តើ​ការ​អភិវឌ្ឍ​នៅ​បឹង​កក់​​ ដែល​មាន​ភាព​ចម្រូង​ចម្រាស​ធ្វើ​ដើម្បី​នរណា?


វិភាគ​សង្គម

តាម​ពិត​ទៅ​តាំង​ពី​ដើម​ទី​មក គេ​មិន​គួរ​បូម​ដី​លុប​បំពេញ​បឹង​កក់ ដែល​ជា​បឹង​ធម្ម​ជាតិ ធំ​​ដូច​កូន​សមុទ្រ​ នៅ​កណ្តាល​បេះ​ដូង​នៃ​រាជ​ធានី​ភ្នំ​ពេញ ដែល​មាន​អាយុ​កាល​ជាង​ ៥០០ ឆ្នាំ​​នេះ​ទេ។ គេ​គួរ​តែ​ស្តា​រនិង​អភិរក្ស​បឹង​ដែល​​មាន​អំណោយ​ផល​ពី​ធម្ម​ជាតិ​នេះ ឲ្យ​មាន​បរិស្ថាន​ល្អ​ស្អាត ហើយ​អភិវឌ្ឍ​ឲ្យ​ទៅ​ជា​រមណីយ​ដ្ឋាន​ទេស​ចរណ៍​ធម្ម​ជាតិ​ដ៏​ប្រណីត​មួយ​ ដើម្បី ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ ឲ្យ​មក​ទស្ស​នា​កម្ពុជា ឲ្យ​បាន​កាន់​តែ​ច្រើន​​ថែម​​ទៀត។ នៅ​បណ្តា​ប្រទេស​ជា​ច្រើន (ម៉ា​ឡេស៊ី) គេ​ចំណាយ​លុយ​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​បូម​ដី​គោក​ធ្វើ​បឹង​សិប្ប​និម្មិត បង្កើត​ទៅ​ជា​តំបន់​ទេស​ចរណ៍ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ។ ចំណែក​ស្រុក​ខ្មែរបែ​រជា​ដើ​រ​បញ្ច្រាស​ទឹស ពី​បណ្តា​ប្រទេស​ជឿន​លឿន​មួយ​ចំនួន​ទៅ​វិញ។​ បឹង​ធម្មជាតិ​មាន​ស្រាប់​ ហេតុ​អី​ក៏​មិន​អភិរក្ស​និង​អភិវឌ្ឍ ដើម្បី​ពង្រឹង​ និង​ពង្រី​ក​សក្ដា​នុពល​ទេស​ចរណ៍ ហេតុ​អី​ក៏​ត្រូវ​បូម​ដី​ចាក់​លុបទៅ​វិញ? នៅ​​ស្រុក​ខ្មែរ​យើង ដី​គោក នៅ​សល់​ទំនេរ​ច្រើន​ណាស់ នៅ​តំបន់​ខ្លះថែម​ទាំង​មិន​ទាន់​មាន​មនុស្ស​រស់​នៅ​ទៀត​ផង។ បើ​គេ​ចង់​អភិវឌ្ឍ​មែន​ ហេតុ​អី​ក៏​មិន​ទៅ​រក​ដី​គោក​​នៅ​កន្លែង​ណា​មួយ ​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍទៅ​? ហេតុ​អី​ក៏​ចាំ​បាច់​មក​ចាក់​ដី​លុបបំពេញ​បឹង ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ទៅ​វិញ? ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា មក​ដល់​ពេល​នេះ អ្វី​ៗ វា​ហួស​​អស់​ទៅ​ហើយ។ ក្រុម​ហ៊ុន​ស៊ូ​កា​គូ​អ៊ីន របស់​លោក​ ឡាវ ម៉េង​ឃីន សមាជិក​ព្រឹទ្ធ​សភា គណ​បក្ស​ប្រជា​ជន​កម្ពុជា ដែល​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល កាល​ពី​ឆ្នាំ ២០០៧ ក្នុង​ការ​អភិវឌ្ឍ​តំ​បន់​បឹង​កក់ លើ​ផ្ទៃ​ដី ១៣៣ ហិក​តា មាន​រយៈ​ពេល​រហូត​ដល់​ ៩៩ ឆ្នាំ មិន​ត្រឹម​តែ​បាន​បូម​ដី​លុប​បំពេញ​បឹង​​ធម្ម​ជាតិ​នេះ ស្ទើ​រតែ​ពេញ​ទាំង​ស្រុង​ទៅ​ហើយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បូមដី​ខ្សាច់​ចាក់​​​កប់​ពន្លិច​ផ្ទះ​ប្រជា​ពល​រដ្ឋ​ ដែល​រស់​នៅ​លើ​ដី​គោក តាម​មាត់​បឹង​ថែម​ទៀត ធ្វើ​ឲ្យ​ពល​រដ្ឋ​​​ជា​ច្រើន​រយ​គ្រួ​សារ ក្នុង​ចំណោម​ជាង​ ៤០០០ គ្រួ​សារ ដែល​ទទួល​រង​ផល​ប៉ះ​ពាល់ បាន​ងើប​ឡើង​ស្រែក​​តវ៉ា យ៉ាង​ក្តៅ​គគុក ជា​មួយ​និង​ការ​ស្រែក​ទ្រហោ​យំ​ ​គួរ​ឲ្យ​សោក​សង្រេង ដើម្បី​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ ដែល​បណ្តេញ​អ្នក​ក្រ​ចេញ​ ដើម្បី​យក​ដី​ឲ្យ​អ្នក​មាន​​ ដែល​ពុំ​មាន​សំណង​សម​រម្យ​នេះ​។ ប៉ុន្តែ​បើ​ទោះ​បី​ជា​ប្រជា​ពល​រដ្ឋ​ ធ្វើ​ការ​តវ៉ា​យ៉ា​ង​ក្តៅ​គគុក ក្នុង​រយៈ​ពេល​ប្រមាណ​ជា​ ៥ ឆ្នាំ​មក​ហើយ​ ដោយ​ទាម​ទារ​ឲ្យ​អា​ជ្ញា​ធរ​រាជ​ធានី ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ឲ្យ​ពួក​គាត់ ​ស្រប​​ទៅ​តាម​ច្បាប់​ភូមិ​បាល រួម​ទាំង​ពេល​ចុង​ក្រោយ​នេះ ប្រជា​ពល​រដ្ឋ​បាន​ទាម​ទារ​ដី​​ត្រឹម​ ១៥ ហិក​តា ដើម្បី​ធ្វើ​ការ​ភិវឌ្ឍ​ដោយ​​ខ្លួន​ឯង​ក្តី​ ក៏​លទ្ធផល​​នៅពុំ​ទាន់​ឃើញ​មាន​ទេ ក្រៅ​តែ​ពី​ការ​វាយ​បង្ក្រាប និង​ចាប់​ឃុំ​ខ្លួន​ទៅ​លើ​អ្នក​តវ៉ា​​​នោះ​។ យើង​សួរ​​ថា តើ​ការ​អភិវឌ្ឍ​នៅ​តំបន់​បឹង​កក់ ធ្វើ​ឡើង​ដើម្បី​នរណា? តាម​ពិត​ទៅ ពាក្យ​ថា អភិវឌ្ឍ គឺ​ជា​ការ​ធ្វើ​ឲ្យ​ប្រ​សើរ​ឡើង ពី​អា​ក្រក់​ ទៅ​ល្អ ពី​ក្រ ទៅ​មាន ពី​គ្មាន​ផ្ទះ ទៅ​មាន​ផ្ទះ ពី​ផ្ទះ​តូច ទៅ​ផ្ទះ​ធំ ពី​ផ្ទះ​ឈើ ទៅ​ផ្ទះ​ថ្ម … ហើយ​អ្នក​​ទី​មួយ ដែល​ត្រូវ​ទទួល​បាន​ផល​ពី​​ការ​អភិវឌ្ឍ វា​គួរ​តែ​ជា​​ពល​រដ្ឋ​​រស់​នៅ​ក្នុង​តំបន់​នៃ​គម្រោង​អភិវឌ្ឍន៍ បន្ទាប់​មក​រដ្ឋាភិបាល ហើយ​ចុង​ក្រោយ​ទើប​ក្រុម​ហ៊ុន។ ប៉ុន្តែ​គម្រោង​អភិវឌ្ឍន៍​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ជា​ពិ​សេស​នៅ​តំបន់​បឹង​កក់ ប្រជា​ពល​រដ្ឋ​ មិន​ត្រឹម​តែ​មិន​បាន​ទទួល​ផល​ពី​ការ​អភិវឌ្ឍ​នេះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ទទួល​រង​គ្រោះ​ស្រក់​ទឹក​ភ្នែក បាត់​បង់​ដី​ធ្លី​ផ្ទះ​សម្បែង​ថែម​ទៀត​។ បើ​ការ​ទាម​ទារ​របស់​​ពល​រដ្ឋ​បឹង​កក់ មិន​ត្រូវ​បាន​ដោះ​ស្រាយ​ ក្រៅ​តែ​ពី​ការ​បង្ខំ​ឲ្យ​ទទួល​យក​សំណង ៨ ពាន់​ដុល្លារ និង​ ២ លាន​រៀល ដើម្បី​ឲ្យ​ពល​រដ្ឋ​រើ​ផ្ទះ​​ចេញ​ដែល​គេ​មិន​អាច​​យក​លុយ​នេះ ទៅ​ទិញ​ផ្ទះ​​ថ្មី​រស់​នៅ​វិញ​បាន​នោះ ​យើង​អាច​និយាយ​បាន​ថា ការ​អភិវឌ្ឍ​នេះ គឺ​បម្រើ​តែ​ផល​ប្រយោជន៍​របស់​ក្រុម​ហ៊ុន​តែ​ប៉ុណ្ណោះ​ ហើយ​ការ​អភិវឌ្ឍ​បែប​នេះ មិន​គួរ​ឲ្យ​កើត​មាន​​ទេ​ ពី​ព្រោះ​វា​អាច​បង្កឲ្យ​​មាន​វិបត្តិ​សង្គម​​ធ្ងន់​ធ្ងរ​ក្នុង​ពេល​ខាង​មុខ នៅ​ពេល​ដែល​​ពល​រដ្ឋ​កាន់​តែ​ច្រើន​ឡើង​ៗគ្មាន​ផ្ទះ​សម្បែង និង​គ្មាន​ដី​ធ្លី​ដើម្បី​រស់​នៅ​ចិញ្ចឹម​ជី​វិត​នោះ​៕

អត្ថបទ៖ ភ្នំពេញ​ប៉ុស្ដិ៍

11 thoughts on “តើ​ការ​អភិវឌ្ឍ​នៅ​បឹង​កក់​​ ដែល​មាន​ភាព​ចម្រូង​ចម្រាស​ធ្វើ​ដើម្បី​នរណា?

  1. Samady KS ថ្ងៃសុក្រ ទី 25 ខែ​មីនា 2011 / 4:27 ល្ងាច

    បើ​ដេញ​គឺ​ដេញ ហាម​តវ៉ា…​ មាន​ច្រើន​ករណី​ណាស់ ដែល​ដេញ​​ហើយ មិន​អាច​តវ៉ា ​បាន!

  2. ហាម៉ាដា ថ្ងៃសុក្រ ទី 25 ខែ​មីនា 2011 / 7:54 ល្ងាច

    ចឹងបានជាសាម៉ាឌី ដូរផ្ទះ…

  3. វិចិត្រ ថ្ងៃសៅរ៍ ទី 26 ខែ​មីនា 2011 / 12:05 ព្រឹក

    ដើម្បីបំបាត់​អ្នកភាព​​ក្រីក្រ​ដឹង?😀

    មិន​ដឹង​គេ​គិត​យ៉ាង​ម៉េច បាន​មក​អភិវឌ្ឍ​ប្រច្រុះ​គ្នា កណ្ដាល​ក្រុង​អ៊ីចឹង។

  4. សុផល ថ្ងៃសៅរ៍ ទី 26 ខែ​មីនា 2011 / 2:22 ព្រឹក

    ដើម្បីកំចាត់ភាពក្រីក្រ ចេញពីក្រុង, ហាហា ! ចាំមើលមើល៎ តើទៅជាយ៉ាង ម៉េច។ អ្នកក្រ រកអីហូបស្ទើរមិនគ្រប់គ្រាន់ អ្នកជនបទភាគច្រើន ហូបអោយ តែមោពេញក្រពះផឹកទឹកបន្ថែមអោយឆ្អែត រីឯអ្នកមាន ស៊ីដល់ចាក់ច្រាស លុយចាយម្ដងៗស្មើប្រាក់ខែគ្រូជនបទ១ឆ្នាំ២ឆ្នាំ។ អ្នកក្រស្ទើរតែមិនហ៊ាន មើលមុខអ្នកមាន ព្រោះខ្លាចគេ។ អ្នកមានមើលមកអ្នកក្រដូចទាសក។ សម័យថ្មីលក់ដីទិញដែក អត់ការងារធ្វើ លក់ដែកទិញអង្ករ។ អ្នកមានថា ប្រជាជន ជនបទមានជីវភាពធូរធារ ព្រោះមានម៉ូតូជិះគ្រប់គ្នា តែសាំង១លីត ជិត១ម៉ឺនរៀលហើយប្រាក់ចំនូល១ថ្ងៃមិនបាន១ពាន់ផង ។រស់នៅពឹងស្រែ តែស្រែធ្វើ១ឆ្នាំបានតែម្ដងហើយពឹងមេឃទៀត។ នាម តែអ្នកស្រែតែទិញអង្ករស៊ីរាល់ឆ្នាំ លក់ស្រូវទិញអង្ករស៊ី ព្រោះគ្មានប្រាក់ ចំនូលប្រចាំថ្ងៃ។ម៉ូតូទិញហើយមិនហ៊ានជិះលើកទុកលើផ្ទះ ព្រោះសាំង ថ្លៃពេក។ អភិវឌ្ឍតែអ្នកមាន អោយមានថែមទៀត អ្នកក្រកំចាត់ចោល ដើម្បីកុំអោយឃើញក្រ។ Ha ha too much !

  5. ពត៌មានទូរស័ព្ទ ថ្ងៃសៅរ៍ ទី 26 ខែ​មីនា 2011 / 3:59 ព្រឹក

