ជំនឿ សាសនា, ពុទ្ធសាសនា, សាសនា

ពុទ្ធសាសនិក​គួរ​ឈប់​អុជ​ធូប


ជាទូទៅ នៅ​តាម​ផ្ទះ​របស់​ពុទ្ធសាសនិក, នៅ​តាម​ទី​វត្តអារាម ឬ​កន្លែង​សក្ការ​​ផ្សេងៗ គេ​តែងតែ​​ធ្វើ​ការអុជ​​ធូប​សំបូងសង្រូង​សុំ​សេចក្ដី​សុខ, សុំ​ឲ្យ​រកស៊ី​មាន​បាន ឬ​សុំ​ឲ្យ​សម្រេច​កិច្ចការ​ដែល​គេ​ប៉ង​ប្រាថ្នា​អំពី​​​ព្រះ ឬ​ទេព្ដា ឬ​អ្នក​តា ជាដើម ។ បើ​តាម​ពិត​ ការ​អុជ​ធូប​សំបូងសង្រូង​នេះ មិន​មែន​ជា​ការបដិបត្តិ​ត្រឹមត្រូវ​ជា​ពុទ្ធសាសនិក​នោះ​ទេ ។ ព្រះពុទ្ធ​មិន​បាន​បង្គាប់​ឲ្យ​ពុទ្ធសាសនិក​អុជ​ធូប និង​សំបូងសង្រូង​សុំ​ពរ​ពី​ព្រះ ឬ​ទេព្ដា​ណា​ក្រៅ​អំពី​ខ្លួនឯង​ជួយ​ខ្លួន​ឯង​ឡើយ ពីព្រោះ​​ព្រះពុទ្ធ​បាន​រក​ឃើញ​ថា មនុស្ស​យើង​​មិន​មែន​ព្រះ​ឯ​ណា​ជា​អ្នក​បង្កើត​ទេ គឺ​ជា​ធម្មជាតិ និង​កម្ម​របស់​ខ្លួន​ដែល​នាំ​ឲ្យ​កើត, គ្មាន​ទេព្ដា ឬ​ព្រះ​ឯណា​កំណត់​វាសនា​ក្រៅ​អំពី​ខ្លួន និង​កម្ម​របស់​ខ្លួន ហើយ​ក៏​គ្មាន​នរណា​មក​ជួយ​យើង​ក្រៅ​អំពី​ខ្លួន​ឯង​ជួយ​ខ្លួន​​ឯង ។ ដូច្នេះ​ការសំបូងសង្រូង​សុំ​ឲ្យ​ព្រះ​ជួយ​យ៉ាង​ណា​ក៏​ជា​ការ​ឥត​ប្រយោជន៍ ។

ទំនៀម​អុជធូប​សំបូងសង្រូង​នេះ ជា​ការបដិបត្តិ​តាម​​ព្រហ្មញ្ញសាសនា ដែល​ពី​ដំបូង​គេ​ប្រើ​ភ្លើង​ដើម្បី​បូជា​ដល់​​ព្រះ គឺ​បញ្ជូន​គ្រឿង​បូជា​របស់​ពួក​គេ​ទៅ​តាម​ផ្សែង​ភ្លើង ព្រោះ​មាន​តែ​ផ្សែង​ភ្លើង​នេះ​ទេ​ដែល​អាច​​ហោះ​​ហើរ​ទៅ​ដល់​ឋាន​សួគ៌ លុះ​ក្រោយៗ​មក​គេ​​ប្រើ​ត្រឹម​​​ផ្សែង​ធូប​ជា​តំណាង​វិញ​ ។ លុះ​យើង​ត្រឡប់​មក​កាន់​យក​ព្រះពុទ្ធសាសនា​ហើយ ក៏​នៅ​ជាប់​ទំនៀមទម្លាប់​នេះ​រហូត​ដល់​សព្វថ្ងៃ ។

ការអុជធូប​នេះ មិន​មែន​ជា​​ការខុស​ធ្ងន់​ទេ ប៉ុន្តែ​វា​ជា​ការអត់​ប្រយោជន៍​ដែល​យើង​ត្រូវ​ចំណាយ​ថវិកា​ទិញ​ធូប ហើយ​​​អុជ​បង្ហុយ​ផ្សែង​ពេញ​ផ្ទះ ឬ​វត្ត ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ និង​ពេល​ខ្លះ​ក៏​អាច​បង្ក​ឲ្យ​មាន​អគ្គិភ័យ​កើត​ឡើង​​ដោយសារ​ភ្លើង​ធូប​ផង​ក៏​មាន ។ យើង​គួរ​គិត​ថា​​មនុស្ស​យើង​មិន​ចូលចិត្ត​ផ្សែង​ធូប​នេះ​ផង ចុះ​មាន​ព្រះ ឬ​ទេព្ដា​ឯណា​មក​ចូលចិត្ត​ផ្សែង​​ធូប​នេះ បើ​ព្រះពុទ្ធ​ក៏​ជា​មនុស្ស​ដូច​គ្នា​នឹង​យើង​ដែរ ។

ដូច្នេះ​យើង​ជា​ពុទ្ធសាសនិក​ដែល​មាន​បញ្ញា គួរ​សិក្សា​ពុទ្ធោវាទ​​ឲ្យ​បាន​ច្បាស់លាស់ និង​ប្រតិបត្តិ​តាម​ការប្រៀនប្រដៅ​​ឲ្យ​បាន​ទៀងទាត់​ត្រឹមត្រូវ ដោយ​ខំ​បដិបត្តិ​ចិត្ត​ឲ្យ​បរិសុទ្ធ​ជា​ជាង​ការ​លុត​ជង្គង់​បន់ស្រន់​សុំ​ឲ្យ​គេ​ជួយ ។ ​ការបដិបត្តិ​ផ្លូវ​ចិត្ត​ទើប​ជា​ការបដិបត្តិ​តាម​ពុទ្ធោវាទ ។ ចំពោះ​ការបូជា​​​​ព្រះ យើង​អាច​បូជា​ដោយ​​​ផ្កា ឬ​អុជ​ទៀន​បំភ្លឺ​ជា​ដើម ពុំ​ចាំបាច់​ប្រើ​ធូប​ក៏​បាន​ដែរ ។

61 thoughts on “ពុទ្ធសាសនិក​គួរ​ឈប់​អុជ​ធូប”

  1. ការទៅ​វត្ត​ជា​សទ្ធា​ចំពោះ​សាសនា និង​ជា​អំពើ​ល្អ​​​ដើម្បី​ទទួល​បាន​អានិសង្ស ។ ការធ្វើ​បុណ្យ​ជាមួយ​ព្រះសង្ឃ​បាន​បុណ្យ​ច្រើន​ណាស់ ។​

  2. ខ្ញុំ​យល់​ឃើញ​យ៉ាង​ដូច្នេះ​ទៅ​វិញ, ការ​គោរព​ប្រតិបត្តិ​តាម​បែប​ព្រះ​ពុទ្ធ​សាសនា រួមមាន​ការ​ដាក់​បាទ ការ​អោយ​ទាន ការ​ធ្វើ​បុណ្យ នៅ​ជា​ការ​គោរព​តាម​បែប​សាសនា, តែ​ពេល​ដែល​បួង​សួង ឧទ្ទិស ដល់​មាតាបិតា ញាតិកា ដែល​បាន​ចែក​ឋាន នៅ​ជា​ការ​ប្រតិបត្តិ​តាម​ទំនៀមទំលាប់ និង ប្រពៃណី ដូច្នេះ មិន​មែន​អោយ​តែ​អ្នក​គោរព​ព្រះ​ពុទ្ធ​សាសនា ត្រូវ​តែ​បោះ​បង់​ចោល​នូវ​ ទំនៀមទំលាប់ បែប​ព្រហ្មញ្ញសាសនា​នោះ​ចោល​ទេ ។ វា​មិន​ខុស​ធ្ងន់ទេ តែ​ប្រសិន​បើ​ខ្ញុំ​ទៅ​ប្រាប់​ម្តាយ យាយខ្ញុំ​ថា​អោយ​ឈប់​អុជធូប ដោយ​មិន​ទាន់​បាន​ពន្យល់​ពី​បញ្ហា​នេះ គាត់​ច្បាស់​ខោក​ខ្ញុំ​ពីរ​កាញ៉ ហើយ​យល់​ថា​ខ្ញុំ​ចូល​ជា​គ្រិស្ត​បរិស័ទ​ជា​មិន​ខាន​រ៉េ ។

  3. តាម​ការគួរ​ទេ បើ​យើង​អាច​ឈប់​បាន​ក៏​ល្អ​ម្យ៉ាង នឹង​បាន​កាត់​បន្ថយ​ការរំខាន​ដោយ​ផ្សែង​ធូប​ចូល​ភ្នែក​ក្នុង​ពេល​ស្ដាប់​ធម៌ មិន​នាំ​ឲ្យ​បែក​អារម្មណ៍ តែ​បើ​ចោល​មិន​បាន ក៏​មិន​ខុស​អ្វី​ដែរ ព្រោះ​ព្រះពុទ្ធ​ក៏​បើក​ទូលាយ​ចំពោះ​ការប្រកាន់​យក​ទំនៀមទម្លាប់ និង​ជំនឿ​សាសនា​ផ្សេងៗ ។ ខ្ញុំ​យល់​អំពី​ទំនៀមទម្លាប់​នេះ, បើ​នៅ​សុខៗ​យើង​ទៅ​ប្រាប់​គេ​​កុំ​​អុជ​ធូប គេ​ប្រាកដ​ជា​យល់​ថា​យើង​ជា​មនុស្ស​ឆ្កួត​អត់​សាសនា តែ​ជា​ការគួរ​បើ​យើង​អាច​យក​ពុទ្ធវចនៈ​ទៅ​ពន្យល់​គាត់​ឲ្យ​គាត់​យល់ ក៏​នឹង​ជួយ​គាត់​ឲ្យ​រឹតតែ​ភ្លឺស្វាង ហើយ​បញ្ញា​ក៏​កើត​មាន​កាន់តែ​ទូលាយ, វា​ជា​ផល​បុណ្យ​របស់​យើង​ទៅ​វិញ​ទេ ដែល​បាន​ជួយ​បំភ្លឺ​ការណ៍​ពិត​​ដែល​គាត់​មិន​ចាប់អារម្មណ៍​ឲ្យ​គាត់​បាន​ដឹង ។

  4. ត្រូវ! បើ​នៅ​សុខៗ​យើង​ទៅ​ប្រាប់​គេ​​កុំ​​អុជ​ធូប គេ​ប្រាកដ​ជា​យល់​ថា​យើង​ជា​មនុស្ស​ឆ្កួត​អត់​សាសនា ឬជាគ្រឹស្ទានទៀតផង! នេះខ្ញុំជាដើម មិត្តភ័ក្រខ្ញុំគេថាខ្ញុំចូលគ្រឹស្តសាសនាគ្រប់គ្នា ពេលដែលខ្ញុំចូលវត្តមិនអុចធូប! ពន្យល់ពួកគេ គេមិនជឿ ឬមិនស្តាប់ទៀត!

  5. ឧត្ដម​អាច​សួរ​គេ​​មើល ថា​ព្រះពុទ្ធ​ប្រាប់​ឲ្យ​ធ្វើ​ការ​អុជ​ធូប​សំបូងសង្រូង​ត្រង់​ណា ? ព្រោះ​ថា ព្រះពុទ្ធ​បង្រៀន​ឲ្យ​ខិតខំ​ធ្វើ​អ្វី​ដោយ​ខ្លួនឯង កុំ​ពឹង​លើ​អ្នក​ដទៃ​ដោយ​​ធ្វើការ​សំបូងសង្រូង, គ្មាន​នរណា​អាច​ជួយ​យើង​ទេ ។ មានតែ​អំពើ​ល្អ​ និង​ការខិតខំ​របស់​ខ្លួន​ឯង ទើប​អាច​ជួយ​ខ្លួនឯង​បាន ។ ដូច្នេះ អត់​មាន​ពាក្យ​ប្រដៅ​ណា​របស់​ព្រះពុទ្ធ​ថា​ឲ្យ​យើង​ខំ​​អុជ​ធូប​បន់ស្រន់​​ដល់​ព្រះពុទ្ធ​ទៅ ព្រះពុទ្ធ​នឹង​ជួយ​នោះ​ទេ, កម្ម​របស់​នរណា​ធ្វើ អ្នក​នោះ​ជា​អ្នក​ទទួល គ្មាន​នរណា​អាច​ទទួល​ជំនួស​បាន​ឡើយ ។ ព្រះពុទ្ធ​គ្រាន់តែ​ជា​អ្នក​បង្រៀន និង ​បង្ហាញ​ផ្លូវ​ឲ្យ​មនុស្ស​ទៅ​រក​សេចក្ដី​សុខ​តែ​ប៉ុណ្ណោះ ។

  6. ខ្ញុំ​នៅ​ឆ្ងល់​មួយ​បង គេ​ថា​ព្រះ​ពុទ្ធ​ជា​មនុស្ស ហើយ​ដូច​បង​ថា «មនុស្ស​យើង​​មិន​មែន​ព្រះ​ឯ​ណា​ជា​អ្នក​បង្កើត» អ៊ីចឹង​ទេ តាម​ពុទ្ធ​សាសនា​តើ​មាន​ទេពតា មានព្រះឥន្ទទេ ?

  7. ទេពតា​មាន ព្រះឥន្ទ​មាន ប្រេត នរក ក៏​មាន ។ តែ​ទោះ​ជា​ទេពតា ព្រះឥន្ទ​ក្ដី ក៏​នៅ​មាន​ទុក្ខ​ដូច​មនុស្ស​ដែរ គ្រាន់តែ​សុខ​នោះ​ច្រើន​ជាង ។ មានតែ​និព្វាន​ទេ ដែល​ជា​​គោលដៅ​​ចុង​បំផុត​ ទោះ​​​​ទេពតា​ក៏​ប្រាថ្នា​និព្វាន​​ដូច​គ្នា ។ ចំណែក​ព្រះពុទ្ធ​ជា​គ្រូ​របស់​មនុស្ស និង​ទេពតា​ទាំង​ឡាយ ។

  8. ខ្ញុំ​មិន​ជំទាស់​ទេ បើ​យើង​ចង់​រក្សា​បន្ត​ទៅ​ទៀត ប៉ុន្តែ​ហេតុអ្វី​យើង​មិន​បដិបត្តិ​​តាម​ផ្លូវ​ត្រូវ​​ទៅ​វិញ ។ ខ្ញុំ​ឧបមា​ថា មាន​បងប្អូន​របស់​យើង​មាន​ជំងឺ ដោយ​យើង​មិន​ដឹង​ថា​ជំងឺ​អ្វី បើ​តាម​ប្រពៃណី​​​​​ជា​យូរ​មក​ហើយ ថា​ត្រូវតែ​សែនព្រេន​ទើប​ជា ហើយ​ចេះ​តែ​សែន​ម្ដង​អ្នក​តា​នេះ ម្ដង​អ្នក​តា​នោះ ម្ដង​ជួរ​ម្ដាយ ម្ដង​ជួរ​ឪពុក​ក៏​នៅ​តែ​មិន​ជា ចុះ​បើ​ប្ដូរ​យក​គាត់​ទៅ​មន្ទីរ​ពេទ្យ​ពិនិត្យ​រក​ជំងឺ​ពិត​ប្រាកដ សឹម​ធ្វើការ​ព្យាបាល​វិញ តើ​មួយ​ណា​ប្រសើរ​ជាង ? គួរ​រក្សា​ប្រពៃណី​នោះ ឬ​យក​ទៅ​ពេទ្យ​ ។

    នេះ​គ្រាន់តែ​ជា​ឧទាហរណ៍​ប្រៀបធៀប​​ទេ, បញ្ហា​ខាង​លើ​មិន​ធ្ងន់​ដូច​ឧទាហរណ៍​នេះ​ឡើយ ។

  9. យើងមិនអាចផ្តាច់ខ្លួនចេញពីព្រហ្មញ្ញសាសនាបានឡើយ ពីព្រោះការសូត្រមន្តរំដោះគ្រោះ មន្តអាគមអូមអាមសុទ្ឋតែចេញពីសាសនានេះទាំងអស់ដែលចាក់ឬសក្នុងប្រពៃណីខ្មែរយើងតាំងពីមុនលំហូរចូលនៃសាសនាព្រះពុទ្ឋទៀត!

