កាលពីថ្ងៃអាទិត្យ ខ្ញុំបានស្ដាប់វិទ្យុ FM 102 MHz ក្នុងកម្មវិធីអក្សរសាស្ត្រខ្មែរ ។ សំណួរមួយដែលសួរទាក់ទងនឹងព្យាង្គរាយ ពេលធ្វើកម្លាយចេញជាព្យាង្គតម្រួត ដូចជាពាក្យ កើត > ខ្នើត ។ ខ្ញុំឃើញវាគ្មិនបកស្រាយមិនចេញ ហើយខ្ញុំបម្រុងទូរស័ព្ទចូល តែកម្មវិធីចប់បាត់ទៅ ខ្ញុំសម្រេចលើកយករបៀបចំណាំមកប្រកាសទីនេះម្ដងទៀត ដ្បិតខ្ញុំធ្លាប់ប្រកាសម្ដងរួចមកហើយ តែមិនមានអ្នកបានអានច្រើននោះទេ ។
របៀបចំណាំ គឺគេមើលលើទម្រង់ផ្នត់ និង ផ្នត់របស់វា បើកាលណាស្ថិតក្នុងទម្រង់ផ្នត់ និង ផ្នត់ដូចខាងក្រោម ពេលកម្លាយត្រូវសរសេរព្យាង្គតម្រួតជានិច្ច ។
- ផ្នត់ដើមទម្រង់ |ព-| មាន |ក-|, |ច-|, |ត-|, |ប-|, |ស-|, |ល-|, |ម-|
- ផ្នត់ដើមទម្រង់ |ពសព-| មាន |ក’ង-|, |ច’ង-|, |ដ’ង-|, |ប’ង-|, |ព’ង-|, |រ’ង-|, |ល’ង-|, |ស’ង-|, |អ’ង-|, |ក’ន-|, |ច’ន-|, |ដ’ណ-|, |ប’ន-|, |ព’ន-|, |ស’ន-|, |អ’ន-|, |ក’ញ-|, |ប’ញ-|, |ព’ញ-|, |ស’ញ-|, |ក’ម-|, |រ’ណ-|, |ជ’ញ-|, |ច’ម-|, |ជ’ម-|, |ដ’ម-|, |ប’ម-|, |ល’ម-|, |រ’ម-|, |ស’ម-|, |អ’ម-|
- ផ្នត់ជែកទម្រង់ |-ព-| មាន |-ន-|, |-ម-|, |-ប-|
ឧទាហរណ៍៖
បាំង > ក្បាំង, ប + អាំ + ង > ក + ប + អាំ + ង ។ គឺគេសម្រួលតួអក្សរដែលដូចគ្នាទាំងសងខាង ពេលសម្រួលរួច នៅសល់អក្សរ ក នៅខាងដើម គេសរសេរ |ក-| ហៅថាផ្នត់ដើម ឬបុព្វបទ វាស្ថិតក្នុងទម្រង់ |ព-| ។ ដូច្នេះពាក្យ ក្បាំង ត្រូវសរសេរត្រួតវិញ គេមិនអាចសរសេរ កបាំង ទេ ។
គួរអានផងដែរ
ចុច Like មួយសិន! ហាហាហា ល្ងិតមុខឈឹង ខ្ញុំអានអត់យល់ ព្រោះអត់ចេះសោះ
កើត ម៉េចទៅចេញ ខ្នើយ វិញ?
ខ្ញុំមើលអត់យល់ដែរ។ ហើយពេលណា បានគេសរសេរជារាយ?
ចៅបឿន ! រួចអាម៉េចបានជាកើតទៅជាចេញខ្នើយទៅវិញ ហេហេហេ !
តាស៊ីក្លូកំពុងតែស្រវឹងផង ដល់ពេលឃើញចៅបឿនឯងសរសេរអញ្ចឹង
ទៀត ដាំដូងភីងតែម៉្រង ហេហេហេហេ !
អរគុណលោកគ្រូចៅវិចិត្រដែលបានឆ្ងល់មុនតាស៊ីក្លូ…..
សុំទោស! កើត > ខ្នើត ទេ ។
ចេញមកសរសេរជាព្យាង្គរាយ កាលណាក្លាយមកស្ថិតក្នុងផ្នត់ និង ទម្រង់ផ្នត់ផ្សេងពីផ្នត់ដែលរៀបរាប់ខាងលើ ។ ឧ. កើត > កំណើត ផ្នត់ [-អ’មណ-] និង ទម្រង់ផ្នត់ [-សព-] ។
ពិតជាល្អមែន ផ្កាយស្ទើរតែភ្លេចអស់ហើយពីមេរៀនេះ ព្រោះថាខានប្រើ យូរឆ្នាំដែរហើយ
កុំភ្លេច! រំឭកវាឡើងវិញទៅ, ស្ដាយ!
សំរាប់ខ្ញុំ ពាក្យដូចជា កើត ទៅជាខ្នើត កើយទៅជាខ្នើយ ហ្នឹង ជាក់ស្ដែងវាអ៊ីចឹងទៅហើយ លើកលែងពាក្យផ្ដើមដោយ រ ដែលមិនត្រួតគេកើត ដូចជា រាស់ ទៅជា រនាស់ រាប-រនាប រុក-រនុក ។ ភាសាខ្មែរ អោយតែព្យញ្ជនៈពីរនៅជាប់គ្នា បើគ្មានស្រៈ នៅកណ្ដាលទេ គេច្រើនតែត្រួតអ៊ីចឹងហើយ។
ចំពោះខ្ញុំវិញ អ្វីដែលពិបាក គឺមិនដឹងថា ពេលណា ត្រូវជ្រើសរើសប្រភេទមួយណា? ដូចជា
ភ្លឺ ពន្លឺ? បំភ្លឺ?
