កំណាព្យ, ទឹម បឿន, Uncategorized

គ្មាន​ផ្កា​ឲ្យ​អូន


ថ្ងៃនេះគឺថ្ងៃបុណ្យស្នេហា
អូនប៉ងប្រាថ្នាផ្កាពីប្ដី
តិចតួចឬច្រើនក៏មិនថ្វី
បញ្ជាក់ថាប្ដី គិតដល់អូន។

រំពឹងពីព្រឹក ដល់ថ្ងៃត្រង់
គិតថាបងចង់ surprise ស្ងួន
ច្បាស់ជាលោកប្ដីលាក់បំពួន
ដល់ពេល នឹមនួនយកជូនស្រី។

រសៀលទល់ល្ងាចមិនទាន់ឃើញ
រង់ចាំលុះដល់ពេលរាត្រី
អូនងងុយគេងហើយលោកប្ដី
ម្ដេចក៏ប្រុសថ្លៃសំងំស្ងៀម។

សង្ស័យប្រហែលមិនដូចគិត
លោកប្រុសស្នេហ៍ស្និទ្ធមិនបានត្រៀម
អូនអន្ទះសាស្ទើរស្រក់ឈាម
បងសម្ងំស្ងៀមមិនចេញស្ដី។

ហេតុអ្វីក៏បងធ្វើដូច្នេះ
ឬក៏ពេលនេះ ប្រែចិត្តថ្មី
បងប្លែកខុសមុនហើយចរណៃ
ឱ!ទឹកភ្នែកស្រី ហូរមកហើយ។

មិនចង់ឲ្យបងឃើញអូនយំ
តែទប់មិនយំលែងបានហើយ
បណ្ដោយតាមចិត្តចុះលោកអើយ
យំហើយ និយាយឲ្យអស់ម្ដង។

“ម្ដេចបងមិនគិតដល់រូបអូន
ម្ដេចស្ងួនមិនមើលគូគេផង
ម្ដេចក៏មិនដឹងពីបំណង
ម្ដេចបងមិនទិញផ្កាជូនអូន!”

“នេះឬបងថាស្រឡាញ់ស្រី
តើស្មោះនឹងស្រី ឬលាក់ពួន
មានស្រីខាងក្រៅ ចោលរូបអូន
ប្រាប់ត្រង់គង់អូនឲ្យបងទៅ!”

លោកប្ដីតបថា “អូនសម្លាញ់!
ម្ដេចក៏ខឹងប្ដីដូច្នេះពៅ
ឲ្យឈប់ស្នេហ៍អូនម្ដេចបានទៅ
បើពៅអូនល្អដូច្នេះថ្លៃ។”

“មើលចុះទឹកភ្នែកជោគភត្ត្រា
កុំខឹងបងណាពៅពីសី
ស្រឡាញ់អូនធំជាងផែនដី
ហេតុអ្វីអូនមិនដឹងចិត្តបង។”

“រាល់ថ្ងៃស្រឡាញ់អូនប៉ុណ្ណា
នឹកមើលជីវ៉ា ទឹកចិត្តបង
មិនមែនមួយឆ្នាំស្នេហាម្ដង
ស្នេហ៍បង បងស្នេហ៍រៀងរាល់ថ្ងៃ។”

“បងជូតទឹកភ្នែកណាម្ចាស់ចិត្ត
ក្នុងមួយជីវិតមានតែស្រី
មិនដែលគេចកែចិត្តរកថ្មី
យល់ឬនៅថ្លៃ ក្ដីស្នេហ៍បង?”

