ទាក់ទងទៅនឹងអត្ថបទមុនដែលអ្នកអភិបាលវិគីភីឌាឈ្មោះកៀនស្វាយ និងគឹមស្រុនលុបអត្ថបទមួយចំនួននោះ ខ្ញុំក៏សូមអរគុណនឹងអ្នកទាំងពីរដែលបានមកបកស្រាយ។
ដំណើររឿងដែលខ្ញុំចង់រំឭក
ដំបូងឡើយពេលដែលខ្ញុំចូលទៅវិគីភីឌានិងបានដាក់អត្ថបទរបស់ខ្ញុំ ខ្ញុំបានជួបលោក Jose77 គាត់បានតែងតាំងខ្ញុំជា Sysop បានន័យថាជាអ្នកដែលមានសិទ្ធិកែប្រែមួយនៅវិគីភីឌាដែរ។ តែខ្ញុំក៏មិនបានដាក់អត្ថបទច្រើនដែរ ដោយគ្រាន់តែស្រាវជ្រាវឲ្យដឹងពីរបៀបសរសេរ និងកែទម្រង់ផ្សេងៗរបស់អត្ថបទនៅវិគីភីឌានោះ។ លុះក្រោយមក សុភ័ក្ត្រចូលរួមដែរ។ អត្ថបទមួយចំនួនបានដាក់ និងអត្ថបទមួយចំនួនកំពុងបកប្រែ។ ថ្ងៃមួយអត្ថបទអំពីនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវបានលុប។ ពេលនោះសុភ័ក្ត្រប្រាប់ខ្ញុំដែរ ហើយខ្ញុំក៏សង្គ្រោះអត្ថបទនោះមកវិញ។ ក្រោយមកដោយសាររវល់ផង ខ្ញុំមិនបានសួរនាំពីរឿងនេះទេ រហូតមកដល់ម៉ុន្មានថ្ងៃមុននេះ ពេលដែលខ្ញុំត្រូវការមើលអត្ថបទដែលសុភ័ក្ត្របកប្រែនោះ ខ្ញុំក៏បានឃើញអ្នកប្រើឈ្មោះ កៀនស្វាយ លុបនោះ។ គំនិតរបស់ខ្ញុំយល់ថា វិគីភីឌា អានាធិប្បតេយ្យណាស់ នរណាចង់លុបក៏បាន។ អ្នកណាចង់ដាក់ក៏បាន។ ដូច្នេះគួរតែលើកយកមកនិយាយដើម្បីឲ្យបានដឹង និងយល់ទាំងអស់គ្នា ដោយមិនសង្ឃឹមថាអាចមានដំណោះស្រាយណាមួយឡើយ។ ផ្ទុយទៅវិញ អ្នកលុប កៀនស្វាយ និង គឹមស្រ៊ុន បានមកបកស្រាយពីមូលហេតុ ដែលធ្វើឲ្យខ្ញុំដឹងថា អ្នកដែលចូលរួមជាអភិបាល និងបកប្រែគឺអ្នកទាំងនោះ។ នេះជារឿងល្អ ដែលយើងបានស្គាល់ និងស្ដាប់យោបល់អ្នកទាំងនោះ។
អ្វីដែលអ្នកប្រើ និងអ្នកអភិបាលវិគីភីឌាគួរចាប់អារម្មណ៍?
១. ការបកប្រែ និងដាក់អត្ថបទ
សូមប្រយ័ត្នចំពោះអក្ខរាវិរុទ្ធ និងពាក្យដែលត្រូវប្រើ ដោយផ្ទៀងផ្ទាត់នឹងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រោះឃើញមានការធ្វេសប្រហែសនឹងអក្ខរាវិរុទ្ធ និងការប្រើពាក្យច្រើនដែរ។
សរសេរឲ្យមានលក្ខណៈត្រឹមត្រូវតាមស្តងដារយូនីកូដខ្មែរ។ របៀបសរសេរ ត្រូវកាត់មួយពាក្យៗដោយប្រើ Space bar និងដកឃ្លាប្រយោគឲ្យបានត្រឹមត្រូវដោយប្រើ Shift + Space bar ដើម្បីឲ្យអក្សរបង្ហាញស្អាត និងងាយស្រួលក្នុងការរកអត្ថបទនោះ។ បច្ចប្បន្ន អត្ថបទដែលដាក់រួចជាច្រើនមិនប្រើវិធីនេះ សំខាន់បំផុតចំណងជើង។ ចំណែកការវាយអក្សរ ត្រូវវាយតាមលំដាប់នៃការប្រកបរបស់ខ្មែរឲ្យបានត្រឹមត្រូវ ដូចជាពាក្យ បញ្ជ្រៀត សរសេរ និងប្រកប ប និងញ ជើងជ ជើងរ ដាក់ស្រៈអៀ និងត កុំសរសេរជើងរ មុនជើងជ ជាដើម។
២. ការកែប្រែ ឬលុប
ត្រូវរៀបចំគោលការណ៍ឲ្យបានច្បាស់លាស់ និងជូនដំណឹងដល់សមាជិកឲ្យបានដឹង។
សូមកុំផ្អែកលើតែការបោះឆ្នោតតែមួយមុខ ចំពោះការលុបអត្ថបទនោះ។ ត្រូវមើលលើប្រយោជន៍របស់វា អត្ថន័យ ឬខ្លឹមសារ ដើម្បីវាយតម្លៃថាគួរលុប ឬមិនលុប។ ករណីត្រូវលុប ត្រូវជូនដំណឹង និងផ្ដល់សិទ្ធិឲ្យម្ចាស់អត្ថបទពិភាក្សាជាមួយយើង ថាតើគាត់គួរកែប្រែ ឬយើងត្រូវទទួលយករបស់គាត់។
ថ្វីបើអ្នកអភិបាល និងសមាជិកទាំងឡាយមានកន្លែងពិភាក្សាគ្រប់គ្នាក៏ពិតមែន តែសមាជិកខ្លះ ដូចជាអ្នកចូលថ្មី មិនដឹងថាអ្នកណាជាអភិបាល ឬទាក់ទងអ្នកណា ពេលជួបបញ្ហា ឬអត្ថបទត្រូវគេលុបបាត់។ ត្រង់នេះ ពេលខ្លះ អ្នកដែលដាក់អត្ថបទនោះ ដាក់រួចហើយ មិនបានចូលទៅមើលអត្ថបទរបស់ខ្លួនក្នុងរយៈពេលយូរ។ ករណីនេះ ក៏គួរមានដំណោះស្រាយផងដែរ។
ត្រូវមានវិធីដោះស្រាយប្រសិនបើអ្នកប្រើអាណាមិកណាមកលុបអត្ថបទ។ បើមានអ្នកខូចខិលណាមកដើរលុប ១០, ២០អត្ថបទលេង អភិបាលត្រូវដោះស្រាយយ៉ាងណា? សង្គ្រោះមកវិញឬមានវិធីផ្សេងសម្រាប់ទប់ស្កាត់។
