ចំណុច​គួរ​យកចិត្តទុកដាក់​លើ​វិគីភីឌាខ្មែរ


ទាក់ទង​ទៅ​នឹង​អត្ថបទ​មុន​ដែល​អ្នក​អភិបាល​វិគីភីឌា​ឈ្មោះ​កៀនស្វាយ និង​គឹមស្រុន​លុប​អត្ថបទ​មួយ​ចំនួន​នោះ ខ្ញុំ​ក៏​សូម​អរគុណ​នឹង​អ្នក​ទាំង​ពីរ​ដែល​បាន​មក​បកស្រាយ។

ដំណើររឿង​ដែល​ខ្ញុំ​ចង់​រំឭក

ដំបូង​ឡើយ​ពេល​ដែល​ខ្ញុំ​ចូល​ទៅ​វិគីភីឌា​និង​បាន​ដាក់​អត្ថបទ​របស់​ខ្ញុំ ខ្ញុំ​បាន​ជួប​លោក Jose77 គាត់​បាន​តែងតាំង​ខ្ញុំ​ជា Sysop បានន័យ​ថា​ជា​អ្នក​ដែល​មាន​សិទ្ធិ​កែប្រែ​មួយ​នៅ​វិគីភីឌា​ដែរ។ តែ​ខ្ញុំ​ក៏​មិន​បាន​ដាក់​អត្ថបទ​ច្រើន​ដែរ ដោយ​គ្រាន់​តែ​ស្រាវជ្រាវ​ឲ្យ​ដឹង​ពី​របៀប​សរសេរ និង​កែ​ទម្រង់​ផ្សេងៗ​របស់​អត្ថបទ​នៅ​វិគីភីឌា​នោះ។ លុះ​​ក្រោយ​មក សុភ័ក្ត្រ​ចូលរួម​​ដែរ។ អត្ថបទ​មួយ​ចំនួន​បាន​ដាក់ និង​អត្ថបទ​មួយ​ចំនួន​កំពុង​បកប្រែ។ ថ្ងៃ​មួយ​អត្ថបទ​អំពី​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ត្រូវ​បាន​លុប។ ពេល​នោះ​សុភ័ក្ត្រ​ប្រាប់​ខ្ញុំ​ដែរ ហើយ​ខ្ញុំ​ក៏​សង្គ្រោះ​អត្ថបទ​នោះ​មក​វិញ។ ក្រោយ​មក​ដោយសារ​រវល់​ផង ខ្ញុំ​មិន​បាន​សួរនាំ​ពី​រឿង​នេះ​ទេ រហូត​មក​ដល់​ម៉ុន្មាន​ថ្ងៃ​មុន​នេះ ពេល​ដែល​ខ្ញុំ​ត្រូវការ​មើល​អត្ថបទ​ដែល​សុភ័ក្ត្រ​បកប្រែ​នោះ ខ្ញុំ​ក៏​បាន​ឃើញ​អ្នក​ប្រើ​ឈ្មោះ កៀនស្វាយ លុប​នោះ។ គំនិត​របស់​ខ្ញុំ​យល់​ថា វិគីភីឌា អានាធិប្បតេយ្យ​ណាស់ នរណា​ចង់​លុប​ក៏​បាន។ អ្នកណា​ចង់​ដាក់​ក៏​បាន។ ដូច្នេះ​គួរ​តែ​លើក​យក​មក​និយាយ​ដើម្បី​ឲ្យ​បាន​ដឹង និង​យល់​ទាំង​អស់​គ្នា ដោយ​មិន​សង្ឃឹម​ថា​អាច​មាន​ដំណោះស្រាយ​ណា​មួយ​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នក​លុប កៀនស្វាយ និង គឹមស្រ៊ុន បាន​មក​បកស្រាយ​ពី​មូលហេតុ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា អ្នក​ដែល​ចូលរួម​ជា​អភិបាល និង​បកប្រែ​គឺ​អ្នក​ទាំង​នោះ។ នេះ​ជា​រឿង​ល្អ ដែល​យើង​បាន​ស្គាល់ និង​ស្ដាប់​យោបល់​អ្នក​ទាំង​នោះ។

អ្វី​ដែល​អ្នកប្រើ និង​អ្នក​អភិបាល​វិគីភីឌា​គួរ​​ចាប់​អារម្មណ៍?

១. ការបកប្រែ និង​ដាក់​អត្ថបទ

សូម​ប្រយ័ត្ន​ចំពោះ​អក្ខរាវិរុទ្ធ និង​ពាក្យ​ដែល​ត្រូវ​ប្រើ ដោយ​ផ្ទៀងផ្ទាត់​នឹង​វចនានុក្រម​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ព្រោះ​ឃើញ​មាន​ការធ្វេសប្រហែស​នឹង​អក្ខរាវិរុទ្ធ និង​ការប្រើ​ពាក្យ​ច្រើន​ដែរ។

សរសេរ​ឲ្យ​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ស្តងដារ​យូនីកូដ​ខ្មែរ។ របៀប​សរសេរ ត្រូវ​កាត់​​មួយ​ពាក្យៗ​ដោយ​ប្រើ Space bar និង​ដកឃ្លា​ប្រយោគ​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​ប្រើ Shift + Space bar ដើម្បី​ឲ្យ​អក្សរ​បង្ហាញ​ស្អាត និង​ងាយស្រួល​ក្នុង​ការរក​អត្ថបទ​នោះ​។ បច្ចប្បន្ន អត្ថបទ​ដែល​ដាក់​រួច​ជា​ច្រើន​​មិន​ប្រើ​វិធី​នេះ សំខាន់​បំផុត​ចំណងជើង។ ចំណែក​ការវាយ​អក្សរ ត្រូវ​វាយ​តាម​លំដាប់​នៃ​ការប្រកប​របស់​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ ដូច​ជា​ពាក្យ បញ្ជ្រៀត សរសេរ និង​ប្រកប ប និង​ញ ជើង​ជ ជើង​រ ដាក់​ស្រៈ​អៀ និង​ត កុំ​សរសេរ​ជើង​រ មុន​ជើង​ជ ជា​ដើម។

២. ការ​កែប្រែ ឬ​លុប

ត្រូវ​រៀបចំ​គោលការណ៍​ឲ្យ​បាន​ច្បាស់លាស់ និង​ជូន​ដំណឹង​ដល់​សមាជិក​ឲ្យ​បាន​ដឹង។

សូម​កុំ​ផ្អែក​លើ​តែ​ការបោះឆ្នោត​តែ​មួយ​មុខ ចំពោះ​ការលុប​អត្ថបទ​នោះ។ ត្រូវ​មើល​លើ​​ប្រយោជន៍​របស់​វា អត្ថន័យ ឬ​ខ្លឹមសារ ដើម្បី​វាយ​តម្លៃ​ថា​គួរ​លុប ឬ​មិន​លុប។ ករណី​ត្រូវ​លុប ត្រូវ​ជូន​ដំណឹង និង​ផ្ដល់​សិទ្ធិ​ឲ្យ​ម្ចាស់​អត្ថបទពិភាក្សា​ជាមួយ​យើង ថា​តើ​គាត់​គួរ​កែប្រែ ឬ​យើង​ត្រូវ​ទទួល​យក​របស់​គាត់។

ថ្វី​បើ​អ្នក​អភិបាល និង​សមាជិក​ទាំង​ឡាយ​មាន​កន្លែង​ពិភាក្សា​គ្រប់គ្នា​ក៏​ពិត​មែន តែ​សមាជិក​ខ្លះ ដូច​ជា​អ្នក​ចូល​ថ្មី មិន​ដឹង​ថា​អ្នក​ណា​ជា​អភិបាល ឬ​ទាក់ទង​អ្នក​ណា ពេល​ជួប​បញ្ហា ឬ​អត្ថបទ​ត្រូវ​គេ​លុប​បាត់។ ត្រង់​នេះ ពេល​ខ្លះ អ្នក​ដែល​ដាក់​អត្ថបទ​នោះ ដាក់​រួច​ហើយ មិន​បាន​ចូល​ទៅ​មើល​អត្ថបទ​របស់​ខ្លួន​ក្នុង​រយៈពេល​យូរ​។ ករណី​នេះ ក៏​គួរ​មាន​ដំណោះស្រាយ​ផង​ដែរ។