    ថាទៅខ្ញុំអួតស្រុកក្រៅទៅវិញ កន្លែងខ្ញុំនៅនេះ​គេបន់តែប៉ះចំកន្លែង រដ្ឋយក នឹងអាងបានលុយធំៗម៉ង (លុយលើសទីផ្សារ) ឧបមាថា ផ្ទះតំលៃ ៤០មឺន តែបើលក់គឺបានតែ ៣០មឺនដុល្លាទេ បើចំរដ្ឋអូសយកវិញគឺ ៤០មឺនពេញ ។
    បើនិយាយពីបឹងកកក់ ខ្ញុំវាមិនយល់ដែលដឹកអ្នកនាំកំពូលៗតែងនិយាយរាល់ថ្ងៃ ថា កាត់បន្ថយភាពក្រីក្រ ជួយប្រជាជនខ្មែរ អភិវឌ្ឍន័ សង្គមខ្មែរ នេះមិនចេះគិតរឺធ្វើមិនដឹង យ៉ាងមិច ខ្មែររាប់ពាន់ ល្ហេមល្ហាម ជញ្ជូនរបស់របស រើផ្ទះសំបែង កូនចៅឈប់រៀន អស់របររកស៊ី សាត់តត្រាតសែងតត្រែង បែយកដីហើយស្រែកថា អភិវឌ្ឈន័ អភិវឌ្ឈន័ សួថាអភិវឌ្ឈន័ អោយជនជាតិខ្មែរ រឺ អភិវឌ្ឍន័ អោយតែគ្នាវានឹង រកស៊ីមានបាន មិនយល់ មិនយល់ មិនយល់ មិនយល់ (មានអ្នកណាជួយពន្យល់នឹងដឹងគុណជាអណេក)។
    សួរមួយទៀតចុះបើ ស្រម័យថាគ្រួសារលោកសម្តេចណាមួយ ជួបស្ថានភាព ដូចប្រជាជនបឹងកក់ សំបុកចាប ។ល។ នឹង តើគាត់មានអារម្មណ៍យ៉ាងណា​ ។ ដីសល់ម៉ាកំណរ ខាងឃ្មួញ ខេត្តកណ្តាល ខាងចំការដូង ខាង ព្រែកអែង វាលស្រែ ហើយវាអាចពង្រីក ក្រុងទៀតផង កុំថាក្រុងជិះតែ ២០នាទី ដាច់បាត់ នោះ។

  6. ក្មេងស្រែ ថ្ងៃសៅរ៍ ទី 26 ខែ​មីនា 2011 / 9:05 ព្រឹក

    យ៉ាស់! អោយ​រស់​ទាំង​ត្រ​ដ​មិន​ចង់​ហេស? ទាត់​ឆ្នាំង​បាយហែង​កាវាត់​ចោល​១​មើល!

  7. ឧត្តម ថ្ងៃសៅរ៍ ទី 26 ខែ​មីនា 2011 / 11:09 ព្រឹក

    នយោបាយកាត់បន្ថយអ្នកក្រ (កាលណាងាប់).. ជ័យោ នយោបាយចតុកោណ ជ័យោនយោបាយឈ្នះៗៗ ជ័យោៗ

  8. សុផល ថ្ងៃអាទិត្យ ទី 27 ខែ​មីនា 2011 / 12:00 ព្រឹក

    Does any body get a problem when you check dap-news ? whenever I check dap-news, my computer got virus scanning and my computer was turned off rapidly. Dap-news is bad website ever.

