ពុទ្ធសាសនា, សារព័ត៌មាន, សាសនា

ក្រុម​អ្នក​កាន់​សាសនា​មូស្លិម​​នៅ​បង់ក្លាដេស​​ដុត​បំផ្លាញ់​វត្ត​និង​ផ្ទះ​របស់​ពុទ្ធសាសនិក


ថ្ងៃ​អាទិត្យ​ទី ៣០ កក្កដា ២០១២, ក្រុម​អ្នក​កាន់​សាសនា​មូស្លិម​ បាន​ដុត​បំផ្លាញ​វត្ត​ព្រះពុទ្ធ​សាសនា និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ ដែល​កាន់​សាសនា​ព្រះពុទ្ធ​ នៅ​បង់ក្លាដេស ដើម្បី​តវ៉ា​ប្រឆាំង​​អំពី​ការបង្ហោះ​រូបភាព​នៃ​ការដុត​គម្ពីរ​កូអាន​នៅ​លើ​ Facebook ។ ការបង្ហោះ​នេះ ត្រូវ​បាន​គេ​ចោទ​ថា​ជា​របស់​ក្មេង​ប្រុស​ម្នាក់​ដែល​ជា​ពុទ្ធសាសនិក ប៉ុន្តែ​ក្មេង​ប្រុស​នោះ​បាន​បដិសេធ​ថា​ជា​រូប​ដែល​គេ tag មក​ឲ្យ មិន​មែន​ជា​រូបភាព​​ដែល​គាត់​បង្ហោះ​ខ្លួនឯង​ទេ ។ ក្រោយ​មក គណនេយ្យ​របស់​គាត់​ត្រូវ​បាន​លុប​ចោល​ពី Facebook ។

អំពើ​ហិង្សា​នេះ​បាន​កើត​ឡើង​នៅ​ទីក្រុង រ៉ាមូ​ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​រដ្ឋធានី ដាកា ហើយ​​រាលដាល​​ទៅ​តំបន់​ក្បែរៗ​នោះ ។

CNN ថា ផ្ទះ​​របស់​ពុទ្ធសាសនិក​ប្រហែល ៥០​ខ្នង, វត្ត​ចំនួន ៧ នៅ​ទីក្រុង រ៉ាមូ និង​វត្ត​ ៥​ នៅ​​​តំបន់​ផ្សេង​​​ទៀត​ត្រូវ​បាន​ដុត​បំផ្លាញ ។ ចំណែក​ចំនួន​អ្នក​របួស​នៅ​ពុំ​ទាន់​មាន​របាយការណ៍​ណា​បញ្ជាក់​នៅ​ឡើយ​ទេ ។

ករណី​នេះ រដ្ឋាភិបាល​បង់ក្លាដេស​នឹង​​រៀបចំ​គណកម្មាធិកា​ស៊ើបអង្កេត​ឲ្យ​ដឹង​អំពី​មូលហេតុ​ពិត​ប្រាកដ​ក្នុង​កំឡុង ១០​ថ្ងៃ ។ ចំណែក​លោក​រដ្ឋមន្ត្រី Mohiuddin Khan Alamgir បាន​ថ្កោល​ទោស​ចំពោះ​បក្ស​ប្រឆាំង​ “ជាតិ​និយម​បង់ក្លាដេស” ដោយ​ចោទ​ថា អំពើ​ហិង្សា​នេះ ​មាន​ការរៀបចំ​គម្រោង​ទុក​ជា​មុន និង​​បាន​រកឃើញ​ភស្តុតាង​មួយ​ចំនួន​នៅ​ក្នុង​ផ្ទះ​កើត​ហេតុ ។

ការដុត​គម្ពីរ​កូអាន ក៏​បាន​នាំ​ឲ្យ​​កើត​មាន​អំពើ​ហិង្សា​នៅ ប៉ាគីស្ថាន និង អាហ្វហ្គានីស្ថាន​ផង​ដែរ ។

