អម្បាញ់មិញ ខ្ញុំទើបនឹងមកពីជូនបងស្រីទៅពេទ្យធ្មេញ។ គាត់ឈឺថ្គាមទាល់ ខ្ញុំសង្ឃឹមថាគាត់នឹងអាចដកថ្គាមទាល់នោះចេញបាន មួយសន្ទុះក្រោយពីពេលពិនិត្យក្រដាសលទ្ធផលឈាមរួច ពេទ្យគ្រវីក្បាល ហើយប្រាប់ថាមិនអាចដកបានទេ គាត់ឱ្យបងស្រីខ្ញុំប៉ូវឱ្យមានកម្លាំង ព្រោះគាត់ខ្សោយ និងឈាមក្រកក។ ខ្ញុំអាណិតបងស្រីចង់ខ្លោចចិត្ត ព្រោះតែគាត់ឈឺខ្លាំងទើបសម្រេចចិត្តថាទៅដកចេញ តែបែរជាដកមិនបានទៅវិញ មានតែនៅទ្រាំឈឺ លេបថ្នាំទម្រន់ខ្លះសិន ទម្រាំគាត់មានកម្លាំង និងសុខភាពល្អឡើងវិញ។ ឥឡូវខ្ញុំមិនឱ្យគាត់ទៅធ្វើការទេ ហើយឱ្យគាត់ខំញ៉ាំអីឱ្យមានកម្លាំង និងសុខភាពប្រសើរឡើងវិញ ទើបទៅជួបពេទ្យធ្មេញនោះម្ដងទៀត។ ខ្ញុំចង់ឱ្យគាត់ឆាប់មានកម្លាំង និងមានសុខភាពល្អឡើងវិញ តើខ្ញុំគួរជួយគាត់យ៉ាងម៉េចខ្លះ? មានអ្វីខ្លះដែលអាចប៉ូវបានលឿនជាងគេ?
Category: សុខភាព
ហេតុអីបានជាមនុស្សចាស់ដេកតិចជាងក្មេង ?
មនុស្សម្នាក់ ៗ សុទ្ធតែត្រូវការដេក ប៉ុន្តែរយៈពេលដែលត្រូវដេកមិនដូចគ្នាទេ ។
មនុស្សធម្មតា ត្រូវការដេក ៨ ម៉ោងក្នុងមួយថ្ងៃ កូនក្មេងត្រូវដេកពី ១០ ទៅ ១២ ម៉ោង ចំណែកមនុស្សចាស់ ត្រូវការដេក ពី ៥ ទៅ ៦ ម៉ោងក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ហើយ ។
ចូរពិនិត្យមើលទារក ដែលទើបនឹងកើតមកថ្មី ៗ វាដេកទាំងយប់ទាំងថ្ងៃ លើកលែងតែរយះពេលមួយភ្លេត ដែលវាត្រូវស្រែកយំឃ្លានប៉ុណ្ណោះ ក្រៅពីនោះ សុទ្ធតែជារយះពេលដេកយ៉ាងស្កប់ស្កល់ ។ តាមការពិនិត្យ ឃើញថា ទារកម្នាក់ ៗ ត្រូវដេក ២០ ម៉ោងយ៉ាងតិច ក្នុងរយះ ពេល ១ ថ្ងៃ ១ យប់ ។
បញ្ហាដេកនេះ មានសារៈសំខាន់នាស់ ចំពោះមនុស្សពិសេស ចំពោះទារក និង កូនក្មេងដែលកំពុងរីកចំរើន ។ បើក្មេងម្នាក់ ៗ អាចដេកឲ្យបានស្កប់ស្កល់ និង ឲ្យបានច្រើនពេលវេលា នោះសុខភាពរបស់វា នឹង បានបរិបូណ៌មិនខាន ។
ចំពោះយុវជនវិញ បញ្ហាដេកក៏មានសារៈសំខាន់ដែរ ព្រោះកាល់បើដេកស្កប់ស្កល់ពេញមួយយប់ហើយ សភាពហត់នឿយទាំងឡាយ ដែលបណ្ដាលមកពីការសិក្សា និង ការងារផ្សេង ៗ ត្រូវបានកំចាត់កំចាយអស់ ខួរក្បាលក៏ត្រូវស្ថិតក្នុងសភាពស្ពឹកដោយបានសម្រាក ។ ដូច្នេះ ព្រឹកថ្ងៃបន្ទាប់ គេនឹងមានកម្លាំងកំហែង ថ្លាខួរក្បាល អាចប្រកបការងារតទៅទៀត បានយ៉ាងធូរស្រួល ។
បើយ៉ាងដូច្នេះ ហេតុម្ដេចបានជាក្មេង ដេកច្រើនជាងយុវជន ហើយយុវជនដេកច្រើនជាងមនុស្សចាស់ ?