  9. កូនប្រសារខ្មោច ថ្ងៃចន្ទ ទី 28 ខែ​មីនា 2011 / 11:13 ល្ងាច

    ដូចជារដ្ឋថាភិបានបានស្រែកប្រាប់ខ្មែរក្នុងប្រទេសខ្មែរក្រៅប្រទេសតាមរយះអ្នកនាំពាក្យរាជរដ្ឋថាភិបាលនឹងដល់បរទេសក្នុងពិភពលោកដែលបានជួយខ្មែរតាមរយះមុខនាទីផ្សេងៗដើម្បីកសាងប្រទេសជាតិរាជរដ្ឋថាភិបាលបានធ្វើការអភិវឌ្ឍវន៏ប្រទេសជាតិដោយមានជោជ័យក្នុងការកាត់
    បន្ថយភាពក្រីក្របានមួយចំនួនជារៀងរាល៉ពេល ប៉ុននែ៎!!ភាគរយ%ព្រោះ
    បានបណ្តេញប្រជាពលរដ្ឋចេញពីកន្លែងអភិវឌ្ឍវន៏ព្រោះប្រជាពលរដ្ឋសង
    ទីលំនៅខុសច្បាប់ ដើម្បីអភិវឌ្ឍវន៏ទីកន្លែងនោះអោយទៅឈ្នួញបរទេស រុះរើផ្ទះបំផ្លាញទ្រព្យសម្បិត្តប្រជាពលរដ្ឋ ធ្វើបាបប្រជាជនហាក់ដួចជាមិន
    មែនខ្មែរដែលមានលំជាយូណាស់មកហើយ កាត់បន្ថយពីមានលំនៅឋាន
    អោយអត់ទីកន្លែររស់នៅ [ ដូចប្រជាជនដីក្រហម តើរស់នៅយ៉ាងណា
    សព្វថ្ងៃ ពេលនេះចូលដល់ប្រជពលរដ្ឋបឹងកក់ទៀត ] ដោយគ្មានសំណង
    សំរាប់កសាងទីកន្លែងថ្មី ព្រោះប្រជាពលរដ្ឋទាំងនេះមិនចេះពុករលួយ
    មិនចេះលក់ព្រៃឈើ មិនលក់ចេះដី មិនចេះលក់ខ្សាច់ ។ល។ មិនចេះបង្ក
    ហតុផលអាក្រក់ដល់សង្គមជាតិ មិនដូចរាជរដ្ឋថាភិបាលនោះទេអ្វីៗក៏
    ហ៊ានធ្វើអោយតែត្រូវថ្លៃគ្នា មិនបានគឹតពីភាពបំរើប្រទេសជាតិ ផលប្រ
    យោជន៏ប្រជាពលរដ្ឋនោះទេ សូមឈប់ប្រើពាក្យថាកាត់បន្ថយទៅ ប្រើ
    ពាក្យត្រង់ៗតែម្តងទៅ ។
    កូនប្រសារខ្មោច

  10. កូនខ្មែរ-បារាំង ថ្ងៃពុធ ទី 30 ខែ​មីនា 2011 / 12:46 ព្រឹក

    ប្រសិនបើមើលព្រឹត្តិការណ៍សព្វថ្ងៃ ការអភិវឌ្ឍន៍នៅស្រុកខ្មែរ​ គឺគេអភិវឌ្ឍសម្រាប់តែគ្នាគេតែប៉ុណ្ណោះ គឺសម្រាប់តែអ្នកមាន មួយក្ដាប់តូច! គឺបក្សពួករបស់បក្សកាន់អំណាចសព្វថ្ងៃ ដែលមានលោក ហ៊ុន សែន ជាអ្នកដឹកនាំ!
    ការអភិវឌ្ឍន៍នៅស្រុកខ្មែរសព្វថ្ងៃកាន់តែខ្លាំង ចំនួនអ្នកក្រកាន់តែមានច្រើនឡើងៗ!

  11. My Sovann ថ្ងៃសុក្រ ទី 29 ខែ​មេសា 2011 / 10:00 ព្រឹក

    Hi, how are you all? Visit me, ensure that interesting://meetkhmer.blogspot.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s