សារព័ត៌មាន

ទស្សនៈ​ចំពោះ​គំនូរ​អប្សរា​ស៊ិចស៊ី


សារព័ត៌មាន​ផ្សេងៗ និង​ប្រជាជន​ខ្មែរ​​មាន​ប្រតិកម្ម​ចំពោះ​វិបសាយ រាហ៊ូ ដែល​​ដាក់​លក់​រូប​​គំនូរ​ អប្សរា​ស៊ិចស៊ី គូរ​ជាមួយ​​កុំព្យូទ័រ ថា​ជា​អំពើ​ប្រាសចាក​នឹង​វប្បធម៌​ខ្មែរ ។

លោកស្រី អ៊ឺង កន្ថាផាវី រដ្ឋ​មន្ត្រី​ក្រសួង​កិច្ចការ​នារី មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​តម្លៃ​ស្ត្រី​ខ្មែរ និង ប្រពៃណី​ទំនៀមទម្លាប់​​ដ៏​ល្អ​របស់​ខ្មែរ ។ ចំណែក​លោក មីសែល ត្រាណេ យល់​ថា រូប​គំនូរ​ទាំង​នោះ បាន​គូរ​ខុសប្លែក​ពី​ចម្លាក់​នៅ​សម័យ​អង្គរ ព្រោះ​ស្រី​អប្សរា​ក្នុង​គំនូរ​ចំតិត​កូដ ឱប​គ្នា ដើម្បី​​បង្ហាញ​ភាព​ស្រើបស្រាល ដែល​វប្បធម៌​ខ្មែរ​មិន​ធ្លាប់​មាន​ពី​មុន​មក ។

លោក ជុជ ភឿន រដ្ឋលេខាធិការ ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា និង លោក ខៀវ កញារឹទ្ធ ក៏​មាន​ការជំទាស់​លើ​រូប​គំនូរ​ទាំង​នោះ​ផង​ដែរ ។

តាម​ការយល់​ឃើញ​របស់​ខ្ញុំ រូប​គំនូរ​​អប្សរា​ស្រើបស្រាល ទាំង​នោះ ពិត​ជា​មិន​បាន​បង្ហាញ​នូវ​សភាព​ពិត​នៅ​សម័យ​អង្គរ​ដូច​ដែល រាហ៊ូ បាន​អះអាង​នោះ​ទេ តែ​ជា​គំនូរ​បម្រើ​កាមារម្មណ៍​របស់​បុរស តាម​បែប​ស្រើបស្រាល ដែល​នាំ​ឲ្យ​​អាប់ឱន​ដល់​វប្បធម៌​ដ៏​រុងរឿង​របស់​ខ្មែរ​នា​សម័យ​អង្គរ និង ជា​ការម៉ាក់ងាយ​ ឬ​បន្ទាប​ដល់​តម្លៃ​ស្ត្រី​ខ្មែរ និង​បំផ្លាញ​ប្រពៃណី​ទំនៀមទម្លាប់​ដែល​ខ្មែរ​ខំ​ថែ​មក​ជា​យូរ និង​ថែម​ទាំង​ជា​ការ​ទម្លាក់​តម្លៃ​ជាតិ ដែល​មាន​អង្គរ​ដ៏​រុងរឿង ស្ថិត​​នៅ​លើ​ទង់ជាតិ​ប្រទេស​កម្ពុជា និង​​ត្រូវ​បាន​​ក្រុម​អ្នក​គូរ​គំនូរ​នៅ​អាមេរិក​យក​មក​បំប្លែង​ជា​កន្លែង​ស្រើបស្រាល​ទៅ​វិញ ។

បើ​ទោះ​ជា​​មាន​មតិ​ប្រឆាំង​រិះគន់​ដល់​ក្រុម​គំនូរ​នេះ​យ៉ាងណា​ក៏​ដោយ នៅ​មាន​អ្នក​ខ្លះ​យល់​ថា គំនូរ​របស់​រាហ៊ូ គូរបាន​ល្អ ដូច​រូប​ពិតៗ ស្រស់​ស្អាត​គួរ​ឲ្យ​ចាប់ចិត្ត ដែល​​ជា​ការបម្រើ​ដល់​កាមារម្មណ៍​ដ៏​ប្លែក​ដល់​​គេ និង​ថែម​ទាំង​​ចង់​ឲ្យ​រាហ៊ូ​បន្ត​ការងារ​នោះ​ទៅ​ទៀត​ផង​ដែរ ។

គួរ​អាន​ផង​ដែរ៖ អប្សរា និង របាំ​អប្សរា

Advertisements

38 thoughts on “ទស្សនៈ​ចំពោះ​គំនូរ​អប្សរា​ស៊ិចស៊ី”

  1. បើខ្ញុំវិញ មិនហ៊ានសន្និដ្ឋានទេ។ ហើយ​ចុះរូប​ដែល​គេគូរ​ដាក់​លក់​ក្បែរ​សាលា​រចនា​ មាន​គំនូរស្រី​លេចលើលេចក្រោមដូចអញ្ចឹងច្រើនសឹងអី ម៉េច​មិន​ដែល​ឃើញ​​នរណាគេថាអី។ ខ្ញុំឆ្ងល់រឿងហ្នឹងយូរហើយ តែមិនដឹងទៅសួរនរណា។ បើតាមខ្ញុំ​គិត​វិញ ជួនកាល មិនថាជាងគំនូរ អ្នកចំរៀង រឺ ក៏អ្នក​ដែល​មាន​ជំនាញ​អ្វី​ទេ​ ពេល​ដែល​គេ​មាន​ទេព្យកោសល្យដល់កំរិតមួយដែល​ យើងធម្មតា​យល់​មិនដល់​ យើង​ភាគច្រើន​ទៅ​​តេះដៀលគេ ថាគេឆ្គួត​ ថាគេ​វិកលចរិត​អីទៅ។ ដល់ពេល​លើ​គេ​ថា​របស់​ហ្នឹង​វា​អស្ចារ្យ រឺក៏វិចិត្រអីទៅ ក៏នាំគ្នាទៅ​មើល​ស្ងើច​សរសើរ​ ទាំងមិន​ដឹង​ថា​ល្អរឺ​អស្ចារ្យ​ត្រង់​ណា​។ បើនិយាយពីគំនូរ​របស់​រាហ៊ូ​វិញ ខ្ញុំយល់ថា​​មាន​តែ​ជាងគំនូរ​ដែល​មាន​ទេពកោសល្យខ្ពស់ទេ​ដែល​អាចធ្វើការ​សន្និដ្ឋាន​​បានល្អជាងយើងដែលគ្មានទេពកោសល្យខាងគូរហ្នឹង។

