បទ”អនុស្សាវរីយបាត់ដំបង” របស់ខេមរៈ សេរីមន្ត មិនទាន់ចេញលក់ជាស៊ីឌីនៅឡើយទេ ប៉ុន្តែកំពុងពេញនិយមសម្រាប់យុវវ័យ ។ ខ្ញុំឮគេថា បទនេះខេមរៈ សេរីមន្ត លើកយកមកសម្ដែងនៅក្នុងកម្មវិធីតន្ត្រីមួយ ក្នុងខែត្របាត់ដំបង ហើយក៏បែកចេញ និងផ្ញើតៗគ្នាតាមទូរសព្ទដៃ រហូតដល់មានការពេញនិយមចំពោះយុវវ័យទាំងឡាយដែលធ្លាប់គាំទ្រលោក ។ បទដើម ច្រៀងដោយលោក ស៊ិន ស៊ីសាមុត ។
ឱ!បាត់ដំបងគេងផ្សងយូរហើយ
បាណន់កុំឡើយបំភ្លេចសំដី
ភ្នំសំពៅ អើយ អ្នកជាសាក្សី
ជ្រៃ មោង ឫស្សី ធ្វើជាមេបា ។
ឱ!បាត់ដំបង ខ្ញុំសូមច្រៀងផ្ដាំ
អូនភ្លេចបងចាំ ពាក្យពេជន៍ស្នេហា
អូនអើយ អូនស្រី ល្មមយល់ចិន្តា
សូមតែមេត្តាស្នេហាបងផង ។
កំរៀង ភ្នំព្រឹក នឹកឡើងអួលងំ
សំលូត ឯកភ្នំ ទួញយំអាណិត
ស្ទឹងសង្កែ អើយ ជួយលួងដួងចិត្ត
ថ្មគោលអ្នកពិតអាណិតខ្ញុំទេ ។
ឱ! បាត់ដំបងបណ្ដូលចិត្តអើយ
មេត្តាអ្នកឆ្លើយឱ្យបងយល់ន័យ
ស្មោះ ប៉ុណ្ណឹងហើយ ម្ដេចឡើយរូបស្រី
បំភ្លេចភក្ដី ដីបាត់ដំបង ។