មនុស្សដែលរស់នៅក្នុងសម័យបច្ចុប្បន្ន ពុំសូវជឿទេរឿងបុណ្យ បាប នរក សួគ៌ ព្រមទាំងខ្មោច ព្រាយ បិសាចជាដើម ។ គេច្រើនតែជឿ និងផ្អែកជំនឿរបស់គេទៅនឹងវិទ្យាសាស្ត្រ ដែលគេយល់ថាមានហេតុផលជាក់លាក់ជាង ។ ជំនឿដែលបុព្វបុរសធ្លាប់ជឿនោះ គឺជាជំនឿប្រាសចាកនូវហេតុផលពិត ។
ការចូលចិត្តរបៀបនេះ មានភាគច្រើនបំផុតចំពោះអ្នកដែលបានរៀនសូត្រ មានចំណេះដឹងចូលចិត្តខាងផ្នែកវិទ្យាសាស្ត្រខ្លាំង ។ ប៉ុន្តែការដែលគេចូលចិត្តថាយ៉ាងនេះ គេមិនបានសិក្សាឲ្យស៊ីជម្រៅទៅលើជំនឿដែលបុព្វបុរសធ្លាប់ជឿនោះក៏ទេ ។ ដោយសម្អាងលើហេតុផលវិទ្យាសាស្ត្រ គេក៏បោះបង់ចោលជំនឿចាស់ដែលខ្មែរធ្លាប់ជឿ ទុកចិត្ត និង គោរពប្រតិបត្តិមកអស់កាលអង្វែងមកហើយ ។
អ្នកខ្លះក៏បានពិចារណាលើរឿងបុណ្យ បាប នរក សួគ៌ នេះដែរ តែពិចារណាមិនយល់ ក៏តោងហេតុផលថា បាប នរកនោះគឺស្ថិតនៅលើពពួកមនុស្សដែលគ្មានទីជម្រក អនាថា អ្នកសុំទាន ឬការដាក់ទារុណផ្សេងៗ ដូចមានក្នុងពន្ធនាគារជាដើម ដែលគេធៀបថាជានរកនោះ អ្នកខ្លះថានរកស្ថិតនៅក្នុងខ្លួនមនុស្ស នៅក្នុងចិត្តនោះឯង ។ បើកាលណាចិត្តក្ដៅក្រហាយ ខ្លួននោះឯងជានរក ភូមឋានផ្ទះសម្បែងសម្រាប់រស់នៅជានរក ។ ឯសួគ៌វិញបានដល់ពពួកមនុស្សដែលមានវណ្ណៈ បុណ្យស័ក្ដិខ្ពង់ខ្ពស់ បានដល់សេចក្ដីសុខខាងទ្រព្យ ខាងអារម្មណ៍ ។ល។ រួចគេទាញសន្និដ្ឋានមកថា នរក សួគ៌ គឺមាននៅស្ថានមនុស្សលោកយើងនេះឯង មិនមាននៅខាងលើ ឬ ខាងក្រោមដូចដែលគេធ្លាប់ជឿមកទេ ។ ចំណែកខាងវិទ្យាសាស្ត្រដែលស្រាវជ្រាវនរក សួគ៌នេះ លុះស្រាវជ្រាវអស់សមត្ថភាពមិនបានឃើញនរក សួគ៌ប្រាកដនៅទីណាក៏បដិសេធថាមិនមាននរក សួគ៌ ។
តើនរក សួគ៌ដែលបុព្វបុរសធ្លាប់ជឿ មានទាំងឆ្លាក់ទុកជាប់នឹងផ្ទាំងសិលា ក្នុងអក្សរសិល្ប៍ផ្សេងៗ គឺជាជំនឿមិនត្រឹមត្រូវឬយ៉ាងណា? ឬក៏គ្រាន់តែជាការបោកបន្លំឲ្យយើងជឿ ដើម្បីឲ្យមនុស្សខ្លាចរអា ខំធ្វើតែអំពើល្អ ចៀសវាងនូវអំពើអាក្រក់?
