ទាក់ទង​នឹង​ខ្ញុំ, អប់រំ

ចាប់ផ្ដើម​កាន់​យក​សីល ៥


ពេលនេះ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​​ដើម្បី​សមាទាន​សីល ៥ រួច​ជា​ស្រេច​ហើយ ។ ខ្ញុំ​​ចង់​កាន់​យក​និច្ចសីល​នេះ​ជា​បឋម និង​ឆ្ពោះ​​ទៅ​រក សីល ៨ ជា​បន្ត ។ បំណង​ដែល​ចង់​កាន់​នេះ មាន​យូរ​មក​ហើយ ប៉ុន្តែ​ខ្ញុំ​នៅ​ស្ទាក់ស្ទើរ ព្រោះ​យល់​​ថា​ឋានៈ​ជា​ឃរាវាស​នេះ ត្រូវ​​ប្រកប​ទង្វើ​ផ្សេងៗ​ដើម្បី​ចិញ្ចឹម​ជីវិត​ដោយ​មិន​អាច​វៀរចាក​អំពើ​ហាម​ឃាត់ ៥ ប្រការ​ក្នុង​សីល ៥ នោះ​បាន​ឡើយ ​ម្យ៉ាង​យល់​ថា​ពុំ​ទាន់​ដល់​ពេល​សមគួរ​សម្រាប់​ខ្ញុំ​ ។ លុះ​ក្រោយ​ៗ​មក ខ្ញុំ​បាន​សម្រេច​ចិត្ត​ព្យាយាម​បន្តិច​ម្ដង ដោយ​​ឈប់​ប៉ះពាល់​ជាតិ​សុរា ហើយ​ខ្ញុំ​ក៏​ធ្វើ​បាន​ដោយ​គ្មាន​លំបាក, ជា​បន្ទាប់​ខ្ញុំ​តាំង​ចិត្ត​មាំ​​ថា​មិន​យក​ទ្រព្យ​របស់​គេ​ដោយ​គេ​មិន​បាន​ឲ្យ​ ក៏​មិន​មែន​ជា​ការលំបាក, ការមិន​សម្លាប់​សត្វ​ក៏​ខ្ញុំ​ព្យាយាម​តាំង​ចិត្ត​ធ្វើ​បាន​បន្តិច​ម្ដងៗ, ខ្ញុំ​មិន​ធ្វើ​អំពើ​ខុសឆ្គង​ចំពោះ​ប្រពន្ធ​កូន​អ្នក​ដទៃ និង​ព្យាយាម​មិន​និយាយ​កុហក​ជា​ដើម ។ ការតាំង​ចិត្ត​ជា​រឿយៗ​នេះ ខ្ញុំ​យល់​ថា សមាទាន​សីល ៥ មិន​មែន​ជា​ការលំបាក​ទេ ហើយ​ខ្ញុំ​អាច​ធ្វើ​បាន​ក្នុង​ជីវិត​ជា​ឃរាវាស​នេះ​ដោយ​មិន​ប៉ះពាល់​ដល់​ការប្រកប​របរ​ផ្សេងៗ​ប្រចាំ​ថ្ងៃ​ផង ។ ដូច្នេះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ថា​នឹង​ត្រូវ​វៀរចាក​​នូវ​អំពើ​ ៥ ប្រការ​នេះ​ចាប់​ពី​ពេល​នេះ​តទៅ ។

ពាក្យ​សីល​នេះ បើ​និយាយ​ឲ្យ​ខ្លី គឺ​ជា​ទម្លាប់​ ឬ​ជា​ចរិត​ប្រក្រតី​ធម្មតា​របស់​មនុស្ស គឺ​គេ​ធ្វើ​ទម្លាប់​​មួយ​ប្រក្រតី​ទាំង​ថ្ងៃ​ទាំង​យប់​​ខ្លួនឯង​ដោយ​ទៀង​តែ​ម្ដង ។ ចរិត​ប្រក្រតី​របស់​គេ​ដូចជា​​មិន​សម្លាប់​សត្វ មិន​លួច​ប្រពន្ធ​កូន​គេ​ជា​ដើម ។ ការ​​ប្រព្រឹត្ត​​ចរិយា​នេះ​មិន​ថា​នៅ​ចំពោះ​មុខ​គេ ឬ​កំបាំង​មុខ​ពី​គេ​នោះ​ទេ​គេ​តែង​ធ្វើ​ជា​ប្រចាំ បើ​​គេ​ធ្វើ​ខុស​ក្នុង​ពេល​ណា​នោះ មានន័យ​ថា​មនុស្ស​នោះ​អស់​សីល គឺ​អស់​ទម្លាប់​ល្អ ឬ​ប្រកាន់​ទម្លាប់​ល្អ​ពុំ​បាន ។ ដូច្នេះ​លោក​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​សុខ ស្រឡាញ់​ចិត្ត​បរិសុទ្ធ គួរ​ចាប់ផ្ដើម​កាន់​យក​សីល​ពី​ពេល​នេះ​តទៅ កុំ​គិត​ចាំ​ដល់​ខ្លួន​ចាស់​ទើប​រក​សីល ព្រោះ​សីល​នេះ​អាច​ប្រព្រឹត្ត​បាន​ មិន​ប្រកាន់​ថា​ចាស់​ឬ​ក្មេង មាន​ក្រ ល្អ​អាក្រក់​ឡើយ ។

អប់រំ

មនុស្ស​ដែល​ឡើង​ឋានៈ​ពី​ទាប​ទៅ​ខ្ពស់


ជា​ប្រក្រតី មនុស្ស​ដែល​ឡើង​ពី​ឋានៈ​ទាប​មក​ឋានៈ​ខ្ពស់​ដោយ​គ្រោះ​ជា​របស់​អ្នក​ដទៃ មិន​មែន​ជា​ការតស៊ូ​របស់​ខ្លួន ច្រើន​ហ៊ឹកហ៊ាក់​ហ៊ឺហា ច្រើន​ចាយ​ធំ និង​ចូលចិត្ត​អួត​ភ្នែក​ត្រចៀក​អ្នក​ដទៃ ។

ជំនឿ សាសនា, អប់រំ

ហេតុ​អ្វី​ការទទួលទាន​សុរា​​​មាន​បាប


ការទទួលទាន​សុរា ហេតុ​អ្វី​ថា​មាន​បាប សុរា​នោះ​ទទួលទាន​ទៅ ជា​ថ្នាំ​កែ​រោគ​ក៏​មាន ជា​គុណ​ឲ្យ​ទទួល​ទាន​បាយ​បាន​ក៏​មាន ?

