សារព័ត៌មាន

អាជ្ញាធរ​ខែត្រ​កំពត​បង្កើន​សកម្មភាព​រុះរើ​ផ្ទះ​ពលរដ្ឋ​នៅ​ឃុំ​តាកែន


2008-07-05

ប្រជាពលរដ្ឋ ​នៅ​ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា​កង​កម្លាំង​ប្រដាប់​អាវុធ​បាន​បង្កើន​សកម្មភាព​រុះរើ​ផ្ទះ​ សម្បែង​របស់​ពួក​គាត់​នៅ​ថ្ងៃ​សុក្រ​នេះ ។

ខណៈ​ដែល​ក្រុម​មន្ត្រី​និង​កង​កម្លាំង​ប្រដាប់​អាវុធ​បង្កើន​សកម្មភាព​ រុះរើ​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​ចំណុច​អន្លង់ក្រោម ភូមិ​ជ័យ​សេនា ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត កាន់តែ​ខ្លាំង​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០០៨​នេះ ប្រជាពលរដ្ឋ​ក៏​បាន​បង្កើន​ការទាមទារ​សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ថ្លែង​ បញ្ជាក់​ឲ្យ​បាន​ច្បាស់​តាម​រយៈ​វិទ្យុ​ឬ​ទូរទស្សន៍​ថា តើ​រដ្ឋ​ពិត​ជា​ត្រូវការ​ដក​យក​ដី​ពី​ពួក​គាត់​សម្រាប់​ការអភិវឌ្ឍ​មែន​ឬ​ យ៉ាង​ណា ?

ស្ត្រី​ម្នាក់​បាន​ពោល​ត្អូញត្អែរ​ថា​ក្រុម​មន្ត្រី​និង​កង​កម្លាំង​ ប្រដាប់​អាវុធ​បាន​រុះរើ​ផ្ទះ​របស់​គាត់ ទោះបី​ជា​កូន​របស់​គាត់​កំពុងតែ​មាន​ជំងឺ​ក៏​ដោយ ៖ «កូន​ខ្ញុំ​ឈឺ អង្វរ​គេ​ថា​កុំ​ឲ្យ​រុះ​ចេញ ឥឡូវ​គេ​រុះ​ហើយ​ផ្ទះ​ខ្ញុំ ។ ដាំ​ទឹក​ក្ដៅ​មិន​ទាន់​ពុះ​គេ​រុះ​ផ្ទះ ដាំ​បាយ​មិន​ទាន់​ឆ្អិន​គេ​រុះ​ផ្ទះ ធ្លាក់​លើ​ក្បាល​វា​ហ្នឹង ។ អត់​មាន​កន្លែង​នៅ​ផង ឈរ​ក្រោម​ដើម​ឈើ…»

បុរស​ម្នាក់​ដែល​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​ឈរ​ជើង​នៅ​ចំណុច​អន្លង់​ ក្រោម​បាន​មាន​ប្រសាសន៍​ថា លោក​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​អង្គភាព​ព្រោះ​លោក​មិន​អាច​ទ្រាំ​មើល​ ការលំបាក​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ។

បុរស​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​យោធា​នៅ​តាកែន​ហ្នឹង កង​កម្លាំង​ប្រដាប់​អាវុធ​តាកែន ប៉ុន្តែ​ខ្ញុំ​មក​ផ្ទះ​ផ្អាក​ប៉ុណ្ណឹង​សិន ឃើញ​វា​មិន​ទំនង​គប្បី ខ្ជិល អាណិត​ប្រជាពលរដ្ឋ»

មន្ត្រី​សាលា​ខេត្ត​កំពត​ទទួល​បន្ទុក​ការងារ​ស្ថិតិ​និង​រដ្ឋបាល​នៃ​អនុ​ គណៈកម្មការ​បែងចែក​និង​ផ្ដល់​ជូន​ដី​សម្បទាន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ ជុំវិញ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​៣១៧ ក្នុង​ភូមិ​ជ័យ​សេនា លោក សឹម ពុទ្ធា បាន​អះអាង​ប្រាប់​មន្ត្រី​សិទ្ធិ​មនុស្ស​ថា​លោក​នឹង​ពិនិត្យ​ឡើង​វិញ​នូវ​ ដំណោះស្រាយ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ។

អ្នក​សម្រប​សម្រួល​នៃ​សមាគម​អាដហុក ប្រចាំ​ខេត្ត​កំពត​និង​ក្រុង​កែប អ្នកស្រី ទ្រី ឈួន បាន​មាន​ប្រសាសន៍​ថា​គោលការណ៍​ជា​ឯកតោ​ភាគី​របស់​អនុ​គណៈកម្មការ​ធ្វើ​ឲ្យ​ មាន​ផល​ប៉ះពាល់​ដល់​ដំណើរការ​ដោះស្រាយ​វិវាទ ។

