កំណាព្យ, ទឹម បឿន, Uncategorized

គ្មាន​ផ្កា​ឲ្យ​អូន


ថ្ងៃនេះគឺថ្ងៃបុណ្យស្នេហា
អូនប៉ងប្រាថ្នាផ្កាពីប្ដី
តិចតួចឬច្រើនក៏មិនថ្វី
បញ្ជាក់ថាប្ដី គិតដល់អូន។

រំពឹងពីព្រឹក ដល់ថ្ងៃត្រង់
គិតថាបងចង់ surprise ស្ងួន
ច្បាស់ជាលោកប្ដីលាក់បំពួន
ដល់ពេល នឹមនួនយកជូនស្រី។

រសៀលទល់ល្ងាចមិនទាន់ឃើញ
រង់ចាំលុះដល់ពេលរាត្រី
អូនងងុយគេងហើយលោកប្ដី
ម្ដេចក៏ប្រុសថ្លៃសំងំស្ងៀម។

សង្ស័យប្រហែលមិនដូចគិត
លោកប្រុសស្នេហ៍ស្និទ្ធមិនបានត្រៀម
អូនអន្ទះសាស្ទើរស្រក់ឈាម
បងសម្ងំស្ងៀមមិនចេញស្ដី។

ហេតុអ្វីក៏បងធ្វើដូច្នេះ
ឬក៏ពេលនេះ ប្រែចិត្តថ្មី
បងប្លែកខុសមុនហើយចរណៃ
ឱ!ទឹកភ្នែកស្រី ហូរមកហើយ។

មិនចង់ឲ្យបងឃើញអូនយំ
តែទប់មិនយំលែងបានហើយ
បណ្ដោយតាមចិត្តចុះលោកអើយ
យំហើយ និយាយឲ្យអស់ម្ដង។

“ម្ដេចបងមិនគិតដល់រូបអូន
ម្ដេចស្ងួនមិនមើលគូគេផង
ម្ដេចក៏មិនដឹងពីបំណង
ម្ដេចបងមិនទិញផ្កាជូនអូន!”

“នេះឬបងថាស្រឡាញ់ស្រី
តើស្មោះនឹងស្រី ឬលាក់ពួន
មានស្រីខាងក្រៅ ចោលរូបអូន
ប្រាប់ត្រង់គង់អូនឲ្យបងទៅ!”

លោកប្ដីតបថា “អូនសម្លាញ់!
ម្ដេចក៏ខឹងប្ដីដូច្នេះពៅ
ឲ្យឈប់ស្នេហ៍អូនម្ដេចបានទៅ
បើពៅអូនល្អដូច្នេះថ្លៃ។”

“មើលចុះទឹកភ្នែកជោគភត្ត្រា
កុំខឹងបងណាពៅពីសី
ស្រឡាញ់អូនធំជាងផែនដី
ហេតុអ្វីអូនមិនដឹងចិត្តបង។”

“រាល់ថ្ងៃស្រឡាញ់អូនប៉ុណ្ណា
នឹកមើលជីវ៉ា ទឹកចិត្តបង
មិនមែនមួយឆ្នាំស្នេហាម្ដង
ស្នេហ៍បង បងស្នេហ៍រៀងរាល់ថ្ងៃ។”

“បងជូតទឹកភ្នែកណាម្ចាស់ចិត្ត
ក្នុងមួយជីវិតមានតែស្រី
មិនដែលគេចកែចិត្តរកថ្មី
យល់ឬនៅថ្លៃ ក្ដីស្នេហ៍បង?”

រៀបរាប់ប៉ុណ្ណឹងឲ្យអូនគិត
ថាគូជីវិតពិតស្នេហ៍ស្នង
មិនដែលភ្លាំងភ្លាត់ឲ្យខុសឆ្គង
អូនគិតរំលងព្រោះតែផ្កា។

ឥទ្ធិពលបុណ្យក្ដីស្រឡាញ់
មិនមែនសុទ្ធល្អសោះឯណា
អ្នកខ្លះរីករាយ ខ្លះឡាំប៉ា
ព្រោះតែប្រាថ្នាស្នេហ៍ភក្ដី។

មានផ្កាអត់ផ្កា មិនសំខាន់
សំខាន់ស្នេហ៍ស្មោះប្រពន្ធប្ដី
មិត្តភ័ក្ត្រពេបជ្រាយ មានទៅស្អី
ស្នេហាភក្ដី ជាមង្គល។

ដោយ ទឹម បឿន
១៥ កុម្ភៈ ២០១៧ ១:៤៧ យប់

កំណាព្យ, ទឹម បឿន

កំណាព្យ៖ ទិវា​សិទ្ធិ​ស្រី ៨ មីនា


ប្រាំ​បី​មីនា គឺ​ជា​ទិវា របស់​ស្ត្រី
ទទួល​បាន​សិទ្ធិ សមភាព​សេរី តួនាទីស្រី
រួម​អភិវឌ្ឍ ។

គឺ​ជា​ទីវា រំឭក​ដល់​គ្រា ប្រជា​ពលរដ្ឋ
កើត​​កល​វឹកវរ ឧស្សាហ​ស្រុត អំពើ​អយុទ្ធ
កើត​លើ​ស្ត្រី ។

កើត​ការរើសអើង មិន​លើក​តម្កើង បិទ​សិទ្ធិ​សេរី
ប្រុស​គាប​សង្កត់ ធ្វើ​បាប​ស្ត្រី មិន​ឲ្យ​សូម្បី
​សិទ្ធិ​​ជ្រើស​​តំណាង ។

គាប​សង្កត់​ពេក ស្ត្រី​អាមេរិក តស៊ូ​ប្រឆាំង
បាន​​សិទ្ធិ​បោះ​ឆ្នោត ជ្រើសរើស​តំណាង ទាមទារ​បាន​​ទាំង
ប្រាក់​បៀវត្សរ៍​ខ្ពស់ ។

