តួ​អក្សរ ស ប្រកប​នឹង​វគ្គន្តក្ខរៈ​ឃោសៈ និង​អវគ្គ​ឃោសៈ


ដើម្បី​ស្រាយ​ចម្ងល់​របស់​ តាស៊ីក្លូ ចំពោះ​ពាក្យ សេវា ដែល​ថា​គួរ​អាន សេវ៉ា ឬ សេ-វា សូម​ពិនិត្យ​ការបកស្រាយ​​ខាងក្រោម៖

តួ​អក្សរ ស ប្រកប​ជាមួយ វគ្គន្តក្ខរៈ​ឃោសៈ ឬ​ចុង​វគ្គ​ឃោសៈ​ មាន ង, ញ, ន, ម និង​អវគ្គ​ឃោសៈ មាន យ, រ, ល, វ បើ​មាន​ប្រកប​ជាមួយ​ស្រៈ អា ត្រូវ​ប្ដូរ​សំឡេង​តួ​អក្សរ​ទាំង​នេះ​ទៅ​ជា អឃោសៈ គឺ ង ទៅ ង៉, ញ ទៅ ញ៉, ន ទៅ ន៉​ឬ​ណ , ម ទៅ ម៉, យ ទៅ យ៉, រ ទៅ រ៉, ល ទៅ ល៉​ឬ​ឡ, វ ទៅ វ៉ វិញ ។

ឧទាហរណ៍៖ ស្ងាប(អ.ថ. -ង៉ាប), ស៊ីញេ(អ.ថ. -ញ៉េ), សាសនា(អ.ថ. -ន៉ា), សមាគម(អ.ថ. -ម៉ា-), សំយាប(អ.ថ. -យ៉ាប), សុរា(អ.ថ. -រ៉ា), សាលា(អ.ថ. -ល៉ា), សាវា(អ.ថ. -វ៉ា) ។ល។

ក្រៅ​ពី​នោះ​ វគ្គន្តក្ខរៈ​ឃោសៈ គ, ឃ, ជ, ឈ, ឌ, ឍ, ទ, ធ, ព, ភ ត្រូវ​រក្សា​សំឡេង​ឃោសៈ​ដូច​ដើម ។

ឧទាហរណ៍៖ សួគ៌ា, សុជាត, សទាផល, សាធារណៈ, សម្ពាយ, សភាព… ។

18 thoughts on “តួ​អក្សរ ស ប្រកប​នឹង​វគ្គន្តក្ខរៈ​ឃោសៈ និង​អវគ្គ​ឃោសៈ

  1. Samady KS ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែសីហា 2009 / 12:59 ល្ងាច

    អគុណ​ឆ្ហើនៗ ចាំ​ង៉ៃ​ណា​ខ្ញុំ​ឆ្ងល់​ចាំ​ខ្ញុំ​រត់​ម៉ោ​សួរ បឿន ក៏​បាន​ដែរ…ខ្ញុំ​ខ្សោយ​ណាស់​រឿង​អក្សរ​​សាស្ត្រ​ខ្មែរ

  2. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែសីហា 2009 / 1:04 ល្ងាច

    ខ្ញុំ​ក៏​មិន​ចេះ​អី​ដែរ តែ​ចំ​ចំណុច​ខ្ញុំ​យល់ ចេះតែ​បកស្រាយ​ទៅ បើ​ចំ​ចំណុច​មិន​យល់ ក៏​បក​មិន​ចេញ​ដែរ ។

  3. រដ្ឋ ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែសីហា 2009 / 4:10 ល្ងាច

    ចុះ​ពាក្យ “ជីវា” ?