ព័ត៌មាន​បន្ថែម៖ BBC, CNN

ជំនឿ សាសនា, ពុទ្ធសាសនា

ទម្លាប់​ខុស​ឆ្គង​​របស់​ពុទ្ធសាសនិក​ក្នុង​ការបញ្ជូន​​កុសល​​​ចំពោះ​​ជីដូនជីតា


ពុទ្ធសាសនិក​ខ្មែរ​យើង​មាន​ទម្លាប់​មួយ​ខុស​ឆ្គង​យក​តែ​មែនទែន ហើយ​មិន​បាន​ដឹង​ថា​ខ្លួន​ធ្វើ​ខុស​​ទាល់តែ​​សោះ ។ ហេតុ​នេះ ខ្ញុំ​នឹង​លើក​យក​បញ្ហា​នេះ​មក​បង្ហាញ​ដើម្បី​​ឲ្យ​កាន់​តែ​យល់​ច្បាស់​អំពី​ព្រះពុទ្ធសាសនា​របស់​ខ្លួន ។

ដែល​ខ្ញុំ​ថា​ជា​ទង្វើ​ខុស​​នោះ​​គឺ​ខុស​ក្នុង​ពេល​យក​គ្រឿង​បង្សុកូល​ទៅ​វត្ត ពុទ្ធបរិស័ទ​តែង​ឲ្យ​លោក​អាចារ្យ​វេរ​​ដើម្បី​បញ្ជូន​គ្រឿង​បង្សុកូល​ទៅ​ដូនតា​ញាតិ​មិត្ត​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក ។ មួយ​ទៀត​លោក​តែង​ប្រគេន​ចង្ហាន់​​ដល់​​ព្រះសង្ឃ​ ពេល​ព្រះអង្គ​សូធ្យ​ កុសលា​ធម្មា អកុសលា​ធម្មា… ដោយ​​មាន​ច្រូច​ទឹក​ផង ។ ទម្លាប់​នេះ​មិន​ថា​តែ​ពុទ្ធបរិស័ទ​ទេ​ដែល​ធ្វើ​ខុស លោក​អាចារ្យ​ក៏​ធ្វើ​ខុស​ដូចគ្នា​ដែរ ដែល​ខុស​ភាគ​ច្រើន​នោះ គឺ​មក​អំពី​លោក​អាចារ្យ​ជា​អ្នក​ណែនាំ​នោះ​ឯង ។

តាម​ទម្លាប់ ពេល​ឮ​សំឡេង​ធម៌​ ​កុសលាធម្មា ចាស់ៗ​ឈូឆរ​នាំ​គ្នា​ប្រគេន​ចង្ហាន់​ ខ្លះ​ច្រូច​ទឹក​ អ្នក​ខ្លះ​មិន​បាន​ច្រូច​ដោយ​​ផ្ទាល់​ក៏​ត្រូវ​កាន់​ដៃ ឬ​ប៉ះ​ជើង​ត​គ្នា​ជាមួយ​​អ្នក​ដែល​បាន​កាន់​ទឹក​ច្រូច​នោះ សន្មត​​ថា​បាន​ច្រូច​ដែរ ។ ការ​ធ្វើ​បែប​នេះ​មិន​មែន​ជា​ការ​ត្រឹមត្រូវ​ទេ ដោយ​ត្រឹមត្រូវ​គឺ​គួរតែ​ត្រងត្រាប់​ស្ដាប់​ព្រះធម៌​​ដោយ​យក​ចិត្ត​ទុកដាក់ និង​ប្រកប​ដោយ​សទ្ធា​យ៉ាង​មុតមាំ​ចំពោះ​ព្រះធម៌​នោះ ។ ការ​ប្រគេន​ចង្ហាន់​ក្នុង​ពេល​ព្រះសង្ឃ​កំពុង​សូធ្យ ​ធ្វើ​ឲ្យ​គ្រប់​គ្នា​លែង​បាន​ស្ដាប់​ព្រះធម៌ ព្រះសង្ឃ​សូធ្យ​​តែ​ព្រះអង្គ​ឯង មិន​មាន​អ្នក​ស្ដាប់​ ហើយ​ព្រះសង្ឃ​​នោះ​ក៏​ត្រូវ​អាបត្តិ​ព្រោះ​សូធ្យ​ធម៌​អត់​អ្នក​ស្ដាប់​នោះ​ឯង ។

ដូច្នេះ​ការ​វេរ​ចង្ហាន់​តាម​អាចារ្យ ការ​ប្រគេន​ចង្ហាន់​ពេល​ព្រះសង្ឃ​កំពុង​សូធ្យ​នោះ​មិន​ត្រឹមត្រូវ ហើយ​មិន​បាន​​កុសល​​សោះ ។ ការធ្វើ​បុណ្យ​បាន​កុសល​​នោះ គឺ​ការ​ស្ដាប់​ធម៌​ដោយ​​សង្រួម,​ ដោយ​យក​ចិត្ត​ទុកដាក់ មិន​រំខាន​ដល់​ការសូធ្យ​ធម៌​របស់​ព្រះសង្ឃ មិន​រំខាន​ដល់​អ្នក​​ដទៃ​ក្នុង​ពេល​ព្រះសង្ឃ​សម្ដែង​ធម៌​ ។ ព្រោះ​អ្វី ? ព្រោះ​​​អាហារ​ដែល​ប្រគេន​ដល់​ព្រះសង្ឃ​មិន​អាច​ឲ្យ​អាហារ​ទាំង​នោះ​បាន​​ទៅ​ដល់​ដូនតា​ដោយ​អាហារ​ទាំង​​ដុំៗ​នោះ ឬ​បរិភោគ​អាហារ​ទាំង​នោះ​បាន​ឡើយ ។ ​យើង​បញ្ជូន​បាន​ត្រឹមតែ​កុសល​​ដែល​យើង​បាន​ធ្វើ​​ដោយ​អាហារ​ចំពោះ​ព្រះសង្ឃ និង​កុសល​ដែល​យើង​បាន​ត្រងត្រាប់​ស្ដាប់​នូវ​ព្រះធម៌​ប៉ុណ្ណោះ ។

ចុះ​អ្វី​ជា​​ប្រតិបត្តិ​​ត្រឹមត្រូវ ? គឺ​យើង​គួរ​ស្ដាប់​ធម៌​ដោយ​យក​ចិត្ត​ទុកដាក់​ ស្ដាប់​ចប់​សឹម​ក្រោក​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ ប្រគេន​រួច​ចាប់ផ្ដើម​ឧទ្ទិស​បុណ្យ​កុសល​​ដែល​យើង​បាន​ធ្វើ​​ដល់​ញាតិមិត្ត​ ដូនតា ទេព្ដា ​​ប្រេត អសុរកាយ​ និង​សត្វតិរច្ឆាន​ទាំងឡាយ, អ្នក​ទាំងឡាយ​នោះ​អនុមោទនា​យក​បុណ្យ​កុសល​ដែល​យើង​បាន​ធ្វើ​ដោយ​ពាក្យ​ថា​សាធុ​នោះ​​ហើយ ក៏​បាន​ទទួល​នូវ​ចំណែក​បុណ្យ​​ដែល​យើង​បាន​ធ្វើ​ទាំង​នោះ បុណ្យ​ទាំង​នោះ​ក៏​មិន​បាត់​បង់​អំពី​ខ្លួន​របស់​យើង​ ប៉ុន្តែ​ក៏​បាន​បុណ្យ​កុសល​ថែម​ទៀត​ព្រោះ​តែ​ចំណែក​បុណ្យ​ដែល​យើង​​បាន​ចែក​ឲ្យ​អ្នក​ទាំង​នោះ, នេះ​ទើប​ជា​ហេតុផល​ក្នុង​ព្រះពុទ្ធសាសនា ។

