ពុទ្ធសាសនិកខ្មែរយើងមានទម្លាប់មួយខុសឆ្គងយកតែមែនទែន ហើយមិនបានដឹងថាខ្លួនធ្វើខុសទាល់តែសោះ ។ ហេតុនេះ ខ្ញុំនឹងលើកយកបញ្ហានេះមកបង្ហាញដើម្បីឲ្យកាន់តែយល់ច្បាស់អំពីព្រះពុទ្ធសាសនារបស់ខ្លួន ។
ដែលខ្ញុំថាជាទង្វើខុសនោះគឺខុសក្នុងពេលយកគ្រឿងបង្សុកូលទៅវត្ត ពុទ្ធបរិស័ទតែងឲ្យលោកអាចារ្យវេរដើម្បីបញ្ជូនគ្រឿងបង្សុកូលទៅដូនតាញាតិមិត្តដែលបានចែកឋានទៅកាន់បរលោក ។ មួយទៀតលោកតែងប្រគេនចង្ហាន់ដល់ព្រះសង្ឃ ពេលព្រះអង្គសូធ្យ កុសលាធម្មា អកុសលាធម្មា… ដោយមានច្រូចទឹកផង ។ ទម្លាប់នេះមិនថាតែពុទ្ធបរិស័ទទេដែលធ្វើខុស លោកអាចារ្យក៏ធ្វើខុសដូចគ្នាដែរ ដែលខុសភាគច្រើននោះ គឺមកអំពីលោកអាចារ្យជាអ្នកណែនាំនោះឯង ។
តាមទម្លាប់ ពេលឮសំឡេងធម៌ កុសលាធម្មា ចាស់ៗឈូឆរនាំគ្នាប្រគេនចង្ហាន់ ខ្លះច្រូចទឹក អ្នកខ្លះមិនបានច្រូចដោយផ្ទាល់ក៏ត្រូវកាន់ដៃ ឬប៉ះជើងតគ្នាជាមួយអ្នកដែលបានកាន់ទឹកច្រូចនោះ សន្មតថាបានច្រូចដែរ ។ ការធ្វើបែបនេះមិនមែនជាការត្រឹមត្រូវទេ ដោយត្រឹមត្រូវគឺគួរតែត្រងត្រាប់ស្ដាប់ព្រះធម៌ដោយយកចិត្តទុកដាក់ និងប្រកបដោយសទ្ធាយ៉ាងមុតមាំចំពោះព្រះធម៌នោះ ។ ការប្រគេនចង្ហាន់ក្នុងពេលព្រះសង្ឃកំពុងសូធ្យ ធ្វើឲ្យគ្រប់គ្នាលែងបានស្ដាប់ព្រះធម៌ ព្រះសង្ឃសូធ្យតែព្រះអង្គឯង មិនមានអ្នកស្ដាប់ ហើយព្រះសង្ឃនោះក៏ត្រូវអាបត្តិព្រោះសូធ្យធម៌អត់អ្នកស្ដាប់នោះឯង ។
ដូច្នេះការវេរចង្ហាន់តាមអាចារ្យ ការប្រគេនចង្ហាន់ពេលព្រះសង្ឃកំពុងសូធ្យនោះមិនត្រឹមត្រូវ ហើយមិនបានកុសលសោះ ។ ការធ្វើបុណ្យបានកុសលនោះ គឺការស្ដាប់ធម៌ដោយសង្រួម, ដោយយកចិត្តទុកដាក់ មិនរំខានដល់ការសូធ្យធម៌របស់ព្រះសង្ឃ មិនរំខានដល់អ្នកដទៃក្នុងពេលព្រះសង្ឃសម្ដែងធម៌ ។ ព្រោះអ្វី ? ព្រោះអាហារដែលប្រគេនដល់ព្រះសង្ឃមិនអាចឲ្យអាហារទាំងនោះបានទៅដល់ដូនតាដោយអាហារទាំងដុំៗនោះ ឬបរិភោគអាហារទាំងនោះបានឡើយ ។ យើងបញ្ជូនបានត្រឹមតែកុសលដែលយើងបានធ្វើដោយអាហារចំពោះព្រះសង្ឃ និងកុសលដែលយើងបានត្រងត្រាប់ស្ដាប់នូវព្រះធម៌ប៉ុណ្ណោះ ។
ចុះអ្វីជាប្រតិបត្តិត្រឹមត្រូវ ? គឺយើងគួរស្ដាប់ធម៌ដោយយកចិត្តទុកដាក់ ស្ដាប់ចប់សឹមក្រោកប្រគេនចង្ហាន់ដល់ព្រះសង្ឃ ប្រគេនរួចចាប់ផ្ដើមឧទ្ទិសបុណ្យកុសលដែលយើងបានធ្វើដល់ញាតិមិត្ត ដូនតា ទេព្ដា ប្រេត អសុរកាយ និងសត្វតិរច្ឆានទាំងឡាយ, អ្នកទាំងឡាយនោះអនុមោទនាយកបុណ្យកុសលដែលយើងបានធ្វើដោយពាក្យថាសាធុនោះហើយ ក៏បានទទួលនូវចំណែកបុណ្យដែលយើងបានធ្វើទាំងនោះ បុណ្យទាំងនោះក៏មិនបាត់បង់អំពីខ្លួនរបស់យើង ប៉ុន្តែក៏បានបុណ្យកុសលថែមទៀតព្រោះតែចំណែកបុណ្យដែលយើងបានចែកឲ្យអ្នកទាំងនោះ, នេះទើបជាហេតុផលក្នុងព្រះពុទ្ធសាសនា ។