  10. ដូច​លោក​បឿន​សរសេរ​ហ្នឹង​ត្រឹម​ត្រូវហើយ គ្រាន់​តែ​ថា​ខ្មែរ​យើង​ទំលាប់​និយាយ​ថា ខ្លួន​ជា​ពុទ្ធសាសនិក តែ​តាម​ពិត​ទៅ​ កាន់​សាសនា​ពីរ​បី​លាយ​ចូល​គ្នា។ ដូច្នេះ ហើយ​ពួក​គាត់​មិន​អាច​បោះបង់​ការ​ដុត​ធូប​នេះ​បាន​ទេ។

    ទោះ​បី​ខ្ញុំ​ជា​មនុស្ស​គ្មាន​ជំនឿ សាសនា​ណា​ក៏​មិន​ជឿ​អី​ខ្លាំង​ក្លា ក៏​ខ្ញុំ​នៅ​ជឿ​ថា ជំនឿ​មួយ មិន​មែន​ទាល់​តែ​ត្រឹមត្រូវ​តាម​វិទ្យាសាស្ត្រ តាម​ទ្រឹស្ដី​ណា​មួយ បាន​យើង​ត្រូវ​តែ​ជឿ​នោះ​ទេ សំខាន់​វា​ដោះស្រាយ​បញ្ហា​ចិត្តសាស្ត្រ វា​ជួយ​អោយ​មនុស្ស​អស់ចិត្ត មាន​ភាព​កក់ក្ដៅ ។ល។ ដូច្នេះ​គឺ​គ្រប់​គ្រាន់​ហើយ។

    មួយ​ទៀត ពេល​ដុត​ធូប សូម​ប្រយ័ត​ផង ប្រយ័ត​ឆេះ​ផ្ទះ​អស់ !!! 😀

  11. មិនខុស ប៉ុន្តែក៏មិនត្រឹមត្រូវទាំងស្រុងដែរ។

    យើងមិនអាចនិយាយថា បើជាពុទ្ធសាសនិកពិតប្រាកដ ត្រូវតែកុំធ្វើនេះ រឹកុំធ្វើនោះ។

    ប្រទេសយើងទទួលឥទ្ធិពលសាសនាទាំងពីរ យើងបានកែប្រែវា មកក្លាយជាសាសនារបស់ប្រទេសយើង។

    មនុស្សទាំងអស់ ត្រូវជួយខ្លួនឯង ជារឿងត្រឹមត្រូវ។

    ប៉ុន្តែ មនុស្សមិនមែនជា ទេវតា។ សូម្បី ព្រះពុទ្ធ ក៏ត្រូវការអាហារ ចង្ហាន់ពី ឧបាសិកា ឧបាសក ផងដែរ គឺផ្នែកគាំទ្រមូលដ្ឋាន។

    មនុស្ស ក៏ដូចគ្នា។ ទីមួយ ត្រូវការការគាំទ្រផ្នែកមូលដ្ឋាន (ចំណីអាហារ)។ ទីពីរ ត្រូវការ ការការពារសុវត្ថិភាព។ ទីបី គឺត្រូវការ ក្តីស្រលាញ់ របស់អ្នកជុំវិញខ្លួន។ ទីបួន គឺត្រូវការការគាំទ្រ ផ្នែកចិត្តសាស្រ្ត។

    ហើយសាសនា ជួយគាំទ្រផ្នែកនេះបានខ្លះ ដើម្បីអោយអ្នកមានជំនឿ (មិននិយាយពីអ្នកជ្រុលនិយម) មានអារម្មណ៍ស្ងប់ និងជឿជាក់លើខ្លួនឯង។

    អគ្គីភ័យ មិនទាក់ទងនឹងការអុជធូបទេ គឺទាក់ទងនឹង ការធ្វេសប្រហែសរបស់មនុស្ស។ វាមានភាពខុសគ្នាឆ្ងាយណាស់។

    បើនិយាយថា ធូបបំផ្លាញសុខភាព មិនត្រឹមត្រូវទាំងស្រុងទេ ព្រោះបរិដ្ឋានរស់នៅជុំវិញខ្លួនយើងសុទ្ធតែ បំផ្លាញសុខភាពយើងទាំងអស់។

    អគិ្គសនីសព្វថ្ងៃ បានមកពីណា ក្នុងប្រទេសកម្ពុជា? គឺប្រើប្រេង។ តែមានប្រេង គឺមានផ្សែង។ បើមានផ្សែង គឺបំផ្លាញបរិដ្ឋានហើយ។

    ម៉ូតូ ឡាន សព្វថ្ងៃ ប្រើអ្វីដែរ? បើចង់ការពារសុខភាព និងបរិដ្ឋាន ទាល់តែ ដើរ រឺជិះកង់ នៅពេលផ្លាស់ទីម្តងៗ។

    នេះមិននិយាយអំពីថង់ផ្លាស្ទិក កន្ទបកុមារ បារី និងអ្វីៗផ្សេងជាច្រើនទៀត។ អោយតែមានរោងចក្រនៅទីណា គឺសុទ្ធតែ ជាអ្នក បំផ្លាញបរិដ្ឋាន និងសុខភាពទាំងអស់។ល។ និង។ល។

    ដូចនេះ យើងមិនអាចបន្ទោស ទៅលើការអុជធូប ដែលជួយគាំទ្រ ដល់ផ្នែកផ្លូវចិត្តដ៏សំខាន់ របស់មនុស្សនោះទេ។

    គ្រាន់តែអុជធូបមួយសសៃ ជួយអោយ ចិត្តស្ងប់ មានអារម្មណ៍ជ្រះថ្លា ខួរក្បាលស្រលះល្អ មានជំនឿជឿជាក់លើងខ្លួនឯង អាចចាប់ផ្តើមត្រិះរិះពិចារណា ថ្លឹងថ្លែងគំនិត សំរេចការងារ វាសនា អនាគតខ្លួន។ តើមនុស្សគួរឈប់អុជធូបទេ?

  12. បើ​សិន​ជា​​យើង​ចង់​ធ្វើ​ជា​ពុទ្ធបរិស័ទ​មួយ​រូប​ដ៏​បរិសុទ្ធ​​ទាល់​​តែ​យើង​ប្រតិបត្តិ​តាម​អ្វី​ដែល​ជា​ទ្រឹស្ដី គម្ពីរ របស់​សាសនា​ព្រះពុទ្ធ​ហ្នឹង​ឯង តែ​​មនុស្ស​ភាគច្រើន​នោះ​មិន​បាន​គិត​ថា​ខ្លួន​នឹង​ធ្វើ​ជា​​​ពុទ្ធបរិស័ទ​ដ៏​បរិសុទ្ធ​មួយ​រូប​ទេ ពួក​គេ​មិន​ទាំង​សូវ​ដឹង​ពី​អ្វី​ជា​គម្ពីរ ទ្រឹស្ដី របស់​ពុទ្ធ​សាសនា​ផង ពួក​គេ​ធ្វើ​​តាម​ទំនៀម​ទំលាប់​ច្រើន​ជាង ឃើញ​​យាយ តា ឪពុក ម្ដាយ ធ្វើ​យ៉ាង​ម៉េច​ពួក​គាត់​នឹង​ធ្វើ​តាម​ហ្នឹង​ដែរ ហើយ​ពួក​គាត់​អាច​ស្ងប់​ចិត្ត។ មិន​បាន​អុច​ធូប​ពួក​គាត់​ចេះ​តែ​មិន​អស់​ចិត្ត​ក្រែង​របស់​សំណែន​​ទាំង​នោះ​មិន​ដល់​អ្នក​អ្នក​ស្លាប់ មិន​មាន​ផ្សែង​ធូប​ពួក​គេ​ខ្លាច​ហៅ​ឈ្មោះ​អ្នក​ស្លាប់​ទាំង​នោះ​មិន​លឺ។

