ព្រះត្រៃបិដក


ក្នុង​ព្រះពុទ្ធ​សាសនា ព្រះ​ត្រៃបិដក ជា​កំណប់ ជា​​​ខ្លឹម ឬ​ជា​គោល​​ព្រះ​ធម៌​ ដែល​ជា​ធម៌​​រៀនសូត្រ ឬ​ជា​អរិយត្តិធម៌​ដ៏​ប្រសើរ​បំផុត ។ ខ្ញុំ​មាន​ចិត្ត​ប្រាថ្នា​ចង់​ឃើញ ចង់​ស្គាល់​ឲ្យ​ជាក់​ភ្នែក​នូវ​អរិយត្តិធម៌​ដ៏​ឧត្ដម​នេះ​ជា​ពន់​ពេក ដោយ​តាម​រក​នៅ​តាម​បណ្ណាគារ​នានា តែ​មិន​ប្រទះ​ឃើញ​សោះ ។ ទើប​ម្សិលមិញ​នេះ ខ្ញុំ​បាន​ទៅ​ពុទ្ធសាសនបណ្ឌិត្យ ក្នុង​បំណង​រក​មើល​​សៀវភៅ​វិសុទ្ធិមគ្គ​ប្រែ​ផង តែ​មិន​​បាន​ឃើញ​មាន​សៀវភៅ​វិសុទ្ធិមគ្គ​ប្រែ, មានតែ​ក្នុង​ភាសា​​បាលី តែ​ខ្ញុំ​បាន​ឃើញ​ព្រះ​ត្រៃបិដក​​​ដែល​មាន​ចំនួន ១១០ ក្បាល ។ ​ខ្ញុំ​ពុំ​ធ្លាប់​ដឹង​​ថា​ព្រះ​ត្រៃបិដក​មាន​រហូត​ដល់ ១១០ ក្បាល​ដូច្នេះ​ទេ គឺ​សរុប​ទាំងអស់​មាន​ជាង​បួន​ម៉ឺន​ទំព័រ​ ។

កាល​ដើម​ឡើយ ខ្ញុំ​ស្រមៃ​ថា​គម្ពីរ​នេះ​ប្រហែល​មាន​ត្រឹម​មួយ​ក្បាល ឬ​ពីរ​ក្បាល និង​មាន​កម្រាស់​​ក្រាស់, មិន​ស្មាន​ថា​ច្រើន​ក្បាល​ដូច្នោះ​ទេ ។ ប្រការ​នេះ​ខ្ញុំ​កោត​សរសើរ​ដល់​ក្រុម​ជំនំ​បកប្រែ​ព្រះ​ត្រៃបិដក​បាលី​នេះ​ជា​អនេក ។ ប្រយោជន៍​នៃ​ការបកប្រែ​នេះ​ធំធេង​ណាស់ មិន​អាច​កាត់​ថ្លៃ​​ឡើយ ដែល​អាច​ឲ្យ​ខ្មែរ​បាន​ឃើញ​ធម៌​ពិត (សច្ចធម៌) បាន​ស្គាល់​នូវ​អរិយត្តិធម៌​ ដែល​ជា​គោម​ប្រទីប​បង្ហាញ​ផ្លូវ​​ទៅ​រក​សេចក្ដី​ក្សេមក្សាន្ត បាន​ឃើញ​នូវ​ការណ៍​ពិត ស្គាល់​ល្អ​អាក្រក់ ។ល ។

បើ​តាម​ប្រសាសន៍​​លោក ប៊ុន្នីន, បណ្ណារក្ស​ពុទ្ធសាសនបណ្ឌិត្យ ថា​ព្រះ​ត្រៃបិដក​ខ្មែរ ជា​ព្រះ​ត្រៃបិដក​ដែល​បាន​បកប្រែ​ពី​បាលី​ចប់​ជា​ស្ថាពរ​មុន​គេ​បង្អស់​ក្នុង​លោក ហើយ​​ន័យ​សេចក្ដី​មិន​ឃ្លាត​ចាក​​អំពី​ព្រះ​ត្រៃបិដក​បាលី​​ឡើយ គឺ​ស្មើ​គ្នា​ត្រឹម​នឹង​ព្រះ​ត្រៃបិដក​បាលី ។ ព្រះ​ត្រៃបិដក​ថៃ​វិញ គេ​បក​ប្រែ និង​សម្រាយ​ឲ្យ​ងាយ​យល់ ហើយ​បំព្រួញ​នៅ​ត្រឹម​ជាង​សែសិប​ក្បាល​ប៉ុណ្ណោះ ។ ធ្វើ​បែប​នោះ​​ក៏​ល្អ អាច​ឲ្យ​អាន​ទៅ​ងាយ​ចូលចិត្ត​បាន ប៉ុន្តែ​បើ​ចង់​ផ្ទៀង​​រក​សេចក្ដី​ដើម​ឲ្យ​ត្រឹមត្រូវ​គង់​នឹង​មាន​ការលំបាក ។

