ទំនាញ​សូរ​​ក្នុង​វេយ្យាករណ៍​​ខ្មែរ​ ត្រូវ​បាន​បកស្រាយ​ថា​មិន​ត្រឹមត្រូវ


ក្នុង​ភាសា​ខ្មែរ លំឱន​សព្ទ ត្រូវ​បាន​គេ​កំណត់​ជា​ក្បួន​ដើម្បី​ឲ្យ​ងាយស្រួល​ក្នុង​ការអាន​ពាក្យ ដូចជា​ពាក្យ “សេវា” គេ​ត្រូវ​អាន​ថា “សេ-វ៉ា” ដ្បិត​ “” សព្ទ​ជា អឃោសៈ ដូច្នេះ “” ដែល​ជា​សព្ទ ឃោសៈ ក៏​ត្រូវ​លំឱន​ទៅ​​​ជា វ៉ តាម​តួ “” ដែរ ។ ក្បួន​នេះ​គេ​កំណត់​ថា បើ​សព្ទ​ដើម​ អឃោសៈ ហើយ​សព្ទ​បន្ទាប់​ជា​ឃោសៈ ឬ​អឃោសៈ​ក្ដី ត្រូវ​ប្ដូរ​ជា​សព្ទ អឃោសៈ ។ ប្រសិន​​បើ​សព្ទ​ដើម​ជា​ឃោសៈ សព្ទ​បន្ទាប់​ក៏​ត្រូវ​លំឱន​សព្ទ​ទៅ​ជា​ឃោសៈ​ដែរ ។

អឃោសៈ + ឃោសៈ > អឃោសៈ
ឃោសៈ + អឃោសៈ >ឃោសៈ

ប៉ុន្តែ សៀវភៅ​វេយ្យាករណ៍​ខ្មែរ​របស់​លោក ធន់ ហ៊ិន ដែល​ទើប​បោះពុម្ព​ផ្សាយ​ថ្មីៗ​នេះ បាន​អះអាង​ថា អំណះអំណាង​នេះ​មិន​អាច​យក​មក​ធ្វើ​ជា​ឱភាសកម្ម ដើម្បី​ជា​ក្បួន​សម្រាប់​អនុវត្ត​តាម​នោះ​ទេ ដោយ​ហេតុ​ថា​មាន​ពាក្យ​ជា​ច្រើន​​ដែល​មិន​ឆ្លើយតប​ឲ្យ​ស្រប​ទៅ​នឹង​រូបមន្ត​នោះ ។ លោក​បាន​លើក​ឧទាហរណ៍​ពាក្យ​ជា​ច្រើន​មក​បង្ហាញ​ដែល​សព្ទ​បន្ទាប់​មិន​លំឱន​តាម​សព្ទ​ដើម ដូចជា​ពាក្យ ណែនាំ, ឯករាជ្យ, អន្លើ, ស្មារលា, ការី (គ្រៀង​ស្ល), អនិច្ចា , មហា, វិទ្យាល័យ ។ល។

នៅ​មាន​អំណះអំណាង​ជា​ច្រើន​ទៀត ដែល​អតីត​សាស្ត្រាចារ្យ​មធ្យមសិក្សា​បឋម​ភូមិ​ភាសា​បារាំង​លោក​ ធន់ ហ៊ិន បាន​លើក​នៅ​ក្នុង​សៀវភៅ​របស់​គាត់ ។

សម្ដេច​ព្រះ​សង្ឃរាជ ​ជួន ណាត មាន​បន្ទូល​ក្នុង​នាទី​​បទ​សម្ភាសន៍​អក្សរសាស្ត្រ​ខ្មែរ​​ថា ក្នុង​ភាសា​ខ្មែរ​មិន​ទៀង​ទេ ត្រង់​ឃោសៈ អឃោសៈ​នេះ គឺ​ខ្មែរ​​ប្រើ​ហ្នឹង តាម​ទម្លាប់​ទេ ។ ដូច​ពាក្យ​​ អយុត្តិធម៌ អាន​ថា “អៈ-យុត្តិ-ធម៌” មិន​អាន “អៈ-យ៉ុត្តិ-ធម៌” ទេ ។

ខ្ញុំ​មិន​អាច​រក​អំណះអំណាង​ពី​សៀវភៅ​ផ្សេង​ពី​នេះ​មក​បញ្ជាក់​បន្ថែម ប៉ុន្តែ​ខ្ញុំ​ជឿ​ថា ការលើក​ឡើង​នេះ​​ពិត​សម​ហេតុផល ។

26 thoughts on “ទំនាញ​សូរ​​ក្នុង​វេយ្យាករណ៍​​ខ្មែរ​ ត្រូវ​បាន​បកស្រាយ​ថា​មិន​ត្រឹមត្រូវ

  1. Samady KS ថ្ងៃសៅរ៍ ទី 7 ខែ​ឧសភា 2011 / 5:14 ល្ងាច

    សេ វា​គ្រប់​ដណ្ដប់​ពេញ​ប្រទេស

  2. Fidele ថ្ងៃសៅរ៍ ទី 7 ខែ​ឧសភា 2011 / 10:22 ល្ងាច

    good info:mrgreen:

  3. វិចិត្រ ថ្ងៃសៅរ៍ ទី 7 ខែ​ឧសភា 2011 / 11:25 ល្ងាច

    បើ​តាម​ទស្សនៈ​ខ្ញុំ អ្នក​អក្សរ​សាស្ត្រ​ទាំង​នោះ​ គាត់​បក​ស្រាយ​មិន​ច្បាស់​លាស់ ឬ បក​ស្រាយ​​បែប​មិន​សូវ​យល់​ក៏​មិន​ដឹង។

    1) ភាសា​ណា​មួយ​ក៏​មាន​ករណី​លើក​លែង​ដែរ
    2) ក្បួន​ទំនាញ​សូរ​គ្រាន់​តែ​ជា​លក្ខណៈ​ទូទៅមួយ។ ដូច្នេះ គេ​មិន​អាច​បក​ស្រាយ​ថា គេ​ត្រូវ​តែ​កែ ពី ចំណារ មក​ ចំនារ​ ដោយ​សារ​ក្បួន​ទំនាញ​សូរ​បាន​ឡើយ។ តែ​គេ​អាច​និយាយ​ថា គេ​ត្រូវ​តែ​ សរសេរ ចំណារ ជា​ ចំនារ ព្រោះ​តាម​ក្បួន​កំលាយ​ពាក្យ … គេ​ត្រូវ​សរសេរបែប​នេះ ហើយ​ត្រូវ​អាន​ថា ចំ-ណា តាម​ក្បួន​ទំនាញ​សូរ។

    យើងអាច​យល់​បញ្ហា​នេះច្បាស់ បើ​យើង​ចោទ​សួរ​ខ្លួន​ឯង​បញ្ច្រាស​មក​វិញ​ថា ចុះ​បើ​ថ្ងៃ​ក្រោយ គេ​សរសេរ សេវា ជា សេវ៉ា ហើយ​ថា សេវា មិន​អាច​អាន​ចេញ សេ-វ៉ា បាន​ទេ ចេញ​តែ សេ – វា …គ្មាន​ក្បួន​ទំនាញ​សូរ​ស្អី​ទេ យើង​ត្រូវ​កែមក សេវ៉ា វិញ​ដែរទេ?