    អញ្ចឹង​វា​ពិបាក​ថា​គួរ​តែ​នៅ​កាន់​ការ​អុច​ធូប រឺ បោះបង់​ចោល​ទំនៀម​ទំលាប់​នេះ​ចោល​ណាស់ តែ​ក្នុង​ចិត្ត​ខ្ញុំ​មិន​ល្អក់​កករ​អី​ទេ​ចំពោះ​ការ​អុច​ធូប​នេះ ព្រោះ​វា​មិន​​នាំ​ក្ដី​មហន្តរាយ​អ្វី​ដល់​អ្នក​ដទៃ​ ហើយ​ក៏​វា​មិន​អោយ​ឃើញ​ចំណុច​អវិជ្ជមាន​ណា​មួយ​ហួសហេតុ​ដែរ។ ព្រះពុទ្ធ​ក៏​ថា “គ្មាន​សេចក្ដី​សុខ​ណា ស្មើ​នឹង​សេចក្ដី​ស្ងប់” អញ្ចឹង​ប្រហែល​ត្រូវ​អោយ​ពួក​គេ​នៅ​ប្រកាន់​យក​ទំនៀម​អុច​ធូប​នេះ​ហើយ ព្រោះ​វា​ជា​​សេចក្ដី​សុខ​ផ្លូវ​ចិត្ត​របស់​ពួក​គេ អាច​អោយ​ពួក​គេ​រក “ស្ងប់” ផ្លូវ​ចិត្ត​ឃើញ។

  13. ខ្ញុំ​យល់​ស្រប​ចំពោះ​មតិ​បង rainbowpig និង បង​ស្រុកស្រែ ស្នេហ៍​ខ្ញុំ ។ ខ្ញុំ​យល់​អំពី​តម្រូវការ​មូលដ្ឋាន​របស់​មនុស្ស ពិសេស​ខាង​ចិត្ត​សាស្ត្រ ។ ​

    អត្ថបទ​នេះ​​មិន​​មាន​បំណង​​បង្អាក់​សទ្ធា​របស់​ពុទ្ធសាសនិក ប៉ុន្តែ​ជា​ការ​ជួយ​ឲ្យ​រឭក​ ហ៊ាន​លះបង់​សទ្ធា​មិន​ត្រឹមត្រូវ យក​សទ្ធា​ដែល​ត្រឹមត្រូវ​ ព្រោះ​ការកាន់​យក​ជំនឿ​ត្រឹមត្រូវ​ទើប​នាំ​ឲ្យ​ចិត្ត​ស្ងប់​ពិត​ប្រាកដ ។

    ចំពោះ​ការ​​សំបូងសង្រូង​​អង្វរ​ព្រះ​ឲ្យ​ជួយ​នោះ ក៏​បាន​ស្ងប់​ដែរ ប៉ុន្តែ​ច្រើន​តែ​​បាន​ត្រឹម​មួយ​រយៈៗ​ក្នុង​ពេល​បួងសួង​នោះ ក្រោយ​មក បើ​មនុស្ស​នោះ​នៅ​ជាប់​ទុក្ខ​យ៉ាង​ណា ទុក្ខ​នោះ​ក៏​មក​រុករាន​វិញ​ដូច​ដើម​ ។ ខ្ញុំ​មិន​ធ្លាប់​ឃើញ​មនុស្ស​សំដី​អាក្រក់​ដែល​ចូល​វត្ត​​អុជ​ធូប​សំបូងសង្រូង​​ហើយ ត្រឡប់​មក​ល្អ​វិញ​ទេ បើ​ទោះ​ជា​​បុណ្យ​ទាន​ឃើញ​គាត់​ទៅ​ពុំ​ដែល​ខាន ប៉ុន្តែ​ពេល​ត្រឡប់​មក​វិញ មិន​ឃើញ​គាត់​ផ្លាស់ប្ដូរ​អ្វី​ខុស​ពី​មុន​សោះ ។ ព្រោះ​អ្វី ? ព្រោះ​គាត់​មិន​បាន​បដិបត្តិ​តាម​ពុទ្ធោវាទ​ពិត​ប្រាកដ ។ ពុទ្ធោវាទ​នោះ​ដូចម្ដេច ? គឺ​មាន សីល សមាធិ និង បញ្ញា ។

    ដំបូង​មនុស្ស​យើង​ត្រូវ​បដិបត្តិ​សីល, សីល​នោះ​មាន​សីល ៥ ដែល​មាន​ចែក​ជា​ច្រើន​ផ្នែក​ទៀត និង​ឡើង​ទៅ​សីល ៨ រហូត​ដល់​សីល ១០ ។ កាល​ណា​កាន់​សីល​បាន​ត្រឹម​តែ​សីល​ប្រាំ មនុស្ស​នោះ​ក៏​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ មាន​ចិត្ត​ស្ងប់​ច្រើន​ណាស់​ហើយ ។ បើ​កាន់​ដល់​សីល ៨ ព្រះពុទ្ធ​ថា​ប្រសើរ​ជាង​ព្រះរាជា​ដែល​គ្រប់គ្រង​​ប្រទេស​ទៅ​ទៀត ។ ដូច្នេះ​យ៉ាង​ហោច​ណាស់​ក៏​គួរ​ឲ្យ​មាន​សីល ៥ ក្នុង​ខ្លួន​ដែរ ព្រោះ​សីល​ ៥ ជា​សីល​របស់​មនុស្ស​សមញ្ញា​ទូទៅ​ត្រូវ​មាន ។

    ​មាន​សីល​ហើយ ត្រូវ​ធ្វើ​សមាធិ​ទៀត​នោះ​ចិត្ត​នឹង​បាន​ស្ងប់​ពិត​ប្រាកដ ។ វិធី​សមាធិ​តាម​ការ​ដឹង​ផ្លូវ​ដង្ហើម​ចេញ​ចូល​នឹង​ធ្វើ​ឲ្យ​ចិត្ត​ស្ងប់​អស់​សេចក្ដី​សៅហ្មង, បើ​ធ្វើ​បាន​ប៉ុណ្ណា ចិត្ត​នឹង​បាន​ស្ងប់​ប៉ុណ្ណោះ, ធ្វើ​យូរៗ​ទៅ​ចិត្ត​នឹង​ស្ងប់​ឈឹង ។ ក្រោយ​ពី​ចិត្ត​ស្ងប់​ហើយ គួរ​ហ្វឹកហាត់​បញ្ញា ដើម្បី​ឲ្យ​បាន​សម្រេច​​អរហន្ត ដែល​ជា​គោលដៅ​ចុងក្រោយ​របស់​មនុស្ស ។

    ចំណែក​ការ​បន់​ស្រន់​ ព្រះពុទ្ធ​បាន​ហាម​ដាច់​ខាត ព្រោះ​មិន​មែន​ជា​អំពើ​​រារាំង​ដល់​ការហ្វឹកហាត់​ចិត្ត​ឲ្យ​បរិសុទ្ធ ។

    ដូច្នេះ​ការបដិបត្តិ​តាម​ពុទ្ធោវាទ​ត្រឹមត្រូវ​ទើប​នាំ​ឲ្យ​ចិត្ត​ស្ងប់​ពិត​ប្រាកដ មិន​ស្ងប់​ដោយ​​បន្លំ​កុហក​ខ្លួនឯង​នោះ​ទេ ។

  14. នៅស្រុកខ្មែរ មិនមានប្រដាប់់ រោទ៌ផ្សែងអគ្គិសភ័យដូចខ្ញុំនៅកាណាដានេះ
    ពេលអុចធូបម្ដងៗ វារោទ៌ឡើងហឹងត្រចៀក ហើយត្រូវទៅដោះប្រដាប់់
    រោទ៌នោះកុំអោយរោទ៌ ។ប្រដាប់់ រោទ៌ ក្នុង ផ្ទះខ្ញុំ អត់់ ប្រើថ្ម គឺប្រើចរន្ត
    អគ្គសនី អញ្ចឹងយ៉ាប់់ ធ្វើវាអោយឈប់់ រោទ៌ ,ខ្ញុំមានតែទៅ បក់់ផ្សែង ចេញ
    ពិប្រដាប់់ រោទ៌ ៖ជួនកាលមិនបានភ្លាមទេ ,រំខានណាស់់ឮវារោទ៌។
    ខ្ញុំឈប់់អោយអុធធូបក្នុងផ្ទះទៀតហើយ។