នៅ​ឆ្នាំ​ប្រាំ​បី(១) អស់​ទាំង​ស្ត្រី ដែល​ធ្លាប់​រងគ្រោះ
ប្រារព្ធ​ទិវា រំឭក​ខួប​នោះ ថ្ងៃ​រួច​រង​គ្រោះ
ទី​ម្ភៃ​ប្រាំបី ។

តែ​ក្រោយ​ប្រជុំ ប្រទេស​ច្រើន​សុំ រើស​យក​ថ្ងៃ​ថ្មី
ឲ្យ​ធ្វើ​រួម​គ្នា ដប់​ប្រាំ​បួន​​នៃ ធ្វើ​ក្នុង​ឆ្នាំ​ថ្មី
នៃ​ខែ​មីនា ។

ដល់​ឆ្នាំ​ដប់​បី ទិវា​ស្ត្រី ផ្លាស់ប្ដូរ​វេលា
បាន​ប្ដូរ​​មក​ថ្ងៃ ប្រាំ​បី​មីនា ថ្ងៃ​នោះ​ជាប់​ជា
រហូត​សព្វ​ថ្ងៃ ។

ក្រោយ​មក​​អង្កការ សហប្រជា(២) ព្រម​ស្គាល់​សេរី
និង​ដាក់​ថ្ងៃ​នោះ ជា​ទិវា​ស្រី គ្រប់​​ជាតិ​លក​លៃ
ចាត់​ថ្ងៃ​សម្រាក ។

នៅ​កម្ពុជា ស្ថាប័ន​នានា សស្រាំ​សស្រាក់
ចូលរួម​អបអរ តាំង​​បដារ​ស្លាក លើក​សិទ្ធិ​ស្រី​ដាក់
ស្មើ​នឹង​បុរស ៕

 

ដោយ​ ទឹម បឿន
៨ មីនា ២០១១, ១១,៤៥ អាធ្រាត្រ

————-

(១) ១៩០៨
(២) អង្កការ​សហប្រជាជាតិ [១៩៧៥]

កំណាព្យ, ទឹម បឿន

តម្រា​ចូលឆ្នាំ​ថ្មី


ព្រហាម​ថ្ងៃ​ពុធ ទី​ដប់បួន​គត់ ក្នុង​ខែ​មេសា
ត្រូវ​បាន​កំណត់ តាម​ក្បួន​ហោរា កំណត់​ចារ​ថា
ពេល​ចូល​ឆ្នាំ​ថ្មី ។

ឆ្នាំ​ខាល​ទោស័ក ព្រលឹម​ត្រជាក់ ចូល​ដល់​សិរី
នៅ​​ម៉ោង​ប្រាំពីរ សាម​ប្រាំមួយ​នៃ ជា​ពេល​សួស្ដី
ដល់​រដ្ឋ​ប្រជា ។

មាន​ទេពធីតា រូប​ល្អ​ថ្លៃថ្លា ព្រះនាម​មណ្ឌា
គឺ​ជា​​បុត្រី កបិល​ព្រហ្មា ចូល​មក​រក្សា
គ្រប់គ្រង​​ដែន​ដី ។

គ្រង​ដោយ​អម្ពរ គឺ​អន​ដោយ​ពណ៌ បវរ​ល្អ​ក្រៃ
នៅ​ឯ​ព្រះ​កាណ៍ បុប្ផា​ពណ្ណរាយ ចម្ប៉ា​សព្វសាយ
គន្ធា​​ពិសិដ្ឋ ។

នៅ​ព្រះហស្ត​ឆ្វេង ឈើ​ច្រត់​នោះ​​ឯង សែន​ល្អ​វិចិត្រ
ខាង​ស្ដាំ​ទ្រង់​ម្ជុល ដ៏​ល្អ​ប្រណិត នៅ​ក​សម្អិត
ដោយ​កែវ​ពិទូរ្យ ។

យក​គទ្រភៈ ជា​ពាហនៈ គង់​ឆ្លង​ជម្ពូ
សោយ​ទឹកដោះ​ស្រស់ តាម​ការ​គន់គូរ មាន​មក​ជា​យូរ
តាំង​ពី​បុរាណ ។

នាំ​ទេពធីតា ដង្ហែ​សិរសា ហោះ​ឆ្ពោះ​ទៅ​កាន់
ធម្មមាលី ទី​ព្រៃ​ស្មសាន ក្នុង​ខែត្រ​ហិមពាន្ត
ភ្នំ​ព្រះ​សុមេរុ៍ ។

ហែរ​ប្រទក្សិណ បាន​មួយ​ជុំ​សិន ទើប​នាំ​ដង្ហែ
វិល​មក​ទី​ដើម តាម​ពាក្យ​ផ្ដាំផ្ដែ មហាព្រហ្មី
កាល​នៅ​ជន្មា ។

ក្បួន​ស្រេច​កាល​ណា ទើប​អស់​ទេវតា ចូល​ស្រង់​គង្គា
ក្នុង​មហាស្រះ ដ៏​ធំ​មហិមា ស្រង់​ស្រេច​កាលណា
រក្សា​សិល​ប្រាំ ។

តម្រា​បុរាណ ចារ​តាម​លំអាន នៃ​បុណ្យ​ចូលឆ្នាំ
ឲ្យ​អស់​ប្រជា គោរព​ប្រចាំ ត្រូវ​កត់​ចំណាំ
ត​ដល់​កូនចៅ ៕

ដោយ ទឹម បឿន
១០ មេសា ២០១០

អម្ពរ (ន) សំពត់
អន (គុ) ស្រគំ (ពណ៌)
កាណ៌ (ន) ត្រចៀក
ពិទូរ្យ (ន) ពេជ្រ​ភ្នែក​ឆ្មារ
គទ្រភៈ (ន) សត្វ​លា