កិច្ច​បកប្រែ​​ព្រះ​ត្រៃបិដក​ខ្មែរ​​ចាប់ផ្ដើម​ពី​ឆ្នាំ ១៩៣០ ដល់​ឆ្នាំ ១៩៦៨ គឺ​ចំណាយ​ពេល​អស់ ៣៩ ឆ្នាំ​ទើប​ចប់​សព្វគ្រប់ ។ ការ​​នោះ​​​កើត​ឡើង​ដោយ​មាន​ការចាត់តាំង​ពី​ព្រះបាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ​មុនីវង្ស ចម​ចក្រពង្ស ហរិរាជ​បរមិន្ធ​រភូវណៃ​ក្រៃ​កែវ​ហ្វា​សុឡាឡៃ ព្រះចៅ​ក្រុង​កម្ពុជាធិបតី​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ចាត់​ក្រុម​ជំនំ​ដែល​មាន​សមាជិក​ជាង ៣០ នាក់ ឲ្យ​ធ្វើ​ការ​នេះ​លុះ​សម្រេច ។

ខ្ញុំ​ជឿ​ដោយ​ប្រាកដ ថា​ការអាន​ព្រះ​ត្រៃបិដក​នឹង​នាំ​ឲ្យ​កើត​សេចក្ដី​ក្សេមក្សាន្ត ស្គាល់​ការណ៍​ពិត លែង​វង្វេង​ដោយ​ការបំភាន់​នៃ​កិលេស ។ ការណ៍​ដែល​ខ្ញុំ​​ហ៊ាន​ថា​ដូច្នេះ​ ដោយ​ខ្ញុំ​បាន​ស្គាល់​ពាក្យ​ទេសនា​របស់​ព្រះ​ពុទ្ធ​ជា​អ​ម្ចាស់​​ខ្លះ​ៗ​តាមរយៈ​សៀវភៅ​មួយ​ចំនួន​រួច​ហើយ ។ ខ្ញុំ​នឹង​តាំងចិត្ត​អាន​លុះ​ចប់ ១១០ ក្បាល​ត្រាតែ​បាន ។

ព្រះ​ត្រៃបិដក, បឋមភាគ, ភាគ ១, មហាវិភង្គ, វិនយបិដក

31 thoughts on “ព្រះត្រៃបិដក

  1. វិចូច ថ្ងៃអាទិត្យ ទី 26 ខែមិថុនា 2011 / 7:46 ល្ងាច

    ពេល​អាន​ចប់ កុំ​ភ្លេច​ជួយ​និទាន​បន្ត​ឲ្យ​ស្ដាប់​ផង។

  2. ទឹម បឿន ថ្ងៃអាទិត្យ ទី 26 ខែមិថុនា 2011 / 7:50 ល្ងាច

    ខ្ញុំ​នឹង​រក​កល​ផ្សព្វផ្សាយ​ជូន​គ្រប់គ្នា ។

  3. វិចូច ថ្ងៃអាទិត្យ ទី 26 ខែមិថុនា 2011 / 7:52 ល្ងាច

    សុទ្ធ​តែ​រក​កល😀

  4. ទឹម បឿន ថ្ងៃអាទិត្យ ទី 26 ខែមិថុនា 2011 / 7:54 ល្ងាច

    កល​គឺ​ឧបាយ ។ ប្រើ​អ៊‍ីចឹង​ត្រូវ​ទេ ?

