Google បានបញ្ចេញស្លាកសញ្ញាអបអរបុណ្យចូលឆ្នាំថៃ តាមរយៈស្លាកសញ្ញានៅលើវែបសាយរបស់ខ្លួន ។
Category: ទំនៀមទម្លាប់
ស្គាល់អំពី ស័ក
ស័ក គឺការរាប់ឆ្នាំចាប់ពីស័កទី ១ ដល់ស័កទី ១០ ដែលខ្មែរយើងប្រើសម្រាប់រាប់ស័ករបស់ឆ្នាំ ដូចជា ឆ្នាំជូត សំរិទ្ធិស័ក ជាដើម ។ ស័កនេះ បើរាប់ពីស័កទី ១ ទៅ គឺរាប់ថា ឯកស័ក, ទោស័ក, ត្រីស័ក, ចត្វាស័ក, បញ្ចស័ក, ឆស័ក, សប្តស័ក, អដ្ឋស័ក, នព្វស័ក, សំរឹទ្ធិស័ក ។
ឆ្នាំ ខាលនេះ ស្ថិតក្នុងស័កទី ២ គឺ ទោស័ក បើឆ្នាំបន្ទាប់ទៀត គឺរាប់ថា ឆ្នាំថោះ ត្រីស័ក ហើយរាប់រៀងរហូតដល់ សំរឹទ្ធិស័ក គឺក្នុងឆ្នាំច ព.ស. ២៥៦២ និង គ.ស. ២០១៩-២០២០ ។ ឆ្នាំបន្ទាប់ពីនោះមក ចូលដល់ឆ្នាំកុរ គេចាប់រាប់ពីស័កទី ១ មកវិញ គឺឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ។
អត្ថបទខ្លីនេះ សង្ឃឹមថា លោកអ្នកនឹងបានស្គាល់អំពីការរាប់ស័កឆ្នាំរបស់ខ្មែរ ។ សូមមើលពាក្យនេះបន្ថែមនៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ។
———-
ថ្ងៃទី ១ រោច ខែ បុស្ស ព.ស. ២៥៥៤ ឆ្នាំ ខាលទោស័ក
ត្រងោលបោលបាញ់ លាបខ្លាញ់គីង្គក់
ខាងក្រោមនេះជាអត្ថបទចម្រៀងដែលក្មេងតូចៗ ចូលចិត្តលេងនិងច្រៀង ។ កាលខ្ញុំនៅតូចក៏ធ្លាប់លេងច្រៀងរបៀបនេះដែរ តែឥឡូវភ្លេចចង់អស់ហើយ ។
ត្រងោលបោលបាញ់ លាបខ្លាញ់គីង្គក់
ត្រងោលដេកលក់ គីង្គក់លួចថើប ។
ត្រងោលបោលបាញ់ លាបខ្លាញ់ទន្សាយ
ទង្គិចគល់ស្វាយ អញថាមិនឈឺ
ទង្គិចគល់ស្ពឺ អញថាឈឺណាស់…
បទនេះ មានជនជាតិគេម្នាក់ឈ្មោះ TODD មកនាំបុគ្គលិកច្រៀងរ៉េប ព្រឹកមិញនេះ ។ គាត់មានក្បាលត្រងោលរលោង ពូកែកំប្លែង ទំនងចេះខ្មែរច្រើនណាស់ ពាក្យព្រះសង្ឃ ពាក្យអសុរស ចេះគ្មានទាល់ និងចេះយកពាក្យខ្មែរមកនិយាយកំប្លែងមិនឆ្គង ។
ក្រៅអំពីបទខាងលើ ខ្ញុំចាំថា នៅមានលេងល្បែងបូតសណ្ដែក យកដៃបូតដៃគ្នាហើយច្រៀង “បូតសណ្ដែក បូតសណ្ដែក រទេះបាក់បែក…” ខ្ញុំមិនចាំចម្រៀងនេះទេ ប្រហែលជាច្រៀងជាមួយគ្នានឹងបទខាងលើនោះក៏មិនដឹង ។ មិនដឹងថាមានអ្នកចេះចាំបទនេះដែរឬអត់ ។
សួស្ដីឆ្នាំថ្មី ២០០៩
ជូនពរលោកអ្នកប្រកបតែនឹងសេចក្ដីសុខ សុភមង្គល និងជោគជ័យក្នុងឆ្នាំថ្មី!