  15. ខ្ញុំចង់់ប្រាប់់រឿងមួយទៀត៖ នៅប្រទេសកាណាដាគេឈប់់ឈប់់ជក់់
    បារីក្នុង ទីសាធារណៈ ដូចជាផ្សារ ភោជនីយដ្ឋាន ព្រះវិហារ សាលារៀន
    ក្នុងកន្លែងធ្វើការ …ដើម្បីកុំអោយប៉ះពាល់់ សុខភាពសាធារណជន។
    ខ្ញុំសង្កេតឃើញថាខ្មែរយើងពពេលមានបុណ្យម្ដងៗដូចជាដណ្ដើមគ្នាអុចធូប
    នំាអោយផ្សែងហុយសព្វកន្លែង …គួរយើងគិតពីសុខភាពរបស់់យើងទំាងអស់់គ្នាផង

  16. ផ្ទះនៅស្រុកគេនេះចាំបាច់់ត្រូវមានដើម្បីការពារសុវត្ថិភាពពេលមានភ្លើង
    ឆេះផ្ទះ។កាលពីជាងមួយខែកន្លុង ទៅមានគ្រួសារពីរនាក់់ប្ដីប្រពន្ធនិងកូន
    ប្រុសម្នាក់់អាយុទើបបីឆ្នំា ត្រូវស្លាប់់ដោយភ្លើងឆេះផ្ទះ គឺភ្លើងគ្មានអណ្ដាត
    ដែលឆេះក្នុងជញ្ជំាងដោយ ខ្សែភ្លើងឆ្លុងប៉គ្នា ក៏ស្រាប់់តែជួនក្នុងពេលនោះ
    ពួកគេកំពុងគេងលក់់ហើយ ក្នុងផ្ទះគ្មានប្រដាប់់រោទ៌ ទើបបានជាភ្ញាក់់ឡើង
    យឺតពេលទៅហើយ ពួកគេត្រូវស្លាប់់ដោយសារឈ្លក់់ផ្សែង។

  17. ស្តាប់ការពន្យល់ បកស្រាយមក ខ្ញុំគួរហៅលោកម្ចាស់ផ្ទះថា អាចារ្យបឿនៗ ហើយមើលទៅ… ហេហេ… សុំទោសខ្ញុំនិយាយលេងទេ… តែដំបូង សុំក្តៅមួយកែវសិនម៉ោ បំណាច់នឹងមកលេងដល់ផ្ទះលោកទៅហើយ…។

    ខ្ញុំមានចំងល់ សុំសួរទៅលោកអាចារ្យបឿន មួយ(ក្រៅប្រធានបទទេបាទ): សួរថា តើព្រះសង្ឃដែលយកធម៌ព្រះពុទ្ធ ឬធម៌ព្រហ្មញ្ញ(?) យកមករកស៊ីសូត្រមន្ត សូត្រផ្លុំដាក់ក្រឡម្ស៉ៅ ដបទឹកអប់ ឬធ្វើកថា ខ្សែចង្កេះ សំរាប់អ្នកដែលមានជំនឿ តើរឿងនេះមាននៅក្នុងគម្ពីររបស់ព្រះពុទ្ធឬទេ? (បើអុជធូបមិនមាននៅក្នុងគម្ពីរព្រះពុទ្ធទៅហើយ ទំរាំដល់ធម៌អូមអាមទៀត មិនរឹតតែខុសឆ្ងាយទៀតហើយ)។ ព្រោះលោកសង្ឃច្រើនណាស់ ដែលក្លាយជាអ្នកធូរធារ រកស៊ីមានបាន និងឡើងងារយសសក្តិដោយសារមុខរបរបែបនេះ។ តើទង្វើបែបនេះ អាចចាត់ទុកថា ជាអំពើបោកប្រាសដែរឬទេ? ម្យ៉ាងទៀត បើតាមការរៀបរាប់របស់លោក ព្រះសង្ឃកាន់រហូតដល់សីល ១០ តែបែរជាមកពង្វក់អ្នកដែលមិនមានជំនឿលើខ្លួនអែង អោយជឿទាំងងងឹតងងុលបែបនេះ គឺបាបធ្ងន់ណាស់ មិនដឹងចុះនរកប៉ុន្មានជាន់ទេ…(នេះបើតាមធម៌ព្រះពុទ្ធថាមាននរក ប្រែត…តែខ្ញុំរកជឿមិនឃើញទេ)។ ហើយបើបែបនេះមែន មានតែសង្ឃទាំងនោះ ជាសង្ឃក្លែងក្លាយ?

  18. ព្រះសង្ឃ​ដែល​រៀន​មន្ត​អាគម​អូមអាម មាន​ធ្វើ​ស្នេហ៍ ធ្វើ​ខ្សែ​កថា ស្រោចទឹក​​​អី​ជា​ដើម មិន​មាន​ក្នុង​ពុទ្ធោវាទ​ទេ ។

    ព្រះពុទ្ធ​អត់​មាន​​បាលី​ខាប បាលី​ហោះហើរ អត់​មាន​បាយសី ស្លាធម៌​អី​ទាំងអស់ ។ អំពើ​ហ្នឹង​ខុស​នឹង​ព្រះ ជា​អំពើ​បាប និង​នាំ​ឲ្យ​ខ្លួន​ធ្លាក់​ទឹក​ទៅ​វិញ​ទេ, មិន​បាន​ផល​ទៅ​សួគ៌ ទៅ​និព្វាន​ទេ ទោះ​បួស​អស់​មួយ​ជីវិត​ក៏​ដោយ ។

    ព្រះពុទ្ធ​លោក​បាន​ហាម​ផ្ដាច់​ទង្វើ​អស់​ហ្នឹង មិន​ឲ្យ​ប៉ះពាល់​សោះ​តែ​ម្ដង ។ បើ​អ្នក​ដែល​ប៉ះពាល់​ទង្វើ​ទាំង​នោះ ព្រះពុទ្ធ​មិន​ចាត់​ជា​សមណ​ក្នុង​សាសនា​ទេ គឺ​ជា​មនុស្ស​ក្រៅ​សាសនា​ព្រះពុទ្ធ ។ ក្រោយ​ពេល​ស្លាប់​ទៅ នឹង​​បាន​ទៅ​ជា​អ្នក​តា ។

  19. អ្វី​ដែល​ខ្ញុំ​ពិតជា​ចង់​សំណូមពរ​នោះ​គឺ សូម​ឲ្យ​គ្រប់​វត្ត គ្រប់​ពេល​បុណ្យ កុំ​ចាក់​មេក្រូ​ឮ​ខ្លាំង​ពេក! ពិបាក​ទ្រាំ​ណាស់ មិន​ថា​ការ​ឬ​បុណ្យ​ទេ ចាក់​គ្មាន​សួរ​អ្នក​ស្ដាប់​ជិត​ខាង​ថា​ចង់​ស្ដាប់​ឬ​អត់​សោះ! ខ្ញុំ​មិន​ហាម​ទេ​វា​ជា​ប្រពៃណី​ខ្មែរ​ហើយ តែ​ចាក់​ឲ្យ​តិច​ខ្លះ​ទៅ ឬ​ចាក់​មាន​ពេល​សម្រាក​ខ្លះ​ទៅ ។ កាល​ដែល​គ្មាន​ឧបករណ៍​បំពង​សំឡេង​ទាំងអស់​នោះ តើ​គេ​ដឹង​ថា​បុណ្យ​ដោយ​វិធី​ណា? ចុះ​បើ​ថា​ចាក់​ទើប​គេ​ដឹង អ៊ីចឹង​បោះ​សំបុត្រ​ចែក​ធ្វើ​អី? ឬ​ខ្លាច​គេ​រក​កន្លែង​មិន​ឃើញ? អ៊ីចឹង​ចាក់​តិចៗ​បាន​ហើយ ព្រោះ​អ្នក​ដែល​យើង​ប្រាប់​ឬ​អញ្ជើញ​សុទ្ធតែ​ជា​អ្នក​ស្គាល់ ។ ប្រសិនជា​ខ្លាច​អ្នក​ពី​ចម្ងាយ​មិន​ដឹង​ថា​មាន​កម្មវិធី​បុណ្យ​នៅ​វត្ត​ហ្នឹង ក៏​មិន​ត្រូវ​ដែរ​ព្រោះ​គេ​តែង​ដាក់​ទង់​ឈ្វាលា​តាម​ផ្លូវ​ចូល​វត្ត ហើយ​មនុស្ស​ក្នុង​ភូមិ​ស្រុក​ក៏​គេ​អូរអរ​ទៅ​លេង​ដែរ ។ និយាយ​រួម​មិនចូលចិត្ត​សំឡេង​ខ្លាំង​ហ្នឹង​តែ​ម្ដង​ខ្ញុំ មិន​ចង់​ទ្រាំ​ទៀត ។