ខាងលើជាករណីមួយចំនួនដែលខ្ញុំជួបប្រទះនៅវិគីភីឌាខ្មែរ។ ឥឡូវយើងដឹងថាអ្នកណាជាអ្នកអភិបាលនៅវិគីភីឌា ដែលអាចទាក់ទងពេលមានបញ្ហា និងជាអ្នកដែលមើលគ្រប់គ្រងអត្ថបទដែលដាក់រួច។
គ្រប់គ្នា នរណាក៏ចង់ឲ្យជាតិ ឲ្យអក្សរសាស្ត្ររីកចម្រើន ក៏ដូចជាចង់ឲ្យមានឯកសារសម្បូរបែបសម្រាប់ស្រាវជ្រាវ។ ប្រសិនបើវិគីភីឌី ជាឃ្លាំងឯកសារ ហើយគេទុកចិត្តថាគេក៏អាចទុកដាក់ឯកសារមានប្រយោជន៍សម្រាប់អ្នកដ៏ទៃដែរនោះ គ្រប់គ្នានឹងចំណាយពេលរបស់គេធ្វើការងារមានប្រយោជន៍នេះមិនខាន។ ចំណែកខ្ញុំនៅតែបន្តដាក់អត្ថបទផ្សេងៗទៀតតាមដែលអាចធ្វើទៅបាន។
យ៉ាងណាក៏សុំអរគុណដល់អភិបាលទាំង៥នាក់ដែលចំណាយពេលលើការងារនេះ និងអរគុណដល់គឹមស្រ៊ុន ដែលបានសង្គ្រោះអត្ថបទដែលសុភ័ក្ត្រដាក់មកវិញ ហើយខ្ញុំក៏សង្ឃឹមថា សុភ័ក្ត្រនឹងជួយដល់ការងារនេះបន្តទៀត។
** អត្ថបទមុន និងអត្ថបទនេះ ខ្ញុំសរសេរពាក្យពីរខុសគ្នាដែលសំដៅន័យតែមួយ។ អត្ថបទមុនខ្ញុំសរសេរ វិគីផេឌ្យា និងអត្ថបទនេះ ខ្ញុំសរសេរ វិគីភីឌា។ ពាក្យទាំងពីរនេះ នៅមិនទាន់ប្រើជាផ្លូវការនៅឡើយ ប៉ុន្តែ វិគីភីឌា ត្រូវបានប្រើជាឈ្មោះនៅលើវិបសាយ វិគីភីឌានេះរួចទៅហើយ។ អាចនឹងមានការផ្លាស់ប្ដូរការសរសេរនៅពេលក្រោយទៀតតាមអក្សរណាដែលគេប្រើច្រើន។
អត្ថបទទាក់ទង៖
វិគីផេឌ្យាខ្មែរមិនសេរីដូចដែលអ្នកគិត
That sounds good and very clear. Good job Boeun
ខ្ញុំគាំទ្រគំនិតរបស់បឿន។ អ្នកអភិបាលវីគីភីឌា គួរគិតពីបញ្ហានេះឲ្យមែនទែន ។
អ្នកទាំងអស់គ្នាគួរដាក់ពាក្យស្ម័គ្រចិត្តធ្វើជាអ្នកអភិបាលវីគីភីឌាទៅ អញ្ចឹង!
សូមគាំទ្រយោបល់និងការណែនាំរបស់លោក ទឹម បឿន ១០០% !
សួស្តីលោកទឹម បឿន និង អ្នកទាំងអស់គ្នា!!!
ជាដំបូង ខ្ញុំសូមអរគុណជាខ្លាំងនូវគំនិតរបស់លោកទឹម បឿន ហើយខ្ញុំក៏ចង់បញ្ចេញយោបល់នូវចំនុចមួយចំនួន។
