Theme បើ​ប្រែ​ថា ម៉ូដ គួរ​ទេ?


ក្រុម​ខ្មែរ អូអេស ប្រែ​ពាក្យ theme (ស៊ិម) ថា ស្បែក រួច​ទៅ​ហើយ តែ​មិនទាន់​មាន​គេ​យក​មក​ប្រើ​ច្រើន​នៅ​ឡើយ ព្រោះ​គេ​នៅ​យល់​ថា​ពិបាក​ស្ដាប់ ឬ​មិន​សម​ ខ្ញុំ​​ក៏​នឹក​ឃើញ​ដល់​ពាក្យ ម៉ូដ ​ជា​ពាក្យ​បរទេស​ដែល​យក​មក​ប្រើ​ជា​ពាក្យ​ខ្មែរ​ ដូច​ជា​ម៉ូដ​សម្លៀកបំពាក់ ម៉ូដ​ឡាន ម៉ូដ​ម៉ូតូ ជា​ដើម បើ​យើង​យក​ពាក្យ​នេះ​មក​ប្រើ​ជំនួស​ពាក្យ ស្បែក ប្រហែល​ជា​ស៊ី​នឹង​ន័យ​ពាក្យ theme ជាង ដូច​ជា​ថា ម៉ូដ​ប្លក ម៉ូដ​វិបសាយខ្ញុំ​កំពុង​ធ្វើ​ម៉ូដ​វិបសាយ​ថ្មី ។ ម៉ូដ​វិបសាយ​នេះ​នៅ​មិន​សូវ​ល្អាត បើ​ថែម​រូប​នៅ​ខាង​លើ​នោះ ទៈបាន​ស្អាត​ជាង ។ ខ្ញុំ​កំពុង​រក​ម៉ូដ​ប្លក់​វើតព្រេស្ស​​ថ្មី​សម្រាប់​ដាក់​ប្លក់​ខ្ញុំ ។

នេះ​គ្រាន់តែ​ជា​ការយល់​ឃើញ​របស់​ខ្ញុំ ប្រហែល​ជា​អាច​បាន​ជា​គំនិត​សម្រាប់​​រក​ពាក្យ​ថ្មី​ប្រើ​ឱ្យ​ត្រូវ​នឹង​ពាក្យ theme ដែល​អ្នក​ខ្លះ​ប្រែ​ថា រូបរាង ឬ ទ្រង់ទ្រាយ នោះ ។

47 thoughts on “Theme បើ​ប្រែ​ថា ម៉ូដ គួរ​ទេ?

  1. ហនុមាន ថ្ងៃអង្គារ ទី 1 ខែកញ្ញា 2009 / 8:29 ល្ងាច

    ស្បែក ? មិនត្រឹមត្រូវទេ បើប្រែជាខ្មែរ ស្តាប់ទៅ អត់យល់សោះ ព្រោះស្បែកមានច្រើន ស្បែក គោ ស្បែកក្របី ស្បែកជើង ។ ម៉ូដ ឫ ក៏ (គំរូ) ត្រឹមត្រូវ បើយើងប្រើជាមួយ ប្លក នឹង វិបសាយ តែបើប្រើអ្វី ខុសពីនេះ គឺយោលទៅតាម កាលះទេសះ ដែរ តែ បឿន ប្រែ​ថា ម៉ូដ នេះ ត្រឹមត្រូវ ដែរ ហើយ ខ្ញុំក៏យល់ថា ដូច្នេះ ដែរ !

  2. សុវុឌ្ឍី ថ្ងៃអង្គារ ទី 1 ខែកញ្ញា 2009 / 8:36 ល្ងាច

    ខ្ញុំគិតថាប្រើពាក្យស្បែកដូចជាម៉េចមិនដឹងទេ សាកនិយាយជាមួយគេថាដូរស្បែកប្លក ហាហា ចាំមើលប៊ុមគេសើចម៉ាវ៉ាសសិន យល់ព្រមចំពោះការប្រែថាគំរូ😀

  3. Sabay ថ្ងៃអង្គារ ទី 1 ខែកញ្ញា 2009 / 8:36 ល្ងាច

    Theme ឬ Template អត់ដែលនឹកឃើញថាគេបកប្រែម៉េចទេ​

  4. វិចិត្រ ថ្ងៃអង្គារ ទី 1 ខែកញ្ញា 2009 / 9:53 ល្ងាច

    បក​ប្រែ​ថា ម៉ូដ សមរម្យ ល្អ​ប្រើ​ដែរ។ ខ្លី ងាយ​សរសេរ ងាយ​និយាយ។

  5. ក្តាមសក ថ្ងៃពុធ ទី 2 ខែកញ្ញា 2009 / 8:34 ព្រឹក

    អាចជាន់នឹងពាក្យ​ ម៉ូដែល! ខ្ញុំច្រើនបកថា ផ្ទៃ! តែមិនធានាថាត្រូវមួយរយភាគរយទេ!

  6. Bkhmer.com ថ្ងៃពុធ ទី 2 ខែកញ្ញា 2009 / 9:03 ព្រឹក

    ខ្ញុំយល់ស្រប ចំពោះពាក្យថាម៉ូត គ្រាន់ស្រាប់

  7. Samady KS ថ្ងៃពុធ ទី 2 ខែកញ្ញា 2009 / 9:52 ព្រឹក

    ម៉ូដ ក៏​ល្អ​ដែរ​ចុះ​ពាក្យ​ Template?
    Template ប្រែ​ថា រូបរាង
    Them ប្រែ​ថា ម៉ូដ

    ស្រួល​ស្ដាប់​ដែ​តា….

  8. ទឹម បឿន ថ្ងៃពុធ ទី 2 ខែកញ្ញា 2009 / 10:05 ព្រឹក

    Template អាច​ប្រែ​ថា គំរូ ម៉ូដ​គំរូ

    ប្រែ​ថា រូបរាង ក៏​ត្រូវ​ដែរ ប៉ុន្តែ​តាម​ខ្ញុំ​យល់ ម៉ូដគំរូ ល្អ​ជាង ។ ធ្វើ​ម៉ូដ​គំរូ បានន័យ​ថា ម៉ូដ(theme)ហ្នឹង​ធ្វើ​ដើម្បី​យក​ជា​គំរូ​(template)គេ គឺ​ម៉ូដគំរូ ។ This theme is blog template. ម៉ូដ​មួយ​នេះ​ជា​ម៉ូដគំរូ​របស់​ប្លក ។

  9. សុខហេង ថ្ងៃពុធ ទី 2 ខែកញ្ញា 2009 / 12:51 ល្ងាច

    ម៉ូដ និង​គំរូ មាន​ន័យ​ដូច​គ្នា​អត់ !

  10. សេរីបណ្ឌិត ថ្ងៃពុធ ទី 2 ខែកញ្ញា 2009 / 5:01 ល្ងាច

    យ៉ូយ ! និយាយ​ដល់​ហ្នឹង​ចង់​វង្វេង​ម៉េច​មិន​ដឹង​ទេ​ខ្ញុំ…

  11. achharia ថ្ងៃពុធ ទី 2 ខែកញ្ញា 2009 / 6:14 ល្ងាច

    ម៉ូដ មកពីពាក្យបារាំង mode ។ ពួកបារាំង មានពាក្យរបសគេ់ Thème
    សំរាប់ប្រើត្រូវនឹងពាក្យអង់គ្លេស Theme នេះ ។ Theme ជាបន្សំនៃ ក្រាហ្វិក
    ដែលជាផ្ទៃក្រោយឬកំរាលទំព័រ និង CSS ដែលអ្នកធ្វើបានលៃតំរូវឧិ្យដើរ
    បានរលូនជាមួយកូដរបស់ទំព័រមេនៃសហគមន៍វេប វើដប្រែសនេះ ដោយមាន
    ចំហឧិ្យអ្នកគ្របគ្រងប្លកនិមួយៗអាចកែកុនបានផ្នែកខ្លះៗផងដែរ ។
    ពិបាករកពាក្យខ្មែរតែមួយម៉ាត់ខ្លីៗត្រូវនឹងពាក្យ theme នេះមែន ។
    យ៉ាងហោចណាស់ក៏ត្រូវយកពាក្យផ្សំមកប្រើដែរ ដូចជា គំរួទំព័រ ឬ ទំព័រគំរូ
    ជាដើម តាមខ្ញុំយល់។ តែបើពុំខ្វល់ថាពាក្យបរទេសឬមិនបរទសអីទេ ហ៊ានយក
    ពាក្យ ម៉ូត មកប្រើ ខ្លាចអីនឹងយកពាក្យ ដ្ស៊ីម ឬ ស៊ីម មកប្រើ ។ បំណាច់នឹងថា
    ខ្ចីពាក្យបរទេសមកប្រើដដែលជាដដែល ខ្ចីឧិ្យដល់ម្ចាស់ដើមទៅវាមិនអស់
    កុម្មិស្យុង ផង ។ និយាយឧិ្យបានស្រួលយល់ ថាបានលុយដុល្លាអាមេរិកមក
    ចាំបាច់ទៅដូរយកលុយហ្វ្រង់ ឬ រូពី មកចាយនៅស្រុកខ្មែរនាំតែខាតក្បាលកាក់
    កាក់ពីរបីដំណាក់ធ្វើអី បើរកដូរបំបែកជាលុយខ្មែរមិនទាន់បាន ចាយដុល្លាលាយ
    ឡំបណ្តោះអាសន្នដូចសព្វថ្ងៃហ្នឹងទៅ បើសល់ស្រួលផង ដល់ចង់ទៅលេង
    អាមេរិក មានដុល្លាស្រាប់ មានន័យថាដល់ទៅស្រាវជ្រាវជាភាសាអង់គ្លេស
    ធ្លាប់ស្គាល់និងឃើញពាក្យ theme ហ្នឹងស្រាប់។

  12. ទឹម បឿន ថ្ងៃពុធ ទី 2 ខែកញ្ញា 2009 / 6:57 ល្ងាច

    achharia និយាយ​ហ្នឹង​​ត្រូវ​ហើយ យក​ពាក្យ​ស៊ីម​ហ្នឹង​មក​ប្រើ​តែ​ម្ដង​ក៏​បាន​ដែរ វា​ស្រួល​យល់​ផង តែ​គួរ​មើល​ដែរ បើ​ពាក្យ​ម៉ូដ​ល្អ​ជាង​ក៏​គួរ​ប្រើ​ពាក្យ​ម៉ូដ​ដែរ ព្រោះ​គេ​ចាត់​ទុក​ដូច​ជា​ពាក្យ​ខ្មែរ​ទៅ​ហើយ ។ វា​មិន​សំខាន់​ត្រង់​ថា ខ្ចី​ពីរ​បី​តង់​ខ្លាច​ខ្មាស​គេ​អី​ទេ សំខាន់​ស្ដាប់​បាន និយាយ​ទៅ​ខ្មែរ​យល់​ថា​អា​ហ្នឹង​ស្អី​ឬ​អត់ ព្រោះ​បង្កើត​ហ្នឹង​សម្រាប់​ខ្មែរ​ប្រើ​ទេ ។ អា​រឿង​ភាសា​នេះ ស្រេច​តែ​យើង​កំណត់​និយាយ កំណត់​សរសេរ​ទេ ។ ជួនកាល​ទៅ ពាក្យ​គេ​ពីរបី ន័យ​តែ​មួយ យើង​ក៏​មិន​ចាំបាច់​បង្កើត​ពាក្យ​ពីរបី​តាម​​ភាសា​គេ​​នាំ​​ឈឺ​ក្បាល​ដែរ ។ អ៊‍ីចឹង​ស្រេច​តែ​យើង​កំណត់ ស្រេច​តែ​យើង​ថា​ទេ ឱ្យ​តែ​វា​ស្រុះស្រួល​គ្នា​ថា វា​ទៅ​រួច​ហើយ ។ ដូច​ពាក្យ រទេះភ្លើង អី​ហ្នឹង វា​មាន​ទៅ​សម​អី តែ​ដល់​គេ​ទម្លាប់​ចេះ​តែ​ហៅ​រទេះភ្លើងៗ ក៏​ជាប់​មក​ជា​ពាក្យ​ខ្មែរ​ដែរ​ទៅ ហើយ​មាន​នរណា​គេ​ថា​ខុស ទោះ​រទេះ​មិន​មែន​ដាក់​ភ្លើង ឬ​រទេះ​ហ្នឹង​ជា​ភ្លើង​ក៏​ដោយ ។

    កុំ​បារម្ភ​រឿង​ខ្ចី​ច្រើន​ត ច្រើន​អី លោក accharia! ឱ្យ​តែ​យើង​ស្រុះស្រួល​គ្នា​ប្រើ​ទៅ បាន​ហើយ ទោះ ស៊ីម​ក្ដី ម៉ូដ​ក្ដី ។

  13. ហនុមាន ថ្ងៃពុធ ទី 2 ខែកញ្ញា 2009 / 8:38 ល្ងាច

    ត្រូវ ហើយ បឿន កុំទៅខ្វល់អី ឲ្យតែយល់គ្រប់ៗគ្នាទៅ វា ចប់ហើយ។ ងាប់បើតែរវល់ពី ពាក្យ ណា ខុស ពាក្យណា ត្រូវនោះ ដាច់ពោះស្លាប់ហើយ !😀

  14. កូនខ្មែរ-បារាំង ថ្ងៃពុធ ទី 2 ខែកញ្ញា 2009 / 9:59 ល្ងាច

    ត្រឹមត្រូវហើយ បឿន សំខាន់បំផុតគឺធ្វើយ៉ាងណាដើម្បីឲ្យពាក្យនោះមានការ​យល់ច្រើនដល់មហាជន ។ សូម្បីតែភាសាបារាំង ក៏ប្រើភាសាបរទេសសម្បើម​ណាស់ដែរ ជាពិសេសគឺភាសាអង្គ្លេស ។

  15. kooms ថ្ងៃ​ព្រហស្បតិ៍ ទី 3 ខែកញ្ញា 2009 / 10:54 ព្រឹក

    តាម​ខ្ញុំ​​យល់​ ម៉ូដ ល្អ​ជាង​ ស៊ិម ដោយ​គិត​ទៅ​លើ​ចំណុច​សំខាន់​ពីរ​យ៉ាង ១ ម៉ូដ ជា​ពាក្យ​កម្ចី​ពី​បរទេស មែន​តែ​ជន​ខ្មែរ​យើង​នរណា​ក៏​យល់​ច្បាស់​ពី​ពាក្យ​នេះ​ដែរ តែ​បើ ស៊ិម​​វិញ វា​ជា​ពាក្យ​ថ្មី សម្រាប់​អ្នក​ធម្មតា​យល់​ដឹង​តិច​តូច​ណាស់​ចំពោះ​ពាក្យ​នេះ។
    ២ កាត់​បន្ថយ​កម្ចី​ពាក្យ​ពី​បរទេស យើង​គួរតែ​ប្រើ​ពាក្យ​កម្ចី​ណា​ដែល​​មាន​ន័យ​ដួច​គ្នា​តែមួយ​បាន​ហើយ។

  16. Samady KS ថ្ងៃ​ព្រហស្បតិ៍ ទី 3 ខែកញ្ញា 2009 / 10:56 ព្រឹក

    Kooms យូ អា វែ រី ហ្គូត… អាយ អឹ ហ្គ្រី

  17. រដ្ឋ ថ្ងៃ​ព្រហស្បតិ៍ ទី 3 ខែកញ្ញា 2009 / 12:26 ល្ងាច

    ○ មិន​យល់​ស្រប​ទេ ។ មិន​ទំនង…

    និយាយ​ពី​ theme គឺ​និយាយ​ដល់​លក្ខណៈ​ដែល​ទាក់ទង​នឹង​រាងកាយ ឬ​ការ​ស្រោប​ពី​លើ​អី​ហ្នឹង​ឯង ។ theme ទី​នេះ គឺ​ការ​តាក់តែង ការ​រចនា (ដូច​គាត់​ថា ស្បែក) ផ្នែក​ខាង​ក្រៅ​ប្លក់​ឲ្យ​មាន​សោភ័ណ ។ theme song គឺ​ចម្រៀង​អម​ភាពយន្ត មាន​ន័យ​ថា​ថា​ជា​ចម្រៀង​តំណាង​ឲ្យ​រឿង​ទាំង​មូល ឬ​ដក​ស្រង់​ពី​រឿង ក្ដោប ហើយ​ស្រោប​អត្ថន័យ​នៃ​រឿង​ដោយ​អន្លើ ។ theme នេះ​ក្នុង​ការ​និពន្ធ​បទ​ភ្លេង ក៏​វា​ជា​គោលគ្រឹះ​នៃ​ដំណើរ​គ្រាប់​ភ្លេង​ដែរ មាន​ theme គឺ​អ្វី​មួយ​នោះ ហាក់​មាន​រូបរាង​ច្បាស់​ប្រាកដ​មួយ​ដែរ ។

    យោបល់​ខ្ញុំ​ពុំ​គួរ​យក​ពាក្យ ម៉ូដ មក​ជំនួស​ឲ្យ​ពាក្យ theme នេះ​​ដាច់​ខាត តែ​បើ​ឲ្យ​ន័យ​ប្រហែល​គ្នា​ប្រាកដ​ជា​អាច ព្រោះ​ពាក្យ​បច្ចេកទេសខ្លះ​មាន​ន័យ​ស្រដៀង​គ្នា​ ឬ​ដូច​គ្នា ដូច​យើង​ថា template ជា​ដើម ។

    ប្រហែល​រក​ពុំ​ទាន់​ឃើញ​ពាក្យ​ខ្មែរ​ណា​មួយ​មក​ដាក់​ឲ្យ​សម​ តែ​មិន​ប្រាកដ​ថា​អត់ដែរ ។ បើ​យើង​ពុំ​មាន​សមត្ថភាព​រក​ពាក្យ​ខ្មែរ​នោះ​ឃើញ គួរ​ប្រើ​កម្ចី​សិន​ទៅ​ល្អ​ជា​ជាង ។ ស៊ិម ឬ​ស៊ីម នេះ​មាន​ប្រើ​ខ្លះ​ហើយ ដូច​ជា Sim (ស៊ីម) SimCard (ស៊ីម​កាត) ។ សម្រាប់​ខ្ញុំ​មិន​ដឹង​បញ្ចេញ​សំឡេង​យ៉ាង​ម៉េច​ឲ្យ​ត្រូវ​ទេ តែ​ពាក្យ ស៊ីម ឬ​ស៊ិម ល្មម​អាច​ជំនួស​ឲ្យ theme បាន ប្រសិន​​វា​មាន​សៀង​ដូចនេះ​មែន ។

    យល់​ ឬ​មិន​យល់​នូវ​គំនិត​ខ្ញុំ​មិនបញ្ហា​ទេ ព្រោះ​ជា​អ្វី​ដែល​ខ្ញុំ​គិត​តែ​ប៉ុននោះ ។

  18. Samady KS ថ្ងៃ​ព្រហស្បតិ៍ ទី 3 ខែកញ្ញា 2009 / 12:37 ល្ងាច

    មតិ​ភាគ​ច្រើន​សុទ្ធ​តែ​ថា ម៉ូដ ងាយ​យល់​ជាង​ ស៊ិម …​ខ្ញុំ​ក៏​គិត​ចឹង​ដែរ, ព្រោះ​បើ​យើង​ទៅ​សួរ​អ្នក​ដែល​អត់​ចេះ​កុំ​ព្យូទ័រ​​សោះ​ ក៏​គេ​គិត​ថា​ពាក្យ ម៉ូដ​ ហ្នឹង​ស្រួល​ស្ដាប់​ដែរ…

  19. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 3 ខែកញ្ញា 2009 / 1:10 ល្ងាច

    ណារដ្ឋ៖ និយាយ​ថា​ស្រោប​ពី​លើ​ហ្នឹង​ដូច​មិន​ទាន់​ត្រូវ​ចំ​សេចក្ដី​របស់​វា​ទេ កាល​ណា​គេ​ប្ដូរ theme គឺ​គេ​ប្ដូរ​រូបរាង អាច​ថា​គេ​ប្ដូរ​ទ្រង់ទ្រាយ គេ​ប្ដូរ​ពណ៌ គេ​ប្ដូរ​រូបភាព ឬ​ប្ដូរ​​ទាំង​សំឡេង​ក៏​មាន ។ ម៉ូដ​ហ្នឹង​សម្រាប់​ប្រើ​ជាមួយ website, blog និង Windows ដូច​ជា XP theme, Vista theme, Windows 7 theme បើ​​ប្រែ​ទៅ​ដល់​ចម្រៀង theme song ចម្រៀង​ម៉ូដ ចម្រៀង​ស្បែក ទៅ​មិន​រួច​ទេ ។ XP theme ជា​ម៉ូដ​អ៊ិក្សភី គឺ​មិនមែន​ម៉ូដ​ហ្នឹង​វា​ទៅ​ស្រោប ឬ​ទៅ​គ្រប​​វិនដូស៍​អ៊ិក្សភី​ទេ តែ​ម៉ូដ​ហ្នឹង​វា​មាន​ពណ៌ វា​មាន​រូបរាង ដូច ឬ​ស្រដៀង​នឹង​វិនដូស៍​អ៊ិក្សភី កាល​ណា​យើង​យក​ម៉ូដ​អ៊ិក្សភី​មក​ប្រើ​ជាមួយ​វិនដូស៍​វិស្តា ម៉ូដ​វិនដូស៍ គឺ​ពណ៌ រូបរាង សំឡេង ដូច​ឬ​ប្រហាក់ប្រហែល​នឹង​វិនដូស៍​អ៊ិក្សភី ។ ឧទាហរណ៍ ណារដ្ឋ​ប្រើ Vista theme ជាមួយ វិនដូស៍​អ៊ិក្សភី ខ្ញុំ​ឃើញ​ក៏​ថា អ្ហា៎! ណារដ្ឋ​ឯង​ប្រើ​ម៉ូដ​វិស្តា​ឬ​មិនមែន​ហ្នឹង? ដូច​វិស្តា​ដល់​ហើយ! អាហ្នឹង​ស្ដាប់​ទៅ​ក៏​ស៊ី​ត្រចៀក​ដែរ ។

  20. រដ្ឋ ថ្ងៃ​ព្រហស្បតិ៍ ទី 3 ខែកញ្ញា 2009 / 7:31 ល្ងាច

    ហ្នែ៎ លោក​អែង​យក​គំនិត​ខ្ញុំ​ទៅ​ឧទាហរណ៍​ចេញ​ ចម្រៀង​ម៉ូដ ចម្រៀង​ស្បែក​ មក​ពី​ណា ។ យី ដូច​ជា​ទាញ​ទៅ​រក​តែ​ពាក្យ​ម៉ូដ​ម៉ង!! ដូច​លោក​អែង​ថា​ចឹង ស្រោប​អ្វី​ៗ​គ្រប់​យ៉ាង ។ គំនិត​ខ្ញុំ​គឺ theme ប្រែ​ន័យ​ដោយ​ពាក្យ មិន​មែន​យក​តែ​ម៉ូដ​មួយ​នោះ​ទេ ។ បឿន​ឯង​ខុស​ពី​ខ្ញុំ អ្ហា៎! បឿន​ឯង​ប្រើស៊ីម​វិស្តា​ឬ​មិន​មែន​ហ្នឹង? មាន​ស៊ីម​ហ្នឹង​ទេ​កូពី​ឲ្យ​ខ្ញុំ​មួយ​មក៍! គឺ​វា​បែប​នេះ​វិញ ។ ពាក្យ ស៊ីម ហ្នឹង គឺ​ខ្ញុំ​សំដៅ​ពាក្យ​បរទេស​ថា theme នេះ​ឯង ។ គំនិត​ដែល​មិន​ស្រប​នឹង​បឿន​ឯង​នោះ គឺ​មិន​ចង់​ឲ្យ​គេ​ច្រឡំ​សរសេរ​ថា XP mode, Vista mode, នៅ​ពេល​ដែល​យើង​ហៅ​ថា ម៉ូដ​វិស្តា ឬ​ម៉ូដ​អ៊ិក្សភី យ៉ាង​ដូច្នេះ ។

  21. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 3 ខែកញ្ញា 2009 / 8:11 ល្ងាច

    យី! មក​ឆេវ​​ហ្មង​ការដ្ឋ​នេះ! តាម​ទៅ​ដល់​ផ្ទះ​ឥឡូវ😛

    ខ្ញុំ​គ្រាន់តែ​លើក​ឧទាហរណ៍ សម​មិន​សម ស្រេច​អ្នក​អាន​គេ​ពិចារណា​ទេ ហើយ​បើ​និយាយ​ខ្មែរ​ ម៉េច​ទៅ​ច្រឡំ​អង់គ្លេស? បើ​គេ​កំណត់​ប្រើ​ថា​អ៊‌ីចឹង ទៅ​ភ័យ​ខ្លាច​ច្រឡំ​អី សរសេរ​ទៅ ថា​ម៉ូដ​វិបសាយ​ហ្នឹង គឺ website theme វា​ដូច​តែ​​យើង​មើល​វចនានុក្រម ពាក្យ go ប្រែ​ថា​ទៅ អី​អ៊‌ីចឹង😉 ។ ភាសា​ខ្លះ theme វា​ថា thema អី​​ផង បែប​​មាន​អា​ខ្លះ ថា ស៊ីមីស ស៊ីម៊ុស អី​ទៀង​ក៏​មិន​ដឹង ហាហា ។

    ប្រកែក​ជាមួយ​ការដ្ឋ​ឯង​លេង​ទេ ប្រើ ស៊ិម ក៏​ប្រើ​ទៅ ឱ្យ​តែ​គេ​ថា​ប្រើ​អ៊‌ីចឹង ខ្ញុំ​ចាំតែ​ហៃ​អើៗ​ទេ😛

  22. achharia ថ្ងៃ​ព្រហស្បតិ៍ ទី 3 ខែកញ្ញា 2009 / 8:35 ល្ងាច

    មកដល់ត្រង់នេះ ខ្ញុំយល់ដូច រដ្ឋ ។ បើយកពាក្យ ម៉ូដ មកប្រើទៅជា Thème
    សំរាប់ពាក្យ theme នោះ ម្ចាស់ដើមពាក្យបារាំងដែលគេកំពុងប្រើពាក្យ Thème
    ឯនោះសោះនោះ មុខជាញញឹមដាក់ហើយ ។ វាមិនខុសពី យកមាស៊ីនដែលគេ
    ធ្វើសំរាប់បូមទឺកឬគោយន្ត មកប្រើជាត្រាក់ទ័រអូសសណ្តោងដឹកអ្នកដំណើរតាម
    ថ្នល់នោះទេ ។ Mode និង Thème ម្ចាស់ដើមពាក្យបារាំងគេប្រើខុសគ្នា ហើយ
    គេដឹងថា ម៉ូត វាមិនត្រូវទើបគេប្រើពាក្យ Thème ។ ពាក្យខ្មែរយើងមិនមានពាក្យ
    តែមួយម៉ាត់ដាក់ឪិ្យត្រូវដូចគេទេ បើចង់ខ្ចីពីបារាំងគឺ តែម (Thème) បើចង់ខ្ចីពី
    អង់គ្លេសគឺ ស៊ីម ឬ ដ្ស៊ីម ទាល់តែអានដាក់អណ្តាតចន្លោះធ្មេញមុនសិនទើបត្រូវ
    នឹង th របស់អង់គ្លេស ។ …នេះបើតាមខ្ញុំគិត ។

