ពាក្យ​ខ្មែរ​មួយ​ចំនួន​ដែល​មិន​សូវ​មាន​ប្រើ


ខាងក្រោម​ជា​ពាក្យ​ខ្មែរ​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​សៀវភៅ វេយ្យាករណ៍​ខ្មែរ របស់​លោកគ្រូ ឈុន លិះ។ ពាក្យ​ទាំង​នេះ ត្រូវ​បាន​យក​មក​ប្រើ​មួយ​ចំនួន និង​ពាក្យ​មួយ​ចំនួន​បាន​កប់​បាត់​អត់​មាន​អ្នក​ស្គាល់។ ឧទាហរណ៍​ពាក្យ កសិករ មានន័យ​ថា អ្នក​ធ្វើ​ស្រែ​ចម្ការ, កម្មករ អ្នក​ធ្វើការ​ដោយ​កម្លាំង, កិន្នរ ឈ្មោះ​សត្វ​បក្សី, កុមារ ក្មេង​ប្រុស… ជា​ពាក្យ​ដែល​គេ​យក​មក​ប្រើ​ញឹកញាប់ ចំណែក​ពាក្យ​មួយ​ចំនួន​ទៀត​ដែល​គេ​មិន​មាន​ពាក្យ​មួយ​សម្រាប់​ប្រើ គេ​ច្រើន​ប្រើ​ពាក្យ​ផ្សំ​ទៅវិញ ក្នុង​នោះ​មាន អ្នក+កិរិយាសព្ទ​(+នាម) ឬ ជាង+នាម ដែល​មាន​ដូចជា ជាង​ថ្នាំ ជាង​ឈឺ អ្នក​ជំងឺ អ្នក​រៀន ។ល។ សូម​មើល​ពាក្យ​ទាំង​នេះ​ខាងក្រោម៖

  • កុម្ភការ – ជាង​ធ្វើ​ក្អម​ឆ្នាំង
  • កំណោរ – ជាង​កោរ​សក់
  • ចិត្តករ – ជាង​គំនូរ
  • ចំបួរ, ចម្បួរ – ចំបួរ​ខាង​ម្ដាយ
  • ឆាយាធរ – ព្រះចន្ទ
  • ជលធរ – មេឃ
  • ជូតការក៍ – អ្នក​លេង​ល្បែង​ស៊ីសង
  • ជំបួរ – ជួរ​វង្សត្រកូល​ខាង​ប្រុស
  • ទេពនិករ – ពពួក​ទេវតា
  • និសាករ – ព្រះចន្ទ
  • និសាចរ – អ្នក​ត្រាច់ចរ​ក្នុង​ពេល​វេលា​យប់
  • បរិពារ, បរិវារ – អ្នក​ហែហម
  • បារគូ – អ្នក​ដល់​ត្រើយ​នៃ​វិជ្ជា
  • ពាឌីរ – កូន​ឈ្នួល
  • ពាណិជ្ជការ – អ្នក​ធ្វើ​ជំនួញ
  • ភត្តការ, ភត្តការី – អ្នក​ចម្អិន​អាហារ
  • ភត្តាភិហារ – អ្នក​ចាត់ចែង​ភោជន
  • ភមរ – ឃ្មុំ
  • ភិក្ខាចរ – អ្នក​ដើរ​សុំ​ទាន
  • ភិន្នោទរ – បងប្អូន​កើត​ពី​មាតា​ផ្សេង​គ្នា​រួម​បិតា​តែ​មួយ
  • ភោជនាគារ – ផ្ទះ​លក់​ម្ហូប​អាហារ
  • មណីការ – ជាង​ច្នៃ​ត្បូង ឬ​ពេជ្រ
  • មាលាការ – អ្នក​ក្រង​ផ្កា
  • យៅវ៍ – ក្រមុំ, កំលោះ
  • រជក, រជកី ឬ រជិកា​(ស្រី) – អ្នក​ជ្រលក់​សំពត់ ឬ​អ្នក​លាប​ថ្នាំ​ពណ៌
  • រជនី – រាត្រី
  • រជនីករ – ព្រះចន្ទ
  • រជនីចរ – បិសាច​ត្រេច​ក្នុង​ពេល​យប់
  • រតនករ – អ្នក​ដឹង​ត្បូង
  • រថការ – អ្នក​ធ្វើ​រថ
  • រាជស្រឹង្គារ – ស្រី​ព្រះ​ស្នំ
  • លញ្ឆការ – ជាង​ឆ្លាក់​ត្រា
  • លិបិការ – ជាង​ឆ្លាក់​អក្សរ, ឆ្លាក់​ក្បាច់ក្បូរ
  • លិម្បការ – ជាង​ឆ្លាក់​ត្រា
  • លេខាធិការ – ស្មៀន
  • វចនករ,-ការ-ការកៈ-ការី – អ្នក​ស្ដាប់​បង្គាប់
  • វនចរ, វនេចរ, ពនេចរ – ព្រានព្រៃ
  • វាណវារ – អាវក្រោះ
  • វាសរ, វាសរៈ – វេលា​យប់
  • វាសវៈ – ព្រះឥន្ទ
  • វាសាគារ – បន្ទប់​ដេក
  • វិក្កយាគារ, វិក្រយាគារ – ផ្ទះ​លក់​ទំនិញ
  • វិជ្ជាករ – អ្នក​បង្កើត​វិជ្ជា
  • វិន័យធរ – អ្នក​ចេះ​វិន័យ
  • វិភាករ – អ្នក​ធ្វើ​នូវ​ពន្លឺ
  • វិស្វករ – អ្នក​ធ្វើ​ខាង​សំណង់
  • វេគសរ – សេះ, លា
  • វេស្សានរ – ភ្លើង
  • វោការ – លាមក
  • សត្តនិករ – ពួក​សត្វ
  • សន្តិករ – អ្នក​ធ្វើ​ឲ្យ​មាន​សន្តិភាព
  • សភាចារ – ច្បាប់
  • សសុរៈ – បិតា​ក្មេក
  • សស្ស – សន្ទូង
  • សស្សការ – អ្នក​ស្ទូង
  • សហចរ – អ្នក​ដើរ​ជាមួយ
  • សហោទរ – បងប្អូន​រួម​មាតា​តែ​មួយ
  • សីតករ, សីតភានុ – ព្រះចន្ទ
  • សីទន្តរ – សមុទ្រ​ទឹកកក
  • សុករ – ជ្រូក
  • សុធីរ – អ្នក​ដែល​មាន​ចំណេះ​ខ្ពស់
  • សុរ – ទេវតា
  • សុរាការ – អ្នក​បិត​ស្រា
  • សុវណ្ណការ – ជាង​មាស
  • សេដ្ឋការ – អ្នក​ធ្វើ​សេដ្ឋកិច្ច
  • សោទរ – បងប្អូន​ប្រុស​រួម​ឧទរ​តែ​មួយ
  • ស្កន្ទមារ – មារ​ជ្រែក
  • ស្កន្ធាពារ – កងទ័ព
  • ស្នំក្រមការ – ពួក​ស្រី​បម្រើ​ព្រះ​រាជា
  • ស្មៀនស្មេរ – អ្នក​សរសេរ
  • ហីរ – ពេជ្រ
  • ហិរញ្ញការ, ហិរណ្យការ – ជាង​ប្រាក់
  • ហីរការ – ជាង​ច្នៃ​ពេជ្រ
  • ហុតករ,-ការ – អ្នក​បូរជា​ភ្លើង
  • ហេមការ – ជាង​មាស
  • ហោការ – អ្នក​ធ្វើ​ហោម គឺ​កិច្ច​បូជា​ទេវតា
  • ហោរ – អ្នក​ចេះ​ទាយ
  • អករ៍ – អ្នក​មិន​ធ្វើការ
  • អនន្តរ – អ្នក​គ្មាន​ផ្ទះ, អ្នក​លះបង់​លំនៅ​ចេញ​ទៅ​បួស
  • អនាគារ – អនន្តរ
  • អនិស្សរជន – ជន​ដែល​មិន​មែន​ជា​ធំ​លើ​គេ
  • អមរ – ទេវតា
  • អមរនិករ – ពួក​ទេវតា
  • អយស្ការ – ជាង​ដែក
  • អហិតករ – អ្នក​ធ្វើ​អំពើ​ឥត​ផល​ប្រយោជន៍
  • អាគារ, អាគារិយ – អ្នក​ដែល​មាន​ផ្ទះ
  • អាជីវករ – អ្នក​ប្រកប​អាជីវកម្ម
  • អាទិករ – អ្នក​ផ្ដើម​ធ្វើ​មុន​គេ
  • អាទរមិត្ត – មិត្ត​ដែល​រាប់រក​គ្នា​ដោយ​យក​ចិត្ត​ទុក​ដាក់
  • អារាមករ – អ្នក​សាង​វត្ត
  • អារាមាធិការ, អាវាសាធិការ – ចៅ​អធិការ​វត្ត
  • អាវបនករ – អ្នក​ប្រកប​មុខរបរ​ខាង​ដាំ​ដំណាំ
  • អាវុធករ – អ្នក​ធ្វើ​អាវុធ
  • អាហារប័ណ្ណ – បញ្ជី​រាយ​មុខ​ម្ហូប​ដាក់​បង្ហាញ​ភ្ញៀវ
  • ឧស្សាហករ – អ្នក​ធ្វើ​ឧស្សាហកម្ម
  • ឧឡារមេធា – អ្នក​ប្រាជ្ញ​ឆើត