រៀបរាប់ប៉ុណ្ណឹងឲ្យអូនគិត
ថាគូជីវិតពិតស្នេហ៍ស្នង
មិនដែលភ្លាំងភ្លាត់ឲ្យខុសឆ្គង
អូនគិតរំលងព្រោះតែផ្កា។

ឥទ្ធិពលបុណ្យក្ដីស្រឡាញ់
មិនមែនសុទ្ធល្អសោះឯណា
អ្នកខ្លះរីករាយ ខ្លះឡាំប៉ា
ព្រោះតែប្រាថ្នាស្នេហ៍ភក្ដី។

មានផ្កាអត់ផ្កា មិនសំខាន់
សំខាន់ស្នេហ៍ស្មោះប្រពន្ធប្ដី
មិត្តភ័ក្ត្រពេបជ្រាយ មានទៅស្អី
ស្នេហាភក្ដី ជាមង្គល។

ដោយ ទឹម បឿន
១៥ កុម្ភៈ ២០១៧ ១:៤៧ យប់

កីឡា

លទ្ធផល​បាល់ទាត់​នៅ​ស៊ីហ្គេម ត្រឹម​ថ្ងៃ ៩ វិច្ឆិកា


ថ្ងៃ​ទី ៩ វិច្ឆកា ក្នុង​ពូល A, ម៉ាឡេស៊ី  ជួប ​ថៃ​ក្នុង​លទ្ធផល ២-១, កម្ពុជា​ ជួប សិង្ហបុរី ក្នុង​លទ្ធផល ១-២ ខណៈ ពូល B, ភូមា ជួប ព្រុយណេ លទ្ធផល ៤-០, វៀតណាម ជួប ទីម័រឡេស្តេ លទ្ធផល ២-០

ក្នុង​ការជួប​គ្នា​រវាង កម្ពុជា និង សិង្ហបុរី កម្ពុជា​បាន​នាំ​មុខ ១-០ ក្នុង​តង់​ទី​មួយ ដោយ​កីឡាករ ឈិន ឈឿន ពាក់​ស្លាក​លេខ ៨ នៅ​នាទី ៣៨, ក្នុង​តង់​ទី​ពីរ សិង្ហបុរី រក​បាន​ ២ គ្រាប់​វិញ​ដោយ​កីឡាករ កាម៉ាល នៅ​នាទី ៥៦ និង​កីឡាករ​ឈ្មោះ នេល នៅ​នាទី ៧៤ ដែល​ធ្វើ​ឲ្យ​កម្ពុជា​នៅ​រក្សា​ពិន្ទុ ០ ដដែល​​ក្នុង​ពីរ​ប្រកួត ទន្ទឹម​នឹង​ថៃ​មិន​ទាន់​រក​បាន​ពិន្ទុ​នៅ​ឡើយ​ក្នុង​មួយ​ប្រកួត​របស់​ខ្លួន​ថ្ងៃ​ទី ៩ វិច្ឆិកា នេះ ។ ខាង​ក្រោម​ជា​លទ្ធផល​ពិន្ទុ​​គិត​ត្រឹម​ថ្ងៃ​ទី ៩ វិច្ឆកា ។

ពូល A

ក្រុម Pld W D L GF GA GD Pts
 ម៉ាឡេស៊ី +១
 សិង្ហបុរី +១
 ឥណ្ឌូនេស៊ី +៦
 ថៃ −០
 កម្ពុជា −៧

ពូល B

ក្រុម Pld W D L GF GA GD Pts
 ភូមា +៥
 វៀតណាម +៤
 ទីម័រឡេស្តេ
 លាវ −១
 ព្រុយណេ −៥
 ហ្វីលីព្ពីន −៣

មើល​វីដេអូ​សង្ខេប​​​ការប្រកួត

អត្ថបទ​ផ្សេង​ទៀត៖

  1. លទ្ធផល​បាល់ទាត់​​នៅ​ស៊ីហ្គេមស៍ ២០១១ មក​ដល់​ថ្ងៃ​ទី ៧ វិច្ឆិកា
  2. ប្រវត្តិ​បាល់ទាត់​កម្ពុជា​នៅ ស៊ីហ្គេម
កីឡា

