ប្រលោមលោករឿង “ចង្កៀងនិទានរឿងខ្មោច” ដែលជាស្នាដៃនិពន្ធរបស់ សុខ ចាន់ផល មានអ្នកខ្លះដំណាលថាជារឿងខ្មោច ប៉ុន្តែមិនមែនជារឿងដែលគួរឲ្យខ្លាច ជារឿងបែបកំប្លែង ចំណែកខ្ញុំយល់ថាជារឿងរបស់មនុស្ស រឿងរាប់អំពីតថភាពរបស់មនុស្ស គ្រាន់តែយករឿងខ្មោចមកប្រៀបធៀប ។ ប្រភេទរឿងប្រៀបធៀបបែបនេះខ្ញុំចូលចិត្តអានជាងគេ ព្រោះអាចឲ្យយើងដែលជាអ្នកអានបានចូលរួមគិតពិចារណាជាមួយនឹងអ្នកនិពន្ធ និងមានសេរីភាពក្នុងការប្រៀបធៀប ។ តើសាច់រឿងនោះប្រៀបធៀបដូចម្ដេច ? សូមអានសាច់រឿងសង្ខេបខាងក្រោម ។
ដំណើរការចាប់ផ្ដើម និយាយអំពីការប្រឡងនិទានរឿងខ្មោច ដែលមានទីតាំងនៅគុកទួលស្លែង ។ មានតួអង្គពីរនាក់បានចុះឈ្មោះចូលរួម, គណៈមេប្រយោគម្នាក់ក្នុងចំណោមនោះ តម្រូវឲ្យអ្នកស្ដាប់ទាំងអស់ជួយផ្ដល់ពិន្ទុ ព្រោះបេក្ខជនម្នាក់ត្រូវជាកូនគណៈកម្មាធិការ បើឲ្យមេប្រយោគដាក់ពិន្ទុ ក្រែងថាមិនសុក្រឹត ។
បេក្ខជនទីមួយ ដែលត្រូវជាកូនរបស់គណៈកម្មាធិការឡើងនិទានរឿងរបស់គេមុន រឿងនោះនិយាយអំពីទេសចរណ៍ឋាននរក គឺជាទេសចរណ៍ក្នុងការយល់សប្ដិរបស់គេ ហើយក៏បញ្ចប់រឿងនោះដោយគ្មានន័យ ធ្វើឲ្យអ្នកស្ដាប់ខកចិត្តនឹងបេក្ខជននោះយ៉ាងខ្លាំង ។
បេក្ខជនទីពីរឡើងនិយាយរឿង ខ្មោចនាងណាត ។ រឿងនេះនិយាយអំពីនាងណាតស្លាប់ និងការខ្លាចខ្មោចនាងណាតរបស់បុរសម្នាក់តែប៉ុណ្ណឹង សាច់រឿងបន្តនិយាយតែអំពីកូនរបស់ខ្មោចនាងណាប្រកបជីវិតជាធម្មតា ។ បេក្ខជននេះក៏ធ្វើឲ្យអ្នកស្ដាប់ខកចិត្តយ៉ាងខ្លាំងដូចគ្នា ព្រោះពួកគេខំចំណាយលុយអស់ ២០០០៛ ដើម្បីទិញសំបុត្រចូលស្ដាប់រឿងខ្មោច តែអ្នកឡើងនិទាននេះ មិននិទានអំពីរឿងខ្មោចឲ្យព្រឺព្រួចភ័យខ្លាចសោះ ។
បេក្ខជនចុះឈ្មោះពីរនាក់នេះនិទានចប់ គណៈកម្មាធិការឡើងប្រកាសក្រែងមានបេក្ខជនដទៃទៀតចង់ឡើងប្រកួតដែរ ។ ពេលនោះគណៈកម្មាធិការស្រីបានឡើងអំពាវនាវលើកទឹកចិត្តដល់ខាងស្ត្រីៗបានឡើងនិទាន ព្រោះថាមានតែបេក្ខជនប្រុសៗ និទានរឿងខ្មោចមិនចំរឿងខ្មោច ឲ្យខាងស្រីនោះក្លាហានឡើងនិទានម្ដងមើល៍ ។ គណៈកម្មាធិការនោះជក់និយាយរហូតអ្នកស្ដាប់ធុញគ្រប់គ្នា ក្រោយពីនិយាយចប់ ស្រាប់តែមាននារីម្នាក់មិនដឹងមកពីណាឡើងមកលើវេទិកា ក្នុងសំលៀកបំពាក់ពណ៌ខ្មៅ សក់កាត់ស្មើកញ្ចឹងក ។ គ្រាន់តែឃើញភ្លាមអ្នកស្ដាប់ ទាំងគណៈកម្មាធិការព្រឺរោមគ្រប់គ្នា និងសរសើរថានេះបានចំជាអ្នកនិទានរឿងខ្មោចមែន ។ នារីនោះឈ្មោះ ភីន (ខ្ញុំសង្ស័យថាអ្នកនិពន្ធយកឈ្មោះប្រពន្ធខ្ញុំ) ។
នាងបាននិទានរឿងរ៉ាវរបស់នាងលំបាកវេទនានៅសម័យខ្មែរក្រហម ។ ការនិយាយហ្នឹងរៀបរាប់តែអំពីរឿងខ្លួនឯងយ៉ាងនេះយ៉ាងនោះ មិនឃើញមានរឿងខ្មោចលងនៅក្នុងសាច់រឿងសោះ រហូតអ្នកស្ដាប់គ្រប់គ្នាទ្រាំលែងបាន ក៏ស្រែកកាត់ការនិទានរបស់នាង ។ នាងភីន ប្រាប់ថា នាងឡើងមកនិទានរឿងខ្មោច ដែលនិទានរឿងរបស់នាងលំបាកយ៉ាងណាខ្លះកាលជំនាន់ខ្មែរក្រហមនោះ ព្រោះនាងជាខ្មោចដែលដែលស្លាប់ក្នុងជំនាន់នោះ ហ្នឹងឯង ។ គ្រាន់តែឮថាជាខ្មោចពិតដូច្នេះ អ្នកស្ដាប់ក៏ភ័យរត់ចែកជើងគ្នា ទាំងបេក្ខជនពីររូបនោះផង នៅសល់តែគណៈកម្មាធិការស្រីម្នាក់ និងប្រុសម្នាក់ គឺតាចក់ដែលជាឪពុករបស់បេក្ខជនប្រុសម្នាក់នោះដែលនៅចាំហុចរង្វាន់ដល់នាងភីន ដែលទទួលបានជយលាភី រួចហើយក៏សន្លប់នៅនឹងកន្លែងនោះអស់ទៅ ។
ឃើញសាច់រឿងប៉ុណ្ណេះ លោកអ្នកអានអាចកាត់យល់បានហើយថារឿងនេះជារឿងដែលអ្នកនិពន្ធចង់និយាយប្រៀបធៀបទៅនឹងការបោះឆ្នោតនោះឯង ។
ក្នុងសៀវភៅរឿង “ចង្កៀងនិទានរឿងខ្មោច” នោះ មានរឿងខ្លីផ្សេងៗជាច្រើនទៀត, ក្នុងនោះ រឿង “ឋានសួគ៌លោកិយ” ក៏ជារឿងល្អ ដែលបង្ហាញអំពីសច្ចភាព និងសេចក្ដីសុខរបស់មនុស្សលោកពេលគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា ។