ជំនឿ​អំពី​​នរក សួគ៌


មនុស្ស​ដែល​រស់នៅ​ក្នុង​សម័យ​បច្ចុប្បន្ន ពុំ​សូវ​ជឿ​​ទេ​​រឿង​បុណ្យ បាប នរក សួគ៌ ​ព្រម​ទាំង​​ខ្មោច ព្រាយ បិសាច​ជាដើម ។ គេ​ច្រើន​តែ​ជឿ និង​ផ្អែក​ជំនឿ​របស់​គេ​ទៅ​នឹង​វិទ្យាសាស្ត្រ ដែល​គេ​យល់​ថា​មាន​ហេតុផល​ជាក់លាក់​ជាង ។ ​ជំនឿ​ដែល​​បុព្វបុរស​ធ្លាប់​ជឿ​នោះ គឺជា​ជំនឿ​ប្រាសចាក​នូវ​ហេតុផល​ពិត ។

ការចូលចិត្ត​របៀប​នេះ មាន​ភាគច្រើន​បំផុត​ចំពោះ​អ្នក​ដែល​បាន​រៀនសូត្រ មាន​ចំណេះដឹង​ចូលចិត្ត​​ខាង​ផ្នែក​វិទ្យាសាស្ត្រ​​ខ្លាំង ។ ប៉ុន្តែ​ការដែល​គេ​ចូលចិត្ត​ថា​យ៉ាង​នេះ គេ​មិន​បាន​​សិក្សា​ឲ្យ​ស៊ីជម្រៅ​ទៅ​លើ​ជំនឿ​ដែល​​​​បុព្វបុរស​​ធ្លាប់​ជឿ​នោះ​ក៏​ទេ​ ។ ដោយ​សម្អាង​លើ​ហេតុផល​វិទ្យាសាស្ត្រ គេ​ក៏​​បោះបង់​ចោល​ជំនឿ​ចាស់​ដែល​ខ្មែរ​ធ្លាប់​ជឿ ទុក​ចិត្ត​ និង គោរព​ប្រតិបត្តិ​មក​អស់​កាល​អង្វែង​មក​ហើយ ។

​អ្នក​ខ្លះ​ក៏​បាន​ពិចារណា​លើ​រឿង​បុណ្យ បាប នរក សួគ៌ នេះ​ដែរ តែ​ពិចារណា​មិន​យល់ ក៏​តោង​ហេតុផល​ថា បាប នរក​នោះ​គឺ​ស្ថិត​នៅ​លើ​ពពួក​មនុស្ស​ដែល​គ្មាន​ទី​ជម្រក អនាថា អ្នក​សុំទាន ឬ​ការដាក់​ទារុណ​ផ្សេងៗ ដូច​មាន​ក្នុង​ពន្ធនាគារ​ជាដើម ដែល​គេ​ធៀប​ថា​ជា​នរក​នោះ អ្នក​ខ្លះ​ថា​នរក​ស្ថិត​នៅ​ក្នុង​ខ្លួន​មនុស្ស នៅ​ក្នុង​ចិត្ត​នោះ​ឯង ។ បើ​កាល​ណា​ចិត្ត​ក្ដៅ​ក្រហាយ ខ្លួន​នោះ​ឯង​ជា​នរក ភូម​ឋាន​ផ្ទះ​សម្បែង​សម្រាប់​រស់​នៅ​ជា​នរក ។ ឯ​សួគ៌​វិញ​បាន​ដល់​ពពួក​មនុស្ស​ដែល​មាន​វណ្ណៈ បុណ្យស័ក្ដិ​ខ្ពង់ខ្ពស់ បាន​ដល់​សេចក្ដី​សុខ​ខាង​ទ្រព្យ ខាង​អារម្មណ៍​ ។ល។ រួច​គេ​ទាញ​សន្និដ្ឋាន​​មក​ថា នរក សួគ៌ គឺ​មាន​នៅ​ស្ថាន​មនុស្ស​លោក​យើង​នេះ​ឯង មិន​មាន​នៅ​ខាង​លើ ឬ ខាង​ក្រោម​ដូច​ដែល​គេ​ធ្លាប់​ជឿ​មក​ទេ ។ ចំណែក​ខាង​វិទ្យាសាស្ត្រ​ដែល​ស្រាវជ្រាវ​​​​នរក សួគ៌​នេះ លុះ​ស្រាវជ្រាវ​​អស់​សមត្ថភាព​​​មិន​បាន​ឃើញ​នរក សួគ៌​ប្រាកដ​នៅ​ទី​ណា​​ក៏​បដិសេធ​​ថា​មិន​មាន​នរក សួគ៌​​ ។

តើ​នរក សួគ៌​ដែល​បុព្វបុរស​ធ្លាប់​ជឿ មាន​ទាំង​ឆ្លាក់​ទុក​ជាប់​នឹង​ផ្ទាំង​សិលា ក្នុង​អក្សរសិល្ប៍​ផ្សេងៗ គឺ​ជា​ជំនឿ​មិន​ត្រឹមត្រូវ​ឬ​យ៉ាង​ណា? ឬ​ក៏​គ្រាន់តែ​ជា​ការ​បោក​បន្លំ​ឲ្យ​យើង​ជឿ ដើម្បី​ឲ្យ​មនុស្ស​ខ្លាច​រអា ខំ​​​ធ្វើ​តែ​អំពើ​ល្អ ចៀសវាង​នូវ​អំពើ​អាក្រក់?

ទាក់ទង​ទៅ​នឹង​បញ្ហា​បាប បុណ្យ នរក សួគ៌​​អស់​នេះ សៀវភៅ “ជំនឿ​ចាស់ មនុស្ស​ថ្មី” របស់​អ្នក​និពន្ធ សុង ស៊ីវ បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​ជាទីបំផុត ។ សូម​រក​ជាវ​មក​​អាន​ដើម្បី​កើន​សតិបញ្ញា ។

ខ្ញុំ​សូម​ដកស្រង់​ហេតុផល​​មក​ខ្លះៗ​ដូច​ខាង​ក្រោម ៖

ប្រសិន​បើ​យើង​ចូលចិត្ត​ថា នរក សួគ៌ នេះ​មិន​មាន​ទេ នោះ​ព្រះពុទ្ធគោត្ដម ដែល​យើង​គោរព​បូជា​សព្វថ្ងៃ ក៏​ពុំ​មាន​ន័យ​អ្វី​ឲ្យ​យើង​គោរព​ទៀត​ដែរ ព្រោះ​ព្រះអង្គ​បាន​យក​រឿង​នរក សួគ៌​នេះ​​ដើម្បី​បោក​បញ្ឆោត​ពុទ្ធបរិស័ទ​​ប៉ុណ្ណោះ ។ ឬ​ប្រសិន​បើ​យល់​ថា ព្រះពុទ្ធអង្គ​មិន​បាន​សម្ដែង​អំពី​នរក សួគ៌​នេះ​ទេ ក្រែង​ស្មៀន​ដែល​សរសេរ​ជា​គម្ពីរ​មាន​ការភាន់​ច្រឡំ ឬ​ការ​ចម្លង​តៗ​គ្នា​មក​ពុំ​ត្រឹមត្រូវ មាន​ជាក់​ច្បាស់​ក្នុង​ព្រះនាម​ទាំង ១០ ​របស់​ព្រះអង្គ​មក​ស្រាប់ គឺ​ត្រង់​ព្រះនាម​ទី ៥ ថា “លោកវិទូ” ព្រោះ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក គឺ​លោក​ទាំង​បី មាន​ទេវលោក មនុស្ស​លោក និង យមលោក​នោះ​ឯង ។