លទ្ធផល​បាល់ទាត់​​នៅ​ស៊ីហ្គេមស៍ ២០១១ មក​ដល់​ថ្ងៃ​ទី ៧ វិច្ឆិកា


ថ្ងៃទី ៧ វិច្ឆិកា ម៉ោង ៧,០០ ល្ងាច ​កម្ពុជា​ចាប់ផ្ដើម​ទាត់​ជាមួយ ឥណ្ឌូនេស៊ី ដែល​ជា​ម្ចាស់​ផ្ទះ​ ។ ឥណ្ឌូនេស៊ី ឈ្នះ​​កម្ពុជា ៦-០ ខណៈ ឡាវ និង ព្រុយណេ ២-២ ។ ការប្រកួត​វេលា​ម៉ោង ៤ ក្នុង​ថ្ងៃ​នេះ​ដែរ ទីម័រឡេស្តេ ឈ្នះ​ហ្វីលីព្ពីន ២-១ និង សិង្ហបុរី ស្មើ​នឹង​ម៉ាឡេស៊ី ០-០ ។

ចំពោះ​ការប្រកួត​កាល​ពី​ថ្ងៃ​ទី ៣ វិច្ឆិកា វៀតណាម ឈ្នះ​​ហ្វីលីព្ពីន ៣-១, ភូមា ឈ្នះ​ឡាវ ៣-២ ។ ការប្រកួត​ថ្ងៃ​ទី ៥ វិច្ឆិកា ទីម័រ​ឡេស្តេ ឈ្នះ ព្រុយណេ ២-១, ភូមា ស្មើ​​ជាមួយ​វៀតណាម ក្នុង​លទ្ធផល ០-០ ។

ចំណែក​ពិន្ទុ​វិញ មក​ដល់​ថ្ងៃ​ទី ៧, ទីម័រឡេស្តេ បាន​ពិន្ទុ​ខ្ពស់​ជាង​គេ គឺ បន្ត​អាន “លទ្ធផល​បាល់ទាត់​​នៅ​ស៊ីហ្គេមស៍ ២០១១ មក​ដល់​ថ្ងៃ​ទី ៧ វិច្ឆិកា”

កីឡា, សារព័ត៌មាន

ប្រវត្តិ​បាល់ទាត់​កម្ពុជា​នៅ ស៊ីហ្គេម


SEA Games ឆ្នាំ ២០១១ ខាង​មុខ​នេះ កម្ពុជា​ស្ថិត​ក្នុង​ក្រុម A ដែល​មាន ម៉ាឡេស៊ី, ថៃ, សិង្ហបុរី និង​ម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី ខណៈ​​ក្រុម B មាន វៀតណាម, ឡាវ, ព្រុយណេ, ទីម័រ និង ហ្វីលីព្ពីន

ក្នុង​ការប្រកួត BIDC Cup ​ថ្មីៗ​នេះ កម្ពុជា​បាន​យក​ឈ្នះ ឡាវ ២-០, ប្រកួត​រវាង ភូមា ក្នុង​លទ្ធផល ២-២ និង​ចុងក្រោយ​ត្រូវ​ជួប​ជាមួយ ថៃ ក្រុម​កម្ពុជា​​ចាញ់​ថៃ​ក្នុង​លទ្ធផល ២-១ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​ ៣ បន្ទាប់​ពី ភូមា និង ថៃ ។ ចំណែក​ការប្រកួត​មិត្តភាព​ជាមួយ នេប៉ាល់ កាល​ពី​​ថ្ងៃ​ទី ២៨ តុលា កម្ពុជា​ចាញ់​នេប៉ាល់ ០-១ ។

សង្កេត​​លើ​​ការប្រកួត​ថ្មីៗ​នេះ បាល់​ទាត់​កម្ពុជា​មាន​ការរីកចម្រើន​ច្រើន ប៉ុន្តែ​ក្ដី​សង្ឃឹម​របស់​កម្ពុជា​លើ SEA Games ​ឆ្នាំ​នេះ​​មាន​តិចតួច​ប៉ុណ្ណោះ ព្រោះ​ជួប​ បន្ត​អាន “ប្រវត្តិ​បាល់ទាត់​កម្ពុជា​នៅ ស៊ីហ្គេម”