ហេតុនេះហើយ យើងជាពុទ្ធសាសនិក ជាអ្នកដែលជឿជាក់លើព្រះពុទ្ធសាសនា គួរប្រតិបត្តិឲ្យបានត្រឹមត្រូវតាមគន្លងព្រះពុទ្ធសាសនា, គួរស្គាល់ព្រះពុទ្ធសាសនារបស់ខ្លួនឲ្យបានច្បាស់លាស់ កុំឡូកឡំជាមួយសាសនាដទៃដែលមិនសមហេតុផល នេះទើបហៅថាជាពុទ្ធសាសនិកពិតប្រាកដ ។
ខ្ញុំបានសូមលើកយកហេតុផលខ្លីៗត្រឹមប៉ុណ្ណេះ បើការយល់របស់ខ្ញុំនៅមានការខ្វះខាត សូមលោកអ្នកដែលមានប្រាជ្ញាជួយកែតម្រូវនិងបំពេញដើម្បីជាការរួមចំណែកលើកកម្ពស់ដល់ព្រះពុទ្ធសាសនាដ៏ល្អផូរផង់នេះ ឲ្យបានគងវង់យូរអង្វែងតទៅអើយ ។
តាមមតិ និងការដែលខ្ញុំធ្លាប់បានអានសៀវភៅ ក៏ដូច្នេះដែរ
ពុទ្ធសាសនិកជនខ្មែរភាគច្រើន ធ្វើអី្វទៅតាមតែគ្នា និងគ្មានមូលដ្ឋាននៃការ យល់និងស្រាវជ្រាវអោយបានត្រឹមត្រូវ ដែលធ្វើអោយខូចនិងប៉ាស់ពាល់ ដល់ព្រះពុទ្ធសាសនាដ៏ល្អនេះ
ចូលចម្រើនៗ
ប៉ុន្តែគួរឲ្យស្តាយ ព្រោះថា មិនសង្ឃឹមលោកអាចារ្យណានឹងមកបានអានអត្ថបទមួយនេះទេ 😦
យ៉ាងហោចណាស់ក៏ ឡាវ័ន បានអានដែរ 😉
បងប្រុសមានប្រសាសន៍ត្រឹមត្រូវប៉កៗ តែម្តង 😀
ព្រោះតែការធ្វើតាមគ្នា គ្មានក្បូនច្បាប់បែបនេះហើយ បានជាយើងមិនសូវមានការឆ្នៃប្រឌិតនឹង ធ្វើបានត្រឹមត្រូវតាមក្បូនខ្នាត់របស់គេ។
អត្ថបទខាងពិតជាត្រឹមត្រូវ។ តែចំណុចដែលគួរពិចារណាគឺថា
១. តើត្រូវធ្វើដូចម្តេចដើម្បីអោយពុទ្ធបរិស័ទយល់
២. តើព្រះសង្ឃត្រូវសូត្រធម៌ជាសម្រាយឬក៏ជាបាលី ដើម្បីអោយបានយល់
៣. អាចារ្យធ្វើពិធិតាមតែការនឹកឃើញ ឬប្រកាន់តែតាមគំនិតខ្លូនឯង
៤. គ្មានក្បូនខ្នាត់ច្បាស់លាស់
៥. ពុទ្ធបរិស័ទខ្ចិលរៀន ខ្ចិលអាន និងខ្ចិលស្រាវជ្រាវ ចូលចិត្តស្ដាប់គេ និយាយជាងការស្វែងរកការពិតខ្លួនឯង។
៦. អាចារ្យខ្វះចំណេះដឹងខាងពុទ្ធសាសនា អោយបានទូលំទូលាយ
៧. បើចង់អោយពុទ្ធបរិស័ទស្ដាប់ធម៌ដោយគោរព លុះត្រាតែពុទ្ធបរិស័ទ ទាំងនោះ យល់ ថាតើធម៌នោះនិយាយអំពីអី មានន័យដូចម្ដេច សម្រាប់ធ្វើអី។ ឧទាហរណ៏ ព្រះសង្ឃសូធ្យ កុសលា អកុសលា ជាដើម មិនដឹងជា គេយល់ដែរឬអត់។ សរុបមក អាចារ្យជាអ្នកទទួលខុសត្រូវ និងដឹក នាំពុទ្ធបរិស័ទជាងព្រះសង្ឃ ព្រោះក្នុងពិធីបុណ្យម្ដងៗ អាចារ្យ និយាយច្រើនជាងព្រះសង្ឃ។ ពុទ្ធបរិស័ទត្រូវខំប្រឹងស្វែងយល់ដោយខ្លូន ឯង។