បុណ្យភ្ជុំបិណ្ឌ
ចូលដល់បុណ្យភ្ជុំបិណ្ឌទៅហើយ ខ្ញុំសូមឆ្លៀតពេលវាយអត្ថបទ អំពីបុណ្យភ្ជុំបិណ្ឌ សម្រាប់ចែកជូនមិត្ត ៗ និង បងប្អូនខ្មែរទាំងអស់ អាន ឬ ទុកជាឯកសារ ។ អត្ថបទខាងក្រោមនេះ ដកស្រង់ចេញពីសៀវភៅ ពិធីប្រចាំដប់ពីរខែ របស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ផ្សាយនៅពុទ្ធសករាជ ២៥០៨ ត្រូវនឹងគ្រឹស្តសករាជ ១៩៦៦ ។ បើមានការខ្វះខាត ខុស ឬ លើសលួសត្រង់ណាសូមមេត្តាខន្តីអភ័យទោស ព្រោះខ្ញុំមិនមានពេលសម្រាប់ត្រួតពិនិត្យឡើងវិញ ។ សូមអរគុណ !
បទ ទំនួញប្រែត (អរគុណ ណារដ្ឋដែលបានចែករំលែក)
បុណ្យកាន់បិណ្ឌ ជាពិធីដែលគេត្រូវចាប់ធ្វើឡើងតាំងពីថ្ងៃ ១ រោច ខែភទ្របទ ដើម្បីឧទ្ទិសផល្លានិសង្ឃដល់ជនដែលធ្វើមរណកាលទៅកាន់បរលោក ។ ពិធីនោះត្រូវធ្វើអស់កាលកន្លះខែគត់ ។
នៅខែភទ្របទ មេឃមានអាកាសអួរអាប់ដោយពពកទឹក ចំនែកខាងរនោច ព្រះចន្ទដែលបញ្ចេញរស្មីនៅវេលាយប់ ក៏កាន់តែហោចទៅ ៗ ធ្វើឲ្យវេលាយប់កាន់តែងងឹតបន្តិចម្ដង ៗ ។ នៅពេលនោះហើយ ដែលយមរាជ (ស្ដេចមច្ចុរាជ) ដោះលែងពួកសត្វនរកទាំងឡាយ ក្នុង ១ ឆ្នាំម្ដង ដើម្បីឲ្យឡើងទៅរកបងប្អូន កូនចៅ ដើម្បីនឹងទទួលកុសលផលបុណ្យ ដែលគេធ្វើឧទ្ទិសឲ្យ ។ ដោយសត្វនរក ជាអ្នកខ្លាចពន្លឺ ទើបអ្នកស្រុកនិយមធ្វើបុណ្យឲ្យអ្នកទាំងនោះនៅខែងងឹត ។ អ្នកខ្លះនិយាយថា តែដល់រដូវហើយ សត្វនរកដែលគេដោះលែងមក ខំដើររកបងប្អូនកូនចៅគ្រប់ ៧ វត្ត បើមិនឃើញអ្នកណាធ្វើបុណ្យឧទ្ទិសបញ្ជូនឲ្យទេ នោះនឹងកើតក្ដីស្រេកឃ្លាន ហើយនឹងប្រទេចផ្ដាសាដល់ញាតិមិត្តមិនលែងឡើយ ។
ការដែលគេធ្វើបុណ្យក្នុងកន្លះខែក្នុងខែភទ្របទនោះ គេហៅថា “កាន់បិណ្ឌ” ។ ពាក្យថាបិណ្ឌ មកពីពាក្យបាលីថា “បិណ្ឌៈ” មានន័យថា “ដុំបាយ” ។ បន្តអាន “បុណ្យភ្ជុំបិណ្ឌ”
អំពីស័ក
ពីមុនចេះតែឆ្ងល់អំពីស័ករបស់ឆ្នាំ តែមិនដឹងថាទៅសួរអ្នកឯណា ទើបចេះតែឆ្ងល់រៀងរហូតមកដល់បច្ចុប្បន្ន ។ ពីរបីថ្ងៃមុននេះ បានឃើញអ្នកធ្វើការជាមួយគ្នា កាន់សៀវភៅហោរាសាស្ត្រមកអាន ទើបខ្ចីគេមកអាន ក្រែងមានអ្វីល្អ ៗ ។ មិននឹកស្មានថា សៀវភៅមួយនេះ អាចជួយដោះស្រាយចំងល់របស់ខ្ញុំបានដោយចៃដន្យបែបនេះសោះ ។
