ស្រុក​ខ្មែរ

បោះបង់​ការធ្វើស្រែ


រដូវ​វស្សារ​ឆ្នាំ​នេះ មិន​ខុស​ពី​រដូវ​ប្រាំង​ប៉ុន្មាន​ទេ។ នៅ​ស្រុក​ភូមិ​ខ្ញុំ​អ្នក​ខ្លះ​មិន​ទាន់​បាន​ដោត​សន្ទូង​មួយ​ចំណោត​ផង អ្នក​ខ្លះ​ក៏​បាន​ដាំ​ខ្លះ​នៅ​លើ​ដី​ស្ងួត​ហែង តែ​ក៏​​ត្រូវ​បាន​ឆេះ​ខ្លោច​ទៅ​ខ្លះ​ដោយសារ​កំដៅ​ថ្ងៃ​ផង​ដែរ។ ឆ្នាំ​មុនៗ បើ​ចូល​មក​ដល់​ខែ​នេះ គេ​បាន​ដាំ​ស្រូវ​ស្ទើរ​រួច​អស់​ហើយ តែ​ឆ្នាំ​នេះ​រាំង​ខ្លាំង​ពេក ទើប​មិន​បាន​ស្ទូង​ដក​​អី។

រូបភាព នេះ ខ្ញុំ យក ពី អ៊ីនធើណិត, មិនដឹង ប្រភព ច្បាស់លាស់ ទេ

គិត​ទៅ ធ្វើស្រែ​រំពឹង​ទឹកភ្លៀង​ពិបាក​ណាស់ បើ​មិនមាន​ភ្លៀង​ទេ ច្បាស់​ជា​មិន​បាន​ធ្វើ​ទេ។

គ្រួសារ​ខ្ញុំ​ធ្វើស្រែ​មក​រាប់​តំណ​មក​ហើយ តែ​ឆ្នាំ​នេះ ត្រូវ​បង្ខំ​ចិត្ត​បោះបង់​ការធ្វើស្រែ​នេះ ដោយ​សារ​រដូវធ្វើស្រែ​ជិត​កន្លង​ផុត​ទៅ​ហើយ នៅ​តែ​មិនមាន​ភ្លៀងធ្លាក់​គ្រប់គ្រាន់ បើ​ធ្លាក់​ម្ដងៗ បាន​ត្រឹមតែ​បញ្ឈួល​សំណាប ឬ​សន្ទូង​ឲ្យ​ក្ដៅ​ឆេះ​ប៉ុណ្ណោះ។ ភាពរាំងស្ងួត​ជា​ឧបសគ្គ​មួយ ហើយ​ឧបសគ្គ​ដែល​ធំ​សម្រាប់​គ្រួសារ​ខ្ញុំ​នោះ គឹ​ថ្លៃ​ជីគីមី ដែល​ឡើង​ថ្លៃ​ហួសហេតុ រហូត​​គ្រួសារ​ខ្ញុំ​មិន​​មាន​លទ្ធភាព​ទិញ​មក​បាច​ស្រូវ​បាន​។ កាល​ពី​ខ្ញុំ​នៅ​ឯស្រែ​នៅ​ឡើយ ជី​មួយ​ស្បោង​ថ្លៃ ៧ ទៅ ៨ ម៉ឺន​រៀល ឥឡូវ​ឡើង​ដល់​ទៅ ២០ ម៉ឺន​រៀល​ទៅ​ហើយ។ កម្រិត​ថ្លៃ​ខ្ពស់​ដូច្នេះ ធ្វើ​ឲ្យ​គ្រួសារ​ខ្ញុំ​រារែក ម្យ៉ាង​​បើ​ប្រៀបធៀប​ទិន្នផល​ដែល​អាច​ទទួល​បាន និង​ថ្លៃ​ចំណាយ​លើ​ការធ្វើ​ស្រែ​នេះ ទំនង​មិនរួច​ដើម​ផង។ ដូច្នេះ​ជម្រើស គឺ​ផ្អាក​ធ្វើស្រែ​ក្នុង​ឆ្នាំ​នេះ​សិន។

