អន​អើយ​ស្រី​អន (១៩៧២)


បើ​ក្រឡេក​ថយ​ក្រោយ​បន្តិច មើល​ទៅ​ភាពយន្ត​ខ្មែរ​កាល​សម័យ​ឆ្នាំ​៦០ ៧០ គេ​នឹង​ឃើញ​ពី​ភាព​រីក​ចម្រើន​នៃ​ភាពយន្ត​ខ្មែរ​ក្នុង​សម័យ​នោះ ហើយ​បើ​និយាយ​ពី​ភាពយន្ត​ខ្មែរ​នៅ​សម័យ​នោះ គេ​ប្រាកដ​ជា​នឹក​ដល់​កំពូល​តារា​ភាពយន្ត ឬ​អធិរាជ​តារា​ភាពយន្ត​​សម័យ​នោះ គឺ​លោក គង់ សំអឿន ។ គាត់​បាន​សម្ដែង​ក្នុង​រឿង​ជា​ច្រើន​​នៅ​​សម័យ​នោះ ។ បើ​ខ្ញុំ​មិន​ខុស​ទេ រឿង​ដំបូង​របស់​គាត់​ប្រហែល​ជា​រឿង សុវណ្ណ​ហង្ស ដែល​ចេញ​នៅ​ឆ្នាំ ៦៧ ។

orn-euy-srey-orn

អន​អើយ​ស្រី​អន ជា​ចំណង​ជើង​រឿង​ដែល​​តារា គង់ សំអឿន (ជ័យ) ​សម្ដែង​ជាមួយ​តួ​ស្រី​ វីរៈ តារា (អន) ឆ្នាំ​១៩៧២ ថត​ដោយ​ផលិតកម្ម រន្ទះ​ពេជ្រ​ភាពយន្ត ។ រឿង​នេះ​ជា​រឿង​កំប្លែង និង​កម្សត់​ដោយ ជ័យ រស់​ក្នុង​ត្រកូល​អ្នក​ក្រ​ខ្សត់, ក្រោយ​ពី​ត្រឡប់​មក​ពី​សិក្សា​ជាមួយ​លោកតា​ឥសី រួម​ជាមួយ​មិត្ត​គេ​ឈ្មោះ សួស (សម្ដែង​ដោយ ណុប ណែម) មិន​យូរ​ប៉ុន្មាន ឪពុក​របស់​គេ ដែល​ឈឺ​ធ្ងន់​មួយ​ឆ្នាំ​មក​ហើយ​នោះ ក៏​ស្លាប់​បាត់បង់​ជីវិត​ទៅ, នាយ​ជ័យ​​ត្រូវ​ខំ​រក​ប្រាក់​មក​ចិញ្ចឹម​គ្រួសារ មាន​ម្ដាយ និង​ប្អូន​ប្រុស ចលនា (លី រតនៈ) ។