26 thoughts on “ពាក្យ​ខ្មែរ​មួយ​ចំនួន​ដែល​មិន​សូវ​មាន​ប្រើ

  1. posoky ថ្ងៃ​ព្រហស្បតិ៍ ទី 30 ខែ​មេសា 2009 / 8:10 ល្ងាច

    ខ្មែរយើងមានពាក្យដែលដូនតាបានបង្កើត យ៉ាងលំបាកតាំងពីរាប់ពាន់ឆ្នាំ តែ ឥលូវមិនដឹងដោយសារ អ្វី ទេ បែជាត្រូវអ្នកជំនាន់ក្រោយ ដែលមិនបានធ្វើអ្វីសោះ ចំពោះភាសារ បាននាំគ្នាបំបាត់ចោលបណ្តើរៗហើយ និយមអ្វីជាបរទេសទៅវិញ​ នេះបានចំ។

  2. តាស៊ីក្លូ ថ្ងៃ​ព្រហស្បតិ៍ ទី 30 ខែ​មេសា 2009 / 8:17 ល្ងាច

    រួចចុះពាក្យ កាដុមឆែប (ឆែបតែមួយដុំហ្នឹង) វិញនោះ អាម៉េចបានជាអត់ឃើញ
    មានគេប្រើអញ្ចឹង? ក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាត ដូចជាអត់ឃើញ
    មានពន្យលពាក្យហ្នឹងសោះ !

    ទៅរកដឹកម៉ូយមួយសិន គ្រាន់បានលុយដកមេម៉ាកាយ៉យពីរកាយ៉យ

  3. វិចិត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 30 ខែ​មេសា 2009 / 10:18 ល្ងាច

    នេះ​ប្រហែល​ជា​ពាក្យ​ខ្លះ​គេ​បង្កើត​មក​​ព្រោះ​តែ​តំរូវ​ការ​ក្នុង​ការ​សរសេរ​ពាក្យ​កាព្យ​តែ​ប៉ុណ្ណោះ។ ពាក្យ​ខ្លះ ប្រហែល​ជា​ពាក្យ​ដែល​គេ​ប្រើ​ក្នុង​ឯកសារ​សំស្ក្រឹត​ រឺ​បាលី​សរសេរ​ជា​ខ្មែរតែ​ប៉ុណ្ណោះ។ ហើយ​បើ​បែប​នេះ​មែន មាន​ពាក្យ​ច្រើន​ណាស់ ដែល​យើង​មិន​សូវ​​ប្រើ ដែល​ចំនួន​ពាក្យ​​ ~= ចំនួន​ពាក្យ​ក្នុង​វចនានុក្រម​សំស្ក្រឹត – ចំនួន​ពាក្យ​សំស្ក្រឹតក្នុង​វចនានុក្រម​ខ្មែរ + etc.។
    posoky ៖ ខ្មែរ​អញ្ចឹង។ ពាក្យ​ខ្មែរ​បុរាណ​ប្រហែល​មិន​សូវ​មាន​អ្នក​ចេះទេ តែ​បើ​សួរ​បាលី​វិញ​ យក​ទៅ​ណា​អស់។ តែ​គ្មាន​នរណា​ត្រូវ​បន្ទោស​ទេ។

  4. ភិក្ខុធម្មានន្ទ ថ្ងៃសុក្រ ទី 1 ខែ​ឧសភា 2009 / 1:04 ព្រឹក

    តាមផ្នត់គំនិតយើងជាខ្មែរ​ កាលបើនិយាយថាប្រើភាសាខ្មែរគឺតែងតែរាប់បញ្ចូលទាំង
    ភាសាខ្មែរសុទ្ធ ភាសាសំស្ក្រឹត និង ភាសាបាលី ប្រើតែភាសាខ្មែរសុទ្ធសាធមួយមុខមិនអាចគ្រប់គ្រាន់ទេ ហេតុហ្ហឹងហើយទើបមានពាក្យមួយឃ្លាថា ខ្មែរយើង មានក្បាលអត់«ចិត្ត» មានក្តិតអត់«អាចម៍» ព្រោះពាក្យ «ចិត្ត» និងពាក្យ «អាចម៍» ជាពាក្យយកមកពីភាសាបាលី។ ពាក្យដែលបឿនយកមកបង្ហាញ
    នៅទីនេះគឺសុទ្ធតែជាពាក្យល្អៗដែលកូនខ្មែរគួរតែទម្លាប់ប្រើ ។ ដោយសារតែការ មិនសូវទម្លាប់ប្រើហ្នឹងហើយបានជាចេះតែមានការបាត់បង់ទៅ រួចហើយក៏តាំង បន្ទោសថាខ្មែរមិនមានពាក្យប្រើគ្រប់គ្រាន់នឹងគេ ។ តាមពិតពាក្យខ្មែរខ្លួនឯងត្រូវ កប់បាត់ដោយសារតែយើងមិនជួយគ្នាលើកតំកើង ។ ការដែលរវល់តែទៅនិន្ទាឈ្នានីសថាហេតុអ្វីភាសាបាលី និងភាសាសំស្ក្រឹតមានប្រើច្រើនគគោកមិនបន្ទោសទៅបន្ទោសតែអ្នកយកភាសា ផ្សេងពីនោះមកប្រើនោះ ក៏មិនយុត្តិធម៌ដែរ ពីព្រោះភាសាបាលីនិងសំស្ក្រឹតជាភាសាគោលនៃភាសាជាតិខ្មែរ បានចាក់ឫសជាយូរយារមកហើយ ហើយនេះក៏ជាស្នាដៃនិងមរតករបស់បូរាណាចារ្យរបស់យើងដែរ ហើយអ្នកទាំងនោះសុទ្ធតែចេញមកពីសាលាបាលី សំស្ក្រឹតទាំងអស់។​បើអ្នកមិនចេះភាសាសំស្ក្រឹតនិងបាលីទេមិនអាចបកស្រាយភាសាខ្មែបាន
    ទូលំទូលាយទេ ។ រឿងថ្មី ឬចាស់នោះមិនជាសំខាន់ទេ សំខាន់គឺត្រង់ថា យើងគប្បីថែរក្សានូវអ្វីដែលមានហើយ ព្យាយាមយកមកវិញនូវអ្វីដែលយើងបាត់បង់ទៅ ។ ហើយយើងអាចបង្កើតថ្មីបន្ថែមបាននូវអ្វីដែលយើងពិតជាមិនទាន់មាន ។ បើយើងមានរបស់ខ្លួនយើងហើយ មិនព្រមប្រើរបស់ខ្លួន ចេះតែខំយករបស់គេ មកប្រើហើយបំភ្លេចរបស់ខ្លួនចោលនោះ នឹងធ្វើឲ្យអក្សរសាស្ត្រខ្មែរយើង​ កាន់តែច្របូកច្របល់លើការច្របូកច្របល់សព្វថ្ងៃនេះទៅទៀត ។
    គួរពុំគួរសូមអភ័ទោស!