មិនថា​តែគ្រួសារ​ខ្ញុំ​ទេ ដែល​មាន​ការលំបាក​ដូច្នេះ គ្រួសារ​ផ្សេងៗ​ទៀត​នៅ​ភូមិ​របស់​ខ្ញុំ​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ។ ប៉ុន្តែ​បើ​ទោះ​ជា​យ៉ាងណា ក៏​ពួក​គេ​នៅ​តែ​ខិតខំ​ធ្វើ​ដែរ ដោយសារ​តែ​ជីវិត​របស់​ពួកគេ​ពឹងផ្អែក​តែ​លើ​កសិកម្ម​នេះ​ទៅ​ហើយ។ អ្នក​ខ្លះ​ត្រូវ​តែ​បង្ខំ​ចិត្ត​ចងការ​លុយ​គេ​ទិញ​ជី​បាច​ស្រូវ និង​សង​គេ​នៅ​រដូវ​ច្រូតកាត់​វិញ។

បើ​តាម​ខ្ញុំ​សង្កេត​មើល កាល​ដែល​ខ្ញុំ​មិន​ទាន់​ចេញ​មក​រៀន​នៅ​ភ្នំពេញ នៅ​ស្រុកស្រែ​សប្បាយ​ណាស់។ ដល់​រដូវ​វស្សារ គេ​នាំ​គ្នា​ធ្វើស្រែ​ប្រវ៉ាស់​គ្នា។ ម្នាក់ៗ​ឃើញ​តែ​ទឹកមុខ​ញញឹម សើច​ក្អាកក្អាយ និយាយ​ឡែបខាយ​ដាក់​គ្នា​​ពេញ​វាលស្រែ បើ​ទោះ​ជា​ការងារ​​នេះ​ហត់នឿយ​យ៉ាងណា​ក្ដី។ ឥឡូវ​​វា​ខុស​គ្នា​ឆ្ងាយ​ណាស់ អ្នកណា​ក៏​មុខ​ស្រពោន និង​ជីវភាព​កាន់​តែ​ដុនដាប​ជាងមុន​។ ពេល​ខ្ញុំ​ទៅ​ស្រុក​ម្ដងៗ មិន​សូវ​សប្បាយ​ដូច​ពេល​មុន​ទេ។ ពីមុន​គេ​តែងតែ​ចេញចូល​ផ្ទះ​គ្នា​ទៅវិញ​ទៅមក ​រក​ម្ហូប បន្លែបង្ការ ចែក​គ្នា​ដាំស្ល តែ​ឥឡូវ​​ម្នាក់ៗ​ ត្រដរ​រស់​តែ​រៀងៗ​ខ្លួន ហើយ​គេ​មិន​សូវ​ដើរលេង​ផ្ទះ​អ្នក​ជិតខាង ក្រៅ​ពី​អង្គុយ​សំកុក​ក្នុង​ផ្ទះ​របស់​ខ្លួនឡើយ។

Advertisements

27 thoughts on “បោះបង់​ការធ្វើស្រែ”

  1. ចេះតែថាមិចក័មិនស្តាប់ សម្តេចតេជោ ហ៊ុនសែន គាត់មានប្រសាសន័ថា អភិវឌ្ឍន៏ប្រទេសជាតិរីកចំរើន ឆាប់រហ័ស បំបាត់ភាពក្រីក្រ ជិតអស់ហើយ ម៉ាឆ្នាំយ៉ាងហោចណាស់ សេចកិច្ចកើន៩ភាគរយ ជាមធ្យម ម៉េចបឿនថាយ៉ាប់ជាងមុន អត់មើល ហាំមើ ឡង់រូវែ អេស្កាឡេត ឆេរូលែត សុទ្ឋតែអា ១០មឺន ទៅ២០មឺន ដុល្លា ប្លាយ អាគាខ្ពស់ៗពាសវាលពាសកាល ពេញម៉ាអំពេញ។ និយាយខុសពីគាត់តិចលោ គេចាប់ ហាហាហា​ (អ្នកភូមិនឹងក្រែងគាត់បោះឆ្នោតអោយទេវតា ប្រកដជាទេវតាជួយហើយ)

