នេះជាអត្ថបទដែលខ្ញុំយកមកពី ទីនេះ ប្រហែលជាសរសេរដោយ ថោងនីដាមុនី និយាយអំពី ឧបាទានក្ខន្ធ ៥ ជាមេទុក្ខ ដែលមាននិយាយក្នុងព្រះត្រៃបិដកក្បាលទី ១៧ ទំព័រ ២៨៧ និងក្នុងក្បាលទី ២១ ទំព័រ ៧១ ត្រង់ប្រស្នាដំបូកហុយផ្សែងពេលយប់ ឆេះពេលថ្ងៃ ។ ខ្ញុំលើកមកនេះ ព្រោះក្នុងអត្ថបទនេះមានឧទាហរណ៍ងាយចូលចិត្ត(យល់)បាន ។
ទោសនៃការប្រកាន់គឺនាំមកនូវទុក្ខ ។ វេលាដែលរូប និងចិត្តចាប់ផ្ដើមរីកចម្រើនឡើង ហើយទំនាក់ទំនងរវាងបញ្ចវិញ្ញាណបានដំណើរការចិត្ត ឬមនោវិញ្ញាណនេះក៏ចាប់ផ្ដើមសិក្សារៀនសូត្រពីអ្វីៗជុំវិញខ្លួនតាមរយៈបញ្ចវិញ្ញាណដោយផស្សៈ (ការប៉ះខ្ទប់រវាងអារម្មណ៍ និងវិញ្ញាណ) ធ្វើឲ្យវេទនាការសោយអារម្មណ៍ជាសុខ ជាទុក្ខ និងមិនសុខ មិនទុក្ខកើតឡើង ។ ការញៀនញ៉ាមក្នុងការសោយសុខវេទនា និងសោមនស្សវេទនាដែលជាអានិសង្សរបស់ខន្ធ ៥ ធ្វើឲ្យវិញ្ញាណចាប់ប្រកាន់ទៅតែម្ដង ថាអ្វីៗត្រូវតែជារបស់ខ្លួន ហើយបដិសេធចំពោះអ្វីដែលមិនគាប់អធ្យាស្រ័យថាមិនមែនជារបស់ខ្លួនអ៊ីចឹងទៅ ។ ការទាមទារ ការប្រាថ្នាបានដល់តណ្ហាក៏កើតឡើង, ការមានៈប្រកាន់ (ឧបាទានក្ខន្ធ) ហួងហែងថាជាខ្លួន អ្វីៗជារបស់ខ្លួននោះជាអញនោះ ជារបស់អញ មានខ្លួននៅក្នុងខ្លួន រូបវេទនា សញ្ញា សង្ខារ វិញ្ញាណ ជារបស់ខ្លួន មានខ្លួននៅក្រៅខន្ធ ៥ ប្រព្រឹត្តទៅតាមអំណាចរបស់ខ្លួនក្នុងភព ៣ វិបល្លាសទិដ្ឋិក៏ចម្រើនឡើង រមែងមានភព មានជាតិ ជរា ព្យាធិ មរណៈតទៅជាអង្វែងមិនមានទីបំផុត ។ តណ្ហានាំឲ្យមិនចេះពេញចិត្តចំពោះអ្វីៗដែលខ្លួនមាន ដូចគីង្គក់ក្រោមពាងក្នុងវត្តលោក ពេលបានឃើញលោកនិមន្តមកពីបិណ្ឌបាតវិញ ក៏នឹកគិតថា បើអញបានក្លាយជាលោក មិនដឹងជាស្រួលយ៉ាងណា ព្រោះបានអាហារស្រាប់ ។ លុះលោកឆាន់រួចនៅសល់បាយ ក៏បាចឲ្យមាន់ គីង្គក់ក៏នឹកថា អុញ ! មាននេះសុខស្រួលជាងលោកហ្ន ! រំពេចនោះមានឆ្កែមកដេញមាន់ដណ្ដើមយកអាហារ គីង្គក់ក៏នឹកច្រណែននឹងឆ្កែ ចង់ក្លាយជាឆ្កែ ក៏ស្រាប់តែមានក្មេងវត្តស្ទុះមកចាប់ដំបងសំពងឆ្កែឲ្យរត់គេចចេញទៅ, គីង្គក់ចង់ក្លាយជាក្មេងវត្តទៀត ។ ពេលនោះមានរុយក្បាលខៀវហើរមកចោះដំបៅជើងក្មេងវត្ត, ក្មេងនោះបានទន្ទ្រាំជើងរត់ចេញទៅ ។ គីង្គក់ក៏នឹកអស្ចារ្យនឹងសត្វរុយនោះជាខ្លាំង ។ កំពុងតែស្លុងចិត្តក្នុងការគិត ស្រាប់តែរុយនោះហើរមកទុំលើច្រមុះខ្លួន គីង្គក់ក៏ត្របាក់លេបវប់ ហើយលាន់មាត់ពេលថា ហ្អា ! លើលោកនេះតើមានអ្វីឲ្យសំខាន់ជាងខ្លួនឯងទៀតទៅ ? ត្រូវចេះព្រម ចេះល្មមចេះពេញចិត្តចំពោះអ្វីៗដែលខ្លួនមាន, ចេះសន្ដោសតាមមាន តាមបាន កុំចេះតែចង់គ្មានថ្ងៃគ្រប់, បើយកអ្វីទៅមិនបានពីលោកនេះទៅដដែល អ៊ីចឹងមានតែកុំប្រឹងពេក ធ្វើចិត្តឲ្យក្លាយជាអធិរាជពីឥឡូវនេះឲ្យហើយទៅ, កុំធ្វើជាអ្នកក្ររហាម ធ្វើអ្វីទៀត ។ ព្រះបរមគ្រូត្រាស់ពន្យល់ថា បញ្ញត្តិ និងបរមត្ថដាច់ខាតត្រូវតែអាស្រ័យគ្នា បំបែកឲ្យដាច់ពីគ្នាមិនបានឡើយ គ្មានបញ្ញត្តិ បរមត្ថក៏មិនមាន តែបញ្ញត្តិគ្មានបរមត្ថក៏ជីវិតរកសុខមិនឃើញបញ្ញត្តិ និងបរមត្ថត្រូវតែជាទ្វេបាទខ្វះណាមួយមិនបានឡើយ ។ មានតែបញ្ញត្តិនាំឲ្យតណ្ហាឧបាទានចម្រើនឡើង ទុក្ខក៏ចម្រើនឡើង, មើលសត្វសុនខចុះ ដែលវាមិនចេះប្រកាន់ ចង់គេវាយក្បាលក៏មិនគុំកួន ទុកចង់គេខ្ជាក់ឲ្យស៊ីក៏ស៊ីបានយ៉ាងសុខស្រួល ព្រោះតែមិនប្រកាន់ តែយើងជាមនុស្សមិនមែនចង់ឲ្យធ្វើដូច្នោះទេ គឺគ្រាន់តែកុំឲ្យវាពេកទៅបានហើយ ។ យើងបានជួបម្ដាយអ្នកដទៃស្លាប់ តែយើងយំមិនចេញ ព្រោះតែមិនប្រកាន់ថាជាម្ដាយរបស់យើង ៗ ឃើញគេជ្រុះបាត់ចិញ្ចៀនពេជ្រ តែយើងមិនសោកស្ដាយព្រោះមិនប្រកាន់ថាជារបស់ខ្លួន ។ យើងមិនប្រកាន់ថារូបជារបស់ខ្លួនលុះដល់ពេលរូបចាប់គ្រាំគ្រាដល់នូវសភាពមិនទៀតក៏យើងមិនសូវមានទុក្ខ ភ្នែកត្រចៀក ច្រមុះ អណ្ដាត កាយ កាលបើដល់នូវសភាពពិការ ខ្វិនខ្វង់ ក៏យើងមិនសូវព្រួយខ្វល់ថែមទាំងញញឹមចំពោះសភាវៈលក្ខណៈនេះទៀតផង ។
ឧបាទានជាអនុស័យមួយប្រភេទដែលលះបានដោយវបស្សនា និងមានសមាធិជាទម្រ មានសីលជាគ្រឹះរបស់ទម្រ ។ ហេតុនេះ សូមសហធម្មិកមេតាគន់គិតពិចារណាតាមការគួរ ។
សូមអនុមោទនា !