ត្រូវ​មាន​វិធី​ដោះស្រាយ​ប្រសិន​បើ​អ្នកប្រើ​អាណាមិក​ណា​មក​លុប​អត្ថបទ។ បើ​មាន​អ្នក​ខូចខិល​ណា​មក​ដើរ​លុប ១០, ២០​អត្ថបទ​លេង អភិបាល​ត្រូវ​ដោះស្រាយ​យ៉ាងណា? សង្គ្រោះ​មក​វិញ​ឬ​មាន​វិធី​ផ្សេង​សម្រាប់​ទប់ស្កាត់។

ខាងលើ​ជា​ករណី​មួយ​ចំនួន​ដែល​ខ្ញុំ​ជួប​ប្រទះ​នៅ​វិគីភីឌាខ្មែរ។ ឥឡូវ​យើង​ដឹង​ថា​អ្នកណា​ជា​អ្នក​អភិបាល​នៅ​វិគីភីឌា ដែល​អាច​ទាក់ទង​ពេល​មាន​បញ្ហា និង​ជា​អ្នក​ដែល​មើល​គ្រប់គ្រង​អត្ថបទ​ដែល​ដាក់​រួច។

គ្រប់គ្នា នរណា​ក៏​ចង់​ឲ្យ​ជាតិ ឲ្យ​អក្សរសាស្ត្រ​រីកចម្រើន ក៏​ដូច​ជា​ចង់​ឲ្យ​មាន​ឯកសារ​សម្បូរ​បែប​សម្រាប់​ស្រាវជ្រាវ។ ប្រសិនបើ​វិគីភីឌី ជា​ឃ្លាំង​ឯកសារ ហើយ​គេ​ទុកចិត្ត​ថា​គេ​ក៏​អាច​ទុក​ដាក់​ឯកសារ​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដ៏ទៃ​ដែរ​នោះ គ្រប់គ្នា​នឹង​ចំណាយពេល​របស់​គេ​ធ្វើ​ការងារ​មាន​ប្រយោជន៍​នេះ​មិន​ខាន។ ចំណែក​ខ្ញុំ​នៅ​តែ​បន្ត​ដាក់​អត្ថបទ​ផ្សេងៗ​ទៀត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

យ៉ាងណា​ក៏​សុំ​អរគុណ​ដល់​អភិបាល​ទាំង​៥​នាក់​ដែល​ចំណាយ​ពេល​លើ​ការងារ​នេះ និង​អរគុណ​ដល់​គឹមស្រ៊ុន ដែល​បាន​សង្គ្រោះ​អត្ថបទ​ដែល​សុភ័ក្ត្រ​ដាក់​មក​វិញ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា​ សុភ័ក្ត្រ​នឹង​ជួយ​ដល់​ការងារ​នេះ​បន្ត​ទៀត។

** អត្ថបទ​មុន និង​អត្ថបទ​នេះ ខ្ញុំ​សរសេរ​ពាក្យ​ពីរ​ខុស​គ្នា​ដែល​សំដៅ​ន័យ​តែ​មួយ។ អត្ថបទ​មុន​ខ្ញុំ​សរសេរ វិគីផេឌ្យា និង​អត្ថបទ​នេះ ខ្ញុំ​សរសេរ វិគីភីឌា។ ពាក្យ​ទាំង​ពីរ​នេះ នៅ​មិន​ទាន់​ប្រើ​ជា​ផ្លូវការ​នៅ​ឡើយ ប៉ុន្តែ វិគីភីឌា ត្រូវ​បាន​ប្រើ​ជា​ឈ្មោះ​នៅ​លើ​វិបសាយ វិគីភីឌា​នេះ​រួច​ទៅ​ហើយ។ អាច​នឹង​មាន​ការផ្លាស់ប្ដូរ​ការសរសេរ​នៅ​ពេល​ក្រោយ​ទៀត​តាម​អក្សរ​ណា​ដែល​គេ​ប្រើ​ច្រើន។

អត្ថបទ​ទាក់ទង៖
វិគីផេឌ្យា​ខ្មែរ​មិន​សេរី​ដូច​ដែល​អ្នក​គិត

11 thoughts on “ចំណុច​គួរ​យកចិត្តទុកដាក់​លើ​វិគីភីឌាខ្មែរ

  1. Chanroeun ថ្ងៃពុធ ទី 26 ខែវិច្ឆិកា 2008 / 2:03 ល្ងាច

    That sounds good and very clear. Good job Boeun

  2. chantra ថ្ងៃពុធ ទី 26 ខែវិច្ឆិកា 2008 / 4:27 ល្ងាច

    ខ្ញុំ​គាំទ្រ​គំនិត​របស់​បឿន។ អ្នក​អភិបាល​វីគីភីឌា គួរ​គិត​ពី​បញ្ហា​នេះ​ឲ្យ​មែនទែន ។