  2. បើមើល​តែ​មួយ​ជ្រុង ឃើញ​ថា​ជឿនលឿន​ណាស់ តែ​បើ​មើល​ទៅ​មួយ​ផ្នែក​ទៀត គង់​នឹង​ទប់​ទឹកភ្នែក​មិន​ចង់​បាន។

    អ្នក​ខ្លះ​​ប៊ីចេង ១០០ ២០០ រក​ទិញ​បង់​សម្ល​មិនបាន​​ផង។ សំណាង​ដែល​នៅ​ស្រុកស្រែ​អាច​ខ្វេះខ្វាច​តាម​ព្រៃ​តាម​ផ្សាយ គ្រាន់​ស្ល​មួយ​ពេលៗ កុំអី​មិនដឹង​រស់​យ៉ាងម៉េច​ទេ។

  3. វាគួរអោយសង្វេគណាស់នៅពេលដែលឃើញទឹកមុខកសិករខ្មែរ។ តើអ្វីទៅ​ជាការអភិវឌ្ឍពិតប្រាកដនោះ?​ ប្រវត្តិសាស្ត្រនៅតែមកលងជីវិតរបស់​ខ្មែរ។ តើធ្វើដូចម្តេចទើបអាចបង្កើតប្រវត្តិសាស្ត្រនៃសន្តិភាព ភាពសម្បូរសប្បាយ និងជីវិតប្រកបដោយភាពថ្លៃថ្នូរសំរាប់ខ្មែរបាន? នៅក្នុងទសវត្សឆ្នាំចិតសិប កវីខ្មែរមួយរូបបានសរសេរកំណាព្យរបស់ខ្លួនត្រង់ឃ្លាមួយថា “​អ្នកមានទិញ​សាច់គោអោយឆ្កែ អ្នកស្រែម្ចាស់គោស៊ីប្រហុក”។ តែមកដល់ឥឡូវ​នេះ​អ្នកស្រែម្ចាស់គោលែងមានប្រហុកស៊ីទៀតហើយ ព្រោះសម្បត្តិធម្មជាតិ​ដូចជាត្រី ត្រូវបានបាត់បង់អស់ជាបណ្តើរៗ។ តើទឹកដីសុវណ្ណភូមិមួយនេះ​នឹងមានសល់អ្វីខ្លះសំរាប់មនុស្សជំនាន់ក្រោយ?

  4. កិកិកិ ដូចចង់ឆ្ងល់ម៉េចបានដល់៩០ កៅអីកើត?
    ខ្ញុំមានរឿងដែលវាជារឿងពិតដែលខ្ញុំមិនអស់ចិត្តសោះហេតុអ្វី អ្នកភូមិនឹងគាត់ល្ងង់យ៉ាងនេះ ។មុនពេលបោះឆ្នោតគាត់មកសុំលុយកាក់ខ្ញុំ ហើយត្អូញថា សព្វថ្អៃគាត់រស់ពិបាកណាស់ ណាស្រែអត់មានទឹក ណាកូនច្រើន អត់ចេះអក្សរ អោយទៅរកស៊ីនៅថៃ ណាអ្វីៗក័ឡើងថ្លៃ …
    ខ្ញុំបានតបថា ពូមីង ខ្ញុំមិនមែនអ្នកនយោបាយ អីទេ បើពូថាពិបាកសព្វថ្អៃ ពូមីងអាចបោះឆ្នោតខាងមុខ រើសយកអ្នកណាមួយដែល សន្យាថាអភិវឌ្ឍន័ ភូមិពូមីង មិនមែនសន្យាចោល ជាប់រាប់តំណរនៅតែអាដែលមានតែយ៉ាប់ ឡើងៗ គាត់ថាគាត់ស្អប់មេភូមិមេឃុំ ចហ្វាយស្រុក ធ្វើអីក័លុយដែរ មិនដែល សង់អីអោយសោះ ហាហាហា​ ខ្ញុំតបថាអីចឹងឈប់បោះអោយគាត់ទៅ អ្នកភូមិថា គាត់នឹងឈប់ តែដល់ពេលជាប់មេឃុំស្រាប់តែអាដែល ខ្ញុំហួសចិត្តពេលជួបពួកគាត់ ហើយខ្ញុំបានសួរថា ក្រែងពូមីងថាស្អប់មេឃុំនឹង ម៉េចបោះជាប់គាត់អាដែល ពួកគាត់ឆ្លើយថា គាត់មិនបោះអោយណា គាត់បោះអោយ សម្តេចតេជោទេ ។ ចឹងបានថានិយាយលែងចេញ និយាយសរុបទៅពួកគាត់មិនដឹងថាសន្លឹកឆ្នោតនឹងជាអ្វីផង ទេ? មិនដឹងថាតើវាសំខាន់ចំពោះអាណាគត គាត់កូនចៅគាត់ម៉េចផង គាត់បែនិយាយថា មិនដែលគណះបក្សណា អោយអំណោយដូចគណះបក្ស សម្តេចដៃជោផង ហឹមយ៉ាប់ណាស់