  4. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែសីហា 2009 / 4:20 ល្ងាច

    តាម​វចនានុក្រម គេ​អាន​ថា ជីវ៉ា ​សរសេរ ជីវ៉ា ​ក៏​បាន​ ។

  5. សេរីបណ្ឌិត ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែសីហា 2009 / 5:32 ល្ងាច

    ពេល​ខ្ញុំ​មាន​ចម្ងល់​ខ្ញុំ​នឹង​មក​ដាក់​ពាក្យ​សុំ​ចម្លើយ​ពី​បង​បឿន​ហើយ, ដល់​ពេល​ហ្នឹង​ត្រូវ​ការ​ប្រវត្តិរូប​សង្ខេប​ឬ​អត់​ ?

  6. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែសីហា 2009 / 5:34 ល្ងាច

    សួរ​ខ្ញុំ បើ​​ខ្ញុំ​ឆ្លើយ​មិន​ចេញ​ខ្ញុំ​សួរ​សេរីបណ្ឌិត​វិញ!😛

  7. kaps... ថ្ងៃសុក្រ ទី 14 ខែសីហា 2009 / 4:53 ព្រឹក

    តើអក្សរខ្មែរយើងអាចប្រើតែសម្លេងពីរគឺឃោសៈនិងអឃោសៈបានទេ?
    ដោយមិនពិបាកប្រើវគ្គន្តក្ខរៈនិងអវគ្គពីព្រោះពិបាកអានពេក។

    តើឃោសៈជាសម្លេងធ្ងន់និងអឃោសៈជាសម្លេងស្រាលមែនទេ?

  8. ទឹម បឿន ថ្ងៃសុក្រ ទី 14 ខែសីហា 2009 / 8:31 ព្រឹក

    វគ្គន្តក្ខរៈ​មិនមែន​ជា​សំឡេង​ទេ ​មានន័យ​ថា​​ចុង​វគ្គ មាន ង, ញ, ណ, ន, ម ។ វគ្គន្តក្ខរៈ​ឃោសៈ មានន័យ​ថា​ចុង​វគ្គ​ឃោសៈ គឺ ង, ញ, ន, ម ។ ចំណែក​អវគ្គ មាន យ, រ, ល, វ, ស, ហ, ឡ, អ ។ អវគ្គ​ឃោសៈ គេ​រាប់​តែ​តួ​អក្សរ​ក្នុង​អវគ្គ​ណា​ដែល​មាន​សំឡេង​ឃោសៈ មាន យ, រ, ល, វ ។

    និយាយ​ឱ្យ​​ងាយ​យល់ វគ្គ​ក​ឬ​វគ្គ​ទី​១ មាន ក, ខ, គ, ឃ, ង វគ្គ​ច​ឬ​វគ្គ​ទី​២ មាន ច, ឆ, ជ, ឈ, ញ ។ ក្នុង​វគ្គ​ក​ឬ​វគ្គ​ច ចែក​ចេញ​ជា ៣ សិថិល ១, ធនិត ១, និង​វគ្គន្តក្ខរៈ ១ ។

    សិថិល​មាន ក, គ, ច, ជ… ធនិត​មាន ខ, ឃ, ឆ, ឈ… ចំណែក វគ្គន្តក្ខរៈ មាន ង, ញ… ។

  9. kaps... ថ្ងៃសុក្រ ទី 14 ខែសីហា 2009 / 12:07 ល្ងាច

    យ៉ាងម៉េចចាំចែកអីច្រើនវគ្គម្លេះ?

    ហើយវគ្គនិមួយៗចេញពីណាមក?

    ខ្ញុំចង់និយាយអំពីសម្លេងព្យញ្ជនៈទៀតហើយ
    ត្រង់នេះខ្ញុំចង់និយាយតែសម្លេងធ្ងន់ឬស្រាល
    ប៉ុណ្ណោះទេ តើយើងមានតែសម្លេងធ្ចន់និងស្រាល
    មែនទេ?្ឬក៏មានសម្លេងណាទៀតទេ?

    បើខ្ញុំចង់យល់ឱ្យបានច្រើន តើមានសៀវភៅណា
    ដែលអាចឱ្យខ្ញុំយកទៅរៀនមើលបានទេ?