ការផឹក​សុរា​ បាន​ជា​ថា​បាប, ព្រះ​បរមគ្រូ​ទ្រង់​ហាម​ពុំ​ឲ្យ​សេព​សុរា​នោះ ព្រោះ​ជា​របស់​នាំ​ឲ្យ​ស្រវឹង នាំ​ឲ្យ​ខូចចិត្ត ដ្បិត​មនុស្ស​យើង​សព្វថ្ងៃ​នេះ​មាន​ស្រវឹង​នៅ​ពេញ​ខ្លួន​ហើយ ។ សេចក្ដី​ស្រវឹង​នេះ លោភោ គឺ​សេចក្ដី​ជាប់​ជំពាក់ ឬ ចំណង់​ចង់​បាន នេះ​ជា​ស្រវឹង​ប្រការ ១ ទោសោ គឺ​សេចក្ដី​ក្រោធ​ខឹង នេះ​ស្រវឹង​ប្រការ ១ មោហោ គឺ​សេចក្ដី​ល្ងង់​វង្វេង​ពុំ​ស្គាល់​ខុសត្រូវ នេះ​ជា​ស្រវឹង​ប្រការ ១ ។ ស្រវឹង​ទាំងអស់​នេះ តែង​មាន​នៅ​សម្រាប់​រូប​មក​ហើយ ៗ មក​ថែម​ផឹក​ទឹក​ស្រវឹង​ចូល​ទៅ​ទៀត ស្រវឹង​ថ្មី​ក៏​នាំ​ស្រវឹង​ចាស់​ឲ្យ​មាន​កម្លាំង​ក្លាហាន​ឡើង គឺ​ខ្លួន​អ្នក​​លោភ ក៏​នាំ​ឲ្យ​លោភ​ខ្លាំង​ឡើង ខ្លួន​អ្នក​ទោសៈ ឬ មោហៈ​មានៈ​ទិដ្ឋិ ក៏​នាំ​ឲ្យ​ចម្រើន​ទោសៈ​មោហៈ​មានះ​ទិដ្ឋិ​ខ្លាំងក្លា​ឡើង​ ។ មួយ​ទៀត ពាក្យ​ជា​អាថ៌កំបាំង ឬ កេរ្តិ៍​ខ្មាស​ជា​របស់​មិន​គួរ​នាំ​ចេញ​សម្ដែង​ប្រាប់​គេ​នោះ ក៏​អាច​នាំ​ចេញ​បង្ហាញ​គេ​បាន​ទាំងអស់ ។ មួយ​ទៀត​នាំ​ឲ្យ​កើត​ជម្លោះ​ប្រកែក ជួន​ក៏​ត្រូវ​ព្រះ​រាជអាជ្ញា បង់​ទ្រព្យធន​ទៅ​ផ្សេងៗ ។ មួយ​ទៀត ទោស​សុរា​នេះ នាំ​ឲ្យ​កើត​រោគ​ឆាប់​ងងឹត​ភ្នែក ឆាប់​ជរា​គ្រាំគ្រា​ទ្រោម​ទ្រុឌ ទោស​យ៉ាង​នេះ​ឯង បាន​ថា​មាន​បាប​ក្នុង​លោក​នេះ​មួយ​ទៀត ។ ប្រាក់​ដែល​ទៅ​ទិញ​សុរា​នោះ​ក្នុង​មួយ​ឆ្នាំៗ បើ​ជា​ប្រមូល​ទុក គង់​បាន​នៅ​ច្រើន ទុក​ទិញ​បាយ​ត្រី​ចំណី​ឯទៀត​ចែក​កូន​ប្រពន្ធ​អាស្រ័យ​ជាជាង ។

(សៀវភៅ គតិលោក)

ជំនឿ សាសនា, ផ្លូវ​ចិត្ត, អប់រំ

ឧបាទានក្ខន្ធ ៥ ជា​មេ​ទុក្ខ


នេះ​ជា​អត្ថបទ​ដែល​ខ្ញុំ​យក​មក​ពី ទីនេះ ​ប្រហែល​ជា​សរសេរ​ដោយ ថោងនីដាមុនី និយាយ​អំពី ឧបាទានក្ខន្ធ ៥​ ជា​មេ​ទុក្ខ ដែល​មាន​និយាយ​ក្នុង​ព្រះ​ត្រៃបិដក​ក្បាល​ទី ១៧ ទំព័រ ២៨៧ និង​ក្នុង​ក្បាល​ទី ២១ ទំព័រ ៧១ ត្រង់​ប្រស្នា​ដំបូក​​ហុយ​ផ្សែង​ពេល​យប់ ឆេះ​ពេល​ថ្ងៃ ។ ខ្ញុំ​លើក​មក​នេះ ព្រោះ​ក្នុង​អត្ថបទ​នេះ​មាន​ឧទាហរណ៍​ងាយ​ចូលចិត្ត​​​(យល់)បាន ។

