ប្រើ​​សញ្ញា “អឌ្ឍចន្ទ” នឹង​​ពាក្យ​កំព្រា​


ពាក្យទោលជាស្រៈ ដែលឥតតួ ប្រកបហៅថា ពាក្យកំព្រា ដូចជា ក(កមនុស្សសត្វ), ង(ងស្ទើត), ល(លមើល), ស(សម្បុរស) ជាដើមនេះ អ្នកប្រាជ្ញជំនាន់មុនបានបង្កើតសញ្ញាថ្មីមួយហៅថា អឌ្ឍចន្ទ មានសណ្ឋានស្រដៀងចំណិតដូង ប៉ុន្តែផ្កាប់ () ប្រើដាក់ពីលើ ដូចជា ឈឺក៝, លើកដាក់លើក៝, ទូកង៝, ថាល៝មើល, រលឹបរល៝, កុកស៝ក៝, ដីស៝ កុំឲ្យច្រឡំក្នុងការអាន ប៉ុន្តែមិនបានជោគជ័យសញ្ញា អឌ្ឍចន្ទ នេះបាត់រូបទៅវិញ ។ បច្ចុប្បន្ន ស្មេរខាងកាសែត ទស្សនាវដ្ដី ឬខាងនិពន្ធផ្សេងៗមានការលំបាកក្នុងការសរសេរពាក្យកំព្រានេះក្នុងអត្ថបទរបស់ខ្លួន ព្រោះខ្លាចអ្នកអានច្រឡំ ស្មេរខ្លះបន្ថែមសញ្ញា () នៅខាងដើមពាក្យកំព្រានោះ ដើម្បីញែកពាក្យ ដូចជា បុរសម្នាក់ចង-ក សម្លាប់ខ្លួន ខ្លះសរសេរដកឃ្លា ប្រណាំងទូក ង នៅ… អ្នកខ្លះដែលមិនក្រវល់ក្រវាយច្រើន ក៏សរសេរជាប់គ្នាតាមធម្មតា ដូចជា គោសម្ដេចថាខ្មៅ ។ របៀបសរសេរដែលមិនទាន់ស្របគ្នាទាំងនេះ នៅបង្កការលំបាកចំពោះស្មេរ និង អ្នកអានខ្លះដែរ ។

ក្នុង និទានកថា របស់វចនានុក្រម សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ បញ្ជាក់ថា សញ្ញា អឌ្ឍចន្ទ ត្រូវបានលើកទុក ព្រោះវិនាសបាត់រូប បាត់ឈ្មោះ បើបង្កើតឲ្យមានរូបសណ្ឋានផ្សេងជាជំនួស សម្រាប់ប្រើដាក់លើ ពាក្យកំព្រា ទាំងប៉ុន្មាននោះក៏ពុំកើតដែរ ។

តាមពិតសញ្ញានេះ នៅមិនទាន់វិនាសបាត់សូន្យនៅឡើយទេ ដ្បិតសញ្ញានេះនៅមានលើក្ដារចុចរបស់យូនីកូដខ្មែរនៅឡើយ ។ ជាគំនិតរបស់ខ្ញុំ ប្រសិនបើយើងនាំគ្នាត្រឡប់មកប្រើសញ្ញា អឌ្ឍចន្ទ ឡើងវិញ ដោយពុំចាំបាច់ពិបាកក្នុងការបង្កើតសញ្ញាថ្មី វាជាការងាយស្រួល ព្រោះថាបើរង់ចាំទម្រាំអ្នកប្រាជ្ញណាមួយមានគំនិតក្នុងការបង្កើតថ្មីនោះ ក៏នឹងអាចរង់ចាំដល់រយៈពេលយូរ រាប់ជាច្រើនឆ្នាំតទៅមុខទៀតក៏មិនដឹង ។

ដើម្បីប្រើសញ្ញា អឌ្ឍចន្ទ ចុច Ctrl + Alt + w ឬចុច Alt ខាងស្ដាំ + w

9 thoughts on “ប្រើ​​សញ្ញា “អឌ្ឍចន្ទ” នឹង​​ពាក្យ​កំព្រា​

  1. ខេមរបក្សីសាស្ត្រិន ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែ​ឧសភា 2012 / 8:55 ព្រឹក

    ខ្ញុំ​គាំទ្រ ប៉ុន្តែ​អ្នក​មិនស្គាល់​បាន​បន្ទោស​ខ្ញុំ​ថា​សរសេរ​ខុស​ដោយ​​យល់​ថា​ខ្ញុំ​ប្រើ ត្រីសព្ទ លើ​ពាក្យ​កំព្រា ។ នៅ​លើ​ប្លក់​ខ្ញុំ ខ្ញុំ​បាន​សរសេរ​លើ​ពាក្យ​មួយ​ចំនួន​ដូច​ជា​ឈ្មោះ​សត្វ ។ យ៉ាង​ណា​មិញ ពុម្ពអក្សរ​លើក​ក្រោយៗ​របស់​បង​ហុង មិន​បាន​បញ្ជូល​សញ្ញា​នេះ​ទៀត​ទេ ហើយ​ក៏​ដូចជា​ពុម្ពអក្សរ​​មួយ​ចំនួន​ដែល​អ្នក​បច្ចេកទេស​បាន​ធ្វើ​ក្រោយ​ទៀត​ដែរ ។ ពុម្ព​ដែល​បង ហុង ធ្វើ​សម្រាប់​ខ្មែរ​អូអែស ទោះ​វា​មិន​ដើរ​លើ​កម្មវិធី​ផ្សេងៗ​ដូចជា ហ្វូតូស្ហប់ ។ល។ និង​រូបរាង​វា​មិនសូវ​តូច​សម្រាប់​ប្រើ​ជា​ពុម្ព​ចំណុចប្រទាក់​អ្នក​ប្រើ UI ក៏ដោយ តែ​វា​ដើរ​បាន​ល្អ​ណាស់ ។ ចំណែក​ពុម្ព​ផ្សេងៗ​ក្រោយ​មក​ទៀត​វា​មិន​ដើរ​ដូចគ្នា​នោះ​ទេ ។ ពេល​ខ្ញុំ​ចង់​វាយ​តាម​សំណេរ​ចាស់​ដូចជា ផ្ឯម (ផ្អែម) ក្ឯក (ក្អែក) ម្ឫក (ម្រឹក) វា​មិន​ចេញ​ជា​ដាច់​ខាត​ក្រៅ​ពី​ពុម្ព​អក្សរ​របស់ ខ្មែរ​អូអែស ។

