ឧបាទានក្ខន្ធ ៥ ជា​មេ​ទុក្ខ


នេះ​ជា​អត្ថបទ​ដែល​ខ្ញុំ​យក​មក​ពី ទីនេះ ​ប្រហែល​ជា​សរសេរ​ដោយ ថោងនីដាមុនី និយាយ​អំពី ឧបាទានក្ខន្ធ ៥​ ជា​មេ​ទុក្ខ ដែល​មាន​និយាយ​ក្នុង​ព្រះ​ត្រៃបិដក​ក្បាល​ទី ១៧ ទំព័រ ២៨៧ និង​ក្នុង​ក្បាល​ទី ២១ ទំព័រ ៧១ ត្រង់​ប្រស្នា​ដំបូក​​ហុយ​ផ្សែង​ពេល​យប់ ឆេះ​ពេល​ថ្ងៃ ។ ខ្ញុំ​លើក​មក​នេះ ព្រោះ​ក្នុង​អត្ថបទ​នេះ​មាន​ឧទាហរណ៍​ងាយ​ចូលចិត្ត​​​(យល់)បាន ។

ទោស​នៃ​ការប្រកាន់​គឺ​នាំ​មក​នូវ​ទុក្ខ ។ វេលា​ដែល​រូប និង​ចិត្ត​ចាប់ផ្ដើម​រីកចម្រើន​ឡើង ហើយ​ទំនាក់ទំនង​រវាង​បញ្ច​វិញ្ញាណ​បាន​ដំណើរការ​ចិត្ត ឬ​មនោ​វិញ្ញាណ​នេះ​ក៏​ចាប់ផ្ដើម​សិក្សា​រៀនសូត្រ​ពី​អ្វី​ៗ​ជុំវិញ​ខ្លួន​តាមរយៈ​បញ្ច​វិញ្ញាណ​ដោយ​ផស្សៈ (ការប៉ះ​ខ្ទប់​រវាង​អារម្មណ៍ និង​វិញ្ញាណ) ធ្វើ​ឲ្យ​វេទនា​ការសោយ​អារម្មណ៍​ជា​សុខ ជា​ទុក្ខ និង​មិន​សុខ មិន​ទុក្ខ​កើត​ឡើង ។ ការញៀន​ញ៉ាម​ក្នុង​ការសោយ​សុខ​វេទនា និង​សោមនស្សវេទនា​ដែល​ជា​អានិសង្ស​របស់​ខន្ធ ៥ ធ្វើ​ឲ្យ​វិញ្ញាណ​ចាប់​ប្រកាន់​ទៅ​តែម្ដង ថា​អ្វី​ៗ​ត្រូវតែ​ជា​របស់​ខ្លួន ហើយ​បដិសេធ​ចំពោះ​អ្វី​ដែល​មិន​គាប់​អធ្យាស្រ័យ​ថា​មិន​មែន​ជា​របស់​ខ្លួន​អ៊‍ីចឹង​ទៅ ។ ការទាមទារ ការប្រាថ្នា​បាន​ដល់​តណ្ហា​ក៏​កើត​ឡើង, ការមានៈ​ប្រកាន់ (ឧបាទានក្ខន្ធ) ហួងហែង​ថា​ជា​ខ្លួន អ្វីៗ​ជា​របស់​ខ្លួន​នោះ​ជា​អញ​នោះ ជា​របស់​អញ មាន​ខ្លួន​នៅ​ក្នុង​ខ្លួន រូបវេទនា សញ្ញា សង្ខារ វិញ្ញាណ ជា​របស់​ខ្លួន មាន​ខ្លួន​នៅ​ក្រៅ​ខន្ធ ៥ ប្រព្រឹត្ត​ទៅ​តាម​អំណាច​របស់​ខ្លួន​ក្នុង​ភព ៣ វិបល្លាសទិដ្ឋិ​ក៏​ចម្រើន​ឡើង រមែង​មាន​ភព មាន​ជាតិ ជរា ព្យាធិ មរណៈ​តទៅ​ជា​អង្វែង​មិន​មាន​ទី​បំផុត ។ តណ្ហា​នាំ​ឲ្យ​មិន​ចេះ​ពេញចិត្ត​ចំពោះ​អ្វីៗ​ដែល​ខ្លួន​មាន ដូច​គីង្គក់​ក្រោម​ពាង​ក្នុង​វត្ត​លោក ពេល​បាន​ឃើញ​លោក​និមន្ត​មក​ពី​បិណ្ឌបាត​វិញ ក៏​នឹក​គិត​ថា បើ​អញ​បាន​ក្លាយ​ជា​លោក មិន​ដឹង​ជា​ស្រួល​យ៉ាង​ណា ព្រោះ​បាន​អាហារ​ស្រាប់ ។ លុះ​លោក​ឆាន់​រួច​នៅ​សល់​បាយ ក៏​បាច​ឲ្យ​មាន់ គីង្គក់​ក៏​នឹក​ថា អុញ ! មាន​នេះ​សុខ​ស្រួល​ជាង​លោក​ហ្ន ! រំពេច​នោះ​មាន​ឆ្កែ​មក​ដេញ​មាន់​ដណ្ដើម​យក​អាហារ គីង្គក់​ក៏​នឹក​ច្រណែន​នឹង​ឆ្កែ ចង់​ក្លាយ​ជា​ឆ្កែ ក៏​ស្រាប់តែ​មាន​ក្មេង​វត្ត​ស្ទុះ​មក​ចាប់​ដំបង​សំពង​ឆ្កែ​ឲ្យ​រត់​គេច​ចេញ​ទៅ, គីង្គក់​ចង់​ក្លាយ​ជា​ក្មេង​វត្ត​ទៀត ។ ពេល​នោះ​មាន​រុយ​ក្បាល​ខៀវ​ហើរ​មក​ចោះ​ដំបៅ​ជើង​ក្មេង​វត្ត, ក្មេង​នោះ​បាន​ទន្ទ្រាំ​ជើង​រត់​ចេញ​ទៅ ។ គីង្គក់​ក៏​នឹក​អស្ចារ្យ​នឹង​សត្វ​រុយ​នោះ​ជា​ខ្លាំង ។ កំពុង​តែ​ស្លុង​ចិត្ត​ក្នុង​ការគិត ស្រាប់តែ​រុយ​នោះ​ហើរ​មក​ទុំ​លើ​ច្រមុះ​ខ្លួន គីង្គក់​ក៏​ត្របាក់​លេប​វប់ ហើយ​លាន់​មាត់​ពេល​ថា ហ្អា ! លើ​លោក​នេះ​តើ​មាន​អ្វី​ឲ្យ​សំខាន់​ជាង​ខ្លួន​ឯង​ទៀត​ទៅ ? ត្រូវ​ចេះ​ព្រម ចេះ​ល្មម​ចេះ​ពេញចិត្ត​ចំពោះ​អ្វីៗ​ដែល​ខ្លួន​មាន, ចេះ​សន្ដោស​តាម​មាន តាម​បាន កុំ​ចេះ​តែ​ចង់​គ្មាន​ថ្ងៃ​គ្រប់, បើ​យក​អ្វី​ទៅ​មិន​បាន​ពី​លោក​នេះ​ទៅ​ដដែល អ៊‍ីចឹង​មានតែ​កុំ​ប្រឹង​ពេក ធ្វើ​ចិត្ត​ឲ្យ​ក្លាយ​ជា​អធិរាជ​ពី​ឥឡូវ​នេះ​ឲ្យ​ហើយ​ទៅ, កុំ​ធ្វើ​ជា​អ្នក​ក្រ​រហាម ធ្វើ​អ្វី​ទៀត ។ ព្រះ​បរមគ្រូ​ត្រាស់​ពន្យល់​ថា បញ្ញត្តិ និង​បរមត្ថ​ដាច់ខាត​ត្រូវតែ​អាស្រ័យ​គ្នា បំបែក​ឲ្យ​ដាច់​ពី​គ្នា​មិន​បាន​ឡើយ គ្មាន​បញ្ញត្តិ បរមត្ថ​ក៏​មិន​មាន តែ​បញ្ញត្តិ​គ្មាន​បរមត្ថ​ក៏​ជីវិត​រក​សុខ​មិន​ឃើញ​បញ្ញត្តិ និង​បរមត្ថ​ត្រូវតែ​ជា​ទ្វេបាទ​ខ្វះ​ណា​មួយ​មិន​បាន​ឡើយ ។ មានតែ​បញ្ញត្តិ​នាំ​ឲ្យ​តណ្ហា​ឧបាទាន​ចម្រើន​ឡើង ទុក្ខ​ក៏​ចម្រើន​ឡើង, មើល​សត្វ​សុនខ​ចុះ ដែល​វា​មិន​ចេះ​ប្រកាន់ ចង់​គេ​វាយ​ក្បាល​ក៏​មិន​គុំកួន ទុក​ចង់​គេ​ខ្ជាក់​ឲ្យ​ស៊ី​ក៏​ស៊ី​បាន​យ៉ាង​សុខ​ស្រួល ព្រោះ​តែ​មិន​ប្រកាន់ តែ​យើង​ជា​មនុស្ស​មិន​មែន​ចង់​ឲ្យ​ធ្វើ​ដូច្នោះ​ទេ គឺ​គ្រាន់តែ​កុំ​ឲ្យ​វា​ពេក​ទៅ​បាន​ហើយ ។ យើង​បាន​ជួប​ម្ដាយ​អ្នក​ដទៃ​ស្លាប់ តែ​យើង​យំ​មិន​ចេញ ព្រោះ​តែ​មិន​ប្រកាន់​ថា​ជា​ម្ដាយ​របស់​យើង ៗ ឃើញ​គេ​ជ្រុះ​បាត់​ចិញ្ចៀន​ពេជ្រ តែ​យើង​មិន​សោកស្ដាយ​ព្រោះ​មិន​ប្រកាន់​ថា​ជា​របស់​ខ្លួន ។ យើង​មិន​ប្រកាន់​ថា​រូប​ជា​របស់​ខ្លួន​លុះ​ដល់​ពេល​រូប​ចាប់​គ្រាំគ្រា​ដល់​នូវ​សភាព​មិន​ទៀត​ក៏​យើង​មិន​សូវ​មាន​ទុក្ខ ភ្នែក​ត្រចៀក ច្រមុះ អណ្ដាត កាយ កាល​បើ​ដល់​នូវ​សភាព​ពិការ ខ្វិន​ខ្វង់ ក៏​យើង​មិន​សូវ​ព្រួយ​ខ្វល់​ថែម​ទាំង​ញញឹម​ចំពោះ​សភាវៈ​លក្ខណៈ​នេះ​ទៀត​ផង ។