    បើ​ថ្ងៃ​ក្រោយ គេ​កែ ស្នើ ក្លាយ ចម្លើយ … ជា ស្ណើ ក្ឡាយ ចម្ឡើយ … តើ​យើង​នឹង​បក​ស្រាយ​ថា ម៉េច? យើង​អាច​និយាយ​ថា គេ​មិន​ប្រើ​ជើង ណ ជើង ឡ … អ៊ីចឹង មាន​តែ​កែ ទៅ​ជាអាន​ថា ស.នើ ក.លាយ ចំ.លើយ … វិញ?

    ដូច្នេះ​ទស្សនៈ របស់លោក ធន់ ហ៊ិន គឺ​មិន​ទាន់​ច្បាស់​លាស់​នោះទេ ហើយ​ដែល​បក​ស្រាយ​ថា ក្បួន​ទំនាញ​សូរ មិន​ត្រឹម​ត្រូវ​នោះ ក៏​មិន​ត្រឹម​ត្រូវ​ដែរ ។ តែទស្សនៈ​របស់​គាត់ មិន​ដូច​នឹងទស្សនៈ​របស់​សម្ដេច​ជួន ណាត​នោះ​ទេ បើ​យើងពិចារណា​អោយ​ស៊ី​ជំរៅ។

  4. Lovepeehs05 ថ្ងៃអាទិត្យ ទី 8 ខែ​ឧសភា 2011 / 8:14 ព្រឹក

    បើតាមការយល់ដឹងរបស់ខ្ញុំខ្លះៗ ខ្មែរយើងប្រហែលជា មិនអាចប្រើតាម សម្លេង ឃោសៈ អឃោសៈ សម្រាប់ទាញគ្នាបានទាំងអស់នោះទេ ដោយសារយើងប្រើប្រាសភាសាបាលី និងសំស្រ្កឹត ប្រហែលជាបាលី និងសំស្ក្រឹតហ្នឹង មិនមានទាញគ្នាចឹងទេដឹង ! អញ្ចឹងហើយបានជា គេមានរៀបដាក់ អោយប្រើជាមួយ មូសិកទន្ត (៉) និងត្រីស័ព្ទ (៊) ដើម្បីប្តូរសម្លេងចុះឡើង តាមដែលយើងត្រូវការ ។ល។

  5. ទឹម បឿន ថ្ងៃអាទិត្យ ទី 8 ខែ​ឧសភា 2011 / 8:59 ព្រឹក

    លោកគ្រូ​ចិត្រ៖ ស អាច​ទទួល​បាន​តែ​ជើង ក, គ, ង, ញ, ដ, ត, ថ, ទ, ន, ប, ព, ម, រ, ល, វ និង អ មិន​អាច​ទទួល​ជើង ណ ទេ ។ បើ​គេ​ស្នើ​ឲ្យ​ដាក់​ជើង ណ ជំនួស​ជើង ន វិញ វា​កែប្រែ​លើ​ក្បួន​វេយ្យាករណ៍ ។ បើ​យើង​យក​តាម​ក្បួន​នេះ​ជា​ប្រាកដ មាន​ពាក្យ​ច្រើន​ណាស់​ដែល​មិន​គោរព​តាម ។ ពេល​ខ្លះ​គេ​សរសេរ​ដោយ​កែប្រែ​សព្ទ​របស់​ព្យញ្ជនៈ ម ល វ ទៅ​ជា ម៉ ឡ វ៉ ដើម្បី​ឲ្យ​ពីរោះ​ស្ដាប់ ដូច អម្បាលម៉ាន តវ៉ា កីឡា គេ​មិន​សរសេរ អម្បាលមាន តវា កីលា ទេ ។ ជួន​កាល​គេ​ប្រើ​ដោយ​ពុំ​ចាំបាច់​ប្រើ​មូសិកទន្ត ឬ​ព្យញ្ជនៈ​អឃោសៈ​នៅ​ខាង​មុខ ដូចជា មច្ឆា វចនានុក្រម វណ្ណៈ… ។ ករណី​នេះ ដូច Lovepeech05 និយាយ​នៅ​ខាង​លើ​ដែរ ។

  6. ម៉ន ថ្ងៃអាទិត្យ ទី 8 ខែ​ឧសភា 2011 / 1:44 ល្ងាច

    ខាងផ្នែកអក្សរ ខ្ញុំវង្វេងតាំងពីនៅរៀនថ្នាក់ទីពីរ ​។ អាឡូវកាន់តែធ្វើអោយវង្វេងថែមទៀត ។

  7. វិចិត្រ ថ្ងៃអាទិត្យ ទី 8 ខែ​ឧសភា 2011 / 1:46 ល្ងាច

    រឿងជើង ណ ជើង ឡ នោះ ខ្ញុំបានលើក​ឡើងរួច​ហើយ។ ចំនុច​សំខាន់​ដែល​ខ្ញុំ​និយាយ​នោះ គឺ​ប្រើជើង ន ក្រោម​ស តែ​អាន​ជា​ជើង ណ យើង​នឹងមិនកែមក​ជា​ជើង ណ រឺប្រើ ៉ (ដូចអ្នក​ខ្លះ​ធ្លាប់​មក​រួច​ហើយ​)រឺ កែមក​អាន​ជា​ជើង ន នោះ​ទេ ទោះ​បី​វា​មិន​ត្រូវ​តាម​ក្បួន​ អា-អ៊ា ក្ដី។ (ព្រោះ​ថា អ្នក​ដែល​គាំ​ទ្រ​ពាក្យ ចំណារ គិត​ថា មិន​អាច​សរសេរ ចំនារ ព្រោះអាន​ចេញ ចំ-នា រឺ ពិបាក​ចែក​ថាពេល​ណា​ចេញចំ-នា ពេល​ណា ចេញ ចំ-ណា។ តែអ្នក​ដែល​គាំទ្រ​ពាក្យ ចំនារ យល់​ថា ក្បួន​បុរាណ គេ​ប្រើ​តែ ន សំរាប់​ពាក្យ​ខ្មែរ​សុទ្ធ ដូច្នេះត្រូវ​តែ​សរសេរ ចំនារ មិនមែន​ចំណារ….)។

    តាម​ពិត​ទៅ​ហេតុ​ផល​ពិត​ប្រាកដ​ ដែល​គេ​សរសេ ចំណារ នោះមិន​មែន​​មក​ពីក្បួន​ទំនាញ​សូរមិន​ត្រឹមត្រូវ ពិបាក​ស្អី​នោះ​ទេ (ពិត​មែន​តែអ្នក​ដែលប្រឆាំងនឹង​ក្បួន​នេះ លើក​ហេតុផល​បែប​នេះ​មែន) តាម​ពិត​នោះ មក​ពី​រយៈ​ពេល​ចុងក្រោយមុន​ពេល​គេ​រៀបចំវចនានុក្រម​ខ្មែរ​ឡើង ខ្មែរ​ចូល​ចិត្ត​ប្រើ ណ ជំនួស ន ច្រើន​ជាង​ទៅ​វិញ​ទេ។

    សំគាល៖ 1) វិស្ណុ ប្រើ​ជើង ណ។
    2) តើអ្នក​ទាំង​អស់យល់​ថា ឃោសៈ និង អឃោសៈ ជា​អ្វី​អោយ​ពិត​ប្រាកដ​ទេ?

