ពាក្យ “ស៊ី” និង ពាក្យ “ញ៉ាំ”


ខ្ញុំ​ជឿ​ថា មនុស្ស​ច្រើន​ណាស់​នៅ​ទីនេះ ដែល​ប្រើ​ពាក្យ “ញ៉ាំ” ជា​ប្រចាំ ។ ចំណែក​ពាក្យ “ស៊ី” វិញ គេ​ពុំសូវ​រាប់​រក​ទេ ដ្បិត ស៊ី ជា​ពាក្យ​អសីលធម៌​ក្នុង​អារម្មណ៍​អ្នក​ផង ។ កន្លង​មក កាល​ណា​ខ្ញុំ​ហាមាត់​និយាយ​​ថា​ស៊ី មាន​អ្នក​ខ្លះ​ខឹង​ខ្ញុំ មិន​ចូលចិត្ត​ខ្ញុំ​​ ថា​ខ្ញុំ​គ្មាន​សីលធម៌​ក៏​មាន ហើយ​​មាន​អ្នក​ខ្លះ​យល់​ថា​ខ្ញុំ​កំប្លែង​ទៅវិញ ។

នៅ​ស្រុក​ខ្ញុំ​មិន​ដែល​ទម្លាប់​និយាយ​ពាក្យ​ញ៉ាំ​​ទេ ធ្លាប់​​​តែ​ពាក្យ ស៊ី, ហូប, ពិសា ។ ខ្ញុំ​មក​ភ្នំពេញ​ប្រាំ ប្រាំមួយ​ឆ្នាំ ក៏​នៅ​ហាមាត់​មិន​រួច​នឹង​គេ កាល​ណា​ខ្ញុំ​សាក​និយាយ​ទៅ ចេះ​តែ​អៀន​ខ្លួន​ឯង “យី! ញ៉ាំ​យ៉ាង​ម៉េច​ទេ​អញ! ” ។ ម្យ៉ាង​គិត​ថា បើ​និយាយ​ពាក្យ​ញ៉ាំ​ទៅ ក្រែង​គេ​គិត​ក្នុង​ចិត្ត​ថា ខ្ញុំ​អ្នក​ស្រែ​ស្មោះ មក​និយាយ ញ៉ាំៗ ធ្វើ​ដូច​ឯង​អ្នក​ក្រុង ។ នឹក​ទៅ បើ​គេ​គិត​ដូច្នោះ​មែន ខ្ញុំ​ខ្មាស​គេ​មិន​តិច​ទេ ។ ក្រោយ​មក ខ្ញុំ​ឆែក​វចនានុក្រម​មើល​ពាក្យ​ស៊ី ហេតុអ្វី​គេ​ថា អសីលធម៌ ហើយ​ពាក្យ​ញ៉ាំ ហេតុអ្វី​អ្នក​ក្រុង​គេ​ចូលចិត្ត​ប្រើ ។

ក្នុង​វចនានុក្រម មើល​ពាក្យ ស៊ី មួយ ខ្ញុំ​បាន​នូវ​អ្វី​ទាំងអស់​ដែល​ខ្ញុំ​ចង់​ដឹង ។ ស៊ី ជា​ពាក្យ​សមញ្ញ​ ប្រើ​ចំពោះ​​គ្នា​​​ស្មើ​គ្នា ។ វចនានុក្រម​ប្រាប់​ថា បុរាណ ប្រើ​ថា ឆី ។ ពាក្យ​ដែល​ទ្រគោះ​មើល​ងាយ​គឺ​ពាក្យ ច្រាស, ច្រាសច្រំ, បុះ, បុះ​ច្រាស, សុល, អំពះ អី​ឯណោះ​ទេ ពាក្យ​នេះ​ខ្ញុំ​ក៏​ស្គាល់​ដែរ ។ ចំណែក​ពាក្យ ញ៉ាំ ជា​ពាក្យ​លំអុត​សម្រាប់​ក្មេង​តូច ។ ខ្ញុំ​បាន​ទៅ​មើល​ពាក្យ ញ៉ាំ នេះ​ទៀត វចនានុក្រម​បញ្ជាក់​ប្រាប់​ថា ពាក្យ​នេះ​ប្រើ​បាន​ចំពោះ​តែ​កូន​ក្មេង​តូច និង ជា​ពាក្យ​ទំយើ ។ ខ្ញុំ​ក៏​គិត​ថា អ្នក​ក្រុង​គេ​និយាយ​ពាក្យ ញ៉ាំ នេះ មក​ពី​ពួក​គេ​ទំយើ​ទេ​ដឹង ។ អ្នក​ក្រុង​នេះ មិនមែន​ទំយើ​ត្រឹម​ក្មេង​ទេ មនុស្ស​ពេញវ័យ​ក៏​គេ​ទំយើ​ដាក់​ដែរ ។ ទំយើ​នេះ គឺ​ឱន​លំទោន​ឱ្យ​ទាប ជា​មនុស្ស​ចាស់ និយាយ​លំទោន​ឱ្យ​ស្មើ​ក្មេង ។ ​ក្នុង​វចនានុក្រម​ ត្រង់​ពាក្យ ទំយើ ក៏​បង្ហាញ​ពាក្យ​មួយ​ចំនួន​ទៀត មាន ឪពុក​ធំ ថា អ៊ំ, ដេក ថា គេង , ស៊ី ថា ញ៉ាំង , បៅ ថា ម៉ឹមអ៊ឹម​, ប្អូន ថា អូន ជាដើម ។

តាម​ការអង្កេត​លើ​វចនានុក្រម សរ​ឱ្យ​ឃើញ​ថា ពាក្យ​ស៊ី មិន​មែន​ជា​ពាក្យ​អសុរស​ដូច​គេ​យល់​ឃើញ​នោះ​ទេ ហើយ​យើង​អាច​យក​មក​ប្រើ​តាម​ធម្មតា​បាន ដូច​ជា​ការនិយាយ​ចំពោះ​ខ្លួនឯង មិន​ចាំបាច់​ប្រើ​ពាក្យ​ថ្នម​ជំទួយ​ដាក់​ខ្លួនឯង​ថា​ញ៉ាំ​ផង​ក៏​បាន ។ ត្រង់​នេះ ខ្ញុំ​នឹកឃើញ​ពាក្យ​ប្រពន្ធ​ខ្ញុំ​ប្រាប់​ខ្ញុំ ថា​មិន​ចេះ​និយាយ​អូន​ទេ រឹង​មាត់​ណាស់ ដូច​ពិបាក​ស្ដាប់​ផង ហើយ​ប្រពន្ធ​ខ្ញុំ​ប្រើ​ពាក្យ ខ្ញុំៗ វិញ ។ ប្រពន្ធ​ខ្ញុំ​មិន​បាន​ដឹង​ថា​ពាក្យ អូន នេះ​ជា​ពាក្យ​ទំយើ​ផង​ទេ តែ​អារម្មណ៍​ប្រពន្ធ​ខ្ញុំ​យល់​ដោយ​ខ្លួនឯង​បាត់​​ទៅ​ហើយ ។ មួយ​ទៀត ខ្ញុំ​ក៏​នឹក​ដល់ សំដី​ក្នុង​ភាពយន្ត​ ឬ ចម្រៀង ក្នុង​ទសវត្សរ៍​ទី ៦០ ដែល​ស្រី​និយាយ​មក​ខ្លួនឯង​ថា ប្អូន ហើយ​ប្រុស​និយាយ​ថា អូន (បែប​ថ្នម) និង ប្អូន ពេល​ខ្លះ ។