ទាក់ទងទៅនឹងបញ្ហាបាប បុណ្យ នរក សួគ៌អស់នេះ សៀវភៅ “ជំនឿចាស់ មនុស្សថ្មី” របស់អ្នកនិពន្ធ សុង ស៊ីវ បានពន្យល់យ៉ាងក្បោះក្បាយជាទីបំផុត ។ សូមរកជាវមកអានដើម្បីកើនសតិបញ្ញា ។
ខ្ញុំសូមដកស្រង់ហេតុផលមកខ្លះៗដូចខាងក្រោម ៖
ប្រសិនបើយើងចូលចិត្តថា នរក សួគ៌ នេះមិនមានទេ នោះព្រះពុទ្ធគោត្ដម ដែលយើងគោរពបូជាសព្វថ្ងៃ ក៏ពុំមានន័យអ្វីឲ្យយើងគោរពទៀតដែរ ព្រោះព្រះអង្គបានយករឿងនរក សួគ៌នេះដើម្បីបោកបញ្ឆោតពុទ្ធបរិស័ទប៉ុណ្ណោះ ។ ឬប្រសិនបើយល់ថា ព្រះពុទ្ធអង្គមិនបានសម្ដែងអំពីនរក សួគ៌នេះទេ ក្រែងស្មៀនដែលសរសេរជាគម្ពីរមានការភាន់ច្រឡំ ឬការចម្លងតៗគ្នាមកពុំត្រឹមត្រូវ មានជាក់ច្បាស់ក្នុងព្រះនាមទាំង ១០ របស់ព្រះអង្គមកស្រាប់ គឺត្រង់ព្រះនាមទី ៥ ថា “លោកវិទូ” ព្រោះព្រះអង្គជ្រាបច្បាស់នូវត្រៃលោក គឺលោកទាំងបី មានទេវលោក មនុស្សលោក និង យមលោកនោះឯង ។
បើយើងយល់ថា នរក សួគ៌មិនមានទេ ព្រោះភ្នែកយើងមើលមិនឃើញនោះ ត្រូវលុបព្រះកិត្តិនាមថា “លោកវិទូ” មួយនេះចោលទៅ ទុកត្រឹម ៩ បានហើយ ព្រោះព្រះអង្គអន់ជាងយើង អន់ជាងអ្នកវិទ្យាសាស្ត្រ គ្រាន់តែគូរផែនទី ធ្វើកែវឆ្លុះទុកឲ្យយើងមើលឃើញសួគ៌ នរកផងមិនកើត ។
ចំពោះការគូរផែនទី ធ្វើកែវឆ្លុះ ធ្វើយាន សម្រាប់ឆ្លុះមើលឲ្យឃើញ សម្រាប់ឲ្យទៅដល់ស្ថាននរក សួគ៌នោះ ព្រះអង្គបានសាងទុកឲ្យសព្វគ្រប់អស់ហើយ ។ សម្រាប់អ្នកមិនជឿព្រះអង្គ មានប្រាជ្ញារាក់ គិតមិនយល់ ឲ្យយកផែនទីមកមើល យកកែវមកឆ្លុះ ឲ្យឃើញច្បាស់ផ្ទាល់ភ្នែកខ្លួនចុះ បើចង់ទៅឲ្យដល់ទាំងរស់ក៏បានទៀត អាចទៅតែមួយភ្លែតផង លឿនជាងកាំជ្រួចហោះសម័យបរមាណូនេះទៅទៀត ។
ឯផែនទី គឺកុសលាកុសលកម្មបថ ១០ កែវឆ្លុះគឺទិព្វចក្ខុវិទ្យា និងលោកិយជ្ឈាន ។ លោកអ្នកអាចស្វែងយល់ខ្លួនឯងនៅក្នុងព្រះត្រៃបិដក ជាពិសេសក្នុងគម្ពីរវិសុទ្ធិមគ្គ ។ ថ្មីៗនេះខ្ញុំឃើញមានសៀវភៅពន្លឺពុទ្ធចក្ខុ ឬ ពន្លឺចក្ខុ បានចេញផ្សាយ ដែលមានដាក់លក់នៅក្នុងបណ្ណាគារ អាចរកជាវមកសិក្សាស្រាវជ្រាវបានក្នុងតម្លៃប្រហែល ២៥០០០៛ ។
ខាងលើនេះជាហេតុផលមួយបែប ហើយខ្ញុំសូមលើកមកត្រឹមប៉ុណ្ណេះ ព្រោះបើសរសេរវែងឆ្ងាយពេក អ្នកអានប្រាកដជាធុញទ្រាន់ ។ បែបផ្សេងទៀត សូមសាកជាវសៀវភៅ “ជំនឿចាស់ មនុស្សថ្មី” ដែលខ្ញុំបានណែនាំខាងលើមកអានបន្ថែម ។
ក្នុងអត្ថបទនេះខ្ញុំមិនមានបំណងបង្ខិតបង្ខំឲ្យលោកអ្នកជឿថាពិតជាមាននរក សួគ៌ក៏ទេ ស្រេចលើការពិចារណារបស់លោកអ្នកទៅចុះ ។ ការដែលខ្ញុំបង្ហាញនេះ គ្រាន់តែជាដំណឹងដើម្បីឲ្យលោកអ្នកសិក្សាស្វែងយល់បន្ថែមអំពីបញ្ហាដែលជាចម្ងល់ និង មិនមានមធ្យោបាយដោះស្រាយឲ្យឃើញហេតុផលពិតប្រាកដប៉ុណ្ណោះ ។ ហើយនេះក៏មិនមែនជាការចេះដឹង ឬជាគំនិតផ្ទាល់របស់ខ្ញុំដែរ គឺជាការយល់ដឹងពីអ្នកនិពន្ធ ដែលបានស្រាវជ្រាវ ចងក្រងមកយ៉ាងល្អវិសេស មានហេតុផលយ៉ាងនេះមកស្រាប់ ។
ម្យ៉ាង!
