រឿង​ស្ត្រី​ស្មោះ​ត្រង់​នឹង​ស្វាមី


មាន ​និទាន​មួយ​ដំណាល​ថា នៅ​ក្នុង​នគរ​មួយ​នោះ មាន​សេដ្ឋី​ពីរ​នាក់ សេដ្ឋី​ម្នាក់​មាន​កូន​ស្រី សេដ្ឋី​ម្នាក់​ទៀត​មាន​កូន​ប្រុស ទើប​សេដ្ឋី​ទាំង​ពីរ គិត​ផ្សំ​ផ្គុំ​កូន​ប្រុស-ស្រី ​របស់​ខ្លួន​បាន​ជា​ស្វាមី​ភរិយា ។ គាប់​ជួន​ជា​នគរ​នោះ​​កើត​ចលាចល បះបោរ​ឡើង ហើយ​សេដ្ឋី​ទាំង​ពីរ​នាក់ ក៏​បាក់​បែក​ខ្ចាត់​ខ្ចាយ​ចេញ​ទៅ​នៅ​ទីទៃ​ៗ​ពីគ្នា តមក​សេដ្ឋី​មាន​កូន​ស្រី​នោះ ក៏​ផ្សំ​ផ្គុំ​កូន​ស្រី​ឲ្យ​មាន​ប្ដី​នឹង​បុរស​ដទៃ​ទៅ កូន​ស្រី​ក៏​ព្រម​ទទួល​យក​ប្ដី​ពុំ​ប្រកែក លុះ​នាង​បាន​ទៅ​នៅ​នឹង​ប្ដី​ហើយ ទើប​នាង​ស្រដី​នឹង​ប្ដី​ថា ដ្បិត​ឪពុក​ខ្ញុំ​បាន​ផ្សំ​ផ្គុំ​ខ្ញុំ​ឲ្យ​មាន​ប្ដី​អំពី​មុន​រួច​ហើយ តែ ​ពុំ​ទាន់​បាន​​មូល​លំនៅស្ថាន ស្រាប់​តែ​អ្នក​បាន​ខ្ញុំ​មក​ជា​ភរិយា ហើយ​ខ្ញុំ​ពុំ​ទាន់​បាន​ដោះ​ប្ដេជ្ញា​នឹង​ប្ដី​មុន​នោះ​នៅ​ឡើយ ឥឡូវ​នេះ​ខ្ញុំ​សូម​លា​អ្នក​ទៅ​ដោះ​ប្ដេជ្ញា​នឹង​ប្ដី​ដើម​​នោះ​សិន បើ​អម្ចាស់​បើក​ទើប​ខ្ញុំ​ហ៊ាន​ទៅ បើ​អម្ចាស់​ពុំ​បើក​ឲ្យ​ទៅ​ទេ ខ្ញុំ​ពុំ​ហ៊ាន​ទៅ​ឡើយ ។

ឯ​ ប្ដី​នោះ​ឆ្លើយ​ថា អញ​គិត​ថា​នាង​ជ្រះ​ស្រឡះ​ទំនេរ​​ឥត​ប្ដី​ទេ បើ​នាង​មាន​ស្វាមី​អំពី​មុន​រួច​មក​ហើយ​ដូច្នោះ ចូរ​នាង​​ទៅ​ដោះ​​ប្ដេជ្ញា​​នឹង​ប្ដី​ដើម​ឲ្យ​ជ្រះ​ស្រឡះ​សិន​ចុះ អញ​ពុំ​ឃាត់​នាង​ឡើយ ។ លុះ​នាង​បាន​អនុញ្ញាត​ពី​ប្ដី​ដូច្នោះ​ហើយ ក៏​តាក់​តែង​ស្អិត​ស្អាង​រាង​កាយ ប្រដាប់​គ្រឿង​សម្រាប់​អាត្មា​រួច​ស្រេច​ហើយ ​ក៏​លីលា​ចេញ​ទៅ សំដៅ​ស្មោះ​ចំពោះ​រក​កូន​សេដ្ឋី​ជា​ប្ដី​ដើម​នោះ ស្រាប់​តែ​ទៅ​ពើប​ពះ​ប្រទះ​នឹង​ខ្លា​ធំ​អត់​អាហារ​មក ៧ ថ្ងៃ​ហើយ ទើប​ខ្លា​លោត​ទៅ​ប្រុង​ចាប់​នាង​ឆី​ចម្អែត​អាត្មា ។ នាង​ក៏​រ៉ាយ​រឿង​នាង​ឲ្យ​ខ្លា​ស្ដាប់​សព្វ​គ្រប់ ខ្លា​ក៏​លែង​បើក​ឲ្យ​នាង​ត្រេច​ទៅ​ដោយ​ស្រួល ។