ក្នុងសៀវភៅ តម្រា – ហោរាស្រាស្ត្រប្រចាំគ្រួសារ របស់លោក អ៊ឹម បុរិន្ទ ដែលចេញផ្សាយ នៅឆ្នាំ ១៩៩៩ ត្រូវនឹងពុទ្ធសករាជ ២៥៤៣ បានបកស្រាយយ៉ាងដូច្នេះថា ៖
ក្នុងឆ្នាំទាំងឡាយរបស់ហោរាសាស្ត្រខ្មែរ តែងតែប្រើជាមួយនឹងស័ក ផង ។ ស័ករបស់ឆ្នាំនៃហោរាសាស្ត្រមានចំនួន ១០ គឺៈ
- ឯកស័ក
- ទោស័ក
- ត្រីស័ក
- ចត្វាស័ក
- បញ្ចស័ក
- ឆស័ក
- សប្តស័ក
- អដ្ឋស័ក
- នព្វស័ក
- សំរិទ្ធិស័ក
ស័កទី ១ គឺឯកស័ក ត្រូវបានចាប់ប្រើពីឆ្នាំកុររៀងមក គឺកុរ ឯកស័ក, ជូត ទោស័ក, ឆ្លូវ ត្រីស័ក ។ល។
ឧទាហរណ៍ៈ ក្នុងគ្រិស្តសករាជ ១៩៩៥ ចុល្លសករាជ ១៣៥៨នេះ គឺឆ្នាំ ជូត អដ្ឋស័ក ។
ឆ្នាំនេះ គ្រិស្តសរាជ ២០០៧ ត្រូវនឹងឆ្នាំ កុរ នព្វស័ក ព.ស ២៥៥១ ។
លក្ខណៈសំពះរបស់ខ្មែរ
កាយវិការសំពះរបស់ខ្មែរដែលទទួលការអបរំណែនាំបន្តពីបុព្វបុរសរបស់យើង តរៀងមកមានដូចតទៅ ៖
១. ដៃបន្ទូល “កូនលើកដៃបន្ទូលបួងសួងទៅ!” គឺកំណត់យកមេដៃទាំងពីរខាងផ្គុំដោយយកមេដៃនោះដាក់ពីត្រឹមប្រជុំចិញ្ចើមឡើងទៅលើ ។ បានសេចក្ដីថា នេះជាការអទិដ្ឋានបួងសួងសំបូងសំរូង ប្រកាសពាក្យបណ្ដឹងចំពោះវត្ថុស័ក្ដិសិទ្ធិ អារុក្ខអារក្ខ អ្នកតា ទេវតា ព្រះឥន្រ្ទ ព្រះព្រហ្ម ។ ពិសេសរំឭកដល់គុណព្រះរតនត្រៃជាគុណកែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងវត្ថុជាទីសក្ការបូជា ដែលគេមានជំនឿថាមានបារមី មានមហិទ្ធិរិទ្ធបំផុត ។
២. ដៃបង្គំ “កូនលើកដៃថ្វាយបង្គុះទៅ! លោកជាអ្នកមានគុណលើយើង” គឺកំណត់យកមេដៃទាំងពីរផ្គំចូលគ្នា រួចយកមេដៃទាំងពីរដាក់លើចុងច្រមុះឡើងទៅត្រឹមប្រជុំចិញ្ចើម ។ ដៃបង្គំនេះមានន័យថាគោរពចំពោះអ្នកមានគុណ ដែលបានផ្ដល់កំណើត ផ្ដល់សេចក្ដីសុខ ផ្ដល់ចំណេះដឹង គឺអ្នកដែលជួយទំនុកបំរុងចិញ្ចឹមបីបាច់ ផ្ដល់ម្លប់ជ្រកកោណ មានមាតាបីតា អ្នកអាណាព្យាបាល ជីដូនជីតា ព្រះសង្ឃ គ្រូបាធ្យាយន៍ ព្រះមហាក្សត្រដែលជាម្លប់ដ៏ត្រជាក់ ។