ក្រៅពីនេះ យើងក៏គួរដឹងថា ព្រះពុទ្ធបានប្រដៅយើងថា យើងមិនគួរជឿអ្វីមួយដោយសារតែរឿងនោះត្រូវបានប្រាប់ដោយអ្នកនេះ រឺ អ្នកនោះឡើយ, ដោយសារតែនេះជាទំលាប់ឡើយ ។ល។ រឺដោយសារតែរឿងនេះ ព្រះពុទ្ធអង្គផ្ទាល់ជាអ្នកប្រាប់ឡើយ ។ តែយើងជឿដោយហេតុផល និង ដោយបញ្ញា។ ធ្វើបែបនេះបាន ទើបសមជាជាពុទ្ធសាសនិកពិតប្រាកដ។
វិទ្យាសាស្ត្រមិនខុសពីការអប់រំក្នុងព្រះពុទ្ធសាសនាទេ គឺ អប់រំអោយជឿដោយបញ្ញាដូចគ្នា មិនមែនអប់រំ អោយជឿដោយសារថា អាញស្តាញប្រាប់មកអ៊ីចឹង ដូច្នេះជាការពិត ព្រះមានពុទ្ធដីកាមកអ៊ីចឹងដូច្នេះជាការពិតនោះទេ។
ដូច្នេះ ការត្រិះរិះថា ឋានសូគ៌មានរឺមិនមាន តាមគោលការណ៍ត្រិះរិះពិចារណា តាមវិទ្យាសាស្ត្រក្ដី តាមពុទ្ធសាសនាក្ដី គឺ បើថាមាន ចូរបកស្រាយ។ បើថាគ្មាន ចូរបកស្រាយ។ មិនអាចនិយាយថា ឋានសួគ៌មានដោយសារព្រះប្រាប់ថាមាននោះទេ។
គេបកស្រាយថា មានរឺគ្មានបាន ទាល់តែគេរៀបរាប់ពីលក្ខណៈអ្វីមួយនោះអោយបានច្បាស់លាស់សិន ដូចជា អ្វីទៅជាឋានសួគ៌។ ដែលគេថាមាននោះ តើមានលក្ខណៈយ៉ាងដូចម្ដេច? លក្ខណៈរូប លក្ខណៈគីមី ថាមពល ចលនា ម៉ាស ទីតាំង។
ខ្ញុំយល់ស្របចំពោះមតិលោកគ្រូចិត្រ ។ ក្នុងនេះបញ្ជាក់ថា មានផែនទី កែវឆ្លុះ និង យានសម្រាប់ឲ្យយើងបានទៅដល់ ទៅឃើញឋានទាំងនោះទាំងនៅរស់ក៏បានផង ដែលមាន កុសលាកុសលកម្មបថ ១០ ជាផែនទី ចក្ខុវិទ្យាជាកែវឆ្លុះ និង លោកិយជ្ឈាន ជាយាន ។ បើថាគ្រាន់តែនិយាយយ៉ាងនេះក៏មិនត្រូវជឿដែរ ត្រូវហាត់រៀននូវវិជ្ជាទាំងអស់នេះផង ។ ប៉ុន្តែធ្វើម្ដេចនឹងអាចហាត់បានសម្រេច ព្រោះដូចពុំធ្លាប់ឃើញមនុស្សណាបានសម្រេចនៅវិជ្ជានេះដោយផ្ទាល់ភ្នែក ។ វិធីហ្វឹកហាត់មានចែងនៅក្នុងសៀវភៅដែលខ្ញុំរៀបរាប់ខាងលើ ។ វិធីទាំងនេះក៏មាននៅក្នុងសាសនាផ្សេងៗដែរ ដូចសាសនាព្រហ្មញ្ញ ។ លក្ខណៈដែលខុសគ្នា ត្រង់ក្នុងពុទ្ធសាសនា យើងត្រូវវិសុទ្ធចិត្តយើងឲ្យបានសម្រេចជាមុនសិន ទើបអាចហ្វឹកហាត់បានសម្រេច ហើយផលដែលសម្រេចបាននឹងវិសេសលើសាសនាណាៗទាំងអស់ ។
មនុស្សយើងមានគ្រឿងសំខាន់ ៧ គឺ កាយ ១ ចេតភូត ១ ប្រាណ ១ សញ្ញា ១ បញ្ញា ១ ដួងចិត្ត ១ និង វិញ្ញាណ ១ ដែលជាប្រភពនៃមហិទ្ធិឫទ្ធិ បើហ្វឹកហាត់តាមវិជ្ជា ៨ ប្រការ មនុស្សនឹងមានឥទ្ធិឫទ្ធិអំណាចលើសលប់ ជាងអំណាចធម្មជាតិ ។
វិជ្ជា ៨ ប្រការនោះមាន វិបស្សនញ្ញាណ ១ មនោយិទ្ធិ ១ ឥទ្ធិវិធិ ១ ទិព្វសោត ១ ចេតោបរិយញ្ញាណ ១ បុព្វេនិវាសានុស្សតិញ្ញាណ ១ ទិព្វចក្ខុ ១ និង អាសវក្ខយញ្ញាណ ១ ។ បើហ្វឹកហាត់ចប់វិជ្ជា ៨ ប្រការនេះ មនុស្សនឹងគេចផុតពីបុថុជ្ជន ។ (យោងពីសៀវភៅ ជំនឿចាស់ មនុស្សថ្មី)
ទាំងអស់នេះជាហេតុផល បើពុំជា ចូរសាករកសៀវភៅទាំងនោះមកមើល និង ពិចារណា ។
មនោយទ្ធិ ឬ មនោមយិទ្ធិ(អានថា ម នោ ម យា ធិ) ?