  5. កូនខ្មែរ-បារាំង ថ្ងៃសុក្រ ទី 1 ខែ​ឧសភា 2009 / 5:09 ព្រឹក

    ខ្ញុំព្រះករុណា យល់ស្របជាមួយព្រះតេជគុណ ១០០% ។ តែប្រសិនបើមើល​ពាក្យខាងលើទាំងអម្បាលមាណ គឺសុទ្ធសឹងតែជាពាក្យបាលីឬសំស្រ្កឹតចង់​១០០% ទៅហើយ។ ពាក្យរបស់ខ្មែរវាមានមែនពិត តែប្រសិនបើយើងមិនយក​មកប្រើប្រាស់ ឬកត់ត្រាទុកនៅកន្លែងណាមួយទេនោះ ពាក្យទាំងនោះមុខតែ​នឹងបាត់បង់ជាក់ជាមិនខានឡើយ !

  6. ទឹម បឿន ថ្ងៃសុក្រ ទី 1 ខែ​ឧសភា 2009 / 6:20 ព្រឹក

    ខ្ញុំ​ក៏​គាំទ្រ​នឹង​ការបកស្រាយ​របស់ភិក្ខុ​ធម្មានន្ទ ត្រង់​ហ្នឹង​ហើយ បាន​ជា​អ្នក​ដែល​ខ្មែរ​និយម​ជ្រុល​ពេក រហូត​ចង់​បំបាត់​បាលី និង​សំស្ក្រឹត​ចេញ​ពី​ភាសា​ខ្មែរ​ឲ្យ​អស់​នោះ​ធ្វើ​ទៅ​មិន​កើត។

  7. វិចិត្រ ថ្ងៃសុក្រ ទី 1 ខែ​ឧសភា 2009 / 7:12 ព្រឹក

    មិន​ដឹង​ជា​មាន​នរណា​ខ្លះ​ទេ​ដែល​ចង់​ទៅ​បំបាត់​ បាលី និង​សំស្ក្រឹត​ចេញ​ពី​ភាសា​ខ្មែរ​ឲ្យ​អស់​ នោះ លោក​បឿន​គិត​តែ​ខ្លួន​ឯង​ទេ​មើល​ទៅ?

  8. ទឹម បឿន ថ្ងៃសុក្រ ទី 1 ខែ​ឧសភា 2009 / 7:56 ព្រឹក

    ខ្ញុំ​មិន​ដឹង​អ្នកណា​ខ្លះ​ទេ គ្រាន់តែ​ធ្លាប់​ឮ​ល្ហៀងៗ

  9. ម៉ន ថ្ងៃសុក្រ ទី 1 ខែ​ឧសភា 2009 / 10:58 ព្រឹក

    អីយ៉ួយ ! រឿនភាសាហ្នឹង អត់ហានបើកម៉ាត់ទេខ្ញុំ😀
    ពាក្យមានន័យលុះត្រាអ្នកស្តាប់អាចយល់បាន ។

  10. វិចិត្រ ថ្ងៃសុក្រ ទី 1 ខែ​ឧសភា 2009 / 12:46 ល្ងាច

    តែ​បើ​និយាយ​អំពី​ក្រុម​ខេមរយានកម្មវិញ ខ្ញុំ​ដឹង​ថា ពួក​គេ​មិន​មែន​ចង់​លុប​បំបាត់​បាលី​សំស្ក្រឹត​ទាំង​អស់​នោះ​ទេ តែ៖ (១)​ ឥលូវ​នេះ យើង​ចាប់​ផ្តើម​រិះគន់​ថា​យើង​មាន​ពាក្យ​បាលី​សំស្ក្រឹត​ប្រើ​ហើយ ចាំបាច់​អី​ទៅ​យក​អង់គ្លេស​ពាក្យ​ដដែលៗ​មក​ធ្វើ​អី​ទៀត?។ ខាង​ខេមរយាន​កម្ម​គេ​ក៏​គិត​ដូច​នេះ​ដែរ មាន​ន័យ​ថា (២) ពាក្យ​ខ្លះ​ដែល​យើងថា​តាម​បាលី​សំស្ក្រឹត​អី​ហ្នឹង តើ​មុនហ្នឹង​​មាន​ពាក្យ​ខ្មែរ​ដែរ​ទេ? បើ​មាន​គេ​ថា​ម៉េច?។

    និយាយ​ទៅ​ខាង​ណា​ក៏​គេ​រិះគន់​ថា “មាន​ពាក្យ​ខ្លួន​ឯង​ហើយ ចាំ​បាច់​យក​ពាក្យ​គេ​មក​ធ្វើ​អី​ទៀត​ដែរ”។

  11. ទឹម បឿន ថ្ងៃសុក្រ ទី 1 ខែ​ឧសភា 2009 / 1:29 ល្ងាច

    បើ​លោកគ្រូ​ចិត្រ​ថា​អ៊‍ីចឹង​ហើយ ក៏​អ៊‍ីចឹង​ចុះ

  12. kienforcefidele ថ្ងៃសុក្រ ទី 1 ខែ​ឧសភា 2009 / 1:39 ល្ងាច

    ហ៊ើយ! អា​រឿង​នេះ​ខ្ញុំ​មិន​ដឹង​ជា​ធ្វើ​យ៉ាង​ម៉េច​ទេ។ តែ​គួរ​កត់​សម្គាល់​ចំពោះ​ពាក្យ​ “ហោរ” ព្រោះ​ថា​ភាគ​ច្រើន​គេ​និយាយ​ថា “ហោរា” សំដៅ​ទៅ​លើ​មនុស្ស​ទៅ​វិញ តាម​ពិត​ “ហោរា” គ្រាន់​តែ​ជា​នាម សំដៅ​ការ​ទស្សន៍ទាយ​តែ​ប៉ុណ្ណោះ។ “ហោរ” ទើប​បាន​ជា​អ្នក​ទស្សន៍ទាយ។:mrgreen:

  13. Samady KS ថ្ងៃសុក្រ ទី 1 ខែ​ឧសភា 2009 / 4:18 ល្ងាច

    ងាប់​ពាក្យទាំង​ហ្នឹង​ភាគ​ច្រើន សូម្បី​តែ​ខ្ញុំ​អានហើយ​​ក៏​មិន​យល់​ផង​ តើ​អោយ​ប្រើ​យ់ាង​ម៉េច​ទៅ? ណាមួយ​វា​ក៏​ជា​ចំណុច​ខុស​របស់​ខ្ញុំ​មួយ​ដែរ ព្រោះ​អី​ខ្ញុំ​អត់​សូវ​ស្វែង​យល់​អំពី​អក្សរ​ខ្មែរ​ផង.. ជួន​កាល​ពាក្យ​ទាំង​ហ្នឹង​មាន​មនុស្ស​ខ្លះ​ក៏​យក​មក​និយា​យ​លេង​បែប​ លឹង​សើច​ដែរ តែ​មិន​ប្រើ​ផ្លូវ​ការ​ទេ ដូច​ជា មិត្តភក្ត​របស់​ខ្ញុំ​តែង​តែ ហៅ​គ្នា​របស់​គេ​ថា អ្ហា ពានរ (ស្វារ) ហិ​ហិ​ហិ