  8. Lovepeehs05 ថ្ងៃអាទិត្យ ទី 8 ខែ​ឧសភា 2011 / 3:23 ល្ងាច

    វិស្ណុ = វិសណុ , វិស្នុ = វិសនុ , វិស្នុការ = វិសនុការ, វិស្នុលោក ពាក្យនេះ ជាឈ្មោះរបស់ព្រះ ខ្ញុំជឿថា មនុស្សហៅឈ្មោះខុសគ្នា ខ្លះប្រើ សម្លេងស្រាល ខ្លះប្រើសម្លេងធ្ងន់ តែក្នុងវច្ចនានុក្រម ប្រើ វិស្ណុ ចឹងប្រើ សម្លេង ធ្ងន់និងស្រាល ជាមួយគ្នា ខាងដើមជា ឃោសៈ ខាងចុងជា អឃោសៈ ខ្ញុំធ្លាប់ជួបប្រទះច្រើន ដូចជាសម្លេងរបស់ពាក្យ ឃោសៈ និង អឃោសៈ ជាដើម ។ ចឹងបានន័យថា យើងមិនអាចយកពាក្យខាងដើម អូសពាក្យខាងចុងបានទេ ដូចពាក្យ អត្តសញ្ញាណ ខ្ញុំធ្លាប់អាន អត្តៈ សាញ់ ញាណ តែមិនធ្លាប់អានជា ញ៉ាណ ទេ អាន ញ៉ាណដូចឆ្គង ឮស្រដៀង ទៅពាក្យ យួនទៅវិញ ! មែនទេ ? សព្វថ្ងៃនេះ ឃើញអ្នកប្រាជ្ថខ្មែរ ជំនាន់ ប្រជាមានិត្យកម្ពុជា បានផ្លះប្តូរពាក្យ ជាច្រើន ខ្ញុំស្តាប់និងមើល វង្វែងហើយ ! គិតមើលទៅដូចជាមិនចាំបាច់ដូរពាក្យទាំងនោះទេ ខ្ញុំយល់ថា អ្នកប្រាជ្ញពីមុនគេរៀនស្រាវជ្រាវបានជ្រៅជ្រះជាងយើងសម័យ ឥឡូវនេះ ការបង្ហាត់បង្រៀនរបស់គេ ក៏ច្បាស់លាស់ណាស់ដែរ ដូចសៀវភៅរឿងទេសនា មហាជាតក៍ ខ្ញុមធ្លាប់មើល សៀវភៅជំនាន់មុន ដូចជាមានភាពរលូន ស៊ីសង្វាក់គ្នា ពិរោះស្តាប់ តែសម័យឥឡូវ គេកាត់ តចុះឡើង មើលទៅអត់ពិរោះស្តាប់ទេ បាត់ចុងជួនគ្នាអស់ ចឹងទៅលោក ទេស ក៏អត់ពិរោះដែរ អ្នកស្រុកមិនចង់ស្តាប់ទេ ឆាប់ឈឺចង្កេះ ឈឺខ្នង ណស់ ។ល។

  9. achharia ថ្ងៃអាទិត្យ ទី 8 ខែ​ឧសភា 2011 / 5:15 ល្ងាច

    យោងតាមពាក្យជាសំអាងមួយចំនួនដូចខាងក្រោមនេះ ៖
    -ពាក្យអានមិនតាមទំនាញសូរ
    សំគាល់ សំគម សំពះ ចំពោះ សំពៅ ត្រគាក ប្រពន្ធ ប្រគល់ ប្រគ្រិវ….
    -ពាក្យសរសេរនិងអានតាមទំនាញសូរ
    វិហារ ទាហាន សំយាប សំយុង សំយាក សំរាម សំរង គំហក
    គំហើញ ត្រងាល​ ត្រងោល សំងាត់ សំងំ…និងមានរាប់មិនអស់ទៀត
    បើថាតាមព្រះរាជបន្ទូលរបស់សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ ជួន​ ណាត
    នោះទើបត្រូវ ថាក្នុងភាសាខ្មែរការបង្អោនសំលេងទៅលើគ្នារវាងតួអក្សរ
    ពួក ខ្យល់អ និង ខ្យល់អ៊ នោះគឺវាមិនទៀងទេ ខ្មែរសរសេរតៗតាមគ្នា
    តាមទំលាប់រៀងមក ។ នេះក៏ព្រោះអ្នកអក្សរសាស្ត្រជំនាន់មុនមានគ្នីគ្នា
    មិនគ្រប់គ្រាន់ ឬថាសមត្ថភាពមិនទាន់គ្រប់គ្រាន់ដែរក៏ថាបាន ។
    ដូចនេះ សេចក្តីសន្និដ្ឋានគួរមានខ្លឹមសារថា ទំនាញ​សូរ​​ក្នុង​វេយ្យាករណ៍​​ខ្មែរ​ ត្រូវ​បាន​បកស្រាយ​ថា​មិន​ត្រឹមត្រូវ ទាំងអស់ទេ ដែលមាន
    ន័យផងដែរថា វាក៏មិនខុសទាំងស្រុងដែរ ។ ហើយរឿងសរសេរត្រួតមិន
    ត្រួតតាមពាក្យដើមនោះក៏ដូចតែគ្នាដែរ គឺតាមទំលាប់ តាមការវិវត្ត
    ពីមួយជំនាន់ទៅមួយជំនាន់ដូចឃើញមានជាសំអាងក្នុងវចនានុក្រម
    សម្ដេច ជួន ណាត ស្រាប់គឺគ្មានទ្រឺស្ដីផ្កាប់មុខទៅតាមតែខាងទស្សនៈ
    លោក កេង វ៉ាន់សាក់ ឬទៅតាមតែខាងសម្ដេច ជួន ណាត ទេ ។ អ្នក
    ខ្លះចាប់ផ្ដើមនាំសរសេរពាក្យ​ ចំពោះ ទៅជា ចម្ពោះ វិញហើយ ដោយ
    យល់ថាមកពីឬសគល់នៃពាក្យនេះមកពីពាក្យ ឆ្ពោះ សរសេរបែបតំរួត
    បើសរសេរ ជូនចំពោះ ភ័យខ្លាចថាវានឹងរត់តំរង់ទៅចំតែកណ្ដាលពោះ
    មិនបានទៅដល់តួមនុស្សទាងមូលដែលចង់ជូនសំដៅរក ។ ខ្ញុំកំពុងតែ
    តាមមើលថាតើអក្សរសាស្ត្រខ្មែរសព្វថ្ងៃកំពុងវិវត្តទៅមុខរឺមកក្រោយ ។