កម្សាន្ត, កំណាព្យ, ទឹម បឿន

សិទ្ធិ​ស្រី​មួយ​ថ្ងៃ


ស = ស្រី ឬ​ប្រពន្ធ, ប = ប្រុស ឬ​ប្ដី

ស. ណែៗ​លោក​ប្ដី ដឹង​ទេ​សិទ្ធិ​ស្រី មាន​នៅ​ថ្ងៃ​ណា?
ប. បង​ថី​មិន​ដឹង ប្រាំបី​មិនា ស្រី​ពេញ​លោកា
បាន​សិទ្ធិ​ស្មើ​ប្រុស។

ស. អូហូ!​លោក​ប្ដី ដឹង​ពី​សិទ្ធិ​ស្រី ចាំ​ថ្ងៃ​គ្មាន​ខុស
ឥឡូវ​ស្រីៗ មាន​សិទ្ធិ​ស្មើ​ប្រុស ខាង​បង​ប្រុសៗ
ត្រូវ​ឲ្យ​តម្លៃ។

ប. បង​ដឹង​ហើយ​អូន ថ្ងៃ​សិទ្ធិ​មាស​ស្ងួន ត្រឹម​តែ​មួយ​ថ្ងៃ
រឿង​អី​ថា​បង មិន​ឲ្យ​តម្លៃ ត្រឹមតែ​មួយ​ថ្ងៃ
បង​សុំ​ធានា។

ប. ផុត​ពី​ថ្ងៃ​ហ្នឹង អូន​ឯង​ត្រូវ​ប្រឹង ខំ​ធ្វើ​ការងារ
លាង​ចាន​បោកគក់ កុំ​ខ្ជិល​រួញរា ប្រាំបី​មិនា
ចាំ​បង​រ៉ាប់​ចុះ។

ស. ថា​ម៉េច​លោក​ប្ដី!! អូន​ប្រាប់​ថា​ស្រី សិទ្ធិ​ស្មើ​នឹង​ប្រុស
បង​ឯង​និយាយ ដូច​យល់​ន័យ​ខុស សិទ្ធិ​ស្រី​ស្មើ​​ប្រុស
មាន​តែ​មួយ​ថ្ងៃ??

ប. បង​យល់​ខុស​អ្ហី?? នៅ​ថ្ងៃ​ប្រាំបី បង​ឮ​គេ​ផ្សាយ
ផ្សាយ​ឡើង​កោកៗ ថា​ស្រី​ទាំង​ឡាយ នាំ​គ្នា​​សប្បាយ
ព្រោះ​ប្ដី​ជួយ​ការ។

ស. លោក​ប្ដី​សម្លាញ់ ធ្វើ​ឲ្យ​អូន​ក្នាញ់ នឹង​បង​ណាស់​ណា
សិទ្ធិ​ស្រី​មាន​តែ មួយ​ថ្ងៃ​ឬ​ចាស! បង​ចាំ​មើល​ណា
ចាំ​មើល​ចុះ​បង!!

កំណាព្យ, ទឹម បឿន

កុំ​កាត់​ឱ្យ​សូន្យ


ពាក្យ​ដែល​ប្អូន​ធ្លាប់​ស្ដី​ប្រាប់​បង
ពាក្យ​ធ្លាប់​សាសង​គ្រា​ដែល​ស្និទ្ធ
នៅ​តែ​ដក់​ជាប់​ក្នុង​ដួងចិត្ត
ស្រមោល​វរមិត្រ​តាម​គ្មាន​ឃ្លាត។

ប្អូន​អើយ​បង​សុំ​ប្អូន​​សិន​ចុះ
ទម្រាំ​អាច​ដោះ​ទុក្ខ​ចង្អៀត
សង្ឃឹម​ថ្ងៃ​ស្អែក​ថ្មី​មួយ​ទៀត
ស្រមោល​ចាក​ឃ្លាត​ទៅតាម​ប្អូន។

កុំ​បន្ទោស​បង​ណា​មាសម៉ុម
សូម​កុំ​បង្ខំ​កាត់​ឱ្យ​សូន្យ
បង​នៅ​អាល័យ​ភក្ត្រ​ស្រពោន
មេត្តា​ផង​ប្អូន​ដល់​ចិត្ត​បង។

(ទឹម បឿន, ភ្នំពេញ, ៥ មិនា ២០០៨)

កំណាព្យ, ទឹម បឿន

បុណ្យ​សង្សារ​ឆ្នាំ​មុន


ដប់បួន​កុម្ភៈ គ្រប់គ្នា​ដឹង​ជាក់ ថ្ងៃ​បុណ្យ​សង្សារ
ឆ្នាំ​មុន​ស្មើ​នេះ ខ្ញុំ​នៅ​សាលា អង្គុយ​សិក្សា
ក្បែរ​អ្នក​ខ្ញុំ​ស្នេហ៍។

គ្រូ​ខំ​បង្រៀន ពន្យល់​មេរៀន មក​ជា​ហូរហែ
អាសូរ​តែ​ខ្ញុំ បាន​ជិត​ស្រី​ស្នេហ៍ មិន​បាន​ខ្វល់​ទេ
នឹង​មេរៀន​ថ្មី។

ចេញ​ពី​រៀន​ភ្លាម រត់​ស្ទើរ​ជ្រុះ​ឈាម សំដៅ​ផ្សារ​ថ្មី
ទិញ​ផ្កា​មួយ​ទង យក​ទៅ​ជូន​ស្រី ផ្កា​ស្រស់​ស្លឹក​ខ្ចី
គួរ​គាប់​ចិន្ដា។