ត្រឡប់​មក​វិញ ពាក្យ​ស៊ី​នេះ ជា​ពាក្យ​ធម្មតា​ដូច​ពាក្យ​ប្អូន​ដែរ តែ​គេ​យល់​ថា​ជា​ពាក្យ​អសីលធម៌ គេ​ក៏​លែង​រាប់អាន ហើយ​ប្ដូរ​ពាក្យ​មួយ​ចំនួន​ពី​ស៊ី ទៅ​ញ៉ាំ ដូច​ពាក្យ ទៅ​ស៊ីការ ឥឡូវ​ភាគ​ច្រើន​គេ​ថា ទៅ​ញ៉ាំ​ការ ពាក្យ ស៊ី​ផឹក មាន​អ្នក​ខ្លះ​គេ​ហៅ​ថា ញ៉ាំផឹក ដែរ​ទៅ​ហើយ ។ ដូច​តា ព្រហ្ម ម៉ាញ និយាយ​កំប្លែង​ថា ឥឡូវ ស៊ីក្លូ គេ​ហៅ ញ៉ាំក្លូ ផ្សារ​ស៊ីឡឹប ថា ផ្សារ​ញ៉ាំឡឹប អ្នក​ស្រី ហ៊ឹម ស៊ីវន ក៏​ថា ហ៊ឹម ញ៉ាំវន អី​ដូច្នោះ​ដែរ ។

សរុប​មក យើង​មិន​គួរ​ប្រកាន់​ថា​ពាក្យ ស៊ី ជា​ពាក្យ​អសីលធម៌​ ឬ ជា​ពាក្យ​អសុរស​ទេ ហើយ​បើ​សិន​ជា​អាច គួរ​ប្រើ​ពាក្យ ញ៉ាំ ទៅ​តាម​​កាលៈទេសៈ​ឱ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ ដូច​ជា​ពេល​ណា​ដែល​យើង​ចង់​និយាយ​​ទំយើ ថ្នម ឬ ចំទួយ ទៅ​កាន់​សង្សារ ឬ ប្រពន្ធ​របស់​យើង ។ នេះ​ក៏​​ដើម្បី​ឱ្យ​ភាសា​ខ្មែរ​យើង នៅ​រក្សា​​ភាព​​សម្បូណ៌បែប មាន​អត្ថរស​ និង អត្ថន័យ​ច្បាស់លាស់ និង ដើម្បី​បង្ហាញ​ពី​អារម្មណ៍​ផង​ដែរ ។

51 thoughts on “ពាក្យ “ស៊ី” និង ពាក្យ “ញ៉ាំ”

  1. វិចូច ថ្ងៃចន្ទ ទី 20 ខែធ្នូ 2010 / 8:24 ល្ងាច

    ឧ៖ “តាៗគេង​ចុះ​មក ចាំ​ចៅ​បក​ផ្លិត​ឲ្យ!”

    ហាសហាសហាសហាស! យូរៗ​គិត​ថា តា គាត់​ក្មេង​ដែរ​បាត់​ហើយ។

  2. អែម ចាន់​បុទុំ ថ្ងៃចន្ទ ទី 20 ខែធ្នូ 2010 / 8:24 ល្ងាច

    ពាក្យស៊ី ខ្ញុំក៏ចូលចិត្តប្រើណាស់ដែរ

  3. សុភ័ក្ត្រ ថ្ងៃចន្ទ ទី 20 ខែធ្នូ 2010 / 8:25 ល្ងាច

    ពាក្យ «ស៊ី» មិន​មែន​ជា​ពាក្យ​អសីលធម៌​ ឬ​អសុរស​នោះ​ទេ គ្រាន់​តែ​ជា​ពាក្យ​ដែល​គេ​មិន​សូវ​និយម​ប្រើ​ក្នុង​ស្រទាប់​អ្នក​ក្រុង ឬ​ស្រទាប់​ជន​មួយ​ក្រុម​ណា​មួយ​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ យូរ​ៗ​ទៅ​ក៏​ក្លាយ​ជា​ទម្លាប់ នៅ​ពេល​ដែល​រើស​យក​ពាក្យ​នោះ​មក​និយាយ​ហាក់​មាន​សំនៀង​មិន​សូវ​ពីរោះ​ស្ដាប់​ក្នុង​ស្រទាប់​ជន​ទាំង​នោះ ជា​ហេតុ​ដែល​គេ​ត្រូវ​ជ្រើស​រើស​ពាក្យ​សមមូល​ណា​មួយ​មក​ប្រើ​ជំនួស។ ប្រការ​នេះ​ជៀស​មិន​រួច​ទេ​ក្នុង​ភាសា មិន​ថា​ភាសា​ណា​នោះ​ទេ។ ពាក្យ​ខ្លះ​ក៏​មាន​ដែរ ដែល​អ្នក​នៅ​ស្រុក​ជន​បទ​ទម្លាប់​ហៅ ឬ​និយាយ​ខុស​ពី​អ្នក​នៅ​ក្រុង​ក៏​មាន​ដែរ។

  4. សុភា ថ្ងៃចន្ទ ទី 20 ខែធ្នូ 2010 / 8:27 ល្ងាច

    ពាក្យស៊ីនេះ ខ្ញុំប្រើជាមួយតែមិត្តភក្តិជិតស្និតប៉ុន្មានអ្នក ហើយនៅពេលដែលនិយាយលេងៗប៉ុណ្ណោះ ព្រោះខ្លាចគេថាអត់សិលធម៌ដែរ។ តែទោះជាអានហើយ ក៏ដូចជាមិនហានប្រើដែរ។

    ខ្ញុំគិតថាមានរឿងដែលត្រូវពិចារណាវែងឆ្ងាយបន្តិចទៀត

  5. អែម ចាន់​បុទុំ ថ្ងៃចន្ទ ទី 20 ខែធ្នូ 2010 / 8:30 ល្ងាច

    ហើយភា ឯងត្រូវពិចារណាដល់ណាទៀតដែរ ប្រហែលដល់ពីបារាំងមកខ្មែរអត់ ហិហិហិ

  6. sreypov90 ថ្ងៃចន្ទ ទី 20 ខែធ្នូ 2010 / 8:42 ល្ងាច

    តែ​ត្រូវ​ចាំ​ថា​ភា​សា​ពី​ដើម​ និង​ឥលូវ​មាន​ការ​ខុស​គ្នា​ណា​។ ភា​សា​ណា​ក៏​ដោយ​ របៀប​និ​យាយ​ពី​ដើម​ និង​បច្ចុ​ប្បន្ន​តែង​ខុស​គ្នា​ជានិច្ច​​។ សួរ​ថា​វចនា​នុ​ក្រម​ ជួន​ ណាត​តាំង​ពី​ឆ្នាំ​ណា​ហើយ​? មិន​គួរ​ពឹង​ផ្អែក​លើ​សៀវ​ភៅ​មួយ​ក្បាល​នេះ​ពេក​ទេ​ ហើយ​ក៏​មិន​គួរ​ឆែក​ពាក្យ​អី​ឃើញ​ហើយ​ ក៏​រេ​តាម​សៀវ​ភៅ​នោះ​ភ្លាម​ៗ​តាម​តែ​ការ​យល់​ឃើញ​ដែរ​។ មិន​អី​ទេ​ នេះ​គ្រាន់​តែ​ជា​ទស្សនៈ​យើង​។ តែ​ខ្ញុំ​ចង់​ប្រាប់​រឿង​មួយ​។ ជា​ធម្មតា​អ្នក​ក្រុង​ និង​អ្នក​ខេត្ត​របៀប​និ​យាយ​ខុស​គ្នា​ អ្នក​ខេត្ត​ច្រើន​​និ​យាយ​មិន​សូវ​ពិ​រោះ​ស្តាប់​​ (ស៊ី​ អញ​ ឳ….) ដែល​ពាក្យ​ទាំង​នេះ​អ្នក​ក្រុង​យល់​ថា​ មិន​ពិ​រោះ​ស្តាប់​។​ អ្នក​ក្រុង​​និ​យម​​និយាយ​សម្តី​ពិ​រោះ​ពិ​សារ​ ហើយ​ប្រ​សិន​បើ​បង​និ​យាយ​ពាក្យ​ស៊ី អញ​ ​នៅ​ក្រុង​ គេ​ប្រា​កដ​ជា​យល់​ថា​បង​ឥត​សុ​ជី​វ​ធម៌​ហើយ​។ តែ​បើ​បង​ទៅ​និ​យាយ​ពាក្យ​ញ៉ាំ​នៅ​ស្រុក​ដែល​គេ​និយម​និយាយ​ស៊ី​ នោះ​គេ​ក៏ប្រា​កដ​ជា​ថា​ បង​ចរិក​ដូច​ស្រី​ ឬ​ក៏​យ៉ាង​ណា​ទៀត​ហើយ​។ ដូច​នេះ​ទៅ​ណា​ ត្រូវ​រៀន​ពី​វប្ប​ធម៌​ស្រុក​នោះ​ ដែល​គេ​ថា​ ចូល​ស្ទឹង​តាម​បទ​នោះ​អី​បង​។