តាមការស្រាវជ្រាវបានឲ្យដឹងថា សម្ព័ន្ធនៃសរសៃវិញ្ញាណ របស់កូនក្មេង មានភាពមិននឹងនរ គឺវាងាយនឹងរំជួយ ងាយនឹងស្ពឹក កូនក្មេងឆាប់អស់កម្លាំង ហត់នឿយ ហើយក៏ឆាប់រំភើប ដូចនេះ កូនក្មេងត្រូវការដេកច្រើនណាស់ ។
ចំណែកយុវជន ធម្មតាដេកតែ ៨ ម៉ោងក៏ឃើញថាគ្រប់គ្រាន់ហើយ ។ ព្រោះការប្រើកម្លាំងកាយ និង កម្លាំងប្រាជ្ញាដ៏ច្រើនមហិមា បានធ្វើឲ្យយុវជនហត់នឿយ អស់កម្លាំង តែការសម្រាក ៨ ម៉ោងនេះ ក៏ល្មមនឹងធ្វើឲ្យយុវជន កំចាត់ការហត់នឿយបាន ព្រមទាំងអាចការពារ គោលិកាវិញ្ញាណក្នុងស្រទាប់ខួរក្បាល មិនឲ្យខូចខាតផង ។
តែចំពោះមនុស្សចាស់វិញ ដោយសារពលកម្មមិនសូវមានច្រើន ហើយគោលិកាវិញ្ញាណទាំងឡាយ ក៏មិនសូវរំជើបរំជួលខ្លាំង ដូចយុវជន អាស្រ័យហេតុនេះ បានជាមនុស្សចាស់ មិនសូវត្រូវការដេកសម្រាកច្រើនម៉ោងពេក ។
ការស្រាវជ្រាវរបស់ លោក ប្រាក់ ជា
អាហារពេលព្រឹក ជាអាហារសំខាន់បំផុត
ដោយ ទឹម បឿន
ខួរក្បាលរបស់មនុស្សធ្វើការដោយពឹងផ្អែកទៅលើ ក្លុយកូស(ជាតិស្ករដែលបានមកពីការធ្វើសំយោគមេតាប៉ូលីសនៃអាហារ) ដែលសំខាន់សម្រាប់សកម្មភាពផ្សេងៗដូចជា និយាយ គិត ដើរ អាន ចាប់វត្ថុផ្សេងៗ ជាដើម ។ មេតាប៉ូលីសអាចប្រព្រឹត្តិទៅលុះណាតែមានជាតិអាហារនៅក្នុងក្រពះរបស់លោកអ្នក ។
បើលោកអ្នកព្យាយាមបង្អត់អាហារពេលព្រឹក ហើយរង់ចាំរហូតដល់ថ្ងៃត្រង់ នោះលោកអ្នកកំពុងបង្អត់ប្រព័ន្ធសរីរាង្គរបស់លោកអ្នកក្នុងរយះពេលជាង១០ម៉ោង ហើយលោកអ្នកកំពុងបង្ខំឲ្យខួរក្បាលរបស់លោកអ្នកធ្វើការដោយគ្មានអ្វីទ្រទ្រង់សោះ ។ ការបង្អត់អាហារដល់ខួរក្បាលរបស់លោកអ្នក នឹងធ្វើឲ្យខួរក្បាលរបស់លោកអ្នកចុះខ្សោយក្នុងការគិត ការដោះស្រាយ ការចងចាំ ការរំលឹកឡើងវិញ ។ល។ អ្នកខ្លះយល់ច្រលំថា ការបង្អត់អាហារពេលព្រឹក នឹងធ្វើឲ្យគេអាចសម្រកទំងន់ តាមពិតវាកាន់តែធ្វើឲ្យកើនទំងន់ទៅវិញទេ ដោយវានឹងធ្វើឲ្យងាប់កោសិការខួរក្បាលមួយចំនួន នៅពេលដែលយើងព្យាយាមបញ្ជារវា ហើយជាតិខ្លាញ់នឹងកាន់តែកើននៅក្នុងរាង្គកាយរបស់លោកអ្នក ដែលមិនធ្វើឲ្យលោកអ្នកស្រកទំងន់ឡើយ ។
ហេតុនេះហើយ អាហារពេលព្រឹក ជាអាហារសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប ។
ប្រយោជន៍នៃដំណេកពេលថ្ងៃ
ដកស្រង់ពីសៀភៅ “គួរយល់ដឹង សុខភាព & ជីវិត”