  5. ទឹម បឿន ថ្ងៃអាទិត្យ ទី 26 ខែមិថុនា 2011 / 8:44 ល្ងាច

    អរគុណ ! តែ​ភាសា​អង់គ្លេស ខ្ញុំ​អាន​មិន​យល់​ទេ ។

  6. Samady KS ថ្ងៃអាទិត្យ ទី 26 ខែមិថុនា 2011 / 9:26 ល្ងាច

    សង្ខេប​ប្រាប់​ក្នុង​​ប្លក់​ផង

  7. ទឹម បឿន ថ្ងៃអាទិត្យ ទី 26 ខែមិថុនា 2011 / 11:49 ល្ងាច

    បាទ

  8. ទឹម បឿន ថ្ងៃចន្ទ ទី 27 ខែមិថុនា 2011 / 9:31 ព្រឹក

    អរគុណ​ណាស់​លោកគ្រូ! មិន​ស្មាន​ថា​មាន​ទាំង​សំឡេង​ដូច្នេះ​ទេ ។ តែ​សៀវភៅ​នោះ​មិន​ច្បាស់ ពិបាក​មើល​​ដែរ តែ​ប្រសើរ​ជាង​អត់ ។

  9. Lovepeehs05 ថ្ងៃចន្ទ ទី 27 ខែមិថុនា 2011 / 10:05 ព្រឹក

    អៃយ៉ា បឿន ចង់ក្លាយជាអាចារ្យ ព្រះត្រៃបិដក ហើយនៀក! ខ្ញុំចង់អាន អោយចប់ដែរក្នុងរយៈពេលមួយឆ្នាំ តែមិនអាចទៅរួចទេ មើលទៅ ពីព្រោះ រវល់ពេក គឺអានបាន ៤ ក្បាល និងក្បាលទី ៥ បានពាក់កណ្តាល រឿងភិក្ខុនី ក៏នៅមេម៉ាយត្រឹមហ្នឹងទៅ ដោយសាររវល់ពេក ហើយសព្វ ថ្ងៃអត់មានភិក្ខុនីផង ។ បើពិនិត្យមើលទៅ ការបកប្រែពិស្តារឿងពិត គឺវែងចឹងឯង ដោយមាន ប្រយោគឬឃ្លាដដែលៗច្រើនណាស់ ដោយខុសគ្នាតែពាក្យពីរបីម៉ាត់ ចឹងបើគេបកប្រែសង្ខេប វាម្យ៉ាងដែរ ។ ខ្ញុំបានកំណត់ខ្លួនឯងថា អានមួយ ខែអោយបានដប់ (១០) ក្បាលទើបចប់ ១១០ ក្បាលក្នុងរយលពេល មួយឆ្នាំ ។ល។ សូមអរគុណ ដែលបានលើករឿងគម្ពីរព្រះត្រៃបិដកនេះ មកបរិយាយ គឺល្អណាស់ សូមសា្វគមន៍និងចូលរួម ពិភាក្សា ។

  10. ទឹម បឿន ថ្ងៃចន្ទ ទី 27 ខែមិថុនា 2011 / 10:21 ព្រឹក

    ខ្ញុំ​មិន​ប្រាថ្នា​ដល់​សម្បត្តិ​អាចារ្យ​ទេ តែ​ប្រាថ្នា​ដល់​សម្បត្តិ​សួគ៌ ឬ និព្វាន និង​ចង់​ឲ្យ​ខ្លួន​បាន​ក្សេមក្សាន្ត រួច​ចាក​ផុត​ទុក្ខ​ក្នុង​ជាតិ​នេះ​ផង និង​បាន​ជា​បញ្ញា​ផង ។

    លោក ហួន ថៃឡុង គាត់​អាន​​ក្នុង​មួយ​ថ្ងៃ ១០ ម៉ោង​យ៉ាង​តិច រយៈពេល ៦ ខែ អាន​ចប់ ១១០ ក្បាល ។ ទាល់តែ​កំណត់​យ៉ាង​មាំ​ដូច្នោះ ទើប​អាច​អាន​ចប់ ។

  11. ក្មេងស្រែ ថ្ងៃចន្ទ ទី 27 ខែមិថុនា 2011 / 10:31 ព្រឹក

    ឥឡូវ​ដូច​ចាប់អារម្មណ៍​ធម៌ប្លែក! o.O តិច​ចង់​ទៅបួស​ចោល​ប្រពន្ធ​កូន ដូច​ព្រះវេស្សន្តររ៉ូវ! ហេសហេសហេសនិយាយលេងរ៉េ ។ ចង់​ឃើញ​អា​ហ្នឹង​ម៉េច​មិនសួរ? នៅក្នុងវត្ត​គេ​តំកល់សឹង​គ្រប់កុដិលោក​ហ្នឹង! ដាក់​ពេញ១ទូប៊ឹបណ៎!