  7. sreypov90 ថ្ងៃចន្ទ ទី 20 ខែធ្នូ 2010 / 8:45 ល្ងាច

    ហើយ​ក៏​មិន​ខុស​អី​ពី​អ្នក​ស្រុក​ភ្នំ​ពេញ​និង​សៀម​រាប​ដែល​និយាយ​បញ្ចេញ​រលាក់​សម្លេង​ខុស​គ្នា​។ អ្នក​ភ្នំ​ពេញ​យល់​ថា​អ្នក​សៀម​រាប​និយាយ​ប្លែក​ ឯ​អ្នក​សៀម​រាប​ក៏​យល់​ថា​អ្នក​ភ្នំពេញ​និយាយ​ប្លែក​ដែរ​។

  8. វិចិត្រ ថ្ងៃចន្ទ ទី 20 ខែធ្នូ 2010 / 10:32 ល្ងាច

    មាន​នរណា​គេ​នុះ ខ្ញុំ​លឺតមក​តាម​គេ​ដែរ គេ​ថា
    “និយាយ​ថា ញ៉ាំ សំគាល់​ថា​ពួក​អាញ៉ែ
    និយាយថា ហូប សំគាល់​ថា​ពួកមឹះៗ កេះ​ឆ្នាំង​បាយ​ធ្លុះ
    និយាយថា ស៊ីៗ សាមញ្ញ​ៗ ទៅ “

  9. ឧត្តម ថ្ងៃចន្ទ ទី 20 ខែធ្នូ 2010 / 10:47 ល្ងាច

    ពេញចិត្តអត្ថបទនេះ

  10. ណាមភីន ថ្ងៃចន្ទ ទី 20 ខែធ្នូ 2010 / 11:36 ល្ងាច

    ការ​ពិត​និយាយ​ឱ្យ​ត្រង់​ ហើយ​ឱ្យ​ខ្មាស់គេ​មួយ​ចុះ ខ្ញុំ​ស្រឡាញ់​បង​បឿន​ដំបូង​មក​ពី​គាត់​និយាយ​ពាក្យ ស៊ីៗ​នេះ​ហើយ ព្រោះ​មិនដែល​មាន​ប្រុស​ណា​​តាម​ស្រឡាញ់​ស្រី​គេ​ប្រើ​ពាក្យ​ចឹងៗ​ទេ ស្តាប់ដំបូង​ចេះ​តែ​អស់​សំណើចហើយគិត​ថាគាត់​ជា​មនុស្សអសីលធម៌ដែរ តែក្រោយ​ពីស្គាល់​គាត់​មួយ​រយះ​ទើប​យល់​ថាពាក្យស៊ីៗនេះ​ជា​ភាសាស្មោះត្រង់​មិនចេះលាក់​ពុតរបស់​គាត់​ ហើយក៏​ចឹងៗទៅ ;)។

  11. ឧត្តម ថ្ងៃអង្គារ ទី 21 ខែធ្នូ 2010 / 8:57 ព្រឹក

    កិកិកិ😆

  12. Samady KS ថ្ងៃអង្គារ ទី 21 ខែធ្នូ 2010 / 9:06 ព្រឹក

    អាភិន​អើយ អាភីន មិន​បាច់​មក​សរសើរ​ប្ដី​នៅ​កណ្ដាល​វាល​ចឹង​ទេ, ហា​ហា​ហា

  13. ណាមភីន ថ្ងៃអង្គារ ទី 21 ខែធ្នូ 2010 / 9:26 ព្រឹក

    មិន​បាន​សរសើរ​ទេ​និយាយ​កាពិត​បងបឿន​មានកន្លែង​គួរឱ្យ​ស្រឡាញ់​ច្រើន​មិនដូច​សាម៉ាឌីឯង​ទេ!!😀

  14. Monika - ម៉ូនីការ ថ្ងៃអង្គារ ទី 21 ខែធ្នូ 2010 / 10:20 ព្រឹក

    ដាក់ចូលមាត់ដូចរ៉ាគ្នា ហេហេ!

  15. sambatt ថ្ងៃអង្គារ ទី 21 ខែធ្នូ 2010 / 10:23 ព្រឹក

    ពាក្យ ស៊ី ឥឡូវ លែងសូវមានគេប្រើ។
    ពាក្យ ញុំា ជាពាក្យទំនើបទាន់់សម័យ ឯពាក្យស៊ី ជាពាក្យ
    ដែលហួសសម័យ។អ្នកស្រែក៏ចាប់់ប្រើពាក្យញុំាំ ដូចអ្នកក្រុងដែរ។
    អ្នកខ្លះប្រើពាក្យស៊ី ទៅកាន់់កូន ពេលខឹង ឫមួម៉ៅនឹងពួកគេ
    ហើយពេលបាត់់ខឹង និយាយពាក្យ ញុំា វិញ។
    ម្យ៉ាងទៀត ពាក្យស៊ី គេច្រើនប្រើចំពោះសត្វ។ឧ.សេះ គោ ស៊ីស្មៅ៖
    អត់់អាចថា សេះ គោ ញុំាឫ ហូបស្មៅបានទេ។រីឯមនុស្សវិញ គេប្រើ
    ពាក្យស៊ី ( ច្រាស់់ច្រំ, កណ្ដាលទ្រូង=ពាក្យអសុរស) ឆី ញុំា ហូប ពិសា បរិភោគ បាយ សោយ ឆាន់់ ទទួលទាន…
    ភាសាខ្មេរយើងពិបាកណាស់់ ស្មុកស្មាញណាស់់ ពីព្រោះតែរឿងឋានៈ
    ឫវណ្ណៈ។ចាស់់ៗនិយាយពាក្យស៊ីទៅកាន់់ក្មេងៗបាន ផ្ទុយទៅវិញ
    បើក្មេងនិយាយស៊ីទៅកាន់់គាត់់វិញ ច្បាស់់ជាខឹងសប្បាខ្លំាងនឹងក្មេងពុំខាន
    ហើយថាក្មេងនោះអត់់ពូជ។ភាសាបារំាង អង់់គ្លេស ស្រួលណាស់់៖
    manger ,eat ទំាងអស់់គ្នា។

  16. monyrinataro ថ្ងៃអង្គារ ទី 21 ខែធ្នូ 2010 / 10:29 ព្រឹក

    ស្ទាវ គេហៅទំនើង ប្លន់គេហៅលួចដោយហឹង្សា ។ គ្មានអីត្រូវឆ្ងល់ទេ លោកបឿនអើយ វចនានុក្រមនោះ កើតមុនរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដល់តែឥឡូវគេជិតផ្លាស់ប្តូរអស់ហើយ។ តិចទៀតវចនានុក្រម ក៏ត្រូវតែធ្វើវិសោធនកម្មដែរ!