គ្រា​​ដែល​​ជ័យ​ត្រឡប់​​មក​ដល់​ភ្លាម ក៏​បាន​ដឹង​ថា គ្រួសារ​ក្រលំបាក​ខ្លាំង ជំពាក់​បំណុល​គេ ម្ចាស់​បំណុល​ចង់​មក​រឹបអូស​​ទ្រព្យ​សម្បត្តិ​ គេ​ក៏​ទៅ​រក​ពឹង​មិត្ត​សម្លាញ់​ដែល​ចេញ​ពី​សិក្សា​មក​ជាមួយ​គ្នា នឹង​​ធ្លាប់​បាន​សន្យា​ថា​នឹង​ស្រឡាញ់​រាប់អាន​គ្នា ជួយ​គ្នា​ទៅវិញ​ទៅ​មក ។ មិត្ត​សម្លាញ់​ឈ្មោះ សួស ក្រោយ​ពី​បាន​ត្រឡប់​មក​វិញ ឪពុក​របស់​​គេ​​ដែល​ជា​ចៅហ្វាយ​ស្រុក បាន​ផ្ទេរ​តំណែង​នេះ​មក​ឲ្យ ពេល​ដែល​ឃើញ​មិត្ត​រួម​សុខទុក្ខ​របស់​ខ្លួន​ក្ររហាម ខោ​មិន​ខោ អាវ​មិន​អាវ គេ​ក៏​ធ្វើ​ជា​មិន​ស្គាល់​ហើយ​បាន​បណ្ដេញ​នាយ​ជ័យ​មក​វិញ ដោយ​វាយ​​លុះ​ជាំ​មុខ ជាំ​មាត់​ផង ។ ម្ចាស់​បំណុល​បាន​រឹបអូស គោ​របស់​​ជ័យ​​អស់​ទៅ នាយ​ជ័យ​​ក៏​រែក​​នំ​បញ្ចុក​ដើរ​លក់​​ពីរ​នាក់​ចលនា​ប្អូន​របស់​​គេ ។ ជ័យ និង​អន បាន​ចាប់ចិត្ត​ស្រឡាញ់​គ្នា រហូត​ព្រមព្រៀង​រៀបការ​នឹង​គ្នា ។ អ្នក​ទាំង​ពីរ​ខិតខំ​រក​លុយ​ដើម្បី​រៀបការ​ឲ្យ​ខាង​តែ​បាន ។ នាយ​ជ័យ​ខំ​លក់​នំ​បញ្ចុក​ទាំង​ថ្ងៃ​ទាំង​យប់ នាង​ស្រី​រូប​ស្រស់​អន ខំ​ត្បាញ​​ហូល ផាមួង និង​សារុង​សូត្រ​​លក់ ។ នាង​អន​ចេញ​ទៅ​លក់​ហូល​ជាមួយ​​ម្ដាយ​នាង​ម្ដង​ កំពុង​ដើរ​លក់​ក៏​បាន​ជួប​នឹង​សេដ្ឋី​សួស, សេដ្ឋី​សួស​ចាប់ចិត្ត​នឹង​សម្រស់​ស្រី​ស្រស់ ក៏​ទិញ​យក​ហូល ផាមួង ចរបាប់ ទាំងអស់ និង​ឲ្យ​បម្រើ​តាម​មក​លុះ​ស្គាល់​ផ្ទះ​នាង ។ កាល​ដែល​ចាប់ចិត្ត​ស្រឡាញ់​ស្រី​អន​ដូច្នេះ​ហើយ សេដ្ឋី​វ័យ​ក្មេង​សួស ក៏​រក​វិធី​ដើម្បី​ឲ្យ​បាន​នាង​មក​​ធ្វើ​ជា​ប្រពន្ធ តែ​ដោយ​ដឹង​ថា​នាង​ជា​គូដណ្ដឹង​របស់​នាយ​​ជ័យ ដែល​ជា​មិត្ត​សម្លាញ់​គេ​ធ្លាប់​មាក់ងាយ​នោះ នាយ​សួស​ក៏​​ប្រើ​កលល្បិច ចូល​មក​សុំទោស​ភឿន​សម្លាញ់​វិញ ។ ជួន​ពេល​ដែល​ជ័យ​ត្រូវ​ចេញ​ទៅ​រក​ទឹកឃ្មុំ​ និង​ក្រមួន​មក​ធ្វើ​ទៀន​ពេលា សួស​ក៏​ចាត់​ឲ្យ​បម្រើ​ទៅ​ជួយ​ជ័យ ។ ជ័យ​មិន​បាន​ដឹង​ថា សួស មាន​ឧបាយកល​ចង់​សម្លាប់​ខ្លួន​ឯណា លុះ​ពេល​គេ​បោះ​ខ្សែ​ចង​ឡើង​ដើមឈើ​ធំ​មួយ​ដើម្បី​យក​ឃ្មុំ បម្រើ​នាយ​សួស ក៏​ស្រាយ​កន្ទុយ​ខ្សែ​ម្ខាង ហើយ​ហូត​ខ្សែ​​ទម្លាក់​មក ទុក​ឲ្យ​ជ័យ​នៅ​ជាប់​លើ​ដើមឈើ​ដ៏​ធំ​នោះ​ទៅ ។ បម្រើ​មក​ប្រាប់​ចៅហ្វាយ​មាន​ល្បិច​របស់​​ខ្លួន ថា​ជ័យ​ធ្លាក់​ពី​លើ​ដើមឈើ​ស្លាប់​បាត់​ទៅ​ហើយ ហើយ​ផ្ដាំ​ថា​ឲ្យ​ចៅហ្វាយ​យក​អន​ជា​ប្រពន្ធ និង​មើល​ថែ​នាង​ឲ្យ​បាន​ល្អ​ជំនួស បម្រើ​ថែម​ទាំង​មាន​កន្សែង​ដែល​អន​ប៉ាក់​ឲ្យ​ជ័យ​មក​ធ្វើ​ជា​ភស្តុតាង​ផង ។ ម្ដាយ​ជ័យ​សោក​សង្រេង​ស្រណោះ​កូន​ស្ងួន ម្ដាយ​នាង​អន​ក៏​ទុក្ខ​សោក​មិន​តិច​ដែរ ចំណែក​អ្នក​ដែល​អាឡោះអាល័យ​នាយ​ជ័យ​បំផុត​នោះ គឺ​នាង​អន​ដែល​ជា​គូ​ដណ្ដឹង​ជិត​រៀបការ​​នឹង​នាយ ។ នាង​អន​មិន​ព្រម​រៀបការ​ជាមួយ​កំលោះ​កំហូច​សួស តែ​ត្រូវ​នាយ​នេះ​បង្ខំ​ឲ្យ​រៀបការ​លុះ​តែ​បាន ។ ថ្លែង​ពី​នាយ​ជ័យ​ឯណោះ​វិញ ជួន​ជា​មាន​ខ្លា​ឃ្មុំ​ឡើង​ទៅ​ស៊ី​ឃ្មុំ​នៅ​លើ​ដើមឈើ​ធំ​នោះ ដោយ​ធ្លាប់​ឮ​និទាន​ចាស់ៗ ថា​ខ្លាឃ្មុំ ពេល​ស៊ី​ឃ្មុំ​វា​បិទ​ភ្នែក​ជានិច្ច ព្រោះ​ខ្លាច​ឃ្មុំ​ទិច​ភ្នែក​របស់​វា ហើយ​បើ​មាន​គ្នាវា ឬ​មនុស្ស​ក្ដី​ទៅ​កេះ​វា​ពី​ក្រោយ វា​ច្បាស់​ជា​កាច់​ឃ្មុំ​ហុច​មក​ឲ្យ​មិន​ខាន ។ ឆ្លៀត​ពេល​នោះ នាយ​ជ័យ​ក៏​ឱប​ខ្លាឃ្មុំ​នោះ​ចុះ​មក បាន​រួច​ខ្លួន​ ហើយ​បន្លំ​ខ្លួន​​ជា​អ្នក​ចម្រៀង ចូល​ទៅ​ផ្ទះ​សេដ្ឋី​សម្លាញ់​ទុរយស​ដែល​កំពុង​ចាប់​អន​រៀបការ​ជាមួយ ។ នាយ​ជ័យ​កម្សត់​​បង្ហើរ​សំនៀង “អន​អើយ​ស្រី​អន” ​យ៉ាង​ពីរោះ, អន​ឮ​សំនៀង​របស់​នាយ ក៏​ចេញ​មក​​ទាំង​ភ័យ​ផង​អរ​ផង តែ​ដោយ​ខ្លាច​នាំ​ជា​ទុក្ខ​ទោស​ដល់​នាយ នាង​ក៏​ត្រឡប់​ចូល​ទៅ​ក្នុង​វិញ ទាំង​ដឹង​ថា​នាយ​ជា​ជ័យ​ទៅ​ហើយ​នោះ ។ ស្រី​អន​កម្សត់ ក្រោយ​ពី​ផ្ដាំ​ម្ដាយ​​រួចរាល់​អស់​ហើយ ក៏​រក​កល​ចង់​សម្លាប់​ខ្លួន តែ​ចលនា​នៅ​ការពារ​ស្រស់ស្រី​ជាប់ ។ ទៀបភ្លឺ​ភ្លេងការ​រងំ​ប្រគំ​ទំនុក​មង្គល ធ្វើ​ឲ្យ​ស្រី​អន​កាន់​តែ​អស់​សង្ឃឹម រត់​ចូល​ក្នុង​បន្ទប់​ខ្ទាស់​សោ​ជាប់ ប្រុស​យក​កាំបិត​សម្លាប់​ខ្លួន តែ​សំឡេង​ដ៏​ពីរោះ​របស់​ជ័យ ច្រៀង​​បទ “ចេញ​មក​អន​ស្រី” ដែល​ស៊ូ​ស្លាប់​ទាំង​ពីរ​នាក់ អន​ក៏​បើក​ទ្វារ​ចេញ​មក​ជួប​ប្រុស​ថ្លៃ ។ សេដ្ឋី​កំណាច​សួស បញ្ជា​ឲ្យ​កូនចៅ​ចាប់​នាយ​ជ័យ​ទៅ​សម្លាប់​ចោល និង​ចាប់​អន​ឲ្យ​រៀបការ​ជាមួយ ។ នាយ​ជ័យ​ត្រូវ​បាន​អ្នក​ស្រុក​អ្នក​ភូមិ​ជួយ​សង្គ្រោះ​ឲ្យ​រួច​ផុត​ជីវិត និង​សម្លាប់​កូន​ចៅ​នាយ​សួស​អស់​ទៅ ។ កំលោះ​ជ័យ ត្រឡប់​មក​រក​អន​ស្រី​វិញ ថែម​ទាំង​បាន​ប្រយុទ្ធ​គ្នា​ជាមួយ​មិត្ត​សួស, នាយ​សួស​ក៏​ស្លាប់​នៅ​ពេល​នោះ​ទៅ ។ ឪពុក​របស់​នាយ​សួស ដោយ​ដឹង​ពី​អំពើ​អាក្រក់​របស់​បុត្រ​ខ្លួន ហើយ​នាយ​សួស​ក៏​ស្លាប់​បាត់​ទៅ​ហើយ​ទៀត​នោះ ក៏​លើក​នាយ​ជ័យ​ជា​មេ​ស្រុក​ជំនួស​វិញ​តែ​ម្ដង ។ រឿង​នេះ​ក៏​បញ្ចប់​តែ​ត្រឹម​នោះ​ហោង…