ឯ ​នាង​ខំ​ស្រូត​ដើរ ត​អំពី​នោះ​បន្តិច​មក​កូវ ស្រាប់​តែ​ជួប​ប្រទះ​នឹង​ចោរ ៧ នាក់ ចោរ​យល់​នាង​នោះ​មាន​គ្រឿង​ប្រដាប់​សម្រាប់​អាត្មា​សឹង​ដ៏​ជា​របស់​មាន​ តម្លៃ ទើប​ចោរ​គិត​គ្នា​និង​ទៅ​ចាប់​នាង​យក​​អីវ៉ាន់​អស់​នោះ ។ នាង​ក៏​និយាយ​សារ​ស័ព្ទ​ប្រា​ប់​ចោរ​តាម​ដំណើរ​សព្វ​គ្រប់ ពួក​ចោរ​បាន​​ស្ដាប់​ដូច្នោះ ក៏​មិន​យក​ទ្រព្យ​ទាំង​នោះ​ឡើយ ហើយ​បើក​ឲ្យ​នាង​ទៅ​ដោយ​ស្រួល ។ នាង​បាន​រួច​របូត​ពី​កណ្ដាប់​ដៃ​ចោរ​ដូច្នោះ​ហើយ ក៏​ខំ​ដើរ​ត្រេច​រង្កាត់​ទៅ​រហូត​ដល់​លំនៅ​ប្ដី​ដើម​នោះ ក៏​សួរ​ថា នាង​មក​អំពី​ទី​តំបន់​ណា ? នាង ​អង្គុយ​នាស្ថាន​ដ៏​សម​គួរ​ហើយ ជម្រាប​ថា អាពុក​ខ្ញុំ​ជា​សេដ្ឋី​បាន​ផ្សំ​ផ្គុំ​ខ្ញុំ​ឲ្យ​ជា​ភរិយា​អ្នក​អំពី​មុន​ រួច​មក​ហើយ ឥឡូវ​នេះ អាពុក​ខ្ញុំ​លើក​ខ្ញុំ​ឲ្យ​មាន​ប្ដី​នឹង​បុរស​ដទៃ​ទៀត ឯ​ខ្ញុំ​ពុំ​បាន​ក្រាប​លា ប្ដេជ្ញា​នឹង​អ្នក​ជា​ប្ដី​ដើម ឲ្យ​បាន​ជ្រះ​ស្រឡះ ដូច្នេះ​បើ​អម្ចាស់​បើក​ឲ្យ​ខ្ញុំ​ទៅ​ខ្ញុំ​ក៏​ទៅ បើ​អម្ចាស់​ពុំ​ព្រម​បើក​ឲ្យ​ទៅ​ទេ ខ្ញុំ​ពុំ​ហ៊ាន​ទៅ​ឡើយ ។
ឯ​ចៅ​ នោះ​ឆ្លើយ​ឡើង​ថា នាង​មាន​ចិត្ត​ស្មោះ​ចំពោះ​មក​ដល់​អញ ៗ អរ​ណាស់ តែ​ឥឡូវ​នេះ​អាពុក​នាង​លើក​នាង​ឲ្យ​មាន​ប្ដី​ហើយ អញ​នឹង​ទៅ​តវ៉ា​ប្រាថ្នា​នាង​ជា​ប្រពន្ធ​ពុំ​បាន​ឡើយ ចូរ​នាង​ទៅ​កាន់​ប្ដី​នាង​ហោង ។ ទើប​នាង​ក្រាប​លា​ចៅ​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