ទោស​នៃ​ការប្រកាន់​គឺ​នាំ​មក​នូវ​ទុក្ខ ។ វេលា​ដែល​រូប និង​ចិត្ត​ចាប់ផ្ដើម​រីកចម្រើន​ឡើង ហើយ​ទំនាក់ទំនង​រវាង​បញ្ច​វិញ្ញាណ​បាន​ដំណើរការ​ចិត្ត ឬ​មនោ​វិញ្ញាណ​នេះ​ក៏​ចាប់ផ្ដើម​សិក្សា​រៀនសូត្រ​ពី​អ្វី​ៗ​ជុំវិញ​ខ្លួន​តាមរយៈ​បញ្ច​វិញ្ញាណ​ដោយ​ផស្សៈ (ការប៉ះ​ខ្ទប់​រវាង​អារម្មណ៍ និង​វិញ្ញាណ) ធ្វើ​ឲ្យ​វេទនា​ការសោយ​អារម្មណ៍​ជា​សុខ ជា​ទុក្ខ និង​មិន​សុខ មិន​ទុក្ខ​កើត​ឡើង ។ ការញៀន​ញ៉ាម​ក្នុង​ការសោយ​សុខ​វេទនា និង​សោមនស្សវេទនា​ដែល​ជា​អានិសង្ស​របស់​ខន្ធ ៥ ធ្វើ​ឲ្យ​វិញ្ញាណ​ចាប់​ប្រកាន់​ទៅ​តែម្ដង ថា​អ្វី​ៗ​ត្រូវតែ​ជា​របស់​ខ្លួន ហើយ​បដិសេធ​ចំពោះ​អ្វី​ដែល​មិន​គាប់​អធ្យាស្រ័យ​ថា​មិន​មែន​ជា​របស់​ខ្លួន​អ៊‍ីចឹង​ទៅ ។ ការទាមទារ ការប្រាថ្នា​បាន​ដល់​តណ្ហា​ក៏​កើត​ឡើង, ការមានៈ​ប្រកាន់ (ឧបាទានក្ខន្ធ) ហួងហែង​ថា​ជា​ខ្លួន អ្វីៗ​ជា​របស់​ខ្លួន​នោះ​ជា​អញ​នោះ ជា​របស់​អញ មាន​ខ្លួន​នៅ​ក្នុង​ខ្លួន រូបវេទនា សញ្ញា សង្ខារ វិញ្ញាណ ជា​របស់​ខ្លួន មាន​ខ្លួន​នៅ​ក្រៅ​ខន្ធ ៥ ប្រព្រឹត្ត​ទៅ​តាម​អំណាច​របស់​ខ្លួន​ក្នុង​ភព ៣ វិបល្លាសទិដ្ឋិ​ក៏​ចម្រើន​ឡើង រមែង​មាន​ភព មាន​ជាតិ ជរា ព្យាធិ មរណៈ​តទៅ​ជា​អង្វែង​មិន​មាន​ទី​បំផុត ។ តណ្ហា​នាំ​ឲ្យ​មិន​ចេះ​ពេញចិត្ត​ចំពោះ​អ្វីៗ​ដែល​ខ្លួន​មាន ដូច​គីង្គក់​ក្រោម​ពាង​ក្នុង​វត្ត​លោក ពេល​បាន​ឃើញ​លោក​និមន្ត​មក​ពី​បិណ្ឌបាត​វិញ ក៏​នឹក​គិត​ថា បើ​អញ​បាន​ក្លាយ​ជា​លោក មិន​ដឹង​ជា​ស្រួល​យ៉ាង​ណា ព្រោះ​បាន​អាហារ​ស្រាប់ ។ លុះ​លោក​ឆាន់​រួច​នៅ​សល់​បាយ ក៏​បាច​ឲ្យ​មាន់ គីង្គក់​ក៏​នឹក​ថា អុញ ! មាន​នេះ​សុខ​ស្រួល​ជាង​លោក​ហ្ន ! រំពេច​នោះ​មាន​ឆ្កែ​មក​ដេញ​មាន់​ដណ្ដើម​យក​អាហារ គីង្គក់​ក៏​នឹក​ច្រណែន​នឹង​ឆ្កែ ចង់​ក្លាយ​ជា​ឆ្កែ ក៏​ស្រាប់តែ​មាន​ក្មេង​វត្ត​ស្ទុះ​មក​ចាប់​ដំបង​សំពង​ឆ្កែ​ឲ្យ​រត់​គេច​ចេញ​ទៅ, គីង្គក់​ចង់​ក្លាយ​ជា​ក្មេង​វត្ត​ទៀត ។ ពេល​នោះ​មាន​រុយ​ក្បាល​ខៀវ​ហើរ​មក​ចោះ​ដំបៅ​ជើង​ក្មេង​វត្ត, ក្មេង​នោះ​បាន​ទន្ទ្រាំ​ជើង​រត់​ចេញ​ទៅ ។ គីង្គក់​ក៏​នឹក​អស្ចារ្យ​នឹង​សត្វ​រុយ​នោះ​ជា​ខ្លាំង ។ កំពុង​តែ​ស្លុង​ចិត្ត​ក្នុង​ការគិត ស្រាប់តែ​រុយ​នោះ​ហើរ​មក​ទុំ​លើ​ច្រមុះ​ខ្លួន គីង្គក់​ក៏​ត្របាក់​លេប​វប់ ហើយ​លាន់​មាត់​ពេល​ថា ហ្អា ! លើ​លោក​នេះ​តើ​មាន​អ្វី​ឲ្យ​សំខាន់​ជាង​ខ្លួន​ឯង​ទៀត​ទៅ ? ត្រូវ​ចេះ​ព្រម ចេះ​ល្មម​ចេះ​ពេញចិត្ត​ចំពោះ​អ្វីៗ​ដែល​ខ្លួន​មាន, ចេះ​សន្ដោស​តាម​មាន តាម​បាន កុំ​ចេះ​តែ​ចង់​គ្មាន​ថ្ងៃ​គ្រប់, បើ​យក​អ្វី​ទៅ​មិន​បាន​ពី​លោក​នេះ​ទៅ​ដដែល អ៊‍ីចឹង​មានតែ​កុំ​ប្រឹង​ពេក ធ្វើ​ចិត្ត​ឲ្យ​ក្លាយ​ជា​អធិរាជ​ពី​ឥឡូវ​នេះ​ឲ្យ​ហើយ​ទៅ, កុំ​ធ្វើ​ជា​អ្នក​ក្រ​រហាម ធ្វើ​អ្វី​ទៀត ។ ព្រះ​បរមគ្រូ​ត្រាស់​ពន្យល់​ថា បញ្ញត្តិ និង​បរមត្ថ​ដាច់ខាត​ត្រូវតែ​អាស្រ័យ​គ្នា បំបែក​ឲ្យ​ដាច់​ពី​គ្នា​មិន​បាន​ឡើយ គ្មាន​បញ្ញត្តិ បរមត្ថ​ក៏​មិន​មាន តែ​បញ្ញត្តិ​គ្មាន​បរមត្ថ​ក៏​ជីវិត​រក​សុខ​មិន​ឃើញ​បញ្ញត្តិ និង​បរមត្ថ​ត្រូវតែ​ជា​ទ្វេបាទ​ខ្វះ​ណា​មួយ​មិន​បាន​ឡើយ ។ មានតែ​បញ្ញត្តិ​នាំ​ឲ្យ​តណ្ហា​ឧបាទាន​ចម្រើន​ឡើង ទុក្ខ​ក៏​ចម្រើន​ឡើង, មើល​សត្វ​សុនខ​ចុះ ដែល​វា​មិន​ចេះ​ប្រកាន់ ចង់​គេ​វាយ​ក្បាល​ក៏​មិន​គុំកួន ទុក​ចង់​គេ​ខ្ជាក់​ឲ្យ​ស៊ី​ក៏​ស៊ី​បាន​យ៉ាង​សុខ​ស្រួល ព្រោះ​តែ​មិន​ប្រកាន់ តែ​យើង​ជា​មនុស្ស​មិន​មែន​ចង់​ឲ្យ​ធ្វើ​ដូច្នោះ​ទេ គឺ​គ្រាន់តែ​កុំ​ឲ្យ​វា​ពេក​ទៅ​បាន​ហើយ ។ យើង​បាន​ជួប​ម្ដាយ​អ្នក​ដទៃ​ស្លាប់ តែ​យើង​យំ​មិន​ចេញ ព្រោះ​តែ​មិន​ប្រកាន់​ថា​ជា​ម្ដាយ​របស់​យើង ៗ ឃើញ​គេ​ជ្រុះ​បាត់​ចិញ្ចៀន​ពេជ្រ តែ​យើង​មិន​សោកស្ដាយ​ព្រោះ​មិន​ប្រកាន់​ថា​ជា​របស់​ខ្លួន ។ យើង​មិន​ប្រកាន់​ថា​រូប​ជា​របស់​ខ្លួន​លុះ​ដល់​ពេល​រូប​ចាប់​គ្រាំគ្រា​ដល់​នូវ​សភាព​មិន​ទៀត​ក៏​យើង​មិន​សូវ​មាន​ទុក្ខ ភ្នែក​ត្រចៀក ច្រមុះ អណ្ដាត កាយ កាល​បើ​ដល់​នូវ​សភាព​ពិការ ខ្វិន​ខ្វង់ ក៏​យើង​មិន​សូវ​ព្រួយ​ខ្វល់​ថែម​ទាំង​ញញឹម​ចំពោះ​សភាវៈ​លក្ខណៈ​នេះ​ទៀត​ផង ។

ឧបាទាន​ជា​អនុស័យ​មួយ​ប្រភេទ​ដែល​លះ​បាន​ដោយ​វបស្សនា និង​មាន​សមាធិ​ជា​ទម្រ មាន​សីល​ជា​គ្រឹះ​របស់​ទម្រ ។ ហេតុនេះ សូម​សហធម្មិក​មេតា​គន់គិត​ពិចារណា​តាម​ការគួរ ។

សូម​អនុមោទនា !

ចំណេះ​ដឹង, ជំនឿ សាសនា, អប់រំ

តើ​ការសម្លាប់​ខ្លួន អាច​រួច​ផុត​ពី​ទុក្ខ​ដែរ​ឬ​ទេ?


