ថាវរី​មាស​បង (១៩៦៨)


ថាវរី​មាស​បង ជា​ខ្សែភាពយន្ត​ខ្មែរ​​ចេញ​នៅ​ឆ្នាំ ១៩៦៨ ដោយ​ផលិតកម្ម កងច័ក្រ​ភាពយន្ត ។ រឿង​នេះ​សម្ដែង​ដោយ​កំពូល​តារា​ភាពយន្ត​ខ្មែរ មាន​​ គង់ សំអឿន (សុជាតិ), សោម វ៉ាន់សូដានី(ថាវរី), ទិត្យ វិជ្ជរ៉ាដានី(សូនី) និង សូ ហ៊ាន(សុរិន្ទ) ។

ផ្ដើម​រឿង ថាវរី​ជា​ស្រី​សុភាព​រម្យទម សូនី​ប្អូន​ស្រី​របស់​ថាវរី​ចូលចិត្ត​ជីវិត​បែប​ទាន់​សម័យ ។ ថាវរី​បាន​រៀបការ​ជាមួយ​សុជាតិ ឯ​សូនី​លួច​ស្រឡាញ់​សុជាតិ​​ដោយ​សុជាតិ​មិន​ដឹង​ខ្លួន ។ មិន​ខុស​ពី​សូនី គ្រូពេទ្យ​សុរិន្ទ ជា​មិត្ត​របស់​សុជាតិ ក៏​លួច​ស្រឡាញ់​ថាវរី​​ ប្រពន្ធ​របស់​សុជាតិ​ផង​ដែរ ។ សុជាតិ និង​ថាវរី​ស្រឡាញ់​គ្នា​ណាស់ តែ​ក្រោយ​ពី​សុជាតិ​ចុះ​ទៅ​ធ្វើការ​តាម​ខេត្ត​ប្រហែល​មួយ​អាទិត្យ ត្រឡប់​មក​វិញ ថាវរី​បែរ​ជា​ប្រែ​ចិត្ត ហើយ​​ប្រាប់​សុជាតិ​ថា​ខ្លួន​ស្រឡាញ់ សុរិន្ទ ដោយមាន​មូលហេតុ​ មិន​អាច​ប្រាប់​សុជាតិ​ប្ដី​សម្លាញ់​របស់​នាង​បាន ។ សុជាតិ​ឈឺចាប់​ខ្លាំង​ណាស់ ក្រោយ​មក ថាវរី ក៏​ចុះ​ពី​ផ្ទះ​ទៅ​នៅ​ជាមួយ សុរិន្ទ ដើម្បី​ឲ្យ​ប្ដី​នាង​ជឿ​ថា​នាង​ក្បត់​គេ​ពិត​មែន ។ តែ​ថាវរី​រត់​ចេញ​ពី​ផ្ទះ​សុរិន្ទ​ទៀត ព្រោះ​មិន​ចង់​ឲ្យ​សុរិន្ទ​ជា​អ្នក​មើលថែ​ថ្នាក់ថ្នម​នាង​ជំនួស​ប្ដី​កម្សត់​របស់​ខ្លួន​ឡើយ ។ ជីវិត​ផ្សង​ព្រេង​ម្នាក់​ឯង​ពិត​ជា​ពិបាក​ណាស់​សម្រាប់​នាង​ដែល​ជា​ស្ត្រី​ធ្លាប់​រស់​ក្នុង​ត្រកូល​អ្នក​មាន​ទ្រព្យ​សម្បត្តិ…

ចង់​ដឹង​សាច់រឿង​លម្អិត​ និង​ទីបំផុត​នៃ​សាច់រឿង​ និង​ការសម្ដែង​នៅ​សម័យ​មុន​របស់​អធិរាជ្យ​តារា​ភាពយន្ត គង់ សំអឿន និង​រាជិនី​តារាភាពយន្ត ទិត្យ វិជ្ជរ៉ាដានី រួម​ទាំង​​កំពូល​តារា​ពីរ​រូប​ទៀត​យ៉ាងណា អាច​រក​មើល​វីដេអូ​នេះ​នៅ ទីនេះ

thavary-meas-bong

ផូស្ទ័រ​រឿង

បទ​ចម្រៀង ថាវរី​មាស​បង ក្នុង​រឿង​នេះ ដែល​ច្រៀង​ដោយ​កំពូល​តារា​ចម្រៀង ស៊ិន ស៊ីសាមុត ពីរោះ​​និង​កម្សត់​ណាស់ និង​មាន​បទ “ស្រណោះ​ទឹកភ្លៀង ដែល​ច្រៀង​ដោយ​លោក ស៊ិន ស៊ីសាមុត ដូច​គ្នា​មួយ​បទ​ទៀត ដែល​ខ្ញុំ​មិន​បាន​ដាក់​នៅ​ទី​នេះ ។ ខាងក្រោម​គឺ​បទ ថាវរី​មាស​បង ។