  23. Samady KS ថ្ងៃសុក្រ ទី 4 ខែកញ្ញា 2009 / 7:59 ព្រឹក

    ហ្ហើយ…​ពិបាក​ម្លេះ​? កាល​ណា​ទើប​យើង​​ទទួល​បាន​​ការ​អនុម័ត​​​ចំពោះ​ការ​ប្រើ​​ប្រាស់​ពាក្យ ដែល​បក​ប្រែ​នេះ​ទៅ? ខ្ញុំ​​កំពុង​តែ​រង​ចាំ ហើយ​អង្កេត​មើល​គ្រប់​ថិរវេលា…​ហើយ​ក៏​ឃើញ​មាន​សេចក្ដី​ពន្យល់​​ជា​ច្រើន​ទៀត ដូច​ជា​ពាក្យ​ (Thème) ខ្ញុំ​ខំ​ប្រឹង​អាន​តាម​គាត់​ ​ឡើង​លាន​អណ្ដាត​ចេញ​ក្រៅ​​ បើក​ភ្នែក​ធំ​ៗ ធ្វើ​មាត់​ស្រួច ព្រោះ​តែ​បញ្ចេញ​សំឡេង​​នៃ​ពាក្យ (Thème) នេះ​ឯង…..​

  24. ទឹម បឿន ថ្ងៃសុក្រ ទី 4 ខែកញ្ញា 2009 / 8:52 ព្រឹក

    ដូច​ខ្ញុំ​និយាយ​រួច​មក​ហើយ ស្រេច​តែ​យើង​កំណត់​ទេ បើ​និយាយ​ទៅ​គេ​យល់ យើង​យក​មក​ប្រើ​បាន​ហើយ មើល​តែ​ពាក្យ ឡូយ ឥឡូវ​គេ​មាន​យល់​ថា ឡូយ​ហ្នឹង​ន័យ​វា​ផ្ដេសផ្ដាស​ឯណា គេ​យល់​ថា​អាហ្នឹង​ល្អ​ប្លែក ដែល​វា​ប្លែក​ពី​គេ អី​ទៅ​វិញ​ទេ ម៉េច​ក៏​គេ​មិន​ប្រើ​ថា ឯង​ឡូយ​ណាស់ គឺ​មានន័យ​ថា​ឯង​ផ្ដេសផ្ដាស​ណាស់ ទៅ​ជា​ឯង​​ល្អ​ប្លែក​គេ ។ ចុះ​​ម៉ូដ = mode រឿង​អី​ ម៉ូដ = theme ​មួយ​ទៀត​មិន​បាន? បារាំង​ឯណា​មក​សើច​យើង? មាន​នរណា​ដែល​ថា​ពួក​អង់គ្លេស ពួក​អាមេរិក​ឆ្កួត វា​ប្រើ nose out = find, live on = eat, give up = stop ពាក្យ​ខ្លះ​គួរ​អាន​អ៊‍ីចេះ វា​អាន​អ៊‍ីចុះ ម៉េច​គេ​​ខំ​ទន្ទេញ ខំ​ចំណាំ​តាម​ពួក​វា មិន​ថា​ពួក​វា​ឆ្កួត តែ​ខ្លះ​សរសើរ​ថែម​ទៀត ។

    បើ​នៅ​តែ​សូញសាញ​សូម្បី​តែ​រឿង​បន្តិចបន្តួច​ហ្នឹង ភាសា​ខ្មែរ​គ្មាន​រត់​ទៅ​មុខ​រួច​ទេ ពាក្យ​នេះ​ប្រើ​មិន​កើត ពាក្យ​នោះ​ប្រើ​មិន​បាន រង់ចាំ​ទេវតា​ឱ្យ​ពាក្យ​មក​ចំៗ​តែ​ម្ដង?😀

    ចង់​ប្រើ​ ស៊ីម ក៏​ប្រើ​ទៅ តែ​គួរ​សរសេរ ស៊ិម វិញ សំឡេង​អាន​ដូច​គ្នា​ទេ ណា​មួយ​កុំ​ឱ្យ​វា​ជាន់​នឹង​ពាក្យ ស៊ីម ស៊ីមកាត ។

  25. អគ្គលីបុត្រ ថ្ងៃសុក្រ ទី 4 ខែកញ្ញា 2009 / 9:13 ព្រឹក

    ពាក្យដូចគ្នា ស៊ីម SIM និង ស៊ិម Theme! ប្រើបានតើ ទោះសំលេងដូចគ្នា គង់តែយូរទៅ សុំាំ​ត្រចៀកទេ!
    ដូចពាក្យ ការ ការណ៍ កា ហ្កា

  26. ហនុមាន ថ្ងៃសុក្រ ទី 4 ខែកញ្ញា 2009 / 7:51 ល្ងាច

    អគ្គលីបុត្រ SIM (សីុម) ឯ Theme (តីម) Th=ត ជាភាសា អង់គ្លេស ការអានទាំងពី មានសំឡេង ខុសក្នា

  27. កួរ​ស្រូវ ថ្ងៃសុក្រ ទី 4 ខែកញ្ញា 2009 / 9:56 ល្ងាច

    ខ្ញុំ​យល់​ស្រប​ជាមួយ​លោក​បឿន​នៅ​ក្នុង​ការប្រើ​ពាក្យ “ម៉ូដ” តែ​យើង​នៅ​មាន​ពាក្យ​ថា “ក្បាច់” មួយ​ទៀត ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​ក្បាច់​ចម្លាក់​ខ្មែរ​ និង​អ្វី​​ផ្សេង​ៗ​ទៀត​។ ហើយ​ពាក្យថា “ក្បាច់” មាន​ន័យ​សុទ្ធសាទ​។

  28. កួរ​ស្រូវ ថ្ងៃសុក្រ ទី 4 ខែកញ្ញា 2009 / 9:58 ល្ងាច

    ខ្មែរ

  29. អគ្គលីបុត្រ ថ្ងៃសៅរ៍ ទី 5 ខែកញ្ញា 2009 / 8:55 ព្រឹក

    theme គេអាន​ថា ស៊ិម តើ!!
    បើកឌិកសិនារីមើលៗ»!

  30. 1953tech ថ្ងៃសៅរ៍ ទី 5 ខែកញ្ញា 2009 / 10:33 ព្រឹក

    ពាក្យថា ម៉ូដហ្នឹងគឺ ត្រឹមត្រូវណាស់!

