កម្សាន្ត, ប្រលោម​លោក

រឿង​ បុរស​ដណ្តឹង​ប្រពន្ធ


ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ២ ទំព័រ ១៦-១៧

កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់​ចង់​បាន​ប្រពន្ធ ទៅ​ដណ្តឹង​កូន​គេ​ម្នាក់ ។ ម្តាយ​ឪពុក​គេថា​ «បើ​ចង់​បាន​កូន​យើង​ជា​ប្រពន្ធ លុះ​តែ​ឲ្យ​យើង​ចង់​ត្រាំ​ទឹក​បាន​បី​យប់​ ទើប​យើង​ឲ្យ​កូន​បាន» ។ បុរស​នោះ ក៏​ព្រម​ឲ្យ​គេ​ចង​ត្រាំ​ទឹក ដល់​ត្រាំ​ទឹក​បាន​ពីរ​យប់​បុរស​នោះ​ឃើញ​ភ្លើង​ឆេះ​លើ​កំពូល​ភ្នំ ក៏​លើក​ដៃ​ឡើង​អាំង​លេង ។ គេ​មើល​មក​ឃើញ​គេ​ថា​បុរស​នោះ​អាំង​ភ្លើង គេ​មិន​ឲ្យ​កូន​គេ​ជា​ប្រពន្ធ​ឡើយ ។ បុរស​នោះ ខឹង​ណាស់​ទៅ​ប្តឹង​ចៅ​ក្រម ចៅ​ក្រម​ឲ្យទៅ​កោះ​ម្តាយ​ឪពុក​ខាង​ស្រី​នោះ​មក​ជំនុំ​ជម្រះ ។ ចៅ​ក្រម​យក​សំណូក​ពី​អ្នក​ចុង​ក្តី ក៏​កាត់​ថា «ចៅ​ឯង​ត្រូវ​ចាញ់​គេ​ហើយ មិន​ត្រូវ​បាន​កូន​គេ​ទេ​បើ​ដូច្នេះ ចៅ​ឯង​ទៅ​រៀប​បាយ​មក​ឲ្យ​យើង​ស៊ី» ។ ឯចៅ​នោះ ឮចៅ​ក្រម​កាត់​ថា​មិន​ត្រូវ​បាន​កូន​គេ​ជា​ប្រពន្ធ ហើយ​គេ​ប្រើ​ទៅ​រៀប​បាយ​មក​ឲ្យ​គេ​ស៊ី​ផង ក៏​តូច​ចិត្ត​ណាស់ ដើរ​បណ្តើរ​យំ​បណ្តើរ ទៅ​ប្រទះ​នឹង​សុភាទន្សាយៗ​សួរ​ថា «ថ្វី​បង​ក៏​បាន​ជា​យំ?» ។ បុរស​នោះ​ ប្រាប់​តាម​ដំណើរ​សព្វ​គ្រប់​ប្រការ ។ សុភាទន្សាយ​សួរ​ថា « គេ​ឲ្យ​បង​ឯង​ទៅ​ណា? » ។ បុរស​នោះ​ថា «ឥឡូវ​គេ​ប្រើ​ឲ្យ​ទៅ​រៀប​បាយ » ។ សុភា​ទន្សាយ​ថា « អើ​បង​រៀប​រួច មក​យក​អញ​ទៅ​ផង អញ​ទៅ​ជួយ​ជំនុំ​ឲ្យ តែ​អញ​ទៅ​មុខ​ជា​ឈ្នះ​ហើយ បើ​បង​ឯង​រៀប​បាយ​មក ស្ល​កុំ​ដាក់​អំបិល​ប្រហុក ។ អំបិល​ប្រហុក​ដាក់​ក្បែរ​ខាង​នោះ​ស្ល​តែ​ត្រី​និង​បន្លែ​ហើយ » ។ បុរស​នោះ​ឮ​សុភា​ទន្សាយ​អួត​ដូច្នោះ​ក៏​អរ​ណាស់ ខំ​ទៅ​រៀប​បាយ​ដូច​បង្គាប់​សុភា​ទន្សាយ​ ហើយ​ក៏​យក​មក​ជូន​គេ​ពីរ​នាក់​នឹង​សុភា​ទន្សាយ ។ ទៅ​ដល់ ចៅ​ក្រម​ឃើញ​សុភា​ទន្សាយ​មក ក៏​សួរ​ថា « បង​ទន្សាយ​មក​រក​អ្វី?» ។ សុភា​ទន្សាយ​ថា « មក​ជួយ​ជំនុំ​ក្តី​លោក» ។ ចៅ​ក្រម​ថា «អើ​ចាំ​ស៊ី​បាយ​រួច​សិន» ។ ឯចៅ​ក្រម​ ដល់​ស៊ី​បាយ​នោះ​ទៅ​សួរ​ថា ស្ល​អ្វី​ក៏​សាប​ម៉្លេះ ? » ។ សុភា​ទន្សាយ​ឆ្លើយ​ឡើង​ថា « ភ្លើង​ឆេះ​លើ​កំពូល​ភ្នំ​ថា​ក្តៅ​ដល់, ចុះ​អំបិល​ប្រហុក​ដាក់​ក្បែរ​នោះ ម្តេច​ក៏​បាន​ជា​មិន​ប្រៃ​ដល់? » ។ សុភា​ទន្សាយ​ឆ្លើយ​តែ​ប៉ុណ្ណោះ ចៅ​ក្រម​ទាល់​ប្រាជ្ញា ទើប​កាត់​សេចក្តី​ឲ្យ​បុរស​នោះ​ឈ្នះ ឲ្យ​បាន​ប្រពន្ធ​បុរស​នោះ ។