១. «សូមប្រយ័ត្នចំពោះអក្ខរាវិរុទ្ធ និងពាក្យដែលត្រូវប្រើ ដោយផ្ទៀងផ្ទាត់នឹងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រោះឃើញមានការធ្វេសប្រហែសនឹងអក្ខរាវិរុទ្ធ និងការប្រើពាក្យច្រើនដែរ។» ខ្ញុំគាំទ្រនូវគំនិតនេះ។ ក្នុងនាមខ្ញុំជាអភិបាលម្នាក់ ខ្ញុំនឹងព្យាយាមកែនូវកំហុសដែលមាន ឲ្យអស់ពីសមត្ថភាព។ តែទោះជាយ៉ាងណាក៏ដោយលទ្ឋភាពយើងនូវមានកំរិតនៅឡើយ។ យើងត្រូវការមនុស្សសកម្មជាច្រើនទៀត ដើម្បីឲ្យជួយសរសេរអត្ថបទ និងកែសំរួលនូវកំហុសឆ្គង បន្តិចម្នាក់ៗ។ បន្តិចម្តងៗ យើងនឹងបានអត្ថបទដែលត្រឹមត្រូវ និងមានខ្លឹមសារល្អច្រើន។ ខ្ញុំរីករាយណាស់ នៅពេលឃើញអ្នកដែលសកម្មដូចលោកទឹម បឿនចូលរួមសរសេរ និងផ្តល់យោបល់អំពីវិគីភីឌាខ្មែរ។ ប្រសិនបើលោកទឹម បឿនមានបំនងចង់ក្លាយទៅជាអភិបាលនៃវិគីភីឌាខ្មែរ សូមឲ្យលោកខំសរសេរអត្ថបទបន្ថែមទៀត រួចធ្វើការស្នើសុំ។ អភិបាលទាំង៥បច្ចុប្បន្ននឹងធ្វើការពិភាក្សាគ្នារួច ទើបសំរេច។
២. «សរសេរឲ្យមានលក្ខណៈត្រឹមត្រូវតាមស្តងដារយូនីកូដខ្មែរ។ របៀបសរសេរ ត្រូវកាត់មួយពាក្យៗដោយប្រើ Space bar និងដកឃ្លាប្រយោគឲ្យបានត្រឹមត្រូវដោយប្រើ Shift + Space bar ដើម្បីឲ្យអក្សរបង្ហាញស្អាត និងងាយស្រួលក្នុងការរកអត្ថបទនោះ។ បច្ចប្បន្ន អត្ថបទដែលដាក់រួចជាច្រើនមិនប្រើវិធីនេះ សំខាន់បំផុតចំណងជើង។ ចំណែកការវាយអក្សរ ត្រូវវាយតាមលំដាប់នៃការប្រកបរបស់ខ្មែរឲ្យបានត្រឹមត្រូវ ដូចជាពាក្យ បញ្ជ្រៀត សរសេរ និងប្រកប ប និងញ ជើងជ ជើងរ ដាក់ស្រៈអៀ និងត កុំសរសេរជើងរ មុនជើងជ ជាដើម។» ខ្ញុំយល់ថាយោបល់នេះពិតជាល្អណាស់។ ចំពោះចំនងជើង តាមបទពិសោធន៍របស់ខ្ញុំ និងដើម្បីសំរួលដល់ការរាវរាកអត្ថបទរបស់អ្នកប្រើប្រាស់ទូទៅ យើងបានសរសេរតាម២របៀបសំរាប់ចំនងជើងអត្ថបទតែមួយ គឺ សរសេរដោយជាប់គ្នាផង និង សរសេរដាច់គ្នាដោយប្រើSpaceមើលមិនឃើញផង។ នៅពេលរាវរាក វានឹងមានការបញ្ជូនដោយស្វ័យប្រវត្តិទៅអត្ថបទដោយប្រើរបៀបសរសេរណាមួយខាងលើ។ ធ្វើដូចនេះ អ្នកប្រើប្រាស់ទូទៅអាចរកឃើញអត្ថបទយ៉ាងងាយស្រួល ទៅតាមទំលាប់នៃការសរសេររបស់គេដោយជាប់ រឺ ដោយដាច់។