    ជួយដាក់LINK អោយខ្ញុំផងបងបឿន!

    http://1953tech.blogspot.com

  31. ម៉ន ថ្ងៃសៅរ៍ ទី 5 ខែកញ្ញា 2009 / 2:41 ល្ងាច

    mode, model, theme គឺមិនដូចគ្នាទេ ។ អីចឹងហើយបានជាគេមានពាក្យផ្សេងគ្នាយកមកប្រើ ។

    ពេលគេប្រើពាក្យ mode គឺគេច្រើនប្រើជាអ្វីដែលមានកុងត័ក (switch)
    បិទ/បើក, លឿន/យឺត, ខ្លាំង/ខ្សើយ, xp/vista ។ល។

    បើគេប្រើពាក្យ model គឺគេច្រើននិយាយជាមួយម៉ាករបស់អ្វីមួយ
    ដូចជា ម៉ាក camery 2010 ។ល។

    បើគេប្រើពាក្យ theme គឺគេច្រើនប្រើទៅលើផ្ទៃអ្វីមួយ ដូចជា ផ្ទៃរឿង, ផ្ទៃគំរូ ។ល។

    ចំណែកពាក្យ ស្បែក ក៏គេមានប្រើដែរ គឺហៅថា skin ។ គេប្រើ skin សម្រាប់អ្វីដែលគេយកមកគ្របពីលើអ្វីមួយ ដូចជា skin សម្រាប់គ្របលើប្រូក្រាមអីមួយ ។ល។

    បើចងប្រើពាក្យ theme តាមគេ គួតែសរសេរ “ទីម” វិញ មិនមែន “ស៊ីម” ទេ ។

    theme = ទីម
    simm = ស៊ីម

  32. ម៉ន ថ្ងៃសៅរ៍ ទី 5 ខែកញ្ញា 2009 / 2:47 ល្ងាច

    mode = ម៉ូដ
    model = ម៉ូដែល

  33. Original Lab ថ្ងៃអាទិត្យ ទី 6 ខែកញ្ញា 2009 / 10:43 ព្រឹក

    សុំទោសដែលមកយឺត ។
    ខ្ញុំយល់ស្របដែលថា ប្រើពាក្យ ស៊ីម ម៉ូជ ជំនួសអោយពាក្យThemeរបស់ភាសា​អង់គ្លេស តែហេតុអ្វីបានជាយើងមិនផ្សំពាក្យខ្មែរខាងលើជាមួយនឹងពាក្យផ្សេង​ទៀត ដើម្បីអោយអ្នកប្រើឆាប់ និង មិនច្រលំនឹងពាក្យដែលមានស្រាប់ ? ដូចជាផ្សំ​នឹងពាក្យ​ ទំព័រ ៖ ស៊ីមទំព័រ ម៉ូជទំព័រ

  34. peehs07 ថ្ងៃចន្ទ ទី 7 ខែកញ្ញា 2009 / 1:32 ព្រឹក

    អរគុណបឿនដែលបានលើកយកពាក្យ “theme” មកបកស្រាយ! និងសូមអរគុណអស់លោកទាំងអស់ដែលបានចូលរួមបកស្រាយ!

    ចំណែកខ្ញុំ សូមយើងពិនិត្យមើលម្តងទៀតទៅលើការអាននៃពាក្យ
    “theme” ពាក្យនេះបើតាមមើលតាមភាសាអង្គ្លេសរបស់អាមេរិកាំង
    អក្សរ th = ដ ត ថ ឌ ធ ឬ ធ្ស ដូច្នេះពាក្យ theme = ធ្សីម តែប្រ
    ហែលជាមិនមែន ស៊ីម ទេ។ បើចង់ដឹងឱ្យច្បាស់ អោយពួកជនជាតិ
    អាមរិកាំង គេអានអោយយើងស្តាប់មើល និងអោយគេពន្យល់ប្រាប់
    អោយច្បាស់មើល ។ល។

    ចំណែកន័យនៃពាក្យ “theme” យើងគួរតែបកប្រែជាភាសាខ្មែរ បើ
    ប្រសិនជាយើងមាន ហើយពាក្យនេះប្រហែលជាមាននៅក្នុងភាសា
    ខ្មែរ ចូរមើលដូចតទៅនេះ៖
    -រូបរាង រូបភាព រាងរៅ សារីរៈរាង្គកាយ មុខមាត់
    -ទម្រង់ ទ្រង់ទ្រាយ
    -សម្ផស្ស ទេសភាព
    -ក្បាច់ រចនា រចនាបថ រចនាប័ទ្ម

    ខ្ញុំជឿថាពាក្យទាំងអស់ខាងលើនេះ មានន័យដូចឬស្មើនិងពាក្យ theme ដែរ។

  35. ម៉ន ថ្ងៃចន្ទ ទី 7 ខែកញ្ញា 2009 / 11:01 ព្រឹក

    យើងមិនអាចសរសេរអោយត្រូវតាមសម្លេងរបស់ភាសាគេបានទេ គឺសរសេរយ៉ាងណាអោយតែយើងស្រួលអាន ។ ដូចជាពាក្យ model យើងសរសេរ ម៉ូដែល តែភាសាគេមិនប្រកបអីចឹងទេ ។ យើងមិនអាចសរសេរអោយចេញខ្យល់ដូចភាសាគេបាន ដូច្នេះមានតែសរសេរកាត់តង់របស់គេ ។ បើសរសេរ ធ្សីម តើអានយ៉ាងម៉េចទៅ ? បើចង់បកប្រែជាភាសាខ្មែរយើង វាអាស្រ័យទៅលើអ្វីដែលយើងចង់ប្រើចំពោះ ។ ឧទាហរណ៍ ៖ បើយើងចង់និយាយអំពីប្លក យើងអាចហៅថា ផ្ទៃប្លក (ផ្ទាំងរបស់ប្លក) ។
    ខ្ញុំក៏ដឹងដែរថា នៅស្រុកផ្សេងគ្នា និយាយខុសគ្នា ទោះជាពាក្យនោះសរសេរដូចគ្នាក៏ដោយ ។ ឧទាហរណ៍ ដូចជាពាក្យ thank អ្នកខ្លះអានថា សេង អ្នកខ្លះអានថា ទេង តេង ឬក៏ ធេង ។ ដូច្នេះយើងមិនបាច់ប្រកាន់ពេកទេ ព្រោះគ្មានអ្នកខុសទាំងអស់ ហើយក៏គ្នាអ្នកត្រូវទាំងអស់ដែរ ។

  36. peehs07 ថ្ងៃចន្ទ ទី 7 ខែកញ្ញា 2009 / 2:04 ល្ងាច

    អរគុណលោកបងម៉ន ខ្ញុំមិនមែនប្រកាន់ទេ តែបើយើងចង់យកពាក្យអង់គ្លេស
    មកប្រើ គឺយើងចង់បានវាឱ្យមានសម្លេងដូចអង់គ្លេសដែរ ដើម្បីងាយស្រួល
    យើងស្គាល់ទាំងពាក្យទាំងសម្លេង បើហៅកាត់ឱ្យចំជាកាត់ តែយើងមិនពិបាក
    ហៅកាត់តាមភាសារគេទេ ភាសាខ្មែរយើងមានដែរតើ ដូចខ្ញុំបានដាក់ខាងលើ
    ស្រាប់។ ប៉ុន្តែបឿនប្រហែលជាគេសម្រេចរួចហើយ តើត្រូវហៅយ៉ាងណា
    យ៉ាងណីនោះ ខ្ញុំមិនសូវខ្វល់ពេកទេ!