    @វិចិត្រ ៖ រឿង ឃោសៈ និង អឃោសៈ គ្រូខ្ញុំពីដើមធ្លាប់ពន្យល់ប្រាប់
    ថាពីដើមៗមកមានការបែងចែកសំលេងព្យញ្ជនៈខ្មែរយើងជាពីរក្រុម
    គឺក្រុមសំលេងទាប(អឃោសៈ) និង ក្រុមសំលេងខ្ពស់ថាជាពួកឃោសៈ។
    តាមពិត នៅសម័យក្រោយមកក្រុមខាងលោកកេង​វ៉ាន់សាក់ បានសាក
    ល្បងយកសំលេង ក និង គ ទៅវាស់ដោយប្រើម៉ាស៊ិនវាស់រលក
    កំពស់សំលេងឃើញថាមានកំពស់ស្មើគ្នា គ្មានទាបខ្ពស់ជាងគ្នាទេ ។
    នេះធ្វើអោយខ្ញុំនឹកឃើញដល់ការពន្យល់របស់លោកគ្រូខ្ញុំម្នាក់ទៀត
    គាត់ថាជាក្បួនវេយ្យាករណ៍ទំនើប ដោយថា ក និង គ ជាព្យញ្ជនៈខ្យល់
    បើកនៅដើមក (ពួកខ្យល់បិទនៅបបូរមាត់ មានដូចជា ប ម ព ផ…ជា
    ដើម) ហើយឈប់និយាយពីឃោសៈអឃោសៈ ទៅជានិយាយពីព្យញ្ជនៈ ខ្យល់អ មាន ក​ខសហណ ជាដើម និងពួក ខ្យល់អ៊ មានពួក គងទយរ…
    ជាដើម ។ មានច្រើនទៀត ដែលខ្ញុំគិតថានឹងគ្មានប្រយោជន៍អ្វីចំពោះ
    អ្នកចង់យល់ដឹងតែពីរឿង ឃោសៈនិងអឃោសៈ នេះទេ ។

    ….នេះបើតាមមតិផ្ទាល់ខ្លួនរបស់ខ្ញុំ !

  10. ទឹម បឿន ថ្ងៃអាទិត្យ ទី 8 ខែ​ឧសភា 2011 / 5:39 ល្ងាច

    រឿង​ដែល​ធ្វើ​ឲ្យ​ពិបាក​វែកញែក​ថា​អំណះអំណាង​នេះ​ត្រូវ ឬ​ខុស​ គឺ​ការប្រើប្រាស់​ពាក្យ​ក្នុង​ភាសា​ខ្មែរ​សព្វថ្ងៃ ។ បើ​យើង​អង្គុយ​ស្រង់​ពាក្យ​ដែល​មាន​សព្ទ​ខាង​ដើម​អឃោសៈ និង​សព្ទ​បន្ទាប់​ឃោសៈ មាន​រាប់​មិន​អស់ ពាក្យ​ដែល​សព្ទ​ខាង​ដើម​ឃោសៈ និង​សព្ទ​បន្ទាប់​អឃោសៈ ក៏​ដូច​គ្នា ។ តើ​នេះ​យើង​អាច​គិត​ថា មក​ពី​ការប្រើប្រាស់​ពាក្យ​ទាំង​នោះ​ខុស ឬ​យ៉ាង​ណា? ឬ​ថា​ជា​ករណី​លើក​លែង​ចំពោះ​ពាក្យ​ទាំងនោះ? ប៉ុន្តែ​វា​ច្រើន​ពេក​ណាស់ មិន​អាច​ចាត់​ចូល​ក្នុង​ករណី​លើក​លែង​ទេ ។ ខ្ញុំ​យល់​ថា គួរតែ​មាន​ការស្រាវជ្រាវ​បន្ថែម ដើម្បី​រក​ភស្តុតាង​មក​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់ ។

    ត្រង់​ពាក្យ​វិស្ណុ ខ្ញុំ​ក៏​មិន​ហ៊ាន​អះអាង​ថា​យ៉ាង​ម៉េច​ដែរ ប៉ុន្តែ​ក្រៅ​ពី​ពាក្យ​នេះ មិន​មាន​ពាក្យ​ណា​ប្រើ​ ស្ណ ទៀត​ទេ ។ ឃើញ​គេ​ប្រើ​តាំង​ពី​សម័យ​អង្គរ ប៉ុន្តែ​គេ​សរសេរ វិឞ្ណុទេវ (អាទិទេព​វិស្ណុ) ពេល​ខ្លះ​ក៏​ប្រើ វិឞ្នុ ដូចជា​ វិឞ្នុកីត្តិ (កិត្តិនាម​របស់​អាទិទេព​វិស្ណុ) ។ ដោយ​ខ្មែរ​បោះបង់​តួ ឞ ទើប​យក ស មក​ជំនួស​វិញ ។

    ចំពោះ​ឃោសៈ និង​អឃោសៈ គឺ​សំឡេង​ធ្ងន់ និង​ស្រាល ដូច​យើង​ប្រើ​សព្វថ្ងៃ (កា គា កិ គិ) ។

  11. peehs07 ថ្ងៃអាទិត្យ ទី 8 ខែ​ឧសភា 2011 / 6:29 ល្ងាច

    ក្រសួងវប្បធម៌គួររៀបចំចងក្រងពាក្យ អោយបានស្រួលបួល កុំទុកអោយ អ្នកសរសេរចេះតែសរសេរតាមចិត្តពេក នាំអោយតម្លៃអក្សរសាស្រ្តខ្មែរ ចុះតម្លៃ ចុះគុណភាព កុំអោយក្រឡៃច្រើនពេក ខាតពេលវេលារៀនសូត្រ ធ្វើចុះធ្វើឡើងដូចប្រទេសទើបរៀនប្រើអក្សរថ្មីចឹង បែបដូចជាមិនស្រួល ទេ កូនកាត់អស់ហើយឥឡូវនេះ គួលើកតំកើងការសិក្សាអបរំ អោយបាន ខ្ពស់ឡើង មុននឹងមានការផ្លះប្តូរ អ្វីមួយគួរតែពិនិត្យពិច័យអោយបាន ច្បាស់លាស់ កុំចេះតែស្មានៗ យើងគួរដាក់ជជែកវែកញែកដេញដោលគ្នា អោយបានច្បាស់លាស់ ទើបត្រឹមត្រូវ ខ្ញុំទទួលស្គាល់ លោកទឹម-បឿន មានយោបល់ ថាត្រូវមានការស្រាវជ្រាវបន្ថែមអោយបានច្បាស់លាស់ ។

  12. វិចិត្រ ថ្ងៃចន្ទ ទី 9 ខែ​ឧសភា 2011 / 10:39 ល្ងាច

    * ភស្ដុតាងនោះ​វាងាយ​រក​ទេ។ អ្វី​ដែល​ពិបាក​នោះ គឺមក​ពីមិន​​យល់​ទស្សនៈ​គ្នា​ទៅ​វិញ​ទៅ​មក។ ម្ខាង​ប្រឹងបក​ស្រាយ​ថា គេ​សរសេរ ចំនារ … តាម​ក្បួន​ពីបុរាណ រី​ឯងម្ខាង​ទៅ​ប្រឹងបក​ស្រាយ​ថា ក្បួន​ទំនាញ​សូរមិន​ច្បាស់​លាស់​ទៅវិញ។ ម្ខាងៗ ហាក់​ដូច​ជា​មិន​យល់​គ្នា មិន​ស្ដាប់​គ្នា​ទៅវិញ​ទៅ​មក គិត​តែពី​ពឺត​យកៗ។