ឧបាទាន​ជា​អនុស័យ​មួយ​ប្រភេទ​ដែល​លះ​បាន​ដោយ​វបស្សនា និង​មាន​សមាធិ​ជា​ទម្រ មាន​សីល​ជា​គ្រឹះ​របស់​ទម្រ ។ ហេតុនេះ សូម​សហធម្មិក​មេតា​គន់គិត​ពិចារណា​តាម​ការគួរ ។

សូម​អនុមោទនា !

17 thoughts on “ឧបាទានក្ខន្ធ ៥ ជា​មេ​ទុក្ខ

  1. Samady KS ថ្ងៃអង្គារ ទី 28 ខែមិថុនា 2011 / 8:07 ព្រឹក

    សាធុ! សាធុ!

  2. ឧត្តម ថ្ងៃអង្គារ ទី 28 ខែមិថុនា 2011 / 8:07 ព្រឹក

    បងភីនពុងភ័យខ្លួន (ខ្លាចបងបឿនទៅបួសចោល)😆

  3. ឧត្តម ថ្ងៃអង្គារ ទី 28 ខែមិថុនា 2011 / 8:12 ព្រឹក

    ខ្ញុំអានដល់ចប់ហើយ ឃើញថាពិបាកយល់មែន!! តែពេលដែលយល់ គឺគិតថាពាក្យនិមួយៗ អស្ចារ្យខ្លាំងណាស់ អត្ថន័យក៏ធំទូលាយណាស់!

  4. ទឹម បឿន ថ្ងៃអង្គារ ទី 28 ខែមិថុនា 2011 / 9:00 ព្រឹក

    ឧត្ដម៖ សេចក្ដី​សុខ​របស់​មនុស្ស គ្មាន​អ្វី​សុខ​ជាង​ផ្លូវ​ចិត្ត​ទេ ។ បើ​​ឧត្ដម​បាន​អាន​កាន់តែ​ច្រើន នឹង​កាន់​តែ​ជក់​ចិត្ត ។

  5. rainbowpig ថ្ងៃអង្គារ ទី 28 ខែមិថុនា 2011 / 11:39 ល្ងាច

    ពីពន្ធនៅក្មេងណាស់ តិចរត់ទៅបួសចោលពីពន្ធទៅ។

  6. thong nidamony ថ្ងៃពុធ ទី 29 ខែមិថុនា 2011 / 7:50 ព្រឹក

    សុខដទៃក្រៅអំពីសេចក្តីស្ងប់មិនមាន!៕

  7. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 30 ខែមិថុនា 2011 / 8:47 ព្រឹក

    @rainbowpig: មិន​ទៅ​បួស​ទេ😀

    @Nidamony: ត្រឹមត្រូវ​ណាស់ !