  3. អគ្គលីបុត្រ ថ្ងៃពុធ ទី 26 ខែវិច្ឆិកា 2008 / 4:37 ល្ងាច

    អ្នកទាំងអស់គ្នាគួរ​ដាក់​ពាក្យស្ម័គ្រ​ចិត្ត​ធ្វើជាអ្នកអភិបាល​វីគីភីឌា​ទៅ អញ្ចឹង!

  4. កូនខ្មែរ-បារាំង ថ្ងៃពុធ ទី 26 ខែវិច្ឆិកា 2008 / 11:18 ល្ងាច

    សូមគាំទ្រយោបល់​និងការណែនាំរបស់លោក ទឹម បឿន ១០០% !

  5. ហាក់ ភារ៉ា ថ្ងៃ​ព្រហស្បតិ៍ ទី 27 ខែវិច្ឆិកា 2008 / 4:42 ព្រឹក

    សួស្តីលោកទឹម បឿន​ និង អ្នកទាំងអស់គ្នា!!!
    ជាដំបូង ខ្ញុំសូមអរគុណជាខ្លាំង​នូវគំនិតរបស់​លោកទឹម បឿន ហើយ​ខ្ញុំ​ក៏​ចង់​បញ្ចេញ​​យោបល់​​នូវចំនុចមួយចំនួន។

    ១. ​ «សូម​ប្រយ័ត្ន​ចំពោះ​អក្ខរាវិរុទ្ធ និង​ពាក្យ​ដែល​ត្រូវ​ប្រើ ដោយ​ផ្ទៀងផ្ទាត់​នឹង​វចនានុក្រម​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ព្រោះ​ឃើញ​មាន​ការធ្វេសប្រហែស​នឹង​អក្ខរាវិរុទ្ធ និង​ការប្រើ​ពាក្យ​ច្រើន​ដែរ។» ខ្ញុំគាំទ្រនូវគំនិតនេះ។ ក្នុងនាម​ខ្ញុំ​ជា​អភិបាលម្នាក់​ ខ្ញុំនឹងព្យាយាមកែនូវ​កំហុស​ដែលមាន​ ឲ្យអស់ពីសមត្ថភាព។ តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយ​លទ្ឋភាព​យើង​នូវ​មានកំរិត​នៅឡើយ។ យើងត្រូវការ​មនុស្ស​សកម្មជា​ច្រើន​ទៀត​​ ដើម្បីឲ្យជួយសរសេរអត្ថបទ និង​កែសំរួលនូវ​កំហុស​​ឆ្គង បន្តិច​ម្នាក់ៗ​។​ បន្តិចម្តងៗ យើងនឹងបានអត្ថបទដែលត្រឹម​ត្រូវ និងមាន​ខ្លឹម​សារ​ល្អច្រើន។​ ខ្ញុំរីករាយ​ណាស់ នៅពេលឃើញអ្នកដែល​សកម្ម​ដូច​លោកទឹម បឿនចូលរួមសរសេរ​ និងផ្តល់យោបល់អំពីវិគីភីឌាខ្មែរ។ ប្រសិន​បើ​លោក​ទឹម បឿនមាន​បំនង​ចង់​ក្លាយ​ទៅជា​អភិបាលនៃវិគីភីឌាខ្មែរ សូម​ឲ្យ​លោក​ខំ​សរសេរអត្ថបទ​បន្ថែម​ទៀត រួច​ធ្វើ​ការស្នើសុំ​។ អភិបាលទាំង​៥បច្ចុប្បន្ននឹង​ធ្វើការ​ពិភាក្សាគ្នារួច ទើប​សំរេច។ ​​