លើស ពន្លើស? បំផ្លើស?
ផ្លាស់ បន្លាស់? បំលាស់?
កើត ខ្នើត? កំណើត?
ធ្វើម៉េចដឹងថា ពេលណា ត្រូវយកបែប ខ្នើត ពេលណា ត្រូវយកបែប កំណើត? ។ ពាក្យកើត ខ្នើត កំណើត នេះ ខ្ញុំដឹងហើយ តែជាទូទៅ គេមានរបៀបអ្វីមួយច្បាស់លាស់ទេ?
មិនប្រាកដថាពាក្យដែលមានព្យញ្ជនៈពីរជាប់គ្នា គ្មានស្រៈនៅកណ្ដាលត្រូវចេញត្រួតនៅពេលធ្វើកម្លាយទេ ។ ឧ. កត់ > កំណត់, រត់ > ពង្រត់ ។
ភ្លឺ កិ. ជះពន្លឺ, ឱ្យពន្លឺ ។ ឧ. អំពូលនេះភ្លឺខ្លាំងណាស់ ។
ពន្លឺ ន. ជារស្មីដែលភ្លឺ ។ ឧ. ពន្លឺព្រះអាទិត្យជះចូលតាមបង្អួច ។
បំភ្លឺ កិ. ធ្វើឱ្យភ្លឺ ។ ឧ. បញ្ចាំងពិលបំភ្លឺផ្លូវឱ្យខ្ញុំផងមក ។
លើស គឺហួស ចំណែកពន្លើស និង បំផ្លើសប្រើដូចគ្នា ។
ផ្លាស់ កិ. បន្លាស់ ន. តែមិនមានពាក្យ បំលាស់ ទេ ។
ពាក្យកើត បើប្រើដូចជា កើតរោគ, កើតកូន ពាក្យកម្លាយរបស់វាគឺ កំណើត ។ បើជាថ្ងៃ ឧ. ថ្ងៃទី ១ កើត ពាក្យកម្លាយគឺ ខ្នើត ហើយខ្នើតជាខែដែលមាន ១៤ ឬ ១៥ថ្ងៃ គឺថ្ងៃ ១ កើត ដល់ ១៥ កើត ។
បើមានពេលចង់រំលឹកដែរនឹង តែអត់ពេល ម្យ៉ាងដូចអត់មានអីត្រូវប្រើទាក់ទងនឹងអក្សរសាស្រ្តផង ក៏ចេះតែហ៊ឺអ៊ើទៅ
សរសេរប្លករាល់ថ្ងៃ ទាក់ទងហើយតើ 😀
បឿន៖ ខ្ញុំមិនមែនចង់និយាយពីពាក្យបែបនេះទេ។ ដូចពាក្យ កំណត់ យើងមានស្រៈ អំ ចន្លោះ ក និង ណ។
រីឯពាក្យ បំលាស់ គេមានប្រើក្នុង ពាក្យ បំលាស់ទី ដែលមានន័យថា ការផ្លាស់ទី រឺ ចំងាយផ្លាស់ទី។
.
ពាក្យ បាំង មានកម្លាយ(derivation)របស់វាជា បំបាំង កំបាំង របាំង? និង ក្បាំង? ។
ក្បាំង ៖ ជាឈ្មោះម៉ូតសក់ម្យ៉ាងរបស់ស្ត្រីចំណាស់ជាន់ដើម ខ្លីក្រោយ
និងវែងម្ដុំគុម្ពត្រចៀករាងគ្របបាំងស្លឹកត្រចៀកបន្តិច ; គ្រឿងអលង្ការម្យ៉ាងសំរាប់
ពាក់លំអអ្នករបាំដូចជា មកុដ ក្បាំងក្រចាប់ ទំហ៊ូ ជាដើម (គ្មានក្នុងវចនានុក្រមជួនណាត
ទេ តែក្នុងសង្គមខ្មែរយើងមានប្រើន័យនេះដែរ )។
ក្បាំងទូ មិនមែនសំរាប់បាំងទូទេ វាជាផ្នែកដាក់បន្ថែមសំរាប់លំអទូដូចអលង្ការ
ក្បាំងឬកាចាំងនៅលើក្បាលស្រីៗពាក់យកស្អាតផង ទប់សក់ផងដែរ ។
របាំង៖ ជាពាក្យក្លាយមកពី រាំង ទំនងជាងថាមកពីពាក្យ បាំង
បើគិតទៅដល់ពាក្យ រាំ»របាំ រាប់»របាប់ រៀប»របៀប រៀន»របៀន។ល។
របៀបសរសេរវាជាតំរួត បម្បាំង កម្បាំង តាមផ្នត់ជែកទំរង់ -ម- ហ្នឹង
ខ្ញុំដូចមិនដែលឃើញទេ …នេះបើតាមខ្ញុំចាំបាន។
.
សូមសរសើរហើយ ក្រៅពីមានជំនាយ
១. ពូកែរអួតពីប្រពន្ធខ្លួនឯង(ទាំងwordpress និង Facebook សុទ្ធតែរូបប្រពិន្ធ :D)
២. ពូកែរខាង Web develop
អាលូវពួកែរខាងអក្សរសាស្រ្តទៀតសូមស្រសើរ ។