សាធុ! សាធុ!
បងភីនពុងភ័យខ្លួន (ខ្លាចបងបឿនទៅបួសចោល) 😆
ខ្ញុំអានដល់ចប់ហើយ ឃើញថាពិបាកយល់មែន!! តែពេលដែលយល់ គឺគិតថាពាក្យនិមួយៗ អស្ចារ្យខ្លាំងណាស់ អត្ថន័យក៏ធំទូលាយណាស់!
ឧត្ដម៖ សេចក្ដីសុខរបស់មនុស្ស គ្មានអ្វីសុខជាងផ្លូវចិត្តទេ ។ បើឧត្ដមបានអានកាន់តែច្រើន នឹងកាន់តែជក់ចិត្ត ។
ពីពន្ធនៅក្មេងណាស់ តិចរត់ទៅបួសចោលពីពន្ធទៅ។
សុខដទៃក្រៅអំពីសេចក្តីស្ងប់មិនមាន!៕
@rainbowpig: មិនទៅបួសទេ 😀
@Nidamony: ត្រឹមត្រូវណាស់ !
ប្លុកនេះមានអត្ថបទល្អគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។ សូមអរគុណ។
ជាពិសេសអត្ថបទដែលទាក់ទងនិងព្រះពុទ្ធសាសនាដែលខ្ញុំចង់ដឹង។ សូមអរគុណ។
ជីវិតគ្មានអ្វីចាស់ គ្មានអ្វីថ្មី គ្មានអ្វីកើត គ្មានអ្វីស្លាប់ គ្មានអ្វីពេញ គ្មានអ្វីទទេរ គ្មានអ្វីពិត គ្មានអ្វីក្លែងក្លាយ តែជាសមរភូមិតយុទ្ធដ៏វែងឆ្ងាយរវាងអាតូមនិងម៉ូលេគុល ក្នុងសកលចក្រវាឡ បណ្ឌិតគប្បីប្រើជីវិតឲ្យមានប្រយោជន៍ក្នុងបច្ចុប្បន្ន ព្រោះជីវិតគឺមិនមានក្នុងអតីតនិងអនាគតឡើយ។បណ្តាំ៨៤០០០ឃ្លារបស់ព្រះពុទ្ធគឺមូលប្រជុំចុះក្នុងសន្តិភាពតែម៉្យាង ហេតុនេះជិវិតដែលមានប្រយោជន៍គឺបំរើសន្តិភាពនេះឯង៕
កុំទុក្ខកុំព្រួយខ្លាំងពេក ដើម្បីសេចក្តីសុខ និងមានសុភមង្គល ក្នុងជីវិត គ្មានអ្វីជាជាង ការសិក្សាអបរំ ផ្លូវចិត្តឡើយ ។
រីឯការសិក្សាអបរំផ្លូវចិត្ត គ្មានអ្វីក្រៅពីការសិក្សា I. នយោបាយ
II. សេដ្ឋកិច្ច III. វប្បធម៌ IV. សង្គមកិច្ច និង V. សន្តិសុខឡើយ !
សូមទោស! មិនសូវយល់! ដូចម្តេចទៅហៅថា ឧបាទានក្តន្ធ? ហើយមាន ៥ នោះ គឺមានអ្វីខ្លះទៅ?
ខ្ញុំឃើញថា អត្ថបទនេះល្អណាស់។ ប៉ុន្តែ វាអាចជាអាវុធមុខពីរ ប្រសិនមិនបកស្រាយឲបានច្បាស់លាស់ជាងនេះនោះ។
សម្រាប់ពូ Lovepeeh05 ខ្ញុំអត់យល់ទៀតហើយ។ ការអប់រំផ្លូវចិត្ត គ្មានអ្វីក្រៅពីការសិក្សា ១. នយោបាយ ២. សេដ្ឋកិច្ច ៣. វប្បធម៌ ៤. សង្គមកិច្ច និង ៥. សន្តិសុខ។ ខ្ញុំអត់សូវយល់ ហេតុអ្វីក៏ទាក់ទងនឹងរឿង ៥ នេះទៅវិញ? ហេតុអ្វីមិនទាក់ទងនឹងការហាត់ពត់ចិត្ត? ឬមួយវាស្ថិតក្នុងចំណែកមួយរបស់ “វប្បធម៌”។
សូមអរគុណ!