  2. ខ្ញុំសូមយល់ឃើញថាការគូសរូបអប្សារាសិចស៊ីពិតជាខុសចំពោះវប្បធម៏ជាតិខ្មែរយើង ក៏ប៉ុន្តែបើខ្ញុំគិតទៅលើស្នាដៃរបស់គាត់វិញ ខ្ញុំពិតជាកោតសរសើរចំពោះស្នាដែរបស់គាត់ … នេះគឺខ្ញុំមិនមែននិយាយទៅលើរូបភាពអប្សារាទេ គឺខ្ញុំបានស្រាវជ្រាវនៅក្នុងទំព័ររបស់គាត់ ខ្ញុំប្រទះឃើញមានរូបភាពមួយចំនួន ដែលមិនមែនជារូបភាពសិចស៊ី តែគឺជារូបភាពដែលនិយាយអំពីរឿងព្រេងនិទានខ្មែរយើងដូចជា រឿងព្រេងរាមកេរ្តិ៍ ជាដើម។​ ខ្ញុំកោតសរសើរពីព្រោះខ្ញុំយល់ឃើញថាគាត់ជាវិចិត្រករដែលមានភាពប៉ិនប្រសព្វក្នុងការឆ្នៃប្រឌិតរូបភាព ដូចជារូបភាពមួយនេះ​ គឺដកស្រង់ចេញពីរឿងរាមកេរ្តិ៍ ត្រង់ឈុតហនុមានជួបនាងមច្ឆា ។​ ពេលដែលខ្ញុំមើលរូបភាពនេះហើយ ខ្ញុំគិតទៅដល់ទិដ្ឋភាពរស់រវើករបស់តួអង្គហនុមាន និងនាងមច្ឆា។​ ខ្ញុំគិតថាបើគាត់ប្រើប្រាស់ស្នាដៃរបស់គាត់បង្កើតជាខ្សែរឿងបោះពុម្ភជាសៀវភៅ រឺក៏ ខ្សែវីដេអូ ពិតជាសមត្ថផលដ៏ល្ងមួយ។
    ជាចុងក្រោយខ្ញុំកោតសរសើរដ៏ស្នាដៃវិចិត្រកម្មរបស់គាត់ ។​ស្នាដៃរបស់គាត់គឺជាគំនូបច្ចេកវិទ្យាកុំព្យូទ័រ។ ខ្ញុំសន្និដ្ឋានថាដំណើរការណ៍នៃការគូរនេះគឺ ទីមួយគាត់គូសនៅលើក្រដាស ទីពីគាត់ Scan ចូល ទីបីគាត់គូសបន្ថែម និងផាត់ពណ៏ដោយកម្មវិធីមួយ តែខ្ញុំមិនដឹងថាកម្មវិធីអ្វីទេ តែកម្មវិធី Adobe Photoshop អាចធ្វើបានតែ​ ខ្ញុំគិតថាប្រហែលជាកម្មវិធីពិសេសណាមួយមិនខាន។
    ប្រជាជនកម្ពុជាមិនពេញចិត្តនឹងរូបគំនូរគាត់នៅពេលដែលបានឃើញរូបភាពតាមរយៈកាសែត ហើយមួយចំនួនទៀតមានការយល់ច្រឡំហើយស្តីបន្ទោសវិចិត្រករ ដោយសារពួកគាត់មិនបានអានព័ត៏មានផ្ទាល់គាត់ស្តាប់លឺតៗគ្នា។​​
    អឺ… ទស្សនៈខ្ញុំយល់ថា ខ្ញុំជាខ្មែរ គាត់ជាខ្មែរ ខ្ញុំមានមោទភាព ដែលខ្មែរមានសមត្ថភាពគូសរូបដោយប្រើប្រាស់កុំព្យូទ័រ នេះបង្ហាញថាសិល្បៈខ្មែរយើងរីកចម្រើនគ្រប់សម័យកាលទាំងអស់៕

  3. មាន​មតិមួយ​ចំនួន​បាន​និយាយ​ថា​ ម្ចាស់​របស់​វិបសាយ​​នោះ​មិន​មែន​ជា​ជនជាតិ​ខ្មែរ​យើង​ទេ គឺ​ជា​ជាតិ​ថៃ​។ មិន​ប្រាកដ​ថា​តើ​ វាជា​រឿង​ពិត​ ឬយ៉ាង​ណា? ដូច្នេះ​សូម​អ្នក​ទាំង​អស់គ្នា​ជួយ​ស្វែង​រក​ប្រភព​នៃ​សញ្ញាតិ​ម្ចាស់​វិបសាយ​ផង​។ បើសិន​ជា​ជនជាតិ​ថៃ​មែន​នោះ មាន​ន័យ​ថា​ ថៃ​កំពុង​ចង់​បំផ្លាញ​វប្បធម៌របស់​ខ្មែរ​យើង​ហើយ​។

  4. ខ្ចុំថាគេជាខែ្មរបើជាថៃ​មិនហ៊ានដល់ថា្នក់នឹងទេ​ដូចជាការភា័នច្រលំ​របស់​តួថៃ​ម្តង​ហើយ​ដែល​នាងបានបដ៨សេដនិងមានភសតាងតាមវិបសាយទាំងអស់​ដល់​ថា្នក។យើងត្រួវសងលុយគេលេងទៅ​ចំពោះអ្នកបង្កបពា្ហអត់បានការ។​ឥឡូវ​មួយទៀតហើយ??