ខ្ញុំយល់ស្របនឹងមតិបងសុផល ។ ខ្ញុំយល់ថា ប្រសិនបើព្រះសង្ឃទេសនាសម្ដែងអំពីរឿងនេះ និងបង្គាប់ឲ្យពុទ្ធបរិស័ទទាំងឡាយប្រតិបត្តិឲ្យបានត្រឹមត្រូវ គង់នឹងមានការកែប្រែទៅរកការប្រតិបត្តិត្រឹមត្រូវវិញមិនខាន ជាពិសេស ព្រះសង្ឃត្រូវណែនាំអាចារ្យឲ្យបានយល់អំពីបញ្ហាទាំងនេះ ។
ខ្ញុំក៏គិតដូចបង ផល ដែរ ប៉ុន្តែខ្មែរយើងមានជំនឿបែបខុសរួចទៅហើយ បើយើងជាអ្នកយល់ដឹងគ្រប់រូប ឬព្រះសង្ឃសំដែងធម៌ទេសនា ហ៊ាន និយាយឬហ៊ានសំដែងនូវចំណុចអស់ទាំងនោះ ច្បាស់ជាពុទ្ធបរិស័យមួយ ចំនួនដែលជាអ្នកជឿខុសនោះ ថាអីចេះ អីចុះ ឬអាចថាពួកយើងគ្មាន សាសនាក៏ថាបានដែរ។ គិតទៅៗយ៉ាប់ណាស់ខ្មែរ មានតែមិឆ្ឆាទិដ្ឋិ ជាប់ខ្លួណរហូតដែម្តង ។
ខ្ញុំមិនសូវជាបានទៅវត្ត ឫទៅធ្វើបុណ្យទេ ដូច្នេះក៏មិនសូវបានដឹងដែរ។ តែថាទៅ ការធ្វើខុសទាំងនោះមិនអាចបន្ទោសគាត់ (ពុទ្ធសាសនិក អាចារ្យ ឫព្រះសង្ឃបានទេ)។ ពួកគាត់ក៏មិនមានឯកសារច្បាស់លាស់ណាមួយសម្រាប់ជាឯកសារយោងនោះដែរ។ អ្វីៗគឺធ្វើតាមការមើលឃើញ ស្តាប់លឺ តៗគ្នា។ ខ្មែរយើង មិនសូវមានទំលាប់កត់ត្រា(បើតាមខ្ញុំគិត) ពីម្ុនក៏ដូចពេលនេះដែរ
អីចឹងមានន័យថាការធ្វើ ឬលឺតៗគ្នាវារឿងត្រឹមត្រូវមែនទេ ?
ខ្មែរយើងចូលចិត្តណាស់កាស្តាប់តៗនោះ ប៉ុន្តែកាស្តាប់ ឬជឿតៗគ្នានោះ វានាំអោយមានមហន្តរាយជាច្រើន ដូចជា ជំនាន់ របបកម្ពុជាប្រជាធិបតេយ្យ (របប ប៉ុល ពត ) ជឿដោយមិនយល់ មួយពព្រិចភ្នែកសោះ អស់ជាង៣លាននាក់ នេះហើយជាលទ្ធផល
បងបឿនតើបងមាន វចនានុក្រម សម្ដេចសង្ឃរាជជួនណាត 2.0 សម្រាប់ window 7 64bit ទេ?
ហើយខ្ញុំយកfont ដែលបងដាក់នេះទៅដាក់ក្នុងប្លុកខ្ញុំដែរបានអត់អរគុណទុកជាមុន។
ធ្វើបុណ្យមិនមែនជាការចង់បានអ្វីតបស្នងមកវិញទេ ហើយមិនមែនស្អីឯណាចង់បានឡើងឋានសួគ៍អ្វីដែរ។ ធ្វើបុណ្យគឺជាការជួយសង្គ្រោះ។ ដូចគេថា ការបូជាដល់បុគ្គលដែលគួរបូជាជាមង្គលដ៏ឧត្តម។ រីឯស្អីកសាងវត្តបានបុណ្យច្រើនណាស់ ទៅកសាងវត្ត តែផ្លូវមុខផ្ទះខ្លួនឯងគេរៃលុយគ្នាធ្វើ ឯងអត់ចូលផងុំ អរគុណ
ត្រឹមត្រូវណាស់ល្បងអើយ ភាពរញ៉េរញ៉ៃពេលលោកសូត្រជាទម្លាប់អាក្រក់ របស់ជនដែលមិនស្គាល់ពុទ្ធសាសនាពិត ។ ពេលលោកសូត្រគួរត្រងត្រាប់ស្ដាប់ ដោយផ្ចិតផ្ចង់ ទើបបានបុណ្យច្រើន ។