  20. ដូចក្នុងធម៌ ឥមេហិទី បធូបាទិ សក្ការេហិ ពុទ្ធំ ធម្មំ សង្ឃំ ដូចជាមានពាក្យ ថា ទៀនធូបដែរ តែមិនដឹងជាធម៌នេះអ្នកប្រាជខ្មែរយើងតែងឬយ៉ាងណា? (ត្រង់ហ្នឹងមិនច្បាស់ដែរ) ។ នៅស្រុកខ្មែរ ម្នាក់ៗអុចធូបទៀនខ្លាចតែមិន បានបុណ្យ​ តែមិនដែលគិតថាបុណ្យកើតតាមផ្លូវណាសោះ។ ពេលបុណ្យ ភ្ជុំ ចូលឆ្នាំម្តងៗ អុចធូបទាល់តែឈ្លក់លោកឈ្លក់អាចារ្យ ជូនកាលលោក សូត្រធម៌អត់កើត ចេញតែទឹកភ្នែក ព្រោះផ្សែងធូបហុយចង់ឆេះសាលាឆាន់

  21. មិន​មែន​គេ​ចែក​​ធម៌​ចាស់ ធម៌​ថ្មី​ដូច្នេះ​​ទេ ។ ខ្ញុំ​ក្រែង​ថា​ច្រឡំ​ក្នុង​រឿង​ទំនាស់​នៃ​ធម៌​ចាស់​ធម៌​ថ្មី ដូច​ក្នុង​សម័យ​មុន​នោះ ដែល​ថា​ធម៌​ចាស់​គេ​សូធ្យ​បែប​នេះ ធម៌​ថ្មី​គេ​សូធ្យ​សំឡេង​បែប​នោះ ។ ការ​សូធ្យ​នេះ​នាំ​ឲ្យ​មាន​ទំនាស់​រវាង​អ្នក​កាន់​ពុទ្ធសាសនា​មួយ​ចំនួន ដែល​ខ្លះ​ថា​ធម៌​ចាស់​ល្អ ខ្លះ​ថា​ធម៌​ថ្មី​ល្អ​ជាង តែ​តាម​ពិត​ទៅ ធម៌​ចាស់ ឬ​ធម៌​ថ្មី​នោះ ជា​ធម៌​ដូច​គ្នា គ្រាន់តែ​សូធ្យ​ខុស​គ្នា​ប៉ុណ្ណោះ ។ ដូច្នេះ ព្រះធម៌​ទាំងឡាយ​ណា​ដែល​បាន​តាក់តែង​មក​ហើយ ហើយ​នាំ​ឲ្យ​ចម្រើន គឺ​ជា​ព្រះធម៌​ដែល​យើង​ត្រូវ​គោរព ។ កុំ​ប្រកាន់​ថា​ធម៌​នោះ​ចាស់ ធម៌​នោះ​ថ្មី​ឡើយ ។

  22. ​មិន​អាច​ឈប់​អុជ​ធូប​បាន​ទេ។ ការ​អុជ​ធូប​ហ្នឹង​​មែន​តាម​បែប​ព្រះ​ពុទ្ធ​ពិត​មែន តែ​ការ​អុជ​ធូប​ជា​ប្រពៃ​ណី

    ​ទំនៀម​ទម្លាប់ ដែរ​មិន​អាច​កែ​បាន ។
    -អប្បិយ ឬ អប្រិយ ពន្យល់​ថា ដែល​មិន​ជាទី​ស្រឡាញ់ ឬ ដែរ​ពុំគួរ​ស្រឡាញ់ ក៏ដោយ ក៏មិន​បាន​ពន្យល់

    ​ថា ដែរគួអោយ​ស្អប់ខ្ពើម ឬ អាក្រក់ ទេ។ដូចនេះ អប្បិយជំនឿ​មាន​ន៏យ​ថា ត្រឹមតែថា ជំនឿ​ដែល​មិនគួរ​

    ​អោយ​ស្រឡាញ់រាប់អាន​ប៉ុណ្ណោះ៕

  23. ព្រះពុទ្ធសាសនាបានក្លាយជាព្រពែណីនៃប្រទេសនីមួយៗដែលកាន់ពុទ្ធ សាសនាទៅហើយ។ ថ្មីត្បិតតែក្នុងគម្ពីរព្រះត្រៃបិដកមិនមានពាក្យទៀន ធូប តែក៏មានពាក្យបទីប(ប្រទីប)ដែរ។ ខ្ញុំគិតថាប្រាកដជាមានគេប្រើ ទៀន ធូបសម្រាប់បូជា ក្នុងជំនាន់នោះដែរ តែគេមិន​សរសេរបញ្ចូល​ក្នង​ព្រះត្រ័យ​បិដកទេដឹង? តាមពិតព្រះពុទ្ធមិនបានហាមឃាត់បុគ្គលណាមួយមិនអោយ ប្រើធូបឡើយ តែព្រះអង្គបា្រប់ថាការបូជាតាមផ្លូវនេះ វាមិនបានផលច្រើន ព្រោះក្នុងព្រះពុទ្ធសាសនា អំពើល្អ អាក្រក់សម្រេចតាមផ្លូវចិត្តរបស់បុគ្គល ម្នាក់ៗ ហើយចិត្តដឹកនាំមនុស្សអោយធ្វើអាក្រក់នឹងល្អ(មនោ បុព្វង្គមា ធម្មា មនោ សេដ្ឋា មនោ មយា….)
    ឧទាហរណ៍ ប្រទេសផ្សេងៗដែលកាន់ពុទ្ធសាសនា ភាគច្រើនមិនមែនពុទ្ធ សាសនាសុទ្ធនោះទេ គឺលាយឡំនឹងប្រពៃណីវប្បធម៌របស់គេ តួយ៉ាង ចិន កូរ៉េ ជប៉ុន ជាដើម ។ល។ ទាំងនេះបញ្ចាក់ថា ពុទ្ធសាសនា ជាវប្បធម៌នៃ ប្រទេសនីមួយៗ។

  24. អរគុណ​បង Yim ចំពោះ​ការ​ឲ្យ​តម្លៃ ។

    @អាក្បាលធំ៖ តើ​មាន​ប្រពៃណី​ឯណា​ដែល​មិន​អាច​បោះបង់​ចោល​បាន ? ពី​មុន​ស្ត្រី​ខ្មែរ​ស្លៀក​សំពត់​សារុង ឥឡូវ​ស្រីៗ​និយម​ស្លៀក​ខោ​ត្រឹម​ភ្លៅ ទៅ​មុខ​ទៀត ប្រហែល​នឹង​និយម​ស្លៀក​បែប​ផ្សេងៗ​ទៀត ខុស​ពី​ប្រពៃណី​ចាស់​បុរាណ​មិន​ខាន ។