នៅ​ពេល​ដែល​មាន​ទុក្ខ​​ធរមាន មនុស្ស​ភាគច្រើន​ចេះតែ​រក​កល​ចង់​សម្លាប់​ខ្លួនឯង ដើម្បី​រួចចាក​ផុត​ទុក្ខ​ទាំង​នោះ ។ តើ​ការសម្លាប់​ខ្លួនឯង​នេះ​នឹង​រួច​ចាក​ផុត​ទុក្ខ​ដែរ​ឬ​​យ៉ាង​ណា? សូម​មើល​ហេតុផល​ដែល​សាមណៈ រេវតៈ ពន្យល់​ដល់​កុលធីតា​ដែល​ប្រាថ្នា​ផ្ដាច់​ជីវិត​របស់​ខ្លួន​នៅ​ល្អាង​ជ្រោះ សូករខីណា ពី​សៀវភៅ រឿង “បុប្ផាវត្តី” របស់​ព្រះ​ធម្ម ឃោសៈ ដើម្បី​បាន​ជា​សតិ​បញ្ញា​ដូច​តទៅ ៖

ក្នុង​គ្រា​ដែល​សាមណៈ រេវតៈ ចេញ​ពី​ព្រះ​វេឡុវនារាម មក​សំណាក់​នៅ​ល្អាង សូករខីណា ខណៈ​ដែល​កំពុង​ស្នាក់​នៅ​លើ​ទីលាន​ថ្ម​ជិត​មាត់​ល្អាង​នៅ​វេលា​រសៀល មាន​ស្ត្រី​ក្រមុំ​ម្នាក់​ដើរ​ឡើង​ភ្នំ​មក​ពី​ឆ្ងាយ​តែ​ម្នាក់​ឯង លុះ​ឡើង​មក​ដល់​ទីលាន​ថ្ម​ក្រោម​ម្លប់​ដើម​គគី នាង​អង្គុយ​សម្រាក​យក​ខ្នង​ផ្អែក​ដើម​ឈើ​ធំ ហើយ​ក៏​លាត​ជើង​ចេញ​ទៅ​មុខ​តាម​សប្បាយ ។ នាង​ជា​ស្រី​ក្រមុំ​ស្អាត​ម្នាក់ លក្ខណៈ​ពណ៌​សម្បុរ និង គ្រឿង​តែង​កាយ ស​ឲ្យ​ឃើញ​ថា នាង​មិនមែន​ជា​មនុស្ស​ជាន់​ទាប​ឡើយ ។ វេលា​នោះ នាង​មិន​បាន​ឃើញ​សាមណៈ រេវតៈ ទេ ចំណែក​សាមណៈ រេវតៈ ក្លែង​ធ្វើ​ជា​មិន​ឃើញ​នាង ដោយ​បែរ​មុខ​មើល​ទៅ​ទី​ដទៃ, មួយ​ស្របក់​កន្លង​ទៅ ទើប​សាមណៈ​ត្រឡប់​មើល​នាង​ម្ដង​ទៀត, គ្រា​នោះ សាមណៈ​ប្លែក​ចិត្ត ព្រោះ​ឃើញ​នាង​កំពុង​យំ​គួរ​ឲ្យ​អាណិត​បំផុត, ស្ដែង​ឲ្យ​ឃើញ​ថា នាង​កំពុង​មាន​សេចក្ដី​ទុក្ខ​ក្រៀមក្រំ ។ តាម​ប្រក្រតី សាមណៈ​ រេវតៈ ជា​មនុស្ស​មាន​ចិត្ត​ពេញ​ទៅ​ដោយ​មេត្តា​ករុណា កាល​ឃើញ​អ្នក​ណា​មាន​ទុក្ខ មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ ទើប​ចូល​ទៅ​ប្រាស្រ័យ​សាកសួរ​រឿងរ៉ាវ​ផ្សេងៗ កាល​បាន​ដឹង​រឿងរ៉ាវ​របស់​គេ​ច្បាស់​ហើយ ក៏​រក​ផ្លូវ​ជួយ​សង្គ្រោះ​ដោយ​វត្ថុ​ខ្លះ ដោយ​ធម្មៈ​ខ្លះ​តាម​សមគួរ​ដល់​ករណី ។

ខណៈ​នោះ សាមណៈ​ក៏​គ្រហែម​តិចៗ ដើម្បី​ជា​សញ្ញា​ប្រាប់​ឲ្យ​ស្រី​ក្រមុំ​នោះ​ដឹង​ថា​ក្នុង​បរិវេណ​នេះ មិន​មែន​មាន​តែ​នាង​ម្នាក់​ឯង​ទេ, នាង​បែរ​មុខ​ភ្លែត​មក​រក​សាមណៈ ព្រម​ទាំង​យក​ជាយ​សំពត់​ជូត​ទឹកភ្នែក ។ ខណៈ​ដែល​នាង​កំពុង​ស្រឡាំងកាំង​នោះ សាមណៈ​ក៏​ដើរ​ចុះ​ទៅ​ឈរ​រយៈ​ឆ្ងាយ​ពី​នាង​ប្រមាណ ៣​ព្យាម ហើយ​ក៏​សួរ​ថា “ម្នាល​កុលធីតា! នាង​ទៅ​ធ្វើ​ធុរៈ​សំខាន់​អ្វី​នៅ​ឯណា​ឬ ទើប​ខំ​ព្យាយាម​ឡើង​ភ្នំ​មក​ម្នាក់​ឯង​ដូច្នេះ ?” ។

នាង​មិន​តប​សំណួរ​របស់​សាមណៈ តែ​ត្រឡប់​ជា​យំ​សស្រិកសស្រាក់​ឮ​ខ្លាំង​ឡើង ។ សាមណៈ​ក៏​និយាយ​ថា “កុលធីតា​អើយ ! នាង​ប្រហែល​កំពុង​ធ្លាក់​នៅ​ក្នុង​អន្លង់​ទុក្ខ​អ្វី​ម្យ៉ាង​ប្រាកដ ដែល​ជា​ហេតុ​ឲ្យ​នាង​អាច​កាត់​ចិត្ត​ប្រុង​នឹង​សម្លាប់​ខ្លួនឯង​ក៏​បាន” ។

“ត្រូវ​ហើយ ! ខ្ញុំ​កំពុង​នឹង​ឡើង​ទៅ​លោត​ជ្រោះ​សម្លាប់​ខ្លួន​ឯង” ស្រី​ក្រមុំ​តប​ដោយ​មើល​មក​សាមណៈ​ដោយ​សេចក្ដី​ប្លែក​ក្នុង​ចិត្ត ដែល​និយាយ​ដៅ​ចិត្ត​នាង​ត្រូវ ។ “ព្រោះ​ខ្ញុំ​មិន​អាច​នៅ​ធន់​នឹង​សេចក្ដី​ទុក្ខ​សោក​ធរមាន​របស់​ជីវិត​នេះ​បាន” ។

“ទុក្ខ​របស់​នាង​ប្រហែល​ជា​ធំ​ណាស់ ! មើល​និយាយ​ឲ្យ​អាត្មា​ស្ដាប់​ផង រឿងរ៉ាវ​វា​យ៉ាង​ណា ? អាត្មា​មាន​ចិត្ត​អាណិត​នឹង​ឃើញ​ចិត្ត​នាង​សោកសៅ​ដូច្នេះ​ណាស់” ។