បើ​យើង​យល់​ថា នរក សួគ៌​មិន​មាន​ទេ ព្រោះ​ភ្នែក​យើង​មើល​មិន​ឃើញ​នោះ ត្រូវ​លុប​ព្រះកិត្តិនាម​ថា “លោកវិទូ” មួយ​នេះ​ចោល​ទៅ ទុក​ត្រឹម ៩ បាន​ហើយ ព្រោះ​ព្រះអង្គ​អន់​ជាង​យើង អន់​ជាង​អ្នក​វិទ្យាសាស្ត្រ គ្រាន់តែ​គូរ​ផែនទី ធ្វើ​កែវ​ឆ្លុះ​ទុក​ឲ្យ​យើង​មើល​ឃើញ​សួគ៌ នរក​ផង​មិន​កើត ។

ចំពោះ​ការគូរ​ផែនទី ធ្វើ​កែវ​ឆ្លុះ ធ្វើ​យាន សម្រាប់​ឆ្លុះ​មើល​ឲ្យ​ឃើញ សម្រាប់​ឲ្យ​ទៅ​ដល់​ស្ថាន​នរក សួគ៌​នោះ ព្រះ​អង្គ​បាន​​សាង​ទុក​ឲ្យ​សព្វគ្រប់​អស់​ហើយ ។ សម្រាប់​អ្នក​​មិន​ជឿ​ព្រះអង្គ មាន​ប្រាជ្ញា​រាក់ គិត​មិន​យល់ ឲ្យ​យក​ផែនទី​មក​មើល យក​កែវ​មក​ឆ្លុះ ឲ្យ​ឃើញ​ច្បាស់​ផ្ទាល់​ភ្នែក​ខ្លួន​ចុះ បើ​ចង់​ទៅ​ឲ្យ​ដល់​ទាំង​រស់​ក៏​បាន​ទៀត អាច​ទៅ​តែ​មួយ​ភ្លែត​ផង លឿន​ជាង​កាំជ្រួច​ហោះ​សម័យ​បរមាណូ​នេះ​ទៅ​ទៀត ។

ឯ​ផែនទី គឺ​កុសលាកុសលកម្មបថ ១០ កែវ​ឆ្លុះ​គឺ​ទិព្វចក្ខុ​វិទ្យា និង​លោកិយជ្ឈាន ។ លោកអ្នក​អាច​ស្វែងយល់​ខ្លួនឯង​នៅ​ក្នុង​ព្រះត្រៃបិដក ជា​ពិសេស​ក្នុង​គម្ពីរ​វិសុទ្ធិមគ្គ ។ ថ្មីៗ​នេះ​ខ្ញុំ​ឃើញ​មាន​សៀវភៅ​ពន្លឺ​ពុទ្ធ​ចក្ខុ ឬ ពន្លឺ​ចក្ខុ ​បាន​ចេញ​ផ្សាយ ដែល​មាន​ដាក់​លក់​នៅ​ក្នុង​បណ្ណាគារ ​អាច​រក​ជាវ​មក​សិក្សា​ស្រាវជ្រាវ​បាន​ក្នុង​តម្លៃ​ប្រហែល​ ២៥០០០៛ ។

ខាង​លើ​នេះ​ជា​ហេតុផល​មួយ​បែប ហើយ​ខ្ញុំ​សូម​លើក​មក​ត្រឹម​ប៉ុណ្ណេះ ព្រោះ​បើ​សរសេរ​វែងឆ្ងាយ​ពេក អ្នក​អាន​ប្រាកដ​ជា​ធុញទ្រាន់ ។ បែប​ផ្សេង​ទៀត សូម​សាក​ជាវ​សៀវភៅ “ជំនឿ​ចាស់ មនុស្ស​ថ្មី” ដែល​ខ្ញុំ​បាន​ណែនាំ​ខាង​លើ​មក​អាន​បន្ថែម ។

ក្នុង​អត្ថបទ​នេះ​ខ្ញុំ​មិន​មាន​បំណង​បង្ខិតបង្ខំ​ឲ្យ​លោកអ្នក​ជឿ​ថា​ពិត​ជា​មាន​នរក សួគ៌​​ក៏​​ទេ ស្រេច​លើ​ការពិចារណា​របស់​លោកអ្នក​ទៅ​ចុះ ។ ការដែល​ខ្ញុំ​បង្ហាញ​នេះ គ្រាន់តែ​ជា​ដំណឹង​ដើម្បី​ឲ្យ​លោកអ្នក​សិក្សា​ស្វែងយល់​បន្ថែម​អំពី​បញ្ហា​ដែល​ជា​ចម្ងល់ និង មិន​មាន​មធ្យោបាយ​ដោះស្រាយ​ឲ្យ​ឃើញ​ហេតុផល​ពិត​ប្រាកដ​ប៉ុណ្ណោះ ។ ហើយ​នេះ​ក៏​មិន​មែន​ជា​ការចេះដឹង ឬ​ជា​គំនិត​ផ្ទាល់​របស់​ខ្ញុំ​ដែរ គឺ​ជា​ការយល់​ដឹង​ពី​អ្នក​និពន្ធ​ ដែល​បាន​ស្រាវជ្រាវ ចងក្រង​មក​យ៉ាង​ល្អ​វិសេស មាន​ហេតុផល​​យ៉ាង​នេះ​​មក​ស្រាប់ ។

20 thoughts on “ជំនឿ​អំពី​​នរក សួគ៌

  1. វិចូច ថ្ងៃសុក្រ ទី 3 ខែមិថុនា 2011 / 5:53 ល្ងាច

    ម្យ៉ាង!