៣. ដៃសំពះ “កូនសំពះលោកអ៊ំទៅ!” កាយវិការនេះលោកឳពុក អ្នកម្ដាយ ច្រើនប្រើពាក្យសាមញ្ញដែលមានន័យដូចសំពះដែរនោះគឺ សាធុ ឬ ពន ដោយណែនាំកូនតូចៗឲ្យចេះគួរសម ដូចជា “សាធុលោក យាយទៅកូន!” ឬ “ពនលោកតាដល់ច្រមុះទៅកូន!” ។ ការសំពះនេះគេយកមេដៃផ្គុំហើយដាក់ត្រឹមចន្លោះពីចង្កាឡើងទៅដល់ក្រោមចុងច្រមុះ ។ ដៃសំពះនេះមានន័យគោរព ចំពោះទំនាក់ទំនង ប្រាស្រ័យការទាំងឡាយ មានចៅហ្វាយនាយ អ្នកមានបណ្ដាស័ក្ដិខ្ពស់ ឬ វ័យចំណាស់ជាង ឬ ញាតិមិត្ត ។ ដៃសំពះនេះយើងសង្កេតឃើញជាទូទៅ ការសំពះជម្រាបសួរ ឬ ជម្រាបលាគ្នា នោះច្រើនប្រកបដោយទឹកមុខញញឹម ស្វាគមន៍រាក់ទាក់ ។
៤. ដៃខមាលទោស “កូនខុសហើយ! ចូរកូនសុំទោសលោកឳពុកភ្លាមទៅ” ។ របៀបសុំខមាទោសនេះ គេច្រើនយកមេដៃផ្គុំគ្នាហើយលើកដៃដាក់លើដើមទ្រូង ឡើងទៅត្រឹមក្រោមចង្កា ។ កាយវិការនេះគឺបញ្ជាក់ពីផ្លូវចិត្តទទួលស្គាល់កំហុសខ្លួនឯងក្នុងករណីដែលធ្វើមិនសមរម្យដោយហ៊ានសរភាពចំពោះទទង្វើមិនគប្បី និងជាកាយវិការសំដែងនូវការស្វគមន៍ផងដែរ ។
៥. ដៃប្រណម្យ ឬ បឋមខ្នាត ខ្នាតដៃនេះគឺត្រូវផ្គុំមេដៃទាំងពីរដាក់ចំចុងដង្ហើម ។ លក្ខណៈនេះ គឺជាការសង្រួមប្រមូលអារម្មណ៍ ស្មឹងស្មាធិ័ សមាធិ ដោយផ្ដោតចិត្ត និង អារម្មណ៍មិនខ្វល់ខ្វាយ និង គ្មានសៅហ្មងអ្វីឡើយ ។ បឋមខ្នាតនេះយើងតែងសង្កេតឃើញរូបចម្លាក់ស្រីម្នាក់អង្គុយលុតជង្គង់ហើយលើកដៃប្រណម្យដែលខ្មែរតែងហៅថា “ទេពប្រណម្យ” ។
ដកស្រង់ចេញពីសៀវភៅ របាំអប្សរា របស់អ្នកគ្រូ កែវ ណារុំ និង អ្នកគ្រូ ព្រំ ស៊ីសាផាន្ឋា
ទំនាយពីជោគជតារាសី ឆ្នាំកុរ នព្វស័ក ព.ស២៥៥១
លោកអ្នកកើតឆ្នាំជូត
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះជាឆ្នាំល្អប្រសើរណាស់បានលាភធំ តែមុននឹងកើតលោភផល ត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្ដិច ព្រោះត្រូវចោរកម្មវាបំណងទុក បន្ទាប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំណែងថ្មី មាននាទីទទួលខុសត្រូវជាន់ខ្ពស់ ឯជោគលាភដែលអ្នក ត្រូវបាននោះនឹងបានមកពីឆ្ងាយ តែត្រូវខំរក្សាកាយឱ្យល្អក្រែងមានជំងឺតម្កាត់ ។
បើជាមនុស្សស្រីទំនាយទាយថា ៖ ក្នុងឆ្នាំនេះ អ្នកមិនសូវបានស្រួលបួលទេ គឺថាត្រូវជួបប្រទះនឹង ឧបសគ្គជាញឹកញាប់ក្នុងដំណើរការធម្មតារបស់អ្នក ប៉ុន្ដែអ្នកត្រូវខំតាំងចិត្ដពុះពារប្រឹងរម្ងាប់ចិត្ដទប់ទល់ នឹងអធិករណ៍ឱ្យមែនទែន ហើយគួរតាំងចិត្ដធ្វើការងារ ឬកិច្ចការយ៉ាងណាៗដោយសេចក្ដីឧស្សាហ៍ និងស្វាហាប់បំផុត។ បើអ្នកធ្វើយ៉ាងនេះ បានទើបអ្នកទទួលបានជោគជ័យគ្រាន់បើឡើងវិញ ក្នុងរវាង អាយុប៉ុណ្ណោះ ។