    * តាម​ពិតអ្វី​ដែល​គេ​គួរ​បក​ស្រាយ​នោះ​គឺថា ពីបុរាណ គ្មាន​ក្បួនសរសេរ ចំនារ នោះ​ទេ។ល។ (ព្រោះ​អ្នក​ដែល​គាំ​ទ្រ​សំនេរ​របៀប​នេះ ថា​មាន​ក្បួន​បែប​នេះ) មិនមែន​ មក​បក​ស្រាយ​ថា ក្បួន​ទំនាញ​សូរ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។

    * បញ្ហា​នោះ​គឺ​វា​ដូច​នឹង​ពាក្យ​សេវា នេះ​ឯង។ ក្រុម​(1) គាំទ្រពាក្យ ចំនារ ឧបមាដូច​ដូចជាគាំទ្រ ពាក្យ សេវា រី​ឯក្រុម(2) ​គាំទ្រពាក្យ ចំណារ ឧបមាដូចគាំទ្រពាក្យ សេវ៉ា (វ ៉ ា ) ។ ក្រុម (1) ប្រឹង​ប្រកែកថា ពីមុន​គេ​សរសេរ សេវា អ៊ីចឹង មិន​ត្រូវ​កែទេ តែក្រុម (2) បែរ​ទៅ​បក​ស្រាយ​ថា សរសេរ សេវា អាន​ចេញ សេ- វា ទៅ​វិញ។

    * បើថា ពីមុន​គេ​សរសេរ ចំនារ បែប​នេះ មែន ហើយ​ឥលូវ​យើង​កែមកជា ចំណារ វិញ តាម​សម័យ​និយម វា​មាន​ទៅខុស​អី។ ទទួល​ស្គាល់​វា​ទៅ​ វាចប់បាត់​ទៅ​ហើយ។ អក្សរសាស្ត្រ​នៅ​ស្រុក​បារាំង​អង់គ្លេស​ ក៏​គេ​កែ​អ៊ីចឹង​ដែរ។

    * ពាក្យ វិស្ណុ គេ​ប្រើ​ជើង ណ មក​ពី​ពាក្យ​សំស្ក្រឹត​គេ​ប្រើ​ ជើង ណ ដែរ។ មូលហេតុ​តែ​ប៉ុណ្ណឹង។

    * កាល​ដែល​ខ្ញុំ​លើក​ឡើង​ពី​ឃោសៈ និង អឃោសៈ​ នេះ មក​ពី​ខ្ញុំ​ឆ្ងល់​ថា គេ​បាន​បក​ស្រាយ​ថា ឃោសៈ និង អឃោសៈ គ្មាន​ទេក្នុង​ភាសា​ខ្មែរ ម៉េច​ក៏​គេ​នៅ​ប្រើ​គោលការណ៍​នេះ​ទៀត? រឺ​មួយ​ខ្ញុំ​មិន​បាន​ស្ដាប់​ការ​បក​ស្រាយតប​ណា​មួយ​​ដែល​គេ​បាន​ធ្វើ​រួច​មក​ហើយ?​ គឺ​ដូចលោក​ achharia បាន​បក​ស្រាយ​អ៊ីចឹង និង អត្ថបទ​ដែល​ខ្ញុំ​ធ្លាប់​អាន គេ​ថា ព្យញ្ជនៈ​មួយ ជាឃោសៈ (voiced) បើ​អាន​ទៅ​ញ័រ​ដល់​បំពង់ក។ អឃោសៈ(unvoiced) បើ​អាន​ទៅ​មិន​ញ័រ​ដល់​បំពង់​ក។ ដូចជាក្នុង​ភាសា​បារាំង សូរ b និង p, d និង t, … មាន​កំរិត​ខុស​គ្នា ។ តែ​ខ្មែរ​យើង​វិញ ខ្ញុំ​មិន​ឃើញ​ថា ក និង គ មាន​កំរិតខុស​គ្នា​ទាល់​តែ​សោះ។ ក្នុង​ភាសា​សំស្ក្រឹត ក ជា​អឃោសៈ និង គ ជា​ឃោសៈ មែន ព្រោះ​គេ​អាន​ គ ចេញ ហ្គ ។ល។ ការបែង​ចែក​ព្យញ្ជនៈ​ ជា​ក្រុម អ និង អ៊ ដូច​លោក​កេង​វ៉ាន់​សាក់​ ដូចជា​ទំនង​ដែរ ម៉េច​ក៏​គេ​មិន​ប្រើ?
    តែ​ទោះជា​យ៉ាង​ណា ចំនុច​នេះ​ក៏ មិន​សូវ​សំខាន់​អ្វី​ដែរ។

  13. ទឹម បឿន ថ្ងៃអង្គារ ទី 10 ខែ​ឧសភា 2011 / 9:39 ព្រឹក

    លោកគ្រូ​ចិត្រ​និយាយ​ហ្នឹង​ត្រូវ​ហើយ ប្រៀប​ដូច​លោកគ្រូ​ចិត្រ​យល់​ថា​យ៉ាង​នេះ អ្នក​ផ្សេង​យល់​ថា​យ៉ាង​នោះ គឺ​សុទ្ធតែ​យល់​ថា​ត្រូវ​រៀង​ខ្លួន ។

    បើ​និយាយ​ចំពោះ​ពាក្យ​បុរាណ​មក​ដល់​បច្ចុប្បន្ន ដូចជា​យក​មក​ផ្ទឹម​គ្នា​មិន​បាន​ទាំង​ស្រុង​ទេ ព្រោះ​មាន​ការផ្លាស់ប្ដូរ​ពាក្យ​ប្រើ​ច្រើន​ណាស់ ។ ដូច​ពី​មុន​ប្រើ​ពាក្យ ប្រហ្វេង > ប្រវែង, មសិ > ខ្មៅ, រុង > ធំ, ស្តុក​រុង > បឹង​ធំ, ស្រេ > ស្រែ, វេល > វិល ឬ ត្រឡប់, វេរទងតប > ពីរ​ដណ្ដប់, វ្នំ > ភ្នំ, វៃឝាខ > ពិសាខ, អង្កោស្រូ > អង្ករ​ស្រូវ ។ល។

  14. វិចូច ថ្ងៃអង្គារ ទី 10 ខែ​ឧសភា 2011 / 12:02 ល្ងាច

    តាមសៀវភៅរបស់​លោក អៀវ កើស មាន​ចំណង​ជើង​ថា “ភាសា​ខ្មែរ” ត្រង់​ចំណុច​មួយ ដែល​លោក​លើក​ឡើង​ពី​សម្លេង​ព្យញ្ជនៈ ដែល​មិន​ទៀត​ទាត់ មាន​ដូច​ជា៖
    -ព្យញ្ជនៈ​ចុងវគ្គ​ទាំង​៥៖ ង ញ ហ ន ម
    -ព្យញ្ជនៈ​ដើម​វគ្គ​២អង្គ៖ ត ប
    -ព្យញ្ជនៈ​អវគ្គ​៥អង្គ៖ យ រ ល វ ហ ។
    សម្លេង​មិន​ទៀត​ទាត់ ត្រង់​នេះ​សំដៅ​ថា រូប​អង្គ​គង់​នៅ​ដដែល តែ​បញ្ចេញ​សម្លេង​ផ្សេង។