  14. ក្មេងតូច ថ្ងៃសុក្រ ទី 1 ខែ​ឧសភា 2009 / 4:25 ល្ងាច

    ខ្ញុំ​ក៏​ធ្លាប់​ឮ​គេ​និយាយ​ពី​រឿង​លុប​បំបាត់​អក្សរ​បាលី សំស្រ្កឹត​ដែរ ។ កាល​ពី​ថ្ងៃ​មុន​ខ្ញុំ​បាន​ចូល​រួម​វេទិការ​អក្សរសាស្រ្ត​ខ្មែរ​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ ពេល​នោះ​គេ​បាន​លើក​ឡើង​ពី​អ្នក​ប្រាជ្ញ​មួយ​ចំនួន​ដែល​ចង់​លុប​ចោល​អក្សរ​បាលី​សំស្រ្កឹត តែ​ត្រូវ​បាន​ខាង​ពុទ្ធ​សាសនបណ្ឌិត្យ​ចំទាស់ ហើយ​គេ​ក៏​បាន​លើក​ពី​បញ្ហា​អ្នក​ប្រាជ្ញ​អក្សរ​សាស្រ្ត​ខ្មែរ​មួយ​ចំនួន​មក​បរិយាយ​ដែរ ដូច​ជា​​ លោក​ កេង វ៉ាន់សាក់​(អ្នក​ដែល​ចង់​លុប​បំបាត់​ចោល​នូវ​អក្សរ​បែប​បាលី សំស្រ្កឹត និង ព្យាង្គ​តម្រួត) ហើយ​មាន​ម្នាក់​ទៀត​ខ្ញុំ​ភ្លេច​ឈ្មោះ តែ​ចាំ​បាន​ថា​គាត់​ជា​អ្នក​បោះពុម្ពសៀវភៅ​វេយ្យាករណ៍​ខ្មែរ​(ឧ.ស្រមោចុង សម្រាប់​ញី ស្រមោច​ចៀន សម្រាប់​ឈ្មោល) តែ​ជា​កុសល​ត្រូវ​បាន​ក្រសួង​អប់រំ​យុវជន និង កីឡា​បញ្ជា​ឱ្យ​ប្រមូល​សៀវ​ភៅ​នោះ​យក​ទៅ​ដុត​ចោល​ទាំង​អស់ ។ ឱ ! បុព្វបុរស​ខ្មែរ​ដែល​ខំ​ចង​ក្រង​នូវ​ក្បួន​ខ្នាត​អក្សរ​ តែ​ឥឡូវ​ត្រូវ​កូន​ខ្មែរ​ (មួយ​ចំនួន) បំភ្លេច​ចោល រហូត​អ្នក​ខ្លះ​ចង់​លុប​បំបាត់​ចោល​ទៀត ។ បើ​តាម​យោបល់​ខ្ញុំ​យើង​គប្បី នាំ​គ្នា​ជួយ​ការពារ​អក្សរសាស្រ្ត​ជាតិ កុំ​ឱ្យ​បាត់​បង់​ កុំ​ឱ្យ​បរទេស​មើល​ងាយ​មើល​ថោក ។

  15. ក្មេងតូច ថ្ងៃសុក្រ ទី 1 ខែ​ឧសភា 2009 / 4:34 ល្ងាច

    បើ​តាម​យោបល់​ខ្ញុំ យើង​គប្បី​នាំ​គ្នា​ជួយ​ការពារ​អក្សរសាស្រ្តជាតិ​ ហើយ​ត្រូវ​ពិនិត្យ​នូវ​រាល់​កំហុង​ឆ្គង​អក្ខរាវិរុទ្ធ​តាម​វចនានុក្រម​ខ្មែរ ដែល​ជា​ស្នា​ដៃ​របស់​សម្ដេច​ព្រះ​សង្ឃ​រាជ​ជួន​ណាត ។ ខ្ញុំ​សូម​លើក​យក​ពាក្យ​មួយ​ចំនួន​ដែល​ខ្ញុំ​ប្រើ​ខុស​អស់​រយៈ​ពេល​ ១១ ឆ្នាំ​ហើយ​ ដែល​ពេល​នេះ​ខ្ញុំ​ទើប​នឹង​កែ​មក​ជា ៖ សម្រាប់, ឱ្យ, អីវ៉ែ​អីវ៉ាន់, អាម៉េរិក័ង, អាម៉េរិក, អាហ្វ្រិក័ង, ឃាតក, អាសយដ្ឋាន, ខណ្ឌ, សម្រប​សម្រួល-ល-….. ។ គួរ​ឱ្យ​ខ្មាស់​គេ​ណាស់​ខ្ញុំ​😦

  16. ទឹម បឿន ថ្ងៃសុក្រ ទី 1 ខែ​ឧសភា 2009 / 5:35 ល្ងាច

    ខ្មាស​អី​ក្មេង​តូច នរណា​ក៏​ធ្លាប់​សរសេរ​ខុស​ដែរ នេះ​ចេះ​ដល់ អីវ៉ែអីវ៉ាន់ អាម៉េរិក័ង អី​ទៀត ឡូយ​មែន!

  17. vannak ថ្ងៃសុក្រ ទី 1 ខែ​ឧសភា 2009 / 9:18 ល្ងាច

    អ្នក​ដែល​ចង់​បំបាត់​នោះ​បាន​ស្លាប់​បាត់​ហើយ ។ គេ​ព្យាយាម​​កែប្រែ​​ពាក្យ​ទាំង​សំណេរ​ទាំង​ការ​បកស្រាយ ។ សំណាង​ធ្វើ​អត់​បាន ចុង​ក្រោយ​នៅ​​តែ​មិន​ឈ្នះ​សេចក្ដី​ពិត​ដដែល ។ គ្មាន​អំណះអំណាង​សោះ ចេះ​តែ​នឹក​ឃើញ​ក៏​ថា ។ ស្លាប់​ក៏​ល្អ​ដែរ សោះ​នឹង​ធ្វើ​ឲ្យ​កូន​ខ្មែរ​ច្របូកច្របល់ ។