  17. monyrinataro ថ្ងៃអង្គារ ទី 21 ខែធ្នូ 2010 / 10:33 ព្រឹក

    ទូលបង្គំសុំ ” ស៊ី ” មួយចំអែត .។ តា! តាឯង ” ដេក ” ហើយនៅ?
    ម៉ែ! តើម៉ែ “ស៊ី “បាយហើយនៅ? 🙂

  18. វិចូច ថ្ងៃអង្គារ ទី 21 ខែធ្នូ 2010 / 11:32 ព្រឹក

    »បង​ភីន៖ ពូបឿន​ដូច​តែ​ខ្ញុំរ៉េ ហាសហាសហាស មិនដែល​និយាយ​ញ៉ាំ ហូប ជាមួយ​ស្រីៗទេ គ្មាន​អី​ក្រៅ​ពី “ស៊ី” នោះទេ😀

  19. ឧត្តម ថ្ងៃអង្គារ ទី 21 ខែធ្នូ 2010 / 11:36 ព្រឹក

    ហ្នឹងបែបចង់ឲ្យបងភីនចាឡាញ់ដែរម៉ង បានចង់ដូចបងបឿន!

  20. វិចូច ថ្ងៃអង្គារ ទី 21 ខែធ្នូ 2010 / 12:05 ល្ងាច

    ហាសហាសហាស!😆

  21. ទឹម បឿន ថ្ងៃអង្គារ ទី 21 ខែធ្នូ 2010 / 1:47 ល្ងាច

    ច្រូច​ចង់​បាន​បាយ​ថ្ងៃ ទើប​ចង់​ឱ្យ​បងភីន​ស្រឡាញ់😀

  22. វិចូច ថ្ងៃអង្គារ ទី 21 ខែធ្នូ 2010 / 4:24 ល្ងាច

    ហេសហេស! ចេះ​តែ​ថា​ហើយ​ពូបឿន😀

  23. Samady KS ថ្ងៃអង្គារ ទី 21 ខែធ្នូ 2010 / 4:54 ល្ងាច

    អឺ អា​​ខ្ចូច! ខំ​ប្រឹង​សរសើ​ឱ្យ​បាន​ច្រើន​តិច​ទៀត​ទៅ បើ​មិន​ដូច​​ច្នេះ​ទេ​ច្បាស់​ជា​លែង​​បាន​ស៊ី​បាយ​នៅ​ហ្នឹង​ទៀត​ហើយ

  24. អែម ចាន់​បុទុំ ថ្ងៃអង្គារ ទី 21 ខែធ្នូ 2010 / 5:09 ល្ងាច

    ហាហាហា និយាយដូចត្រូវបឿន សង្ស័យអាទិត្យនេះទៅហ្នុងទៀតហើយដឹង

  25. វិចូច ថ្ងៃអង្គារ ទី 21 ខែធ្នូ 2010 / 5:09 ល្ងាច

    😀

  26. Fidele ថ្ងៃអង្គារ ទី 21 ខែធ្នូ 2010 / 9:12 ល្ងាច

    នេះ​ក្លាយ​ទៅ​ជា​ទម្លាប់​ទៅ​ហើយ មិន​ងាយ​នឹង​កែ​បាន​នោះ​ទេ…:mrgreen:

  27. sambatt ថ្ងៃពុធ ទី 22 ខែធ្នូ 2010 / 6:06 ព្រឹក

    យូរៗទៅ សូម្បីពាក្យ ផឹក ក៏មិនសូវយកមកនិយាយ ដោយ
    ប្រើពាក្យញុំា ហូប ពិសាមកជំនួសពាក្យផឹក វិញ។នេះក៏ពីព្រោះគេ
    តែងដឹងថាក្នុងពិធីជប់់លៀង គេស៊ីផឹក គឺស៊ីហើយ ផឹកស្រា ។អញ្ចឹងហើយ
    បានជាដឹងថាផឹកវាទាក់់ទិននឹងស្រា ហើយអ្នកដែលផឹកទាល់់តែស្រវឹង
    ញឹកញាប់់នោះ គេហៅថាអ្នកប្រមឹក។សូម្បីពាក្យអង់់គ្លេស
    Drink ក៏ជួនកាលសំដៅទៅលើការផឹកស្រាដែរដូចគេថាDon“ t drink and drive៖កុំបើក(ឡាន) ហើយផឹក។ដូច្នេះហើយ អ្នកដែលស្រវឹង ភាសាអង់់គ្លេសហៅថា Drunk។
    ប្រការមួយទៀតដែលគេ(ភាគច្រើនអ្នកក្រុង)មិនសូវចំណូលប្រើពាក្យស៊ី,
    តាមខ្ញុំយល់់,ស៊ី ដូចជាសត្វ ស៊ី។ដល់់ចឹង បើថាមនុស្សស៊ីបាយ អាចនឹងនំាគ្នាថាស៊ីដូចជាសត្វ …ចឹងឃើញថាអន់់ ទាបថោក ។
    អ្នកខ្លះ ដោយមិនចង់់ប្រើពាក្យស៊ីបាយឫហូបបាយ ក៏និយាយថាបាយតែប៉ុណ្ណឹង ដូចជាគេសួរគ្នាថា បាយហើយនៅ?

  28. enana88 ថ្ងៃពុធ ទី 22 ខែធ្នូ 2010 / 8:07 ព្រឹក

    គាំទ្របងបឿន!

  29. ចាន់ផល ថ្ងៃពុធ ទី 22 ខែធ្នូ 2010 / 10:05 ព្រឹក

    ពាក្យ«ស៊ី»​​ហ្នឹង​ ខ្ញុំ​ក៏​ប្រើ​ដែរ។ ខ្ញុំ​រៀន​ប្រើ​ពាក្យ​តាម​អ្នក​ស្រុក​ខ្ញុំ​តាំង​ពី​តូច ហើយ​​នៅ​ស្រុក​ខ្ញុំ​ពាក្យ​​«ស៊ី»​នេះ ប្រើ​បាន​តែ​ជាមួយ​មនុស្ស​វ័យ​ស្មើ​គ្នា ឬ​តិច​ជាង​ប៉ុណ្ណោះ បើ​និយាយ​ទៅ​មនុស្ស​ចាស់ គឺ​អសីលធម៌។ ឧទាហរណ៍៖ ពុក​ពិសា​បាយ​មុន​ទៅ ចាំ​ខ្ញុំ​ស៊ី​តាម​ក្រោយ។🙂

  30. ទឹម បឿន ថ្ងៃពុធ ទី 22 ខែធ្នូ 2010 / 2:38 ល្ងាច

    ស្រុក​ចាន់ផល និយាយ​ដូច​ស្រុក​ខ្ញុំ ។

  31. V-Memo ថ្ងៃ​ព្រហស្បតិ៍ ទី 23 ខែធ្នូ 2010 / 9:31 ព្រឹក

    បឿ​ភ្លេច​សំណូម​ពរ​ខ្ញុំ​ហើយ!😦

  32. ផ្កាលាក់សន្លឹក ថ្ងៃសុក្រ ទី 24 ខែធ្នូ 2010 / 12:16 ល្ងាច

    ថាទំយើក៏ថាបាន​ប៉ុន្តែខ្ញុំនឹកឃើញពាក្យមួយដែលមិនអាច នឹងបដិសេធបាន​ទេ ដែលទឹកចិត្តនៃមនុស្សមាន(តើអ្នកណាខ្ឡះដែលគ្មានទឹកចិត្តនេះ?) មិនស៊ីជោ​ ទេ តែបង្អាប់ខឹង! ការឲនលំទោនដាក់គ្នា នាំសុខសន្តិភាព ផ្ទុយទៅវិញ ភាពប្រទាំង​ប្រទើសនាំនូវភាពខ្វះសណ្តោស​និងអធ្យាស្រ័យ។

    ខ្ញុំបានសង្កេតឃើញថា ឥឡូវនេះពាក្យស៊ីនេះគេមិនសូវប្រើមែន​។ ជាការព្រួយបារម្ភមួយដែចំពោះការបាត់បង់ភាពសម្បូរបែបនៃពាក្យនៃភាសាខ្មែរ។