ទិញ​ផ្កា​បាន​ឆាប់ រត់​យ៉ាង​ប្រញាប់ វិល​ទៅ​សាលា
ខ្លាច​មិត្ត​ភក្ដិ​ឃើញ គេ​បង្អាប់​ថា ទើប​ខ្ញុំ​យក​ផ្កា
លាក់​ក្នុង​ហោប៉ៅ។

ទៅ​ដល់​មាន​អី រត់​ហត់​ចង់​ក្ស័យ បែក​ញើស​ជោក​អាវ
ត្រជាក់​ដល់​ខោ ទាំង​ក្នុង​ទាំង​ក្រៅ លូក​ស្ទាប​ហោប៉ៅ
ផ្កា​បាក់​ខ្ទេច​អស់។

នឹក​ខឹង​ចង់​យំ រវល់​សន្ធំ ស្រមៃ​កៀន​កោះ
ភ្លេច​នឹក​ថា​ផ្កា ក្នុង​ហោប៉ៅ​ស្មោះ ផ្កា​ហ្នឹង​ខ្ទេច​អស់
បង់​បោះ​ឥត​ការ។

ខឹង​នោះ​សែន​ខឹង តែ​ខ្ញុំ​មិន​ដឹង នឹង​ធ្វើ​យ៉ាង​ណា
ខ្លាច​មិត្ត​ភក្តិ​ដឹង ថា​ខ្ញុំ​ទិញ​ផ្កា ទើប​ខំ​ទៅ​ផ្សារ
ទិញ​ផ្កា​ស្ងាត់ៗ។

មួហ្មង​ក្រៃ​លែង ឈរ​ស្ដាយ​ម្នាក់ឯង កន្លែង​បាំង​បាត់
ថ្លាថ្លែង​ខ្សឹបៗ អស់​បួន​ដប់​ម៉ាត់ ទើប​ដាច់​ចិត្ត​កាត់
ថា​លែង​ខ្មាស​គេ។

នៅ​មុខ​សាលា មាន​គេ​លក់​ផ្កា ក៏​មិន​តិច​ដែរ
ខ្ញុំ​ទៅ​ប្រញាប់ ឈរ​អើត​ក្រោយ​គេ មិត្ត​ខ្ញុំ​មិត្ត​គេ
នៅ​ក្បែរ​នោះ​ផង។

អៀន​មិន​តិច​ទេ ប៉ុន្តែ​ព្រោះ​ស្នេហ៍ ដែល​ខ្ញុំ​កួច​ប៉ង
«ខ្មាស​នៅ​មួយ​ដុំ ខ្ញុំ​សុំ​តែ​ម្ដង សម្រេច​បំណង
សឹម​អ្នក​មក​វិញ។»

មិត្ត​ខ្ញុំ​ម្នាក់​នោះ ខំ​ប្រឹង​ឈ្មុលឈ្មូស ប្រជ្រៀត​ចូល​ទិញ
ទិញ​បាន​គេ​ត្បុរ ចេញ​មក​ក្រៅ​វិញ ឃើញ​ខ្ញុំ​សើច​ស្ញេញ
ហក់​មក​គោះ​ស្មា។

«នែ​អា​សម្លាញ់ ម្ដេច​មិន​ប្រាប់​អញ ថា​មាន​សង្សារ
មក​ដល់​ពេល​នេះ ទើប​អញ​ដឹង​ការ លួច​មាន​សង្សារ
ពេល​ណា​ហ្នឹង​វ៉ើយ?»

ខ្ញុំ​នេះ​ឡើង​ខ្មេរ អៀន​អ្វី​ម្ល៉េះ​ទេ មិន​ដឹង​តប​ឆ្លើយ
ម្ដេច​ឯង​មក​សួរ អា​សម្លាញ់​អើយ អញ​មិន​ដឹង​ឆ្លើយ
ប្រាប់​ថា​ម្ដេច​ទេ។

ឃើញ​ខ្ញុំ​មិន​ស្ដី វា​ក៏​ធ្វើ​ហី ដើរ​ចេញ​លឿន​ខ្មេរ
សួរ​ខ្ញុំ​នាំ​ឱ្យ ខ្ញុំ​នេះ​ខ្មាស​គេ គ្រប់​គ្នា​ងាក​បែរ
មើល​មុខ​ខ្ញុំ​ព្រាត។

ទិញ​ផ្កា​នោះ​បាន ខ្ញុំ​រៀប​ចំ​ប្រាណ រៀប​ឫក​មារយាទ
ប្រញាប់​ទៅ​វឹង គ្មាន​ចាំ​អី​ទៀត ស្រាប់​គេ​មើល​ព្រាត
ឃើញ​ខ្ញុំ​កាន់​ផ្កា។

ខ្ញុំ​អៀន​នោះ​អៀន ដើរ​ទៅ​មិន​ហ៊ាន ងើប​មើល​អ្នក​ណា
ស្រាប់​តែ​ភ្ញាក់​ព្រើត នឹង​ពាក្យ​វាចា «ជូន​ផ្កា​អ្នក​ណា
ប្រាប់​បាន​ទេ​បង?»