    @សុផល៖ និយាយ​ហ្នឹង​ខ្ញុំ​ក៏​យល់​ស្រប​ដែរ ប៉ុន្តែ​ត្រង់​ថា​ក្នុង​សម័យ​ព្រះពុទ្ធ​ប្រហែល​អាច​មាន​ការអុជធូប​បូជា​ចំពោះ​ព្រះ​នោះ មិន​មាន​អះអាង​សោះ ធ្លាប់​ឮ​ព្រះគ្រូ​ សំ ប៊ុនធឿន ទេសនា​អំពី​ពុទ្ធដីកា​ថា ការបូជា​ព្រះ​ដោយ​ផ្សែង​ជា​ការខុសឆ្គង ។ ព្រះពុទ្ធ​បាន​ហាម​ពុទ្ធសាសនិក​របស់​ខ្លួន​មិន​ឲ្យ​ធ្វើ​ទង្វើ​បែប​នោះ​ឡើយ ។ ចំពោះ​បញ្ហា​អស់​នេះ ខ្ញុំ​គ្រាន់តែ​នាំ​មក​បង្ហាញ​ជា​ដំណឹង បើ​ទោះ​ជា​យើង​មិន​អាច​បោះបង់​បាន​ក៏​មិន​មាន​បញ្ហា​អ្វី​ដែរ ។

  25. តាម​ពិត​ទៅ ដូច​ចំនង​ជើង​អត្ថបទ​នេះ បាន​សរសេរ​រួច​ទៅ​ហើយ “បើ​យើង​ជា​ពុទ្ធសាសនិក” គឺ​មាន​ន័យ​ថា ពុទ្ធសាសនិក​ពិត​ប្រាកដ មិន​កាន់​សាសនា​ផ្សេង​ ព្រះ​ពុទ្ធប្រដៅ​ថា ការ​បន់​ស្រន់​ជា​រឿង​មិន​ចាំ​បាច់ “បើ​យើង​ជា​ពុទ្ធសាសនិក” ពិត​ប្រាកដ យើង​គួរ​តែ​ធ្វើ​តាម។

    តែ​បើ​អ្នក​ជា​មនុស្ស​មាន​ជំនឿ​លាយឡំ​គ្នា ពុទ្ធសាសនា​ខ្លះ ព្រហ្មញ្ញសាសនា​ខ្លះ តៅ​ខ្លះ អា​ហ្នឹង​គឺ​តែ​ត្រូវ​តែ នៅ​តែ ដុត​ធូប​បែប​នេះ​ហើយ។

    តែ​បើ​ជា​មនុស្ស​គ្មាន​ជំនឿ​ពិត​ប្រាកដ​ដូច​ខ្ញុំ​វិញ វត្ត​ក៏​មិន​(ចង់​)ទៅ ធម៌​ក៏​មិន​(ចង់​)សូត្រ ធូប​ក៏​មិន(​ចង់​)ដុត ទាល់​តែ​កាលៈ​ទេសៈ​បង្ខំ បាន​ធ្វើ !!!

  26. មិនច្បាស់ដែរ តែហាក់ដូចជាមានអ្នកថែរក្សាខ្ញុំ បង្រៀនខ្ញុំឱ្យដើរផ្លូវត្រូវតាំងពីតូចមក។ គេប្រាប់ខ្ញុំថា ជាគ្រូបាធ្យាយ។ តើនៅក្នុងធម៌ព្រះពុទ្ធមាននិយាយពីជំនឿនេះទេ?

  27. ព្រះពុទ្ធ​សម្ដែង​ថា មិន​មាន​នរណា​អាច​ជួយ​យើង​ក្រៅ​អំពី​ខ្លួន​យើង​ឡើយ ។ ចិត្ត​របស់​យើង យើង​ជា​អ្នក​ដឹកនាំ​ដោយ​ខ្លួនឯង គ្មាន​​​ជន​ខាង​ក្រៅ​ណា​​​មាន​ឥទ្ធិឫទ្ធី​មក​បណ្ដាល​ចិត្ត​យើង​ឲ្យ​ធ្វើ​យ៉ាង​នេះ​យ៉ាង​នោះ​បាន​ឡើយ ។​

  28. ហេតុ​អ្វី​ទៅ​មិន​រួច sotheary? បើ​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​គួរ​តែ​ជឿ​ពុទ្ធោវាទ មិន​មែន​កាន់​ព្រះពុទ្ធសាសនា​ហើយ​ជឿ​លើ​ព្រហ្មញ្ញ​​ឱវាទ​ទេ ។

  29. សួស្តី បឿន ប្អូនប្រុស …

    សុខសប្បាយជាទេ ?. ខានជួបគ្នាយូរហើយ .. បងតែងបានទទួលដំណឹងពីប្អូន តាមរយះ សាមឌី ។

    ថ្ងៃនេះ បងបានអានអត្ថបទខាងលើ គួរឱយចាប់អារម្មណ៍។
    បងក៍ជាពុទ្ធសាសនិកម្នាក់ដែរ តែហាក់មិនបាននាំខ្លួន
    ឱយចូលស៊ុប និងមានជំនឿលើការបន់ស្រន់ ឬអុចធូប
    សូមសេចក្តីសុខ រកទទួលទានមានបាន និងចូលវត្ត
    ជាញឹកញាប់នោះសោះ!.. និយាយនេះមិនមែនថានៅស្វីស
    គ្មានវត្តនោះដែរ.. តែជំនឿ និងទង្វើទាំងនេះ ប្រហែលមិនទាន់
    ដល់ពេលទេដឹង !!.. ឯវត្តក៍នៅមិនឆ្ងាយប៉ុន្មានពីផ្ទះបងដែរ..
    បើបើកឡានត្រូវចំណាយពេលតែ មួយម៉ោងប៉ុណ្ណោះ!!..

    តាមពិតទៅ គ្មានអ្វីក្រៅពីការកសាងខ្លួនដោយខ្លួនឯង..
    មិនចាំបាច់ពឹងផ្អែកលើការបន់ស្រន់នោះទេ…បងយល់ថា៖
    ‹‹លើលោកនេះ ពិតជាគ្មានព្រហ្មលិខិត ឬព្រេងវាសនា
    ឯណា មកចារលើជីវិតមនុស្សឡើយ››
    http://www.khmercity.net/photo/dreams-in-cloud?context=user

    អរគុណ និងសូមមានសំណាងល្អទាំងពីរនាក់ណាប្អូនប្រុស !..

    ដោយរលឹក ពីបងកុលាប
    @@@@@@@@@@@@@@@@@@

  30. សួស្ដី​បង​កុលាប,

    រីករាយ​ណាស់​ដែល​បាន​ឃើញ​មតិ​របស់​បង, ខ្ញុំ​និង​ប្រពន្ធ​សុខសប្បាយ​ធម្មតា​ទេ ។ ​បង​យល់​ថា​គ្មាន​​ព្រះ​មក​លិខិត​ដល់​ជីវិត​របស់​យើង​នោះ​ត្រូវ​ហើយ យើង​កើត​មក​ហើយ​ត្រូវ​​ខិតខំ និង​តស៊ូ​ដោយ​ខ្លួនឯង ​ធ្វើ​អំពើ​ល្អ អំពើ​អាក្រក់ ​​ក៏​ដោយ​ចិត្ត​ខ្លួនឯង​ជា​អ្នក​ដឹកនាំ ដូច្នេះ ការខិតខំ​តស៊ូ​ដោយ​ខ្លួនឯង​​ដោយ​មិន​សង្ឃឹម​ព្រេង​វាសនា​នោះ​ជា​ការត្រឹមត្រូវ ។ ចំណែក​ឯ​ជំនឿ​របស់​បង​ដែល​មិន​ទាន់​ជ្រះ​ថ្លា​នោះ ក៏​ព្រោះ​តែ​បង​មិន​ទាន់​បាន​សិក្សា​​ចូល​ឲ្យ​ជ្រៅ​នូវ​ហេតុផល​ដែល​ព្រះពុទ្ធ​បាន​សម្ដែង​ប៉ុណ្ណោះ បង​មាន​ជំនឿ​ខ្លះ មិន​មាន​ជំនឿ​ខ្លះ យល់​ថា​ត្រឹមត្រូវ​ខ្លះ មិន​ត្រឹមត្រូវ​ខ្លះ ។ ដូច្នេះ​ហើយ​បង​ត្រូវ​សិក្សា​រក​ហេតុផល និង​យល់​អំពី​គោលដៅ​របស់​ព្រះពុទ្ធ​ឲ្យ​បាន​ច្បាស់ បង​នឹង​យល់​ថា​គ្មាន​អ្វី​ប្រសើរ​ជាង​សាសនា​នេះ គ្មាន​ជន​ណា​ប្រសើរ​ជាង​ព្រះ​ពុទ្ធ គ្មាន​​ផ្លូវ​រំលត់​ទុក្ខ​ណា​ក្រៅ​អំពី​ផ្លូវ​ដែល​ព្រះ​ពុទ្ធ​បាន​បង្ហាញ គ្មាន​ធម៌​ណា​ប្រសើរ​ជាង​ធម៌​របស់​ព្រះពុទ្ធ ។ កាល​ដែល​បង​យល់​ដូច្នេះ​ហើយ បង​នឹង​មាន​ជំនឿ​មាំ ជ្រះថ្លា​នឹង​សេចក្ដី​ល្អ​គ្រប់​យ៉ាង និង​ខិតខំ​សិក្សា​ដើម្បី​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះពុទ្ធ ហើយ​សេចក្ដី​សុខ​នឹង​កើត​មាន​ដល់​បង​យ៉ាង​ពិត​ប្រាកដ ។