  33. សុផល ថ្ងៃសុក្រ ទី 24 ខែធ្នូ 2010 / 12:29 ល្ងាច

    ពាក្យខ្មែរ(ស៊ី) នេះប្រើទៅតាមតំបន់ ឋានមនុស្ស ជាដើម។ជូនកាលនៅតាម ខេត្ដនីមួយៗប្រើផ្សេងគ្នាដូចយ៉ាងនៅខេត្ដកំពង់ស្ពឺ ស្រុកខ្លះនិយាយថា៖​ ទរបាយមុនទៅម៉ែវា ខ្ញុំភ្ជួរបង្ហើយថ្នាលខាងមុខសិន ចាំទៅទរ(ស៊ី) តាមក្រោយ(ទរ=ស៊ី,ហូប, ញ៉ាំ)។ តាមវចនានុក្រមមិនខុសឡើយ តែសង្គមយើងវិវឌ្ឍមិនឈប់ ម្លោះហើយការប្រើក៏ទៅតាមការវិវឌ្ឍន៍នៃសង្គមដែរ។ ពេលនិយាយពាក្យ ស៊ី ទៅកាន់មិត្រភ័ក្រ្ដជិតស្និទ្ធមិនថ្វីទេ តែបើនិយាយទៅកាន់ព្រះសង្ឃ មហា ក្សត្រ ចាស់ព្រឹទ្ធាចារ្យ នោះប្រាកដជាមានបញ្ហាពុំខាន។ ខ្មែរយើងប្រើពាក្យ ទៅតាមឋានន្តរសក្ដិ ឋាននៃមនុស្ស ជាដើម។ មើលវចនានុក្រមខ្មែរមួយមុខ មិនទាន់អស់សេចក្ដីនៅឡើយ សូមមើល សៀវភៅរាជស័ព្ទជាដើម សំរាប់ជាជំនួយ ក្នុងការប្រើប្រាស់ពាក្យខ្មែរ តាមពេលវេលានិងកាល:ទេស:​ ។

  34. ស្រឡាញ់ខ្មែរ ថ្ងៃសៅរ៍ ទី 25 ខែធ្នូ 2010 / 1:02 ព្រឹក

    សួស្តី !!!

    ពោលឱ្យខ្លីទៅ ការប្រើប្រាសពាក្យមិនសមរម្យ ទាំងអស់ហ្នឹង
    ហើយដែលអាចនាំឱ្យស្គាល់អំពី ចរិតខ្មែរជាក់ច្បាស់ ដូចជា
    មួយឃ្លាថា សៀមមិនចោល ក្បួន យួនមិនចោលពិត ខ្មែរស៊ុត
    ទ្រុតមិនចោលចែរចូវ !!!!! ដឹងថា ​ចរិត គឺ មិនមែន ចរឹត នៅតែ
    បំពាន ។ ហ្នឹងក៏យើងអាចសង្កេតសម្គាល់ ពីចរិត របស់បុគ្គល
    នោះដែរ !!

  35. Bandith ថ្ងៃសុក្រ ទី 31 ខែធ្នូ 2010 / 4:11 ល្ងាច

    តឹមដឹងថាប្រពន្ធក្បឿនស្រលាញ់ប្តីដោយសារពាក្យស៊ី ប្លែកៗ បើឯងវិញកាលតាមញ៉ែប្រពន្ធដំបូងនិយាយតាចឹងៗ គ្មានបានដល់សព្វថ្ងៃទេ

  36. REaK ថ្ងៃសៅរ៍ ទី 1 ខែមករា 2011 / 12:04 ល្ងាច

    ពាក្យច្រើនពេក ន័យដូចតែគ្នា ចែកឆ្កែប្រើខ្លះទៅ

    ឆ្កែ ស៊ីបាយ
    មនុស្ស ញ៉ាំបាយ

    ឆ្កែ ផើម
    មនុស្ស មានផ្ទៃពោះ

  37. khmerling ថ្ងៃអាទិត្យ ទី 2 ខែមករា 2011 / 11:50 ព្រឹក

    ស៊ី ឆ្អែតជាង ញ៉ាំ ព្រោះមិនបាច់រៀបចំឥរិយាបទអីឲ្យលំបាកចិត្ត តែបើ ញ៉ាំ វិញ ដូចជាត្រូវធ្វើឲ្យមានរបៀបរៀបរយ ទំពារថ្នមៗ និយាយកោកកាកមិនបាន ។ ដើម្បីក្រពះឆ្អែត ក្រហេវ ត្រូវតែស៊ី ។ ស៊ីឆ្អែតបាត់ឃ្លាន ដេកលក់បាត់ខ្លាច ។

  38. ទឹម បឿន ថ្ងៃចន្ទ ទី 3 ខែមករា 2011 / 9:28 ព្រឹក

    មិនមែន​ពាក្យ ស៊ី ពាក្យ ញ៉ាំ ហ្នឹង ទាក់ទង​នឹង​ការរៀបឫក​ រៀប​ឥរិយាបទ​ទេ ។ មក​ពី​អ្នក​ប្រើ យល់​ខុស​ដោយខ្លួនឯង ។

  39. វិចិត្រ ថ្ងៃចន្ទ ទី 3 ខែមករា 2011 / 4:14 ល្ងាច

    តាម​ពិត​ទៅ​ យើង​គួរ​ដឹង​ថា វចនានុក្រម​ខ្មែរ មិន​មែនជា​សៀវភៅ​សុជីវធម៌ សៀវភៅបច្ចេក​ទេស។ល។ នោះ ទេ។ វចនានុក្រម​គ្រាន់​តែ​ផ្ដល់​ន័យ​ទូទៅ​ត្រួសៗ ចង្អុល​បង្ហាញ​ខ្លះ​ៗ លំ​ៗ តែប៉ុណ្ណោះ។ បើ​ចង់​មើល​ពាក្យ​ច្បាប់​មួយ គេ​ត្រូវ​បើក​វចនានុក្រម​ច្បាប់ បើ​ចង់​មើល​ពាក្យ​ពេទ្យ គេ​ត្រូវ​បើក​វចនានុក្រម​ពេទ្យ។
    ការ​ស្លៀកពាក់​ សុជីវធម៌ ប្រែប្រួល​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ពី​សម័យ​មួយ​ទៅ​សម័យ​មួយ ។ ​មនុស្ស​ដែល​ចេះ​ប្រតិបត្តិ​បត្តិ​ខ្លួន​ត្រឹម​ត្រូវ​តាម​កាលៈ​ទេសៈ​ទាំង​នេះ ហៅ​ថា​ជា​មនុស្ស​ស៊ីវីឡៃ។ ពីបុរាណ​ គេ​និយាយ​ពាក្យ អញ ជា​ធម្មតា តែ​ពេល​នេះគេ​មាន​​របៀប​ប្រើ​ប្រាស់​ផ្សេង​ទៅ​វិញ។
    នៅ​តាម​ផ្លូវ​គេ​អាច​ពាក់​មួក​បាន​ជា​ធម្មតា ពេល​ចូល​វត្ត​គេ​ត្រូវ​ដោះ​មួក។ នៅ​ស្រុក​អឺរ៉ុប មនុស្ស​អាច​អោប​ថើប​គ្នា នៅ​តាម​ផ្លូវ​សាធារណៈ​បាន តែ​នៅ​ស្រុក​ខ្មែរ​គេ​មិន​អាច​ធ្វើ​បែប​នេះ​បាន​ទេ។
    អ្នក​នៅ​ភ្នំពេញ​ គេ​និយម​និយាយ​ពាក្យ ញ៉ាំ​ជំនួស​ពាក្យ ស៊ី និយាយ​ពាក្យ គូទ​ (ដូចជា គូទឡាន) ជំនួស​ពាក្យ ក្ដិត ( ខ្ញុំ​និយាយ​តែ​ក្ដិត​ឡាន) ។ល។ នេះ​ជា​របៀប​និយាយ​ស្ដី​របស់​គេ។ បើ​យើង​ប្រតិបត្តិ​ខ្លួន​ខុស​ពី​របៀប​របប​អស់​នោះ ក៏​យើង​មិន​ខុស​ច្បាប់​អ្វី​ដែរ គ្រាន់​តែ​វា​ដូច​នឹង​មនុស្ស​មួយ​ហ្វូង​គេ​ស្លៀក​ពាក់ស​ដូចគ្នា​ទាំង​អស់ ខុស​គេ​តែ​យើង​ម្នាក់​ ដែល​ស្លៀក​ពាក់​ខ្មៅ។ ជួនកាល ខុស​គេ​ វា​ជា​លំអ​មួយ ជួន​កាល​វា​ជា​ការ​រំខាន​ទៅ​វិញ។

    គេ​ពាក្យ​ចាស់​មួយ​នោះ ខ្ញុំ​មិន​សូវចាំ ដូចជា ចូល​ស្រុក​អោយ​មើល​បទ ?