  5. ត្រឡប់មកវិញម្តងទៀតហើយ!
    ឆ្លើយតបទៅនឹងវាចារអំពី ថាតើម្ចាស់វិបសាយជាថៃ ឬ​យ៉ាងណា?
    អឺ… ខ្ញុំមិនទាន់ហ៊ានថាមិនមែនទែ ក៏ប៉ុន្តែខ្ញុំគិតថាភាគច្រើនគាត់ជាខ្មែរ ហើយរូបគំនួរបស់គាត់មិនមែនបន្ទាបខ្មែរ លើកថៃទេ ពីព្រោះថារូបគំនូរគាត់ទាំងអស់គឺនិយាយអំពីរឿងព្រេងបុរាណខ្មែរ។​ ម្យ៉ាងទៀតខ្ញុំបានស្រាវជ្រាវប្រភពវិបសាយត៍របស់​ Reahu.ent តាមរយៈវិបសាយត៍ whois.ws ខ្ញុំទទួលព័ត៏មានថាវិបសាយត៌ផ្ទុកនៅលើម៉ាស៊ីនមេ(Hosting)របស់ក្រុមហ៊ុន GoDaddy.com​ ហើយឈ្មោះវិបសាយរបស់គាត់ (DomainName) ត្រូវបានទិញពីក្រុមហ៊ុន GoDaddy Inc នៅថ្ញៃទី​2007-03-20 ។​ តាមរយៈអាសយដ្ឋានដែលគាត់ចុះឈ្មោះទិញឈ្មោះ គឺ គាត់ជាមនុស្ស​រស់នៅអាមេរិក ហើយអ្នកអាចទំនាក់ទំនងគាត់តាមរយៈអ៊ីមែលរបស់គាត់។

  6. និយាយ​ពី​តម្លៃ​ស្ត្រី​ខ្មែរ​ខ្ញុំ​គិត​ថា​មិន​មែន​ធ្លាក់​ដោយ​សារ​តែ​គំនូរ​របស់​លោក​រាហ៊ូ​ទេ គឺ​ធ្លាក់​ដោយ​សារ​យើង​ទាំងអស់​គ្នា​ទេ មិន​ឲ្យ​តម្លៃ​ដល់​ស្ត្រី ដូច​ជា​ជួញ​ដូរ​ស្រី យក​នារី​មក​ធ្វើ​ជា​ស្រី​ខារ៉ាអូខេ យក​ស្រី​មក​បម្រើ​ផ្លូវ​ភេទ ឪពុក​ម្ដាយ​មិន​ឲ្យ​កូន​ស្រី​រៀន​បាន​ខ្ពង់ខ្ពស់ ។ ទាំងនេះ​ហើយ​ដែល​ធ្វើ​ឲ្យ​តម្លៃ​ស្ត្រី​ខ្មែរ​ធ្លាក់​ចុះ ។

    រូប​គំនូរ​របស់​លោក​រាហ៊ូ​បង្ហាញ​នូវ​ភាព​ស្រើបស្រាល ខ្ញុំ​មើល​ហើយ​គ្មាន​ស្រើប​អី​ដូច ស្រី​រាំ​ស្រាត​នៅ​កន្លែង​កំសាន្ត Rock ទេ ។ បើ​មើល​ទៅ​ស្រើប​ទាល់​តែ​អ្នក​ហ្នឹង​មិន​ដែល​បាន​មើល​រូប​ស្រាត​របស់ Angelina Jolie, ប៉ារិស ហ៊ីលតុន, BoBo អីទេ​មើល​ទៅ ។

    ខ្មែរឥឡូវដូចចាស់កម្រិលម៉េចមិនដឹងនាំគ្នាភ្ញាក់ផ្អើល​និងភាព​ស៊ិចស៊ី​របស់​អប្សារា​​តាំងពី ១០០០​ឆ្នាំមុន សូម្បីស្រីអឺរ៉ុបឥឡូវសូមខ្មាស់ស្ត្រីខ្មែរកាលពី​១០០០ឆ្នាំមុនហ៊ាន​ដោះអាវដើរ​តាម​ផ្សារធ្វើ​ព្រងើយ។ :):):)

  7. លោកវណ្ណ មកបង្ហាញស្ទីដរដែលៗ តាំងពីវេបសាយបងសំម្បត្តិមកដល់នេះទៀត។ តាំងឡើងប្រៀបធៀបជាមួយពួកអីរុបជឿនលឿន តាំងឡើងនិយាយថា ស្ត្រីខ្មែរពីមុនមិនស្លៀកពាក់។

    បើយើងឃើញតំលៃស្រ្តីធ្លាក់ចុះទៅហើយ ចឹងហើយទើបយើងមិនចង់អោយធ្លាក់ចុះជាងនេះទៀត។​ អើយហត់ណាស់លោក ខ្ញុំឈប់តាមលងលោកហើយ ចង់និយាយអីទៀតនិយាយចុះ bye bye

