ពាក្យប្រើសម្រាប់បញ្ជាក់ប្រភេទពាក្យក្នុងវេយ្យាករណ៍ខ្មែរ មានការប្រើខុសៗគ្នាតាមសម័យកាល តាមអ្នកនិពន្ធ ។ ប្រការនេះ ខ្ញុំពុំធ្លាប់ចាប់អារម្មណ៍ទេ ស្រាប់តែថ្ងៃនេះ សុវិចិត្រ ធ្វើឲ្យខ្ញុំវង្វេងវង្វាន់ដូចមាន់ត្រូវមួយដំបង ។ លុះពិភាក្សាវែកញែកជាមួយ សុវិចិត្រមួយរយៈ ទើបអាចតោងឃើញហេតុពិតនៃការប្រើប្រាស់ពាក្យប្លែកគ្នា ដែលសំដៅលើន័យតែមួយ ។
មើលសៀវភៅក្នុងទសវត្ស ៦០ របស់លោក ពូវ អ៊ុម និង លោក រ៉ាយប៉ុក ប្រើ និបាតសព្ទ សម្រាប់ជំនួស គុណកិរិយា, អាយតនិបាតសព្ទ ជំនួស ធ្នាក់ និង សន្ធានសព្ទ ជំនួស ឈ្នាប់ ។ ចំណែកក្នុងសៀវភៅរបស់លោក ឃឹន សុខ (២០០៧) លោកប្រើ ស្នៀត ជំនួស អាយតនិបាតសព្ទ និង ធ្នាក់ ប្រើ ចំណង ជំនួសសន្ធានសព្ទ និង ឈ្នាប់ ។
ដូច្នេះ ការប្រើប្រាស់ពាក្យក្នុងវេយ្យាករណ៍ខ្មែរខុសគ្នាទៅតាមអ្នកនិពន្ធ និងសម័យកាល ។ ប្រសិនបើលោកអ្នកអានជួបនឹងពាក្យទាំងអស់នេះ សូមកុំប្លែកក្នុងចិត្តឡើយ ។
ដូច្នេះបើគេចេកប្រភេទពាក្យ គេអាចសរសេរជា ៖
- នាម
- គុណនាម
- សព្វនាម
- កិរិយាសព្ទ
- កិរិយាវិសេសន៍
- និបាតសព្ទ ឬ គុណកិរិយា
- អាយតនិបាតសព្ទ ឬ ធ្នាក់ ឬ ស្នៀត
- សន្ធានសព្ទ ឬ ឈ្នាប់ ឬ ចំណង
- បរិវាសព្ទ
- សំខ្យាសព្ទ
- ឧទានសព្ទ
ប្រសិនបើការយល់ឃើញខាងលើនេះពុំត្រឹមត្រូវ សូមមេត្តាជួយកែតម្រូវដោយអនុគ្រោះផងចុះ ។