  40. sambatt ថ្ងៃចន្ទ ទី 3 ខែមករា 2011 / 6:14 ល្ងាច

    ពាក្យចាស់់ថា៖ចូលស្ទឹងតាមបទ ចូលស្រុកតាមប្រទេស។

    ភាសានិយាយការស្លៀកពាក់់និងរបៀបរបបរស់់នៅមាន
    ការប្រែប្រួលជាលំដាប់់(វិវត្តន៏),មិនមែនតែភាសាខ្មែរយើងទេ។
    កាលពី ដើម ពាក្យបង្កើតថ្មីក៏មិនទាន់់មានច្រើន។ដូច្នេះក៏មិនទាន់់អោយ
    យើងអាចយកមកប្រើប្រាស់់ខុសៗគ្នាទៅតាមស្រុកឫតំបន់់បានទេ។
    ពាក្យស៊ី នៅស្រុកខ្លះគេប្រើជាធម្មតារបស់់គេ ដូច្នេះក៏មិនមានការប្រកាន់់គ្នា
    អីដែរ។តាម មើពាក្យ ស៊ី ទំនងទំនងក្លាយមកពីពាក្យចិន ៖ខ្ញុំបើកមើលសៀវភៅ
    សន្ទនាភាសាចិនមួយ (កុកងឺ?ខ្ញុំអត់់ចេះចិនទេ) គេថា
    សឹមី=ស៊ីមី(ភាសាយើង)។

  41. ទឹម បឿន ថ្ងៃចន្ទ ទី 3 ខែមករា 2011 / 6:30 ល្ងាច

    បើ​លោកគ្រូ​ថា​ដូច្នោះ ក៏​មិន​ត្រូវ​ទាំងអស់​ដែរ ។ កាល​ពី​មុន បើ​អ្នក​ក្រុង​ទៅ​ស្រែ ចាស់ៗ​តែងតែ​​អញ្ជើញ​គាត់​ហូប​បាយ អ្នក​ក្រុង​តែងតែ​តប​មក​វិញ​ថា ញ៉ាំ ឬ មិន​ញ៉ាំ មិន​ឃើញ​អ្នក​ក្រុង​ទាំងនោះ​និយាយ​ហូប​តាម​អ្នក​នៅ​ស្រែ​ចម្ការ​ផង​ទេ អ្នក​ខ្លះ​ទៀត​ក៏​ធ្វើ​ជំទួយ​ខ្ពើម​ដី​មិន​ហ៊ាន​​ដើរ​ជាន់​ផង ។ ព្រះសង្ឃ បើ​ទោះ​ទៅ​ដល់​ស្រុក​ណា ទេស​ណា ក៏​នៅ​តែ​ប្រើ​ពាក្យ​ឆាន់ ស្លៀក​ស្បង់​ចីពរ​​ ទោះ​ក្នុង​ចំណោម​គេ​ស្លៀក​ពាក្យ​ស ឬ ខ្មៅ​សុទ្ធ ។ បរទេស​ដែល​មក​ស្រុក​ខ្មែរ មិន​ឃើញ​ធ្វើ​ចរិត​អៀន​ខ្មាស​តាម​ខ្មែរ​ឯណា អ្នក​ខ្លះ​នៅ​មាត់​សមុទ្រ លែង​ខ្លួន​ទទេ អង្គុយ​ធ្វើ​រំភើយ ។ តើ​មាន​នរណា​ទៅ​ថា​អី​ដល់​ព្រះសង្ឃ នរណា​ទៅយក​ទោស​ពៃរ៍​ជន​បរទេស ឬ អ្នក​ក្រុង​ដែល​ទៅ​ស្រែ​ទាំង​នោះ ។

    ខ្ញុំយល់​ថា ពាក្យ “ហូប” ពីរោះ​ពិសា សម្រាប់​ជន​ទូទៅ​ណាស់​ទៅ​ហើយ ។ ខ្ញុំ​និយាយ​ពាក្យ​ស៊ី​ចំពោះ​ខ្លួន​ខ្ញុំ ពាក្យ​ហូប​ទៅ​អ្នក​ដទៃ ពាក្យ ហូប ឬ ពិសា ទៅ​កាន់​ចាស់ៗ និង ឪពុក​ម្ដាយ តើ​ខ្ញុំ​អាច​ចូល​ជា​មនុស្ស​ដែល​ពាក់​អាវ​ខ្មៅ​ក្នុង​ចំណោម​អាវ​ស​មួយ​ហ្វូង​ទេ ?

  42. វិចិត្រ ថ្ងៃចន្ទ ទី 3 ខែមករា 2011 / 9:36 ល្ងាច

    ពេល​ដែល​អ្នក​ក្រុងអស់​នោះ​ធ្វើ​បែបនេះ តើអ្នក​ស្រែ​សរសើរ​ពួក​គេ​រឺអត់? ខ្ញុំ​ថា​គ្មាន​ទេ មាន​តែ​លួច​ដៀល​តែប៉ុណ្ណោះ។
    អ្នក​ក្រុង​និយាយ​ញ៉ាំ ទៅ​កាន់​អ្នក​ស្រែ អ្នក​ស្រែស្ដាប់​ទៅ​ដូចជា​ទ្រលាន់ អ្នក​ស្រែ​និយាយ​ស៊ី ទៅ​កាន់​អ្នក​ក្រុង អ្នក​ក្រុង​ស្ដាប់​ទៅដូចជា​ឈ្លើយ។
    ព្រះសង្ឃ​ស្លៀក​ពាក់​តាម​បែប​ព្រះ​សង្ឃ​ ហ្នឹង​ហើយ​ដែល​ថា​ ក្រិត្យក្រម​របស់​ព្រះសង្ឃ​នោះ បើ​ព្រះ​សង្ឃ​នោះ​ស្លៀក​ពាក់អាវ​ក្រលេក្រលា​ខុសគេ​ អាហ្នឹង​បាន​ថា​ខុស​គេ។ ពេល​យើង​និយាយ​ជា​មួយ​ព្រះ​សង្ឃ​ក៏​ត្រូវ​ការ​មាន​របៀប​និយាយ​ដែរ ពេល​ធម្មតា​ថា ខ្ញុំ ពេល​និយាយ​ជា​មួយ​បព្វជិត​ថា កូណា។ល។ ក្មេង​និយាយ​ទៅកាន់​ចាស់​ថា ពិសារ ពេល​និយាយ​ជាមួយ​គ្នា​ឯង ថា​ស៊ីៗ អាហ្នឹង​ជា​របៀប​និយាយ​ស្ដី​ម្យ៉ាង។ ដល់​ទៅ​អ្នក​ក្រុង​គេ​បង្រៀន​កូន​ចៅ​គេ​អោយ​និយាយ​ទៅ​កាន់ក្មេង​ដូចគ្នា​ថា ញ៉ាំ និយាយ​ទៅ​កាន់​ចាស់​ថា ពិសារ អាហ្នឹង​ជា​របៀប​របស់​អ្នក​ក្រុង។
    ការ​ប្រតិបត្តិ​អោយ​ចុះ​ចំនោម​ហ្នឹងគេ​ វា​មិនមែន​ជា​កាតព្វកិច្ច ដែល​ថា​មនុស្ស​គ្រប់​រូប​ត្រូវ​តែ​ធ្វើ​នោះ​ទេ។ បរទេស​មិន​ធ្វើ​តាម​ខ្មែរនោះ វា​ធម្មតា​ទេ ខ្មែរ​ក៏​មិន​ធ្វើ​តាម​បរទេស​ដែរ។ តែ​ឧបមា​ថា ទៅ​ស៊ីកា​រគេ គេ​ស្លៀកពាក់​ស្អាត​បាត​គ្រប់​គ្នា ខុស​គេ​តែ​ឯងស្លៀក​ក្រមា ទៅ​ចូល​រួម​ អាហ្នឹង​ហើយ​ហៅ​ថា​ខុស​គេ។ តែ​របៀប​ខុស​គេហ្នឹង បើ​យើង​ធ្វើ​ទៅ មាន​នរណា​ទៅ​ហាម​ឃាត់​យើង​បាន។ ដូច​ដែល​ខ្ញុំ​បាន​និយាយ​រួច​ហើយ​អ៊ីចឹង អ្វី​ដែល​ខុស​គេ​ហ្នឹង ជួនកាល​វា​ម្យ៉ាង​ទៅ ប្រៀប​ដូច​ស្រុក​មួយ មាន​ខ្មែរ​មានចាម​មាន​ចិន​រស់​នៅ​ចំរុះគ្នា ស្លៀកពាក់​ខុសគ្នា។ តែ​ពេល​ខ្លះ វា​ម្យ៉ាង​ទៅទៀត។
    រីឯការ​និយាយ​ស្ដី​ខុស​គេ ក៏​អ៊ីចឹង​ដែរ បើ​យើង​និយាយ​ខុស​គេ​តែ​ឯង ក៏គ្មាន​នរណា​ទៅ​យក​ទោស​អី​ដែរ អ្នក​ស្រែ​និយាយ​ចេញ​មក គេ​ដឹង​ថាមក​ពី​ស្រែ អ្នក​សៀមរាប និយាយ​ចេញ​មក​គេ​ដឹង​ថា អ្នក​មក​ពី​សៀមរាប។ ​គ្មាន​ទោស​អ្វី​ទេ ប៉ុន្តែ​គ្រាន់​តែ​ខុស​គេ។ អ្វី​តែ​ពិបាក​នោះ គឺនៅ​ពេល​ដែល​ភាព​ខុស​គេ​របស់​យើង វា​ខុស​ទាំង​ក្បួន​សុជីវធម៌​របស់​អ្នក​ស្រុក​គេ​ទៀត។ បើ​យើងប្រកាន់​ថា​អ្វី​ដែល​យើង​ធ្វើ​នៅ​តែ​ត្រូវទោះ​បី ជា​ត្រូវ​ទៅ​ចូល​ចំនោម​គេ​ឯ​ទៀត ក៏​យូរ​ទៅ​គង់​អ្នក​ទាំង​នោះ​លែង​ប្រកាន់​យើង​ដែរ ព្រោះ​ដឹង​ថា​យើង​វា​អ៊ីចឹង​ទៅ​ហើយ។

