ពុទ្ធសាសនា, សារព័ត៌មាន, សាសនា

ក្រុម​អ្នក​កាន់​សាសនា​មូស្លិម​​នៅ​បង់ក្លាដេស​​ដុត​បំផ្លាញ់​វត្ត​និង​ផ្ទះ​របស់​ពុទ្ធសាសនិក


ថ្ងៃ​អាទិត្យ​ទី ៣០ កក្កដា ២០១២, ក្រុម​អ្នក​កាន់​សាសនា​មូស្លិម​ បាន​ដុត​បំផ្លាញ​វត្ត​ព្រះពុទ្ធ​សាសនា និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ ដែល​កាន់​សាសនា​ព្រះពុទ្ធ​ នៅ​បង់ក្លាដេស ដើម្បី​តវ៉ា​ប្រឆាំង​​អំពី​ការបង្ហោះ​រូបភាព​នៃ​ការដុត​គម្ពីរ​កូអាន​នៅ​លើ​ Facebook ។ ការបង្ហោះ​នេះ ត្រូវ​បាន​គេ​ចោទ​ថា​ជា​របស់​ក្មេង​ប្រុស​ម្នាក់​ដែល​ជា​ពុទ្ធសាសនិក ប៉ុន្តែ​ក្មេង​ប្រុស​នោះ​បាន​បដិសេធ​ថា​ជា​រូប​ដែល​គេ tag មក​ឲ្យ មិន​មែន​ជា​រូបភាព​​ដែល​គាត់​បង្ហោះ​ខ្លួនឯង​ទេ ។ ក្រោយ​មក គណនេយ្យ​របស់​គាត់​ត្រូវ​បាន​លុប​ចោល​ពី Facebook ។

អំពើ​ហិង្សា​នេះ​បាន​កើត​ឡើង​នៅ​ទីក្រុង រ៉ាមូ​ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​រដ្ឋធានី ដាកា ហើយ​​រាលដាល​​ទៅ​តំបន់​ក្បែរៗ​នោះ ។

CNN ថា ផ្ទះ​​របស់​ពុទ្ធសាសនិក​ប្រហែល ៥០​ខ្នង, វត្ត​ចំនួន ៧ នៅ​ទីក្រុង រ៉ាមូ និង​វត្ត​ ៥​ នៅ​​​តំបន់​ផ្សេង​​​ទៀត​ត្រូវ​បាន​ដុត​បំផ្លាញ ។ ចំណែក​ចំនួន​អ្នក​របួស​នៅ​ពុំ​ទាន់​មាន​របាយការណ៍​ណា​បញ្ជាក់​នៅ​ឡើយ​ទេ ។

ករណី​នេះ រដ្ឋាភិបាល​បង់ក្លាដេស​នឹង​​រៀបចំ​គណកម្មាធិកា​ស៊ើបអង្កេត​ឲ្យ​ដឹង​អំពី​មូលហេតុ​ពិត​ប្រាកដ​ក្នុង​កំឡុង ១០​ថ្ងៃ ។ ចំណែក​លោក​រដ្ឋមន្ត្រី Mohiuddin Khan Alamgir បាន​ថ្កោល​ទោស​ចំពោះ​បក្ស​ប្រឆាំង​ “ជាតិ​និយម​បង់ក្លាដេស” ដោយ​ចោទ​ថា អំពើ​ហិង្សា​នេះ ​មាន​ការរៀបចំ​គម្រោង​ទុក​ជា​មុន និង​​បាន​រកឃើញ​ភស្តុតាង​មួយ​ចំនួន​នៅ​ក្នុង​ផ្ទះ​កើត​ហេតុ ។

ការដុត​គម្ពីរ​កូអាន ក៏​បាន​នាំ​ឲ្យ​​កើត​មាន​អំពើ​ហិង្សា​នៅ ប៉ាគីស្ថាន និង អាហ្វហ្គានីស្ថាន​ផង​ដែរ ។