គាប់ ​ចួន​ជា​នាង​ដើរ​មក តាម​ផ្លូវ​ស្រាប់​តែ​ពើប​ពះ​ប្រទះ​នឹង​ចៅ​ម្នាក់​កំពុង​ដើរ​ទេស​រក​ប្រពន្ធ បាន​យល់​នាង​មាន​រូប​ឆោម​ស្អាង​ស្អាត​មាន​ទាំង​គ្រឿង​ប្រដាប់​ដ៏​ល្អ​នៅ​នឹង ​ខ្លួន ទើប​ចៅ​នោះ​និយាយ​ចែចង់​ប្រាថ្នា​នឹង​យក​នាង​ជា​ប្រពន្ធ ។ ឯ​នាង​ក៏​ថ្លែង​សេចក្ដី​ប្រាប់​ដោយ​ដំណើរ​រឿង​តាំង​ពី​ដើម​រៀង​មក ចៅ​នោះ​ក៏​ពុំ​ជជែក​តវ៉ា​ប្រាថ្នា​នាង​នោះ​ឡើយ លុះ​នាង​បាន​ទៅ​ដល់​លំនៅ​ប្ដី​ហើយ ក៏​នៅ​រួម​គ្នា​ជា​សុខ​ក្សេម​ក្សាន្ត​រៀង​ទៅ ។

សំណួរ៖

ក្នុង ​ចំណោម​តួអង្គ​ប្ដី​របស់​នាង, ខ្លា, ចោរ​ទាំង ៧ នាក់ និង​បុរស​ដើរ​ទេស​រក​ប្រពន្ធ, អ្នក​សរសើ​ចិត្ត​តួ​អង្គ​ណា​ជាងគេ ឬ​សរសើ​ចិត្ត​តួអង្គ​ណា​ខ្លះ?

9 thoughts on “រឿង​ស្ត្រី​ស្មោះ​ត្រង់​នឹង​ស្វាមី

  1. Koy ថ្ងៃសៅរ៍ ទី 29 ខែវិច្ឆិកា 2008 / 6:51 ព្រឹក

    សរសើរក្រុមចោរដែលមិនបានរំលោបនាងនិងយកទ្រព្យសម្បត្តិរបស់នាង។

  2. naraths ថ្ងៃសៅរ៍ ទី 29 ខែវិច្ឆិកា 2008 / 8:55 ព្រឹក

    មាន​រឿង​និទាន​មួយ​ទៀត​ស្រដៀង​នេះ​ដែរ ខ្ញុំ​មិន​ចាំ​ទេ ព្រោះ​ស្ដាប់​តាម​វិទ្យុ​ប្រហែល​ខ្ទង់បួន​ប្រាំ​ខែ​មុន​ឯណោះ ។ តែ​សាច់​រឿង​ខុស​គ្នាខ្លះ ហើយ​លំនាំ​សំណួរ​ក៏​ស្រដៀង​ហ្នឹង​ដែរ… កាល​ហ្នឹង​ស្ដាប់​មិន​បាន​ដឹង​ចម្លើយ​ផង​ទេ ក៏​ភ្លេច​សាច់​រឿង​ទៅ ។

    គំនិត​ខ្ញុំ សរសើរ​តួ​ស្រី​ជាង​គេ​ហើយ (តែ​សំណួរ​គេ​អត់​សួរ​ផង!!) ព្រោះ​នាង​ពិត​ជា​​ស្ត្រី​មាន​លក្ខណា​ណាស់ ទោះ​បែក​អំពី​ប្ដី​ពុំ​ទាន់​រៀប​ការ​ក្ដី កោត​នឹក​ឃើញ​​ទៅ​សុំ​លា​ពាក្យ​បញ្ចាំ​ចេញ​ឲ្យ​ស្រឡះ​ដ្បិត​ខ្ួន​មាន​ប្ដី​ដទៃ​រួច​ហើយ ។ តែ​ដំណើរ​រឿង​ធ្វើ​ឲ្យ​នាង​ជួប​ហេតុ​ប្រថុយ​ច្រើន​ពេក​ណាស់ ណា​ខ្លួន​ជា​ស្រី​ផង​ដើរ​តែ​ឯង បើ​មាន​រឿង​អី​ទៅ​នរណា​ទទួល​ខុស​ត្រូវ កិកិ។ នាង​ជា​ស្រី​មាន​ចិត្ត​ស្មោះ​ចំពោះ​ប្ដី​ដែរ ការ​ណ៍​ដែល​ហ៊ាន​និយាយ​រឿង​ពិត​ឥត​ចង់​លាក់​លាម​សោះ ។