ខ្ញុំ​បុក​ពោះ​ភឹប វិះ​នឹង​ដួល​គ្រឹប កន្លែង​នោះ​ម្ដង
ឃើញ​ស្រី​ញញឹម ស្ដាប់​ឮ​ហៅ​បង ខ្ញុំ​អរ​កន្លង
តែ​ភ័យ​ចង់​ស្លាប់។

ខំ​ញញឹម​ជួយ ឱ្យ​បាន​ជំនួយ មុន​នឹង​សាសព្ទ
ភ័យ​ផង​អរ​ផង លុះ​ភ្លេច​ស្ដី​ប្រាប់ ញញឹម​ដូច​ស្លាប់
អត់​មាន​វាចា។

ស្រី​ឆាប់​ស្ដី​វឹង «មិន​ព្រម​ឱ្យ​ដឹង ក៏​អត់​ចុះ​ណា
កំណាញ់​ខ្លាំង​ម្ល៉េះ គ្រាន់​តែ​សង្សារ ខ្ញុំ​ក៏​មាន​ការ
សុំ​ទៅ​សិន​ហើយ។»

ខ្ញុំ​ឈរ​គាំង​ធ្មឹង ស្រី​ចេញ​ទៅ​វឹង អស់​ពេល​បាន​ឆ្លើយ
ផ្កា​នៅ​នឹង​ដៃ ជិត​នាង​បង្កើយ ហុច​ទៅ​ក៏​ហើយ
អស់​ខ្វល់​ចិន្ដា។

តែ​នេះ​វា​ថី នៅ​គាំង​សម្ដី គាំង​ទាំង​កាយា
ពេល​នាង​ទៅ​បាត់ ទើប​ស្លុង​ចិន្ដា នឹក​ស្ដាយ​ម្ល៉េះ​ណា
សង្ខារ​ស្ទើរ​ក្ស័យ។

នៅ​ឈរ​ភ្លាំង​ភ្លឹក អស់​យូរ​សន្ធឹក ទើប​នឹក​ជា​ថ្មី
ខ្ញុំ​ត្រូវ​ទៅ​តាម ឱ្យ​បាន​ជួប​ស្រី ម្ដង​នេះ​លែង​ភ័យ
ត្រូវ​តែ​ក្លាហាន។

ស្ទុះ​រត់​ទៅ​វឹង ឈរ​ឈប់​សម្លឹង រក​មើល​កល្យាណ
តែ​មិន​ឃើញ​នាង រឹត​ខ្វល់​ក្នុង​ប្រាណ ងាក​ទៅ​សព្វ​ឋាន
មិន​ឃើញ​សោះ​ណា។

ខ្ញុំ​ច្បាស់​អស់​ផ្លូវ ពេល​នេះ​នាង​ទៅ មិន​នៅ​សាលា
មិន​គួរ​សោះ​ឡើយ ធ្វើ​ឱ្យ​ខក​ការ ទើប​វិល​វិញ​រ៉ា
ទាំង​ចិត្ត​ទោម្នេញ។

ចូល​ក្នុង​សាលា មើល​ទៅ​អ្នក​ណា ក៏​សើច​ស្ញាញ​ស្ញេញ
ញញឹម​ញញែម គ្រប់​ទី​ពាស​ពេញ ឯ​ខ្ញុំ​នេះ​វិញ
ស្ទើរ​ប្រេះ​ឱរា។

កំពុង​ទុក្ខ​ធំ ក្នុង​ទ្រូង​ក្ដៅ​ងំ ស្ទើរ​ដាច់​សង្ខារ
ស្រាប់​តែ​ងាក​ទៅ ឃើញ​ស្រី​ជីវា ឈរ​ក្បែរ​គុម្ព​ផ្កា
ញញឹម​ផ្អៀង​ផ្អង។

ខ្ញុំ​អរ​ឡើង​ពើត រត់​ទៅ​លឿន​ស្លើត សំដៅ​នួនល្អង
ពេញ​ដោយ​សង្ឃឹម ញញឹម​ទៅ​ផង ដល់​នឹង​ប្រាប់​ម្ដង
ថា​បង​ស្រឡាញ់។

ទៅ​ដល់​ឈប់​ញ៉ាច់ ឃើញ​ផ្កា​មួយ​បាច់ នៅ​ដៃ​សម្លាញ់
គេ​ហុច​ឱ្យ​នាង ប្រាប់​ក្ដី​ស្រឡាញ់ នាង​ឆ្លើយ​តប​វិញ
ថា​អូន​ក៏​ស្ម័គ្រ។

(ដោយ ទឹម បឿន ១៤ កុម្ភៈ ២០០៨)

កំណាព្យ, ទឹម បឿន

គ្មាន​ទេ​ពាក្យ​ស្នេហ៍


(ប) អូន​អើយ​ប្រាប់​បង​បាន​ដែរ​ទេ
ថា​ចិត្ត​ស្រី​ស្នេហ៍​គិត​យ៉ាង​ណា
តើ​ព្រម​យក​បង​ធ្វើ​សង្សារ
ឬ​យល់​យ៉ាង​ណា​ប្រាប់​មក​ស្រី។

(ស) ពេល​នេះ​អូន​ក៏​ចង់​ប្រាប់​បង
ឱ្យ​បាន​ដឹង​ម្ដង​អស់​សង្ស័យ
កុំ​ឱ្យ​ខាត​ពេល​ទៅ​វែង​ឆ្ងាយ
ប្រាប់​តាម​សេចក្ដី​នៃ​ដួងចិត្ត។

(ស) ចិត្ត​អូន​គ្មាន​ទេ​ពាក្យ​ស្នេហា
គ្មាន​ពាក្យ​សង្សារ​ឱ្យ​បង​គិត
បង​ជា​បង​ប្រុស​ដែល​ប្អូន​ស្និទ្ធ
មិន​ដែល​ហ៊ាន​គិត​លើស​ហ្នឹង​ណា។

(ប) ពិត​មែន​ឬ​អូន? កុំ​ថា​លេង
ប្រើ​ពាក្យ​​សំដែង​សាក​ស្នេហា
បង​ពិត​ស្មោះស្ម័គ្រ​មិន​សាវា
ពិសោធន៍​ចិន្ដា​ដល់​ណា​ថ្លៃ។

(ប) ស្នេហ៍​បង​​ស្ម័គ្រ​​ស្មោះ​លើ​អូន​ពិត
មិន​មែន​ប្រឌិត​ឬ​បំភ្លៃ
ចាំ​បាច់​ពិសោធន៍​យូរ​ធ្វើ​អ្វី
យល់​ចិត្ត​សូម​ស្រី​ប្រាប់​ត្រង់​ចុះ។