  8. Love Kampuchea ថ្ងៃអាទិត្យ ទី 3 ខែកក្កដា 2011 / 10:10 ព្រឹក

    ប្លុកនេះមានអត្ថបទល្អគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។ សូមអរគុណ។

  9. Love Kampuchea ថ្ងៃអាទិត្យ ទី 3 ខែកក្កដា 2011 / 10:11 ព្រឹក

    ជាពិសេសអត្ថបទដែលទាក់ទងនិងព្រះពុទ្ធសាសនាដែលខ្ញុំចង់ដឹង។ សូមអរគុណ។

  10. Mony ថ្ងៃអាទិត្យ ទី 3 ខែកក្កដា 2011 / 6:01 ល្ងាច

    ជីវិតគ្មានអ្វីចាស់ គ្មានអ្វីថ្មី គ្មានអ្វីកើត គ្មានអ្វីស្លាប់ គ្មានអ្វីពេញ គ្មានអ្វីទទេរ គ្មានអ្វីពិត គ្មានអ្វីក្លែងក្លាយ តែជាសមរភូមិតយុទ្ធដ៏វែងឆ្ងាយរវាងអាតូមនិងម៉ូលេគុល ក្នុងសកលចក្រវាឡ បណ្ឌិតគប្បីប្រើជីវិតឲ្យមានប្រយោជន៍ក្នុងបច្ចុប្បន្ន ព្រោះជីវិតគឺមិនមានក្នុងអតីតនិងអនាគតឡើយ។បណ្តាំ៨៤០០០ឃ្លារបស់ព្រះពុទ្ធគឺមូលប្រជុំចុះក្នុងសន្តិភាពតែម៉្យាង ហេតុនេះជិវិតដែលមានប្រយោជន៍គឺបំរើសន្តិភាពនេះឯង៕

  11. Lovepeehs05 ថ្ងៃអង្គារ ទី 5 ខែកក្កដា 2011 / 10:21 ព្រឹក

    កុំទុក្ខកុំព្រួយខ្លាំងពេក ដើម្បីសេចក្តីសុខ និងមានសុភមង្គល ក្នុងជីវិត គ្មានអ្វីជាជាង ការសិក្សាអបរំ ផ្លូវចិត្តឡើយ ។

    រីឯការសិក្សាអបរំផ្លូវចិត្ត គ្មានអ្វីក្រៅពីការសិក្សា I. នយោបាយ
    II. សេដ្ឋកិច្ច III. វប្បធម៌ IV. សង្គមកិច្ច និង V. សន្តិសុខឡើយ !

  12. Crazynas ថ្ងៃចន្ទ ទី 1 ខែសីហា 2011 / 11:02 ព្រឹក

    សូម​ទោស! មិន​សូវ​យល់! ដូច​ម្តេច​ទៅ​ហៅ​ថា ឧបាទានក្តន្ធ? ហើយ​មាន ៥ នោះ គឺ​មាន​អ្វី​ខ្លះ​ទៅ?
    ខ្ញុំឃើញថា អត្ថបទនេះល្អណាស់។ ប៉ុន្តែ វាអាចជាអាវុធ​មុខ​ពីរ ប្រសិន​មិន​បកស្រាយ​ឲ​បាន​ច្បាស់​លាស់​ជាង​នេះ​នោះ។
    សម្រាប់​ពូ Lovepeeh05 ខ្ញុំ​អត់​យល់​ទៀត​ហើយ។ ការ​អប់រំ​ផ្លូវ​ចិត្ត គ្មាន​អ្វី​ក្រៅ​ពី​ការ​សិក្សា ១. នយោបាយ ២. សេដ្ឋកិច្ច ៣. វប្បធម៌ ៤. សង្គម​កិច្ច និង ៥. សន្តិសុខ។ ខ្ញុំ​អត់​សូវយល់ ហេតុអ្វី​ក៏​ទាក់ទង​នឹង​រឿង ៥ នេះ​ទៅ​វិញ? ហេតុ​អ្វី​មិន​ទាក់​ទង​នឹង​ការ​ហាត់​ពត់​ចិត្ត? ឬមួយវាស្ថិតក្នុងចំណែកមួយរបស់ “វប្បធម៌”។
    សូមអរគុណ!