  8. ខ្ញុំ​សូម​អោយ​អ្នក​ទាំង​អស់​គ្នា​ងាក​ទៅ​មើល​រូប​ចំលាក់​អប្សរា ដុំថ្ម​សម័យ​បុរាណ​វិញ ថា​តើ​ជា​រូប​អាក្រាត​ដែរ​រឺ​ទេ? (បើ​មាន​ពេល​សូម​បឿន​មេត្ដា​ដាក់​រូប​អប្សសរា​ ខ្លះ​ទៀត​ជូន​អោយ​ប្រីយ​មិត្ដ​មើល​​ផង​។ ​ខ្ញុំ​សូម​ផ្ញើ​ជូន​ខ្លះ​តាម​អ៊ីមេល) រូប​​ចំលាក់​អប្សរា​អាក្រាត​ដុំថ្ម មើល​ទៅ​មិន​រស់​រវើក ដូច​រូប​ដែល​គូរ​ដោយ​រាហ៊ូ​នោះ​ទេ មើល​ទៅ​ជា​សិល្បៈ មិន​អាស​អាភៀស​ទេ។

    ម្យ៉ាង​មួយ​ទៀត​ក្នុង​កំនត់​ហេតុ ជីតាក្វាន់ អំពី​ប្រពៃណី​អ្នក​ស្រុក​ចេលា ត្រង់​សំលៀក​បំពាក់ គ្រឿង​អលង្ការ និង អ្នក​ស្រុក បាន​សរសេរ​កត់​ត្រា​ទុក​ដែរ ខ្ញុំ​សូម​ដក​ស្រង់​មក​សរសេរ​ដោយ​ខ្លី​ អ្នក​ស្រុក​​ទាំង​អស់ ចាប់​តាំង​ពី​ស្ដេច​ចុះ​ទៅ ទាំង​ស្រី​ទាំង​ប្រុស សុទ្ធ​តែ​បួង​សក់​ទាំង​អស់ ហើយ​គេ​តែង​លែង​ខ្លួន​ទទេ​ស្អាត មាន​តែ​សំពត់​មួយ​ផ្ទាំង​តូច​វ័ណ្ឌ​ជុំវិញ​ខ្លួន របៀប​គេចង​ពុង​ហើយ​បើ​ត្រូវ​ការ​ចេញ​ទៅ​ណា​មក​ណា គេ​យក​កំនាត់​មួយ​ផ្ទាំង​ទៀត​ធំ​ជាង​មុន មក​រុំ​ស្រោប​ថែម​ពី​លើ។

    ចំនែក​ស្រ្ដី​ក្នុង​វាំង​ រឺ​អ្នក​ស្រុក​ក្នុង​ត្រកូល​ថ្កុំ​ថ្កើង​វិញ​មាន​សាច់​ស​ដូច​ចាន ព្រោះ​តែ​គេ​មិន​ងាយ​បះ​នឹង​កំដៅ​ថ្ងៃ​ឡើយ​។ តាម​ធម្មតា ទាំង​ស្រី ទាំង​ប្រុស​គ្មាន​ស្លៀក​ដន្ដប់​អ្វី​ក្រៅ​ពី​សំពត់​មួយ​ផ្ទាំង​រុំព័ទ្ធ​ភ្ជាប់​នឹង​ចង្កេះ​នោះ​ទេ។ គេ​លែង​ខ្លួន​ទុក​ដើម​ទ្រូង​នៅ​កណ្ដាល​វាល អែ​សក់​បួង ជើង​ទទេ គ្មាន​ស្បែក​ជើង​ឡើយ ទោះ​ជា​អ្នក​ស្រុក មហេសី ស្ដេច​ក៏​ដោយ​។

    (បើ​មាន​អ្វី​មិន​ពេញ​ចិត្ដ សូម​ទោស​ទុក​ជា​មុន ពី​ថ្ងៃ​ស្អែក​ទៅ​បី​អាទិត្យ​ខ្ញុំ​មិន​នៅ​ផ្ទះ​ទេ)

  9. ខ្ញុំជាខ្មែរហើយក៏ជាវិចិត្រករមួយនាក់ដែរ រូបភាពនៅលើទំព័រ http://www.reahu.net​ នោះមិនអះអាភាសដល់ហ្នឹងពេកទេ យើងគួរតែផ្លាស់ប្តូរនៅគំនិត្តបុរាណ្យទៅ គួតែនាំគ្នាអបអរសាទរ​ដល់ការរីកចំរើន ក្នុងការគិត​នឹងយល់ដឹងទាន់សម័យ ខ្ញុំសូមយល់តាមយោបល់របស់​ ប្អូន រដ្ឋា​ ។

    ជួនកាលយើងមិនអាចយល់ដឹងពី គំនិត្ត របស់វិចិត្រករទេ ទាល់តែយើង
    ជាវិចិត្រករដែរទើបអាចយល់បាន។ ហេតុអីក៏គេមានការផ្ញាក់ផ្អើលខ្លាំងម្លេះ
    មិនដែលឃើញមនុស្សស្រាតទេអី ? រឿង ជាតិ សង្គម ប្រជាជន​ប្រទេសទាំងមូលមិនអើពើ
    គិតតែរៀងដែលមិនបានការ ណាមួយ​រាហួដត់និត (reahu.net)មិននៅក្នុងប្រទេសខ្មែរផង មិនអាចមានឧកាសបិទបានទេ ព្រោះថានៅសហរដ្ឋអាមេរិក គាត់អាចមានច្បាប់ដាក់បាន បើគាត់ជាវិចិត្រករយល់ថាវាជា ស្នាដៃ​របស់គាត់ ជាគំនិត្ត នឹងវិចិត្រសិប្បកម្មរបស់គាត់​ យើងគួតែនាំគ្នា អបអរដល់សិល្បះយើង ។

    បឿន

    ​វិចិត្រករជាជនជាតិ ខ្មែរ អាមេរិកាំង នាម កូកេ លរ៍(Koke Lor) បើតាមខ្យល់គាត់ជាបញអូនប្រុស​របស់លោក សាកល លរ៍ (Sakal Lor)ជា ចាងហ្វាងផលិតកម្ម Camvision Production.