    ក្នុង​សៀវភៅ​ដដែល​នេះ ត្រង់​ថា អឃោសៈ និង ឃោសៈ មិន​មែន​ថា​ជា​ពាក្យ​ថ្នាក់​ខ្ពស់ ឬ ទាប​ទេ។ អឃោសៈ ជា​ក្រុម​សម្លេងគ្រលួច ហើយ​បាលី​បក​ថា សម្លេង​មិន​គឹក​កង។ ឯ ឃោសៈ គឺ​ជា​ក្រុម​សម្លេងគ្រលរ បាលី​បក​ថា គឹក​កង។🙂

  15. Lovepeehs05 ថ្ងៃអង្គារ ទី 10 ខែ​ឧសភា 2011 / 1:20 ល្ងាច

    អរគុណ លោកគ្រូវិចិត្រ លោកទឹមបឿន លោក Achharia និងអស់លោក លោកស្រី ដែលបានចូលរួមជជែក វែកញែក ក្នុងការប្រើប្រាស ការសរសេរ ការអាន នូវអក្សរសាស្រ្តខែ្មរ ! ខ្ញុំចូលចិត្តការជជែកវែកញែកនិងប្តូរជាយោបល់គ្នាណាស់ មិនចេះនឿយណាយទេ បានលើកយករឿងអក្សរសាស្រ្តខ្មែរ មកនិយាយច្រើនរិតតែល្អច្រើន ដូចគេច្រៀងកំដរអារម្មណ៍ដែរ ដូចធ្វើធ្វើអោយខ្ញុំរិតតែចេះច្រើនដឹងច្រើនផងដែរ ហើយក៏ធ្វើ អោយខ្ញុំបានចងចាំមកវិញ នូវអ្វីដែលបានភ្លេចភ្លាំងទៅហើយ នោះដែរ។

    ម្យ៉ាងវិញទៀត ខ្ញុំនៅតែឆ្ងល់ និងមិនទាន់យល់ស្របផងដែរ នូវពាក្យរបស់ លោកគ្រូវិចិត្រលើកមកពន្យល់និងបកស្រាយខាងលើ ដូចពាក្យ ចំនារ ពាក្យនេះ មិនមែនគេសរសេរចឹងទេដឹង ពីមុនមក តែគេ សរសេរ ចំណារ ទៅវិញទេ នេះបើតាមខ្ញុំធ្លាប់ដឹង ហើយសម័យឥឡូវនេះទេ ដែលសរសេរ ចំនារ នោះ ! មែនទេ ?

    ហើយរឿងប្រើសម្លេងជា ឃោសៈ និង អឃោសៈ ឬ គ និង ក គឺសម្លេង អានខុសគ្នា នេះបើតាមខ្ញុំធ្លាប់រៀន ហើយកំពុងអានរាល់ថ្ងៃនេះ ខ្ញុំស្តាប់មើលទៅ វាមិនដូចគ្នាទេ តែប្រហែលជាមកពី យើងរស់នៅ កន្លែងខុសគ្នា គេអានជាសម្លេងខុសគ្នាក៏មិនដឹង ខ្ញុំកើតនៅ នារតី ប្រទេស ហើយបានរៀនអក្សរសាស្រ្តខ្មែរ ដំបូងនៅ ពាយ័ព្យ ប្រទេស ដូច្នេះគេបង្ហាត់ អោយរៀនអានខុសគ្នាបន្តិច ដូចអក្សរ គ អ្នកនៅនារតី គេប្រាប់អោយខ្ញុំអាន សម្លេងដូច ដើម គ តែខាងពាយ័ព្យ គេប្រាប់អោយ ខ្ញុំអានដូច សត្វ គោ ហើយវាប្រហាក់ប្រហែល ទៅនឹង ហ្គ ដែរ តែមិនមាន អីកល់ពីក្រោមចឹងទេ តែខ្ញុំមិនបានដឹង អ្នកនៅបូព៌ាប្រទេស និងអ្នកនៅ ភ្នំពេញអានយ៉ាងណានោះទេ ខ្ញុំឆ្ងល់ថា ម៉េចបានលោកគ្រូវិចិត្រថា សម្លេង អក្សរ ក និង អក្សរ គ ដូចគ្នា ! តើដូចយ៉ាងម៉េច ? តែខ្ញុំចាប់ អារម្មណ៍ពាក្យមួយ ដែលអ្នកនារតី គេហៅថា ក្រែ = អ្នកពាយ័ព្យ គេហៅ គ្រែ គឺគ្រែយើងដេក !

    ពាក្យមួយទៀត ដែលខ្ញុំចាប់អារម្មណ៍ដែរ គឺពាក្យ ស្រលាញ់ ខ្ញុំមើលទៅដូចជាឥតមានសម្រស់ទេ សរសេរចឹង ! ដូចជាបង្ខិតបង្ខំ អោយស្រលាញ់ទៅវិញ តែខ្ញុំតែសរសេរ ស្រឡាញ់ ពាក្យនេះអត់ បង្ខិតបង្ខំទេ ស្រឡាញ់ ដោយស្មោះ អស់ពីដួងចិត្ត តែអ្នកសរសេរដូច សព្វថ្ងៃហ្នឹង ស្រលាញ់ មិនអស់ពីដួងចិត្តទេ ច្រើនតែបោកប្រាសគ្នា ! មែនទេ ?
    ខ្ញុំជឿថាពាក្យដែលយើង សរសេរ មិនពិនិត្យពិច័យ អោយបានច្បាស់ លាស់ ធ្វើអោយយើងមានអារម្មណ៍ មិនប្រក្រតី ! មែនទេ ?

  16. ទឹម បឿន ថ្ងៃអង្គារ ទី 10 ខែ​ឧសភា 2011 / 2:38 ល្ងាច

    ច្រូច៖ ចុះ​ពាក្យ គម្ពីរ គណៈកម្មាធិការ គណនី គប្បី ភាសា ភីលៀង ភារា កន្ត្រៃ កន្ទក់… ចាត់​ថា​ប្រែប្រួល ឬ អត់?