  18. ផល ថ្ងៃអាទិត្យ ទី 31 ខែ​ឧសភា 2009 / 11:57 ព្រឹក

    ពាក្យទាំងអស់ដែលបឿនបានលើកយកមកនេះគឺពិសេសពិសាលណាស់ខ្ញុំសូម សរសើរដោយស្មាះ និងពិតជាពូកែស្រាវជ្រាវមែន។បញ្ហាអក្សរសាស្ដ្រខ្មែរយើងគឺ ពិតជាយកមកពីបាលីសំស្ក្រឹតយ៉ាងច្រើនមែន ព្រោះខ្មែរយើងមានវប្បធម៌អរិយធម៌ ប្រហាក់ប្រហែលគ្នាទៅនឹងឥណ្ឌា(តាមប្រវត្ដិសាស្ដ្រ)។ដូចជាព្រះនាងឥន្រ្ទទេវី ជាមហេសីរបស់ព្រះបាទជយ័វរ្ម័នទី៧ហើយព្រះនាងចេះនិយាយភាសាសំស្ក្រឹត យ៉ាងស្ទាត់ជំនាញទៀតផង ជាពិសេសទៅទៀតព្រះនាងសាកលវិទ្យាធិការនៃ សាកលវិទ្យាល័យមួយរូបក្នុងសម័យអង្គរទៀតផង។មិនមែនខ្មែរសុទ្ធតែប្រើពាក្យ មកពីបាលីសំស្ក្រឹតទាំងអស់នោះដែរ តែខ្មែរយើងនិយមយកពាក្យទាំងនោះមក ប្រើដោយចាត់ទុកថាពាក្យទាំងនោះជាពាក្យបច្ចេកទេសខ្ពស់ជាពិសេសសំរាប់ ពិធីសាសនាជាដើម។យើងត្រូវដឹងថា សម័យមុនខ្មែរយើងកាន់សាសនា ព្រាហ្មណ៏ឫព្រហ្មញ្ញសាសនា ហើយសាសនានេះមានឥទ្ធិពលខ្លាំងណាស់មក លើសង្គមខ្មែរយើង។ដូច្នេះអក្សរសាស្ត្រខ្មែរចេះតែវិវត្ដមួយដំណាក់កាលៗគ្រប់ ជំនាន់ទាំងអស់។រហូតមកដល់សម័យអង្គរនិងក្រោយមកព្រះមហាក្សត្រខ្មែរបាន ប្កូរមកកាន់សាសនាព្រះពុទ្ធវិញដូច្នេះអ្នកប្រាជ្ញខ្មែរមានព្រះសង្ឃជាដើមបានកើត ឡើងហើយនិយមប្រើភាសាបាលី(មគធភាសា)ហើយភាសានេះក៏ចាប់ផ្ដើមមាន ឥទ្ធិពលបន្ដមកទៀត។ខ្មែរយើងជាច្រើនបានយកភាសានេះមកប្រើដូចជាភាសា របស់ខ្លូនរហូតមកដល់សព្វថ្ងៃ។សួរថាហេតុអីបានជាខ្មែរយើងមិនយកភាសាខ្លួន មកប្រើបា្រស់ទៅ?​ ដោយសារតែខ្មែរយើងមិនមានពាក្យគ្រប់គ្រាន់មកប្រើ ក៏បានប្រើពាក្យកំចីពីបាលីសំស្ក្រឹតហ្នឹងទៅ ហើយជាពិសេសអ្នកប្រាជ្ញខ្មែរ ជាច្រើន សុទ្ធតែចេញមកពីសាលាសាសនា។
    សូមជ្រាប់យ៉ាងនេះវិញ៖ មិនត្រឹមតែខ្មែរយើងយកពាក្យបាលីសំស្រ្កឹតមកប្រើ ជាភាសារបស់ខ្លួនប៉ុណ្ណោះទេ យើងក្រឡេកមើលភាសាអង់គ្លេសដែលជា ភាសារីកចំរើនជាងគេនៅលើពិភពលោកក៏នៅតែប្រើពាក្យកំចីពីភាសាគេដែរ។ តែអ្វីដែលសំខាន់នោះគឺគេមិនដែលចង់លុបបំបាត់អ្វីដែលមានហើយនោះទេ គេតែងតែអភិរក្សនិងបង្កើតបន្ថែមទៀត។វាផ្ទុយពីខ្មែរយើង យើងបែជាចង់លុប បំបាត់ទៅវិញ។យើងគូរតែបង្កើតបន្ថែមថ្មីៗទៅ ហើយរបស់ចាស់យើងទុកវា សំរាប់កូនខ្មែរជំនាន់ក្រោយសិក្សារៀនសូត្រស្រាវជ្រាវស្វែងយល់ទៅ វាប្រសើរជាជាង ការចង់លុបបំបាត់ចោល។នេះហើយបានជាភាសាខ្មែរយើង ពុំសូវបានជឿនលឿនដូចជា ព្រោះតែយើងខ្វះការឯកភាពគ្នាហើយប្រកាន់ មានះតែសព្វៗខ្លួន ដែលបណ្ដាលអោយអក្សរខ្មែរកាន់តែធ្លាក់ចុះ។ខ្ញុំសូមរិះគន់ បន្តិចទៅចុះ ដូចលោកសាស្រ្ដចារ្យកេង វាន់សាក់ គាត់ពូកែខាងអក្សរសាស្រ្ដ ខ្មែរតែគាត់មិនបានចេញអ្វីអោយជាដុំកំភូនសំរាប់ជាតិមាតុភូមិអោយដូចជា សម្ដេចព្រះសង្ឃរាជជូន ណាតសោះ គាត់ចាំតែរិះគន់គេ។ប៉ុន្ដែមិនមែនថាគាត់ មិនបានជួយជាតិនោះទេ គាត់ក៏បានជួយច្រើនដែរគ្រាន់តែមិនលេចធ្លោរ ប៉ុណ្ណោះ។ខ្ញុំក៏មានមោទនភាពចំពោះគាត់ដែរ។សូមអភ័យទោសខ្ញុំសរសេរវាចា ច្រើនបន្ដិចហើយ។សុំអភ័យទោសផង នេះគ្រាន់តែជាគំនិតរបស់ខ្ញុំតែប៉ុណ្ណោះ ហើយក៏សូមសរសើដល់បឿនដែលខំស្រាវជ្រាវសំរាប់បញ្ចេញយោបល់ទាំង អស់គ្នា។សូមអរគុណ!

  19. វិចិត្រ ថ្ងៃអង្គារ ទី 2 ខែមិថុនា 2009 / 2:22 ល្ងាច

    លោក​ផល៖ លោក​រិះ​គន់ លោក​កេង​វ៉ាន់សាក់​ថា​ថា​គាត់​បាន​រិះគន់​សម្តេច​ជួន​ ណាត ដោយ​មិន​បាន​ធ្វើ​អ្វី​ជា​ដុំ​កំភួន​ដូច​សម្តេច​ជួន ណាត។ អញ្ចឹង​លោក​ផល រិះគន់​លោក​កេង​វ៉ាន់សាក់ តើ​លោក​ផល​បាន​ធ្វើ​អ្វី​ខ្លះ​ជា​ដុំ​កំភួន​ច្រើន​ជាង​លោក​កេង​វ៉ាន់សាក់?។😀
    តាម​ពិត​ធម្មតា​ទេ ក្នុង​សង្គម​មួយ បើ​មាន​អ្នក​មួយ​អ្នក​ធ្វើ អ្នក​មួយ​ដែល​គ្មាន​អី​ធ្វើ​គឺ​អង្គុយ​ចាំ​តែ​រិះ​គន់​ដូច្នេះ​ឯង។ ចំនុច​ដែល​មិន​ល្អ​គឺ​ចាំ​តែ​រិះ​គន់​តែ​មិន​ធ្វើ។
    យើង​ទាំង​អស់​គ្នា​ប្រហែល​ជា​លឺ​ឡើង​ស៊ាំ​ត្រចៀក​ទៅ​ហើយ​ពី​ការ​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​រដ្ឋាភិបាល​និង​បក្ស​ប្រឆាំង។ យើង​លឺ​តែបក្ស​ប្រឆាំង​រិះគន់ តែ​គ្មាន​ឃើញ​បក្សនេះ​សង់សាលា​រៀន​អី​ដូច​រដ្ឋាភិបាល….។ ប៉ុន្តែសួរ​ថា​គ្មាន​បក្ស​ប្រឆាំង​ដែលចាំ​តែ​រិះគន់​មួយ​នេះ​បាន​ដែរ​រឺ​អត់?។
    ដូច្នេះ​ទស្សនៈ​ខ្ញុំ​គឺ​ស្តាប់​ហេតុផល​អ្នក​ដែល​រិះគន់។ គេ​រិះគន់​ហ្នឹង​ត្រូវ​រឺ​ខុស។ បើ​គេ​រិះគន់​ត្រូវ​ កែ​ខ្លួន​បាន​ទេ?។
    និយាយ​អញ្ចឹង​លោក​ផល បាន​ដឹង​ថា​លោក​កេង​វ៉ាន់សាក់​ រិះគន់​សម្តេច​មិន​ត្រឹម​ត្រូវ​ត្រង់​ណា​ខ្លះ?