  43. sambatt ថ្ងៃអង្គារ ទី 4 ខែមករា 2011 / 4:46 ព្រឹក

    សព្វថ្ងៃមិនដឹងម៉េចទេ ..ខ្ញុំ មិនដឹងជ្រើរើសពាក្យមួយណាមកនិយាយ
    ជាមួយខ្មែរដូចគ្នាដូចជាក្នុងពិធីជប់់លៀង៖បើនិយាយទៅកាន់់គេថា
    ញុំា ក្រែងគេថាខ្ញុំនេះនិយាយទៅកាន់់គេដូចជាទៅកាន់់កូនក្មេង,
    ថាហូប ខ្លាចគេថាពាក្យហ្នឹងសុភាពពេក ឫជាពាក្យគេប្រើក្នុងរបបប៉ុល ពត
    បើថាស៊ី គេប្រាកដជាអន់់ចិត្តនឹងខ្ញុំ ហើយបែបប្រហែលថាខ្ញុំមើលងាយគេ។បើថាពិសា មិនបានទេ,ពាក្យនេះនិយាយសំរាប់់តែទៅកាន់់ចាស់់ៗប៉ុណ្ណោះ។
    ក្នុងចំណោម ភ្ញៀវជប់់លៀងអាពាហ៏ពិពាហ៏នៅស្រុកស្រែ ក៏មានអ្នក
    ក្រុងចូលរួមដែរ ៖ដូច្នេះ យើងមិនដឹងអ្នកណាក្រុងអ្នកណាស្រែទេ។
    កាលពីមុនពាក្យញុំា យើងប្រើតែចំពោះកុមារឫក្មេងៗប៉ុណ្ណោះ។
    ដោយសព្វថ្ងៃ ពាក្យញុំានេះបានត្រូវអ្នកនិយមយកមកប្រើចំពោះមនុស្សទូទៅ ទៅហើយ,
    ចំពោះចាស់់ ក៏នៅតែមានអ្នកខ្លះប្រើពាក្យញុំាដែរ ។ក្មេងៗនៅតែ
    ហៅប៉ាម៉ាក់់ញុំាបាយ ..តាមពិតខ្មែរយើងអប់់រំក្មេងៗអោយប្រើពាក្យពិសាទៅកាន់់
    ឱពុកម្ដាយ ដូចថាប៉ា ម់ាក់់ពិសាបាយ!
    ពេលដែលពាក្យញុំាមានប្រជាប្រិយភាពខ្លំាងឡើង ពាក្យ ហូប ស៊ី ពិសា
    ក្មេងលែងសូវស្គាល់់។
    ពាក្យញុំា នេះ នៅកាណាដា ក៏ខ្ញុំឮក្មេងៗនិយាយដែរពេលខ្ញុំឃើញគេញុំាផ្លែ
    strawberry(Fraise)នៅឯចំការ គឺគេនិយាយសំរាប់់ជាឧទ្ទានស័ព្ទឫលាន់់មាត់់ថាឆ្ងាញ់់។
    ក្មេងៗកាលណាញុំាអីឆ្ងាញ់់ៗ គេនិយាយថា ញុំាៗៗ គឺគេចង់់
    ប្រាប់់ថា ឆ្ងាញ់់ណាស់់! ដូច្នេះ តាមវិវត្តន៏របស់់ពាក្យ ញុំា ,ញុំាក៏បានក្លាយ
    ជាពាក្យមានន័យថា ញុំាឆ្ងាញ់់ ។

  44. ទឹម បឿន ថ្ងៃអង្គារ ទី 4 ខែមករា 2011 / 8:45 ព្រឹក

    លោកគ្រូ​ចិត្រ៖ និយាយ​ហ្នឹង​ត្រូវ​ហើយ ប៉ុន្តែ​ដូច​ខ្ញុំ​ថា​អ៊‍ីចឹង ពាក្យ ស៊ី ខ្ញុំ​ប្រើ​ចំពោះ​ខ្លួនឯង ចំពោះ​អ្នក​ដទៃ ខ្ញុំ​តែងតែ​ប្រើ​ពាក្យ​ហូប ទោះ​ចាស់​ ឬ ក្មេង​ក៏​ដោយ ។ តែ​បើ​អ្នក​ជិតស្និទ្ធិ ស្គាល់​ចិត្ត​ថ្លើម​គ្នា ក៏​ប្រើ​ពាក្យ​ស៊ី​ម្ដង​ម្កាល​ទៅ ។ តែ​ខ្ញុំ​មិន​ដែល​ប្រើ ម៉ែ​ញ៉ាំ​បាយ អី​​នោះ​ទេ ។ ជា​មួយ​ម៉ែ​ខ្ញុំ ខ្ញុំ​និយាយ​ហូប​ៗ ជា​មួយ​ចាស់​ទុំ​ផ្សេង​ទៀត ដែល​ខ្ញុំ​មិន​ស្គាល់​ចិត្ត​ថ្លើម​ច្បាស់ ខ្ញុំ​ប្រើ​ពាក្យ​ពិសា ។ ទោះ​យ៉ាង​ណា ក៏​ខ្ញុំនៅ​យល់​ថា ការប្រើ​ពាក្យ​ញ៉ាំ​ជា​បែប​ទំយើ​ដាក់​ខ្លួនឯង ឬ​អ្នក​ដទៃ មិន​ខុស​ពី​​សមី​ដើម​បុណ្យ​ផ្កា ដែល​សរសេរ​នៅ​លើ​សំបុត្រ​អញ្ជើញ​ដាក់​ថា ឯក​ឧត្ដម​…. គឺ​ហៅ​ខ្លួនឯង​ថា​ឯកឧត្ដម ដូច​ដែល​សម្ដេច​ជួន ណាត បាន​រិះគន់​មក​ដែរ ។ គឺ​លើក​តំកើង​តែ​ខ្លួនឯង ជំទួយ​តែ​ខ្លួន​ឯង ថ្នម​តែ​ខ្លួនឯង ឬ​ពាក្យ​មួយ​ទៀត គេ​ថា​អង្គុយ​លើ​ចង្អេ​លើក​ខ្លួនឯង​ ។