  17. វិចិត្រ ថ្ងៃអង្គារ ទី 10 ខែ​ឧសភា 2011 / 9:14 ល្ងាច

    @ Lovepeehs05 :
    តាម​តែ​ខ្ញុំចេះ​ដឹង​មក គឺ
    – សម័យ​បច្ចប្បន្ន៖ គេ​មានទំនោរ​ទៅ​ខាង​សម្ដេច​ជួន ណាត គេ​សរសេរ ចំណារ (ប្រើ​ផ្នត់​ជែក ណ-ន)។
    – សម័យមុន​នឹង​បន្តិច ខាង​ក្រសួងអប់រំ មាន​ទំនោរ ទៅ​ខាង​លោក​កេងវ៉ាន់​សាក់ គេ​សរសេរ ចំនារ (ប្រើ​ផ្នត់​ជែក ន តែមួយ)។
    – សម័យ​សម្ដេច​ជួនណាត រហូត​ដល់​សម័យ​កាល​ណា​មួយមុន​រៀបចំ​វចនានុក្រម គេ​និយម​សរសេរ ចំណារ
    – សម័យ​មុន​នោះ​ទៅ​ទៀត (តាម​ទស្សនៈ​របស់​អ្នក​អក្សរ​សាស្ត្រ​ជា​ច្រើន)ថា គេ​សរសេរ ជា ចំនារ (គេ​មិន​ប្រើ​អក្សរ​ ណ ក្នុង​ពាក្យ​ខ្មែរ​សុទ្ធ​នោះ​ទេ។ ណ សំរាប់​ប្រើ​ពាក្យ​មក​ពី​បាលី និង សំស្ក្រឹត​តែ​ប៉ុណ្ណោះ)។

    * ពាក្យ​ថា ស្រលាញ់ ជា​ទំរង់​សំនេរ​សម័យ​មុន។ ស្រឡាញ់ ជា​របៀប​សរសេរ​សម័យ​ថ្មី។ (សូម​អាន​វចនានុក្រម)។

  18. ទឹម បឿន ថ្ងៃពុធ ទី 11 ខែ​ឧសភា 2011 / 8:47 ព្រឹក

    បើ​ជ្រុល​ជា​និយាយ​ដល់​សម័យ​មុនៗ​នោះ​ទៅ​ហើយ តើ​លោកគ្រូ​ចិត្រ​មាន​អ្វី​ជា​សម្អាង​ទេ​ទេ? ដ្បិត​ខ្ញុំ​មាន​ឯកសារ​មិន​គ្រប់គ្រាន់ ។

  19. ខេមរបក្សីសាស្ត្រិន ថ្ងៃពុធ ទី 11 ខែ​ឧសភា 2011 / 10:01 ព្រឹក

    ទាល់តែ​ជជែក​រក​ការ​ស្ថាបនា​ទើប​បាន ប្រសិនជា​ជជែក​បែប​យក​ឈ្នះ​វា​គ្មាន​រីកចម្រើន​ទេ! គ្មាន​ច្រកចេញ​ជាដាច់ខាត! ក្បួនទាំង​ពីរ​ដែល​ប្រើ​នោះ​គេ​បាន​ស្រុះស្រួល​បញ្ចូល​គ្នា​ហើយ សូម​កុំ​ព្យាយាម​រក​ផល​វិបាក​ថ្មី​ដាក់លើ​ផលវិបាក​ចាស់​អី! ទំនាញសូរ​មិនសុក្រឹត ផ្នត់ក៏ត្រូវ​ការ​ទំនាញសូរ​ខ្លះ​ដែរ ។ អ្នកនិពន្ធ​ដែល​បឿន​លើក​ខាងលើ​មិន​ដៀល​ថា​ទំនាញ​សូរ​ខុស​ទេ តែ​គាត់ថា​មិន​អាច​យក​ជាការ​ទាំងស្រុង​បាន ។ ខ្ញុំ​ស្រប​តែ​មិន​ចង់​បញ្ចេញយោបល់វែកញែក​ទេ ។

  20. វិចិត្រ ថ្ងៃពុធ ទី 11 ខែ​ឧសភា 2011 / 3:48 ល្ងាច

    អំពីអក្សរ​ ន – ណ នេះ
    ១) សៀវភៅ​៖ ក្នុង​សៀវភៅ​លោក លី សុវីរ គាត់​បាន​និយាយ​បែប​នេះ ដោយ​យោង​ទៅ​លើ​សៀវភៅ កេងវ៉ាន់សាក់ (មូលវិធី …?), ​លោក អៀវ កឺស (ភាសា​ខ្មែរ..?), លោក Georges Maspero (Grammaire de la langue khmère, 1915),.. ។ ក្នុង​សៀវភៅលោក Georges Maspero គាត់​បាន​សរសេរអំពី​ក្បួន​កំលាយ​ពាក្យ ដូចគ្នា​នឹង​ក្បួន​ដែល​សម្ដេចជួនណាត​យក​មក​ប្រើ​ដែរ (នណ លឡ)។ តែ​គាត់​បាន​បញ្ជាក់​ថា ឋ ឌ ឍ សំរាប់​តែ​ពាក្យ​ខ្មែរ​ចំលង​ពី​ឥណ្ឌា​តែ​ប៉ុណ្ណោះ។ ក្នុង​សៀវភៅ​ដដែល​នេះ គាត់​បាន​និយាយ​អំពី​ការ​ប្រែប្រួល​នៃ​តួនាទីរបស់​អក្សរ​ ណ ដែល​ឥលូវ​នេះ មក​ដើរ​តួ​ជំនួស ន៉ ដោយ​បាត់​បង់​ភាព​ដើម​របស់​ខ្លួន​។ តែ​គាត់​មិន​បាន​និយាយ​អោយ​ច្បាស់​ថា ពី​បុរាណ​ ពាក្យ​ខ្មែរ​សុទ្ធ គេមិន​​ប្រើ​ ណ នោះ​ទេ។ បើ​ចេះ​បារាំង សៀវភៅ​អ្នករាល់​គ្នា​គួរ​តែ​អាន គាត់​សរសេរ​បាន​ល្អ​ជាង​ខ្មែរ​យើង​សរសេរ​ខ្មែរ​ទៅ​ទៀត។ (download free ភ្លេច​អាសយដ្ឋាន​បាត់​ទៅ​ហើយ)។

    ២) ស្វែង​យល់​ខ្លួន​ឯង៖ បើ​យើង​ខ្លាច​ថា ទស្សនៈ​អ្នក​ទាំង​នេះ​មិន​ត្រឹមត្រូវ(ខ្ញុំ​តែង​តែ​សង្ស័យ​បែប​នេះដែរ) សូម​ពិនិត្យ​សិលា​ចារឹក​ដោយ​ខ្លួន​ឯង។ សូម​បញ្ជាក់​ថា សិលាចារឹកខ្មែរ​ខ្លះ​សរសេរ​ជា​អក្សរ​ខ្មែរ តែ​ជា​ភាសា​សំស្ក្រឹត ខ្លះ​សរសេរ​ជា​ខ្មែរ​ខ្មែរ។ អ្វី​ដែល​យើង​ត្រូវ​ពិនិត្យ​គឺសិលាចារឹក​ដែល​សរសេរ​ជា​ខ្មែរ​ ហើយ​ពិនិត្យ​ត្រង់​ពាក្យ​ខ្មែរសុទ្ធ។ សិលា​មាន​សម័យ​កាល​របស់​វា។ សូម​សាកល្បង​អាន​សៀវភៅសិលាចារឹក​របស់​អ្នក​គ្រូ​ពៅ​សាវរស ដែល​មាន​សរសេរ​សំរាយ​ជាភាសា​ខ្មែរ​ទំនើប​ ដើម្បី​ស្វែង​រក​ចំនុច ណ ន នេះ។ ខ្ញុំ​មិន​បាន​ពិនិត្យ​អ្វី​ច្រើន​ទេ​ពី​សៀវភៅ​នេះ ខ្ញុំ​ចាំបាន​មាន​ពាក្យ​មួយ គឺ សំណាង នៅ​សម័យ​អង្គរ​ គេ​សរសេរ សំនាង បែប​នេះ។ តែ​នេះ​មិន​គ្រប់​គ្រាន់​នឹង​អះអាង​អ្វី​អោយ​ប្រាកដ​បាន​ទេ ដូច្នេះ​គេ​គួរ​តែ​ពិនិត្យ​អោយ​ច្រើន​ពាក្យ​ជាង​នេះ​ទៀត។ តែ​ខ្ញុំ​ជឿថា លោក​កេងវ៉ាន់សាក់​ក្ដី លោក​អៀវ​កឺស​ក្ដី គាត់​បាន​ធ្វើ​ការងារ​នេះ​រួច​អស់​ទៅ​ហើយ។