  2. វិចិត្រ ថ្ងៃសៅរ៍ ទី 4 ខែមិថុនា 2011 / 7:02 ល្ងាច

    ក្រៅ​ពី​នេះ យើង​ក៏គួរ​ដឹង​ថា ព្រះ​ពុទ្ធ​បានប្រដៅ​យើង​ថា យើង​មិន​គួរ​ជឿ​អ្វី​មួយ​ដោយ​សារ​តែ​រឿងនោះ​ត្រូវ​បានប្រាប់​ដោយ​អ្នក​នេះ​ រឺ អ្នក​នោះ​ឡើយ, ដោយ​សារ​តែ​នេះ​ជា​ទំលាប់​ឡើយ ។ល។ រឺ​ដោយ​សារ​តែ​រឿង​នេះ ព្រះពុទ្ធ​អង្គ​ផ្ទាល់​ជា​អ្នកប្រាប់​ឡើយ ។ តែ​យើង​ជឿ​ដោយ​ហេតុផល និង ដោយ​បញ្ញា។ ធ្វើ​បែប​នេះ​បាន ទើបសម​ជាជា​ពុទ្ធសាសនិក​ពិត​ប្រាកដ។

    វិទ្យាសាស្ត្រ​មិន​ខុស​ពី​ការ​អប់រំ​ក្នុង​ព្រះពុទ្ធសាសនា​ទេ គឺ អប់រំ​អោយ​ជឿ​ដោយ​បញ្ញា​ដូចគ្នា មិនមែន​អប់​រំ អោយ​ជឿដោយ​សារ​ថា អាញស្តាញ​ប្រាប់​មក​អ៊ីចឹង ដូច្នេះ​ជា​ការពិត ព្រះ​មាន​ពុទ្ធដីកា​មក​អ៊ីចឹង​ដូច្នេះ​ជា​ការពិត​នោះ​ទេ។

    ដូច្នេះ ការ​ត្រិះរិះថា ឋានសូគ៌មាន​រឺមិន​មាន តាម​គោលការណ៍ត្រិះរិះ​ពិចារណា តាម​វិទ្យាសាស្ត្រ​ក្ដី តាម​ពុទ្ធសាសនា​ក្ដី គឺ បើ​ថា​មាន ចូរបក​ស្រាយ។ បើ​ថា​គ្មាន​ ចូរ​បក​ស្រាយ។ មិន​អាច​និយាយ​ថា ឋានសួគ៌មាន​ដោយ​សារ​ព្រះ​ប្រាប់​ថាមាន​នោះ​ទេ។

    គេ​បក​ស្រាយ​ថា មាន​រឺ​គ្មាន​បាន ទាល់​តែ​គេ​រៀបរាប់​ពីលក្ខណៈ​អ្វី​មួយ​នោះ​អោយ​បាន​ច្បាស់​លាស់​សិន ដូចជា អ្វី​ទៅ​ជា​ឋាន​សួគ៌។ ដែល​គេ​ថាមាន​នោះ តើ​មាន​លក្ខណៈ​យ៉ាង​ដូចម្ដេច? លក្ខណៈ​រូប លក្ខណៈ​គីមី ថាមពល ចលនា ម៉ាស ទីតាំង។

  3. ទឹម បឿន ថ្ងៃសៅរ៍ ទី 4 ខែមិថុនា 2011 / 8:40 ល្ងាច

    ខ្ញុំ​យល់​ស្រប​ចំពោះ​មតិ​​លោកគ្រូ​ចិត្រ ។ ក្នុង​នេះ​បញ្ជាក់​ថា មាន​ផែនទី កែវ​ឆ្លុះ និង យាន​សម្រាប់​ឲ្យ​យើង​បាន​ទៅ​ដល់ ទៅ​ឃើញ​ឋាន​ទាំង​នោះ​ទាំង​នៅ​រស់​ក៏​បាន​ផង ដែល​មាន កុសលាកុសលកម្មបថ ១០ ជា​ផែនទី ចក្ខុ​វិទ្យា​ជា​កែវ​ឆ្លុះ និង លោកិយជ្ឈាន ជា​យាន ។ បើ​ថា​គ្រាន់តែ​និយាយ​យ៉ាង​នេះ​ក៏​មិន​ត្រូវ​ជឿ​ដែរ ត្រូវ​ហាត់​រៀន​នូវ​វិជ្ជា​ទាំង​អស់​នេះ​ផង​ ។ ប៉ុន្តែ​ធ្វើ​ម្ដេច​នឹង​អាច​ហាត់​បាន​សម្រេច ព្រោះ​ដូច​ពុំ​ធ្លាប់​ឃើញ​មនុស្ស​ណា​បាន​សម្រេច​នៅ​វិជ្ជា​នេះ​ដោយ​ផ្ទាល់​ភ្នែក ។ វិធី​ហ្វឹកហាត់​មាន​ចែង​នៅ​ក្នុង​សៀវភៅ​ដែល​ខ្ញុំ​រៀបរាប់​ខាង​លើ ។ វិធី​ទាំង​នេះ​ក៏​មាន​នៅ​ក្នុង​សាសនា​ផ្សេងៗ​ដែរ ដូច​សាសនា​ព្រហ្មញ្ញ ។ លក្ខណៈ​ដែល​ខុស​គ្នា ត្រង់​ក្នុង​ពុទ្ធសាសនា យើង​ត្រូវ​វិសុទ្ធ​ចិត្ត​យើង​ឲ្យ​បាន​សម្រេច​ជា​មុន​សិន ទើប​អាច​ហ្វឹកហាត់​បាន​សម្រេច ហើយ​ផល​ដែល​សម្រេច​បាន​នឹង​វិសេស​លើ​សាសនា​ណាៗ​ទាំង​អស់ ។

    មនុស្ស​យើង​មាន​គ្រឿង​សំខាន់ ៧ គឺ កាយ ១ ចេតភូត ១ ប្រាណ ១ សញ្ញា ១ បញ្ញា ១ ដួង​ចិត្ត ១ និង វិញ្ញាណ ១ ដែល​ជា​ប្រភព​នៃ​មហិទ្ធិឫទ្ធិ បើ​ហ្វឹកហាត់​​តាម​វិជ្ជា ៨ ប្រការ មនុស្ស​នឹង​មាន​ឥទ្ធិឫទ្ធិ​អំណាច​លើស​លប់ ជាង​អំណាច​ធម្មជាតិ ។

    វិជ្ជា​ ៨ ប្រការ​នោះ​មាន វិបស្សនញ្ញាណ ១ មនោយិទ្ធិ ១ ឥទ្ធិវិធិ ១ ទិព្វសោត ១ ចេតោបរិយញ្ញាណ ១ បុព្វេនិវាសានុស្សតិញ្ញាណ ១ ទិព្វចក្ខុ ១ និង អាសវក្ខយញ្ញាណ ១ ។ បើ​ហ្វឹកហាត់​ចប់​វិជ្ជា ៨ ប្រការ​នេះ មនុស្ស​នឹង​គេច​ផុត​ពី​បុថុជ្ជន ។ (យោង​ពី​សៀវភៅ ជំនឿ​ចាស់ មនុស្ស​ថ្មី)

    ទាំងអស់​នេះ​ជា​ហេតុផល បើ​ពុំ​ជា ចូរ​សាក​រក​សៀវភៅ​ទាំង​នោះ​មក​មើល និង ពិចារណា ។

  4. achharia ថ្ងៃអាទិត្យ ទី 5 ខែមិថុនា 2011 / 5:41 ល្ងាច

    មនោយទ្ធិ ឬ មនោមយិទ្ធិ(អានថា ម នោ ម យា ធិ) ?