បទ​ចម្រៀង​​ក្នុង​រឿង​នេះ​មាន “ជ័យ​លក់​នំ​បញ្ចុក” (ស៊ិន ស៊ីសាមុត និង …), “បង​សុំ​ផ្ដាំ​ស្រី​អន” (ស៊ីន ស៊ីសាមុត និង រស់ សេរីសុទ្ធា), “អន​អើយ​ស្រី​អន” (ស៊ិន ស៊ីសាមុត) ​និង​បទ​ “ចេញ​មក​អន​ស្រី” ច្រៀង​ដោយ​អធិរាជ​សំឡេង​មាស ស៊ិន ស៊ីសាមុត ។

ខាង​ក្រោម​ជា​បទ បង​សុំ​ផ្ដាំ​ស្រី​អន

ជ័យ – បង​សុំ​ផ្ដាំ​ថា អន​អើយ​ស្រី​អន
សូម​បើក​វាំងនន​ឲ្យ​បង​ឃើញ​ភក្ត្រ
ដឹង​ចិត្ត​បង​ទេ ថា​បង​លួច​ស្ម័គ្រ
កន្សែង​ស្រី​ប៉ាក់ បង​សូម​ថ្នាក់ថ្នម ។

ជ័យ – កន្សែង​ស​អើយ កន្សែង​ស​សូត្រ
ជ្រលក់​ព្រហូត រំយោល​ផ្កា​ក្ទម្ព
អូន​ហូត​ដៃ​ឯង ល្អ​ហើយ​សែន​សម
អូន​ស្រី​ក្រមុំ ផ្ញើ​មក​ឲ្យ​បង ។

ជ័យ – កន្សែង កន្សែង​សូត្រ​អើយ
កន្សែង​សូត្រ​ស្រី កន្សែង​និស្ស័យ​កន្សែង​ចំណង
អប់​ក្លិន ចម្ប៉ា​បុប្ផា​ម្លិះ​ផង
លើក​ថើប​ម្ដងៗ បង​ចង់​តែ​យំ​អើយ ។

ជ័យ – ឱ!​កន្សែង​សូត្រ កន្សែង​សូត្រ​អើយ
មាន​តែ​អ្នក​ហើយ​ជា​គូ​ឧត្ដម
ឯ​ខ្លួន​ម្ចាស់​ឯង គេ​ពួន​សម្ងំ
ទុក​ឲ្យ​ខ្ញុំ​យំ យំ​លុះ​មរណា ។

ជ័យ – ខ្ញុំ​សូម​ប្រាប់​ស្រី ទោះ​បី​ខ្ញុំ​ស្លាប់
ក៏​មិន​ហ៊ាន​ប្រាប់​ថា​ខ្ញុំ​ស្នេហា
ព្រោះ​គុណ​ស្រី​អន ស្មើ​នឹង​បព្វតា
តើ​ឡើយ​នរណា ហា​ទៅ​នឹង​រួច ។

ជ័យ – ចម្រៀង ចម្រៀង​ច្រៀង​សូម
អន​អើយ​ស្រី​អន សូម​បើក​វាំងនន​ផាត់​ស្បៃ​បង្អួច
ឲ្យ​បង សុំ​ទោស​ដែល​បង​ហ៊ាន​លួច
ចងចិត្ត​កំហូច ថើប​កន្សែង​ស្រី ។

អន – ជាតិ​ប្រុស​កំហូច ខិលខូច​អ្វី​ម្ល៉េះ
ខ្លួន​ជា​អ្នក​ចេះ ចេះ​ធ្វើ​យ៉ាង​ហ្នឹង
ថើប​កន្សែង​ស្រី កណ្ដាល​វាល​ល្វឹង
អត់​ឃ្លាន​ម្ល៉ឹងៗ ប្រឹង​រស់​ធ្វើ​អ្វី ។

ជ័យ – អត់​ទោស​ម្ដង​ទៅ​ពៅ​ព្រលឹង​អើយ
ខ្លួន​ខ្ញុំ​ខុស​ហើយ​សូម​ត្រាប្រណី
ខ្ញុំ​ពិត​ជា​ឆ្កួត ហ៊ាន​លួច​ស្នេហ៍​ស្រី
ភ្លេច​មើល​និស្ស័យ ខុស​ឆ្ងាយ​កន្លង ។

អន – ចំណែក ចំណែក​រូប​ស្រី
ជាតិ​ជា​ស្ត្រី មិន​ដែល​ដៀល​ស្ដី ថា​ស្អប់​រូប​បង
ទោះ​ជេរ ឬ​ខឹង​ក៏​គ្មាន​បំណង
វណ្ណៈ​ធំ​ផង ក៏​គ្មាន​ប្រាថ្នា ។