    បង​សម្បត្តិ៖ ខ្ញុំ​យល់​ថា ប្រើ​ទៅ​តាម​ឋានានុក្រម​នៃ​ពាក្យ​ទាំង​នោះ​ទៅ ត្រឹមត្រូវ​ហើយ ។

  45. sambatt ថ្ងៃអង្គារ ទី 4 ខែមករា 2011 / 10:09 ព្រឹក

    ភ្លេចប្រាប់់ថា ក្មេងៗដែលលាន់់មាត់់ញុំាផ្លែstrawberry
    នោះ មិនមែនជនជាតិខ្មែរទេ គឺជនជាតិបារំាង ហើយខ្ញុំចេះតែសង្ស័យថា
    ពាក្យញុំា មិនមែនជាពាក្យខ្មែរទេ ពីព្រោះជនជាតិផ្សេងទៀតដូចជាបារំាងនេះ ដែលក្មេងៗនិយាយថា
    ញុំាៗ មានន័យថា ឆ្ងាញ់់ៗ ។ខ្ញុំញគេនិយាយ ញុំាៗ ខ្ញុំស្មានតែពួកគេចេះនិយាយខ្មែរ។
    ក្នុងវចនានុក្រមរបស់់សម្ដេចសង្ឃជួនណាត ពាក្យញុំាពិតជាពាក្យ
    និយាយបានតែចំពោះក្មេងតូច។ប៉ុន្តែពាក្យនិយាយតែងវិវត្តន៏ មិនអាចមាន
    ន័យចឹងៗរហូតទេ ពីព្រោះវាអាស្រ័យទៅតាមការនិយមប្រើប្រាស់់ជា
    ទៅទៅរបស់់ប្រជាពលរដ្ឋ។ដូច្នេះ វចនានុក្រមខ្មែរទំាងឡាយ ត្រូវតែអាប់់ដេត ពីសម័យមួយទៅសម័យមួយ ឫក៏រៀងរាល់់ឆ្នំាក៏បាន ។
    ពាក្យខ្លះគេច្រើនប្រើតែក្នុងការសរសេរ ប៉ុន្តែក្នុងការនិយាយគេមិនសូវប្រើ ឫមិនប្រើតែម្ដង ដូចជា ពាក្យ ឡាន និង រថយន្ត,ពាក្យផ្ទះនិងគេហដ្ឋាន,
    ពាក្យ វិថី និងផ្លូវ ,ការ ឫ រឿបការ និងអាពាហ៏ពិពាហ៏………..

  46. វិចិត្រ ថ្ងៃអង្គារ ទី 4 ខែមករា 2011 / 3:45 ល្ងាច

    Sambatt: ពាក្យ ញ៉ាំ​ៗ ដែល​មាន​ន័យ​ថា​ឆ្ងាញ់​ហ្នឹង ខ្ញុំក៏​សង្ស័យថា​មិន​មែន​ពាក្យ​ខ្មែរ​ដែរ ព្រោះ​បារាំង​ក៏​គេ​និយាយ​ដូច្នេះ​ដែរ។ ជួនកាល​ពាក្យ​នេះ ជា​ពាក្យ​ត្រាប់​តាម​សំលេង​មនុស្សពេល​ទទួល​ទាន​អ្វី​មួយ​បែប​ឆ្ងាញ់ៗ។ ខ្មែរ​យក​សំលេង​ហ្នឹង​មក​កត់​សំគាល់​ថា​ស៊ី​(សំរាប់​និយាយ​ទៅក្មេង) បរទេស​គេ​យក​មក​កត់​សំគាល់​ថា ឆ្ងាញ់។

  47. ទឹម បឿន ថ្ងៃអង្គារ ទី 4 ខែមករា 2011 / 5:25 ល្ងាច

    ត្រង់​នេះ​ក៏​ទំនង​ដែរ ។ ប្រហែល​មាន​ប្រភព​មក​ពី​អ៊‍ីចឹង​មែន​ក៏​មិន​ដឹង ។

  48. sambatt ថ្ងៃអង្គារ ទី 4 ខែមករា 2011 / 5:48 ល្ងាច

    😀 ខ្ញុំទើបសង្ស័យដែរហ្នឹងណា កាលពីពីរបីឆ្នំាមុននេះ មុនខ្ញុំមានអីនធើណែតប្រើ។

  49. sambatt ថ្ងៃពុធ ទី 5 ខែមករា 2011 / 3:48 ព្រឹក

    ពាក្យដែលបារំាងលាន់់មាត់់ថាញុំាៗ មិនដឹងគេសរសេរម៉េចទេ៖
    តែប្រហែលដូចនេះ៖gnam gnam
    ហើយទំនងជាអាចអានពីរបៀប៖ ញុំា ,ញ៉ាម។
    ញុំា ៖ស៊ីឫហូបឆ្ងាញ់់់,
    អ្នកក្រុងញុំាឆ្ងាញ់់ពីព្រោះមានម្ហូបឆ្ងាញ់ៗ ឫនៅឯស្រែ អ្នកស្រែភាគច្រើនគ្មាន
    ម្ហូបញុំាឆ្ងាញ់់ៗដូចអ្នកក្រុងទេ(និយាយជាទូទៅ)លើកលែងអ្នកក្រ។
    ញ៉ាម ៖ចង់់ស៊ីហើយស៊ីទៀត(ជក់់ចិត្ត)។នេះមកពីញុំាទៅឆ្ងាញ់់ ក៏
    ញៀន។ឧ.ញ៉ាមដូចស៊ីក្ដាមដុត។បានស៊ីម្ដងញ៉ាម។​
    មិនដឹងពាក្យទំាងពីរនេះទាក់់ទងគ្នាអត់់ទេ? ប៉ុន្តែពិតជាមានន័យឆ្ងាញ់់នៅក្នុងហ្នុងជាមួយគ្នា។

  50. sambatt ថ្ងៃសៅរ៍ ទី 8 ខែមករា 2011 / 9:54 ព្រឹក

    ខ្ញុំទើបរកឃើញ ថា គេនិយាយ Yum Yum ពេលដែលញុំាចំណី
    អាហារណាមួយឆ្ងាញ់់ ។Yu Yum =Enjoyment or satisfaction in tasting
    of something delicious. មានន័យថាពេញចិត្តពេលបានភ្លក់់ចំណីអាហារណាមួយ ហើយក៏លាន់់មាត់់ថា Yum Yum (យាំ យំា ឫ ញុំា ញុំា)។
    សូមចុចមើលន័យរបស់់ពាក្យYum Yum នៅអាសយដ្ឋានខាងក្រោមនេះ៖
    http://dictionnary/reference.com/browse/yum

  51. Samady KS ថ្ងៃ​ព្រហស្បតិ៍ ទី 17 ខែ​មីនា 2011 / 12:10 ល្ងាច

    សូម​អញ្ជើញ សម្តេច ទ្រង់ ឯក​ឧត្តម អស់​លោក លោក​ស្រី​អញ្ជើញ​ចូល​ ស៊ី​បាយ​​​ទាំង​អស់​គ្នា ហា​ហា​ហា​ហា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s