    ខ្ញុំធ្លាប់ហាត់តាមក្បួនមនោមយិទ្ធិ ជាផ្នែកមួយនៃគម្ពីទិសាបាតិមោក្ខ
    ដូចជា កំពុងសើចត្រូវប្តូរទឹកមុខមកជាមាំទាំឬធម្មតាវិញភ្លាមៗ ,
    ក្ដិចខ្លួនឲ្យឈឺហើយញញឹមដាក់កញ្ចក់…ដើម្បីរៀនទប់ទឹកមុខ ។ល។
    បិទភ្នែកនឹកស្រមៃអោយទាល់តែឃើញព្រះអាទិត្យនៅនឹងមុខមូល
    ក្រឡង់…រួចដល់ឃើញផ្កាមួយទងមកនៅនឹងមុខហើយថែមទាំង
    បានក្រអូបក្លិនផ្កានោះដូចបានថើបមែនទែនផង …សំរាប់ផ្នែកចក្ខុ-
    និងឃាណវិញ្ញាណ ។ ទំរាំដល់កាយវិញ្ញាណ អូ៎! ស្រីស្អាតនៅនឹងមុខ
    ហើយអោយដូចបាន..ផង ។ ខ្ញុំធ្លាប់កំណត់ការភ្ញាក់ដឹងខ្លួនពីដំណេក
    បានតាមម៉ោងដែលចង់បានមួយរយៈដែរ តែអីឡូវអំណាចនេះបាន
    បានបាត់បង់វិញព្រោះឈប់ហាត់ ។ គួរអោយស្ដាយ សៀវភៅនោះ
    ហែកមូរបារីជក់កាលសម័យប៉ុលពតអស់បាត់ហើយ ។ តែខ្ញុំចង់ចូល
    រួមទីនេះថា ឋាននារកនិងសួគ៌ អាចមើលឃើញនិងទៅដល់ ទៅលេង
    ហើយមកវិញបាន មានផែនទីមើល គឺតាមរយៈអំណាចនៃផ្លូវចិត្តដែល
    ត្រូវបានហ្វឹកហាត់ដល់កំរិតខ្ពស់មួយទាល់តែ គ្រាន់តែនឹកពីផ្កាកុលាប
    គឺបានឃើញមួយទងស្រស់ស្អាតនៅនឹងមុខយកដៃបេះត្របកបាន
    ច្រមុះក៏ទទួលក្លិនកុលាបក្រអូបដូចបានថើបផ្កានោះដែរ ។ តែហាត់
    ត្រឹមតែវិធីដំបូងងាយៗ- ក្ដិចខ្លួនអោយឈឺខ្លាំងហើយធ្វើមុខអោយបាន
    ជាញញឹមស្រស់- មួយនេះសិនក៏ពិបាកណាស់ទៅហើយ ទើបខ្ញុំសុខ
    ចិត្តបោះបង់ការហ្វឹកហាត់ទប់ទឹកមុខនេះ មកយកវិធីទំពារស្ករកៅស៊ូ
    វិញដើម្បីកុំអោយគេទក់ទឹកមុខខ្ញុំបានថាខ្ញុំកំពុងភ័យព្រួយឬអរសប្បាយ
    ក្នុងស្ថានភាពណាមួយត្រូវលាក់បាំង 🙂

  5. វិចិត្រ ថ្ងៃចន្ទ ទី 6 ខែមិថុនា 2011 / 3:59 ព្រឹក

    បើ​នរណា​អានសៀវភៅ​នេះ​ចប់​ហើយ តើ​អ្នក​និពន្ធ​មាន​បាន​បញ្ជាក់​ថា គាត់​បាន​សាកល្បង​វិធី​របស់​គាត់ ហើយ​បាន​ទៅ​ដល់​ រឺ ស្គាល់ ឋាន​សួគ៌ ហើយ​រឺ​នៅ?

  6. ទឹម បឿន ថ្ងៃចន្ទ ទី 6 ខែមិថុនា 2011 / 9:15 ព្រឹក

    ចុះ​ខ្ញុំ​សុំ​សួរ​វិញ​ថា អ្នក​ដែល​សរសេរ​សៀវភៅ​ភូមិវិទ្យា​ឲ្យ​សិស្ស​រៀន​សព្វថ្ងៃ មាន​បាន​ទៅ​​ឃើញ​គ្រប់​ទ្វីប គ្រប់​ភព បាន​ទៅ​វាស់​ទំហំ​ផ្ទាល់​ខ្លួនឯង ឬ​វាស់​ជម្រៅ​ទឹក​សមុទ្រ​ដោយ​ផ្ទាល់ ឬ​មួយ​បាន​ឃើញ​គេ​វាស់​ដោយ​ផ្ទាល់​នឹង​ភ្នែក​ដែរ​ឬ​ទេ? សរសេរ​ថា​ឋាន​ព្រះច័ន្ទ​យ៉ាង​នេះ ឬ​យ៉ាង​នោះ ភព​សុក្រ​យ៉ាង​នេះ ភព​អង្គារ​យ៉ាង​នោះ យើង​មាន​ដែល​សង្ស័យ​ទេ​ថា មនុស្ស​មួយ​ក្រុម​នោះ​គ្រាន់តែ​ប្រឌិត​ឡើង​មក​ដើម្បី​បញ្ឆោត​យើង ដើម្បី​មុខរបរ​របស់​ពួក​គេ? ហើយ​ការសរសេរ​របស់​អ្នក​ប្រាជ្ញ​ទាំង​នោះ​នៅ​ពុំ​ឯកភាព​គ្នា​ផង ខ្លះ​ថា​ទំហំ​ប៉ុណ្ណេះ ខ្លះ​ថា​ប៉ុណ្ណោះ ។ ហេតុ​ម្ដេច​ក៏​យើង​ជឿ​បាន?

    បើ​យើង​ជឿ​ចំពោះ​អ្នក​វិទ្យាសាស្ត្រ​បាន​យ៉ាង​ណា ចំពោះ​​ព្រះពុទ្ធ​ក៏​មិន​ខុស​គ្នា​ដែរ ។ ​បើ​មិន​ជឿ​លើ​ព្រះ​ត្រៃបិដក គួរ​បោះ​ចោល​ទៅ​ចុះ ព្រោះ​ជា​គម្ពីរ​កុហក ហើយ​ក៏​ឈប់​ជឿ​ចំពោះ​ព្រះពុទ្ធ​ត​ទៅ​ទៀត​ដែរ ព្រោះ​ក្នុង​ធម្មវិន័យ​ លោក​ឲ្យ​វៀរចាក​មុសា កុហក​បោកប្រាស់ តែ​ទ្រង់​ខ្លួនឯង​បែរ​ជា​កុហក​ដូច្នេះ​ទៅ​វិញ ។ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ គួរ​មិន​មាន​ន័យ​ចំពោះ​មនុស្ស​ត​ទៅ​ទៀត​ទេ ។

    បើ​សិក្សា​អំពី​ព្រះអង្គ​ឲ្យ​ច្បាស់ ខ្ញុំ​ជឿ​ថា​គង់​នឹង​បាត់​ការសង្ស័យ​ បើ​គ្រាន់តែ​រឿង​សួគ៌ នរក តិចតួច​ប៉ុណ្ណេះ ។