ខ្សែ​ភាពយន្ត, ទាក់ទង​នឹង​ខ្ញុំ

ប្ដូរ​ទៅ​មើល​កុន​រឿង Captain America


គម្រោង​មើល​កុន​រឿង អ៊ូសៀ នៅ​រោងភាពយន្ត The Cineplex ត្រូវ​បាន​ប្ដូរ​ទៅ​មើល Captain America វិញ ព្រោះ​ជា​កុន​ 3D ។ នេះ​ជា​លើក​ទី​មួយ​ដែល​ខ្ញុំ​ចូល​មើល​កុន 3D ។ រឿង​នេះ​ល្អ​មើល​ណាស់, ឈុត​ឆាក​ខ្លះ អង្គុយ​ប្រឹង​តាម​ឡើង​រឹង​ខ្លួន ត្រង់​កន្លែង​ Roggers គប់​ខែល​មក​ចំ​អេក្រង់ អ្នក​មើល​ស្រែក​ និង​គេច​ស្ទើរ​គ្រប់​គ្នា ។ នេះ​ជា​សាច់រឿង​សង្ខេប ។

ដំណើរ​រឿង​កើត​ឡើង​ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី​ពីរ​ចូល​ដល់​​អាមេរិក ឆ្នាំ ១៩៤២Steve Rogers មាន​​កាយសម្បទា​​ស្គម​ មិន​​សម​​ក្នុង​កិច្ចការ​ជួរ​កង​ទ័ព ក៏​ស្ម័គ្រ​​ប្រគល់​ខ្លួន​ឲ្យ​​គម្រោង​ស្រាវជ្រាវ​សម្ងាត់​ពិសេស​កែប្រែ​រូបកាយ​របស់​គាត់​ឲ្យ​មាំមួន ។ វេជ្ជបណ្ឌិត​ស្រាវជ្រាវ​នេះ ត្រូវ​បាន​​​បាញ់​សម្លាប់​ភ្លាមៗ​​ក្នុង​ពេល​នោះ​ដោយ​ភ្នាក់ងារ​របស់​មេ​ដឹកនាំ​​ដេប៉ាតឺម៉ង់​ស្រាវជ្រាវ​​សម្ងាត់ អ៊ីដ្រា (HYDRA) របស់​ណាស៊ី​អាល្លឺម៉ង់ ដែល​មាន​ក្បាល​ក្រហម ហើយ Rogers ត្រូវ​បាន​​គេ​ប្រើ​ឲ្យ​ធ្វើ​ជា​អ្នក​ឃោសនា​ក្នុង​គ្រា​ដំបូងៗ​នោះ ។ លុះ​​ពួកម៉ាក​របស់​គាត់​ត្រូវការ​ឲ្យ​គាត់​ជួយ គាត់​បាន​ធ្វើ​ដំណើរ​ផ្សង​គ្រោះថ្នាក់​​ និង​ត្រឡប់​មក​វិញ​ជាមួយ​ភាពជោគជ័យ ដែល​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​មេ​បញ្ជាការ​អាមេរិក ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​​ Schmidt, ប្រធាន​ដេប៉ាតឺម៉ង់​ស្រាវជ្រាវ​សម្ងាត់ អ៊ីដ្រា ដែល​មាន​ក្បាល​ក្រហម​នោះ ។

ខ្សែ​ភាពយន្ត, ទាក់ទង​នឹង​ខ្ញុំ

​ទៅ​មើល​កុន​រឿង អ៊ូសៀ ល្ងាច​នេះ


បន្ទាប់​ពី​មាន​រោង​ភាពយន្ត​ខ្នាត​អន្តរជាតិ The Legend បាន​បើក​ដំណើរការ​​ប្រហែល​មួយ​ខែ​កន្លង​មក​,  រោង​ភាពយន្ត​ខ្នាត​អន្តរជាតិ​មួយ​ទៀត​​ឈ្មោះ The Cineplex ក៏​ចាប់ផ្ដើម​​បើក​​បញ្ចាំង​ផង​ដែរ គឺ​បើក​សម្ពោធ​នៅ​ល្ងាច​ថ្ងៃ​ទី ៤ សីហា នេះ ។ រឿង​ដែល​ដាក់​បញ្ចាំង​ដំបូង មាន​​រឿង អ៊ូសៀ (Wuxia)  និង​រឿង Captain America