បន្តអាន “ទំនាយពីជោគជតារាសី ឆ្នាំកុរ នព្វស័ក ព.ស២៥៥១”
ការទស្សន៍ទាយសំរាប់អ្នកកើតឆ្នាំកុរថ្មីនេះ អ្នកធ្វើល្អនឹងបានល្អ
លោកអ្នកកើតឆ្នាំកុរ ៖ ពង្សមនុស្សស្រី នាមជាសត្វជ្រូក ធាតុទឹក អង្សាកំណើត នៅថ្ងៃព្រហស្បតិ៍ សិរីធ្លាក់មកពីជើងឆ្វេង របស់ព្រះព្រហ្ម មូលព្រលឹងនៅនឹងគុម្ពឈូក ឬផ្កាឈូក ។
លោកអ្នកកើតឆ្នាំនេះគួរយកផ្កាឈូកបូជាព្រះ រាល់ថ្ងៃកំណើត ខែកំណើត និងឆ្នាំកំណើតរបស់ខ្លួន ទើបបាន សមសេចក្ដីប្រាថ្នា មានជោគជ័យ និងរស់នៅត្រជាក់ជាសុខ។ មនុស្សកើតឆ្នាំនេះ រមែងជាមនុស្សមាន វាសនាពីអតីតជាតិមានគំនិតនិងប្រាជ្ញាខ្ពង់ខ្ពស់ ស្រឡាញ់សភាពស្ងប់ស្ងាត់ និយាយស្ដីតិច ចូលចិត្ដដេក ច្រើនដូចសត្វជ្រូក។ ចិត្ដធ្ងន់ បើមានក្រេវក្រោធកើតឡើងហើយនឹងចងគំនុំជាប់ក្នុងដួងចិត្ដ ។ ជាមនុស្ស ចូលចិត្ដគិតច្រើនមាននិស្ស័យនឹងនរ មិនទទឹសទទាស មានមិត្ដភក្ដិច្រើន ធ្វើការងារច្រើនបានជាមេគេ ដោយសារគំនិតប្រាជ្ញារបស់ខ្លួនមានសេចក្ដីស្នេហានឹងនរ ជាមនុស្សលាក់គំនួចតែប្រច័ណ្ឌច្រើន ។ មុខរបរ ឬការងារដែលសមនឹងខ្សែជីវិតរបស់មនុស្សកើតឆ្នាំនេះ ឱ្យចម្រើនរុងរឿងលូតលាស់ត្រូវនឹងសម្លោករបស់ ខ្លួននោះគឺធ្វើជំនួញប្រែបានទៅជាអ្នកមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ។ បើធ្វើរាជការ មិនសូវជាល្អប៉ុន្មានទេ ច្រើនតែត្រូវទទួលបានទោសទណ្ឌ ឬត្រូវទទួលបានការច្រណែនឈ្នានីស ពុំសូវមានសេចក្ដីសុខចម្រើនក្នុង ជីវិតឡើយ ពុំនោះទេជាអ្នកប្រកបដោយរោគច្រើន ។
បន្តអាន “ការទស្សន៍ទាយសំរាប់អ្នកកើតឆ្នាំកុរថ្មីនេះ អ្នកធ្វើល្អនឹងបានល្អ”
រណ្ដាប់ទទួលទេវតាឆ្នាំកុរ នព្វស័កថ្ងៃចូលមហាសង្ក្រាន្ដ
ព្រះពុទ្ធសករាជព្រះសាសនា អតិកន្ដា កន្លងទៅហើយបាន ២៥៥០ ត្រឹមថ្ងៃ ១៥កើត ខែពិសាខ លុះដល់ថ្ងៃ ១រោច ខែពិសាខ ឆ្នាំកុរ នព្វស័កតទៅចូលពុទ្ធសករាជ ២៥៥១។