ខ្ញុំធ្លាប់ហាត់តាមក្បួនមនោមយិទ្ធិ ជាផ្នែកមួយនៃគម្ពីទិសាបាតិមោក្ខ
ដូចជា កំពុងសើចត្រូវប្តូរទឹកមុខមកជាមាំទាំឬធម្មតាវិញភ្លាមៗ ,
ក្ដិចខ្លួនឲ្យឈឺហើយញញឹមដាក់កញ្ចក់…ដើម្បីរៀនទប់ទឹកមុខ ។ល។
បិទភ្នែកនឹកស្រមៃអោយទាល់តែឃើញព្រះអាទិត្យនៅនឹងមុខមូល
ក្រឡង់…រួចដល់ឃើញផ្កាមួយទងមកនៅនឹងមុខហើយថែមទាំង
បានក្រអូបក្លិនផ្កានោះដូចបានថើបមែនទែនផង …សំរាប់ផ្នែកចក្ខុ-
និងឃាណវិញ្ញាណ ។ ទំរាំដល់កាយវិញ្ញាណ អូ៎! ស្រីស្អាតនៅនឹងមុខ
ហើយអោយដូចបាន..ផង ។ ខ្ញុំធ្លាប់កំណត់ការភ្ញាក់ដឹងខ្លួនពីដំណេក
បានតាមម៉ោងដែលចង់បានមួយរយៈដែរ តែអីឡូវអំណាចនេះបាន
បានបាត់បង់វិញព្រោះឈប់ហាត់ ។ គួរអោយស្ដាយ សៀវភៅនោះ
ហែកមូរបារីជក់កាលសម័យប៉ុលពតអស់បាត់ហើយ ។ តែខ្ញុំចង់ចូល
រួមទីនេះថា ឋាននារកនិងសួគ៌ អាចមើលឃើញនិងទៅដល់ ទៅលេង
ហើយមកវិញបាន មានផែនទីមើល គឺតាមរយៈអំណាចនៃផ្លូវចិត្តដែល
ត្រូវបានហ្វឹកហាត់ដល់កំរិតខ្ពស់មួយទាល់តែ គ្រាន់តែនឹកពីផ្កាកុលាប
គឺបានឃើញមួយទងស្រស់ស្អាតនៅនឹងមុខយកដៃបេះត្របកបាន
ច្រមុះក៏ទទួលក្លិនកុលាបក្រអូបដូចបានថើបផ្កានោះដែរ ។ តែហាត់
ត្រឹមតែវិធីដំបូងងាយៗ- ក្ដិចខ្លួនអោយឈឺខ្លាំងហើយធ្វើមុខអោយបាន
ជាញញឹមស្រស់- មួយនេះសិនក៏ពិបាកណាស់ទៅហើយ ទើបខ្ញុំសុខ
ចិត្តបោះបង់ការហ្វឹកហាត់ទប់ទឹកមុខនេះ មកយកវិធីទំពារស្ករកៅស៊ូ
វិញដើម្បីកុំអោយគេទក់ទឹកមុខខ្ញុំបានថាខ្ញុំកំពុងភ័យព្រួយឬអរសប្បាយ
ក្នុងស្ថានភាពណាមួយត្រូវលាក់បាំង 🙂
បើនរណាអានសៀវភៅនេះចប់ហើយ តើអ្នកនិពន្ធមានបានបញ្ជាក់ថា គាត់បានសាកល្បងវិធីរបស់គាត់ ហើយបានទៅដល់ រឺ ស្គាល់ ឋានសួគ៌ ហើយរឺនៅ?
ចុះខ្ញុំសុំសួរវិញថា អ្នកដែលសរសេរសៀវភៅភូមិវិទ្យាឲ្យសិស្សរៀនសព្វថ្ងៃ មានបានទៅឃើញគ្រប់ទ្វីប គ្រប់ភព បានទៅវាស់ទំហំផ្ទាល់ខ្លួនឯង ឬវាស់ជម្រៅទឹកសមុទ្រដោយផ្ទាល់ ឬមួយបានឃើញគេវាស់ដោយផ្ទាល់នឹងភ្នែកដែរឬទេ? សរសេរថាឋានព្រះច័ន្ទយ៉ាងនេះ ឬយ៉ាងនោះ ភពសុក្រយ៉ាងនេះ ភពអង្គារយ៉ាងនោះ យើងមានដែលសង្ស័យទេថា មនុស្សមួយក្រុមនោះគ្រាន់តែប្រឌិតឡើងមកដើម្បីបញ្ឆោតយើង ដើម្បីមុខរបររបស់ពួកគេ? ហើយការសរសេររបស់អ្នកប្រាជ្ញទាំងនោះនៅពុំឯកភាពគ្នាផង ខ្លះថាទំហំប៉ុណ្ណេះ ខ្លះថាប៉ុណ្ណោះ ។ ហេតុម្ដេចក៏យើងជឿបាន?