៣. ការលុបអត្ថបទកន្លងមក អាចមកការពីមានចំនងជើងអត្ថបទ២ឬច្រើនស្រដៀងគ្នា នាំឲ្យមានការផ្គុំអត្ថបទទាំងនោះឲ្យនៅសល់តែមួយ ហើយលុបអត្ថបទដទៃទៀតដែលមិនត្រូវការ។ មានករណីដទៃទៀត ដូចជាអត្ថបទ ជាភាសាបរទេស ជាដើម។ ទោះជាយ៉ាងណាក៏ដោយ អភិបាលទាំង៥នឹងមិនលុបអត្ថបទរបស់សមាជិកនានាទេ។ ហើយបើមានការលុប នឹងផ្តល់ពត៌មានដល់សមាជិកនោះ ជាមុនសិន។
៤. នៅក្នុងវិគីភីឌា រាល់អត្ថបទដែលបានលុប ឬត្រូវបានកែប្រែ អាចស្តារមកវិញបាន។ ចំពោះជនខិលខូចដែលមកកែឬលុបអត្ថបទផ្តេសផ្តាស នឹងត្រូវបានហាមឃាត់មិនឲ្យចូលក្នុងវិគីភីឌាជាថ្មីម្តងទៀតទេ។
ជាទីបញ្ចប់ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលមានចំណាប់អារម្មណ៍ ចង់ចូលរួមចំនែកសរសេរអត្ថបទក្នុងវិគីភីឌាខ្មែរ។
P.S. តក់ៗពេញបំពង់៕
ខ្ញុំចាប់អារម្មណ៍ត្រង់ចំណុចដែលលោកភារ៉ាថា សរសេរចំណងជើងដោយប្រើពីររបៀប គឺភ្ជាប់គ្នាផង និងដាច់គ្នាផង ដើម្បីឲ្យតម្រូវទៅតាមទម្លាប់របស់អ្នកប្រើ។ ត្រង់នេះ យើងមិនគួររៀបចំឲ្យតាមទម្លាប់នោះទេ តែគួរឲ្យគេទម្លាប់មកតាមក្បួនវិញ ទើបថ្ងៃក្រោយមិនមានភាពរញេរញ៉ៃ ខ្វែងគំនិតគ្នា។ ដែលសំខាន់បំផុតគឺពេលយើងរកអត្ថបទតាម ហ្គូហ្គល។ បើសរសេរជាប់គ្នា ពេលរកតាម ហ្គូហ្គល គេត្រូវតែសរសេរឲ្យត្រូវនឹងចំណងជើងទាំងអស់នោះ ទើបអាចរកឃើញ ព្រោះវាចាត់ទុកថាចំណងជើងទាំងមូល គឺមួយពាក្យ។
ប៉ុន្តែខ្ញុំក៏ឃើញមានបញ្ហាខ្លះជាមួយនឹងការកាត់ពាក្យនៅ វិគីភីឌាខ្មែរដែរ។ ចំណងជើងខ្លះ ពេលកាត់ពាក្យ វាមិនឲ្យទេ។ ត្រង់ហ្នឹងវាទាក់ទងនឹងលក្ខខ័ណ្ឌលើការដាក់ចំណងជើងរបស់វា។
ខ្ញុំពិតជាខកចិត្តណាស់ដែលឃើញអ្នកខ្លះយករឿងតូច ធ្វើជារឿងធំ បង្អាប់ខ្មែរខ្លួនឯង ហើយខ្ញុំក៏រីករាយដែរ ដែលអ្នកទាំងអស់គ្នាចេះយោគយល់គ្នា ចេះសាមគ្គីគ្នា កុំឲ្យអាប់អោនដល់អ្វីដែលជារបស់ខ្មែរយើង។
សាមគ្គី សាមគ្គានំ តព្វោ សុខោ! ការរួបរួម សាមគ្គីគ្នា នាំមកនូវសេចក្ដីសុខ!
សូមគាំទ្រទាំងស្រុង គំនិត របស់លោកបឿន !!!