នឹងគណនាឆ្នាំកុរ ឥឡូវនេះ សង្ក្រាន្ដចូលមកនៅថ្ងៃសៅរ៍ ១២រោច ខែចេត្រ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា គ.ស២០០៧ វេលាម៉ោង១២និង៤៨នាទី ។ ពេលនោះព្រះអាទិត្យចេញពីមីនរាសី ទៅឋិតនៅឯ មេសរាសីតាមផ្លូវគោវិថីគឺផ្លូវកណ្ដាល ទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមមហោធរទេវី ជាបុត្រីទី៧ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ដោយ ផ្កាកណីកា អភរណៈ ទ្រង់ពាក់កែវនិលរតន៍ ភក្សាហារ ទ្រង់សោយសាច់ទ្រាយ ព្រះហស្ថស្ដាំ ទ្រង់កងចក្រ ព្រះហត្ថឆ្វេង ទ្រង់ត្រីសូល៍ ទ្រង់គង់ពាក់ឆៀងបើកព្រះនេត្រលើខ្នងមយូរា (សត្វក្ងោក) ជាពាហនៈ ។ ទើបនាំអស់ទេវបុត្រ ទេវធីតាទាំងមួយសែនកោដិហោះទៅកាន់គុហារកែវ ធម្មមាលី នាទីភ្នំកៃលាស ខេត្ដ ហេមពាន្ដ ជាទីតំកល់ទុកនូវព្រះសិរសាកបិលមហាព្រហ្ម ដែលតំកល់លើពានមាស នាំមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំ ទេវបុត្រ ទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអនោតត្ដមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ ថ្មកែវ ដែលជាមាត់គោឧសភរាជទាំង៧ ត្រជាក់ក្សេមក្សាន្ដព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅ សមាទានរក្សាសីល ដោយសោមនស្សរីករាយគ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលា ដែលវិស្សកម្ម ទេវបុត្រនិមិត្ដថ្វាយដើម្បីបន្ទោបង់អពមង្គលឱ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្ដីជ័យមង្គលជន្មាយុ យឺនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះ បានធូរទូលំទូលាយ សុខក្សេមក្សាន្ដតរៀងទៅ ។ ថ្ងៃសៅរ៍ ១២រោច ខែចេត្រ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា គ្រិស្ដសករាជ ២០០៧ វេលាម៉ោង១២ និង៤៨នាទី ជាថ្ងៃចូលឆ្នាំកុរ នព្វស័ក ។ ថ្ងៃអាទិត្យ ១៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ្រិស្ដករាជ ២០០៧ ជាវារៈវន័បត ។ ថ្ងៃចន្ទ ១៤រោច ខែចេត្រ ត្រូវនឹង ថ្ងៃទី១៦ ខែមេសា គ្រិស្ដសករាជ ២០០៧ នៅវេលាម៉ោង១៦ និង ៤០នាទី ៤៨វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្ដបីថ្ងៃ ស្រេចបរិបូណ៌ ចូលជាសកល ឆ្នាំកុរ នព្វស័ក ចុល្លសករាជ១៣៦៩តទៅ។
បន្តអាន “រណ្ដាប់ទទួលទេវតាឆ្នាំកុរ នព្វស័កថ្ងៃចូលមហាសង្ក្រាន្ដ”