(ស) បង​អើយ​អូន​មិន​បាន​ថា​លេង
មិន​បាន​សំដែង​ដាក់​បង​ប្រុស
សូម​បង​កុំ​គិត​យល់​ផ្លូវ​ខុស
បង​ជា​បង​ប្រុស អូន ប្អូន​ស្រី។

(ប) អូន​បង? ម្ដេច​អូន​ប្រាប់​ដូច្នោះ
ឬ​បង​ធ្វើ​ខុស​ទាស់​រឿង​អ្វី
បើ​បង​ខុស​មែន​សូម​អូន​ស្ដី
ឱ្យ​ដឹង​សេចក្ដី​ពី​កំហុស។

(ប) ឬ​អូន​អន់​ចិត្ត​នឹង​ពាក្យ​បង
ដែល​ស្ដី​សាសង ប្រាប់​មក​ចុះ
បង​ពិត​មិន​បាន​ដឹង​ខ្លួន​ខុស
ព្រោះ​សាសង​នោះ​សាក​ចិត្ត​ស្រី។

(ស) ខ្ញុំ​មិន​ចង់​ប្រាប់​អ្វី​ច្រើន​ទេ
ដឹង​ត្រឹម​មិន​ស្នេហ៍​ចប់​សេចក្ដី
បើ​បង​ព្រម​រាប់​ជា​ប្អូន​ស្រី
សូម​កុំ​គិត​អ្វី​រឿង​ស្នេហា។

(ប) ធ្វើ​ចិត្ត​មិន​បាន​ទេ​ពន្លក
ពេល​កន្លង​មក​គិត​យ៉ាងណា
ធ្លាប់​ថើប​អង្អែល​កាយ​ជីវា
ម្ដេច​អូន​ឆ្លើយ​ថា​មិន​ស្នេហ៍ស្និទ្ធ។

(ស) សូម​កុំ​រំឭក​ទៀត​ឱ្យ​សោះ
មិន​ធ្វើ​បង​ប្រុស ខ្ញុំ​ឈប់​គិត
បើ​នៅ​តែ​រឹង​ធ្វើ​តាម​ចិត្ត
ក្នុង​មួយ​ជីវិត​យើង​ឈប់​ស្ដី។

(ប) ម្ដេច​ធ្វើ​ដូច្នេះ​ដាក់​មក​បង
ឬ​ស្រស់​នួនល្អង​មាន​អ្នក​ថ្មី
បោះបង់​បង​ចោល​កាត់​និស្ស័យ
បើ​មែន​គ្មាន​អ្វី​នឹង​តវ៉ា។

(ស) ខ្ញុំ​ធ្លាប់​ប្រាប់​បង​រួច​ម្ដង​ហើយ
តែ​បង​កន្តើយ​មិន​ស្ដាប់​ការ
នៅ​តែ​ចចេស​តាម​ស្នេហា
ខ្ញុំ​ប្រាប់​ហើយ​ណា​កុំ​បន្ទោស។

(ស) ចរិត​ដូច​បង​ប្រាប់​ចុះ​ណា
ខ្ញុំ​មិន​ប្រាថ្នា​ឱ្យ​កើត​ទោស
ឃើញ​ភ្លាម​ស្នេហ៍​ភ្លែត​មិន​ដឹង​ខុស
ប្រាប់​ម្ដង​ទៀត​ចុះ​ថា​ខ្ញុំ​ស្អប់។

(ស) បើ​បង​មិន​ព្រម​ធ្វើ​បង​ប្រុស
នៅ​តែ​គិត​ខុស​មិន​ចេះ​ចប់
មួយ​ជីវិត​នេះ​ឈប់​មក​រាប់
ខ្ញុំ​សូម​បញ្ចប់​ត្រឹម​ហ្នឹង​ចុះ។

(ប) បានៗ​បង​ព្រម​តាម​ចិត្ត​ស្រី
គ្រប់​រឿង​អ្វីៗ​បង​យល់​ខុស
ឱ្យ​បង​សុំទោស​ប្អូន​ស្រី​ចុះ
បង​ជា​បង​ប្រុស​ណា​ប្អូន​ណា។

(ស) ល្អ​ណាស់​បង​ប្រុស​គិត​បែប​ហ្នឹង
កុំ​គិត​តានតឹង​រឿង​ស្នេហា
ប្រាប់​ត្រង់​ពេល​នេះ​គ្មាន​អ្នក​ណា
តែ​រឿង​ស្នេហា​ប្អូន​ឈប់​គិត៕

(ដោយ ទឹម បឿន ៣១ មករា ២០០៨)