ខ្ញុំ​​ពីរ​នាក់​ប្រពន្ធ​បាន​គ្រោង​ទៅ​មើល​រឿង អ៊ូសៀ នៅ​ម៉ោង ៩,៣០ នាទី ល្ងាច​នេះ ដែល​មាន​ទីតាំង​នៅ​ផ្សារ​ទំនើប​ សុរិយា ជាន់​ទី ៥ ។

សាច់រឿង​សង្ខេប

Liu Jin Xi (Donnie Yen) ឬ​យើង​ហៅ​ថា កុំកុំ ជា​ម្ចាស់​ហាង​​កំណាត់​សំពត់ រស់នៅ​ជាមួយ​ប្រពន្ធ​ (Tang Wei) រួមទាំង​កូន​ពីរនាក់ ។ ថ្ងៃមួយ មាន​ចោរ​ចូល​មក​ប្លន់​ហាង​លក់​កំណាត់​សំពត់​របស់​គាត់, ដើម្បី​ការពារ​ហាង​​ គាត់​​សម្លាប់​ចោរ​ពីរ​នាក់ ។ អ្នក​ស៊ើបអង្កេត (Takeshi Kaneshiro) ចុះ​មក​តាមដាន​រឿង​នេះ និង​មាន​ព្រឹត្តិការណ៍​ប្រយុទ្ធ​គ្នា​យ៉ាង​កក្រើក​ភូមិ​ដើម្បី​វែកមុខ​ឃាតក… ។

Facebook: facebook.com/SabayCineplex

កម្សាន្ត

ជួប​តារា​ក្នុង​ដួងចិត្ត​របស់​អ្នក​ក្នុង​កម្មវិធី The Red Night


ក្រុមហ៊ុន​សប្បាយ​កំពុង​រៀបចំ​កម្មវិធី​ដែល​ពុំ​ធ្លាប់​មាន​នៅ​កម្ពុជា គឺ រាត្រី​ពណ៌​ក្រហម (The Red Night) ដែល​​បង្ក​​ឱ្យ​អ្នក​មាន​ឱកាស​ជួប​​ជជែក​ជាមួយ​តារា​ក្នុង​ដួងចិត្ត​ដោយ​ផ្ទាល់ ។ កម្មវិធី​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៨ ខែ ឧសភា ឆ្នាំ ២០១១ នេះ នឹង​ចូលរួម​ដោយ​តារា​ល្បី​បី​រូប មាន ខេមរៈ សេរីមន្ត, ឆាយ វីរៈយុទ្ធ និង មាស សុខសោភា រួមទាំង​​ការកម្សាន្ត​ជាមួយ​ឌីជេ​ល្បីៗ, ក្រុម Cartoon eMo និង កម្មវិធី​កម្សាន្ត​ជា​ច្រើន​ទៀត ។ បើ​លោកអ្នក​ចាប់អារម្មណ៍ អាច​ចូលរួម​ដោយ​សេរី នៅ​មជ្ឈមណ្ឌល​ទីក្រុង​កោះពេជ្រ វេលា​ម៉ោង ៥ ល្ងាច ដល់​ម៉ោង ៩ យប់ ។