  20. ផល ថ្ងៃ​ព្រហស្បតិ៍ ទី 4 ខែមិថុនា 2009 / 3:04 ព្រឹក

    អ្វីដែលខ្ញុំរិះគន់លោកសាស្រ្ដាចារ្យកេង វាន់សាក់នោះខ្ញុំមិនបានរិះគន់គាត់ជា មនុស្សឥតប្រយោជន៍នោះទេ ហើយខ្ញុំក៍មិនមែនជាអ្នកចេះដឹងខាងអក្សរសាស្រ្ដ អោយបានជ្រៅជ្រះនោះដែរ ។តាមខ្ញុំដឹងលោកកេង វាន់សាក់គាត់ចង់កែតម្រូវ ព្យញ្ជនះក្នុងភាសាខ្មែរដូចអក្សរ ណ, ឡ, ហើយប្រើតែអក្សរ​ នបានហើយ ប៉ុន្ដែ ត្រូវ បានសម្ដេច ជូនណាតលោកជំទាស់ដោយលោកសំអាងថាអក្សរណ,ឡ ជាដើមមិនអាចបំបាត់បានទេ ពីព្រោះវាប្រើក្នុងភាសាបាលីច្រើន។ខ្ញុំលើកមក នេះគ្មានឯកសាណាសំអាងទេ តែតាមការស្ដាប់នៅក្នុងនាទីអក្សរសាស្ដ្រតែ ប៉ុណ្ណោះ ហើយបានលឺតាមលោកគ្រូផ្នែកពុទ្ធសាសនាមួយចំនួនគាត់បា្រប់តែ ប៉ុណ្ណោះ។រឿងសំដីរិះគន់ ចំពោះខ្ញុំជាមនុស្សធម្មតាអត់បញ្ហាទេ ដូចជា លោកមើលរឿងភាពយន្ដអ្វីមួយចឹង តែភាពយន្ដនោះមិនល្អមើលសោះ តែលោកអាចរិះគន់បាន សួរថាតើយើងបានធ្វើអីដល់ភាពយន្ដហ្នឹង យើងមាន សមត្ថភាពផលិត សំដែងដូចក្នុងភាពយន្ដដែលយើងរិះគន់ថាមិនល្អមើល បានទេ?​សំរាប់ទស្សនិកជនអាចរិះគន់តាមការមើលនឹងវិភាគរបស់យើង។ លោកសួរខ្ញុំថា តើខ្ញុំបានធ្វើអ្វីដល់សង្គមជាតិ? ចំលើយគឺថាអត់តែម្ដង ហើយក៍ មិនដែលបំផ្លាញជាតិដែរ បើប្រៀបធៀបជាមួយលោកវិចិត្រវិញ ខ្ញុំប្រាកដជា ចាញលោកវិចិត្រមហាសែនឆ្ងាញហើយ។ខ្ញុំគ្រាន់តែជាទស្សនិកជន ដែលចាំតែ មើលហើយរិះគន់តែប៉ុណ្ណោះ។ ម្ដងទៀត ខ្ញុំគ្រាន់តែប្រៀបធៀបស្នាដៃ រវាង លោកសាស្ដ្រាចារ្យ កេង វ៉ាន់សាក់ ជាមួយនឹងស្នាដៃរបស់សម្ដេច ជូន ណាត តែ ប៉ុណ្ណោះ ដោយស្នាដៃរបស់សម្ដេចជូនណាតមានការទទួលស្គាល់ច្រើនជាង ហើយក៏កូនខ្មែរ បច្ចុប្បន្នយកតាមច្រើនដែរ នេះតាមការមើលឃើញជាក់ស្ដែងរបស់ ខ្ញុំទេ។សូមលោកវិចិត្រ កុំប្រៀបធៀបខ្ញុំជាមួយលោកសាស្ដ្រាចារ្យកេងវាន់សាក់ ព្រោះខ្ញុំជាមនុស្សអនក្ខរជន ហើយបញ្ចេញមតិតាមតែការយល់ឃើញរបស់ខ្លួន ប៉ុណ្ណេះ ហើយមិនប្រាកដជាត្រូវទាំងអស់នោះដែរ។
    សូមកុំប្រៀបធៀបខ្ញុំជាមួយលោក កេងវាន់សាក់ ខ្ញុំគ្រាន់តែរៀនតាមគាត់មិន ទាំងចេះផង ហើយគ្រាន់តែខ្ញុំសរសេរអក្សរខ្មែរក៏សរសេរមិនត្រូវផងហើយ ក៍មិនរិះគន់គាត់ដែរ គ្រាន់តែធ្វើការប្រៀបធៀបស្នាដៃរវាងអ្នកប្រាជ្ញអក្សរ សាស្ដ្រខ្មែរទាំងពីរប៉ុណ្ណោះ។

  21. វិចិត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 4 ខែមិថុនា 2009 / 1:52 ល្ងាច

    ផល៖ ខ្ញុំ​គ្មាន​អ្វី​គ្រាន់​បើ​ជា​លោក​បន្តិច​ទេ។ ខ្ញុំ​ជឿ​ថា ទោះ​បី​លោក​ផល​មិន​មាន​កេរ្តិ៍​ល្បី​ល្បាញ​អី​ដូច​សម្តេច​ជួន​ណាត តែ​ក៏​មាន​ចំនុច​ណា​មួយ​នោះ ទស្សនៈ​ណា​មួយ​នោះ ល្អ​ជាង​សម្តេច​ដែរ។
    ខ្ញុំ​គិត​ថា​លោក​ក៏​មាន​ទស្សនៈ​ដូច​តែ​ខ្ញុំ​ដែរ ចំពោះ​រឿង​រិះគន់​គេ​នេះ។ ហេតុ​ដែល​ខ្ញុំ​លើក​យក​ចំនុច​នេះ​មក​និយាយ​ព្រោះ​អ្នក​នយោបាយ​គេ​ច្រើន​តែរិះគន់​ពួក​សង្គម​ស៊ីវិល​​ថា “ចាំ​តែ​រិះគន់…”។..
    ចំពោះ​រឿង​អក្សសាស្ត្រ​នេះ តាំង​ពី​ក្មេង​មក​ខ្ញុំ​ធ្លាប់​ស្តាប់​រឿង​កុហក​ជា​ច្រើន។ រឿង​ទី​មួយ​ដែល​ខ្ញុំ​បាន​ស្តាប់​គឺ​លោក​កេង​វ៉ាន់សាក់​ចង់​លុប​អក្សរ​ខ្មែរ​ចោល យក​ឡាតាំង​មក​ប្រើ តែ​ត្រូវ​សម្តេច​ជួន​ណាត​ប្តឹង​ដាក់​គុក។ រឿង​បន្ទាប់​មក​ទៀត​មាន​រឿង​លុប​បំបាត់ ណ ឡ ជំនួស​ដោយ ន​ ល។ បើ​តាម​តែ​ខ្ញុំ​ស្តាប់​ហេតុផល​ទាំង​សង្ខាង​ទៅ រឿង​នេះ​គ្រាន់​តែ​ជា​រឿង​ដែល​គេ​បំប៉ោង​បន្ថែម​តែ​ប៉ុណ្ណោះ។
    លោក​កេង​វ៉ាន់សាក់​បាន​អះអាង​ថា ដ ឋ ឌ ឍ ណ និង ឡ ខ្មែរ​យើង​ប្រើ​សំរាប់​តែ​ពាក្យ​បាលី​និង​សំស្ក្រឹត​តែ​ប៉ុណ្ណោះ មិន​ប្រើ​សំរាប់​ពាក្យ​ខ្មែរ​សុទ្ធទេ។ ដូច្នេះ​ពាក្យ​ខ្មែរ​សុទ្ធ អំនាច រឺ​អំណាច គួរ​តែ​សរសេរ​ថា អំនាច (តាម​ទស្សនៈ​កេង​វ៉ានសាក់)។ មាន​ន័យ​ថា​កេង​វ៉ាន់សាក់​​ទាមទារ​អោយ​កែ​ពាក្យ​ខ្មែរ​ណា​ប្រើ​ ណ អោយ​ប្រើ​ ន (តែ​​មិន​ទាមទារ​កែ​ពាក្យ​បាលីរឺ​សំស្ក្រឹត​ដែល​ប្រើ​ណ ទេ [?])។
    មិន​មែន​មាន​តែ​កេង​វ៉ាន់សាក់​ម្នាក់​ឯង​ទេ​ដែល​គិត​បែប​នេះ មនុស្ស​សម័យ​នោះ​ដូច​ជា​លោក​អៀវ​កឺស ក៏​គិត​ដូចនេះ​ដែរ។ ខ្ញុំ​ជឿថា​សម្តេច​ជួន​ណាត​ក៏​ដឹង​ដែរ(មាន​រំលឹក​ក្នុង​វចនានុក្រម​ខ្មែរ)។ ប៉ុន្តែ​សម្តេច​គាំទ្រ​សំនេរ បែប អំណាច ព្រោះ​វា​ស្រួល​ជាង មិន​បាច់​គិត​រឿង​ទំនាញ​សូរ។ ហេតុ​ដូច​នេះ​បាន​ជា​គេ​ច្រើន​ហៅ​ថា​វេយ្យាករណ៍​រឺ​សំនេរ​បែប​សម្តេច​ជួន​ណាត​ជា​សំនេរ​សម័យ​ទំនើប (មាន​ន័យ​ថា​មិន​ដូច​សំនេរ​បុរាណ)។