  5. មែន ការធ្វើស្រែពិតជាពឹងផ្អែកលើទឹកភ្លៀង ចុះបើគ្មានភ្លឿងតើអោយកសិករយើងធ្វើស្រែ​បានយ៉ាងដូចម៉្តេច? និយាយអីចឹងចុះហេតុអ្វី​បានជារដ្ឋាភិបាលមិនអើពើ អំពីរៀងនេះផង ? កម្ពុជា ជាប្រទេសកសិកម្ម ចុះបើកសិកម្មអន់ថយ តើជាតិទៅជាយ៉ាងណា? កសិករយើងវិញ​សង្ឃឹមអ្វី?…

  6. កាល​ណា​បើ​ស្រុក​ខ្វះ​ស៊ី មាន​នរណា​ទៅ​មាន​​ពេល​គិត​គូរ​រឿង​ប្រទេស​ជាតិ។ បើ​មិន​ចង់​ស្លាប់​ មិន​ចង់​ឱយ​កូន​ចៅ​អត់​ស៊ី មាន​តែ​ពុក​រលួយ ដើរ​ផ្លូវ​ទុច្ចរិត​តាម​មេធំៗ។ បើ​ហ៊ាន​តែ​បំរះ​តែ​ម្នាក់​ឯង ចោល​ឆ្អឹង​ព្រៃ​ស​តែ​​អីចឹង។ នរណា​ៗ​ចេះ​តែ​គិត​ឃើញ​ហើយ តែ​ខ្លាច​ក្រែង​តែ​ថា​មិន​បាន​ដូច​ធ្វើ​ប៉ុណ្ណោះ។
    ស្រួល​មិន​ស្រួល រៀន​មិន​ទាន់​ចប់​ផង ម៉ែ​ថា​អស់​ស្រែ អស់​ផ្ទះ​ហើយ ពុទ្ធោ!​ ខ្ញុំ​ប្រហែល​ជា​ត្រូវ​ទៅ​លក់​កំលាំង​នៅ​ស្រុក​ថៃ​នឹង​គេ​ហើយ​មើល​ទៅ។

  7. ខ្ញុំ​សូម​អភ័យទោស​​ចំពោះ​អ្នក​ផ្ដល់​មតិ​ឈ្មោះ khmer99 ដោយ​ខ្ញុំ​សូម​លុប​វិចារ​​ ដែល​បាន​និយាយ​ទាក់ទង​នឹង​នយោបាយ​ពី​រឿង​ឃាតកម្ម​​​នៅ​លើ​អត្ថបទ​នេះ។ ដោយសារ​អត្ថបទ​នេះ ជា​រឿង​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ និង​មិនមាន​និន្នាការ​នយោបាយ​អ្វី​ឡើយ។

    សូម​អរគុណ

  8. My sympathy goes to all farmers, in particular, during this hard time – drought.

    Traditionally, farmers rely on rain fall to commence their cultivate but it is no longer appropriate as the weather pattern is changing from one season to the next – too little or too much rain fall would impact the cultivation.