ហេតុនេះ​ហើយ យើង​ជា​ពុទ្ធសាសនិក ជា​អ្នក​ដែល​ជឿជាក់​លើ​ព្រះពុទ្ធសាសនា គួរ​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គន្លង​ព្រះពុទ្ធសាសនា, គួរ​ស្គាល់​ព្រះពុទ្ធសាសនា​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់ កុំ​ឡូកឡំ​ជាមួយ​សាសនា​ដទៃ​​ដែល​មិន​សម​​ហេតុផល នេះ​ទើប​ហៅ​ថា​ជា​ពុទ្ធសាសនិក​ពិត​ប្រាកដ ។

ខ្ញុំ​បាន​សូម​លើក​យក​ហេតុផល​ខ្លីៗ​ត្រឹម​ប៉ុណ្ណេះ បើ​ការយល់​របស់​ខ្ញុំ​នៅ​មាន​ការខ្វះខាត សូម​លោកអ្នក​ដែល​មាន​ប្រាជ្ញា​ជួយ​កែតម្រូវ​​និង​បំពេញ​ដើម្បី​ជា​ការរួម​ចំណែក​លើក​កម្ពស់​ដល់​ព្រះពុទ្ធ​សាសនា​ដ៏​ល្អ​ផូរផង់​​​​នេះ ឲ្យ​បាន​គងវង់​យូរ​អង្វែង​តទៅ​អើយ ។

ជំនឿ សាសនា, ពុទ្ធសាសនា, សាសនា

ពុទ្ធសាសនិក​គួរ​ឈប់​អុជ​ធូប


ជាទូទៅ នៅ​តាម​ផ្ទះ​របស់​ពុទ្ធសាសនិក, នៅ​តាម​ទី​វត្តអារាម ឬ​កន្លែង​សក្ការ​​ផ្សេងៗ គេ​តែងតែ​​ធ្វើ​ការអុជ​​ធូប​សំបូងសង្រូង​សុំ​សេចក្ដី​សុខ, សុំ​ឲ្យ​រកស៊ី​មាន​បាន ឬ​សុំ​ឲ្យ​សម្រេច​កិច្ចការ​ដែល​គេ​ប៉ង​ប្រាថ្នា​អំពី​​​ព្រះ ឬ​ទេព្ដា ឬ​អ្នក​តា ជាដើម ។ បើ​តាម​ពិត​ ការ​អុជ​ធូប​សំបូងសង្រូង​នេះ មិន​មែន​ជា​ការបដិបត្តិ​ត្រឹមត្រូវ​ជា​ពុទ្ធសាសនិក​នោះ​ទេ ។ ព្រះពុទ្ធ​មិន​បាន​បង្គាប់​ឲ្យ​ពុទ្ធសាសនិក​អុជ​ធូប និង​សំបូងសង្រូង​សុំ​ពរ​ពី​ព្រះ ឬ​ទេព្ដា​ណា​ក្រៅ​អំពី​ខ្លួនឯង​ជួយ​ខ្លួន​ឯង​ឡើយ ពីព្រោះ​​ព្រះពុទ្ធ​បាន​រក​ឃើញ​ថា មនុស្ស​យើង​​មិន​មែន​ព្រះ​ឯ​ណា​ជា​អ្នក​បង្កើត​ទេ គឺ​ជា​ធម្មជាតិ និង​កម្ម​របស់​ខ្លួន​ដែល​នាំ​ឲ្យ​កើត, គ្មាន​ទេព្ដា ឬ​ព្រះ​ឯណា​កំណត់​វាសនា​ក្រៅ​អំពី​ខ្លួន និង​កម្ម​របស់​ខ្លួន ហើយ​ក៏​គ្មាន​នរណា​មក​ជួយ​យើង​ក្រៅ​អំពី​ខ្លួន​ឯង​ជួយ​ខ្លួន​​ឯង ។ ដូច្នេះ​ការសំបូងសង្រូង​សុំ​ឲ្យ​ព្រះ​ជួយ​យ៉ាង​ណា​ក៏​ជា​ការ​ឥត​ប្រយោជន៍ ។