  10. ទឹម បឿន ថ្ងៃសុក្រ ទី 14 ខែសីហា 2009 / 12:29 ល្ងាច

    គេ​ចែក​ច្រើន​វគ្គ គឺ​គេ​កំណត់​ទៅ​តាម​សំឡេង​ធូរ និង​សំឡេង​តឹង ។ សិថិល គឺ​ពពួក​ដែល​មាន​សំឡេង​ធូរ ចំណែក​ធនិត ជា​ពពួក​អក្សរ​ដែល​មាន​សំឡេង​តឹង ឬ​គេ​ហៅ​ថា​សំឡេង​ធ្ងន់ និង​ស្រាល ។

    ​ក្នុង​ភាសា​ខ្មែរ គេ​ចែក​តែ​ពីរ​សំឡេង​ទេ គឺ​ឃោសៈ និង​អឃោសៈ សូម​កុំ​ច្រឡំ​សំឡេង ហើយ​និង​វគ្គ ។

    ចំពោះ​សៀវភៅ ខ្ញុំ​មិន​ដឹង​ថា​សៀវភៅ​ណា​ដែល​មាន​ពន្យល់​ឱ្យ​ក្បោះក្បាយ​អំពី​ឃោសៈ និង​អឃោសៈ​ទេ ប៉ុន្តែ​សៀវភៅ​ដែល​ខ្ញុំ​មាន មាន​ពន្យល់​បន្តិចបន្តួច​ដែល​អាច​មើល​យល់​បាន ។ សូម​មើល​សៀវភៅ វេយ្យាករណ៍​ខ្មែរ របស់ ឈុន លិះ និង​សៀវភៅ វេយ្យាករណ៍​ខ្មែរ និង​បំណិន​ផ្សេងៗ​របស់ គង់ សុខហេង តែ​សៀវភៅ​របស់​លោក គង់ សុខ ហេង នៅ​មាន​សរសេរ​ខុស​អក្ខរាវិរុទ្ធ​ច្រើន គ្រាន់តែ​អាច​យក​មក​មើល​ស្វែង​យល់​​បាន ។

  11. សេរីបណ្ឌិត ថ្ងៃសុក្រ ទី 14 ខែសីហា 2009 / 1:14 ល្ងាច

    យ៉ូយ ! សាហាវ​ណាស់​បង​បឿន..
    ច្រឡំ​ពាក្យ​ទៀត​ហើយ មាន​ទៅ​សាហាវ​អី​បើ​មិន​ទាន់​ខាំ​គេ​ស្លាប់​អស់​មួយ​ផង, គួរ​និយាយ​ថា​អស្ចារ្យ​ណាស់​បង​បឿន​ ពន្យល់​អត់​មាន​ទាល់​ត្រង់​ណា​សោះ
    អូ៎ ! ភ្លេច​ឱ្យ​ឈឹង, បើ​ទាល់​ពន្យល់​ម៉េច​កើត !!!!!!!!!!!!!!!!!!!!!!!!!

  12. kaps... ថ្ងៃសុក្រ ទី 14 ខែសីហា 2009 / 2:18 ល្ងាច

    សូមអរគុណបឿនដែលបានបន្យល់យ៉ាងក្បោះក្បាយ

    យី! សម្លេងអក្សរខ្មែរមានតឹងមានធូរ មានខ្ពស់មានទាប
    មានធ្ងន់មានស្រាល ដូចមនុស្សយើងដែរ ដូចជាគួរអស្ចារ្យ
    ណាស់ដែរ យើងមិនដែលបានសួរដេញដោលគ្នាទេ
    តែនេះជាឱកាសល្អបានបឿនលើកយកប្រធានបទនេះមក
    និយាយ ខ្ញុំបានរៀនចំណុចនេះមួយកំរិតហើយនិង
    បន្តរទៀតពេលក្រោយ។

    ម្យ៉ាងវិញទៀត មុននេះបន្តិចខ្ញុំបានចូលទៅគេហទំព័ររបស់
    ព្រះអង្គធម្មានន្ត បានឃើញព្រះអង្គសួរខ្ញុំអំពីរបៀបការគ្រប់គ្រង
    ប្រទេស ខ្ញុំក៏បានបញ្ចេញទ្រឹស្តីបន្តិចដែរ ចូរចូលទៅមើលផង
    មើល យ៉ាងម៉េចដែរ?