ស្រី​ក្រមុំ​បាន​បរិយាយ​រឿងរ៉ាវ​របស់​នាង​ឲ្យ​សាមណៈ​ស្ដាប់​ទាំង​ទឹកភ្នែក​ថា “ទុក្ខ​របស់​​នាង​​ធំ​ណាស់ ! កើត​ពី​សេចក្ដី​អស់​សង្ឃឹម​ក្នុង​រឿង​ស្នេហា​មុន​នេះ មិន​យូរ​ប៉ុន្មាន​មាតាបិតា​របស់​នាង​បាន​បង្គាប់​ឲ្យ​រៀប​វិវាហ៍​មង្គល​ជាមួយ​នឹង​ព្រាហ្ម​ចាស់ អ្នក​មាន​សម្បត្តិ​ម្នាក់ តែ​នាង​មិន​ព្រម ទើប​គេច​រត់​ទៅ​រក​កំលោះ​ម្នាក់​ដែល​ស្រឡាញ់​នាង តែ​កំលោះ​នោះ​បាន​រៀប​វិវាហ៍​មង្គល​ជាមួយ​ស្រី​ដទៃ​ទៅ​ហើយ មុន​ពេល​ដែល​នាង​ទៅ​រក​គេ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ, នាង​មិន​ព្រម​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​ឡើយ ព្រោះ​ខូច​ចិត្ត ទើប​ដើរ​ពនេចរ​ប្រៀប​ដូច​មនុស្ស​ប្រាសចាក​សតិ ៣ ថ្ងៃ មក​ហើយ កាល​មិន​អាច​ធន់​ទុក្ខ​ធរមាន​បាន ក៏​កាត់ចិត្ត​មក​លោត​ទម្លាក់​ខ្លួន​ទៅ​ក្នុង​ជ្រោះ​ភ្នំ​ឲ្យ​វា​ស្លាប់​ទៅ​ល្អ​ជាង​ការរស់នៅ​មាន​សភាព​យ៉ាង​នេះ ។

“រឿងរ៉ាវ​របស់​នាង​ជា​រឿង​គួរ​ឲ្យ​ខ្លោច​ចិត្ត​ណាស់” សាមណៈ​ពោល​នៅ​ពេល​ដែល​បាន​ស្ដាប់​រឿង​របស់​នាង​ចប់​ហើយ “អ្នកណា​ក៏​ដោយ បើ​ធ្លាក់​នៅ​ក្នុង​សភាព​យ៉ាង​ដូច​នាង​នេះ​ហើយ ក៏​គង់​នឹង​កាត់​ចិត្ត​ប្រព្រឹត្ត​ដូច​នាង​ជា​មិន​ខាន, ទុក្ខ​ផ្លូវ​កាយ​ជា​របស់​ល្មម​នឹង​ទ្រាំ​ធន់​បាន, តែ​ទុក្ខ​ផ្លូវ​ចិត្ត​ធន់​បាន​ដោយ​លំបាក​ណាស់ ។ វិធី​កែទុក្ខ​ផ្លូវ​ចិត្ត​នេះ​មាន ២ យ៉ាង​ប៉ុណ្ណោះ គឺ​ស្លាប់​ឲ្យ​ហើយ​តែ​ម្ដង​ទៅ និង​អត់​ធន់​ដរាប​ទាល់តែ​ទុក្ខ​រលត់​អស់​ទៅ ។ មនុស្ស​ជា​ច្រើន​បាន​រើស​យក​វិធី​សម្លាប់​ខ្លួន​ឯង, ឯការ​ដែល​រើស​យក​វិធី​អត់​ធន់ ក៏​មាន​មិន​តិច​ណាស់ ដូច្នេះ​នាង​នឹង​រើស​យក​វិធី​ណា ?” ។ បន្ត​អាន “តើ​ការសម្លាប់​ខ្លួន អាច​រួច​ផុត​ពី​ទុក្ខ​ដែរ​ឬ​ទេ?”

ទាក់ទង​នឹង​ខ្ញុំ, ស្រុក​ខ្មែរ, អប់រំ

ហេតុអ្វី​ពេទ្យ​ភាគច្រើន​អត់​មាន​សុជីវធម៌


មិន​ចម្លែក​សម្រាប់​អ្នក​ដែល​ធ្លាប់​ចូល​ពេទ្យ​រដ្ឋ នៅ​ពេល​ឃើញ​អាកប្បកិរិយា​ពេទ្យ​ធ្វើ​មក​លើ​អ្នក​ជំងឺ និង​អ្នក​ថែ​អ្នក​ជំងឺ​ដោយ​ប្រើ​ពាក្យ​គំរោះគំរើយ ស្ដី​ថា​ដូច​សត្វ​ធាតុ ។ ពេទ្យ​ដែល​ខ្ញុំ​គិត​ថា​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​ខាង​នេះ ប្រហែល​ជា​ពេទ្យ​គន្ធបុប្ផា ដែល​ជា​ពេទ្យ​ពិនិត្យ និង​ព្យាបាល​រោគ​កុមារ ។ ខ្ញុំ​ទើបតែ​ចូល​ពេទ្យ​នោះ​​ជា​លើក​ទីមួយ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ពេល​ប្អូន​ជីដូនមួយ​ខ្ញុំ​ក្ដៅ​ខ្លួន​ខ្លាំង ។ ពេល​ចូល​ទៅ​ដល់​ក្នុង​មន្ទីរពេទ្យ គ្រូពេទ្យ​បីបួន​អ្នក ប្រុស​ម្នាក់​ស្រី​ពីរ ឬ​បី​នាក់​, ខ្ញុំ​មិន​ចាំ, ខ្ញុំ​មិន​ទាន់​បាន​និយាយ​អី ឬ​អង្គុយ​ផង ឮ​ពេទ្យ​នោះ​ស្ដី​ឱ្យ​មីង​ចំណាស់​ម្នាក់​កំពុង​បី​កូន​នឹង​ដៃ ដែល​ទំនង​ចាស់​ជាង​ពេទ្យ​នោះ ។ ពេទ្យ​និយាយ​កំបុតកំបុយ “ឮ​​ថា​ឱ្យ​ចេញ​ទៅ​ក្រៅ​ទេ!! ម៉េច​និយាយ​មិន​ស្ដាប់​គ្នា​ទេ​អ្ហី?” មីង​នោះ​ខំ​អង្វរ​រលីងរលោង​ទឹកភ្នែក​ ព្រោះ​គាត់​បារម្ភ​ពី​កូន​គាត់ ពេទ្យ​នោះ​នៅ​តែ​ដេញ​គាត់​ឱ្យ​ចេញ មីង​ក៏​បី​កូន​ចេញ​របៀប​មិន​អស់​ចិត្ត ។ រួច​ពេទ្យ​នោះ​បែរ​មក​សួរ​ខ្ញុំ “ឈឺ​អី?… អង្គុយ​កៅអី​មក!!” និយាយ​របៀប​គំរាម​សួរ​ចម្លើយ​អ្នក​ទោស​យ៉ាងម៉េច​មិន​ដឹង​ទេ រួច​ឱ្យ​ខ្ញុំ​ដាក់​ប្អូន​អង្គុយ​លើ​កៅអី គេ​មើល​តើ​អង្គុយ​បាន​ឬ​អត់ រួច​​ថា “កូន​ហ្នឹង​មិន​អី​ទេ យក​ទៅ​វិញ​ទៅ” ខ្ញុំ​ក៏​ថា “វា​ក្ដៅ​ឡើង​ចង់​សន្លប់ ហូរ​ឈាម​តាម​ច្រមុះ​ទៀត​ផង” ។ ពេទ្យ​ថា “ហូរ​ឈាម​តាម​ច្រមុះ​មិន​អី​ទេ យក​ទៅ​វិញ ម៉ោង​២​ចាំ​ចូល​មក​ម្ដង​ទៀត!” ខ្ញុំ​ក៏​អង្វរ​ថា​ឱ្យ​ជួយ​ពិនិត្យ​ក្មេង​បន្តិច​ទៅ ពេទ្យ​គេ​ត្អូញ “ធុញ​ណាស់​វ៉ី! មើល៍​យក​ថ្នាំ​ប៉ារា​ឱ្យ​លេប​មួយ​ចំហៀង​ទៅ ហើយ​ឱ្យ​ទៅ​ក្រៅ​ទៅ!” ពេទ្យ​ប្រុស​នោះ ក៏​យក​ថ្នាំ​​បោះ​​នៅ​លើ​តុ​មុខ​​ខ្ញុំ និយាយ​ថា “ណេះ! យក​ទៅ​លេប​ទៅ! លេប​មួយ​គ្រាប់​ហ្នឹង​ហ្មង​ទៅ!” រួច​ពេទ្យ​ៗ​គេ​នាំ​គ្នា​សើច​គ្នា​គេ ហើយ​​ដើរ​ទៅ​អង្គុយ​ធ្វើ​មិន​ដឹង ។ ខ្ញុំ​ចាប់ក្ដៅ​ទ្រូង​ភ្លាម រួច​ក៏​បី​ប្អូន​ដើរ​ចេញ​មក​ក្រៅ​វិញ និង​នាំ​ទៅ​ពេទ្យ​កុមារជាតិ ។ មិន​ស្មាន​ថា ពេទ្យ​កុមារជាតិ​ស្រួល​ជាង​ពេទ្យ​គន្ធបុប្ផា​សោះ ខ្ញុំ​ចំណាយ​លុយ ២០០០៛ ទិញ​សៀវភៅ​ចូល​ពិនិត្យ​រោគ និង​ចំណាយ ៦០០០៛ លើ​ថ្លៃ​បើក​ថ្នាំ និង​​មិន​ចាំបាច់​រង់ចាំ​យូរ​​ទៀត​ផង តែ​សេវា​ក៏​មិន​ល្អ​ខ្លាំង​ណាស់ណា​ទេ តែ​ចាត់ទុក​ថា​ប្រសើរ​ជាង​គន្ធបុប្ផា​ឆ្ងាយ​ណាស់ ។