បើយើងជឿចំពោះអ្នកវិទ្យាសាស្ត្របានយ៉ាងណា ចំពោះព្រះពុទ្ធក៏មិនខុសគ្នាដែរ ។ បើមិនជឿលើព្រះត្រៃបិដក គួរបោះចោលទៅចុះ ព្រោះជាគម្ពីរកុហក ហើយក៏ឈប់ជឿចំពោះព្រះពុទ្ធតទៅទៀតដែរ ព្រោះក្នុងធម្មវិន័យ លោកឲ្យវៀរចាកមុសា កុហកបោកប្រាស់ តែទ្រង់ខ្លួនឯងបែរជាកុហកដូច្នេះទៅវិញ ។ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ គួរមិនមានន័យចំពោះមនុស្សតទៅទៀតទេ ។
បើសិក្សាអំពីព្រះអង្គឲ្យច្បាស់ ខ្ញុំជឿថាគង់នឹងបាត់ការសង្ស័យ បើគ្រាន់តែរឿងសួគ៌ នរក តិចតួចប៉ុណ្ណេះ ។
នៅពេលដែលយើងជឿរឿងវិទ្យាសាស្ត្រទាំងនោះដោយមិនពិចារណាហេតុផល រឺយល់ហេតុផលរបស់គេ នោះគឺយើងជឿដោយជំនឿ ដូចគ្នានិងជឿសាសនាដែរ។ ទ្រឹស្ដីវិទ្យាសាស្ត្រទាំងអស់សុទ្ធតែមានហេតុផលបែបវិទ្យាសាស្ត្រ តែភាគច្រើនយើងមិនសូវយកចិត្តទុកដាក់លើហេតុផលរបស់គេ។ ដូចជាគេថា ផែនដីរាងមូល ហេតុអ្វីបានមូល គេមានហេតុផលទាំងអស់។
តែយើងគួរដឹងថាទ្រឹស្ដីវិទ្យាសាស្ត្រទាំងអស់ មិនទាន់សុក្រិតនោះទេ ត្រូវការធ្វើអោយល្អប្រសើរឡើង បន្តិចម្ដង។ ទ្រឹស្ដីទាំងនោះ មិនមែនកើតឡើងដោយមនុស្សតែម្នាក់ទេ កើតឡើងពីការសន្សំជាច្រើនឆ្នាំ។ នៅពេលដែលគេនិយាយថា ផែនដីមានទំហំប៉ុននេះ គេបង្ហាញពីវិធីវាស់ គេពន្យល់គេបកស្រាយ គេសរសេរជា paper ផ្សាយជាអន្តរជាតិ ។ អ្នកប្រាជ្ញផ្សេងទៀត អានទ្រឹស្ដីទាំងនេះ រួចហើយបកស្រាយថាត្រូវរឺមិនត្រូវ។ បើទ្រឹស្ដីនោះត្រឹមត្រូវ នោះនឹងមានការទទួលស្គាល់ក្នុងចំនោមអ្នកវិទ្យាសាស្ត្រឯទៀត។
ក៏មិនខុសគ្នាអំពីសាសនា គេប្រាប់ថាយ៉ាងនេះ គេមានហេតុផលពិតប្រាកដមកបកស្រាយ គេចងក្រងជាឯកសារនិងផ្សព្វផ្សាយជាអន្តរជាតិដូចគ្នា ។ អ្នកដទៃយកមកសិក្សាពិចារណាមើលក៏យល់ថាត្រឹមត្រូវ ក៏ទទួលយកមកប្រតិបត្តិខ្លួនគេទៅតាមនោះ ។ ប៉ុន្តែបើនិយាយចំពោះវិទ្យាសាស្ត្រ និង សាសនា មានគោលការណ៍ផ្សេងគ្នា ។ វិទ្យាសាស្ត្រសាងវត្ថុដើម្បីមនុស្ស សាសនាសាងមនុស្សដើម្បីសេចក្ដីសុខ ។
អ្វីដែលខ្ញុំយល់ឃើញគឺមនុស្សភាគច្រើនបកស្រាយសាសនានិងវិទ្យាសាស្ត្រដោយភាន់ច្រលំ។ អ្នកខ្លះខំប្រឹងបកស្រាយពន្យល់សាសនា ភ្ជាប់ទៅនឹងវិទ្យាសាស្ត្របែបសំភារៈនិយម (ដូចជា រូបវិទ្យា គីមី ជីវៈ)។ ដែលតាមទស្សនៈខ្ញុំ គេគួរចែកអោយដាច់ពីគ្នា។
កម្មវត្ថុរបស់សាសនាមិនមែនដើម្បីអប់រំផ្នែកវិទ្យាសាស្ត្រទេ (មិនមែនដើម្បីសិក្សាបង្កើតអាប៉ូឡូ គ្រាប់បែក កុំព្យូទ័រ ..) តែដើម្បីសាសនាដើម្បីផ្លូវចិត្តតែប៉ុណ្ណោះ។ បើយើងរៀនពីវិទ្យាសាស្ត្រ យើងទៅអានសៀវភៅវិទ្យាសាស្ត្រ បើចង់អានអ្វីដែលអប់រំចិត្តយើង យើងអានគម្ពីរសាសនា។
បើគេនិយាយឋានសួគ៌មានមែន មានជាលក្ខណៈរូប លក្ខណៈសំភារៈ អ្នកនោះអាចបកស្រាយគម្ពីរសាសនាខុស។ ការអះអាងបែបនេះ អ្នកវិទ្យាសាស្ត្រនឹងធ្វើការអះអាង ជួនកាលទាត់ចោលតាមលក្ខណៈវិទ្យាសាស្ត្រ។