  2. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែ​ឧសភា 2012 / 12:24 ល្ងាច

    បញ្ហា​ទាំង​នេះ អ្នក​ធ្វើ​ពុម្ពអក្សរ​អាច​កែ​បាន ឲ្យ​តែ​ព្រមព្រៀង​​​ជា​ឯកច្ឆន ។

  3. ខេមរបក្សីសាស្ត្រិន ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែ​ឧសភា 2012 / 5:06 ល្ងាច

    ខ្ញុំ​ថា​អ្នក​ដែល​មាន​ឆន្ទៈ គួរ​នាំ​គ្នា​ប្រើ​វា​ចាប់ពី​ពេល​នេះ​ទៅ ដល់​យូរៗ​ទៅ​គេ​នឹង​បាន​ស្គាល់ ហើយ​ក៏​នឹង​នាំ​គ្នា​ប្រើ​តាម​ជា​មិនខាន​ឡើយ ។

  4. កូនខ្មែរ-បារាំង ថ្ងៃសៅរ៍ ទី 19 ខែ​ឧសភា 2012 / 5:54 ព្រឹក

    ខ្ញុំយល់ថា ប្រសិនបើយើងស្រុះស្រួលគ្នាប្រសញ្ញានេះក៏ល្អប្រសើរម៉្យាងដែរ តែត្រូវឲ្យមានការយល់ស្របពីក្រសួងឬវិជ្ជាស្ថានណាមួយ។ ឬមួយក៏ត្រូវឲ្យ មានចេញនូវក្រិតក្រមណាមួយដើម្បីឲ្យមានឯកភាពគ្នា ។

  5. កូនខ្មែរ-បារាំង ថ្ងៃសៅរ៍ ទី 19 ខែ​ឧសភា 2012 / 6:05 ព្រឹក

    ព្រោះថាសញ្ញាអឌ្ឍចន្ទនេះ ពុំសូវមានអ្នកស្គាល់ច្រើនទេ។
    ខ្ញុំមានសំណួរមួយ សូមសួរទៅម្ចាស់ប្លកនេះ សួរថា៖ អក្សរ «អ» ដាក់ត្រីស័ព្ទ «៊» បានជា «អ៊» បានជា «អ៊ឹក» តែពាក្យ «អ៊ឹកធឹក» បើតាម វចនានុក្រមសម្ដេច ជួន ណាត គឺមិនមាន បុកជើង ទេ។ តើត្រូវប្រើវិធីណា ដើម្បីសរសេរពាក្យនេះឲ្យបានត្រឹមត្រូវ? មិនមែនមានតែមួយពាក្យនេះទេ គឺនៅមានពាក្យច្រើនទៀត។ តែនៅពេលសរសេរ យូនីកូដ វាប្ដូរពាក្យទៅជាបុកជើងដោយស្វ័យប្រវត្តិ។ សូមមេត្តាជួយប្រាប់ផង ខ្ញុំបាទសូមអរគុណទុកជាមុន។

  6. ទឹម បឿន ថ្ងៃសៅរ៍ ទី 19 ខែ​ឧសភា 2012 / 9:22 ព្រឹក

    កូន​ខ្មែរ-បារាំង សូម​មើល​នៅ​តំណ​នេះ http://goo.gl/o7VwU

  7. កូនខ្មែរ-បារាំង ថ្ងៃចន្ទ ទី 21 ខែ​ឧសភា 2012 / 2:55 ព្រឹក

    អរគុណច្រើនណាស់លោក ទឹម បឿន Merci beaucoup monsieur TIM Boeun. C u

  8. ទឹកចិត្តកូនខ្មែរ ថ្ងៃ​ព្រហស្បតិ៍ ទី 9 ខែសីហា 2012 / 11:50 ល្ងាច

    ខ្ញុំសូមសួរអ្នកទាំងអស់គ្នាបន្តិចថា តើអ្នកយល់យ៉ាងណាដែរ ចំពោះការ​ប្រើ​ប្រាស់លេខ ដែលជារបស់ខ្មែរ? ហើយហេតុអ្វីបានជាដូច្នោះ?

  9. របៀនខ្ញុំ / My Learning ថ្ងៃអាទិត្យ ទី 15 ខែ​មីនា 2015 / 10:51 ព្រឹក

    លោកអៀវ-កើសបានសរសេរថា”…បើយើងបង្កើតរូបអក្សរមួយអង្គសំរាប់កត់ស្រៈ អ ឡើង ហើយយើងសន្មតថាព្យញ្ជនៈទាំងឡាយគ្មានស្រៈ អ ក្នុងខ្លួនស្រាប់ទេ…”។(អៀវ-កើស, ភាសាខ្មែរ ការល្បងពិនិត្យដោយរកហេតុផល,ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ព.ស. ២៥៣៩ គ.ស.១៩៩៥-ទំព័រ៣២)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s