អ្នកស្រី ទ្រី ឈួន បាន​មាន​ប្រសាសន៍​ថា ៖ «ចំពោះ​ខាង​សង្គម​ស៊ីវិល​ កាលពី​ល្ងាច​ម្សិលមិញ​នេះ បាន​បើក​កិច្ចប្រជុំ​មួយ​ដែល​មាន​ការចូលរួម​ពី​សហគមន៍​នៅ​ក្នុង​ខេត្ត​កំពត ប្រហែល​ជា​ជិត​១០​សហគមន៍ ហើយ NGO ទាំងអស់​មាន​៥ NGO ។ ហើយ​ការប្រជុំ​ហ្នឹង​យើង​បាន​សម្រេច​គ្នា​រៀបចំ​ឲ្យ​មាន​សេចក្ដី​ថ្លែងការណ៍ ​រួម​មួយ​ដើម្បី​សុំ​អំពាវនាវ​ទៅ​ដល់​អនុ​គណៈកម្មការ​នៅ​តំបន់​ក្បាល​ដំរី ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត​កំពត​ដែរ​ជា​ពិសេស ដើម្បី​ឲ្យ​ធ្វើការ​ដោះលែង​អ្នក​ទាំង​៤​ដែល​អនុ​គណៈកម្មការ​ចាប់​យក​មក​ដាក់ ​មន្ទីរ​ឃុំឃាំង ។ មួយ​ទៀត​គឺ​រឿង​សុំ​ឲ្យ​លុប​គោលការណ៍​ជា​ឯកតោ​ភាគី​របស់​អនុ​គណៈកម្មការ ហើយ​និង​ចំណុច​ទី​៣​ហ្នឹង​គឺ​សុំ​ឲ្យ​អនុ​គណៈកម្មការ​ហ្នឹង​រៀបចំ​ឲ្យ​មាន​ ដំណោះស្រាយ​ឡើង​វិញ ធ្វើ​យ៉ាងម៉េច​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​យក​បាន»

ប្រជាពលរដ្ឋ​រស់​នៅ​ចំណុច​អន្លង់​ក្រោម​ភាគ​ច្រើន​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ក្រាញ​មិន​ព្រម​ចាកចេញ​ព្រោះ​ពួក​គាត់​នៅ​មាន​មន្ទិល​ចំពោះ​ចំណាត់ ​ការ​របស់​មន្ត្រី​អាជ្ញាធរ ហើយ​ក្ដី​សង្ឃឹម​របស់​ពួក​គាត់​មាន​តែ​មួយ​គត់​គឺ​នៅ​រង់ចាំ​​ប្រសាសន៍​របស់ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ៕

អាស៊ីសេរី

1 thought on “អាជ្ញាធរ​ខែត្រ​កំពត​បង្កើន​សកម្មភាព​រុះរើ​ផ្ទះ​ពលរដ្ឋ​នៅ​ឃុំ​តាកែន”