ជ័យ – សែន​សប្បាយ​ចិត្ត បើ​ពិត​ដូច្នោះ
សូម​ស្រី​សន្ដោស​បង្ហាញ​រូបា
ឲ្យ​បង​បាន​យល់​ទឹកចិត្ត​ស្នេហា
គួរតែ​កនិដ្ឋា​កុំ​ដាច់​អាល័យ ។

អន – ទឹក​ហូរ​រឹមៗ​រំពឹង​ដង​ព្រែក
រូប​អូន​អល់អែក​រំពឹង​លើ​ម្ដាយ
ជ័យ – ឲ្យតែ​អូន​ព្រម បង​នឹង​ខ្វល់ខ្វាយ
ចូល​ដល់​អ្នក​ម្ដាយ យក​អន​ជា​គូ ។

អន – ដឹង​ទេ ដឹង​ទេ​ស្នេហា
រូប​អូន​នេះ​ណា កូន​អ្នក​ចម្ការ ជាតិ​ខ្មែរ​ថ្លៃ​ថ្នូរ
ជ័យ – សូម​អូន​កុំ​ព្រួយ អន​មួយ​បង​ប្ដូរ
ច្បាប់​មាន​ហែហូរ បង​ប្ដូរ​ផ្គាប់​ស្រី ៕

អត្ថបទ​ទាក់ទង៖

24 thoughts on “អន​អើយ​ស្រី​អន (១៩៧២)

  1. និមល ថ្ងៃសុក្រ ទី 9 ខែមករា 2009 / 3:30 ល្ងាច

    ពីរោះ​ណាស់!!!

  2. រដ្ឋា ថ្ងៃសុក្រ ទី 9 ខែមករា 2009 / 5:27 ល្ងាច

    ខ្សែរភាពយន្តខ្ញុំធ្លាប់មើល២ដងដែរតាមរយៈទូរទស្សន៍ជាតិកម្ពុជា

  3. duongchan ថ្ងៃសុក្រ ទី 9 ខែមករា 2009 / 10:26 ល្ងាច

    នឹកឃើញកាលនៅតូច ម៉ាក់ធ្លាក់និទានរឿងនេះឲ្យស្ដាប់មុនពេលចូលគេង។ គិតៗទៅគាត់ប៉ិនប្រសប់ខាងរៀបរាប់ ណាស់បេះបិទនឺងលំនាំខ្សែភាពយន្តតែម្ដង។​​​

    អូ… ភ្លេចប្រាប់បឿនថា បទនេះពិរោះណាស់! អរគុណដែលបានដាក់ឲ្យស្ដាប់😛

  4. ហនុមាន ថ្ងៃសៅរ៍ ទី 10 ខែមករា 2009 / 12:55 ព្រឹក

    នេះជារឿងល្អមួយទៀតដែលរៀមច្បងយើងបានចងក្រង ខ្ញុំចូលចិត្តរឿងនេះណាស់ដែរ ហើយខ្ញុំក៏ធ្លាប់ច្រៀងនៅចម្រៀងនេះ នៅពេលខ្ញុំទៅច្រូតម្តងៗ និយាយទៅគួឲ្យនឹក ស្រុក កំណើតណាស់ សូមអរគុណដល់បឿនដែលបាននាំមកនៅរឿងនេះ​!

  5. kooms ថ្ងៃសៅរ៍ ទី 10 ខែមករា 2009 / 8:30 ព្រឹក

    ហាបឿនចេញសុទ្ធតែខ្សែភាពយន្តសំរាប់ឆ្នាំថ្មីនេះ! រឿងនេះធ្លាប់មើលច្រើនដឹង​ហើយតែនៅចួលចិត្តមើល ហើយបទចំរៀងនេះក៏ចួលចិត្តដែរនឹង