ឧបាទានខន្ធ ៥ នោះគឺ រូប, វេទនា, សញ្ញា, សង្ខារ និង វិញ្ញាណ ។ ត្រង់ថា ឧបាទានខន្ធនេះនឹងនាំមកនូវទុក្ខយ៉ាងណា ៗ នោះ មានលើកជាឧទាហរណ៍ក្នុងអត្ថបទខាងលើខ្លះៗហើយ សូមមើលឡើងវិញ ឬរកមើលក្នុងសៀវភៅពុទ្ធសាសនាផ្សេងៗ ។ ចំពោះមតិរបស់លោក Lovepeeh05 លើកថា ការអប់រំផ្លូវចិត្តគ្មានអ្វីលើសពី ១. នយោបាយ ២. សេដ្ឋកិច្ច ៣. វប្បធម៌ ៤. សង្គមកិច្ច និង ៥. សន្តិសុខ នោះ ខ្ញុំក៏មិនបដិសេធដែរ ប៉ុន្តែបើយើងសិក្សាដឹងហើយ យើងកើតស្រឡាញ់ កើតស្អប់ យើងក៏មិនអាចរំលត់ទុក្ខបានដែរ ។ បើសេចក្ដីទុក្ខធំៗកើតអំពីឧបាទានកន្ធ ៥ នេះ យើងត្រូវលះបង់សេចក្ដីស្រឡាញ់ជាប់ស្អិតនឹងឧបាទានកន្ធនោះៗ នឹងអាចរួចផុតអំពីទុក្ខយ៉ាងប្រាកដ ។
សេចក្តីពិតរបស់ដំណើរធម្មជាតិគឺពិបាកយល់បានណាស់ ការយល់បាននោះឈ្មោះថាបានត្រាស់ដឹងនូវសច្ចះធម៌ហើយ ទាំងអាចរំដោះចិត្តឲ្យចាកចេញផុតពីសេចក្តីសង្ស័យបានទៀតផង។ការពិតគឺបញ្ច្រាសពីការយល់ដឹងរបស់យើង វិបាករបស់វាគឺឋិតនៅក្រោមគំនរទិដ្ឋិមានះតណ្ហាឧបាទានរបស់យើងទាល់តែព្យាយាមរើកកាយវាចេញបានស្វែងរកការពិតឃើញ។មានតែព្យាយាមស្វែងយល់ទេទើបបានទៅដល់គោលដៅនៃការពិតបាន៕ ទទទាល
ដោយសារពិបាកដូច្នោះហើយ ទើបមានមនុស្សជាច្រើនលើកសាសនាទុកមួយឡែក ដោយដាក់ឈ្មោះឲ្យថាជំនឿ ហើយជឿលើផ្លូវលោកដែលអាចមើលឃើញនឹងភ្នែកវិញ ព្រោះមិនចូលចិត្តបានអំពីសច្ចធម៌ដែលព្រះពុទ្ធបានរកឃើញ ។
ព្រោះហេតុនេះទើបអវិជ្ជាចម្រើនឡើងទុក្ខក៏ចម្រើនឡើងហ្នឹងណាបង!ព្រោះវប្បធម៌រុងរឿងគឺជាលទ្ធផលនៃការប្រយុទ្ធប្រឆាំងនឹងតណ្ហានេះឯង។សេចក្តីសុខពិតគឺសុខតាមបែបធម្មជាតិទេ មិនមែនជាសេចក្តីសុខដែលបានពីការស្វែងរកទាំងស្រុងនោះឡើយ ហើយសុភមង្គលពិតក៏មិនឋិតនៅលើការបំប៉ោងតណ្ហានោះដែរ៕
យល់ស្រប 🙂