  7. វិចិត្រ ថ្ងៃចន្ទ ទី 6 ខែមិថុនា 2011 / 12:58 ល្ងាច

    នៅ​ពេល​ដែល​យើង​ជឿ​រឿង​វិទ្យាសាស្ត្រ​ទាំង​នោះ​ដោយ​មិន​ពិចារណា​ហេតុផល​ រឺ​យល់​ហេតុផល​របស់​គេ​ នោះ​គឺ​យើង​ជឿ​ដោយ​ជំនឿ​ ដូចគ្នា​និង​ជឿ​សាសនា​ដែរ។ ទ្រឹស្ដី​វិទ្យាសាស្ត្រ​ទាំង​អស់​សុទ្ធ​តែ​មាន​ហេតុផល​បែប​វិទ្យាសាស្ត្រ តែ​ភាគ​ច្រើន​យើង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​លើ​ហេតុផល​របស់​គេ។ ដូចជា​គេ​ថា ផែនដី​រាង​មូល ហេតុអ្វី​បាន​មូល គេ​មានហេតុផល​ទាំង​អស់​។

    តែ​យើង​គួរ​ដឹង​ថាទ្រឹស្ដី​វិទ្យាសាស្ត្រ​ទាំង​អស់ មិន​ទាន់​សុក្រិត​នោះ​ទេ ត្រូវ​ការ​ធ្វើ​អោយ​ល្អ​ប្រសើរ​ឡើង បន្តិច​ម្ដង។ ទ្រឹស្ដី​ទាំង​នោះ មិនមែន​កើត​ឡើង​ដោយ​មនុស្ស​តែម្នាក់​ទេ កើត​ឡើង​ពី​ការ​សន្សំ​ជា​ច្រើន​ឆ្នាំ។ នៅ​ពេល​ដែលគេ​និយាយ​ថា ផែនដី​មាន​ទំហំ​ប៉ុន​នេះ គេ​បង្ហាញ​ពី​វិធី​វាស់ គេ​ពន្យល់​គេ​បក​ស្រាយ គេ​សរសេរ​ជា paper ផ្សាយ​ជា​អន្តរជាតិ ។ អ្នក​ប្រាជ្ញ​ផ្សេង​ទៀត អាន​ទ្រឹស្ដី​ទាំង​នេះ រួច​ហើយ​បក​ស្រាយ​ថា​ត្រូវ​រឺមិន​ត្រូវ។ បើ​ទ្រឹស្ដី​នោះ​ត្រឹម​ត្រូវ នោះ​នឹង​មាន​ការ​ទទួល​ស្គាល់​ក្នុង​ចំនោម​អ្នក​វិទ្យាសាស្ត្រ​ឯទៀត។

  8. ទឹម បឿន ថ្ងៃចន្ទ ទី 6 ខែមិថុនា 2011 / 1:45 ល្ងាច

    ក៏​មិន​ខុស​គ្នា​អំពី​សាសនា គេ​ប្រាប់​ថា​យ៉ាង​នេះ គេ​មាន​ហេតុផល​ពិត​ប្រាកដ​មក​បកស្រាយ គេ​ចងក្រង​ជា​ឯកសារ​និង​ផ្សព្វផ្សាយ​ជា​អន្តរជាតិ​ដូច​គ្នា ។ អ្នក​ដទៃ​យក​មក​សិក្សា​ពិចារណា​មើល​ក៏​យល់​ថា​ត្រឹមត្រូវ ក៏​ទទួល​យក​មក​ប្រតិបត្តិ​ខ្លួន​គេ​ទៅ​តាម​នោះ ។ ប៉ុន្តែ​បើ​និយាយ​ចំពោះ​វិទ្យាសាស្ត្រ និង សាសនា មាន​គោលការណ៍​ផ្សេង​គ្នា ។ វិទ្យាសាស្ត្រ​សាង​វត្ថុ​ដើម្បី​មនុស្ស សាសនា​សាង​មនុស្ស​ដើម្បី​សេចក្ដី​សុខ ។

  9. វិចិត្រ ថ្ងៃចន្ទ ទី 6 ខែមិថុនា 2011 / 3:56 ល្ងាច

    អ្វី​ដែល​ខ្ញុំ​យល់​ឃើញ​គឺមនុស្ស​ភាគ​ច្រើន​បក​ស្រាយ​សាសនា​និង​វិទ្យាសាស្ត្រ​ដោយ​ភាន់​ច្រលំ។ អ្នក​ខ្លះ​ខំ​ប្រឹង​បក​ស្រាយ​ពន្យល់​សាសនា ភ្ជាប់​ទៅ​នឹង​វិទ្យាសាស្ត្រ​បែប​សំភារៈ​និយម (ដូចជា រូបវិទ្យា គីមី ជីវៈ)។ ដែល​តាម​ទស្សនៈ​ខ្ញុំ​ គេ​គួរ​ចែក​អោយ​ដាច់​ពី​គ្នា។

    កម្មវត្ថុ​របស់​សាសនាមិនមែន​ដើម្បីអប់រំ​ផ្នែក​វិទ្យាសាស្ត្រ​ទេ (មិនមែន​ដើម្បី​សិក្សា​បង្កើត​អាប៉ូឡូ គ្រាប់​បែក កុំព្យូទ័រ​ ..) តែ​ដើម្បី​សាសនាដើម្បី​ផ្លូវ​ចិត្ត​តែ​ប៉ុណ្ណោះ។ បើ​យើង​រៀន​ពី​វិទ្យាសាស្ត្រ​ យើង​ទៅ​អាន​សៀវភៅ​វិទ្យាសាស្ត្រ បើ​ចង់​អាន​អ្វី​ដែល​អប់រំ​ចិត្ត​យើង យើង​អាន​គម្ពីរ​សាសនា។

    បើ​គេ​និយាយ​ឋាន​សួគ៌មាន​មែន មាន​ជា​លក្ខណៈ​រូប លក្ខណៈ​សំភារៈ អ្នក​នោះ​អាច​បក​ស្រាយ​គម្ពីរ​សាសនា​ខុស។ ការ​អះអាង​បែប​នេះ អ្នក​វិទ្យាសាស្ត្រ​នឹង​ធ្វើ​ការ​អះអាង​ ជួនកាល​ទាត់​ចោល​តាម​លក្ខណៈ​វិទ្យាសាស្ត្រ។

    ទស្សនៈ​របស់​ខ្ញុំ ឋាន​សួគ៌ ប្រៀប​ដូចជា ​បាប បុណ្យ សុខ ទុក្ខ ៖ ទាំង​នេះ​គ្មាន​រូប​គ្មាន​រាង​ពិត​ប្រាកដ​នោះ​ទេ រឺ​មិន​អ៊ីចឹង​ទេ មាន​រូបមាន​រាង​ច្រើន​បែប វា​គ្មាន​លក្ខណៈ​គីមី វា​គ្មាន​លក្ខណៈ​រូប និង គ្មាន​លក្ខណៈ​ជីវៈ…។ អ្នក​វិទ្យាសាស្ត្រ​មិន​អាច​កំនត់​បាន​ថា​នៅ​ទី​ណា​ទេ។ អ្នក​ខាង​សាសនា​ក៏​មិន​អាច​កំនត់​បាន​ថា​សុខ​ទុក្ខ​នោះ​នៅ​ទី​នេះ រឺ​ទី​នោះ​ (ក្នុង​ប្រព័ន្ធ​តំរុយ​ 3D …)ដែរ។