    អ្នក​គួរ​សរសើរ​ទៀត គឺ​ប្ដី​នាង ​​ដែល​អាពុក​រៀប​ចំ​តាម​ប្រវេណី​បន្ទាប់​ពី​បែក​ទីទៃ​ពី​គ្រួសារ​សេដ្ឋី​​ក្លើ​ម្រាក់នោះ ។ ប្ដី​ឯណា​ក៏​ចិត្ត​បាន​ម៉្លេះ បណ្ដោយ​ប្រពន្ធ​ឲ្យ​ទៅ​ជួប​ប្រុស​ដទៃ​កំបាំង​ភ្នែក​ខ្លួន​នោះ គួរ​ណាស់​តែ​ឃាត់​ដំណើរ ។ ប៉ុន្តែ​ដោយ​យល់​ថា ថ្ងៃ​ក្រោយ​បើ​មាន​រឿង​ក្ដី​ក្ដាំ​ទៅ​អាច​មក៍​អំពី​ខ្លួន​ពុំ​ព្រម​អនុញាតអ៊ីចេះអ៊ីចុះ ក៏​ឲ្យ​ភរិយា​សម្លាញ់​ចេញ​ចរ​ទៅ…

    មក​ដល់​កន្លែង​ជួប​ខ្លា និង​ចោរ​ព្រៃ​… ខ្លា និង​ចោរ​ព្រៃ​ពុំ​ដល់​ថ្នាក់​គួរ​ឲ្យ​សរសើរ​សោះឡើយ នាម​ជា​ខ្លា​គួរ​ណាស់​តែ​ហែក​សាច់​ស្ត្រី​នោះ​ស៊ី​ទៅ ព្រោះ​ដាច់​អាហារ​យូរ​ថ្ងៃ​ណាស់ ចំណី​ដល់​មាត់​ហើយ​បែរ​ព្រងើយ ហើយ​ថែម​ស្ដាប់​ពាក្យ​បរិយាយ​របស់​ស្ត្រី​នោះ​ទៀត!! ចុះ​បើ​ស្រី​នោះ​កុហក​ព្រម​ជឿ​ដែរ​ទេ? រីឯ​ចោរ​ទាំង​នោះ​វិញ ថ្វី​ដ្បិត​មាន​ចិត្ត​អាណិត​សន្ដោស​ស្រី​នោះ​ តែ​ក៏​ពុំ​គួរ​សរសើរ​ដែរ ធ្វើ​ច្នោះ​វា​នាំ​ខូច​ឈ្មោះ​ចោរ​គេ​ដទៃ 😀 ធ្វើ​ខ្លួន​មិន​សម​ជា​ចោរ​សោះ (ត្រង់​នេះ​មិន​បាច់​រៀប​រាប់​ទេ) ។

    ឯ​តាប៉ិ​ដើរ​រក​ប្រពន្ធ​នោះ មិន​មាន​អី​និយាយ​ទេ​ធម្មតា​មនុស្ស​ចេះ​យល់​ខុស​យល់​ត្រូវ…

    ចឹង​ទេ យោបល់​ខ្ញុំ​គឺ​សរសើរ​បុរស​ជា​ប្ដី​នោះ​ហើយ គាត់​ចេះ​សម្រេច​ចិត្ត​ត្រូវ ពេល​ប្រពន្ធ​វិលវិញ​បាន​រស់​នៅ​សុខុដុម​នឹង​គ្នា ។ ចង់​សរសើរ​អាពុក​នាង​ដែរ តែ​គេ​អត់​សួរ ព្រោះ​គាត់​ចេះ​រើស​កូន​ប្រសារ​​បាន​គាប់​ចិត្ត​កូន​ស្រី​គាត់ 😀 សង្ស័យ​ថា​រឿង​នេះ​គ្មាន​ចម្លើយ​ទេ 😕 ចាំ​មើល៍​គេ​ផ្សេង​យល់​ម្ដេច​ខ្លះ​ទៅ!!