កីឡា

កម្ពុជា​ទទួល​បាន​មេដាយ​ ៤១ ពី​ការប្រកួត​តេក្វាន់ដូ​អាស៊ីអាគ្នេយ៍


លទ្ធផល​ចុងក្រោយ​នៃ​ការប្រកួត​តេក្វាន់ដូ​​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍​លើក​ទី​ដប់​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​​ជាតិ​អូឡាំពិក​ កម្ពុជា​ទទួល​បាន​មេដាយ​ ចំនួន ៤១ គឺ​មេដាយ​មាស ៤ មេដាយ​ប្រាក់ ១១ និង មេដាយ​សំឬទ្ធ ២៦ ខណៈ​វៀតណាម​ទទួល​​បាន​មេដាយ​មាស ២៥ ប្រាក់​ ១៥ សំរឹទ្ធ ១៦ ។ ហ្វីលីពីន មេដាយ​មាស ១១ ប្រាក់ ៧ សំរិទ្ធ ១៧ ។ ម៉ាឡេស៊ី មេដាយ​មាស​ ២ ប្រាក់ ២ សំរឹទ្ធ ៤ ។ ថៃ មេដាយ​មាស ២ ប្រាក់ ២ សំរឹទ្ធ ១ ។ ឥណ្ឌូណេស៊ី មាស ១ ប្រាក់ ១ សំរឹទ្ធ ១ ។ សិង្ហបុរី មេដាយ ប្រាក់ ៥ សំរឹទ្ធ ៦ ។ ឡាវ មេដាយ ប្រាក់​ ២ សំរឹទ្ធ ៣ ។

ទឹកប្រាក់​សម្រាប់​មេដាយ​នីមួយៗ​គឺ មេដាយ​មាស​ទទួល​បាន ៩ លាន​រៀល មេដាយ​ប្រាក់ ៨ លាន​រៀល និង មេដាយ​សំរឹទ្ធិ ៧ លាន​រៀល ។

ល.រ. ឈ្មោះ​ប្រទេស មេដាយ​មាស មេដាយ​ប្រាក់ មេដាយ​សំរឹទ្ធិ
វៀតណាម ២៥ ១៥ ១៦
ហ្វីលីពីន ១១ ១៧
កម្ពុជា ១១ ២៦
ម៉ាឡេស៊ី
ថៃ
ឥណ្ឌូណេស៊ី
សិង្ហបុរី
ឡាវ

ក្នុង​ការប្រកួត​ពី​ថ្ងៃ​ទី ៧-៩ មេសា ២០១១ ​នេះ​ ចែក​ចេញ​ជា​បួ​ន​វិញ្ញាសារ គឺ​ការ​បង្ហាញ​សម្មត្ថភាព​ក្បាច់គុណ ការ​ប្រកួត​​សម្រាប់​ប្រភេទ​អាយុ​ក្រោម ១៧ ​ឆ្នាំ ការប្រកួត​សម្រាប់​ប្រភេទ​អាយុ ១៨-៣០ ឆ្នាំ និង ការប្រកួត​សម្រាប់​ប្រភេទ​អាយុ ៣១ ឆ្នាំ​ឡើង ដែល​មាន​ប្រទេស​ចំនួន ៨ បាន​ចូលរួម គឺ កម្ពុជា កីឡាករ ៥៤ នាក់ វៀតណាម ១១២ នាក់ ហ្វីលីពីន ៤៦ នាក់ សិង្ហបុរី ២២ នាក់ ម៉ាឡេស៊ី ១៣ នាក់ ឡាវ ១២ នាក់ ថៃ ៨ នាក់ និង ឥណ្ឌូណេស៊ី ៨ នាក់ ដោយឡែក​ប្រទេស ភូមា និង ព្រុយណេ  មិន​បាន​ចូលរួម​ក្នុង​ការប្រកួត​​នេះ​ទេ ។

កំណាព្យ, ទឹម បឿន

កំណាព្យ៖ ទិវា​សិទ្ធិ​ស្រី ៨ មីនា


ប្រាំ​បី​មីនា គឺ​ជា​ទិវា របស់​ស្ត្រី
ទទួល​បាន​សិទ្ធិ សមភាព​សេរី តួនាទីស្រី
រួម​អភិវឌ្ឍ ។

គឺ​ជា​ទីវា រំឭក​ដល់​គ្រា ប្រជា​ពលរដ្ឋ
កើត​​កល​វឹកវរ ឧស្សាហ​ស្រុត អំពើ​អយុទ្ធ
កើត​លើ​ស្ត្រី ។

កើត​ការរើសអើង មិន​លើក​តម្កើង បិទ​សិទ្ធិ​សេរី
ប្រុស​គាប​សង្កត់ ធ្វើ​បាប​ស្ត្រី មិន​ឲ្យ​សូម្បី
​សិទ្ធិ​​ជ្រើស​​តំណាង ។