  10. ខ្ញុំដឹងថា វាចំលែកបនិ្តចសំរាប់ជនជាតិខ្មែរ ដែលឃើញរូបអប្សរាបែបនេះ។ តែខ្ញុំស្របតាមគំនិតរបស់evannak​ រឿងតំលៃស្រ្តីធ្លាក់ចុះ ដោយសារការជួញដូរស្រ្តីខ្មែរដោយសេរី ក្នុងប្រទេសយើង។ ខ្ញុំក៏ជាស្រ្តីខ្មែរម្នាក់ដែរ។ តើតំលៃរបស់ស្រ្តីបច្ចុប្បន្នក្នុងប្រទេសកម្ពុជាធ្លាក់ចុះ ដោយសារនរណាទៅ? មិនមែនគំនូរប៉ុន្មានផ្ទាំងនេះអាចនឹងធ្វើអោយតំលៃស្រ្តីធ្លាក់ចុះទេ។ ប្រសិនបើមានពេលរិះគន់ពីស្នាដៃសិល្បះរបស់វិចិត្រករម្លឹងៗ សូមមេតា្តជួយកំចាត់អំពើជួញដូរស្រ្តីក្នុងប្រទេសកម្ពុជាផង។ ហើយសង្ឃឹមថា អ្នកដែលរិះគន់នោះ មិនលួចចំលងរូបអប្សរាទុកមើលទេ។
    និយាយតាមត្រង់ចុះ ប្រសិនបើនារីខ្មែរស្អាតដូចរូបគំនូររបស់លោករាហូមែននោះ មើលទៅឋានះរបស់បវរកញ្ញាពិភពលោកនៅមិនឆ្ងាយពីដៃរបស់នារីខ្មែរប៉ុន្មានទេ​ឆ្នាំក្រោយនេះ។ ហាហា kidding té…

  11. ខ្ញុំសូមឯកភាពជាមួយ Evannak កែវ​ ឈុន​ និង​ ហនុមានទាំងស្រុង។ គំនូរ
    ទាំងអស់ហ្នឹងមិន​អាក្រក់ទេហើយក៏វាមិនធ្វើអោយស្ត្រីខ្មែរយើងថោកដែរ។​ កាលណាយើងមើលទៅស្រើបស្រាល ទាក់អារម្មណ៏នោះមានន័យថាគំនូរ
    ហ្នឹងវាល្អ តែបើយើងមើលទៅវាធ្វើអោយយើងដាច់ខ្យល់ងាប់ទើបវាអាក្រក់។
    ការពិតទៅវាមិនខុសពីខ្មែរជំនាន់ដើមទេ។ នៅលើផ្ទាំងគំនូរតាមជញ្ជាំង
    ប្រាសាទនានាក៏មានរូបចម្លាក់អីចឹងដែរ ហេតុមេចក៏មិនថាវាធ្វើអោយ
    ស្រ្តីខ្មែរយើងថោកផង? បើវាធ្វើអោយស្រ្តីខ្មែរយើងថោកទាប
    ហេតុមេចក៏យើងរក្សាទុកប្រាសាទទាំងនោះធ្វើអ្វី?​
    មេចក៏មិនកំទេចប្រាសាទទាំងអស់នោះចោលទៅ? តាមការពិតទៅរូបគំ
    នូរទាំងអស់នោះបង្ហាញអោយឃើញថាខ្មែរជំនាន់ដើមគេស្លៀកពាក់អីចឹងម៉្យាង
    វិញទៀតវាក៏បញ្ជាក់អោយឃើញផងដែរថាស្រ្តីខ្មែរយើងស្អាតណាស់។

  12. ខ្ងុំយល់ស្របចំពោះយោបល់អ្នកទាំងគា្នដែល​និយាយ​ថាតំលៃនារីខែ្មរ​ធា្លក់ចុះ​ដោយ​សារ​ការជួញដូរមាន​កគោក​។គ្រាន់តែ​រួបប៉ុនា្ននផំា្ទងអាចធើ្វអោយនារី​យើង​ធា្លក់ចុះទេ?​មិនដល់ថា្នក់នឹងទេ។

  13. ខ្ញុំបានផ្តល់យោបល់តគ្នាច្រើននៅប្លក់លោក សម្បត្តិ ចំពោះគំនិតខ្ញុំដែល រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី​ រឺក័អ្នកដែលនិយាយថាធ្វើអោយខូច វប្បធម័សិល្បះខ្មែរ ចំពោះស្នាដៃរូប អប្សរានោះខ្ញុំថាគាត់ ទាំងនោះ ជាពិសេសលោកស្រី រដ្ឋមន្ត្រី គាត់ពិតជាមិនបានក្រលេខមើលគ្រប់ជ្រុងជ្រោយ ដោយមិនបាច់ទៅណាឆ្ងាយទេចំណាយពេលតែមួយយប់ នៅក្រុងភ្នំពេញ rock, u2, spark xo …កន្លែង karaokes ជាពិសេស កាហ្វេក្តៅសាច់ ទួលគោក ត្រឡោកបែក ស្វាយប៉ាក ស្ទឹងមានជ័យ ម្តុំផ្សាថ្មី យប់ឡើង ចង់ដឹង ម្តុំឈូកទិព្វ មុខផ្ទសំណាក់ បុនប៉ាវក្បែ ផ្សាsorya រត់បក់ដៃតោងម៉ូតូ រឺក័ចង់ក្លែម ស្រីស្រស់ដៅរាំដោះគ្រឿង ក្រៅ ។ល។ បើពិបាកទៅអង្គុយមើល ម្តុំអាអូនហ្វឿង កាត់សកស់ ខាងជើងផ្សាអូរស្សី ម្តុំបិទតែមម៉ូតូ រឺក័ម៉ោងប្រាំល្ថាច ទៅមុខHotel cambodiana រឺក័មុខផ្សាទំនើប អី ? ក្បែសាលាចតុមុខ ក្មេងៗស្រី អាខ្លះរស់រវើកជាងអប្សារា របស់លោករាហ៊ូផង។ (ពត៏មានលំអិតសួរបងៗអ្នករត់ម៉ូតូ ឌុបទៅដឹងហើយ) ម៉េចក័គាត់មិនស្រែក ថាអោយបញ្ឈប់។

