គម្រោងមើលកុនរឿង អ៊ូសៀ នៅរោងភាពយន្ត The Cineplex ត្រូវបានប្ដូរទៅមើល Captain America វិញ ព្រោះជាកុន 3D ។ នេះជាលើកទីមួយដែលខ្ញុំចូលមើលកុន 3D ។ រឿងនេះល្អមើលណាស់, ឈុតឆាកខ្លះ អង្គុយប្រឹងតាមឡើងរឹងខ្លួន ត្រង់កន្លែង Roggers គប់ខែលមកចំអេក្រង់ អ្នកមើលស្រែក និងគេចស្ទើរគ្រប់គ្នា ។ នេះជាសាច់រឿងសង្ខេប ។
ដំណើររឿងកើតឡើងក្នុងកំឡុងសង្គ្រាមលោកលើកទីពីរចូលដល់អាមេរិក ឆ្នាំ ១៩៤២ ។ Steve Rogers មានកាយសម្បទាស្គម មិនសមក្នុងកិច្ចការជួរកងទ័ព ក៏ស្ម័គ្រប្រគល់ខ្លួនឲ្យគម្រោងស្រាវជ្រាវសម្ងាត់ពិសេសកែប្រែរូបកាយរបស់គាត់ឲ្យមាំមួន ។ វេជ្ជបណ្ឌិតស្រាវជ្រាវនេះ ត្រូវបានបាញ់សម្លាប់ភ្លាមៗក្នុងពេលនោះដោយភ្នាក់ងាររបស់មេដឹកនាំដេប៉ាតឺម៉ង់ស្រាវជ្រាវសម្ងាត់ អ៊ីដ្រា (HYDRA) របស់ណាស៊ីអាល្លឺម៉ង់ ដែលមានក្បាលក្រហម ហើយ Rogers ត្រូវបានគេប្រើឲ្យធ្វើជាអ្នកឃោសនាក្នុងគ្រាដំបូងៗនោះ ។ លុះពួកម៉ាករបស់គាត់ត្រូវការឲ្យគាត់ជួយ គាត់បានធ្វើដំណើរផ្សងគ្រោះថ្នាក់ និងត្រឡប់មកវិញជាមួយភាពជោគជ័យ ដែលធ្វើឲ្យគាត់ក្លាយជាមេបញ្ជាការអាមេរិក ធ្វើសង្គ្រាមប្រឆាំងនឹង Schmidt, ប្រធានដេប៉ាតឺម៉ង់ស្រាវជ្រាវសម្ងាត់ អ៊ីដ្រា ដែលមានក្បាលក្រហមនោះ ។