  31. សូមសួរបងទឹម បឿន បន្តិច! សូមបងជួយពន្យល់ថា តើពាក្យថា ព្រះសង្ឃ និងលោកសង្ឃខុសគ្នា ឬដូចគ្នា? បើខុសៗ ត្រង់ណា? បើត្រូវៗត្រង់ណា? សូមជួយពន្យល់ឲ្យបានច្បាស់ផង?

  32. បើតាមពិតទៅក្នុងនាមខ្ងុំជាពុទ្ធសាសនិកម្នាក់សុំបញ្ចេញយោបល់ខ្លះៗដែលទាក់ទងនិងបងៗដែលមានខាមមិននៅខាងលើថាតើការដែលយើងអុចធូបទៅវាប៉ះពាល់អ្វីខ្លះ?​ហើយសួរថាបើយើងមិនអុចធូបទៅតើបានឬទេ។​ចុះបើសិនជាយើងមិនបានអុចធូបទៅចុះហេតុអ្វីបានជាចាស់ពីបុរាណគាត់អុចធូបុ?​​សុំបងៗទាំងអស់ជួយដោះស្រាយផងជាពិសេសបងដែលជាម្ចាស់ប្លុកនេះ

  33. @yen: ការអុជធូប​វា​ជាប់​ទំនៀម​ពី​ព្រហ្មញ្ញសាសនា​មក ។ តាម​ខ្ញុំ​ធ្លាប់​ដឹង ដំបូង​ឡើយ​គេ​ប្រើ​វិធី​បូជាភ្លើង ។ សម័យ​ព្រះពុទ្ធ​ក្នុង​ប្រទេស​ឥណ្ឌា ពេល​ណា​ដែល​គេ​យល់​ថា​នឹង​អាច​កើត​មាន​ហេតុ​មិន​ល្អ​ដល់​ព្រះរាជា គេ​នឹង​រៀបចំ​ពិធី​បូជា​​ព្រះភ្លើង ពេល​ខ្លះ​គេ​បូជា​សត្វ ពេល​ខ្លះ​គេ​បូជា​មនុស្ស​ទាំងរស់ ។ បើ​ហោរ​ទាយ​ថា​ជា​គ្រោះ​ធំ គេ​អាច​ចាប់​មនុស្ស​មក​បូជា​រាប់រយ​នាក់​ក៏​មាន ។ ការជ្រើស​យក​ភ្លើង​មក​បូជា​នោះ ព្រោះ​គេ​ជឿ​ថា ផ្សែង​ភ្លើង​នឹង​​ហោះ​ទៅ​លើ​មេឃ អាច​​បញ្ជូន​ដំណឹង​ទៅ​ដល់​កន្លែង​ព្រះ​របស់​គេ​រស់នៅ ។ ក្រោយៗ​មក ដោយសារ​ការធ្វើ​ពិធី​បូជា​ភ្លើង​នោះ​ឃោឃៅ​ពេក ទើប​ការអុជ​ធូប​ត្រូវ​បាន​គេ​ប្រើ​ជំនួស ដោយ​គេ​ជឿ​ថា​ផ្សែងធូប​នឹង​បញ្ជូន​ដំណឹង​ទៅ​ដល់​ព្រះ​របស់​ពួក​គេ​ដូច​គ្នា ។ មក​ដល់​បច្ចុប្បន្ន​នេះ ប្រហែល​ដោយសារ​ជំនឿ​​ប្លែកៗ​គ្នា ខ្លះ​ជឿ​អ្នកតា ខ្លះ​ជឿ​ខ្មោច​ព្រាយ ខ្លះ​គោរព​ទេព្តា ក៏​ចេះ​តែ​គោរព ចេះ​តែ​សែន​ដង្វាយ​ផ្សេងៗ​​ទៅ​តាម​ជំនឿ​​រៀងៗ​ខ្លួន​ទៅ ។ រឿង​ជំនឿ​ទាក់ទង​នឹង​ការអុជធូប​ហ្នឹង ខ្ញុំ​ធ្លាប់​ដឹង​ខ្លះ និង​​សន្មត់​តាម​ការពិចារណា​មក​ខ្លះ​យ៉ាង​ហ្នឹង ត្រូវ ឬ​មិន​ត្រូវ​យ៉ាង​ណាៗ សូម​សិក្សា​ស្រាវជ្រាវ​ដោយ​ខ្លួន​ឯង​ចុះ ។ ចំពោះ​រឿង​អុជ​ឬ​មិន​អុជ​​មិន​ជា​បញ្ហា​អ្វី​ទេ សំខាន់​គឺ​ចិត្ត បើ​ចិត្ត​ជា​កុសល​ក៏​នឹង​បាន​ជា​កុសល បើ​ចិត្ត​ជា​អកុសល​នឹង​នៅ​តែ​បាន​អកុសល ។

    ដូច្នេះ​ខ្ញុំ​គ្រាន់តែ​ប្រាប់​អ្វី​ដែល​ខ្ញុំ​ដឹង បើ​អ្នក​​ណា​យល់​ថា​ត្រូវ​ធ្វើ​តាម​ក៏​ធ្វើ​ទៅ អ្នក​យល់​ថា​មិន​ត្រឹមត្រូវ​មិន​ធ្វើ​តាម​ក៏​មិន​មាន​បញ្ហា​អ្វី​ដែរ ។ រឿង​សំខាន់​គឺ​ការអប់រំ​ចិត្ត​កុំ​ឲ្យ​អកុសល​ចិត្ត​កើត​ឡើង​ច្រើន​ពេក​​ប៉ុណ្ណឹង ។

    សូម​អរគុណ​ដែល​បាន​មក​បញ្ចេញ​យោបល់ ។

  34. តាមពិតការអុជធូបនេះជាជ័រកាវបិតស្អិតក្នងព្រះពុទ្ធសាសនា ផ្សែងធូបអាចហោះហើរទៅមានវត្ថុស័ក្តិសិទ្ធផ្សេងៗ មានអាកាសទេវតាជាដើម ដឹងក្លិនធូបជាកុសលរបស់មនុស្ស ហើយទេវតានោះលោកឲ្យពរមកយើង ។ប៉ុន្ដែការអុជធូបនេះឲ្យវាមានកំរិតផង កុំចេះតែអុជទាំងដៃៗ ហើយយកទៅដោត ដោយគ្មានពាក្យសច្ចាអ្វី គឺវានាំឲ្យតែហុយ និងឆេះវត្ត ឆេះផ្ទះទេ ។ បើឆ្ងល់ខ្លាំងសួរមក ហំ ខ្ញុំ ៗនឹងជួយពន្យល់ តាមរយៈទូរស័ព្វ លេខ ០៩៧ ៦៧ ៩៧ ០០០ ខ្ញុំនិងទទួលបកស្រាយដោយរីករាយបាទ។
    សូមអរគុណ ប្រិយមិត្រ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s