  13. ទឹម បឿន ថ្ងៃអង្គារ ទី 2 ខែសីហា 2011 / 8:51 ព្រឹក

    ឧបាទានខន្ធ ៥ នោះ​គឺ រូប​, វេទនា, សញ្ញា, សង្ខារ និង វិញ្ញាណ ។ ត្រង់​ថា ឧបាទាន​ខន្ធ​នេះ​នឹង​នាំ​មក​នូវ​ទុក្ខ​យ៉ាងណា ៗ នោះ មាន​លើក​ជា​ឧទាហរណ៍​ក្នុង​អត្ថបទ​ខាង​លើ​ខ្លះៗ​ហើយ សូម​មើល​ឡើង​វិញ ឬ​រក​មើល​ក្នុង​សៀវភៅ​ពុទ្ធសាសនា​ផ្សេងៗ ។ ចំពោះ​មតិ​របស់​លោក Lovepeeh05 លើក​ថា ការអប់រំ​ផ្លូវចិត្ត​គ្មាន​អ្វី​លើស​ពី ១. នយោបាយ ២. សេដ្ឋកិច្ច ៣. វប្បធម៌ ៤. សង្គម​កិច្ច និង ៥. សន្តិសុខ នោះ ខ្ញុំ​ក៏​មិន​បដិសេធ​ដែរ ប៉ុន្តែ​បើ​យើង​សិក្សា​ដឹង​ហើយ យើង​កើត​ស្រឡាញ់ កើត​ស្អប់ យើង​ក៏​មិន​អាច​រំលត់​ទុក្ខ​បាន​ដែរ ។ បើ​សេចក្ដី​ទុក្ខ​ធំៗ​កើត​អំពី​ឧបាទាន​កន្ធ​ ៥ នេះ យើង​ត្រូវ​លះបង់​សេចក្ដី​ស្រឡាញ់​ជាប់​ស្អិត​នឹង​ឧបាទាន​កន្ធ​នោះៗ នឹង​អាច​រួច​ផុត​អំពី​ទុក្ខ​យ៉ាង​ប្រាកដ ។

  14. Mony ថ្ងៃ​ព្រហស្បតិ៍ ទី 8 ខែកញ្ញា 2011 / 5:34 ល្ងាច

    សេចក្តីពិតរបស់ដំណើរធម្មជាតិគឺពិបាកយល់បានណាស់ ការយល់បាននោះឈ្មោះថាបានត្រាស់ដឹងនូវសច្ចះធម៌ហើយ ទាំងអាចរំដោះចិត្តឲ្យចាកចេញផុតពីសេចក្តីសង្ស័យបានទៀតផង។ការពិតគឺបញ្ច្រាសពីការយល់ដឹងរបស់យើង វិបាករបស់វាគឺឋិតនៅក្រោមគំនរទិដ្ឋិមានះតណ្ហាឧបាទានរបស់យើងទាល់តែព្យាយាមរើកកាយវាចេញបានស្វែងរកការពិតឃើញ។មានតែព្យាយាមស្វែងយល់ទេទើបបានទៅដល់គោលដៅនៃការពិតបាន៕ ទទទាល

  15. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 8 ខែកញ្ញា 2011 / 6:29 ល្ងាច

    ដោយសារ​ពិបាក​ដូច្នោះ​ហើយ ទើប​​មាន​មនុស្ស​ជា​ច្រើន​លើក​សាសនា​ទុក​មួយ​ឡែក ដោយ​ដាក់ឈ្មោះ​ឲ្យ​ថា​ជំនឿ ហើយ​ជឿ​លើ​ផ្លូវ​លោក​ដែល​អាច​មើល​ឃើញ​នឹង​ភ្នែក​វិញ ព្រោះ​មិន​ចូលចិត្ត​បាន​អំពី​សច្ចធម៌​ដែល​ព្រះពុទ្ធ​បាន​រក​ឃើញ ។

  16. Mony ថ្ងៃអាទិត្យ ទី 11 ខែកញ្ញា 2011 / 5:31 ល្ងាច

    ព្រោះហេតុនេះទើបអវិជ្ជាចម្រើនឡើងទុក្ខក៏ចម្រើនឡើងហ្នឹងណាបង!ព្រោះវប្បធម៌រុងរឿងគឺជាលទ្ធផលនៃការប្រយុទ្ធប្រឆាំងនឹងតណ្ហានេះឯង។សេចក្តីសុខពិតគឺសុខតាមបែបធម្មជាតិទេ មិនមែនជាសេចក្តីសុខដែលបានពីការស្វែងរកទាំងស្រុងនោះឡើយ ហើយសុភមង្គលពិតក៏មិនឋិតនៅលើការបំប៉ោងតណ្ហានោះដែរ៕

  17. ទឹម បឿន ថ្ងៃចន្ទ ទី 12 ខែកញ្ញា 2011 / 11:09 ព្រឹក

    យល់​ស្រប🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s