  22. ផល ថ្ងៃសុក្រ ទី 5 ខែមិថុនា 2009 / 1:18 ល្ងាច

    ហេហេ​ហេ !​វិចិត្រ!​ ឥឡូវយើងកុំនិយាយអំពីនរណាគ្រាន់បើជាងនរណាទៀតអី។ យើងសុទ្ធតែអ្នកអក្សរសាស្ដ្រស្ទើរភ្លើង មិនអាចប្រៀបធៀបទៅទស្សនះរបស់អ្នក ប្រាជ្ញអក្សរសាស្ដ្រទាំងពីរបានទេ(ណាតនិងសាក់)។មែនពិតទៅ, ខ្ញុំដូចជាទស្សនិក ជនចឹង គ្រាន់តែមើលថាមិនល្អមើលចេះតែរិះគន់ទៅ មិនដឹងជាត្រូវឬខុសទេ តែបើ ខុសជួយកែផង។ទាំងខ្ញុំទាំងវិចិត្រសុទ្ធតែកើតអត់ទាន់ជំនាននោះ ហើយអ្វីដែល គ្រាន់តែលឺគេនិយាយវាមិនបានដូចជាឃើញផ្ទាល់នឹងភ្នែកឡើយ។និយាយអោយចំ ទៅការរិះគន់របស់ខ្ញុំគឺពិតជាខុសហើយ ព្រោះចំណេះរបស់ខ្ញុំយល់មិនដល់ឆ្ងល់ មិនកើត ហើយចេះតែថាទៅ ទៅតាមការចេះដឹងដ៍ស្ដួចស្ដើងបំផុត។តាមពិត ទៅវាសមហេតុផលម្យ៉ាងដែរ ដែលវិចិត្រលើកមកនេះ ដូចពាក្យចាស់ថាក្អែក មួយក្អែកដប់ ជូនកាលសាស្ដ្រាចារ្យកេងវាន់សាក់គាត់មានបំណងល្អចំពោះ អក្សរសាស្ដ្រជាតិ តែអ្នកនិយមខាងសម្ដេចជូនណាតក៍ចេះតែបន្ថែមពាក្យទៅ រួចធ្វើអោយអ្នកសិក្សាជំនាន់ក្រោយនិយាយតៗទៀតទៅ។ម្លោះហើយវាសុទ្ធតែ រឿងកុហកដូចលោកវិចិត្រនិយាយអញ្ចឹង។ដើម្បីអោយច្បាស់ជាងនេះ យើងទាំងអស់គ្នាត្រូវតែរៀនដើម្បីស្វែងយល់បន្ថែមទៀតទៅ….ជៀសវាងការ ច្របូកច្របល់។សព្វថ្ងៃសង្គមខ្មែរហាក់ដូចជាអត់មានការឯកភាពគ្នា,ហាក់ដូចជា ច្របូកច្របល់មិនច្បាស់លាស់ ម្លោះហើយកូនខ្មែរមិនដឹងជាសម្រេចយកខាង ណាអោយត្រឹមត្រូវច្បាស់លាស់ នេះក៍ដោយសារសង្គមយើងជួបវិបត្ដិ។ ដូច្នេះ ខ្ញុំក៍អស់យោបល់ហើយមិនដឹងជាត្រូវនិយាយរបៀបណាទៀត ។សូមអោយ លោកវិចិត្រធ្វើការរិះគន់ខ្ញុំមកចុះ ។ខ្ញុំសង្ឃឹមថា ទៅអនាគតខ្មែរប្រហែលជា ធ្វើអ្វីមួយដោយមានការឯកភាពគ្នាត្រឹមត្រូវដើម្បីកូនខ្មែរជំនាន់ក្រោយសិក្សា តាម។អរគុណវិចិត្រដែលបានបំភ្លឺ និងការចែករំលែកការយល់ដឹង។​ សង្ឃឹមថា អនាគតវិចិត្រនឹងក្លាយជាអ្នកប្រាជ្ញអក្សសាស្ដ្រខ្មែរមួយរូបដើម្បីស្នងសម្ដេច ជូន ណាតនិងលោកកេងវាន់សាក់។

  23. tamab80 ថ្ងៃអាទិត្យ ទី 21 ខែមិថុនា 2009 / 8:24 ព្រឹក

    Thanks for sharing.

  24. Crazynas ថ្ងៃអាទិត្យ ទី 18 ខែកញ្ញា 2011 / 2:09 ព្រឹក

    អត្ថបទ​នេះ​ចុះផ្សាយ​តាំងពី​ឆ្នាំ ២០០៩ គិត​ទៅ​តាំង​ពី​ក្រេហ្ស៊ី មិន​ទាន់​ចេះ​ប្រើ​អ៊ីន​ធឺណិតម្ល៉េះ។ តែ​ទោះ​ជា​យូរ​ហើយ​យ៉ាង​ណា​ក៏​ដោយ ក្រេហ្ស៊ី​សុំ​បញ្ចេញ​ទស្សនៈ​បន្តិចផង​ចុះ ព្រោះ​ត្រូវ​រឿង​ចង់​និយាយ​យូរ​មក​ហើយ។ ក្រេហ្ស៊ី​មិនមែន​ជា​អ្នក​អក្សរសាស្ត្រ​អីទេ តែ​ក្រេហ្ស៊ី​ធ្លាប់​លឺ​ថា នៅ​ក្នុង​ភាសា​អង់គ្លេស បារាំង អាឡឺម៉ង់ ….(ប្រហែល​ជា​អំបូរ​ភាសា​លោក​ខាង​លិច)​ មាន​ភាសា​មេ​ចំនួន​ពីរ គឺ ក្រិច និង​ឡាតាំង ។ ពាក្យ​នៅ​ក្នុង​ភាសា​នោះ ស្ទើរ​តែ​ទាំង​អស់​ផ្សំ​ចេញ​ពី​ពាក្យ​ឬស បច្ច័យបទ និង​បុព្វបទ​របស់​ក្រិច និង​ឡាតាំង ជា​ពិសេស​ពាក្យ​ដែល​បង្កើត​ថ្មីៗ។ ហើយ​ពួក​គេ​មាន​មោទន​ភាព​ណាស់​ដែល​មាន​ភាសា​ក្រិច និង​ឡាតាំង ជា​ភាសា​មេ​របស់​គេ និង​បាន​ប្រើ​ក្បួន​ខ្នាត​ក្នុង​ភាសា​ទាំង​ពីរ​នេះ​សម្រាប់​បង្កើត​ពាក្យ​ថ្មីៗ​យកមក​ប្រើ​ឲ​ស្រប​ទៅ​តាម​សម័យ​កាល។
    ពេល​ដែល​ក្រេហ្ស៊ី​លឺ​ដូច្នេះ ក្រេហ្ស៊ី​ពិត​ជា​មោទន​ភាព​ចំពោះ​ភាសា​ខ្មែរ​ណាស់ ព្រោះ​ភាសា​ខ្មែរ​ក៏​ឡូយ​មិន​ចាញ់​ភាសា​លោក​ខាង​លិច​នោះ​ប៉ុន្មាន​ដែរ ដោយ​ភាសា​ខ្មែរ​មាន​បាលី និង​សំស្ក្រឹត ជា​ភាសា​មេ​ដែរ ហើយ​ភាសា​មេ​ពីរ​នេះ​របស់​ខ្មែរ​មាន​ឋានៈ​ស្មើ​នឹង​ភាសា​ក្រិច និង​ឡាតាំង​របស់​អង់គ្លេស បារាំង….ដែរ។ មិន​តែប៉ុណ្ណោះ ក្រេហ្ស៊ី​តែង​ឆ្ងល់​ថា ហេតុអ្វី​អ្នក​អក្សរសាស្ត្រ​ខ្មែរ​មិន​បន្ត​បង្កើត​ពាក្យថ្មីៗ​ឲ​បាន​ច្រើន​ដោយ​យក​បាលី និង​សំស្រ្កឹត​ជា​មូលដ្ឋាន​ទៅ ព្រោះ​ពាក្យ​ថ្មីៗ​ក្នុង​ភាសា​អង់គ្លេស…ក៏​ឃើញ​ផ្សំ​បង្កើត​ឡើង​ដោយ​យក​ក្រិច និង​ឡាតាំង​ជាមូលដ្ឋាន​ដែរ ហើយ​ពាក្យ​រឹស បុព្វបទ បច្ច័យបទ​ក្នុងក្រិច និងឡាតាំង ប្រហែល​ជា​ត្រូវ​គ្នា​ស្ទើរ​តែ​ទាំង​អស់​នឹង​ពាក្យឬស បុព្វបទ និង​បច្ច័យ​បទ​ក្នុង​បាលី និង​សំស្រ្កឹត​ផង។ ឧទាហរណ៍​ខ្លះៗ​ដូច​ជា៖ international មកពី inter- បូកជា​មួយ -national ត្រូវ​នឹង​ភាសា​ខ្មែរ​ថា អន្តរជាតិ មកពី អន្តរៈ- បូកជាមួយ -ជាតិ (មិន​ប្រើ​ខ្មែរ​សុទ្ធ​ថា ចន្លោះ ឬ រវាង ជាតិ​ទេ) television មក​ពី tele- បូក​នឹង -vision ត្រូវ​នឹង​ពាក្យ​ខ្មែរ ទូរ- បូកជា​មួយ -ទស្សន៍ ……..នៅ​មាន​ច្រើន​ទៀត​រាប់​មិន​អស់​ទេ ហើយពាក្យមួយចំនួនធំបើប្រែជា​ភាសា​ខ្មែរ​សុទ្ធ នោះ​នឹង​មាន​ការ​លំបាក​ខ្លាំង​មិន​ខាន ឬ​អាច​ថា​មិន​អាច​ទៅ​រួច​ផង។ ឧទាហរណ៍ ឃ្លា “ខ្ញុំមើលទូរទស្សន៍” ដូរទៅខ្មែរសុទ្ធប្រហែលជាអាចថា “ខ្ញុំមើល​គ្រឿង​ប្រដាប់​វិទ្យាសាស្ត្រ​មួយ​យ៉ាងសម្រាប់​បញ្ចាំង​បញ្ជូន​រូប​ភាព​និង​សូរ​សព្ទ​ទៅ​ក្នុង​ទី​ឆ្ងាយ​បាន។” ឬ “ខ្ញុំមើល​គ្រឿង​ប្រដាប់​មួយ​យ៉ាងសម្រាប់​បញ្ចាំង​បញ្ជូន​រូប​ភាព​និងសំឡេង​ទៅ​ក្នុង​ទី​ឆ្ងាយ​បាន។” ឬយ៉ាងម៉េច។​ ការប្រើភាសាខ្មែរសុទ្ធមិនមែនស្រួលនោះទេ។ ក្នុង​នោះ​សុំ​លើក​យក​បញ្ហា​ទាក់​ទិន​នឹង​ពាក្យ​​​មួយ​​​ដែល​​​មាន​​​បង្កើត​​​យូរ​​មក​ហើយ​តែ​មិន​នាំ​គ្នា​ប្រើ ឬ​មិន​សូវ​ឃើញ​ប្រើ គឺ​ពាក្យ “លោហិតាគារ” ដែល​មក​ពី​ពាក្យ “លោហិត” បូក “អគារ” ហើយ​​ដែល​​ឥឡូវ​​ឃើញ​​ប្រើ​​ពាក្យ “បន្ទប់​រក្សា​ឈាម” ជំនួស​​វិញ។ ប្រសិន​​បើ​ខ្ញុំ​សរសេរ​ថា “បន្ទប់រក្សាឈាមថ្មី…..​” តើបន្ទប់​ថ្មី ឬ​ឈាម​ថ្មី?
    តាម​ក្រេហ្ស៊ី​យល់​ ប្រសិនបើបំបាត់បាលី និងសំស្រ្កឹត ពីភាសាខ្មែរនោះ គឺ​ប្រហែល​ជា​មិន​ខុស​អី​ពី​ចង់​បាន​ផ្លែ​ផ្កា តែ​បែរ​ជា​នាំ​គ្នា​កាប់​ឬស​កាប់​គល់​ចោល​នោះ​ទេ។ សម្រាប់​ក្រេហ្ស៊ី គឺ​មាន​មោទនភាព​ណាស់​ដែល​មាន​ភាសា​បាលី និង​សំស្ក្រឹត​ជា​មូលដ្ឋាន។ ម្យ៉ាង​វិញ​ទៀត អ្នកអក្សរសាស្ត្រ​ខ្មែរ​ក៏គួរដល់​ពេលបញ្ជាក់ថា ភាសា​ខ្មែរ​ក៏​មាន​​ភាសា​​និយាយ ភាសា​សរសេរ ភាសា​ជា​ផ្លូវការ ភាសា​ក្រៅ​ផ្លូវការ​ដែរ ព្រោះ​ការ​ពិត​គឺ​ឃើញ​មាន​ទៅ​ហើយ គ្រាន់​តែ​ថា​ដូចជា​មិន​ទាន់​មាន​នរណា​បញ្ជាក់​ជាផ្លូវការ​នៅឡើយ​ប៉ុណ្ណោះ ដូចជា ពាក្យ​​និយាយ​ក្រៅ​ផ្លូវការ​ថា “ញ៉ុម” ស្មើនឹង​ពាក្យ “ខ្ញុំ” ពាក្យ​និយាយ​ថា “រេ” ស្មើ​នឹង​ពាក្យ “ទេ” អី​នេះ​ជា​ដើម។
    សូម​អស់​តែ​ត្រឹម​នេះ ព្រោះ​និយាយ​មិន​អស់​ទេ និយាយ​ច្រើន​នាំ​ខុស​ច្រើន។​
    ជម្រាបលា!