  12. ទឹម បឿន ថ្ងៃចន្ទ ទី 27 ខែមិថុនា 2011 / 10:39 ព្រឹក

    រៀន​ធម៌ មិន​បាច់​ទៅ​បួស​ក៏​បាន ។ ខ្ញុំ​ក៏​ដឹង​ថា​នៅ​វត្ត​មាន​ដែរ ព្រោះ​បាន​ជួប​សួរ​ព្រះសង្ឃ ប៉ុន្តែ​មិន​មាន​ពេល​បាន​ទៅ​វត្ត ។

  13. Lovepeehs05 ថ្ងៃចន្ទ ទី 27 ខែមិថុនា 2011 / 3:29 ល្ងាច

    ៦ ខែចប់ ១១០ ក្បាល មួយក្បាល ៤០០ -៥០០ ទំព័រ ដូចលឿនពេកដឹង ! ខ្ញុំអានយឺតបន្តិច ព្រោះខ្ញុំចូលចិត្តពិចារណា រកហេតុផល កន្លែងខ្លះមើលហើយមើលទៀត ហើយកត់ទុកនូវ ចំណុចសំខាន់ៗផង ដាក់ទាំងម៉ោង ថ្ងៃខែឆ្នាំ និងទំព័រនិងវគ្គនិមួយៗទៀត មិចង់អោយខាតពេល បំរុងនឹងសរសេរជាសៀវភៅសង្ខេបផង ហើយចង់ភ្ជាប់ រឿងនយោបាយរបស់ខ្ញុំ ទៅនឹងរឿងព្រះពុទ្ធផង ពីព្រោះសិក្សាស្រាវជ្រាវទៅ វាចូលធ្លុងច្រើនដែរ នឹងអំពើបុណ្យបាប និងការត្រាស់ដឹងរបស់ព្រះអង្គ ហើយមិនមែនសិក្សាតែ ពុទ្ធសាសនាទេ តែគ្រឹស្ទាន ហិណ្ឌូ និងឥស្លាមផងដែរ ហើយសព្វថ្ងៃនេះ បានយល់ច្បាស់ ហើយមូលហេតុដែលនាំអោយកើតសាសនា ! …៚

  14. ទឹម បឿន ថ្ងៃចន្ទ ទី 27 ខែមិថុនា 2011 / 3:35 ល្ងាច

    គាត់​អាន និង​បាន​សង្ខេប​ទុក​មក​ទៀត​ផង ។ ខ្ញុំ​បាន​ឃើញ​សេចក្ដី​សង្ខេប​នោះ​ដែរ ។ បើ​លោក​បាន​ដឹង​ទូលាយ​ដូច្នេះ គួរ​សរសេរ​ចែក​ឲ្យ​ខ្ញុំ​បាន​ដឹង​ផង​មក ។

  15. ទឹម បឿន ថ្ងៃចន្ទ ទី 27 ខែមិថុនា 2011 / 3:46 ល្ងាច

    ឧត្ដម៖ អរគុណ​ប្អូន​ឧត្ដម, កំពុង​មើល😀

  16. Lovepeehs05 ថ្ងៃចន្ទ ទី 27 ខែមិថុនា 2011 / 3:51 ល្ងាច

    ពិតណាស់កំពុងតែសរសេរហ្នឹងឯង ឥឡូវនេះកំពុងសិក្សាស៊ីជម្រៅ អំពីអដ្ឋង្គិក ៨ ប្រការ និងអរិយសច្ចៈ ៤ ទាំងភាសារខ្មែរនិងអង្គ្លេស ថ្ងៃមុនសាកល្បងជួយសរសេរ Project អោយកូនក្មេង នូវរឿងសង្ខេប របស់ព្រះពុទ្ធនិងខ្លឹមសារ អដ្ឋង្គិកមគ្គ ៨ និង អរិយសច្ច ៤ ដោយក្នុង សៀវភៅដែលរដ្ឋគេយកបង្រៀនកូនក្មេង និយាយមិនសូវល្អ ឬនិយាយ មិនសូវអោយតម្លៃក៏ថាបាន ។ ខ្ញុំអត់និយាយលេងទេ ខ្ញុំអោយតម្លៃពុទ្ធសាសនាខ្លាំងជាងគេ ហើយហ៊ានភ្ជាប់រឿង នយោបាយទៅនឹងកម្មផល ។ល។