កំណាព្យ, ទាក់ទង​នឹង​ខ្ញុំ, ទឹម បឿន

កំណាព្យ​​របស់​ខ្ញុំ​មាន​មុខ​នៅ​លើ​កាសែត​ជា​លើក​ទី​មួយ


កំណាព្យ​របស់​ខ្ញុំ​ ត្រូវ​បាន​កាសែត​ ខេមរា នៅ​សហរដ្ឋ​អាមេរិក យក​ទៅ​ចុះ​ផ្សាយ​ក្នុង​លេខ​១២៣ ឆ្នាំ​ទី​៣ ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០០៧ ទំព័រ A21 ។ នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​កំណាព្យ​របស់​ខ្ញុំ​ត្រូវ​បាន​ចាប់​អារម្មណ៍ និង​​​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដ៏​ខ្លាំង​បំផុត ដែល​ជួយ​ជំរុញ​ទឹក​ចិត្ត​​របស់​ខ្ញុំ​ឲ្យ​កាន់​តែ​ចាប់​អារម្មណ៍​ទៅ​លើ​សិល្បៈ​សរសេរ​កំណាព្យ​នេះ​មួយ​កំរិត​ទៀត ។ កំណាព្យ​នេះ ខ្ញុំ​សរសេរ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០០៧ ហើយ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ទីនេះ ។ កំណាព្យ គឺ​ជា​សិល្បៈ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​សិល្បៈ​បុរាណ​ខ្មែរ ដែល​យើង​សង្កេត​ឃើញ​តាម​រយៈ​អក្សរសិល្ប៍ សិលា​ចរិត ក្បួន​ខ្នាត​​សម្រាប់​អប់រំ​ផ្សេង ៗ របស់​ដូនតា​យើង ភាគ​ច្រើន​គាត់​ប្រើ​កំណាព្យ​សម្រាប់​សរសេរ ឬ សម្រាប់​អប់រំ​កូន​ចៅ ព្រោះ​ជា​សិល្បៈ​មួយ​ងាយ​ស្រួល​ក្នុង​ការ​ទាក់​ទាញ​ទឹក​ចិត្ត​របស់​អ្នក​អាន​ ឲ្យ​ឆាប់​ចាប់​អារម្មណ៍ ។ កំណាព្យ​នេះ​ដែរ ក៏​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​តាក់​តែង​បទ​ចម្រៀង​​ផង​ដែរ ។ មាន​មិត្រ​ភក្តិ​មួយ​ចំនួន​ដែល​មិន​ចូល​ចិត្ត​កំណាព្យ ហើយ​យល់​ថា​ ជា​ភាព​ចាស់​គំរិល ដែល​យើង​មក​អង្គុយ​តែង​កំណាព្យ​នៅ​ក្នុង​សម័យ​នេះ ព្រោះ​គ្មាន​នរណា​គេ​ចង់​អាន ចង់​ស្ដាប់​ទៀត​ទេ ប៉ុន្តែ​បើ​តាម​ខ្ញុំ​សង្កេត​មើល​តាម​វិបសៃត៍ និង ប្លក់​មួយ​ចំនួន​ធំ ឃើញ​ថា​មិន​សូវ​បោះបង់​កំណាព្យ​ប៉ុន្មាន​ទេ គឺ​គេ​តែង​តែ​យក​កំណាព្យ​មក​ដាក់​ជា​ផ្នែក​មួយ​នៃ​វិបសៃត៍​របស់​គេ ។ តួ​យ៉ាង ខ្ញុំ​ក៏​ឃើញ​មាន​មិត្រ ៗ ភាគ​ច្រើន​ចេះ​តាក់តែង​បទ​កំណាព្យ​ ហើយ​តែង​បាន​ល្អ ៗ ទៀត​​ផង ជា​ពិសេស​មិត្រ​រួម​ប្លក់ និង មិត្រ​នៅ​តាម​ទំព័រ​វេទិការ ជា​ដើម នេះ​បញ្ជាក់​ថា កំណាព្យ​នៅ​តែ​ពេញ​និយម​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ។ ខ្ញុំ​សង្ឃឹម​ថា កំណាព្យ ដែល​ជា​កេរ្តិ៍​ពី​ដូនតា​របស់​យើង នឹង​នៅ​តែ​មាន​តម្លៃ ហើយ​មាន​ភាព​រស់​រវើក ក្នុង​សម័យ​កាល​នេះ និង ត​ទៅ​អនាគត ។ សម្រាប់​ខ្ញុំ ក៏​នឹង​ខិត​ខំ​ត​ទៅ​ទៀត សង្ឃឹម​ថា ខ្ញុំ​នឹង​​អាច​ជា​​​មនុស្ស​ម្នាក់​ដែល​អាច​ជួយ​​​ស្ទួយ​លើ​ផ្នែក​នេះ​ផង​ដែរ ។

សូម​អរគុណ​ដល់​កាសែត​ខេមរា

p21.jpg
​នៅ​លើ​កាសែត​ខេមរា

http://khemaratimes.com

ទឹម បឿន

រក​ផល​ជាតិ​ក្រោយ


ទុក្ខ​អ្នក​សុំ​ទាន ខ្ញុំ​យល់​ច្បាស់
ពិត​វេទនា​ណាស់ ពុំ​មាន​​ស្បើយ
ប្រៀប​ជា​​សមុទ្រ ពុំ​យល់​​ត្រើយ
អ្នក​សុំ​ទាន​​អើយ សែន​​វេទនា ។

ថ្ងៃ​បន់ យប់​បន់ អង្វរ​ព្រះ
សូម​ជួប​ប្រទះ ភ័ព្វ​វាសនា
បាន​រស់​ដូច​គេ ក្នុង​លោកា
មិន​បាន​វីឡា ក៏​មិន​ថ្វី ។

សុំ​ត្រឹម​ខ្ទម​មួយ ជា​ជម្រក
គ្រួសារ​បាន​ជ្រក រួម​ភក្ដី
ជួប​ជុំ​បង​ប្អូន ញាតិ​ប្រុស​ស្រី
បញ្ជៀស​ដេក​ដី ដូច​ពេល​នេះ ។

សុំ​ត្រឹម​តិច​តួច តែ​ប៉ុណ្ណឹង
គ្មាន​ទេវតា​ដឹង ជួយ​ត្រិះរិះ
ប្រហែល​ផល​កម្ម តាម​មក​​ជិះ
ជាតិ​មុន ជាតិ​នេះ ធ្វើ​មិន​ល្អ ។

ផល​កម្ម​តប​ស្នង គ្មាន​អ្នក​​ដឹង
មាន​តែ​ខំ​ប្រឹង កែ​លម្អរ
ទុក​ផល​ជាតិ​ក្រោយ ថ្កើង​បវរ
កុំ​ឲ្យ​ក្រី​ក្រ ព្រោះ​វេរា ។