    ឥឡូវនេះនៅភូមិខ្ញុំ មានគេជីកបានកំណប់យ៉ាងច្រើន នៅរដូវភ្ជំបិណ្ឌនេះ គឺមាន
    រូបចម្លាក់ជាច្រើន តែមានស្នាមត្រូវគ្រាប់កាំភ្លើងស្ទើរតែគ្រប់រូមចម្លាក់។
    សូមអស់លោកអញ្ជើញទៅមើលផងមើ!

    http://peehs07.Wordpress.com/

  37. Sophea ថ្ងៃចន្ទ ទី 7 ខែកញ្ញា 2009 / 8:42 ល្ងាច

    ឆ្ងល់​មួយ​សិន

    Theme និង Templete ក្នុង​ភាសារ​ព័ត៌​មាន​ណឹង ប្រើ​ខុស​គ្នា​យ៉ាង​មេច​ទៅ។ សុំ​ឩ​ទារហណ៏​មួយ​ម៉ោ?

  38. ម៉ន ថ្ងៃអង្គារ ទី 8 ខែកញ្ញា 2009 / 1:07 ព្រឹក

    សុំទោស peehs07 កុំយល់ច្រឡំអី ខ្ញុំមិនបានថា peehs07 ជាអ្នកប្រកាន់ទេ ។ សុំទោសដែលខ្ញុំបានយក “ធ្សីម” ដែលជារបស់ peehs07 បានសរសេរខាងលើ យកមកធ្វើជាឧទាហរណ៍ សួរគេថាប្រកបយ៉ាងណានោះ ។ ខ្ញុំក៏ចង់អោយខ្មែរមានពាក្យស្រួលហៅ ស្រួលសរសេរ ស្រួលប្រកប ដែរ តែការសម្រេចចិត្តប្រើគឺស្រេចតែគេទេជាអ្នកដឹកនាំទេ ។ អ្វីដែលខ្ញុំបានសរសេរ គឺគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំតែប៉ុណ្ណោះ ។ ម្យ៉ាងទៀត ខ្ញុំមិនសូវចេះអក្សរខ្មែរផង ហើយក៏មិនបានរៀនច្រើនដែរ មិនមានអ្វីយកមកអាងទេ ។ បើមានការខុសឆ្គង សូមអ្នកទាំងអស់អភ័យទោសផង ។

  39. ម៉ន ថ្ងៃអង្គារ ទី 8 ខែកញ្ញា 2009 / 1:44 ព្រឹក

    Theme និង Template ខុសគ្នាយ៉ាងណា ?

    ដូចបៀន បានអោយឧទាហរណ៍ខាងលើរួចហើយ ៖
    Template គឺគ្រាន់តែជាគំរូ សម្រាប់អោយយើងប្រើនៅក្នុង Theme ។

    ឧទាហរណ៍អោយងាយយល់ ៖
    បើនិយាយពីការបង្ហាញម៉ូតសំលៀកបំពាក់ ធម្មតាគេតែងតែមាន Theme (ផ្ទៃរឿង ឬសាច់រឿង នៃការបង្ហាញ់សំលៀកបំពាក់) យកមកប្រើ ដូចជាសំលៀកបំពាក់កាលពីសម័យអង្គរ ។ ដូច្នេះ សំលៀកបំពាក់កាលពីសម័យអង្គរ ក្នុងឧទាហរណ៍នេះ គឺជា Theme តែម៉ូតសំលៀកបំពាក់ក្នុងសម័យអង្គរមានច្រើនយ៉ាង ។ ម៉ូតសំលៀកបំពាក់នីមួយៗគឺជាគំរូ ដែលគេអាចយកមកប្រើដើម្បីកាត់សំលៀកបំពាក់ក្រោយៗទៀត ។ ដូច្នេះ គំរូនៃសំលៀកបំពាក់ នៅក្នុងឧទាហរណ៍នេះ គឺជា Template ។ អីចឹង Theme មិនមែនជា Template ទេ ហើយ Template ក៏មិនមែនជា Theme ដែរ តែអាចយកមកប្រើរួមគ្នាបាន ។ Template(s) in this Theme / Theme in this Template ។ នៅក្នុង Template នីមួយៗក៏អាចមាន Theme ដែរ ដូចជា សំលៀកបំពាក់មានរូប ឃ្មុំក្រេបផ្កា ។ ដូច្នេះ ឃ្មុំក្រេបផ្កា ក្នុងឧទាហរណ៍នេះ គឺជា Theme នៃម៉ូតសំលៀកបំពាក់នោះ (Tempate) ។

  40. Original Lab ថ្ងៃអង្គារ ទី 8 ខែកញ្ញា 2009 / 5:01 ល្ងាច

    ចំពោះខ្ញុំយល់ថា ការដែលលោក ម៉ន បានឆ្លើយតបនឹងលោក peehs07 ខាងលើ​នោះ វាគឺជាការត្រឹមត្រូវ ដោយយើងមិនគួរ រឺ មិនអាចសរសេរពាក្យ theme តាមសូរស័ព្ទដើម១០០%នោះទេ ព្រោះយើងមិនដែរប្រើសំលេង ធ ជាមួយនឹង​ស ទេ ។ យើងកម្ចីពាក្យបរទេសដើម្បី អោយខ្មែរអាន ដូច្នេះហើយវាគួរតែសរសេរ យ៉ាងដូចម្តេចដើម្បីអោយខ្មែរយើងងាយអាច ។

  41. ហនុមាន ថ្ងៃអង្គារ ទី 8 ខែកញ្ញា 2009 / 10:34 ល្ងាច

    ត្រូវហើយ ធ្វើយ៉ាងមេចឲ្យតែស្តាប់គ្នាបានទៅបានហើយ SIM,Theme,Template,Mode,Model មាននិយមន័យ តាម កលះទេសះ នឹងការប្រើប្រាស់ ។ ភ្លើងក្រហម (red light) មានន័យថាយ៉ាង មេច កុំឲ្យតែឡាន ម៉ូតូ នឹង រទេះគោ បុកស្លាប់ទៅបានហើយ !😀 ចុះពាក្យ ខ្មែរ ខ្ជី ពី ពាក្យបរទេស ម៉ាកានរ នោះ មេច ក៏ខ្មែរ ប្រើយូរយាណាស់ ហើយ មេច​ក៏​មិនកើតអី ទៅ ?😀

  42. khmer star ថ្ងៃពុធ ទី 9 ខែកញ្ញា 2009 / 10:34 ព្រឹក

    ជា​ការពិត​ នៅ​ពេល​ខ្លះ​ យើង​យក​ភា​សា​បច្ចេកទេស​មក​បកប្រែ​ជាភាសារ​ខ្មែរ​ គឺ​ពិបាក​យល់​ណា​ ជា​ពិសេស​ ពាក្យ​បច្ចេកទេស​នៃ​បច្ចេកវិទ្យា​។ ខ្ញុំ​ក៏​យល់​ដូច​ប៊ឿន​ដែរ​ ពាក្យ​ថា​ “ស្បែក” គឺ​ហាក់​បី​ដូចជា​គ្មានន័យ​សោះ​។​ ខ្ញុំ​មិន​ប្រាកដ​ថា​ មុន​នឹង​យក​ពាក្យ​ថ្មី​មក​ប្រើប្រាស់​ជា​ទូទៅ​ ថា​តើ​ក្រុម​ ខ្មែរ​អូអេស​ បាន​ធ្វើ​ការ​ពិភាក្សា​ជាមួយ​ក្រសួង​អប់រំ​ហើយ​ឬទេ​ ពីព្រោះ​ថា ការ​យក​ពាក្យ​ថ្មី​មក​ប្រើ​ មិនមែន​ចេះ​តែ​​បង្កើត​ដោយ​គ្មាន​គណៈកម្មាធិការ និង​ការ​ទទួល​ស្គាល់​ពី​ថ្នាក់​ជាតិ​ឡើយ​។​ ការ​បង្កើត​ពាក្យ​ គឹ​សម្រាប់​ប្រើ​ប្រាស់​ជា​យូអង្វែង​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ ជួន​កាល​ពាក្យ​អាច​ប៉ះពាល់​ដល់​វប្បធម៌​ខ្មែរ​ទៀត​ផង​។

