស់គេដូចជាមិនសម្លាប់សត្វ មិនលួចប្រពន្ធកូនគេជាដើម ។ ការប្រព្រឹត្តចរិយានេះមិនថានៅចំពោះមុខគេ ឬកំបាំងមុខពីគេនោះទេគេតែងធ្វើជាប្រចាំ បើគេធ្វើខុសក្នុងពេលណានោះ មានន័យថាមនុស្សនោះអស់សីល គឺអស់ទម្លាប់ល្អ ឬប្រកាន់ទម្លាប់ល្អពុំបាន ។ ដូច្នេះលោកអ្នកដែលស្រឡាញ់សេចក្ដីសុខ ស្រឡាញ់ចិត្តបរិសុទ្ធ គួរចាប់ផ្ដើមកាន់យកសីលពីពេលនេះតទៅ កុំគិតចាំដល់ខ្លួនចាស់ទើបរកសីល ព្រោះសីលនេះអាចប្រព្រឹត្តបាន មិនប្រកាន់ថាចាស់ឬក្មេង មានក្រ ល្អអាក្រក់ឡើយ ។
ចំពោះខ្ញុំពិបាកត្រង់ សុរាមេរយ និង បាណាតិបាតា ណឹងដូចជួយមិនបានសោះ ហេហេហេ
ព្យាយាមបន្តិចទៅ គង់នឹងបានទេ ។
បើចង់បាននោះទាល់តែស្គាល់ពីខ្លួន និង ដើមកំណើតខ្លួន