    ដូចខ្ញុំ​ធ្លាប់​និយាយ​អ៊ីចឹង បើ​យើង​អាន​រឿង​និទាន ឃើញ​គេ​សរសេរ​ថា ទន្សាយ​ចេះ​និយាយ វា​គ្មាន​ប្រយោជន៍​ទេ ដែល​យើង​ទៅ​ខំ​បក​ស្រាយ​តាម​វិទ្យាសាស្ត្រ​ថា ទន្សាយមិន​ចេះ​និយាយ​ ទាក់​ទង​ជា​មួយ​មនុស្ស រឺ សត្វ​ដូច​គ្នា​ នោះ។​

  10. ទឹម បឿន ថ្ងៃចន្ទ ទី 6 ខែមិថុនា 2011 / 5:05 ល្ងាច

    ខ្ញុំ​យល់​ស្រប​ចំពោះ​មតិ​នេះ ។ ខ្ញុំ​លើក​ឧទាហរណ៍​មួយ​អំពី​កំណើត​សត្វ ដែល​ជា​ទ្រឹស្ដី​របស់​ព្រះពុទ្ធ​មក​យូរ​ហើយ ដែល​ថា​កំណើត​មនុស្ស​សត្វ​មាន ៤៖
    ១- អណ្ឌជៈ ជាកំណើត​សត្វ​តិរច្ឆាន​ទាំងឡាយ​ដែល​គ្មាន​ត្រចៀក ដូចជា​មាន់​ទា​ជា​ដើម ជា​សត្វ​មាន​កំណើត​ពីរ​ដង គឺ​កើត​ជា​ស៊ុត​ឋិត​នៅ​ក្នុង​ផ្ទៃ​មេ​វា​ម្ដង សម្រាល​ចេញ​មក​ មេ​វា​ក្រាប​ក្រុង​ឲ្យ​មាន​កម្ដៅ​ដល់​កំណត់​ពេល ទើប​ញាស់​ចេញ​ពី​ស៊ុត​របស់​វា​ម្ដង​ទៀត ។
    ២- ជលម្ពុជៈ ជា​កំណើត​សត្វ​ទាំងឡាយ​ដែល​មាន​ត្រចៀក មាន​មនុស្ស​ គោ ក្របី​ជា​ដើម ញ៉ាំង​អត្តភាព​ឲ្យ​ចម្រើន​ធំ​ឡើង​ដោយ​ឱជារស​របស់​មាតា កំណត់ ៨-៩-១០ ខែ​ទើប​សម្រាល​ចេញ​ពី​ផ្ទៃ ។
    ៣- សំសេទជៈ ជា​កំណើត​សត្វ​ទាំងឡាយ​ដែល​កើត​អាស្រ័យ​ញើស ក្អែល លម្អង​ធូលី ក្នុង​ផ្កា ផ្លែ មើម​ឈើ នឹង​ក្នុង​វត្ថុ​ស្មោកគ្រោក​ជា​ដើម មាន​ទឹកមាត់​របស់​ខ្លួន​ជា​អាហារ​ឲ្យ​ចម្រើន​ឡើង​ជា​ដំបូង ។
    ៤- ឧបសាតិកៈ ជា​កំណើត​សត្វ​ទាំងឡាយ​ដែល​អាស្រ័យកុសលាកុសលកម្ម​ដ៏​ខ្លាំងក្លា ប្រជុំ​តាក់តែង​ក្នុង​ភព​ឲ្យ​កើត​រូប​មួយ​រំពេច មាន​ទឹកមាត់​ចេញ​ពី​បបូរមាត់​ខ្លួន​ជា​អាហារ​ចម្រើន​រូប​ធំ​ភ្លាម ។ បាន​ដល់​កំណើត​ទេព្ដា​ក្នុង​ស្ថាន​សួគ៌ និង កំណើត​នរក​ប្រេត​ជា​ដើម ដល់​ពេល​ស្លាប់​ក៏​រលាយ​បាត់​រូប​គ្មាន​សាកសព​ទេ ។

    កំណើត​ទាំងអស់​នេះ​អាស្រ័យ​សភាវធម៌ ៤ យ៉ាង​ទៀត​គឺ កម្ម ចិត្ត ឧតុ (រដូវ) និង អាហារ ។

    កំណើត​ទាំង​ពីរ​ខាង​លើ យើង​បាន​ដឹង​គ្រប់គ្នា មិន​មាន​សង្ស័យ​​អ្វី​ទេ ដែល​ក្នុង​វិទ្យាសាស្ត្រ​ក៏​មាន​និយាយ និង​មាន​ដាក់​ឲ្យ​សិក្សា​តាំង​ពី​ថ្នាក់​បឋម ។ បើ​យើង​សួរ​ក្មេង​ៗ​ក៏​អាច​និយាយ​បាន​ថា ពូជ​មនុស្ស​កូន​មនុស្ស ពូជ​សត្វ​កូន​ជា​សត្វ បើ​​មេ​វា​ជា​ឆ្កែ កូន​ប្រាកដ​ជា​ឆ្កែ… ។ តែ​កំណើត​ពីរ​ទៀត​ខាង​វិទ្យាសាស្ត្រ​មិន​បាន​និយាយ​ដល់​ទេ ដូច​ដង្កូវ​កើត​ពី​គំរង់​ស្អុយ​រលួយ ខ្មូត​កើត​ពី​គ្រាប់​ពោត ។ល។ ពិសេស​កំណើត​ទេព្ដា ប្រេត​នរក​ជា​នេះ​ជា​ដើម ព្រោះ​អ្នក​វិទ្យាសាស្ត្រ​ទាំង​នោះ​គ្មាន​សមត្ថភាព​រក​ទៅ​ដល់​រឿង​ជ្រៅ​យ៉ាង​នេះ ។

    ដូច្នេះ អ្វី​ដែល​វិទ្យាសាស្ត្រ​រក​មិន​ឃើញ ក៏​មិន​ប្រាកដ​ថា​គ្មាន​នោះ​ទេ ។ ដូច​ដួងចិត្ត​របស់​មនុស្ស សត្វ ខាង​វិទ្យាសាស្ត្រ​មិន​អាច​រក​ឃើញ ព្រោះ​វា​គ្មាន​រូបរាង គ្មាន​ពណ៌ គ្មាន​ក្លិន ។

  11. វិចិត្រ ថ្ងៃចន្ទ ទី 6 ខែមិថុនា 2011 / 8:00 ល្ងាច

    តែ​ក៏​មិន​ប្រាកដ​ថា ខាង​ពុទ្ធសាសនា​បាន​និយាយ​ដល់​ប្រធានបទ​ច្រើន​ជាង ប្រាកដ​ជា​គ្រាន់​បើ​ជាង​ខាង​វិទ្យាសាស្ត្រ​ឡើយ។ ឧទាហរណ៍ ការ​បង្កើត​ម៉ាស៊ីន​ទំនើប ដូចជា​កុំព្យូទ័រ​នេះ​ឯង ថ្នាំ​ពេទ្យ​។