    ដូច្នេះ​ យើង​គួរ​តែ​ពិនិត្យ​ឡើង​វិញ​ថា ក្រុម​ការងារ​របស់​ខ្មែរអូអេស​ មានការ​ទទួល​ស្គាល់​ ឬ​មាន​កិច្ច​សហការ​ជាមួយ​រដ្ឋាភិបាល​​ឬទេ?​ បើ​មិន​មាន​ការ​ទទួល​ស្គាល់​ ឬ​សហការ​ទេ​ យើង​គួរ​តែ​ប្រយ័ត្នប្រយែង​ក្នុង​ការ​យក​ពាក្យ​ទាំង​នោះ​មក​ប្រើប្រាស់​ជា​ផ្លូវ​ការ។

    ក្រសួង​អប់រំ​ក៏​បាន​ប្រកាស​ថា ពាក្យ​ទាំង​អស់​ត្រូវ​ផ្អែក​លើ​វច្ចនានុក្រម​របស់​សម្តេច​ជូនណាត​ ធ្វើ​ជា​គោល។ បើសិន​ជា​មាន​ពាក្យ​ថ្មី​ គួរ​តែ​ឆ្លងកាត់​ការ​សម្រេច​ពី​គណៈកម្មាជាតិសិន​។

  43. peehs07 ថ្ងៃពុធ ទី 9 ខែកញ្ញា 2009 / 2:24 ល្ងាច

    ខ្ញុំយល់ស្របតាម Khmer Star គឺដើម្បីជៀសវាងនូវបញ្ហាទៅថ្ងៃក្រោយ ពីព្រោះ
    ប្រទេសខ្មែរយើងក៏កាន់តែលូតលាស់ច្រើនហើយផ្នែកអក្សរសាស្ត្រ យើងមាន
    វច្ចនានុក្រម យើងមានក្រសួងអ្នកទទួលខុសត្រូវ យើងគួរតែឆ្លងកាត់ក្រសួង
    វប្បធម៌សិនទើបត្រឹមត្រូវ។ យ៉ាងណាក៏ដោយ ខ្ញុំក៏សូមកោតសរសើរដល់ក្រុម
    អូអេស ដែលបានខំប្រឹងប្រែងបង្កើតអក្សរអូអេសឱ្យពួកយើងប្រើប្រាសនេះ
    ខ្ញុមស្មានថារដ្ឋាភិបាលទេ ដែលបង្កើតអក្សរអូអេសនេះ ពីព្រោះខ្ញុំធ្លាប់បានឮ
    ថារដ្ឋាភិបាលខ្មែរនិងបង្កើតអក្សរខ្មែរសម្រាប់ឱ្យប្រើបានជាមួយអ៊ីនធើណិតបាន
    កាលពី៥-៦ឆ្នាំមុន។

    ហើយរឿងពាក្យ theme ដែលខ្ញុំបានសរសេរពាក្យខ្មែរជា ធ្សីម នោះ ពីព្រោះ
    ខ្ញុំចង់ឱ្យអានកុំឱ្យច្រឡំគ្នានិងពាក្យ ស៊ីម ដែលអាចច្រឡំនិងពាក្យផ្សេងទៀត
    ហើយពាក្យ ធ្សីម នេះ មិនមែនជាពាក្យខ្ញុំចង់បាននោះទេ ពាក្យដែលខ្ញុំចង់បាន
    នោះគឺជាពាក្យខ្មែរ ដែលខ្ញុំបានស្រាវជ្រាវដកស្រង់យកមកពីវច្ចនានុក្រមនាៗ។

    ម្យ៉ាងវិញទៀត ខ្ញុំក៏កំពុងធ្វើប្រព័ន្ធនយោបាយទំនើបមួយសម្រាប់ខ្មែរដែរ ហើយ
    ចង់បង្ហាញអស់លោកទាំងអស់ដើម្បីសុំជួយផ្តល់ជាយោបល់ តើធ្វើនេះវាគួរឬ
    មិនគួរ សមរម្យឬមិនសម! សូមអញ្ជើញចូលមើលតាមៈ

    http://kapsystem.wordpress.com

    សូមអរគុណ!

  44. Piseth ថ្ងៃចន្ទ ទី 14 ខែកញ្ញា 2009 / 11:11 ល្ងាច

    ខ្ញុំយល់ថាគួរកុំបកពាក្យនេះអី យើងប្រើពាក្យគេទៅ គឺ ហ្ស៊ីម នឹងវាងាយយល់ជាង។ ប្រទេសណាក៏ខ្ចីពាក្យគេដូចតែគ្នាហ្នឹង។ តែបើបកគួរបកថា រូបរាង ចំណែកពាក្យ Template គួរបកថា ទំរង់ វិញ។ តែចំពោះខ្ញុំមិនបកល្អជាង ដូចពាក្យ Windows ដែលគេបកថា បង្អួច វាហាក់ដូចជាម៉េចយ៉ាងណាទេ។ គួរតែរក្សាវាដោយសរសេរជាខ្មែរថា វីនដូស៍ ទៅយ៉ាងម៉េចដែរ។

  45. ម៉ន ថ្ងៃអង្គារ ទី 15 ខែកញ្ញា 2009 / 1:21 ល្ងាច

    បើ Windows នោះគឺជាឈ្មោះ មិនគួរបកប្រែឈ្មោះទេ ។ តែបើគេនិយាយថា Open a new window ប្រហែលជាអាចហៅថា បង្អួច បាន ។ ធ្លាប់ហៅពាក្យគេដូចជាសម ដូចជា Mouse ធ្លាប់ហៅថា ម៉ៅ ដល់តែគេបកអោយហៅ កណ្ដុរ ដូចជាយ៉ាងម៉េចមិនដឹងដែរ ។

  46. Dreamer! ថ្ងៃចន្ទ ទី 21 ខែកញ្ញា 2009 / 12:24 ល្ងាច

    ខ្ញុំ​យល់ថាពាក្យថា ស្បែក ដែលគេយកមកប្រើក៏ត្រឺមត្រូវម្យ៉ាងដែរ រចនាក៏ម្យ៉ាង។ ​ចុះបើ​ រចនាបថ វិញយ៉ាងម៉េចដែរ?

  47. res ថ្ងៃសុក្រ ទី 22 ខែមករា 2010 / 6:22 ព្រឹក

    Visit me site for free backlink

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s