ទស្សនៈរបស់ខ្ញុំ ឋានសួគ៌ ប្រៀបដូចជា បាប បុណ្យ សុខ ទុក្ខ ៖ ទាំងនេះគ្មានរូបគ្មានរាងពិតប្រាកដនោះទេ រឺមិនអ៊ីចឹងទេ មានរូបមានរាងច្រើនបែប វាគ្មានលក្ខណៈគីមី វាគ្មានលក្ខណៈរូប និង គ្មានលក្ខណៈជីវៈ…។ អ្នកវិទ្យាសាស្ត្រមិនអាចកំនត់បានថានៅទីណាទេ។ អ្នកខាងសាសនាក៏មិនអាចកំនត់បានថាសុខទុក្ខនោះនៅទីនេះ រឺទីនោះ (ក្នុងប្រព័ន្ធតំរុយ 3D …)ដែរ។
ដូចខ្ញុំធ្លាប់និយាយអ៊ីចឹង បើយើងអានរឿងនិទាន ឃើញគេសរសេរថា ទន្សាយចេះនិយាយ វាគ្មានប្រយោជន៍ទេ ដែលយើងទៅខំបកស្រាយតាមវិទ្យាសាស្ត្រថា ទន្សាយមិនចេះនិយាយ ទាក់ទងជាមួយមនុស្ស រឺ សត្វដូចគ្នា នោះ។
ខ្ញុំយល់ស្របចំពោះមតិនេះ ។ ខ្ញុំលើកឧទាហរណ៍មួយអំពីកំណើតសត្វ ដែលជាទ្រឹស្ដីរបស់ព្រះពុទ្ធមកយូរហើយ ដែលថាកំណើតមនុស្សសត្វមាន ៤៖
១- អណ្ឌជៈ ជាកំណើតសត្វតិរច្ឆានទាំងឡាយដែលគ្មានត្រចៀក ដូចជាមាន់ទាជាដើម ជាសត្វមានកំណើតពីរដង គឺកើតជាស៊ុតឋិតនៅក្នុងផ្ទៃមេវាម្ដង សម្រាលចេញមក មេវាក្រាបក្រុងឲ្យមានកម្ដៅដល់កំណត់ពេល ទើបញាស់ចេញពីស៊ុតរបស់វាម្ដងទៀត ។
២- ជលម្ពុជៈ ជាកំណើតសត្វទាំងឡាយដែលមានត្រចៀក មានមនុស្ស គោ ក្របីជាដើម ញ៉ាំងអត្តភាពឲ្យចម្រើនធំឡើងដោយឱជារសរបស់មាតា កំណត់ ៨-៩-១០ ខែទើបសម្រាលចេញពីផ្ទៃ ។
៣- សំសេទជៈ ជាកំណើតសត្វទាំងឡាយដែលកើតអាស្រ័យញើស ក្អែល លម្អងធូលី ក្នុងផ្កា ផ្លែ មើមឈើ នឹងក្នុងវត្ថុស្មោកគ្រោកជាដើម មានទឹកមាត់របស់ខ្លួនជាអាហារឲ្យចម្រើនឡើងជាដំបូង ។
៤- ឧបសាតិកៈ ជាកំណើតសត្វទាំងឡាយដែលអាស្រ័យកុសលាកុសលកម្មដ៏ខ្លាំងក្លា ប្រជុំតាក់តែងក្នុងភពឲ្យកើតរូបមួយរំពេច មានទឹកមាត់ចេញពីបបូរមាត់ខ្លួនជាអាហារចម្រើនរូបធំភ្លាម ។ បានដល់កំណើតទេព្ដាក្នុងស្ថានសួគ៌ និង កំណើតនរកប្រេតជាដើម ដល់ពេលស្លាប់ក៏រលាយបាត់រូបគ្មានសាកសពទេ ។
កំណើតទាំងអស់នេះអាស្រ័យសភាវធម៌ ៤ យ៉ាងទៀតគឺ កម្ម ចិត្ត ឧតុ (រដូវ) និង អាហារ ។
កំណើតទាំងពីរខាងលើ យើងបានដឹងគ្រប់គ្នា មិនមានសង្ស័យអ្វីទេ ដែលក្នុងវិទ្យាសាស្ត្រក៏មាននិយាយ និងមានដាក់ឲ្យសិក្សាតាំងពីថ្នាក់បឋម ។ បើយើងសួរក្មេងៗក៏អាចនិយាយបានថា ពូជមនុស្សកូនមនុស្ស ពូជសត្វកូនជាសត្វ បើមេវាជាឆ្កែ កូនប្រាកដជាឆ្កែ… ។ តែកំណើតពីរទៀតខាងវិទ្យាសាស្ត្រមិនបាននិយាយដល់ទេ ដូចដង្កូវកើតពីគំរង់ស្អុយរលួយ ខ្មូតកើតពីគ្រាប់ពោត ។ល។ ពិសេសកំណើតទេព្ដា ប្រេតនរកជានេះជាដើម ព្រោះអ្នកវិទ្យាសាស្ត្រទាំងនោះគ្មានសមត្ថភាពរកទៅដល់រឿងជ្រៅយ៉ាងនេះ ។
ដូច្នេះ អ្វីដែលវិទ្យាសាស្ត្ររកមិនឃើញ ក៏មិនប្រាកដថាគ្មាននោះទេ ។ ដូចដួងចិត្តរបស់មនុស្ស សត្វ ខាងវិទ្យាសាស្ត្រមិនអាចរកឃើញ ព្រោះវាគ្មានរូបរាង គ្មានពណ៌ គ្មានក្លិន ។