    “ដង្កូវ​កើត​ពី​គំរង់​ស្អុយ​រលួយ ខ្មូត​កើត​ពី​គ្រាប់​ពោត ” ខ្ញុំ​មិន​ប្រាកដ​ថា​អ្នក​វិទ្យាសាស្ត្រ​មិន​ដឹង​ឡើយ វា​អាច​ថា ​ការរក​ឃើញ​របស់​គេ មិន់ផ្សាយ​មក​ដល់​យើង។

  12. ទឹម បឿន ថ្ងៃអង្គារ ទី 7 ខែមិថុនា 2011 / 10:36 ព្រឹក

    ទោះ​យ៉ាង​ណា បើ​ពិចារណា​ទៅ ព្រះ​សព្វញ្ញូពុទ្ធ ជា​មនុស្ស​វិសេស​បំផុត ពោរពេញ​ទៅ​ដោយ​ការសិក្សា និង​ការពិសោធន៍​ដ៏​លើសលប់ រហូត​ចេះ​ដឹង​សព្វ​ឥត​ចន្លោះ សូម្បី​អព្ភូត​វត្ថុ​ដែល​គ្មាន​នរណា​ធ្លាប់​នឹក​គិត​ដល់ ក៏​ព្រះ​អង្គ​ដឹង​ស្គាល់​ដែរ ។ ចំពោះ​វិទ្យាសាស្ត្រ​មាន​គុណប្រយោជន៍​ដោយ​ឡែក ព្រោះ​ខាង​វិទ្យាសាស្ត្រ​សាង​វត្ថុ​ដើម្បី​មនុស្ស ។ ព្រះពុទ្ធ​មាន​គុណ​ប្រយោជន៍​បណ្ដុះ​សតិ​បញ្ញា​របស់​មនុស្ស ឲ្យ​មនុស្ស​រក​សេចក្ដី​សុខ​ឃើញ ។ យើង​មិន​អាច​ចែក​ថា ព្រះពុទ្ធ ឬ​សាសនា​ដទៃ​ទៀត ល្អ​ជាង​វិទ្យាសាស្ត្រ ឬ​វិទ្យាសាស្ត្រ​ល្អ​ជា​សាសនា​បាន​ទេ ។

    បញ្ហា​ដង្កូវ​ខ្មូត បើ​ទោះ​ជា​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​ឃើញ​ថា​មាន ប៉ុន្តែ​រឿង​មួយ​ទៀត ដែល​ខាង​វិទ្យាសាស្ត្រ​រក​មិន​ឃើញ​សោះ គឺ​ដួងចិត្ត​របស់​មនុស្ស ។

    ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា​ថា សត្វ​ដែល​ចុះ​ចាប់​បដិសន្ធិ​ក្នុង​ផ្ទៃ​មាតា​បាន លុះ​តែ​ប្រកប​ដោយ​អង្គ​បី៖
    ១- មាតាបិតា​បាន​រួម​គ្នា​ដោយ​សេចក្ដី​តម្រេក ដែល​វិទ្យាសាស្ត្រ​ថា​មាន​ស្ពែម៉ាតូស៊ូអ៊ីត​របស់​បិតា​ចូល​ទៅ​ក្នុង​អូវុល​របស់​មាតា ។
    ២- មាតា​មាន​ឧតុសម័យ​ល្អ គឺ​មាន​ស្បូន​កន្លែង​ទារក​កើត​នោះ ស្អាត​បរិសុទ្ធ គ្មាន​រោគ​ផង ទើប​នឹង​មាន​ផ្កា​រដូវ​ហើយ​ផង ។
    ៣- ដួងចិត្ត​សត្វ​ដែល​បម្រុង​កើត​ក្នុង​ផ្ទៃ​មាតា​នោះ​ក៏​មាន​ស្រាប់ ដែល​ខាង​វិទ្យាសាស្ត្រ​មើល​ដួងចិត្ត​មនុស្ស​មិន​ឃើញ គេ​មិន​បាន​និយាយ​ដល់​ទេ គេ​សន្មត​មេជាតិ​របស់​បិតា​នោះ​ថា​ជា​ដួងចិត្ត ដួង​កំណើត​តែ​ម្ដង ។

  13. វិចិត្រ ថ្ងៃអង្គារ ទី 7 ខែមិថុនា 2011 / 10:51 ល្ងាច

    តាម​ពិត​ទៅ​វិទ្យាសាស្ត្រ​មាន​ច្រើន​ប្រភេទ។ វិទ្យាសាស្ត្រ​ដែល​យើង​ចំនាំ​តែនិយាយ​ច្រើន​តែ​ជា​វិទ្យាសាស្ត្រ​ខាង​រូបវិទ្យា គីមី ជីវៈ។ តែ​ផ្នែក​ផ្សេង​ទៀត ដូចជា​សង្គមវិទ្យា ចិត្តវិទ្យា​ក៏​ជា​វិទ្យាសាស្ត្រ​មួយដែរ។ (សាសនា​ប្រហែល​ជា​វិទ្យាសាស្ត្រ​​មួយ​នៃ​សង្គមវិទ្យា ចិត្តវិទ្យា​បុរាណ​ផង​ក៏​មិន​ដឹង)​។

    ខាង​ផ្លូវ​ចិត្ត​ ដួងចិត្ត ស្នេហា សេចក្ដី​សុខ ភាពកោងកាច…​ អី​ហ្នឹង ឋិត​ក្នុង​វិទ្យាសាស្ត្រ​ខាង​ចិត្តវិទ្យា​ (psychology) ហ្នឹង​ហើយ។

    រូបវិទូ ដូចលោក អាញស្តាញ ញូវតុន អីហ្នឹង​បើ​សួរ​គាត់​រឿងចិត្ត​វិទ្យា​​ហ្នឹង​គាត់​មិន​ដឹង​ទេ ។