តើ​អាកប្បកិរិយា​បែប​ពេទ្យ​នៅ​គន្ធបុប្ផា​បណ្ដាល​មក​អំពី​អ្វី? មក​ពី​ចរិត​របស់​ពេទ្យ​​ទាំង​នោះ ឬ​មក​ពី​ការនៅ​ជាមួយ​អ្នក​ជំងឺ​រាល់ថ្ងៃ ធ្វើ​ឱ្យ​គាត់​មួម៉ៅ លែង​ចេះ​និយាយ​ពាក្យ​ល្អ ចេះតែ​ពាក្យ​ជេរ ស្ដី​បន្ទោស ។ តែ​ទោះ​ជា​យ៉ាងណា ក៏​ខ្ញុំ​នៅ​តែ​បន្ទោស​ដែរ ព្រោះ​អាកប្បកិរិយា​ហ្នឹង​វា​ជ្រុល​ហួសហេតុ​ពេក ធ្វើ​ឱ្យ​ខ្ញុំ​ស្អប់​មុខ​ពេទ្យ​ហ្នឹង​មែនទែន ។ ឧបមា​ថា ចៃដន្យ​ពេទ្យ​ហ្នឹង​ជា​បងប្អូន​ខ្ញុំ មក​លេង​ផ្ទះ​ខ្ញុំ​អី ខ្ញុំ​មិន​ខ្លាច​នឹង​តោង​ចាន​​បាយ​ចេញ និង​ដេញ​មិន​ឱ្យ​ស៊ី​បាយ​នោះ​ទេ ព្រោះ​វា​ដូច​ជា​ឆ្អែត​ពេញ​ទ្រូង​ណាស់ ថ្ងៃ​នោះ ។

ចំណេះ​ដឹង, ជំនឿ សាសនា, អប់រំ

ភាព​ជា​អ្នក​ប្រតិបត្តិ​តាម​គន្លង​នៃ​ព្រះពុទ្ធសាសនា


កាល​ខ្ញុំ​រៀន​ថ្នាក់​ទី​៩ លោកគ្រូ​បង្រៀន​មុខវិជ្ជា​ពលរដ្ឋ​វិទ្យា បាន​បង្រៀន​ឲ្យ​ចេះ​សមាទាន​និច្ចសីល តែ​មិន​បាន​បង្ហាត់​ឲ្យ​សូត្រ​ពី ឧកាស អហំ ភន្តេ មក​ទេ គាត់​បង្ហាត់​ឲ្យ​រត់​មាត់ តែ​និច្ចសីល​ទាំង​៥ មាន បាណាតិបាតា ជា​ដើម ។ ចាប់​ពី​ពេល​នោះ​មក ខ្ញុំ​ចេះ​ចាំ និង​ដឹង​អំពី​ន័យ​សេចក្ដី​មក​រហូត ។ ក្នុង​គ្រា​នោះ លោកគ្រូ​បាន​បញ្ចុះបញ្ចូល​ទឹកចិត្ត​សិស្ស​ទាំងឡាយ​ឲ្យ​ចង់​ចេះ​ចង់​ដឹង និង​ស្រឡាញ់​ព្រះធម៌ គ្រប់​គ្នា​ខំ​រៀន​សូត្រ​រត់មាត់​នូវ​និច្ចសីល​ទាំង​៥ ដែល​និយម​ហៅ​ថា​សីល​៥​ដោយ​សេចក្ដី​ជ្រះថ្លា ។

រហូត​មក​ដល់​ពេល​នេះ បើ​ទោះ​ជា​ខ្ញុំ​មិន​បាន​បួស​ជា​​សាមណេរ ហាត់​រៀន​ព្រះធម៌ តែ​ខ្ញុំ​នៅ​តែ​ស្រឡាញ់​រាប់អាន​ចង់​ចេះ​ចង់​ដឹង ពិសេស​គោរព​ពុទ្ធោវាទ​អស់​ពី​ដួងចិត្ត ។

និច្ចសីល ឬ​សិល​៥ មាន៖ បន្ត​អាន “ភាព​ជា​អ្នក​ប្រតិបត្តិ​តាម​គន្លង​នៃ​ព្រះពុទ្ធសាសនា”