    The best solution to this problem is to have all necessary irigation systems in place [job for the government to do].

    Fertilizers is another factor that farmers took into account in order to have the yields they expected. With current inflation [some say much to do with uncontrolled price by authority rather than the fluctuation of world commodity] will of course sending our farmers to the brink of giving up farming completely. Organic fertilizer may be the way to go but, farmers hardly have enough numbers of cattle, pigs, chicken necessary to produce enough wastes that can be subsituted.

    Another way to help farmers to help themselves is to have an integrate farming – of course, can reduce the financial burden fro buying foods and will be good in barter trade with other fellow farmers

  9. ប្អូនបឿន ខ្ញុំក៏មានបងស្រីម្នាក់ដែលមានកូនស្រែតូចមួយនៅឯជាយភ្នំសម្រាប់
    ធ្វើចម្ការ និងដាំស្រូវចិញ្ចឹមជីវិត ប៉ុន្តែពីរឆ្នាំនេះមិនបានផលល្អទេ ។ កុំតែមានប្អូនៗនៅខាងក្រៅជួយទិញអង្ករអោយហូប មិនដឹងជាបានអីទេ ។
    ចុះបើអ្នកគ្មានទីពឹង តើទៅរកអីបានហូប ?
    ជីវិតកំសត់មានរាប់មិនអស់ ខ្ញុំក៏ធ្លាប់មានការឆ្លងកាត់ជាច្រើនដងដែរ ។

  10. អ្នក​នៅ​ភូមិ​ខ្ញុំ បាន​ឲ្យ​កូនៗ​ដែល​មាន​អាយុ ១៩ ២០​ឆ្នាំ ឲ្យ​ទៅ​ធ្វើការ​នៅ​ថៃ ៤ ៥​នាក់​ហើយ។ ប៉ុន្តែ​ឮ​ថា​មិន​អី​ទេ ព្រោះ​គេ​អាច​ផ្ញើលុយ​មក​ម៉ែ​ឪ​ខ្លះ​ដែរ គ្រាន់​តែ​ពួកគេ​អត់​បាន​រៀន​សូត្រ​ត​ប៉ុណ្ណឹង។

  11. អនិច្ចាណាស់ជីវិតអ្នកស្រែ គ្មានទេពេលសំរាក តាំងតែព្រលឹមទល់ព្រលប់ ខ្វាយខ្វល់តែរឿងស្រែចំការ។ ចំនែកឯមន្រី្តធំៗវិញគិតតែការសប្បាយ​គ្មានខ្វល់​ ពីសុខទុក្ខរបស់រាស្រ្តឡើយ។ គិតទៅភាពក្រីក្រនៅតែមានជានិច្ច មិនដឹងថា​ពេលណាទៅកសិករសប្បាយ ធូរធារមានបានគ្រប់គ្រាន់ទៅ?​ អនិច្ចា! ជីវិតកូនអ្នកស្រែ ចុះបើចោលស្រែបានអ្វីចិញ្ចឹមជីវិត ហើយបើចោលការសិក្សា ជីវិតក៏ត្រូវបឮញ្ចប់ដូចគ្នា! តើគិតយ៉ាងណា? មានតែការតស៊ូតែប៉ុណ្ណោះ ជាមាគ៌ាដ៏ល្អក្នុងការទំលុះរាល់ឧបសគ្គនានា!!! សូមអោយទទួលជោគជ័យ​ទាំងអស់គ្នា!