ត្របកភ្នែកប្រែជាធ្ងន់ក្រោយពេលបរិភោគបាយថ្ងៃត្រង់រួច? អ្នកជម្នះមិនព្រមធ្មេចមួយស្រឡេតមែនទេ? ជាប្រការមិនធម្មតាសម្រាប់យើង ព្រោះតាមកម្មវិធីចិត្តសាស្ត្រ តម្រូវឲ្យយើងសម្រាកពីការងារនៅចន្លោះម៉ោង ១៣ និង១៥ ដែលជាពេលខួរក្បាលត្រូវការសម្រាក ។ ដូច្នេះយើងគួរយកតម្រាប់តាមប្រជាជនអេស្ប៉ាញ ឬក្រិច ដោយដេកសម្រាកពេលថ្ងៃ និងបានសម្រាកយ៉ាងពិតប្រាកដ ។ ជាពិសេសដំណេកពេលថ្ងៃ អាចជួយកំណត់ព្រំដែនសម្ពាធសរសៃឈាមក្រហម និងជួយឲ្យដំណើរនៃជីវសាស្ត្រប្រព្រឹត្តទៅយ៉ាងទៀតទាត់ ព្រោះថាការសម្រាកពេលថ្ងៃចំនួន ៣០នាទីជារៀងរាល់ថ្ងៃ អាចកាត់បន្ថយបញ្ហាជំងឺបេះដូង ទាក់ទងនឹងសរសៃឈាមបានដល់ទៅ ៣០% ។
តាមការសិក្សាស្រាវជ្រាវរបស់ពួកអាមេរិច និងអ៊ឺរ៉ុប ដំណេកពេលថ្ងៃអាចឲ្យយើងកើនកម្លាំង ពី៤ ទៅ៥ដង ដោយថ្វើឲ្យសាច់ដុំ និងខួរក្បាលបាត់អស់កម្លាំង ។
អាការៈឈឺក្បាល
សួស្ដី ប្រិយមិត្តរបស់ សម្រាប់ខ្មែរជាទីមេត្រី,
ពីម្សិលម៉ិញគឺជាថ្ងៃអាទិត្យ ខ្ញុំនៅកន្លែងធ្វើការរបស់ខ្ញុំ ហើយអង្គុយធ្វើការងារដែលធ្វើមិនទាន់រួចកាលពីថ្ងៃសៅរ៍ ។ ពេលបញ្ចប់ការងារខ្ញុំបានរៀបចំ បណ្ដាញកំណត់ហេតុរបស់ខ្ញុំ ។ ហើយអង្គុយធ្វើការងារផ្សេងៗទៀតយ៉ាងជក់ចិត្តរហូតភ្លេចបាយភ្លេចទឹក ។
នៅពេលព្រឹកខ្ញុំផឹកទឹកអស់ កន្លះលីត្រ ហើយក៏បន្តការងារទៀត រហូតដល់ល្ងាច ម៉ោង៨”៣០នាទី ទើបខ្ញុំទៅរកបាយញ៉ាំ ហើយបានដាក់ទឹកអស់ពីរកែវ ។ ខ្ញុំត្រឡប់ទៅផ្ទះ ហើយក៏ប្រាស់ខ្លួនដេកលក់ដោយមិនដឹងខ្លួន ទាំងអត់ងូតទឹក ។ ហេហេហេ! ពិតជាខ្ជិលណាស់ខ្ញុំ !
លុះក្រោកឡើង ម៉ោងជាង៤ ទៀបភ្លឺ ខ្ញុំបានចាក់ចម្រៀងស្ដាប់រហូតដល់ម៉ោង៦កន្លះទើបងូតទឹក ។ ពេលងូតទឹករួច ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ឈឺក្បាល ។ ខ្ញុំអត់ទាន់ដឹងថាមកពីអីទេ ។ ក្នុងពោះខ្ញុំដូចជាក្ដៅៗ នឹកឃើញចង់ផឹកទឹក ។ ខ្ញុំក៏យកទឹកមកផឹក… អូហ៍! ទឹកជ្រាបចូលដូចជាដឹងថាទឹកហូរចូលដោយរបៀបណា គឺភាពត្រជាក់របស់ទឹក បានជ្រាបចូលទៅក្នុងក្រពះរបស់ខ្ញុំ ។ ពេលនោះខ្ញុំដឹងថា ខ្ញុំពិតជាខ្វះជាតិទឹកហើយ ។ ហើយខ្ញុំក៏ដឹងថា អាការៈឈឺក្បាលរបស់ខ្ញុំគឺដោយសារខ្ញុំអត់ផឹកទឹក ។ ខ្ញុំល្ហិតល្ហៃ ឈឺចាប់ឆ្អឹងឆ្អែង និងរោយក និង ចុកចាប់ចុងចិញ្ចើមជាដើម ។
លោកអ្នកដឹងទេការខ្វះជាតិទឹក ប្រកដជាធ្វើឲ្យយើងមានអាការៈឈឺក្បាល គឺដូចដែលខ្ញុំរៀបរាប់ខាងលើអ៊ីចឹង ។ ហេតុដូចនេះ សូមលោកអ្នកពិសារទឹកឲ្យបានច្រើន ។
ដោយបំណងល្អពីខ្ញុំបាទ,
ទឹម បឿន