  14. សុផល ថ្ងៃពុធ ទី 8 ខែមិថុនា 2011 / 3:24 ព្រឹក

    និយាយរួមទៅ​ ឋានសួគ៌គឺប្រាកដជាមានហើយ។ បើចង់ទៅ ដល់ទីនោះ យើងមានផ្លូវ សម្រាប់ទៅដែរ តែយើងមិនអាចទៅតាមរយះវត្ថុនិយមបានឡើយ៕​ ព្រះពុទ្ធបាន បង្ហាញផ្លូវ(មាគ៌ា) ដើម្បីអោយដល់ទីនោះរួចស្រេចហើយ ដោយមានមនុស្សច្រើន ណាស់ក្នុងសម័យនោះបានទៅដល់រួចហើយពួកគេបានសរសេរវិធីដើម្បីទៅដល់ ទីនោះអោយមនុស្សយើងដែលមានប្រាថ្នាចង់ទៅ។ ផ្លូវទៅកាន់ឋានសួគ៌នោះ ថា ស្រួលក៏បានពិបាកក៏បានដែរ ផ្លូវនោះគឺ ៖ សីល សមាធិ បញ្ញា និង អដ្ឋង្គិកមគ្គ (Middle way) ។ កាលពីសម័យព្រះពុទ្ធមនុស្សចូលចិត្តប្រតិបត្តិផ្លូវចិត្ត ហាត់ពត់ចិត្ត និង​ប្រើចិត្តសម្រាប់ធ្វើអ្វីមួយ តែសម័យនេះមនុស្សចូលចិត្តសម្ភារៈ(សម្ភារៈនិយម) តែមកដល់ពេលនេះ ពួកបច្ចឹមប្រទេសដែលចូលចិត្តរៀនខាងវិទ្យាសាស្ដ្រ បែជា មករៀន ហាត់ពត់ចិត្ត ដោយការធ្វើសមាធិដើម្បីស្វែងរកការពិតនៃជីវិតរបស់ពួកគេ ទៅវិញ។ ទាំងនេះដោយពួកគេជឿថា ការស្វែងរកឋានសួគ៌ និងសេចក្ដីសុខតាមផ្លូវ ចិត្តមិនមែនតាមរយះសម្ភារៈនិយមឡើយ។ ខ្ញុំមានមិត្តភ័ក្រ្ដជាវេជ្ជបណ្ឌិតពីរបីនាក់ ពួកគាត់ចូលចិត្តធ្វើសមាធិនិងអានសៀវភៅពុទ្ធសាសនាណាស់ ខ្ញុំសួរគាត់ថា ហេតុ អីបានជាចូលចិត្តធ្វើសមាធិ ពួកគេឆ្លើយថា ចង់ស្វែងរកសេចក្ដីពិតនៃជីវិត និងសុខពិត ដែលកើតចេញពីផ្លូវចិត្ត…….ដូច្នេះសរុបមក ឋានសួគ៌ប្រាកដជាមាននៅក្នុងលោក យើងនេះបា្រកដណាស់ ដរាបណាយើងបានដើរតាមវិធីសាស្ត្រនិងផ្លូវរបស់ព្រះពុទ្ធ (ចំពោះអ្នកជឿក្នុងពុទ្ធសាសនា)។ អរគុណ!

  15. ទឹម បឿន ថ្ងៃពុធ ទី 8 ខែមិថុនា 2011 / 8:58 ព្រឹក

    – ខ្ញុំ​យល់​ស្រប​តាម​លោកគ្រូ​វិចិត្រ ។ ប៉ុន្តែ​ចំពោះ​ដួងចិត្ត ចេតភូត ឬ ព្រលឹង​នេះ មិន​ដឹង​ថា​ចាត់​ក្នុង​វិទ្យាសាស្ត្រ​ណា?

    – អរគុណ​សុផល ដែល​បាន​ចូល​មក​បំភ្លឺ​បន្ថែម ។

  16. វិចិត្រ ថ្ងៃពុធ ទី 8 ខែមិថុនា 2011 / 5:05 ល្ងាច

    ខាង​ចិត្ត​វិទ្យា .. គេ​សិក្សា​តែ​អ្វី​ដូច​ជា កំហឹង ការ​ច្រណែន សប្បាយ … តែ​មិន​សិក្សា​លើ​ព្រលឹង … ខាង​នេះ មាន​តែ​សាសនា​ទេ ដែល​និយាយដល់។

  17. ទឹម បឿន ថ្ងៃពុធ ទី 8 ខែមិថុនា 2011 / 6:01 ល្ងាច

    ត្រង់​នេះ ច្បាស់​ប្រាកដ​ហើយ ព្រោះ​សាសនា​អប់រំ​ផ្លូវ​ចិត្ត​មនុស្ស មិន​បង្កើត​វត្ថុ​សម្រាប់​មនុស្ស​ទេ ។

  18. Mr.Panda ថ្ងៃពុធ ទី 8 ខែមិថុនា 2011 / 7:06 ល្ងាច

    ចុះឋាននិញ្វនដែលព្រះពុទ្ធបានទៅដល់នោះ មានមែនរឺទេ ? បើអត់មានឋាននរក​ និងឋានសួគ៌ទេនោះ ឋានបរិនិញ្វានរឹតតែអត់មានហើយ ។ បើព្រះពុទ្ធចង់ប្រៀបធៀបឋាននរកទៅនឹងពិភពរបស់មនុស្សក្រីក្រ ហើយប្រៀបធៀបឋានសួគ៌ទៅនឹងពិភពរបស់ពួកអ្នកមាន ចុះទ្រង់ចង់ប្រៀបធៀបឋាននិញ្វននឹងទៅនឹងអ្វី ព្រោះក្នុងលោកនេះគ្មានអ្វីដែលគ្មានទុក្ខទេ ។ សាសនាទាំងអស់គឺសុទ្ធតែគ្មានអំនះអំនាងអ្វីអាចបញ្ជាក់ថា ការទូន្មាននេះ គឺត្រឹមត្រូវនោះទេ ។ ដូចជា ព្រះពុទ្ធមានពុទ្ធដីកាថា មានឋានសួគ៌ នរក និង និញ្វាន តើអ្នកវិទ្យាសាស្រ្តជឿដែររឺទេ ? ដូចជា គ្រិស្តសាសនិកតែងតែនិយាយថា បើយើងជឿលើព្រះ ព្រះនឹងជួយយើង តើយើងជឿដែលរឺទេ? ជាពិសេសគឺជំនឿទៅលើការបន់ស្រន់ ម្នាក់ៗនាំគ្នាបន់ស្រន់អោយរកស៊ីមានបាន ហើយបើបន់គ្រប់គ្នាចឹង ម៉េចក៏នៅមានអ្នកក្រទៀត?

  19. ទឹម បឿន ថ្ងៃពុធ ទី 8 ខែមិថុនា 2011 / 8:35 ល្ងាច

    សាសនា​ព្រះពុទ្ធ ទូន្មាន​ដោយ​មាន​ព្រះធម៌ គឺ​ពាក្យ​ទូន្មាន​របស់​ព្រះពុទ្ធ, បើ​និយាយ​ដល់​ការបន់ស្រន់ មិនមែន​ជា​ធម៌​របស់​ព្រះ​សម្មាសម្ពុទ្ធ​ទេ តែ​ជា​ជំនឿ​របស់​អ្នក​ស្រុក​តៗ​មក ។ តាមពិត ការជឿ ឬ​មិន​ជឿ​ថា​មាន​​ឋាន​សួគ៌ នរក និព្វាន​ក្ដី មិន​មែន​ជា​បញ្ហា​ធំ​សម្រាប់​មនុស្ស​ទេ តែ​សម្រាប់​អ្នក​ប្រាថ្នា​ទៅ​រក​សេចក្ដី​សុខ​ក្នុង​អនាគតជាតិ, ព្រោះ​ជន​នោះ​ធុញទ្រាន់​នឹង​កម្ម​របស់​មនុស្ស​លោក ដែល​មាន​ទុក្ខ​ជាប់​ជា​ដរាប​ បាន​សុខ​មួយ​ត្រឹម​មួយ​ខណៈៗ ។

  20. chheanchankhyra ថ្ងៃពុធ ទី 14 ខែមករា 2015 / 4:28 ល្ងាច

    I agree with brother ទឹម បឿន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s