    ២.​ «សរសេរ​ឲ្យ​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ស្តងដារ​យូនីកូដ​ខ្មែរ។ របៀប​សរសេរ ត្រូវ​កាត់​​មួយ​ពាក្យៗ​ដោយ​ប្រើ Space bar និង​ដកឃ្លា​ប្រយោគ​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​ប្រើ Shift + Space bar ដើម្បី​ឲ្យ​អក្សរ​បង្ហាញ​ស្អាត និង​ងាយស្រួល​ក្នុង​ការរក​អត្ថបទ​នោះ​។ បច្ចប្បន្ន អត្ថបទ​ដែល​ដាក់​រួច​ជា​ច្រើន​​មិន​ប្រើ​វិធី​នេះ សំខាន់​បំផុត​ចំណងជើង។ ចំណែក​ការវាយ​អក្សរ ត្រូវ​វាយ​តាម​លំដាប់​នៃ​ការប្រកប​របស់​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ ដូច​ជា​ពាក្យ បញ្ជ្រៀត សរសេរ និង​ប្រកប ប និង​ញ ជើង​ជ ជើង​រ ដាក់​ស្រៈ​អៀ និង​ត កុំ​សរសេរ​ជើង​រ មុន​ជើង​ជ ជា​ដើម។» ខ្ញុំយល់ថាយោបល់នេះ​ពិតជាល្អណាស់។​ ចំពោះ​ចំនង​ជើង តាម​បទ​ពិសោធន៍របស់​ខ្ញុំ និងដើម្បីសំរួល​ដល់​ការរាវរាក​អត្ថបទរបស់​អ្នក​ប្រើ​ប្រាស់​ទូទៅ យើងបាន​សរសេរ​តាម​២របៀប​​សំរាប់ចំនងជើង​អត្ថបទ​តែ​មួយ គឺ សរសេរដោយជាប់គ្នាផង និង សរសេរដាច់គ្នាដោយប្រើ​Spaceមើលមិន​ឃើញផង។​ នៅ​ពេ​ល​រាវរាក វានឹងមានការ​បញ្ជូន​ដោយ​ស្វ័យប្រវត្តិទៅ​អត្ថបទ​ដោយ​ប្រើរបៀប​សរសេរ​ណាមួយខាង​លើ។ ធ្វើដូចនេះ អ្នកប្រើប្រាស់​ទូ​ទៅ​​អាច​រក​ឃើញ​អត្ថបទយ៉ាងងាយស្រួល ទៅតាម​ទំលាប់នៃការ​សរសេរ​របស់គេ​ដោយ​ជាប់​ រឺ ដោយដាច់។

    ៣. ការលុប​អត្ថបទ​កន្លង​មក ​អាច​មកការ​ពីមាន​ចំនងជើងអត្ថបទ​២ឬ​ច្រើន​ស្រដៀង​គ្នា នាំឲ្យមាន​ការ​ផ្គុំ​អត្ថបទ​ទាំង​នោះ​​​ឲ្យនៅ​សល់​តែ​មួយ​ ហើយ​លុប​អត្ថបទ​ដទៃទៀតដែល​មិន​ត្រូវការ។​ មានករណី​ដទៃទៀត ដូចជា​អត្ថបទ​ ជា​ភាសាបរទេស​ ជាដើម។ ទោះជាយ៉ាង​ណា​ក៏ដោយ អភិបាល​ទាំង​៥​នឹង​មិន​លុប​អត្ថបទ​របស់សមាជិក​នានាទេ។ ហើយ​បើមានការលុប នឹង​ផ្តល់​ពត៌​មាន​​ដល់​សមាជិកនោះ​ ជាមុនសិន។

    ៤.​ នៅក្នុង​វិគីភីឌា រាល់អត្ថបទដែលបានលុប ឬត្រូវបានកែប្រែ​ អាច​ស្តារ​មក​វិញ​បាន។​ ចំពោះជនខិលខូច​ដែល​មក​កែឬលុបអត្ថបទ​ផ្តេសផ្តាស​ នឹងត្រូវបាន​ហាម​ឃាត់​មិន​ឲ្យ​ចូល​ក្នុង​វិគីភីឌា​ជាថ្មី​ម្តង​ទៀត​ទេ។

    ជាទីបញ្ចប់​ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែល​មាន​ចំណាប់អារម្មណ៍ ចង់​ចូល​រួមចំនែក​សរសេរអត្ថបទក្នុង​វិគីភីឌា​ខ្មែរ។
    P.S. តក់ៗ​ពេញបំពង់៕