ព័ត៌មាន​បន្ថែម៖ BBC, CNN

ជំនឿ សាសនា, ពុទ្ធសាសនា, សាសនា

ពុទ្ធសាសនិក​គួរ​ឈប់​អុជ​ធូប


ជាទូទៅ នៅ​តាម​ផ្ទះ​របស់​ពុទ្ធសាសនិក, នៅ​តាម​ទី​វត្តអារាម ឬ​កន្លែង​សក្ការ​​ផ្សេងៗ គេ​តែងតែ​​ធ្វើ​ការអុជ​​ធូប​សំបូងសង្រូង​សុំ​សេចក្ដី​សុខ, សុំ​ឲ្យ​រកស៊ី​មាន​បាន ឬ​សុំ​ឲ្យ​សម្រេច​កិច្ចការ​ដែល​គេ​ប៉ង​ប្រាថ្នា​អំពី​​​ព្រះ ឬ​ទេព្ដា ឬ​អ្នក​តា ជាដើម ។ បើ​តាម​ពិត​ ការ​អុជ​ធូប​សំបូងសង្រូង​នេះ មិន​មែន​ជា​ការបដិបត្តិ​ត្រឹមត្រូវ​ជា​ពុទ្ធសាសនិក​នោះ​ទេ ។ ព្រះពុទ្ធ​មិន​បាន​បង្គាប់​ឲ្យ​ពុទ្ធសាសនិក​អុជ​ធូប និង​សំបូងសង្រូង​សុំ​ពរ​ពី​ព្រះ ឬ​ទេព្ដា​ណា​ក្រៅ​អំពី​ខ្លួនឯង​ជួយ​ខ្លួន​ឯង​ឡើយ ពីព្រោះ​​ព្រះពុទ្ធ​បាន​រក​ឃើញ​ថា មនុស្ស​យើង​​មិន​មែន​ព្រះ​ឯ​ណា​ជា​អ្នក​បង្កើត​ទេ គឺ​ជា​ធម្មជាតិ និង​កម្ម​របស់​ខ្លួន​ដែល​នាំ​ឲ្យ​កើត, គ្មាន​ទេព្ដា ឬ​ព្រះ​ឯណា​កំណត់​វាសនា​ក្រៅ​អំពី​ខ្លួន និង​កម្ម​របស់​ខ្លួន ហើយ​ក៏​គ្មាន​នរណា​មក​ជួយ​យើង​ក្រៅ​អំពី​ខ្លួន​ឯង​ជួយ​ខ្លួន​​ឯង ។ ដូច្នេះ​ការសំបូងសង្រូង​សុំ​ឲ្យ​ព្រះ​ជួយ​យ៉ាង​ណា​ក៏​ជា​ការ​ឥត​ប្រយោជន៍ ។

ទំនៀម​អុជធូប​សំបូងសង្រូង​នេះ ជា​ការបដិបត្តិ​តាម​​ព្រហ្មញ្ញសាសនា ដែល​ពី​ដំបូង​គេ​ប្រើ​ភ្លើង​ដើម្បី​បូជា​ដល់​​ព្រះ គឺ​បញ្ជូន​គ្រឿង​បូជា​របស់​ពួក​គេ​ទៅ​តាម​ផ្សែង​ភ្លើង ព្រោះ​មាន​តែ​ផ្សែង​ភ្លើង​នេះ​ទេ​ដែល​អាច​​ហោះ​​ហើរ​ទៅ​ដល់​ឋាន​សួគ៌ លុះ​ក្រោយៗ​មក​គេ​​ប្រើ​ត្រឹម​​​ផ្សែង​ធូប​ជា​តំណាង​វិញ​ ។ លុះ​យើង​ត្រឡប់​មក​កាន់​យក​ព្រះពុទ្ធសាសនា​ហើយ ក៏​នៅ​ជាប់​ទំនៀមទម្លាប់​នេះ​រហូត​ដល់​សព្វថ្ងៃ ។

ការអុជធូប​នេះ មិន​មែន​ជា​​ការខុស​ធ្ងន់​ទេ ប៉ុន្តែ​វា​ជា​ការអត់​ប្រយោជន៍​ដែល​យើង​ត្រូវ​ចំណាយ​ថវិកា​ទិញ​ធូប ហើយ​​​អុជ​បង្ហុយ​ផ្សែង​ពេញ​ផ្ទះ ឬ​វត្ត ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ និង​ពេល​ខ្លះ​ក៏​អាច​បង្ក​ឲ្យ​មាន​អគ្គិភ័យ​កើត​ឡើង​​ដោយសារ​ភ្លើង​ធូប​ផង​ក៏​មាន ។ យើង​គួរ​គិត​ថា​​មនុស្ស​យើង​មិន​ចូលចិត្ត​ផ្សែង​ធូប​នេះ​ផង ចុះ​មាន​ព្រះ ឬ​ទេព្ដា​ឯណា​មក​ចូលចិត្ត​ផ្សែង​​ធូប​នេះ បើ​ព្រះពុទ្ធ​ក៏​ជា​មនុស្ស​ដូច​គ្នា​នឹង​យើង​ដែរ ។

ដូច្នេះ​យើង​ជា​ពុទ្ធសាសនិក​ដែល​មាន​បញ្ញា គួរ​សិក្សា​ពុទ្ធោវាទ​​ឲ្យ​បាន​ច្បាស់លាស់ និង​ប្រតិបត្តិ​តាម​ការប្រៀនប្រដៅ​​ឲ្យ​បាន​ទៀងទាត់​ត្រឹមត្រូវ ដោយ​ខំ​បដិបត្តិ​ចិត្ត​ឲ្យ​បរិសុទ្ធ​ជា​ជាង​ការ​លុត​ជង្គង់​បន់ស្រន់​សុំ​ឲ្យ​គេ​ជួយ ។ ​ការបដិបត្តិ​ផ្លូវ​ចិត្ត​ទើប​ជា​ការបដិបត្តិ​តាម​ពុទ្ធោវាទ ។ ចំពោះ​ការបូជា​​​​ព្រះ យើង​អាច​បូជា​ដោយ​​​ផ្កា ឬ​អុជ​ទៀន​បំភ្លឺ​ជា​ដើម ពុំ​ចាំបាច់​ប្រើ​ធូប​ក៏​បាន​ដែរ ។