ទំនៀម​អុជធូប​សំបូងសង្រូង​នេះ ជា​ការបដិបត្តិ​តាម​​ព្រហ្មញ្ញសាសនា ដែល​ពី​ដំបូង​គេ​ប្រើ​ភ្លើង​ដើម្បី​បូជា​ដល់​​ព្រះ គឺ​បញ្ជូន​គ្រឿង​បូជា​របស់​ពួក​គេ​ទៅ​តាម​ផ្សែង​ភ្លើង ព្រោះ​មាន​តែ​ផ្សែង​ភ្លើង​នេះ​ទេ​ដែល​អាច​​ហោះ​​ហើរ​ទៅ​ដល់​ឋាន​សួគ៌ លុះ​ក្រោយៗ​មក​គេ​​ប្រើ​ត្រឹម​​​ផ្សែង​ធូប​ជា​តំណាង​វិញ​ ។ លុះ​យើង​ត្រឡប់​មក​កាន់​យក​ព្រះពុទ្ធសាសនា​ហើយ ក៏​នៅ​ជាប់​ទំនៀមទម្លាប់​នេះ​រហូត​ដល់​សព្វថ្ងៃ ។

ការអុជធូប​នេះ មិន​មែន​ជា​​ការខុស​ធ្ងន់​ទេ ប៉ុន្តែ​វា​ជា​ការអត់​ប្រយោជន៍​ដែល​យើង​ត្រូវ​ចំណាយ​ថវិកា​ទិញ​ធូប ហើយ​​​អុជ​បង្ហុយ​ផ្សែង​ពេញ​ផ្ទះ ឬ​វត្ត ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ និង​ពេល​ខ្លះ​ក៏​អាច​បង្ក​ឲ្យ​មាន​អគ្គិភ័យ​កើត​ឡើង​​ដោយសារ​ភ្លើង​ធូប​ផង​ក៏​មាន ។ យើង​គួរ​គិត​ថា​​មនុស្ស​យើង​មិន​ចូលចិត្ត​ផ្សែង​ធូប​នេះ​ផង ចុះ​មាន​ព្រះ ឬ​ទេព្ដា​ឯណា​មក​ចូលចិត្ត​ផ្សែង​​ធូប​នេះ បើ​ព្រះពុទ្ធ​ក៏​ជា​មនុស្ស​ដូច​គ្នា​នឹង​យើង​ដែរ ។

ដូច្នេះ​យើង​ជា​ពុទ្ធសាសនិក​ដែល​មាន​បញ្ញា គួរ​សិក្សា​ពុទ្ធោវាទ​​ឲ្យ​បាន​ច្បាស់លាស់ និង​ប្រតិបត្តិ​តាម​ការប្រៀនប្រដៅ​​ឲ្យ​បាន​ទៀងទាត់​ត្រឹមត្រូវ ដោយ​ខំ​បដិបត្តិ​ចិត្ត​ឲ្យ​បរិសុទ្ធ​ជា​ជាង​ការ​លុត​ជង្គង់​បន់ស្រន់​សុំ​ឲ្យ​គេ​ជួយ ។ ​ការបដិបត្តិ​ផ្លូវ​ចិត្ត​ទើប​ជា​ការបដិបត្តិ​តាម​ពុទ្ធោវាទ ។ ចំពោះ​ការបូជា​​​​ព្រះ យើង​អាច​បូជា​ដោយ​​​ផ្កា ឬ​អុជ​ទៀន​បំភ្លឺ​ជា​ដើម ពុំ​ចាំបាច់​ប្រើ​ធូប​ក៏​បាន​ដែរ ។