  25. និស្សិតផ្ដាច់សង្ខារ ថ្ងៃចន្ទ ទី 30 ខែមករា 2012 / 12:06 ល្ងាច

    ហេតុអ្វីលោកផល ថាអោយលោកសាស្ត្រាចារ្យកេង វ៉ាន់សាក់ថាគាត់មិនបានធ្វើអ្វីសោះអញ្ជឹងបើខំតែគាត់ខំស្រាវជ្រាវអំពីពាក្យខ្មែរខ្លះយកមកប្រើសោះអីប្រជាជនខ្មែរប្រហែលជានិយមសំស្ក្រឹតបាលីពេកហើយ ខ្ញុំថាគាត់បានធ្វើបដិវត្តន៍ឡើងវិញផ្នែកអក្សរសាស្ត្រខ្មែរគាត់ខំគាស់រំលើងពាក្យខ្មែរមកប្រើដូចជាពាក្យ ក្លើ ម្រាក់ គឺមានន័យថាមិត្ត ជាពាក្យខ្មែរបែរជាខ្មែរមិនប្រើទៅជាប្រើបាលីសំស្ក្រឹត ដូចពាក្យថ្លើម ក្នុងអត្ថន័យខ្មែរវាមានន័យស្មើថា ចិត្ត ឃើញថាលោកផលបែរជាមិនអរគុណគាត់ ហើយមានអ្នកខ្លះបន់អោយគាត់ស្លាប់ទៅវិញ មនុស្សដូចកេងវ៉ាន់សាក់កម្ររកណាស់ហេតុអ្វីមនុស្សខ្លះមិនយល់ពីគាត់បែរជាមើលងាយគាត់ទៅវិញ ហើយវចនានុក្រមសម្ដេចសង្ឃខ្ញុំក៏សូមសរសើរសម្ដេចដែរ ព្រោះអីលោកទាំងពីរបានខិតខំដូចគ្នា ហើយវចនានុក្រមនេះបានការចូលរួមពីអ្នកប្រាជ្ញជាច្រើនដើម្បីបង្កើត ហើយវាច្រើនគឺជាការលះបង់របស់សម្ដេច បើតាមខ្ញុំស្ដាប់លោកកេងវ៉ាន់សាក់គាត់ក៏មានហេតុផលរបស់គាត់ដែរបើយើងសរសេររាយលឿនហើយរហ័ស ប៉ុន្តែផលវិបាករបស់វាគឺបាត់ប្រភពពាក្យដើមហើយពិបាករកឬសគល់តែប៉ុណ្ណោះ តែបើតាមសម្ដេចគឺវាសមហេតុផលជាងគេក៏យកតាមសម្ដេចទៅ ។ ដូច្នេះយើងត្រូវសិក្សាលើទឡ្ហីករណ៍និងសម្ដេចយកមកផ្គូរផ្គងគ្នាហើយពិចារណាមើលកុំទាន់អាលថាលោកកេងវ៉ាន់សាក់គ្មានប្រយោជន៍ហើយមានអ្នកខ្លះបន់អោយគាត់ស្លាប់ទៀត មានតែគាត់ទេដែលជាអ្នកប្រាជ្ញខ្មែរនិយមដំបូងគេនៅស្រុកខ្មែរហើយ ។

  26. និស្សិតផ្ដាច់សង្ខារ ថ្ងៃចន្ទ ទី 30 ខែមករា 2012 / 12:16 ល្ងាច

    បើតាមពិនិត្យពាក្យទាំងនេះអាចប្រើជាសម័យខ្លះ និងខ្លះជាបុរាណ បើអាចប្រើបានប្រើអ្វីដែលមានស្រាប់ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s