  12. ប្អូនបឿន

    ប្អូនមានប្រសាសន៍នឹងត្រូវហើយ បើមើលពីក្នុងមកក្រៅនុះឃើញថា ជឿនលឿនមែន តែបើមើលពិក្រៅទៅក្នុងវិញ ដូចជាយាប់ណាស់ កម្ពុជាយើង អាណិតនោះហួសពិអាណិតហើយ ព្រោះខ្ញុំជាអ្នកស្រែំមួយនាក់ដែរ មិនដឹងជាជឿនលឿនខ្មោចយរ៍អីទេ អ្នកស្រែ ក្រីក្រនៅតែក្រ រកតែខោស្លីប មួយក៏មិនចង់បានផង ! ជឿនលឿនហ្នឹងដើរថយក្រោយហើយប្អូនអើយ ​!

    អូ ! និយាយពិនឹកស្រុក ខ្ញុំក៏នឹកស្រុកណាស់ដែរ បែក ៣០ ឆ្្នាំហើយ មិនទាន់មានឧកាសបានទៅលេង មីង មា កុង មា​​ នៅឡើយទេ ខ្ញុំ

  13. អាន​អ្វី​ដែល​បឿន​ឯង​សសេរ​ហើយ​នឹក​ដល់​បទ​ចម្រៀង អនិច្ចា​អ្នក​ស្រែ​ស្តាប់​ហើយ​នឹក​ស្រណោះ​ខ្មែរ​មួយ​ភាគ​ធំ​ដែលមានអាជីព​ជា​អ្នក​ស្រែ ។ សង្ឃឹម​បាន​ត្រឹម​តែ​សង្ឃឹម​ថា​ ប្រទេសជាតិ​រីកចម្រើន​ សេចក្តី​សុខ​របស់​ខ្មែរ​គ្រប់​រូប​ក៏នឹង​កើន​ឡើង​ដែរចុះ!

  14. នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​តាម​ផ្លួវ​ជាតិ​លេខ​៣ ឆ្ពោះ​ទៅកាន់​ទីក្រុង​កែប​ ខ្ញុំ​ឃើញ​មាន​ស្រែ​មួយ​ចំនួន​ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្ទូង​រួចរាល់​ហើយ និង​ស្រែ​មួយចំនួន​មិន​មាន​ទឹក​មួយ​ដំណក់​នៅ​ក្នុង​ស្រែ​ឡើយ​ ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ដេក​ទន្ទឹម​រង​ចាំ​ទឹក​ភ្លៀង​ធ្លាក់​មក​។ នេះ​គឺ​ជា​ជីវិត​របស់​អ្នក​ស្រែ​​ ចំការ​ តែង​តែ​រងចាំ​នូវ​ទឺក​ បើ​មិន​មានទឹក​ធ្លាក់​មក​គ្រប់​គ្រាន់​ទេ ប្រជាពលរដ្ឋ​នឹង​ទទួល​នូវ​ភាព​អត់​ឃ្លាត​ជា​មិន​ខាន​។

  15. សូមបងប្អូនខ្មែរប្រុងប្រយ័ត្នថៃថាគេមានភស្តុតាងថ្មីបើលើងតុលាការសាជាថ្មីទៀតគេឈ្នះខ្មែរយ៉ាងពិតប្រាកដ
    ប្រិយមិត្តគង់បានដឹងហើយថា សព្វថ្ងៃថៃកំពុងតែដើររឿងអោយ Google Earth សរសេរផែនទីថ្មី ដូចជាប្រាសាទតាមាន់ធំជាដើម ។

  16. បឿនខ្ញុំបានអានអត្តបទមួយមានពី ភ្នំពេញប៉ុស្ត និយាយពីពួកបោកយកលុយ តាមរយះអេធីអឹម លេខគណនី(ATM account number) តាមរយះការផ្ញើរ ម៉េល (Net scams) ដូចជានិយាយថា អ្នកត្រូវឆ្នោតរាប់លានដុល្លា ។ល។​ ហើយឥលូវកំពុងវាយលុកចូលស្រុកខ្មែរ ខ្ញុំចង់អោយបឿន post នៅក្នុងប្លុកបឿន(សំបូរអ្នកចូលអាន) អត្តបទដើម mail បោកប្រាស់កំពុងវាយលុកប្រទេសកម្ពុជា តាមរយះសហរដ្ឋពួកនេះភាគច្រើនចេញពីប្រទេស Negeria

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s