  3. Posoky ថ្ងៃសៅរ៍ ទី 29 ខែវិច្ឆិកា 2008 / 9:48 ព្រឹក

    ល្បងកុយ(koy)អីក័ងាករំលោប លឿនម្លេះ ចុះបើនាងមានរោគ ស្អីៗជាពិសេស HIVនឹងមិនសយហើយទេអី។ មែនមនុស្សស្រីស្មោះអត់រោគណា ហេងស៊យរបេងរឺក័ ឃ្លង់ទៅ។

  4. Chanroeun ថ្ងៃសៅរ៍ ទី 29 ខែវិច្ឆិកា 2008 / 9:38 ល្ងាច

    នេះជារឿងព្រេងនិទានមួយដែលចាស់បុរាណយើងដំនាលរឿងនេះឡើងក្នុងគោល​ ដៅអប់រំកូនខ្មែរ។ នៅ​ទី​បំផុត​នៃ​និទាន​រឿង​នេះ មាន​សេចក្ដី​ពោល​ទុក​ថា បើ​អ្នក​ឯ​ណា​សរសើរ​ចិត្ត​ប្ដី​នាង​នោះ ហេតុ​តែ​អ្នក​នោះ​ជា​មនុស្ស​ច្រើន​ប្រចណ្ឌ បើ​អ្នក​ឯ​ណា​សរសើរ​ចិត្ត​ខ្លា ហេតុ​តែ​អ្នក​នោះ​ជា​មនុស្ស​គាប់​ចិត្ត​បៀត​បៀន​បំបាត់​ជីវិត​គេ ។ បើ​អ្នក​ឯ​ណា​សរសើរ​ចិត្ត​ចោរ​ទាំង ៧ នោះ​ហេតុ​តែ​អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​រំលោភ​ចង់​បាន​តែ​ទ្រព្យ​គេ ។ បើ​អ្នក​ឯ​ណា​សរសើរ​បុរស​ដើរ​ទេស​រក​ប្រពន្ធ​នោះ ហេតុ​តែ​អ្នក​នោះ​ជា​មនុស្ស​ចូល​ចិត្ត ប្រព្រឹត្ត​បរទាកម្ម​នឹង​ភរិយា​គេ ។ ប្រសិនបើអ្នកណាវៀរ​ចាកក្ដី​ទាំង ៤ ជំពូក​នេះ​បាន​អ្នក​នោះ​នឹង​បាន​ឆ្លង​រំលង​ទៅ​ដល់ស្ថាន​សួគ៌​នាយ​ហោង ។

  5. Rath ថ្ងៃចន្ទ ទី 1 ខែធ្នូ 2008 / 12:57 ព្រឹក

    ម៉េចក៏ចាស់បូរាណ ចេះៗម៉េសបង?

  6. ទឹម បឿន ថ្ងៃចន្ទ ទី 1 ខែធ្នូ 2008 / 8:53 ព្រឹក

    លោកគ្រូ​រឿន​ប្រាប់​ចឹង ខ្ញុំ​ខាន​បាន​ផា​ហើយ ហេហេហេ😛

  7. វង្ស ថ្ងៃចន្ទ ទី 1 ខែធ្នូ 2008 / 2:41 ល្ងាច

    ខ្ញុំគិតថាអ្នកដែលគួរអោយសរសើរគឺតួអង្គទាំងអស់ដែលបានរៀបរាប់។

  8. Koy ថ្ងៃពុធ ទី 3 ខែធ្នូ 2008 / 6:52 ព្រឹក

    តួអង្គដែលជាប់ចំណាត់ថ្នាក់លេខ១នៅតែបានទៅក្រុមចោរ​ ព្រោះពួកវាមិនបាន
    ប្រែក្លាយផ្លូវកណ្តុរអោយទៅជាផ្លូវដំរី។

  9. Vicheatra ថ្ងៃអង្គារ ទី 4 ខែសីហា 2009 / 7:33 ល្ងាច

    I don’t think people could talk to tiger and thieves would let you go without take anything from you. Even if they pity you.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s