  17. ទឹម បឿន ថ្ងៃចន្ទ ទី 27 ខែមិថុនា 2011 / 4:08 ល្ងាច

    ខ្ញុំ​ជឿ ! ព្រោះ​អ្វី​ដែល​ព្រះពុទ្ធ​បាន​សម្ដែង ប្រកប​ដោយ​សច្ចធម៌​ពិត​មែន យើង​អាច​ពិចារណា​ឃើញ​ច្បាស់​ដោយ​បញ្ញា​ខ្លួនឯង ។

    ខ្ញុំ​រង់ចាំ​អាន​អត្ថបទ​របស់​លោក ។

  18. Lovepeehs05 ថ្ងៃអង្គារ ទី 28 ខែមិថុនា 2011 / 10:42 ព្រឹក

    រងចាំអានអត្ថបទ, ប្រហែលជាយូរបន្តិចហើយ ! ពីព្រោះមិនមានគ្នា ដូចលោកបឿនទេ ។ ម្នាក់ឯងចឹងឯង !

  19. ទឹម បឿន ថ្ងៃអង្គារ ទី 28 ខែមិថុនា 2011 / 11:16 ព្រឹក

    គួរ​រក​គ្នា​ឲ្យ​បាន​ដូច​ខ្ញុំ​ចុះ​អ៊‍ីចឹង កុំ​ឲ្យ​ច្រណែន​នឹង​ខ្ញុំ ។ (និយាយ​លេង​ទេ)

  20. Sopheak.P ថ្ងៃអង្គារ ទី 28 ខែមិថុនា 2011 / 1:05 ល្ងាច

    ជួយថែរផងណា!

  21. ទឹម បឿន ថ្ងៃអង្គារ ទី 28 ខែមិថុនា 2011 / 2:15 ល្ងាច

    ជួយ​ថែ​អី​ដែរ Sopheak?

  22. សុផល ថ្ងៃចន្ទ ទី 11 ខែកក្កដា 2011 / 12:32 ព្រឹក

    ចង់អានព្រះត្រៃបីដកជាភាសាខ្មែរ ច្បាស់ល្អ ដោយមិនពិបាកអាន សូមចូល ទៅគេហទំព័រនេះ ៖ http://www.watkhemararatanaram.org/library.php
    មានសៀវភៅល្អៗច្រើនទៀតនៅគេហទំព័រនេះ។ កុំភ្លេចចូលអានណា !

  23. Sopheak.P ថ្ងៃពុធ ទី 13 ខែកក្កដា 2011 / 8:36 ល្ងាច

    ថែរព្រះត្រៃបិដកនោះណា!😀

  24. វត្តខ្មែរ ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែកក្កដា 2011 / 4:05 ល្ងាច

    វ៉ិបសាយ http://watkhemararatanaram.org/tipitaka/viney_beidok_01b.php
    មានវាយអក្សរព្រះត្រៃបិដកដាក់ ONLINE.

  25. ទឹម បឿន ថ្ងៃសុក្រ ទី 15 ខែកក្កដា 2011 / 8:03 ព្រឹក

    អរគុណ​ !

  26. ឈាមខ្មែរ ថ្ងៃអាទិត្យ ទី 28 ខែសីហា 2011 / 1:03 ព្រឹក

    សូមអរគុណដ៏ជ្រៀលជ្រៅ បងបឿន ចំពោះការគាំទ្រ ព្រះពុទ្ធសាសនា។

  27. ទឹម បឿន ថ្ងៃសុក្រ ទី 2 ខែកញ្ញា 2011 / 9:19 ល្ងាច

    បាទ អរគុណ🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s