ប្លែក​ៗ, សារព័ត៌មាន, អប់រំ, ឯកសារ

ក្មេង​អាយុ​១៣​ឆ្នាំ ក្លាយ​ជា​ឪពុក​គេ


ខ្ញុំ​មិន​ដឹង​ថា វប្បធម៌​បើក​ចំហ​ចំពោះ​ការរួមភេទ​នៃ​ពួក​បច្ឆិម​ប្រទេស ជា​វប្បធម៌​ល្អ ឬ​ជា​វប្បធម៌​ដែល​អ្នក​ខ្លះ​ហៅ​ថា​ឆ្កួត​នោះ​​ឬ​ក៏​អត់ទេ។ នៅ​តាម​សាលា គេ​មាន​កម្មវិធី​បង្រៀន​អំពី​ស៊ិច​ដល់​សិស្ស​ដែល​មាន​អាយុ​ចាប់​ពី​១២ ១៣​ឆ្នាំ​ឡើង​ទៅ។ បើ​តាម​ខ្ញុំ​ដឹង​ពី​អ្នក​ដែល​កើត និង​រៀន​នៅ​ប្រទេស​លោក​ខាងលិច ​កម្មវិធី​បង្រៀន​នោះ គេ​មាន​បង្រៀន​ទាំង​របៀប​រួមរក្ស និង​របៀប​ការពារ​ខ្លួន។ តាម​ការយល់​ឃើញ​របស់​ខ្ញុំ ការ​បង្រៀន​ដូច្នេះ​ហើយ ដែល​ធ្វើ​ឲ្យ​យុវវ័យ​លែង​មាន​ភាព​អៀន​ខ្មាស​អស់ ហើយ​ការរួមភេទ​កើត​មាន​ឡើង​​ដូច​ជា​រឿង​ធម្មតា​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ទៅ​ហើយ។ ពេល​ខ្លះ មាន​សិស្ស​ស្រី មាន​ផ្ទៃពោះ​ខណៈ​ដែល​គេ​សិក្សា​មិន​ទាន់​ចប់ ហើយ​សាលា​បាន​​បញ្ឈប់​ការសិក្សា​របស់​សិស្ស​នោះ​។ តាមពិត​នេះ​ជា​រឿង​អយុត្តិធម៌​ចំពោះ​នាង ដែល​កំហុស​នេះ សាលា​ក៏​ជា​អ្នក​រួម​ចំណែក និង​គួរតែ​ទទួល​ខុសត្រូវ​ផង​ដែរ។

រឿង​មួយ​ទៀត​ ដែល​កាន់​តែ​ឆ្កួត​របស់​រដ្ឋាភិបាល​អូស្ត្រាលី។ កាល​ពី​៥ ៦​ខែ​មុន​នេះ គេ​ចង់​បើក​កម្មវិធី​បង្រៀន​អំពី​ស៊ិច​ដល់​ក្មេងៗ​ចាប់​ពី​អាយុ​៣ ៤​ឆ្នាំ​ឡើង​ទៅ ដើម្បី​ឲ្យ​ពួក​គេ​ចេះ​យល់​ដឹង​អំពី​រឿង​នេះ និង​ចេះ​ការពារ​ខ្លួន​គេ។ ប៉ុន្តែ​សំណាង​ល្អ ឪពុក​ម្ដាយ​ទាំង​ឡាយ​មិន​បោះ​ឆ្នោត​ឲ្យ​ច្បាប់​នេះ​ជាប់ និង​មាន​ការរិះគន់​គ្រប់​សំណាក់​ឪពុក​ម្ដាយ ច្បាប់​នោះ​ក៏​រំសាយ​ចោល​ទៅ​វិញ​ទៅ។

ដោយ​ឡែក ថ្ងៃនេះ មាន​ព័ត៌មាន​អំពី​ក្មេង​ប្រុស​អាយុ ១៣​ឆ្នាំ​បាន​ក្លាយ​ជា​ឪពុក​​របស់​ក្មេង​ស្រី មេស៊ី(Maisie) ដែល​ទើប​នឹង​កើត​បាន​​៤​ថ្ងៃ ក្រោយ​ពី​គេ និង​សង្សារ​បាន​រួមភេទ​ម្ដង និង​មិន​បាន​ការពារ។

នេះ​ជា​កំហុស​របស់​ក្មេង​ប្រុស​នោះ និង​សង្សារ​របស់​គេ​ដែល​ធ្វេស​ប្រហែស តែ​ខ្ញុំ​ក៏​ថា​វា​​ជា​កំហុស​សង្គម​មួយ​ផ្នែក​ដែរ ដែល​មាន​វប្បធម៌​​បើក​ទូលាយ​ចំពោះ​ការរួមភេទ និង​ថែម​ទាំង​បង្រៀន​អំពី​ស៊ិច​នៅ​តាម​សាលា​ផង​នោះ។

រឿង​នេះ ថ្វីត្បិត​តែ​ជា​រឿង​ដែល​គួរ​ឲ្យ​អាណិត តែ​ក៏​ជា​មេរៀន​មួយ​ដល់​ពួក​​លោក​ខាង​លិច​នោះ និង​ក្មេងៗ​ឯទៀតៗ ឲ្យ​មាន​ការប្រុងប្រយ័ត្ន​នៅ​ពេល​​គេ​រួមភេទ និង​ឲ្យ​ពួក​នោះ​ដឹង​ថា ការ​បង្រៀន​ពី​ស៊ិច​នៅ​តាម​សាលា ពិត​ជា​មិន​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ។

យ៉ាងណា​មិញ វប្បធម៌​ឆ្កួត​លីលា​នេះ ក៏​បាន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ខ្លាំង​ក្លា​គួរសម​ដែរ ជា​ពិសេស​ការ​បញ្ចេញ​សេរី​ភាព​ខាង​ស៊ិច។ គេ​​អាច​មើល​ឃើញ​​វប្បធម៌​នេះ​យ៉ាង​ច្បាស់​តាម​រយៈ​ទង្វើ​របស់​យុវវ័យ​បច្ចុប្បន្ន និង​មួ​យទៀត ដែល​បញ្ជាក់​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​នៅ​ពេល​ថ្មីៗ​នេះ គឺ​ដូច​អ្វី​ដែល​រាហ៊ូ​បាន​គូរ​រូប​អប្សរា​​ស៊ិចស៊ី ដែល​បង្ហាញ​នូវ​ភាព​ស្រើបស្រាល បែរ​ជា​មាន​ការគាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​យុវវ័យ និង​ថែម​ទាំង​​យល់​ថា នេះ​ជា​វប្បធម៌​របស់​ខ្មែរ​តាំង​ពី​បុរាណ​មក​​ទៅ​វិញ។ តែ​បើ​តាម​ខ្ញុំ​យល់ នេះ​ជា​វប្បធម៌​របស់​យុវវ័យ​បច្ចុប្បន្ន​ទៅ​វិញ​ទេ ហើយ​ជា​វប្បធម៌​បែប​សេរី​ខាង​ស៊ិច ឬ​​សេរី​ក្នុង​ការ​បង្ហាញ​ពី​អារម្មណ៍​ពិត​របស់​គេ។ នេះ​បញ្ជាក់​ថា វប្បធម៌​ស៊ិច​នៅ​កម្ពុជា​កំពុង​វិវឌ្ឍ​ទៅ​រក​ភាព​សេរី និង​យុវវ័យ​លែង​សូវ​មាន​ភាព​អៀន​ខ្មាស​ដូច​ពីមុន​ទៀត​ហើយ។