  14. ស្រែកអោយយ៉ាងម៉េចនឹងកើត បើខ្នងមួយៗក្រាស់ៗសឹងអី។ អីចឹង មានតែតាមរករឿងអ្នកអត់មានខ្នងទេ ស្រួលជាង។ សំណាងល្អ​លោករាហូនៅបរទេស ក្នុងប្រទេសមានសេរីភាព កុំអី បែបពិបាកធំហើយ។

  15. គាត់មិនមែន​ជា​​ជើងកាង​ទេ តែ​ជាអ្នក​ស្នេហា​ភាព​ស្រើស្រាល! អ្នកស្នេហា​ភាព​ស៊ិចស៊ី​ដូច​គាត់​ប្រាកដ​ជា​ចូល​ចិត្តគាត់ ដូច​ជា​ខ្ញុំ​ជា​ដើម តែ​អ្វី​ដែល​សោក​ស្តាយ​គាត់​មិនគួរ​ធ្វើ​ឲ្យ​អ្វី​ដែល​មនុស្ស​ទទៅ​ធ្លាប់​ផ្តល់​តំលៃ ប្រែក្លាយជា​ស្មោគគ្រោក​មិនគួរ​ឲ្យ​ចង់​មើល​ទៅ​វិញ។

  16. ខ្ញុំ​ឆ្ងល់​ដែរ តើ​តម្លៃរបស់​អប្សារាស្ថិតនៅ​ត្រង់​ណា​ទៅ​ហ្ន? ឲ្យ​តម្លៃត្រង់​ថាអប្សារាគឺ​ជា​រូប​ចម្លាក់ដែល​គេឆ្លាក់​លើ​ថ្ម ឬ​ដោយ​សារ​តែ​អប្សារា​ជា​ស្រី​សួគ៌​ដែល​មាន​សម្រស់​ស្អាត ឆើតឆាយ?

    អប្សារាជាប្រពន្ធ​របស់ គន្ថាវៈ(ដែលរាងកាយ​របស់​គេ​ផ្នែក​ខ្លះ ជា​សត្វ​ស្លាប ឬ​សត្វ​សេះ ហើយ​គន្ថាវៈ​នេះមាន​ជំនាញខាងលេងភ្លេង) ។

    តម្លៃរបស់អប្សារាគឺស្ថិតនៅលើការប៉ិនប្រសព្វរាំ និងរូបសម្រស់​ឆើត​ឆាយ ។ បើ​លោក​រាហ៊ូ​ជ្រុល​ជាគូរ​រូប​អប្សារាដូចនៅ​លើ​ជញ្ជាំងប្រសាទដដែល មិន​បាច​គូរ​ទេ យកកាំមេរ៉ាទៅថតវិញស្អាតជាង ។

    និយាយ​ពី​ភាពស្រើបស្រាលវិញ រូប​ចម្លាក់​នៅ​ជញ្ជាំង​ប្រាសាទ​ក៏​ផ្ដល់នូវភាព​ស្រើបស្រាលដែរ ភស្តុតាង​គឺ​សុដន​របស់​អប្សា​រា​ត្រូវបាន​អ្នក​ទស្សនា​អង្អែល​ឡើង​រលោង(មិន​ដឹងអង្អែលប៉ុន្មាន​នាក់ទេក្នុង១ថ្ងៃ ហើយ​ប៉ុន្មាន​ឆ្នាំ​ទេ បាន​រលោងយ៉ាងនោះ) រហូត​ដល់​មាន​ដាក់ខ្សែបន្ទាត់​ហាម​មិន​ឲ្យ​អ្នក​ទស្សនាចូល​ទៅ​ក្បែរ ។ តើមាន​អ្នកណា​មាន​គម្រោង​ចង់​បិទ​រូប​ចម្លាក់​ទាំងនោះទេ???

  17. និយាយ​ពី​រឿង​អង្អែល​សុដន​របស់​អប្សារាលើ​ជញ្ជាំងវិញ ខ្ញុំអត់ទាន់បាន​ស្ទាប​ទេ គិត​ថា ទៅលើក​ក្រោយ​នេះគិតរក​ស្ទាបឲ្យ​ណាណីម្ដង ព្រោះជារូបចម្លាក់ស្ទាបហើយ​បិទ​ភ្នែក​គឺ​ថា​ចង់ដូចពិតៗ​ដែរហ្នឹង បើ​មើល​រូប​លោក​រាហ៊ូ​មិន​ដឹងស្អីជា​ស្អី ព្រោះ​ជារូបថត ស្ទាប​ទៅ​រាប​ស្មើអត់​អារម្មណ៍​អីអាលីង ។ 🙂 🙂 🙂

  18. Vannak ពូកែនិយាយមែន។ និយាយតាមត្រង់ចុះ ថាប្រុសៗទៅ មើលរូបអប្សារា របស់លោករាហូនោះហើយ គេសរសើរថាស្អាត តែខ្ញុំជាស្រីសោះ ក៏យល់ថាស្អាតដែរ ហើយគិតថា រាហូនោះពិតជាស្រលាញ់ស្រីខ្មែរខុសពីភ្នែកជាងគំនូរធម្មតា ព្រោះគាត់គូរបានរាងស្អាតហួសពីស្រ្តីខ្មែរពិតទៅទៀត។ ប្រហែលជាគាត់ស្រលាញ់ស្រីខ្មែរខ្លាំងណាស់ហើយមើលទៅនុះ។