  6. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 27 ខែវិច្ឆិកា 2008 / 8:40 ព្រឹក

    ខ្ញុំ​ចាប់អារម្មណ៍​ត្រង់​ចំណុច​ដែល​លោក​ភារ៉ា​ថា សរសេរ​ចំណង​ជើង​ដោយ​ប្រើ​ពីរ​របៀប គឺ​ភ្ជាប់​គ្នា​ផង និង​ដាច់​គ្នា​ផង ដើម្បី​ឲ្យ​តម្រូវ​ទៅ​តាម​ទម្លាប់​របស់​អ្នក​ប្រើ។ ត្រង់​នេះ យើង​មិន​គួរ​រៀបចំ​ឲ្យ​តាម​ទម្លាប់​នោះ​ទេ តែ​គួរឲ្យ​គេ​ទម្លាប់​មក​តាម​ក្បួន​វិញ ទើប​ថ្ងៃ​ក្រោយ​មិនមាន​ភាព​រញេរញ៉ៃ ខ្វែង​គំនិត​គ្នា។ ដែល​សំខាន់​បំផុត​គឺ​ពេល​យើង​រក​អត្ថបទ​តាម ហ្គូហ្គល។ បើ​សរសេរ​ជាប់​គ្នា ពេល​រក​តាម ហ្គូហ្គល គេ​ត្រូវ​តែ​សរសេរ​ឲ្យ​ត្រូវ​នឹង​ចំណង​ជើង​ទាំង​អស់​នោះ ទើប​អាច​រក​ឃើញ ព្រោះ​វា​ចាត់ទុក​ថា​ចំណងជើង​ទាំង​មូល គឺ​មួយ​ពាក្យ។

    ប៉ុន្តែ​ខ្ញុំ​ក៏​ឃើញ​មាន​បញ្ហា​ខ្លះ​ជាមួយ​នឹង​ការកាត់​ពាក្យ​នៅ វិគីភីឌា​ខ្មែរ​ដែរ។ ចំណងជើង​ខ្លះ ពេលកាត់​ពាក្យ វា​មិន​ឲ្យ​ទេ។ ត្រង់​ហ្នឹង​វា​ទាក់ទង​នឹង​លក្ខខ័ណ្ឌ​លើ​​ការដាក់​​ចំណងជើង​របស់​វា។

  7. និរន្តរពិសិដ្ឋ ថ្ងៃ​ព្រហស្បតិ៍ ទី 27 ខែវិច្ឆិកា 2008 / 6:41 ល្ងាច

    ខ្ញុំ​ពិត​ជា​ខក​ចិត្ត​ណាស់​ដែល​ឃើញ​អ្នក​ខ្លះ​យក​រឿង​តូច​ ធ្វើ​ជា​រឿង​ធំ បង្អាប់​ខ្មែរ​ខ្លួន​ឯង​ ហើយ​ខ្ញុំ​ក៏​រីករាយ​ដែរ​ ដែល​អ្នក​ទាំង​អស់​គ្នា​ចេះយោគ​យល់​គ្នា ចេះ​សាមគ្គី​គ្នា​ កុំ​ឲ្យ​អាប់​អោន​ដល់​អ្វី​ដែល​ជា​របស់​ខ្មែរ​យើង​។

  8. កូនខ្មែរ-បារាំង ថ្ងៃ​ព្រហស្បតិ៍ ទី 27 ខែវិច្ឆិកា 2008 / 7:37 ល្ងាច

    សាមគ្គី សាមគ្គានំ តព្វោ សុខោ! ការរួបរួម សាមគ្គីគ្នា នាំមកនូវសេចក្ដីសុខ!

  9. កូនខ្មែរ-អូស្រ្តាលី ថ្ងៃ​ព្រហស្បតិ៍ ទី 27 ខែវិច្ឆិកា 2008 / 7:39 ល្ងាច

    សូមគាំទ្រទាំងស្រុង គំនិត របស់លោកបឿន !!!

    ជាដំបូង សូមអរគុណណាស់ លោកបឿន បានលើកឡើងបញ្ហានេះ ដើម្បីវែកមុខ អ្នកដែលធ្លាប់លុបចេញ គ្រប់អត្ថបទ នៅវិគីភីឌាខ្មែរ។ អរគុណណាស់ដែរ ដែលលោក say បានដាក់វិចារបង្ហាញ ឈ្មោះអ្នក បានលុបចេញ យ៉ាងសន្ធឹក អត្ថបទគេឯងគ្រប់គ្នា និង បានបង្ហាញ តំបន់បណ្តាញ http://translatewiki.net/wiki/User_talk:Siebrand សំរាប់កូនខ្មែរទាក់ទង អ្នកអភិបាលចំបង siebrand ដើម្បី ពិនិត្យឡើងវិញ ទង្វើ របស់ កៀនស្វាយ។

    ក៏រីករាយណាស់ បានដឹងច្បាស់ថា ឈ្មោះ កៀនស្វាយ (ឈ្មោះពិត គឺ តឹកប៊ុនលី និងឈ្មោះមួយទៀត គឺ គឹមស្រ៊ុន តាមលោក say) ជា មេលុបចេញ អត្ថបទគេឯងគ្រប់គ្នា នៅវិគីភីឌាខ្មែរ។

    ចង់សួរថា អ្នកអភិបាល ៥ នាក់ ៖ ៣ នាក់ ជាមនុស្សតែមួយ ចុះ ២ នាក់ទៀត ជាអ្នកណា? ហើយលុបចេញ អត្ថបទគេឯងគ្រប់គ្នា មានគោលដៅអ្វី? បើជាការច្រឡំ បានន័យថា ច្រលំគ្រប់តែអត្ថបទ ឬ អី? សូមឈ្មោះ កៀន ស្វាយ មិនត្រូវធ្វើអំពើបំផ្លាញអត្ថបទ អ្នកដទៃចឹងទេ ព្រោះត្រូវដឹងថា ម្ចាស់អត្ថបទនីមួយៗ ទាំងលោកសុភក្រ្ត ទាំងអ្នកដទៃ ចំណាយពេលច្រើនណាស់ ក្នុងសំណេរ, មិនអង្គុយហួច ចេញអត្ថបទនោះទេ។

    ដោយសារ មានការលុបចេញ អត្ថបទចឹងហើយ បានជាគ្មានអ្នកណា ចង់សរសេរ នៅវិគីភីឌាខ្មែរ តទៅទៀត ប៉ុន្តែឥឡូវ ដឹងមុខហើយ មិនអីទេ បើមានលុបចេញ អត្ថបទទៀត នៅវិគីភីឌា ច្បាស់ជា… ហ្នឹងហើយ, និយាយលេងទេដូចមែន ហា ហា។

    តើត្រូវតែសើរើឡើងវិញ អ្នកអភិបាល វិគីភីឌាខ្មែរ ឬ ត្រូវតែបន្ថែម ចំនួនអ្នកអភិបាល ដោយសំណើទៅ សូមនាំគ្នា ជួយផ្តល់យោបល់ !!!

    ឈ្មោះ កៀនស្វាយ, តឹកប៊ុនលី និង គឹមស្រ៊ុន ប្រាកដជា នឹងលុបចេញ អត្ថបទគេឯងទៀត មិនខាន (មិនមែនឥឡូវ ប៉ុន្តែ ពេលម្ចាស់អត្ថបទ ភ្លេចខ្លួន) ថ្វីបើ គាត់និយាយអោយល្អស្តាប់ ពេលនេះ ព្រោះការលុបចេញអត្ថបទ លើវិគីភីឌា ដែលគាត់បានធ្វើ មិនមែនជា ការច្រលំទេ ប៉ុន្តែ ជាចេតនា មានគោលដៅប្រាកដ។

    ជាចុងក្រោយ សូមបញ្ជាក់ផងដែរ, បើយល់ថាអត្ថបទ របស់គេ លើវិគីភីឌា ខ្វះខ្លឹមសារ ត្រង់ណា គួរតែកែប្រែ អោយមានខ្លឹមសារល្អ ជាងមុន, មិនត្រូវលុបចេញ អត្ថបទ របស់គេទេ !

    អរគុណ អ្នកទាំងអស់គ្នា, ទាំងលោកបឿន ដែលបានលើកឡើង បញ្ហាខាងលើ និង ឈ្មោះ កៀនស្វាយ ដែលបានសារភាព បានលុបចេញ អត្ថបទ នៅវិគីភីឌាខ្មែរ នៅចំពោះមុខ គ្រប់ម្ចាស់វិចារ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s