  6. happylkt ថ្ងៃសៅរ៍ ទី 10 ខែមករា 2009 / 10:23 ព្រឹក

    oh i very nice post about Khmer Movies i really love it

  7. Posoky ថ្ងៃសៅរ៍ ទី 10 ខែមករា 2009 / 10:25 ព្រឹក

    ខ្ញុំបានដឹងខ្លះពីរឿងនេះ តាមអ្នកនៅខ្មែរនៅស្រុកអាគាំង៖ វីរះតារា ត្រូវជាភរិយាម្ចាស់ ផលិតកម្មលោក លីប៊ុនយីម ហើយតួប្អូនរបស់ ជ័យ(គង់សំអឿន)ឈ្មោះ រចនា ត្រូវជាកូនបង្កើតរបស់ វិរះតារា(ស្រីអន) នឹងលោក លីប៊ុនយីម ហើយឈ្មោះពិតក័ រចនាដែរ សព្វថ្ងៃរស់នៅ Richmond រដ្ឋ Virginia មានប្រពន្ឋកូន ហើយ(តែអត់ដូចកាលនៅថតកុនអនអើយស្រីអនសោះ គ្រាន់តែសក់រួញទាប) ឯតួស្រីអន (វីរះតារា)សព្វថ្ងៃរស់នៅប្រទេសបារាំង។
    🙂

  8. ទឹម បឿន ថ្ងៃសៅរ៍ ទី 10 ខែមករា 2009 / 10:33 ព្រឹក

    ចលនា​ប្អូន​ជ័យ​ក្នុង​រឿង​នេះ ឈ្មោះ​ពិត លី រតនៈ ទេ​តើ​បង ។ រតនៈ, វីរៈ តារា អី​ពិត​ជា​នៅ​រស់​មែន​អ្ហ ? ខ្ញុំ​អង្គុយ​សរសើរ​រតនៈ​ក្នុង​រឿង​នេះ​សម្បើម​ណាស់, សើច​គាត់​ចង់​ចុក​ពោះ​ទៅ​ហើយ ។ ស្មាន​ថា​គាត់​ស្លាប់​ក្នុង​សម័យ​ពលពត​អស់​​បាត់​ទេ​តើ ។

  9. Posoky ថ្ងៃសៅរ៍ ទី 10 ខែមករា 2009 / 10:57 ព្រឹក

    ហាហា សរសេរខុស គាត់នៅរស់ទេអាយុខ្ទង់៤០ជាង​ហើយមើលទៅ ធ្លាប់ជួបម្តងដែរ។

  10. អគ្គលីបុត្រ ថ្ងៃសៅរ៍ ទី 10 ខែមករា 2009 / 11:29 ព្រឹក

    ខ្ញុំ​ចូល​ចិត្ត​បទ​ចំរៀង​ហ្នឹង​ណាស់់

  11. Loto ថ្ងៃសៅរ៍ ទី 10 ខែមករា 2009 / 12:31 ល្ងាច

    Posoky

    និយាយខុសហើយ​ គាត់មិនមែនអាយុជាង៤០​ទេ តាមការពិតទៅគាត់មានអាយុ
    ជាង60ទៅហើយ ហើយលី​ រតនាដែលជាកូនគាត់នោះអាយុជាង៤០ហើយ។

  12. រាជ ថ្ងៃសៅរ៍ ទី 10 ខែមករា 2009 / 12:50 ល្ងាច

    ខ្ញុំអោយតែមើលរឿងពីដើម ចាប់ផ្តើមខឹងពួកអាពតភ្លាម

  13. Posoky ថ្ងៃសៅរ៍ ទី 10 ខែមករា 2009 / 2:13 ល្ងាច

    ខ្ញុំនិយាយត្រូវតើ ថាលីរតនានឹងហើយ កើតនៅអាគាំងនឹងរាល់ថ្ងៃ😀

  14. វីរិយា ថ្ងៃអាទិត្យ ទី 11 ខែមករា 2009 / 7:09 ព្រឹក

    បទ​ហ្នឹង​ពិរោះ ខ្ញុំ​ចូល​ចិត្ត!