  21. ខេមរបក្សីសាស្ត្រិន ថ្ងៃសុក្រ ទី 13 ខែ​ឧសភា 2011 / 2:34 ល្ងាច

    ព្យញ្ជនៈ​វគ្គ ដ ឋ ឌ ឍ ណ គេ​ប្រើ​សម្រាប់តែ​ពាក្យ​ដែល​ខ្ចី​ពី​សំស្ក្រឹត​ប៉ុណ្ណោះ ។ ខ្ញុំ​បាន​អាន​សិលាចារឹក​ច្រើន​ដែរ តែ​អ្វី​ដែល​យក​ជា​ការ​មិន​បាន​គឺ​ម្ដង​គេ​ប្រើ ន ម្ដង​គេ​ប្រើ ណ ហើយ ម្ដង ល ម្ដង ឡ ពិបាក​កំណត់​ណាស់ ។ យ៉ាងណា​មិញ ខ្ញុំ​គាំទ្រ​ឲ្យ​យក​តាម​ក្បួន​ដែល​អង្គការ​ខេមរយានកម្ម​គេ​បាន​កំណត់​និង​ព្យាយាម​រក​ច្រកចេញ​ជា​យូរ​ឆ្នាំ​នោះ ព្រមទាំង​តាម​វចនានុក្រម​ដែល​ជា​ឯកសារ​យោង​ដ៏​សំខាន់​នោះ​វា​ប្រសើរ​ជាង!

  22. វីរៈ ថ្ងៃសុក្រ ទី 3 ខែមិថុនា 2011 / 10:33 ល្ងាច

    តាម​ខ្ញុំ​ចាំ​គ្រូ​ប្រាប់​កាល​ពី​ឌីប្លូម​ ទំនាញ​សូរ​ប្រើ​​​ចំពោះ​ ក, ច, ត, ប, ស។ ត្រង់​ពាក្យ​ផ្សំ​ពី​ពាក្យ​ឫស​ពីរ ឬ ច្រើន ឬ ពាក្យ​ច្រើន​ជាង​ពីរ​ព្យាង្គ ខ្ញុំ​ក៏​មិន​ហ៊ាន​​សំរេច​ដាច់​ខាត​ដែរ។ ទំនាញ​សូរ​ដែល​ខ្ញុំ​និយាយ​សំដៅ​លើ​ពាក្យ​ពីរព្យាង្គ ដែល​​មិន​មែន​ជា​នាម​ផ្សំ តែ​ពាក្យ​កំលាយ​បាន​ពី​ផ្នត់​ជែក​ភាគ​ច្រើន​ដើរ​តាម​ទំនាញ​សូរ​បែប​នេះ​ទាំង​អស់។
    ដូច្នោះ យើង​គួរ​សិក្សា​ពី​ប្រភេទ​នៃ​ពាក្យ​ឡើង​វិញ ហើយ​បកស្រាយ​ឱយ​ប្រាកដ​ថា ពេល​ណា​ត្រូវ​ប្រើ​ទំនាញ​សូរ ពេល​ណា​មិន​ត្រូវ​ប្រើ​ទំនាញ​សូរ ហើយ​ពេល​ណា​ដែល​យើង​ចាត់​ក្នុង​ករណី​ពិសេស។
    អ្នក​ណា​ថា​​អី​ក៏​ខ្ញុំ​មិន​ជឿ​ដែរ ទាល់​តែ​មាន​ហេតុ​ផល​ច្បាស់​លាស់​ទើប​អាច​ចាត់​ជា​ក្បួន​​ទុក​រៀន​សូត្រ​បាន។

  23. ឫទ្ធី ថ្ងៃសុក្រ ទី 1 ខែកក្កដា 2011 / 5:41 ល្ងាច

    តាមខ្ញុំយល់ថា​​ ព្យញ្ជនឃោស៨តួ គឺ ង ញ ន ម យ​ ល ម វ បើមានព្យញ្ជនៈអឃោសៈ នៅខាងដើមវាផ្តួលសំឡេងទៅតាមអឃោសវិញ។
    ក្រៅពីព្យញ្ជនៈខាងលើគឺ អឃោសៈនៅខាងដើមមិនអាចទាញអាចទាញសូរបានទេ។
    ឧ. ស្រវា
    ឧ.ស្រពាប់
    ហេតុនេះ ព្យញ្ជនៈ៨តួខាងលើបើព្យញ្ជនៈអឃោសៈត្រួតពីលើវិញក៏វា​ផ្តួសំឡេងតាមអឃោសៈដែរ ឧ. ស្ល
    ក្រៅពីព្យញ្ជនៈខាងលើគឺទាញមិនបាន
    ឧ. ស្គ
    នេះគឺភាសាខ្មែរ ចំណែកភាសាបាលី ឬសំស្ក្រឹកវិញមានទំនេញសូរផ្សេងដោយឡែក។ តែទោះជាយ៉ាងណាក៏ដោយ ឬ ភាសាណាក៏ដោតែង តែមានពាក្យវាលែងដែរ។ ឧ.សាវា

  24. Filo Sofiman ថ្ងៃចន្ទ ទី 20 ខែសីហា 2012 / 8:53 ល្ងាច

    ក្នុងការស្រាវជ្រាវអំពីការសរសេរនិងការអានពាក្យខ្មែរ យើងគួរពិនិត្យផងដែរនូវសៀវភៅវេយ្យាករណ៍ខ្មែរដែលក្រសួងអប់រំសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជានិងសម័យរដ្ឋកម្ពុជាបានបោះពុម្ពសម្រាប់បម្រើការសិក្សានៅកម្រិតសិក្សាទី២និងទី៣(មធ្យមសិក្សា)។

  25. nisetpdajsankha ថ្ងៃអាទិត្យ ទី 26 ខែតុលា 2014 / 5:00 ល្ងាច

    បើតាមការបកស្រាយរបស់បណ្ឌិត ចន្ទសំណព្វ ទំនាញសូរនៅក្នុងភាសាខ្មែរមានបង្កប់ស្រាប់ មិនមែនលោកកេងវណ្ណសាក់បង្កើតឡើងទេវាមាននៅក្នុងភាសាខ្មែរស្រាប់ គាត់គ្រាន់តែចងក្រងធ្វើក្បួនទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s