Download
គូ​អើយ គូ​គាប់​ធ្លាប់​រួម​វាសនា
ពិដោរ​ដូច​ក្លិន​បុប្ផា មិន​ដែល​ថ្ងៃ​ណា​ក្រៀម​ស្រពោន​បាន
ស្រណោះ នឹក​អស់​សម្ផស្ស​កល្យាណ
ដៃ​អើយ​ធ្លាប់​អង្អែល​ប្រាណ ឥឡូវ​ខាន​បាន​ស្គាល់​ហើយ ។

ធ្លាប់​នៅ​រួមរស់​​សាង​ឈ្មោះ​ឧត្ដម
ឥឡូវ​បំភ្លេច​ទ្រនំ ទ្រូង​អើយ​ទ្រូង​ខ្ញុំ​រងកម្ម​ឥត​ស្បើយ
បេះដូង​រីង​ហួត​ស្ងួត​ហែង​អស់​ហើយ
ព្រោះ​តែ​ត្រាណ​ត្រើយ ចិត្ត​អើយ​នៅ​តែ​អាល័យ ។

ពេល​ញ៉ាំ​ពេល​គេង ពេល​លេង​កម្សាន្ត
មិន​អាច​បំភ្លេច​បាន នឹក​ឡើង​ព្រួយ​ប្រាណ​ស្ទើរតែ​ក្សិណក្ស័យ
ខ្នើយ​ពូក​សួររក​ចរណៃ
ភួយ​យំ​រក​ម្ចាស់​ស្រី ម្ចាស់​ថ្លៃ​ព្រាត់​ទៅ​ឋាន​ណា ។

សូម​អូន​វិលវិញ​ណា​ព្រលឹង​ចិត្ត
វិល​មក​រួម​ក្ដី​ស្នេហ៍ស្និទ្ធ កែវ​អើយ​អាណិត​ដល់​ចិត្ត​រៀមរា
រូប​មួយ ខ្លួន​មួយ​ព្រួយ​អន្ទះសា
គេង​ចាំ​ទទួល​ស្នេហា ថ្ងៃ​ណា​នឹង​បាន​ជួប​អើយ ។

ថាវរី​មាស​បង….
ថាវរី​មាស​បង….
វិលវិញ​ណា​អូន…
វិលវិញ​ណា​អូន…

7 thoughts on “ថាវរី​មាស​បង (១៩៦៨)

  1. រដ្ឋា ថ្ងៃ​ព្រហស្បតិ៍ ទី 8 ខែមករា 2009 / 11:32 ល្ងាច

    សាច់រឿងនេះពិតជាកំសត់មែន ។ អ្នកនិពន្ធខ្មែរពិតជាពូកែនិពន្ធសាច់រឿងមែន។ អរគុណប្រិយមិត្តបឿន សម្រាប់ការណែនាំឲ្យស្គាល់

  2. ហនុមាន ថ្ងៃសុក្រ ទី 9 ខែមករា 2009 / 2:28 ព្រឹក

    បឿន

    សូមអរគុណហើយដែលបាននាំមកនៅរឿងដ៏កំសត់នេះ មកដាក់លើទំព័រ ប្លក់របស់បឿន ខ្ញុំចូលចិត្តរឿងនេះណាស់ ថែមទាំងមាន ឌីវីឌី នៅភាពយន្តនេះទៀត សូមអរគុណ នេះជាការសំខាន់ មួយសំរាប់ យុវជន យុវនារី ជំនាន់ក្រោយដែលមិន
    បានយល់ពីវិចិត្រសិល្បះកាលពី សម័យមុនល្បងប្រឡៃពូជសាសន៍ ថា​មានភាពខុសផ្លែកយ៉ាងណាខ្លះ មកទល់សម័យឥឡូវ !