  19. សួរស្តីប្រិយមិត្តជួបគ្នាម្តងទៀតហើយនៅក្នុងប្រកាសរបស់ប្រិយមិត្ត​ ទឹម បឿន ។ ប្រកាសនេះពិតជាពេញនិយមមែនព្រោះមានប្រិយមិត្តសរសេរយោបល់ជា​ហូរហែរ ក្នុងចំណោមនោះក៏មានរូបខ្ញុំបាទផងដែរ។ វាចាររបស់ប្រិយមិត្តក្នុងប្រកាសនេះពិតជាមានច្រើនមែន ប្រិយមិត្តមានទស្សនៈផ្សេងៗគ្នាប៉ុន្តែទាំងអស់គ្នាគឺមានទស្សនៈតែមួយ គឺស្រឡាញ់វប្បធម៌ និងអរិយធម៌របស់ខ្មែរ។ ក្នុងនាមជាខ្មែរមួយរូបដែរ ខ្ញុំពិតជារីករាយ និងមានមោទភាពចំពោះប្រជាពលរដ្ឋខ្មែរដែលមានទស្សនៈ ថែរក្សាភាពថ្លៃថ្នូររបស់ប្រទេសជាតិយើង។ ប៉ុន្តែខ្ញុំមានយោបល់ខ្ឡះចំពោះ​ទស្សនៈមួយចំនួនដែរ គួរតែកុំសរសេរអ្វីដែលមានន័យបន្ទាបតម្លៃអ្នកដទៃ ទស្សនៈរបស់បុគ្គលម្នាក់ៗគឺចាត់ថាជាទស្សនៈដែលទទួលយកបានសម្រាប់ខ្លួនឯង ប៉ុន្តែមិនមែនថាទស្សនៈដែលត្រឹមត្រូវទេ មានន័យថាបើសិនមានទស្សនៈ​របស់បុគ្គលផ្សេងដូចទស្សនៈរបស់ខ្លួន គឺខ្លួនយើងពេញចិត្ត តែបើទស្សនៈផ្សេង​ពីនោះគឺខ្លួនយើងមិនពេញចិត្ត ។ ខ្ញំបាទមិនជំទាស់នឹងទស្សនៈរបស់ប្រិយមិត្ត​មួយរូបណាទេ ក៏ប៉ុន្តែគ្រាន់មានយោបល់បន្តិចបន្តួចនេះ ៕

  20. យល់ស្រប តែមានរូបខ្លះធីងក្តិត (និយាយអោយចំគឺអោយតែម្តង) រឺមួយក៏អស់លោកចូលចិត្តបែបនេះ តែអប្សរាខ្មែរគ្មានកាយវិការបែបនោះទេ ។
    គាត់គូសស្អាតមែនសូមសរសើរ បើនិយាយពីរូបMonsterវិញ គឺអស្ចារ្យជាងរូបMonsterនៅក្នុងហ្គេមwarcraff ទៀត​ ។

  21. អរគុណណាស់មិត្តរួមជាតិដែលបានចូលរួមពិភាក្សា ក្នុងរឿងដែលអត់បានការ ខ្ញុំជឿជាក់ថាប្រទេសយើងមានបញ្ហាច្រើន បើខ្ញុំជាអ្នកនាំប្រទេសជាតិវិញនោះ ខ្ញុំមិនខ្វល់ទេ ចេះអ្នកណាដើរស្រាត ពេសពេញតែក្រុង ប្រទេស បើស្រីឫប្រុស
    មានរូបសង្ហាឫក៏ស្អាតដូចស្នាដៃរបស់លោក កូកេ លរ៍ (Reahu) នោះ មានរបស់ល្អហើយចែកគ្នាមើលទៅ កុំក្រណាញ់ពេក​(​ និយាយលេងទេ កុំអាលបញ្ចោ )

    ខ្ញុំចង់និយាយថា ប្រទេសយើងពោពេញដោយ បញ្ហា ដូចជា ការជួញដូរមនុស្ស បត់ល្មើសប្រើអំពើហឹង្សាលើស្រ្តី រឹបអូសដីពីអ្នកស្លូតត្រង់ បំបិទសិទ្ធីរបស់មនុស្ស ហេតុអីក៏មិនអើពើ មកអើពើនឹងរឿងឥតបានការវិញ ?

    និយាយតាមត្រង់ចុះ ក្នុងនាមជាវិចិត្រករខ្មែរម្នាក់ ដែលរស់នៅក្រោមការគៀបសង្កត់ពីរថពិបាល
    មិនខុសគ្នាពីរស់នៅក្នុងសង្គម គុម្មុនីស្ត (Communist)ទេ តែកុំបារម្ភអីចាំបានមកលេង ស្រុកខ្ញុំ ខ្ញុំនឹងប៉ាវទៅញាំ គុយទាវ អោយបែកពុះម្តង ! ហាហាហាហា