  13. kaps... ថ្ងៃសុក្រ ទី 14 ខែសីហា 2009 / 3:05 ល្ងាច

    មុននេះបន្តិចខ្ញុំបានមើលចុះឡើងនៅលើធ្នើដាក់សៀវភៅខ្ញុំស្រាប់តែជួប
    ប្រទះសៀវភៅវេយ្យាករណ៍ខ្មែរមួយ ហើយបានមើលទៅឃើញថាអស្ចារ្យមែន
    គេបានអត្ថាធិប្បាយក្បោះក្បាយណាស់ដែរ អក្សរយើងមិនមានតែសម្លេង
    ខ្ពស់ទាបទេ តែមានទាំងគូរវាទៅទៀត គឺដូចជាមនុស្សប្រុសគូរជាមួយនិង
    មនុស្សស្រីអញ្ចឹង!

    សៀវភៅនោះមាននាមថា “វេយ្យាករណ៍ខ្មែរពិស្តា” ហើយសរសេរដោយ
    “ពូវ – អ៊ុម” សៀវភៅនេះបានបោះពុម្ពតាំងតែពីឆ្នាំ១៩៥០ម្លេះ។

  14. ទឹម បឿន ថ្ងៃសុក្រ ទី 14 ខែសីហា 2009 / 3:22 ល្ងាច

    ខ្ញុំ​ធ្លាប់​ឮ​ឈ្មោះ ពូវ អ៊ុម ដែរ សៀវភៅ​ដែល​បោះពុម្ព​ជំនាន់​នោះ ភាគ​ច្រើន​ល្អ​ៗ ។ ប៉ុន្មាន​ថ្ងៃ​មុន​ទៅ​រក​ទិញ​សៀវភៅ​ រក​សៀវភៅ​ជាន់​មុន​ៗ​ហ្នឹង​មិន​បាន មាន​តែ​សៀវភៅ​គេ​ធ្វើ​ថ្មីៗ សរសេរ​មិន​សូវ​ល្អ​ដូច​មុន​ទេ ។

  15. Jan ថ្ងៃ​ព្រហស្បតិ៍ ទី 3 ខែកញ្ញា 2009 / 4:53 ល្ងាច

    សុំសួរប្អូន​បន្តិចចំពោះឈ្មោះ​សុខៈរាជ​​ អានថា សុខាក់រាជ តើឈ្មោះនេះគួរដាក់ស្រះអៈ​ប្ញអត់?​ ឈ្មោះនេះបងចង់ដាក់ឲ្យកូនបងពេលវាកើតមក​ :-)

  16. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 3 ខែកញ្ញា 2009 / 4:58 ល្ងាច

    ឈ្មោះ សុខរាជ សរសេរ​ដាក់​ស្រៈ អៈ ក៏​បាន​ដែរ តែ​ធម្មតា​គេ​មិន​ដាក់​ស្រៈ​អៈ​ទេ ដូច្នេះ​គួរ​សរសេរ សុខរាជ អាន​ថា សុខៈរាជ ។

  17. Jan ថ្ងៃចន្ទ ទី 7 ខែកញ្ញា 2009 / 9:35 ព្រឹក

    អរគុណដែលបានឆ្លើយសំណួរ

  18. peehs07 ថ្ងៃចន្ទ ទី 7 ខែកញ្ញា 2009 / 2:12 ល្ងាច

    សុំទោស! តើកូននោះជាស្រីឬក៏ជាប្រុស?
    បើប្រុសវិញដាក់ឈ្មោះជា រាជសីសុខ ទៅវិញដឹង!

    ខ្ញុំនិយាយលេងទេ មិនដែលមានកូននិងគេម្តងផង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s