  3. kooms ថ្ងៃសុក្រ ទី 9 ខែមករា 2009 / 3:06 ល្ងាច

    អគុណបឿនដែលបាន បង្ហាញពីរៀងនេះ។ ខ្ញុំចួលចិត្តស្តាប់ណាស់ បទថាវរីមាសបង ហើយចាត់ទុកថាជា បទដែលខ្ញុំចិត្តជាងគេក្នុង ០១ ជីវិតនេះ ហើយពីមុនមកក៏មិនដឹងថាមានរឿង ថាវរីនេះដែរ ពិតជាចង់មើខ្លាំងណាស់ តែ Internet វាយឺតលើសក្តាមវាទៅទៀត សុំពរអោយជួយសរសេរសាច់រឿង​សង្ខេបអោយចប់បានទេ បានមើលអត្ថបទរបស់បឿន ក៏ជកចិត្តដែរ។

  4. និមល ថ្ងៃសុក្រ ទី 9 ខែមករា 2009 / 3:59 ល្ងាច

    ស្រណោះ​សម័យ​ដើម​ដល់​ហើយ! ពិត​ជា​សំបូរ​ខ្សែ​ភាពយន្ត និង ចម្រៀង​មែន។ រឿង​មួយមាន​ចម្រៀង​អម ពី​ពីរ​ទៅ​បី​បទ។ ពិតជា​គួរ​ឲ្យ​សរសើរ និពន្ធន៍ កវី សម័យ​នោះ​មែន មិន​ដូច​សម័យ​ខ្ញុំ​នេះ​សោះ។ គ្មាន​បទ​តែង​ថ្មី​សោះ ចាំ​តែ​យក​ពី​គេ។ តើ​នេះ​មក​ពី​មូល​ហេតុ​អី​ទៅ? បើ​និយាយ​ពី​ចម្រៀង តន្ត្រី អ្នក​ណាៗ ក៏​ចូល​ចិត្ត​ដែរ អាច​និយាយ​បាន​ថា តន្ត្រី​ជា​ជីវិត​របស់​មនុស្ស​ម្នាក់ តែ​ហេតុ​អី​ក៏គ្មាន​មនុស្ស​ខ្មែរ​ជំនាន់​ក្រោយ​ណាម្នាក់ មាន​ទេពកោសល្យ បង្កើត​ចម្រៀង​ថ្មីៗ អ៊ីចឹង? ហេតុអី​ក៏​មនុស្ស​សម័យ​មុន​អាច​ធ្វើ​បាន​ចម្រៀង​ច្រើន​ម្ល៉េះ តែ​ដល់​ឥឡូវ​ម៉េច​ក៏​កម្រ​មាន​មនុស្ស​ធ្វើ​បាន​ម្ល៉េះ? (សុំ​សរសើរ​ផលិតកម្ម​រ៉ក់​ដែល​បាន​ធ្វើ​បទ​ខ្មែរ​ថ្មីៗ)។

  5. ហនុមាន ថ្ងៃសៅរ៍ ទី 10 ខែមករា 2009 / 1:05 ព្រឹក

    និមល

    សម័យនេះមានអ្នកនិពន្ធ កវីដូចសម័យមុនតើ និមល​!​ តែភាពខុសប្លែកគឺ សម័យមុន គេនិយមសិល្បះ នឹងវប្បធម៍​​ តែ សម័យនេះគេនិយម ប្រាក់ដុល្លា បើមិនជឿមើលតែ ខារាអូកី ទៅឃើញហើយ ខារាអូកគី​មិនមែនជា សិល្បះខ្មែរឯណា ម្តេចក៏នាំគ្នាស្រែកមើលតែឆ្កែពុលក្តួចអីច្ចឹង​ ? ចំពោះផលិតកម្មវិញមានដែលផ្តល់ថវិការជូនដល់ក្រុមគ្រូសារសិល្បះករទេ ក្រោយពេលដែលខ្លួនបានលួចយកនៅបទចម្រៀងពីក្រុមគ្រូសារសិល្បះករនោះ ?

  6. ច័ន្ទថនស្រលាញ់ខ្មែរ ថ្ងៃអាទិត្យ ទី 4 ខែធ្នូ 2011 / 11:38 ល្ងាច

    តើហេតុអីបានជាអ្នកចំរៀងសព្វថ្ងៃចូលចិត្តតែការលៃតែពីគេរ
    ហើយមួយបទការលៃដល់2-3បទ
    ស្ដាបទៅដូចជាវាមិនចូលត្រចៀកសុះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s