ថ្ងៃនេះ នៅក្រុមហ៊ុនខ្ញុំមានភ្ញៀវជាប្ដីប្រពន្ធពីរនាក់ និងកូនស្រីប្រុសពីរនាក់មកពីស្វីស ។ បុរសស្វីសនោះប្រពន្ធជាជនជាតិខ្មែរចេញពីកម្ពុជាអស់៣៧ឆ្នាំ ឈ្មោះ សុផល ប៉ែន ឥឡូវឈ្មោះ សុផល ស្ទ្រុមផ្ល័រ (Sophal Strumpler) និងប្ដីជនជាតិស្វីស ឈ្មោះ ND Strumpler ។

ND Strumpler បានណែនាំអំពី ទំនាក់ទំនងសង្គម (Social Media) ដែលទាក់ទងនឹង Facebook ។ ND ជាមនុស្សដែលប្រើ Facebook ច្រើន ការគិតទូលាយ មានគំនិតល្អៗយ៉ាងច្រើនផ្ដល់ឲ្យបុគ្គលិករបស់ Web Essentials និងជាមនុស្សគួរឲ្យរាប់អាន ។
បន្ទាប់មក Sophal Strumpler ប្រពន្ធគាត់ ជនជាតិដើមខ្មែរ ដែលរស់នៅស្វីសអស់៣៧ឆ្នាំ បានណែនាំអំពីជីវិតរបស់គាត់ ដែលបាត់បង់ឪពុកម្ដាយ បងប្អូននៅសម័យពលពត ក្លាយជាក្មេងកំព្រា និងបានជួបម៉ែធម៌ជនជាតិស្វីស បានយកទៅនៅស្វីសពេលអាយុបាន ៦ខែ ។
នៅស្វីស គាត់បានទទួលការថែទាំយកចិត្តទុកដាក់ បានចូលសាលា និងបានចូលព្រះវិហារនៅអាយុ ១៤ឆ្នាំ ។ អាយុ១៧ឆ្នាំ គាត់ជួប ND និងមានទំនាក់ទំនងស្នេហានឹងគ្នា ហើយរៀបការនៅអាយុ ២១ឆ្នាំ ។ អាយុ ២៦ គាត់បានកូនស្រីមួយ និងអាយុ ២៨ គាត់បានកូនប្រុសមួយទៀត ។
គាត់រៀបរាប់ថា ក្នុងខួរក្បាលគាត់ បានដិតដាមនូវស្រមោលមួយ ប្រៀបដូចសុបិន្តងងឹត មានតែសំណួរ មិនមានចម្លើយ ពេលខ្លះគាត់តែងតែសួរខ្លួនគាត់ថា ហេតុអី! លុះអាយុ ៣០ឆ្នាំ ក៏គិតយល់ថាគាត់ត្រូវតែត្រឡប់មកឲ្យឃើញស្រុកខ្មែរវិញឲ្យបាន ។ ឥឡូវ គាត់អាយុ ៣៧ ឆ្នាំ និងបានវិលមកឃើញស្រុករបស់ខ្លួនដូចអ្វីដែលគាត់ប៉ង ។ គ្រាន់តែឈានជើងចុះពីយន្តហោះនៅខែត្រសៀមរាបភ្លាម ទឹកភ្នែកគាត់រមៀលចុះប្រដេញគ្នាគ្មានឈប់ ស្រែកយំស្រណោះខ្លួន ។ ពេលនិយាយដល់ត្រង់នេះ ទឹកភ្នែកគាត់ក៏ហូរមកម្ដងទៀតក្នុងពេលដែលគាត់ឈរជិតក្ដាខៀនរាប់រាប់ដំណើរជីវិត ។ សំឡេងក្ដុកក្ដួល ធ្វើឲ្យអ្នកស្ដាប់ខ្លះ ហូរទឹកភ្នែកតាម ហាក់យល់ពីអារម្មណ៍គាត់ ។ គាត់បន្តថា ខាងក្នុងរបស់គាត់ ភាសាគាត់និយាយមិនមែនជាខ្មែរ ប៉ុន្តែមុខគាត់ ច្រមុះគាត់ ជាខ្មែរ ហើយក្នុងចិត្តគាត់ស្រឡាញ់ខ្មែរណាស់ ។ គាត់យល់ថា ជាសំណាងដែលអាចឲ្យគាត់ត្រឡប់មកឃើញស្រុកខ្មែរវិញ ។
ខ្ញុំមានមោទនភាពចំពោះបងសុផលណាស់ ដែលគាត់ជាខ្មែរដែលបែកចេញពីកម្ពុជាតាំងពីអាយុ ៦ខែ រហូតអាយុ ៣៧ឆ្នាំ តែគាត់នៅតែស្រឡាញ់ នៅតែស្រណោះស្រុកខ្មែរ សម្រក់ទឹកភ្នែកពេលឃើញស្រុកខ្មែរ ។ ហើយក៏សប្បាយចិត្តដែលបានទទួលគំនិតថ្មីៗពី ND ។
បើចាប់អារម្មណ៍ ឬចង់ស្គាល់ ND Strumpler និង Sophal Strumpler សូមចូលទៅ Facebook និងរកឈ្មោះរបស់គាត់ ។