ងាក​មក​រឿង​ក្មេង​ប្រុស​ អាល់ហ្វី (Alfie Patten) រស់​នៅ អ៊ីសត៍ប៊ន ប្រទេស​អង់គ្លេស​នេះ​វិញ អាយុ​ទើប​តែ​១៣​ឆ្នាំ​ តែ​ក្លាយ​ទៅ​ជា​ឪពុក​របស់​គេ​ទៅ​ហើយ វា​ពិត​ជា​ពិបាក​ស្រមៃ​ណាស់ ថា​ក្មេង​ម្នាក់​នេះ​ធ្វើ​ឪពុក​​របស់​គេ​​ដោយ​របៀប​ណា រក​លុយ​មក​ផ្គត់ផ្គង់​គ្រួសារ​ដូច​ម្ដេច ស្រប​ពេល​ដែល​គ្រួសារ​របស់​គេ និង​គ្រួសារ​សង្សារ​គេ​សុទ្ធ​តែ​ខ្វះខាត​ដូច​គ្នា​​នោះ។

ក្នុង​បទ​សម្ភាស​​អាល់ហ្វី​របស់​កាសែត The Sun អាល់ហ្វី​​នៅ​មិន​ទាន់​ដឹង​ថា​អ្វី​ដែល​គេ​ហៅ​ថា​ឪពុក​នៅ​ឡើយ និង​មិន​ដឹង​ពី​អារម្មណ៍​របស់​គេ​​នៅ​ពេល​ក្លាយ​ជា​ឪពុក​ផង ​គេ​សង្ឃឹម​ថា ប៉ា​ម៉ាក់​របស់​គេ​នឹង​ជួយ​គេ។ ចំណែក​ម្ដាយ​របស់​សង្សារ​អាល់ហ្វី(ឆានថែលល៍ – Chantelle) ដែល​មាន​កូន​ប្រាំ​នាក់​ក្នុង​បន្ទុក​ស្រាប់ និង​ជា​ម្ដាយ​ដែល​ស្រឡាញ់​កូន បាន​ប្រាប់ ឌឺ សាន់ ថា​គាត់​នឹង​ជួយ​កូន​របស់​គាត់ ថ្វី​បើ​ជីវភាព​មិន​ធូរធារ​ក្ដី។ អាច​ចាត់ទុក​ថា នេះ​ជា​រឿង​ល្អ​សម្រាប់​គ្រួសារ​ថ្មី​របស់​អាល់ហ្វី និង​ឆានថែលល៍ ដែល​ឪពុក​ម្ដាយ​របស់​ពួក​គេ​ទទួល​ស្គាល់។

បើ​ទោះ​ជា​យ៉ាង​ណា រឿង​នេះ​បាន​កើត​ឡើង​មក​លើ​អាល់ហ្វី និង​ឆានថែលល៍​ទៅ​ហើយ មាន​តែ​ជូនពរ​ពួក​គេ​ឲ្យ​​មាន​សុភមង្គល រស់​នៅ​ជាមួយ​គ្នា​បាន​យូរ​អង្វែង​រហូត​ទៅ និង​សុំ​ឲ្យ​បាន​​ពិភពលោក​ផ្ដល់​ជំនួយ​ដល់​​គ្រួសារ​របស់​ពួកគេ​តែ​ប៉ុណ្ណឹង។

តាម​កាសែត​ឌឺសាន់ រឿង​ស្រដៀង​គ្នា​នេះ​ក៏​ធ្លាប់​កើត​មាន​ចំពោះ​ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ កាល​ពី​ឆ្នាំ​១៩៩៨ ជាមួយ​នឹង​សង្សារ​អាយុ​១៥​ឆ្នាំ តែ​គេ​ទាំង​ពី​ក៏​ចែក​ផ្លូវ​គ្នា​ក្រោយ​ពី​នោះ​៦​ខែ។

snn1301a-280_732159aអាល់ហ្វី និង​កូនស្រី​អាយុ​៤​ថ្ងៃ

snn1305aa-380_732314aអាល់ហ្វី, ឆានថែលល៍​(សង្សារ) និង​មេស៊ី​(កូន​ស្រី)

សូម​មើល​ព័ត៌មាន​លម្អិត​នៅ http://www.thesun.co.uk/sol/homepage/news/article2233878.ece

វីដេអូ បទ​សម្ភាសន៍​របស់​កាសែត​ឌឺ​សាន់

អប់រំ

ហេតុអ្វី​អ្នក​ខ្លះ​រៀន​ពូកែ អ្នក​ខ្លះ​មិន​ពូកែ?


កោសិកា​ខួរក្បាល​មនុស្ស​​មាន​ចំនួន ១០​កោដិ។ ប្រសិន​បើ​វា​ធ្វើការ​រួមគ្នា វា​ច្បាស់​ជា​លឿន​ជាង​​ល្បឿន​របស់​កុំព្យូទ័រ​សព្វថ្ងៃ​រាប់​លាន​ដង​ឯណោះ។

បើ​ដូច្នេះ ហេតុអ្វី​បាន​ជា​មាន​អ្នក​ខ្លះ​រៀន​ពូកែ អ្នក​ខ្លះ​រៀន​មិន​ពូកែ​ទៅវិញ?

រូប​ខាង​ក្រោម​នឹង​ដោះស្រាយ​ចម្ងល់​របស់​លោកអ្នក។

effectiveness-of-study

រូបភាព​ពី​លោកគ្រូ លឹម លីហេង, គ្រូ​ រូប​ភាពឌីជីថល (ន័រតុន)

លោកអ្នក​ឃើញហើយ​ថា​រូប​នេះ​បញ្ជាក់​ពី​អ្វី​ខ្លះ។ ដូច្នេះ​ការសិក្សា​គឺ​​ទាក់ទង​គ្នា​នឹង​កត្តា​ទាំង​៦​នេះ​គឺ គ្រូ សិស្ស ឯកសារ បរិស្ថានសាលា ស្ថានភាព​គ្រួសារ ឬ​បរិស្ថាន​ក្នុង​គ្រួសារ និង​បរិស្ថាន​ក្នុង​បន្ទប់​រៀន។

ប្រលោម​លោក, អប់រំ

The Blind Girl (Love Story)


ម៉ី បាន​ចែក​​រឿង​នេះ ឃើញ​ថា​ហាក់​ដូច​​ជា​រឿង​អប់រំ​មួយ​ល្អ​ដែរ ទើប​ខ្ញុំ​យក​មក​ចែក​ជូន​គ្រាន់អាន​ពិចារណា​លេង។


 There was a blind girl who hated herself just because she was blind. She hated everyone, except her loving boyfriend. He was always there for her. She said that if she could only see the world, she would marry her boyfriend.

One day, someone donated a pair of eyes to her and then she could see everything, including her boyfriend. Her boyfriend asked her, “now that you can see the world, will you marry me?” The girl was shocked when she saw that her boyfriend was blind too, and refused to marry him.

Her boyfriend walked away in tears, and later wrote a letter to her saying. “JUST TAKE CARE OF MY EYES PLEASE.”

វិចារ​របស់​រឿង ៖ This is how humans change when their status changes. Only few remember what life was before, and who has always been there in the most paiful situations.

អប់រំ

Smiling


smiling-and-happiness-2.jpg

Do you know that I smile a lot now? 🙂 “Smiling is not the result of Happiness, it is a cause of Happiness.” Well, this is true. Smiling is not the result of happiness but it is a cause of happiness. Try to smile as much as you can, you will be happy later even now you are sad.

This is a nice quote right? If you believe me you should smile, smile, and smile. Later you will see the result. 🙂