តែក៏មិនប្រាកដថា ខាងពុទ្ធសាសនាបាននិយាយដល់ប្រធានបទច្រើនជាង ប្រាកដជាគ្រាន់បើជាងខាងវិទ្យាសាស្ត្រឡើយ។ ឧទាហរណ៍ ការបង្កើតម៉ាស៊ីនទំនើប ដូចជាកុំព្យូទ័រនេះឯង ថ្នាំពេទ្យ។
“ដង្កូវកើតពីគំរង់ស្អុយរលួយ ខ្មូតកើតពីគ្រាប់ពោត ” ខ្ញុំមិនប្រាកដថាអ្នកវិទ្យាសាស្ត្រមិនដឹងឡើយ វាអាចថា ការរកឃើញរបស់គេ មិន់ផ្សាយមកដល់យើង។
ទោះយ៉ាងណា បើពិចារណាទៅ ព្រះសព្វញ្ញូពុទ្ធ ជាមនុស្សវិសេសបំផុត ពោរពេញទៅដោយការសិក្សា និងការពិសោធន៍ដ៏លើសលប់ រហូតចេះដឹងសព្វឥតចន្លោះ សូម្បីអព្ភូតវត្ថុដែលគ្មាននរណាធ្លាប់នឹកគិតដល់ ក៏ព្រះអង្គដឹងស្គាល់ដែរ ។ ចំពោះវិទ្យាសាស្ត្រមានគុណប្រយោជន៍ដោយឡែក ព្រោះខាងវិទ្យាសាស្ត្រសាងវត្ថុដើម្បីមនុស្ស ។ ព្រះពុទ្ធមានគុណប្រយោជន៍បណ្ដុះសតិបញ្ញារបស់មនុស្ស ឲ្យមនុស្សរកសេចក្ដីសុខឃើញ ។ យើងមិនអាចចែកថា ព្រះពុទ្ធ ឬសាសនាដទៃទៀត ល្អជាងវិទ្យាសាស្ត្រ ឬវិទ្យាសាស្ត្រល្អជាសាសនាបានទេ ។
បញ្ហាដង្កូវខ្មូត បើទោះជាវិទ្យាសាស្ត្រស្រាវជ្រាវឃើញថាមាន ប៉ុន្តែរឿងមួយទៀត ដែលខាងវិទ្យាសាស្ត្ររកមិនឃើញសោះ គឺដួងចិត្តរបស់មនុស្ស ។
ទ្រឹស្ដីព្រះពុទ្ធសាសនាថា សត្វដែលចុះចាប់បដិសន្ធិក្នុងផ្ទៃមាតាបាន លុះតែប្រកបដោយអង្គបី៖
១- មាតាបិតាបានរួមគ្នាដោយសេចក្ដីតម្រេក ដែលវិទ្យាសាស្ត្រថាមានស្ពែម៉ាតូស៊ូអ៊ីតរបស់បិតាចូលទៅក្នុងអូវុលរបស់មាតា ។
២- មាតាមានឧតុសម័យល្អ គឺមានស្បូនកន្លែងទារកកើតនោះ ស្អាតបរិសុទ្ធ គ្មានរោគផង ទើបនឹងមានផ្ការដូវហើយផង ។
៣- ដួងចិត្តសត្វដែលបម្រុងកើតក្នុងផ្ទៃមាតានោះក៏មានស្រាប់ ដែលខាងវិទ្យាសាស្ត្រមើលដួងចិត្តមនុស្សមិនឃើញ គេមិនបាននិយាយដល់ទេ គេសន្មតមេជាតិរបស់បិតានោះថាជាដួងចិត្ត ដួងកំណើតតែម្ដង ។
តាមពិតទៅវិទ្យាសាស្ត្រមានច្រើនប្រភេទ។ វិទ្យាសាស្ត្រដែលយើងចំនាំតែនិយាយច្រើនតែជាវិទ្យាសាស្ត្រខាងរូបវិទ្យា គីមី ជីវៈ។ តែផ្នែកផ្សេងទៀត ដូចជាសង្គមវិទ្យា ចិត្តវិទ្យាក៏ជាវិទ្យាសាស្ត្រមួយដែរ។ (សាសនាប្រហែលជាវិទ្យាសាស្ត្រមួយនៃសង្គមវិទ្យា ចិត្តវិទ្យាបុរាណផងក៏មិនដឹង)។
ខាងផ្លូវចិត្ត ដួងចិត្ត ស្នេហា សេចក្ដីសុខ ភាពកោងកាច… អីហ្នឹង ឋិតក្នុងវិទ្យាសាស្ត្រខាងចិត្តវិទ្យា (psychology) ហ្នឹងហើយ។
រូបវិទូ ដូចលោក អាញស្តាញ ញូវតុន អីហ្នឹងបើសួរគាត់រឿងចិត្តវិទ្យាហ្នឹងគាត់មិនដឹងទេ ។
និយាយរួមទៅ ឋានសួគ៌គឺប្រាកដជាមានហើយ។ បើចង់ទៅ ដល់ទីនោះ យើងមានផ្លូវ សម្រាប់ទៅដែរ តែយើងមិនអាចទៅតាមរយះវត្ថុនិយមបានឡើយ៕ ព្រះពុទ្ធបាន បង្ហាញផ្លូវ(មាគ៌ា) ដើម្បីអោយដល់ទីនោះរួចស្រេចហើយ ដោយមានមនុស្សច្រើន ណាស់ក្នុងសម័យនោះបានទៅដល់រួចហើយពួកគេបានសរសេរវិធីដើម្បីទៅដល់ ទីនោះអោយមនុស្សយើងដែលមានប្រាថ្នាចង់ទៅ។ ផ្លូវទៅកាន់ឋានសួគ៌នោះ ថា ស្រួលក៏បានពិបាកក៏បានដែរ ផ្លូវនោះគឺ ៖ សីល សមាធិ បញ្ញា និង អដ្ឋង្គិកមគ្គ (Middle way) ។ កាលពីសម័យព្រះពុទ្ធមនុស្សចូលចិត្តប្រតិបត្តិផ្លូវចិត្ត ហាត់ពត់ចិត្ត និងប្រើចិត្តសម្រាប់ធ្វើអ្វីមួយ តែសម័យនេះមនុស្សចូលចិត្តសម្ភារៈ(សម្ភារៈនិយម) តែមកដល់ពេលនេះ ពួកបច្ចឹមប្រទេសដែលចូលចិត្តរៀនខាងវិទ្យាសាស្ដ្រ បែជា មករៀន ហាត់ពត់ចិត្ត ដោយការធ្វើសមាធិដើម្បីស្វែងរកការពិតនៃជីវិតរបស់ពួកគេ ទៅវិញ។ ទាំងនេះដោយពួកគេជឿថា ការស្វែងរកឋានសួគ៌ និងសេចក្ដីសុខតាមផ្លូវ ចិត្តមិនមែនតាមរយះសម្ភារៈនិយមឡើយ។ ខ្ញុំមានមិត្តភ័ក្រ្ដជាវេជ្ជបណ្ឌិតពីរបីនាក់ ពួកគាត់ចូលចិត្តធ្វើសមាធិនិងអានសៀវភៅពុទ្ធសាសនាណាស់ ខ្ញុំសួរគាត់ថា ហេតុ អីបានជាចូលចិត្តធ្វើសមាធិ ពួកគេឆ្លើយថា ចង់ស្វែងរកសេចក្ដីពិតនៃជីវិត និងសុខពិត ដែលកើតចេញពីផ្លូវចិត្ត…….ដូច្នេះសរុបមក ឋានសួគ៌ប្រាកដជាមាននៅក្នុងលោក យើងនេះបា្រកដណាស់ ដរាបណាយើងបានដើរតាមវិធីសាស្ត្រនិងផ្លូវរបស់ព្រះពុទ្ធ (ចំពោះអ្នកជឿក្នុងពុទ្ធសាសនា)។ អរគុណ!
– ខ្ញុំយល់ស្របតាមលោកគ្រូវិចិត្រ ។ ប៉ុន្តែចំពោះដួងចិត្ត ចេតភូត ឬ ព្រលឹងនេះ មិនដឹងថាចាត់ក្នុងវិទ្យាសាស្ត្រណា?
– អរគុណសុផល ដែលបានចូលមកបំភ្លឺបន្ថែម ។
ខាងចិត្តវិទ្យា .. គេសិក្សាតែអ្វីដូចជា កំហឹង ការច្រណែន សប្បាយ … តែមិនសិក្សាលើព្រលឹង … ខាងនេះ មានតែសាសនាទេ ដែលនិយាយដល់។
ត្រង់នេះ ច្បាស់ប្រាកដហើយ ព្រោះសាសនាអប់រំផ្លូវចិត្តមនុស្ស មិនបង្កើតវត្ថុសម្រាប់មនុស្សទេ ។
ចុះឋាននិញ្វនដែលព្រះពុទ្ធបានទៅដល់នោះ មានមែនរឺទេ ? បើអត់មានឋាននរក និងឋានសួគ៌ទេនោះ ឋានបរិនិញ្វានរឹតតែអត់មានហើយ ។ បើព្រះពុទ្ធចង់ប្រៀបធៀបឋាននរកទៅនឹងពិភពរបស់មនុស្សក្រីក្រ ហើយប្រៀបធៀបឋានសួគ៌ទៅនឹងពិភពរបស់ពួកអ្នកមាន ចុះទ្រង់ចង់ប្រៀបធៀបឋាននិញ្វននឹងទៅនឹងអ្វី ព្រោះក្នុងលោកនេះគ្មានអ្វីដែលគ្មានទុក្ខទេ ។ សាសនាទាំងអស់គឺសុទ្ធតែគ្មានអំនះអំនាងអ្វីអាចបញ្ជាក់ថា ការទូន្មាននេះ គឺត្រឹមត្រូវនោះទេ ។ ដូចជា ព្រះពុទ្ធមានពុទ្ធដីកាថា មានឋានសួគ៌ នរក និង និញ្វាន តើអ្នកវិទ្យាសាស្រ្តជឿដែររឺទេ ? ដូចជា គ្រិស្តសាសនិកតែងតែនិយាយថា បើយើងជឿលើព្រះ ព្រះនឹងជួយយើង តើយើងជឿដែលរឺទេ? ជាពិសេសគឺជំនឿទៅលើការបន់ស្រន់ ម្នាក់ៗនាំគ្នាបន់ស្រន់អោយរកស៊ីមានបាន ហើយបើបន់គ្រប់គ្នាចឹង ម៉េចក៏នៅមានអ្នកក្រទៀត?
សាសនាព្រះពុទ្ធ ទូន្មានដោយមានព្រះធម៌ គឺពាក្យទូន្មានរបស់ព្រះពុទ្ធ, បើនិយាយដល់ការបន់ស្រន់ មិនមែនជាធម៌របស់ព្រះសម្មាសម្ពុទ្ធទេ តែជាជំនឿរបស់អ្នកស្រុកតៗមក ។ តាមពិត ការជឿ ឬមិនជឿថាមានឋានសួគ៌ នរក និព្វានក្ដី មិនមែនជាបញ្ហាធំសម្រាប់មនុស្សទេ តែសម្រាប់អ្នកប្រាថ្នាទៅរកសេចក្ដីសុខក្នុងអនាគតជាតិ, ព្រោះជននោះធុញទ្រាន់នឹងកម្មរបស់មនុស្សលោក ដែលមានទុក្ខជាប់ជាដរាប បានសុខមួយត្រឹមមួយខណៈៗ ។
I agree with brother ទឹម បឿន