  15. Khmer IT ថ្ងៃអាទិត្យ ទី 11 ខែមករា 2009 / 9:48 ព្រឹក

    រឿងអនអើយស្រីអននេះ ខ្ញុំធ្លាប់​មើល​តាំងពីខ្ញុំនៅតូច ឃើញថា​ទឹកដៃអ្នកនិពន្ធ ពិតជាមិនធម្មតាមែន ហើយសម័យនោះ​ជាសម័យ​មិនទាន់រីកចំរើន​ខាងផ្នែក​បច្ចេកវិទ្យាទេ តែនៅតែមានភាព​គួរជាទី​ទស្សនា (មើលមិនឆ្គង)។

  16. រចនា ថ្ងៃចន្ទ ទី 12 ខែមករា 2009 / 12:05 ព្រឹក

    ធ្លាប់​មើល​ម្ដង​ដែរ! ទឹក​ដៃ​ដឹក​នាំ​របស់​លោក​តា លី ប៊ុនយីម​មិន​អន់​ទេ! រឿង​គាត់​មួយ​ៗ​ចំណាយ​ប្រាក់​ច្រើន​មែន​ទែន!

  17. អគ្គលីបុត្រ ថ្ងៃចន្ទ ទី 12 ខែមករា 2009 / 1:13 ល្ងាច

    នឹក​ឃើញ​ម៉េច​ហ្នឹង! បាន​រំលឹក​រឿង​ចាស់!

  18. Posoky ថ្ងៃចន្ទ ទី 12 ខែមករា 2009 / 1:43 ល្ងាច

    ឯណាបទ ជ័យលក់នំបញ្ចុក ជាមួយស្តេចកំប្លែងសម័យ ទសវត្សរ័ទី៦០ ត្រង់ឌើ

  19. Boeun ថ្ងៃពុធ ទី 14 ខែមករា 2009 / 8:58 ព្រឹក

    បទ​ជ័យ​លក់​នំ​បញ្ចុក ខ្ញុំ​មិន​ដឹង​ថា​មាន​ឬ​អត់​ទេ ។ បទ​ចាស់ៗ​ភាគ​ច្រើន​អត់​មាន​ដាក់​ចំណងជើង ។

  20. ហនុមាន ថ្ងៃ​ព្រហស្បតិ៍ ទី 15 ខែមករា 2009 / 5:40 ព្រឹក

    បងប្អូន អាច​មើលរឿងនេះ នៅ

    http://www.khmergifts.com/jatikhmer/movie_01.html

    ព្រមទាំងចម្រៀង ជ័យលក់នំបញ្ចុក នៅ Part IV នៅអស័យដ្ឌានដដែល

  21. ទេសចរ ថ្ងៃអង្គារ ទី 20 ខែមករា 2009 / 10:34 ព្រឹក

    ម្ចាស់ប្លុក មានរឿងរ៉ាវទាក់ទងនឹងបទចំរៀងនេះទេ “ក្លិនផាហ៊ុម”?

  22. ផនសារីម ថ្ងៃ​ព្រហស្បតិ៍ ទី 24 ខែ​កុម្ភៈ 2011 / 8:05 ល្ងាច

    ខ្ញុំគ្នានមតិអ្វីទេ​ ខ្ញុំសូមសួរបងថាតើបងរៀនបង់ហោះវេបនេះដោយរបៀបណាបង?

  23. ទឹម បឿន ថ្ងៃសុក្រ ទី 25 ខែ​កុម្ភៈ 2011 / 8:25 ព្រឹក

    ខ្ញុំ​រៀន​ដោយ​ខ្លួនឯង🙂

  24. 0883556697 ថ្ងៃ​ព្រហស្បតិ៍ ទី 16 ខែមករា 2014 / 6:26 ល្ងាច

    បទចំរៀងអនអើយស្រីអន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s