គាប​សង្កត់​ពេក ស្ត្រី​អាមេរិក តស៊ូ​ប្រឆាំង
បាន​​សិទ្ធិ​បោះ​ឆ្នោត ជ្រើសរើស​តំណាង ទាមទារ​បាន​​ទាំង
ប្រាក់​បៀវត្សរ៍​ខ្ពស់ ។

នៅ​ឆ្នាំ​ប្រាំ​បី(១) អស់​ទាំង​ស្ត្រី ដែល​ធ្លាប់​រងគ្រោះ
ប្រារព្ធ​ទិវា រំឭក​ខួប​នោះ ថ្ងៃ​រួច​រង​គ្រោះ
ទី​ម្ភៃ​ប្រាំបី ។

តែ​ក្រោយ​ប្រជុំ ប្រទេស​ច្រើន​សុំ រើស​យក​ថ្ងៃ​ថ្មី
ឲ្យ​ធ្វើ​រួម​គ្នា ដប់​ប្រាំ​បួន​​នៃ ធ្វើ​ក្នុង​ឆ្នាំ​ថ្មី
នៃ​ខែ​មីនា ។

ដល់​ឆ្នាំ​ដប់​បី ទិវា​ស្ត្រី ផ្លាស់ប្ដូរ​វេលា
បាន​ប្ដូរ​​មក​ថ្ងៃ ប្រាំ​បី​មីនា ថ្ងៃ​នោះ​ជាប់​ជា
រហូត​សព្វ​ថ្ងៃ ។

ក្រោយ​មក​​អង្កការ សហប្រជា(២) ព្រម​ស្គាល់​សេរី
និង​ដាក់​ថ្ងៃ​នោះ ជា​ទិវា​ស្រី គ្រប់​​ជាតិ​លក​លៃ
ចាត់​ថ្ងៃ​សម្រាក ។

នៅ​កម្ពុជា ស្ថាប័ន​នានា សស្រាំ​សស្រាក់
ចូលរួម​អបអរ តាំង​​បដារ​ស្លាក លើក​សិទ្ធិ​ស្រី​ដាក់
ស្មើ​នឹង​បុរស ៕

 

ដោយ​ ទឹម បឿន
៨ មីនា ២០១១, ១១,៤៥ អាធ្រាត្រ

————-

(១) ១៩០៨
(២) អង្កការ​សហប្រជាជាតិ [១៩៧៥]

ខ្សែ​ភាពយន្ត

អំពី​ភាពយន្ត ឃ្លាត​ទៅ! សែន​ឆ្ងាយ!


ក្នុង​ពេល​បញ្ចាំង​រឿង ​ឃ្លាត​ទៅ! សែន​ឆ្ងាយ! នៅ​មេតាហាវស៍ លោក ឆាយ បូរ៉ា (អ្នក​ដឹកនាំ​រឿង) បាន​ឡើង​និយាយ​អំពី​ព័ត៌មាន​ខ្លះៗ​នៃ​សាច់រឿង និង ដំណើរការ​ផលិត ។ ពេល​ដែល​ខ្ញុំ​ទៅ​ដល់ គាត់​បាន​បញ្ចប់​សន្ទរកថា​របស់​គាត់​រួច​ទៅ​ហើយ ។ រេបិកកា ដែល​ជា​អ្នក​គ្រប់គ្រង​ផ្នែក​ធនធាន​មនុស្ស ជនជាតិ​ស្វីស​នៅ​ក្រុមហ៊ុន​របស់​ខ្ញុំ​ជា​អ្នក​ប្រាប់​ខ្ញុំ​អំពី​​ព័ត៌មាន​នេះ ។

