ប្រជាពលរដ្ឋខ្មែរនៅតំបន់ប្រាសាទព្រះវិហារបានឲ្យដឹងថា អាជ្ញាធរខេត្តព្រះវិហារបានសម្រេចបិទច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅប្រាសាទព្រះវិហារជាបណ្តោះអាសន្ន បន្ទាប់ពីមានសភាពការណ៍តឹងតែងដោយក្រុមប្រជាពលរដ្ឋថៃបានទៅធ្វើ បាតុកម្មនៅទីនោះ ប្រឆាំងរដ្ឋាភិបាលថៃថាបានកាត់ទឹកដីជិតប្រាសាទព្រះវិហារមកឲ្យ កម្ពុជា ។

Photo courtesy of Tharum Bun, http://tharum.info
អ្នកទេសចរដើរទស្សនាប្រាសាទព្រះវិហារនៅលើកំពូលភ្នំដងរែក ក្នុងឆ្នាំ២០០៦។
អនុប្រធានភូមិប្រាសាទនៅលើកំពូលភ្នំប្រាសាទព្រះវិហារ លោក ហម សុផា បានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ថាច្រកទ្វារព្រំដែនប្រាសាទព្រះវិហារត្រូវបានបិទតាំងពីវេលាម៉ោង៥ និង១៥នាទីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីប្រជាពលរដ្ឋថៃមួយក្រុមដែលមានប៉ូលិសនិងកងទាហានឈុតខ្មៅ ចូលរួមដើរការពារផង បានមកធ្វើបាតុកម្មទាមទារ ។ ហើយកាលពីព្រឹកថ្ងៃច័ន្ទអភិបាលខេត្តព្រះវិហារ លោក ព្រាប តាន់ បានមកប្រកាសបិទជាផ្លូវការ ។
លោក ហម សុផា បានមានប្រសាសន៍ថា ៖ «បិទម៉ោង ៥:១៥ ។ ប្រជាពលរដ្ឋវា វាមានប៉ូលិសរបស់វាផង មានទាហានខ្មៅផង កងកម្លាំងវាមកទាំងអស់ប្រហែលជាជាង១០០នាក់ វាមកធ្វើបាតុកម្មហ្នឹង ។ ទប់ស្កាត់វាមិនឲ្យចូលមកតាមរបងហ្នឹង» ។
មិនអាចទំនាក់ទំនងសុំការអធិប្បាយពីអភិបាលខេត្តព្រះវិហារ លោក ព្រាប តាន់ ស្ដីពីបញ្ហានោះបានទេកាលពីព្រឹកថ្ងៃច័ន្ទ ។
ចំណែកនាយខុទ្ទកាល័យរបស់សាលាខេត្តព្រះវិហារ លោក សុង ប៊ុនលាង បានមានប្រសាសន៍ថាអភិបាលខេត្តព្រះវិហារ កំពុងធ្វើដំណើរទៅកាន់តំបន់ប្រាសាទ ឯព័ត៌មានផ្សេងៗលោកពុំទាន់ជម្រាបបានទេ ។
លោក សុង ប៊ុនលាង បានឲ្យដឹងថា ៖ «ឯកឧត្ដមអភិបាលខេត្តលោកចុះទៅហើយ ប៉ុន្តែខ្ញុំអត់ទាន់ច្បាស់ ខាងខ្ញុំអត់ទាន់ហ៊ានរាយការណ៍ឲ្យខាងប្អូនទេ» ។
អាជ្ញាធរខ្មែរនៅលើខ្នងភ្នំដងរែកប្រាសាទព្រះវិហារបាននិយាយថា ការបិទច្រកប្រាសាទមិនឲ្យភ្ញៀវថៃនិងខែ្មរចេញចូល វានឹងមានផលវិបាកដល់អ្នកភូមិខ្មែរប្រមាណ៣១០គ្រួសារដែលរស់នៅ តំបន់នោះប្រឈមមុខទៅនឹងការខ្វះស្បៀងនិងម្ហូបអាហារ ។
ក្រុមអ្នកភូមិខ្មែរនៅលើខ្នងភ្នំបាននិយាយថា ស្បៀងនិងម្ហូបអាហារដែលពួកគេទទួលទានប្រចាំថ្ងៃគឺយកមកពីប្រទេស ថៃ ហើយបើបិទច្រកពួកគេនឹងដាច់ស្បៀងនៅពេលខាងមុខ ៖ «ចៅហ្វាយ ខេត្តចុះមកដល់មុនហ្នឹងបន្តិចហ្នឹង ប្រកាសបិទហើយចាក់សោហើយ ។ ពេលអត់បានមកពីថៃអត់មានអីហូបទេ អត់ទាំងអស់ ហើយមកពីខ្មែរយើងវិញ យកមកលក់ក៏អត់ទាន់មាន» ។
ទោះយ៉ាងណាពេញមួយថ្ងៃច័ន្ទមិនអាចទំនាក់ទំនងសុំការបំភ្លឺបញ្ហា ដែលប្រជាពលរដ្ឋថៃទៅធ្វើបាតុកម្មនៅច្រកទ្វារប្រាសាទព្រះវិហារពី លោក ចក្រឈូករិនថៃអៈថាំ ជាមន្ត្រីស្ថានទូតថៃប្រចាំកម្ពុជាបានទេដោយបុគ្គលិកស្ថានទូតបាន ប្រាប់ថាលោកមិននៅក្នុងការិយាល័យ ។
តាមប្រជាពលរដ្ឋខ្មែរនៅលើខ្នងភ្នំដងរែកឲ្យដឹងថា ច្រកទ្វារប្រាសាទព្រះវិហារមានសភាពស្ងប់ស្ងាត់បន្ទាប់ពីអាជ្ញាធរ ខ្មែរបានយកសោមកចាក់បិទទ្វារព្រំដែន ។
សូមរំឭកថាកាលពីថ្ងៃទី១៨ ខែមិថុនាកន្លងមក នៅទីក្រុងបាងកកប្រទេសថៃ មនុស្សប្រមាណ៥ពាន់នាក់ដែលដឹកនាំដោយក្រុមសម្ព័ន្ធប្រជាជនសម្រាប់ លិទ្ធិប្រជាធិបតេយ្យ បានធ្វើបាតុកម្មដោយចោទប្រកាន់លោកណុបផាដុនប៉ាតាម៉ា រដ្ឋមន្ត្រីការបរទេសថៃថាបានឲ្យទឹកដីតំបន់ប្រាសាទព្រះវិហារមក កម្ពុជាជាថ្នូរទៅនឹងសម្បទានអាជីវកម្ម ដោយបើកផ្លូវឲ្យកម្ពុជាបានបញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជី បេតិកភណ្ឌពិភពលោកដោយគ្មានឧបសគ្គ ៕
អាស៊ីសេរី
Like this:
ចូលចិត្ត កំពុងផ្ទុក...