ជាដំបូង សូមអរគុណណាស់ លោកបឿន បានលើកឡើងបញ្ហានេះ ដើម្បីវែកមុខ អ្នកដែលធ្លាប់លុបចេញ គ្រប់អត្ថបទ នៅវិគីភីឌាខ្មែរ។ អរគុណណាស់ដែរ ដែលលោក say បានដាក់វិចារបង្ហាញ ឈ្មោះអ្នក បានលុបចេញ យ៉ាងសន្ធឹក អត្ថបទគេឯងគ្រប់គ្នា និង បានបង្ហាញ តំបន់បណ្តាញ http://translatewiki.net/wiki/User_talk:Siebrand សំរាប់កូនខ្មែរទាក់ទង អ្នកអភិបាលចំបង siebrand ដើម្បី ពិនិត្យឡើងវិញ ទង្វើ របស់ កៀនស្វាយ។
ក៏រីករាយណាស់ បានដឹងច្បាស់ថា ឈ្មោះ កៀនស្វាយ (ឈ្មោះពិត គឺ តឹកប៊ុនលី និងឈ្មោះមួយទៀត គឺ គឹមស្រ៊ុន តាមលោក say) ជា មេលុបចេញ អត្ថបទគេឯងគ្រប់គ្នា នៅវិគីភីឌាខ្មែរ។
ចង់សួរថា អ្នកអភិបាល ៥ នាក់ ៖ ៣ នាក់ ជាមនុស្សតែមួយ ចុះ ២ នាក់ទៀត ជាអ្នកណា? ហើយលុបចេញ អត្ថបទគេឯងគ្រប់គ្នា មានគោលដៅអ្វី? បើជាការច្រឡំ បានន័យថា ច្រលំគ្រប់តែអត្ថបទ ឬ អី? សូមឈ្មោះ កៀន ស្វាយ មិនត្រូវធ្វើអំពើបំផ្លាញអត្ថបទ អ្នកដទៃចឹងទេ ព្រោះត្រូវដឹងថា ម្ចាស់អត្ថបទនីមួយៗ ទាំងលោកសុភក្រ្ត ទាំងអ្នកដទៃ ចំណាយពេលច្រើនណាស់ ក្នុងសំណេរ, មិនអង្គុយហួច ចេញអត្ថបទនោះទេ។
ដោយសារ មានការលុបចេញ អត្ថបទចឹងហើយ បានជាគ្មានអ្នកណា ចង់សរសេរ នៅវិគីភីឌាខ្មែរ តទៅទៀត ប៉ុន្តែឥឡូវ ដឹងមុខហើយ មិនអីទេ បើមានលុបចេញ អត្ថបទទៀត នៅវិគីភីឌា ច្បាស់ជា… ហ្នឹងហើយ, និយាយលេងទេដូចមែន ហា ហា។
តើត្រូវតែសើរើឡើងវិញ អ្នកអភិបាល វិគីភីឌាខ្មែរ ឬ ត្រូវតែបន្ថែម ចំនួនអ្នកអភិបាល ដោយសំណើទៅ សូមនាំគ្នា ជួយផ្តល់យោបល់ !!!
ឈ្មោះ កៀនស្វាយ, តឹកប៊ុនលី និង គឹមស្រ៊ុន ប្រាកដជា នឹងលុបចេញ អត្ថបទគេឯងទៀត មិនខាន (មិនមែនឥឡូវ ប៉ុន្តែ ពេលម្ចាស់អត្ថបទ ភ្លេចខ្លួន) ថ្វីបើ គាត់និយាយអោយល្អស្តាប់ ពេលនេះ ព្រោះការលុបចេញអត្ថបទ លើវិគីភីឌា ដែលគាត់បានធ្វើ មិនមែនជា ការច្រលំទេ ប៉ុន្តែ ជាចេតនា មានគោលដៅប្រាកដ។
ជាចុងក្រោយ សូមបញ្ជាក់ផងដែរ, បើយល់ថាអត្ថបទ របស់គេ លើវិគីភីឌា ខ្វះខ្លឹមសារ ត្រង់ណា គួរតែកែប្រែ អោយមានខ្លឹមសារល្អ ជាងមុន, មិនត្រូវលុបចេញ អត្ថបទ របស់គេទេ !
អរគុណ អ្នកទាំងអស់គ្នា, ទាំងលោកបឿន ដែលបានលើកឡើង បញ្ហាខាងលើ និង ឈ្មោះ កៀនស្វាយ ដែលបានសារភាព បានលុបចេញ អត្ថបទ នៅវិគីភីឌាខ្មែរ នៅចំពោះមុខ គ្រប់ម្ចាស់វិចារ។