ចោរ​មួយ​ក្រុម​ធ្វើ​សកម្មភាព​ប្លន់​អ្នក​ស្រុក​នៅ​បន្ទាយមានជ័យ


2008-11-21

មនុស្ស ​មួយ​ក្រុម​ដែល​មាន​គ្នា​ប្រមាណ​១០​នាក់​ក្នុង​សម្លៀក​បំពាក់​ឯកសណ្ឋាន​កង​ យោធពល​ខេមរភូមិន្ទ​បាន​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​ទៅ​លើ​ក្រុម​ គ្រួសារ​មួយ​នៅ​ភូមិ​ក្បាលដំរី ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។

ក្រុម​ឯកសណ្ឋាន​យោធា​ត្រូវ​គេ​រាយការណ៍​ថា បាន​ប្រដាប់​ដោយ​កាំភ្លើង​អាកា​ចំនួន​៥​ដើម​និង​កាំភ្លើង​ខ្លី​មួយ​ដើម​ផង​នោះ​ដែរ។

មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ស្រុក​ថ្មពួក លោក ដុះ ម៉ៅ បាន​ថ្លែង​ថា សកម្មភាព​ប្លន់​របស់​ក្រុម​ស្លៀក​ពាក់​ឯកសណ្ឋាន​កង​យោធពល​ខេមរភូមិន្ទ​នេះ​ បាន​ធ្វើ​នៅ​វេលា​ម៉ោង​៨​កន្លះ​យប់​ថ្ងៃ​ទី​១៩ វិច្ឆិកា ចំពោះ​គ្រួសារ​លោក សុន ចង្ហាន់ អាយុ​៤២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ផ្លៃ សាម៉េន អាយុ​៣៦​ឆ្នាំ។

មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ដដែល​បាន​រំឭក​ហេតុការណ៍​ដែល​កើត​ឡើង​ ដោយ​លោក​បញ្ជាក់​ថា ការធ្វើ​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​បាន​កើត​ឡើង​គឺ​នៅ​បន្ទាប់ពី​ប្ដី​ ប្រពន្ធ​ពីរ​នាក់​បញ្ចប់​ការចាក់​ឌីស​វីដេអូ​ឲ្យ​អ្នក​ភូមិ​នៅ​ជិត​ខាង​មើល។

លោក ដុះ ម៉ៅ បាន​ឲ្យ​ដឹង​ថា ៖ «គាត់​ឮ​ឆ្កែ​ព្រូស​ក៏​ចេញ​មក​ថ្នល់ ដល់​ចេញ​មក​ថ្នល់​ប៉ះ​ចោរ​ភ្ជង់​ចូល​ទៅ​ផ្ទះ​វិញ។ ភ្ជង់​ចូល​ទៅ​ផ្ទះ​វិញ គាត់​ស្លៀក​កន្សែង ចោរ​ហ្នឹង​ក៏​យក​កន្សែង​នៅ​ចង្កេះ​ហ្នឹង​មក ចង​ព័ទ្ធ​ដៃ​មក​ក្រោយ ក៏​ឲ្យ​គាត់​ទៅ​ដេក​ផ្កាប់​មុខ ជើង​ជាន់​ចង្កេះ ហើយ​ស្វ័យ​កាំភ្លើង​បុក​ចំ​ស្មា​ខាង​ស្ដាំ ប្រហែល​ជា​ពីរ​បី​បួន​នាទី​គាត់​ដឹង​ខ្លួន​ឡើង​វិញ។ ហើយ​ចំណែក​ប្រពន្ធ​វា​ចង​ដែរ ខ្សែ​ដេរ​បាវ​យើង​ហ្នឹង យក​ហើយ​ឲ្យ​ដេក​ផ្កាប់​មុខ យក​គ្រែ​ដែល​គាត់​ដាក់​អីវ៉ាន់​លក់​ហ្នឹង​សង្កត់​ពី​លើ ហើយ​វ៉ៃ​បុក​ស្វ័យ​កាំភ្លើង​ដូច​គ្នា​ទាំង​ប្ដី ទាំង​ប្រពន្ធ ប៉ុន្តែ​ប្រពន្ធ​បែក​ចុង​ចិញ្ចើម​ខាង​ឆ្វេង ដេរ​ប្រហែល​ជា​៤​ថ្នេរ។ ពេល​អ្នក​ស្រុក​ចូល​ទៅ​ជួយ​វា​បាញ់​មួយ​គ្រាប់ គ្នា​លោះ​ព្រលឹង រត់​ឡើង​ទៅ​លើ​ផ្ទះ​វិញ។ ដល់​ពេល​ចុង​ក្រោយ​វា​យក​បាន​ហើយ អ្នក​ស្រុក​យើង​មក​ហ៊ុមព័ទ្ធ​ជុំវិញ​ផ្ទះ ថា​បម្រុង​ទៅ​ជួយ វា​បាញ់​បង្ហើ​ពីរ​គ្រាប់​ហើយ វា​នាំ​គ្នា​រត់​តម្រង់​ទៅ​តាម​គន្លង ចូល​ទៅ​អន្លង់​បរ»

នាយ​រង​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ស្រុក​ថ្មពួក លោក ខូ ដេត ដែល​បាន​ចុះ​ទៅ​ធ្វើ​កំណត់ហេតុ​ដល់​ទី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​បាន​ប្លន់​យក​លុយ​ចំនួន​១​ពាន់​ដុល្លារ ប្រាក់​បាត​៧​ម៉ឺន​បាត និង​លុយ​រៀល​ចំនួន​១​លាន​រៀល​ជាមួយ​នឹង​មាស​ទម្ងន់​៥​ជី។

នាយ​ប៉ូលិស​ស្រុក​ម្នាក់​ទៀត​ដែល​ជា​អធិការ​រង​នគរបាល​ស្រុក​ថ្មពួក ឈ្មោះ លោក យ៉ត រ៉ាយ បាន​ថ្លែង​ថា សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ​មុខ​សញ្ញា ប៉ុន្តែ​លោក​មិន​ទាន់​សន្និដ្ឋាន​ថា ក្រុម​ចោរ​ប្លន់​ឯកសណ្ឋាន​កងទ័ព​នេះ​ចេញ​មក​ពី​អង្គភាព​មួយ​ណា​នោះ​ទេ។

ក្នុង​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​នា​រយៈពេល​ចុង​ក្រោយ​នេះ​បាន​កើត​មាន​ឡើង​ជា​ បន្ត​បន្ទាប់​ក្នុង​នោះ​កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា នៅ​ឃុំ​គោករមៀត ជិត​ច្រក​បឹង​ត្រកួន​មាន​មួយ​ករណី​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០០៨ មាន​ការប្លន់​នៅ​ផ្សារ​ថ្មី​ស្ថិត​នៅ​ក្នុង​ភូមិ​គំរូ ស្រុក​ថ្មពួក មួយ​ករណី​ទៀត ដែល​ក្រុម​ចោរ​បាន​ប្លន់​ប្រាក់​សរុប​ទាំងអស់​ជាង​៧​ម៉ឺន​ដុល្លារ៕

វិទ្យុ​អាស៊ីសេរី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s