សាច់​រឿង​បាន​ផលិត​ឡើង​តាមរយៈ​ការសម្ភាសន៍​លោក​យាយ នួន សីលា ដែល​ជា​ម្ដាយ​ក្មេក​របស់​លោក ឆាយ បូរ៉ា ។ រាល់​ព័ត៌មាន​ដែល​គាត់​រៀបរាប់​ទាំងអស់ គេ​យក​មក​ថត​ជា​សាច់រឿង និង យក​​សំឡេង​របស់​គាត់​មក​បញ្ចូល​ក្នុង​សាច់រឿង​នៅ​តែម្ដង ។ តារាឯក​ដែល​សំដែង​ក្នុង​រឿង​នេះ គឺ​ជា​ប្រពន្ធ​របស់​លោក ឆាយ បូរ៉ា ។ គាត់​នេះ​ឯង​ជា​កូន​របស់​លោក​យាយ នួន សីលា គឺ​ក្មេង​ស្រី​​ក្នុង​សាច់រឿង​ដែល​រស់រាន​មាន​ជីវិត ។ លោក​យាយ​ សីលា ភ្ញាក់​ផ្អើល​ខ្លាំង ពេល​ឃើញ​ភាពយន្ត​នេះ ហើយ​អ្វី​ដែល​គេ​សម្ផាស​គាត់ គឺ​ជា​ដំណើរ​នៅ​ក្នុង​រឿង​នេះ ដោយ​ប្រើ​សំឡេង​របស់​ពេល​គាត់​ឆ្លើយ​សំណួរ ។ […]

តើ​អ្នក​យល់​ថា​រឿង​នេះ​អស្ចារ្យ​ទេ?

អត្ថបទ​ផ្សេង​ទៀត៖

ឃ្លាត​ទៅ! ​សែន​ឆ្ងាយ! (Lost Loves)

ខ្សែ​ភាពយន្ត, ទាក់ទង​នឹង​ខ្ញុំ, សារព័ត៌មាន

ឃ្លាត​ទៅ! ​សែន​ឆ្ងាយ! (Lost Loves)


ឃ្លាត​ទៅ!​សែន​ឆ្ងាយ! ជា​ភាពយន្ត​ថ្មី​និយាយ​អំពី​របប​ប្រល័យ​ពូជ​សាសន៍ ដឹកនាំ​រឿង​ដោយ​លោក ឆាយ បូរ៉ា អតីត​និស្សិត​ផ្នែក​ភាពយន្ត​នៅ​សាកលវិទ្យាល័យ វិចិត្រសិល្បៈ ។ នេះ​ជា​ខ្សែភាពយន្ត​ដំបូង​បង្អស់​របស់​លោក ។ សាច់រឿង​ផ្អែក​លើ​រឿង​ពិត​របស់​ម្ដាយ​ក្មេក​លោក​​ផ្ទាល់ (លោក​យាយ នួន សីលា) ។ រឿង​នេះ​​ធ្លាប់​​ដាក់​បញ្ចាំង​ក្នុង​ទិវា​ភាពយន្ត​អន្តរជាតិ​កម្ពុជា​ក្នុង​ខែ​តុលា ឆ្នាំ ២០១០ និង មាន​ដាក់​បញ្ចាំង​នៅ​មជ្ឈមណ្ឌល​វប្បធម៌ មេតាហាវស៍​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី ២២ ខែ​មីនា​នេះ​ផង​ដែរ ។

គាត់​ថត​បាន​ល្អ​ណាស់ ធ្វើ​ឲ្យ​អ្នក​ទស្សនា​មួយ​ចំនួន​ទប់​ទឹកភ្នែក​មិន​បាន សូម្បី​បរទេស​ក៏​រលីងរលោង​ទឹកភ្នែក​ដែរ ជាពិសេស​ប្រពន្ធ​របស់​ខ្ញុំ ។ ក្រោយ​ពេល​ចប់ ពួក​បរទេស​គ្រវីក្បាល​ដក​ដង្ហើម​ធំ ។ បើ​មាន​ឱកាស សូម​កុំ​ភ្លេច​ទស្សនា​រឿង​នេះ ។

រូប​ និង​គំនូរ

រូប​ថ្លុក​របស់​ស៊ីណា “រំលែក​ទុក្ខ​ចំពោះ​ទាហាន​ខ្មែរ​ដែល​បាន​បូជា​ជីវិត”