  22. សួរស្តីប្រិយមិត្តទាំងអស់! ជួបគ្នាម្តងទៀតហើយ!
    ខ្ញុំសូមយល់ស្របយោបល់របស់ប្រិយមិត្ត ហនុមាន ដែលថាអ្វីដែលពួកយើងគួរ​តែបារម្ភខ្លាំងបំផុតគឺការប្រឆាំងនឹងការជួញដូរស្តី អំពើហឹង្សាលើស្រ្តី ពីព្រោះថា វាជាបញ្ហាពិតៗដែលត្រូវប្រឈមមុខ។ ហើយរូបគំនូរអប្សារាដែលវិចិត្រករបាន​គូរវាជាគំនិតឆ្នៃប្រឌិតរបស់អ្នកសិល្បៈ ហើយវាមិនជាបញ្ហាដែលធ្វើអោយ​អរិយធម៌ដ៏រុងរឿងមួយត្រូវអាប់អោននោះទេ ប៉ុន្តែស្នាដៃដែលវិចិត្របានគូរ គឺជាស្នាដៃដ៏វិសេសអស្ចារ្យដែលពុំមានមនុស្សច្រើនទេដែលអាចមានស្នាដៃដូច​គាត់។ និយាយសមញ្ញទៅ បើវិចត្រករខ្មែរគូសរូបអត់ស្អាតទើបជាបញ្ហាដែលគួរ​ព្រួយបារម្ភ តែបើគេគូសស្អាតហើយនោះគឺជាស្នាដៃសិល្បៈដែលបង្កប់ដោយ​អាថកំបាំង។ សព្វថ្ងៃរូបគំនូរជាច្រើនដែលដាក់លក់អោយភ្ញៀវជាតិ និងអន្តរជាតិ មានសម្រស់ស្រស់ស្អាត មិនថារូបទេសភាព រឺរូបមនុស្សស្រីស្លៀកពាក់ងូតទឹកក្នុងស្ទឹងបញ្ចេញគល់ភ្លៅ និងដើមទ្រូង នោះមិនមែនជាការជាន់ឈ្លីសិល្បៈទេ ហើយក៏មិនមែនជារូបភាពស្រើបស្រាល​ដែរ សិល្បៈគឺមានភាពទៀងត្រង់ គំនូរដែលគូរគឺលើកតំកើននូវសម្រស់ធម្មជាតិ​ដូចជារូបគំនូរនារីខ្មែរគឺបានបង្ហាញនូវសោភ័ណ្ឌភាពរបស់នារី ដែលពោរពេញទៅដោយសម្រល់ជាទីគយគន់ សម្រស់នេះគឺជាសម្រស់ដែល​មិនមានការកែកន់ រឺម៉ាគីយេ ដូចរូបថតតារាស្រីមួយចំនួនថតនៅក្នុងស្ទូឌីយូ។​ រូបគំនួរនារីខ្មែរងូតទឹកតាមដងស្ទឹងមិនមែនទើបតែវិចិត្រករគូសនាពេលបច្ចុប្បន្នទេ ប៉ុន្តែមានគូសតាំងពីមនុស្សចេះគូសរូបមកម្លេះ ហើយមានយកទៅក្រៅប្រទេសផង ដោយសាររូបគំនូទាំងនោះទើបធ្វើអោយ ពិភពលោកចង់ឃើញ ចង់យល់សម្រស់នារីខ្មែរ។ ខ្ញុំសូមផ្តល់យោបល់ថា ពេលប្រិយមិត្តគយគន់រូបគំនូររបស់ Reahu​ សូមសាកល្បងមើលដោយ​អារម្មណ៍​​សិល្បៈ សូមកុំមើលដោយកាមារម្មណ៍។ នេះជាទស្សនៈផ្ទាល់ដែល​ខ្ញុំធ្លាប់ស្វែងយល់សិល្បៈ ខ្ញុំសូមទោសទុកជាមុនចំពោះការខុសឆ្គងដែលមាន ដោយសារការនិយាយប៉ាច់ប៉ោយរបស់ខ្ញុំ។ សូមអរគុណ!

  23. ពិត​ជា​សម​បំណង​វិចិត្រ​ករ​ដែល​គូរ​រូប​ហ្នឹង​ហើយ សម​បំណង​ដែល​គ្រប់ៗ​គ្នា​មាន​ចំណែក​រួម​ដោយ​មិន​ដឹង​ខ្លួន សម​បំណង​ដែល​បាន​ធ្វើ​ឲ្យ​ស្នាដៃ​របស់​គាត់​ហ្នឹង​ល្បី​ដោយ​មិន​បាច់​ប្រឹង!

  24. មីស្ទ័រ​ឡូតូ

    ហែចេះសួរអីច្ចឹងទៅកើត បើតាបយោបល់របស់ខ្ញុំនោះ រិតតែប្រសើរទៅទៀត ព្រោះថា មនុស្្សស្រី
    គ្មានសុដនហើយក្បាលត្រង៉ោលទៀតនោះរិតតែធ្វើឲ្យខ្មែរយើងល្បីទៀតមែនទេ បងប្អូន ? ហាហាហា

    អូភ្លេច ប្រាប់ប្អូន​ រដ្ឋា ថាមានយោបល់ល្អម្យ៉ាងដែរ គ្មានអ្នកណាគេថាអីថាវ៉ាន់ទេ ព្រោះយើងសុទ្ទតែជាខ្មែរ អ្នកប្លក ដូចគ្នាតើ ឥតមានអ្នកណាជាចាំមើលតែកំហុសនោះទេ មែនទេ អ្នករាល់គ្នា​?

  25. សួស្តី ខេមរជនទាំងឡាយ!!!!

    ស្ទើរតែគ្រប់សម័យកាល ដ៏យូរលង់ណាស់មកហើយ ខ្មែរមិនដែល
    ជួបប្រទះនឹងបញ្ហាដល់ថ្នាក់ទៅគំនូរបង្អាប់រូបអប្សារា របៀបនេះ
    ឡើយ ។ ក្នុងនាមអ្នកស្រឡាញ់ខ្មែរមួយរូប សូមចូលរួមនូវភាព
    សោកស្ដាយជាពន់ពេក និង ព្រួយក្រែង វប្បធម៌ជាតិខ្មែរយើងត្រូវ
    រលាយបាត់សូន្យក្នុងអនាគកាលណាមួយក្នុងគោលបំណងរបស់
    ជនមួយក្ដាប់តូច ដែលបានប៉ងគិតជាយូររួចមកស្រេច ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s