ចេះ​ឯង ឲ្យ​ក្រែង​ចេះ​គេ

វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ

3 thoughts on “រឿង​ បុរស​ដណ្តឹង​ប្រពន្ធ”

  1. មានបុរសម្នាក់បានចូលស្តីដណ្តឹងកូនគេ ម្តាយគេបង្គាប់២០០០០ដុល្លាអាមេរិក បុរសនោះអត់មានប្រាក់គ្រប់ដើម្បីជូនទៅម្តាយខាងស្រីតាមការបង្គាប់ គាត់មាន
    ត្រឹមតែ១៤០០០ អញ្ចឹងការចូលស្តីដណ្តឹងក៏ត្រូវផ្អាកទម្រាំបុរសនោះសន្សំប្រាក់
    បានគ្រប់ទើបចូលស្តីដណ្តឹងម្តងទៀត។​ ទោះជាយ៉ាងណាបុរសនោះតាំងចិត្តតស៊ូ
    គ្រប់យ៉ាងដើម្បីអោយបាននាងក្រមំនោះមកជាគូអនាគត ទោះជាត្រូវធ្វើការទាំង
    យប់ទាំថ្ងៃក៏ដោយ។​​ ក្នុងចិត្តរបស់គាត់គិតថាការតស៊ូព្យាយាមគង់បានសំរេច
    បុរសនោះសង្ឃឹមផងដែរថាមិនយូគាត់នឹងបាននាងមកធ្វើជាគូអនាគតនិងសុភ
    មង្គល ព្រោះថានាងនោះស្អាតព្រមទាំងមានចរិតថ្លៃថ្នូ សុភាព​ ចេះគោរពចាស់ទំ
    សមជាស្រ្តីខ្មែរ។​​ លុះរំលងបានមិនដល់១ខែផង សេចក្តីសង្ឃឹមរបស់គាត់បាន
    រលាយបាត់អស់ បេះដូងរបស់គាត់បែករាប់ពាន់បំណែកព្រោះមានជនជាតិស្បែក
    ខ្មៅមកពីប្រទេសណៃជារាចូលដេកនៅជាមួយនាងក្រមំដែលជាកែវភ្នែករបស់
    គាត់ដោយជនជាតិស្បែកខ្មៅនោះមិនចាំបាច់ចំណាយប្រាក់មួយសេនឡើយ។

    ការព្យាយាមមិនអាចសំរេចបានគ្រប់យ៉ាងទេ​ វាស្រេចតែលើព្រហ្មលិខិត​។​​ ខ្សែជី
    វិតគឺអញ្ចឹង មានជីវិតគឺមានទុក្ខ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s