ទឹម បឿន

ស្ដាយ​ពន្លឺ​ចន្ទ


ព្រះចន្ទ​លើ​មេឃ ថ្ងៃ​ដប់ប្រាំ
រស្មី​ជះកាំ មក​ផែន​ដី
បំភ្លឺ​មនុស្ស​លោក ទាំង​ប្រុស​ស្រី
នាំ​ឲ្យ​រាត្រី កាន់​តែ​ស្រស់ ។

ឱ​រាត្រី​​អើយ រាត្រី​ស្ងាត់
យប់​ជ្រៅ​សែន​ស្ងាត់ គួរ​ស្រណោះ
មនុស្ស​ចូល​និន្ទ្រា លង់​លក់​អស់
នៅ​ខ្ញុំ​ស្រណោះ តែ​ម្នាក់​ឯង ។

ស្រណោះ​អាល័យ ដល់​រស្មី
សែន​ស្ដាយ​រាត្រី ពន់​ក្រៃ​លែង
ស្ដាយ​ណាស់ មិន​ចង់​ចូល​ទៅ​គេង
ចង់​គន់​ម្នាក់​ឯង តាម​ចិន្ដា ។

ស្ដាយ​តែ​ចន្ទ​អើយ នៅ​សែន​ឆ្ងាយ
ឆ្ងាយ​អើយ​សែន​ឆ្ងាយ ពី​ហត្ថា
ទោះ​ចិត្ត​គួច​ផ្សង ជិត​កាយា
ហាក់​គ្មាន​វាសនា ប្រាថ្នា​ឡើយ ។

ប្រៀប​ដូច​ស្នេហ៍​ខ្ញុំ ​នៅ​ជើង​មេឃ
នឹក​គួរ​សង្វែក គ្មាន​ល្ហែរល្ហើយ
បាន​ត្រឹម​វាចា សា​ស័ព្ទ​ឆ្លើយ
ប៉ុន្តែ​កាយ​អើយ គ្មាន​វាសនា ។

ទឹម បឿន

ផ្កាយ​ច្រឡឹង


ផ្កាយ​អើយ អើយ​រ៉ា តូច​ច្រឡឹង
ផ្កាយ​ប្រឹង អើយ​រ៉ា ចាំង​រស្មី
យប់​ជ្រៅ អើយ​រ៉ា រឹត​ថ្លាថ្លៃ
ផ្កាយ​អ្វី អើយ​រ៉ា រះ​តែ​ឯង?

សម្លឹង​ អើយ​រ៉ា មើល​ផ្កាយ​តូច
នឹក​ផ្នួច អើយ​រ៉ា សែន​ចំបែង
ចន្ទ្រា អើយ​រ៉ា បាត់​សូរ្យសែង
ចាក​ចេញ អើយ​រ៉ា ចោល​លោកិយ ។

ផ្កាយ​តូច អើយ​រ៉ា អាណិត​ណាស់
ប្រឹង​រះ អើយ​រ៉ា ជួយ​រាត្រី
អន្ធការ អើយ​រ៉ា មិន​ប្រណី
រស្មី​ អើយ​រ៉ា គ្មាន​ន័យ​ឡើយ ។

(ទំនុក អើយរ៉ា)

ដោយ ទឹម បឿន
២១ កក្កដា ២០០៧ ០០”៣០

កំណាព្យ​នេះ និយាយ​ពី​ចិត្ត​របស់​មនុស្ស​​​ម្នាក់​ដែល​រវើរវាយ ក្នុង​ពេល​រាត្រី​ដ៏ កណ្ដោច​កណ្ដែង​ស្ងាត់​ឈឹង ដែល​អង្គុយ​សម្លឹង​មើល​កូន​ផ្កាយ​តូច​មួយ​ដ៏​ចម្លែក បន្ទាប់​ពី​ដួងចន្ទ្រា​លិច​បាត់​ទៅ ធ្វើ​ឲ្យ​ភាព​ងងឹត​ចូល​មក​ដល់ ភាព​ឯកា​ក៏​មក​រួមរឹត​ប្រាណ ទើប​បណ្ដាល​ឲ្យ​​ធម្មជាតិ​ក្លាយ​ជា​មាន​ជីវិត និង​យក​ធម្មជាតិ​មក​រៀបរាប់ ដើម្បី​បំបាត់​ភាព​ចំបែង​របស់​ខ្លួន ។ ន័យ​ចំ គឺ​ចង់​និយាយ​ពី​រាត្រី​ដែលព្រងើយ​កន្ដើយ និង​កូនផ្កាយ​ដែល​ខំ​ប្រឹង​បំភ្លឺ​​ភាព​អន្ធការ តែ​មិន​អាច​ផ្គាប់​ចិត្ត​ភាព​អន្ធការ​​បាន ។ ន័យ​បញ្ឆៀង ចង់​និយាយ​ពី​ការ​ខិតខំ​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង ​ដែល​អាច​ធ្វើ​បាន សម្រាប់​អ្នក​ដែល​ខ្លួន​ស្រលាញ់ តែអ្នក​ដែល​ខ្លួន​ស្រលាញ់ ហាក់​ដូច​ជា​មិន​អើពើរ ដែល​ហាក់​ដូច​ជា​​គ្មាន​ន័យ​សោះ​សម្រាប់​គេ ។

ពិត​ជា​គួរ​ឲ្យ​អាសូរ​កូន​ផ្កាយ​ណាស់ អន្ធការ​មាន​តែ​ដួងចន្ទ​ប៉ុណ្ណោះ! តើ​ផ្កាយ​ខំ​ប្រឹង​បំភ្លឺ​អ្នក​ណា? អ្នក​គ្មាន​ន័យ​​សោះ​ឡើយ​សម្រាប់​ភាព​អន្ធការ​ ។