  1. តាម​ពិត​ទៅ​បញ្ហា​ចឹង​ៗ​ជា​បញ្ហា​ដែល​ខ្ញុំ​ឈឺក្បាល​នឹង​ការ​ឈរ​មើល​ស្ថានភាព​នៅ​ស្រុក​យើង​សព្វ​ថ្ងៃ​នេះណាស់។ បញ្ហាដី​ធ្លី​ហ្នឹង​រដ្ឋ​មិន​បាន​ដោះស្រាយ​ឲ្យ​ពួកគាត់​បាន​សម​ស្រប​ម្តងណា​ទេ, លើ​ណា​ក៏​ឃើញ​តែ​មាន​ការ​រុះ​រើទាំង​បបង្ខិត​បង្ខំ។ ខ្ញុំ​គិត​ថា​ប្រ​សិន​បើ​មាន​ដំនោះ​​ស្រាយ​សម​ស្រប​សម្រាប់ពួកគាត់​ ពួកគាត់​ក៏​មិន​ទ្រាំនៅ​ក្រាញ​ននៀល​លើ​ដី​នោះ​ដែរ តែ​ដោយ​សារ​ពួកគាត់គ្មាន​ផ្លូវ​នឹង​ទៅ ហើយ​រាល់​ការ​ដោះ​ស្រាយ​របស់​ភាគី​ដក​ហូត​ដី​ពួកគាត់​មិន​អាចទទួល​បាន​ទេ ព្រោះ​គាត់​ដឹង​ថា​គ្មាន​ផ្លូវ​នឹង​រស់ល្អជាង​កន្លែង​ចាស់​របស់​គាត់។
    ខ្ញុំ​និយាយ​ចឹង​មិន​មែន​មាន​ន័យ​ថា​ខ្ញុំ​ទះ​ដៃ​ម្ខាង​ឲ្យ​ឮ​ជា​សម្លេង​នោះ​ទេ តែ​វា​ឃើញ​ផ្ទាល់​នឹង​ភ្នែកពេក, រឿង​ដែល​កន្លង​មក​ភាគី​ប្រមូល​ដី​ឆ្លើយ​ដាក់​គ្នា​ទៅវិញ​ទៅ​មក​ដោយ​គ្មាន​ទំ​នួល​ខុស​ត្រូវ,តាំងពី​ថ្នាក់ក្រោម​ដល់​ថ្នាក់​លើ, ថា​ថ្នាក់​ក្រោម​ទៅ​គ្នា​មិន​ហ៊ាន​អារកាត់​ ចុះ​ថ្នាក់​លើ​នោះ​យ៉ាង​ណា​ដែរ​ សិទ្ឋ​អំនាច​ទៅ​ណា​អស់​ហើយ ឬ​នៅ​តែ​សិទ្ឋ​ដើម្បី​គៀប​ប្រជា​ពលរដ្ឋ​ទន់​ខ្សោយ​មែន​ទេ? ពេល​មាន​សំនួរ​ទៅ​ដល់​ថ្នាក់​លើ​ ពួកគេ​ឆ្លើយ​ថា​គាត់​មិន​ទាន់​បាន​ដឹង​ព្រោះ​គ្មាន​អ្នក​ណា​គេ​រាយ​ការណ៍, ប្រ​ហែល​ជា​គាត់​នៅ​ក្នុង​បន្ទប់​សុញ្ញកាស ទេ​ដឹង​​បាន​ជា​ពត៌មាន​ឮ​កក្រើក​ផែន​ដី​គាត់​នៅ​ជិត​ហ្នឹង​មិន​ដឹង​សោះ,​ទង្វើ​បែប​ហ្នឹង​ជា​ទង្វើជា​ទង្វើ​មិន​មាន​ទំនួល​ខុស​ត្រូវ​ទាល់​តែ​សោះ ជា​ទង្វើ​ដែល​មិន​សម​ជា​អ្នក​ដឹក​នាំ។
    ខ្ញុំ​ក៏​ដឹង​ថា​រដ្ឋ​យើង​នៅ​ក្រ ពុំមាន​លទ្ឋភាព​ក្នុង​ការ​ផ្គត់​ផ្គតង​១០០%​តាម​សំនុមពរ​របស់​រាស្រ្ត​ដែល​ត្រុវ​ដក​ហូត​ដី​ទេ តែ​គូរ​តែ​មាន​ដំនោះ​ស្រាយ​ណា​មួយ​ដែល​ល្អ​ជាង​នេះ។ រាល់​ប្រ​តិកម្ម​របស់​ប្រជា​ពលរដ្ឋ​សុទ្ឋ​តែ​សរបញ្ជាក់​ឲ្យ​ឃើញ​ថា​មាគ៌ា​ដឹក​នាំ​កំពុងតែ​ប្រាស់​ចាកពីគោល​ការណ៍​ដែល​គេ​តែង​តែ​និយាយ​ថា​ធ្វើ​អ្វីៗ​ដើម្បី​សេចក្តី​សុខ​របស់​រាស្ត្រ។
    នៅ​ទីនេះ​ក៏​មាន​ការ​​ដក​ហូត​ដី​របស់​រដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ដែរ តែ​មុន​នឹង​ធ្វើ​ការ​ដក​ហូត​គេ​បាន​គិត​ទុក​ជា​ស្រេច​ថា​ហ្នឹង​ដោះ​ស្រាយ​យ៉ាង​ណា​ដើម្បី​ប្រជាជន​គេ​មិន​មាន​ប្រតិកម្ម,​គេ​សាក​ល្បង​ស្ទង់​មតិ​ប្រជា​ជន​គេ​ដើម្បី​​ឲ្យ​ដឹង​ថា​គំរោងការណ៍​របស់​រដ្ឋ​អាច​ដំនើរ​បាន​ឬអត់។
    ជាក់​ស្តែង ក្នុង​ការ​ពង្រីក​ផ្លូវ​ថ្នល់​មួយ គេ​ចំនាយ​លុយ​ក្នុង​ការ​ដោះ​ស្រាយ​លំនៅ​ស្ថាន​ឲ្យ​ប្រជា​ជន​គេ​អស់​ច្រើន​ជាង​លុយ​ដែល​គេ​យក​ទៅ​ធ្វើ​ថ្នល់​ទៅ​ទៀត។ នេះ​មិន​មែន​រដ្ខ​គេ​មាន​ទេ តែ​គេ​ចេះ​ដោះ​ស្រាយ​សម​ស្រប​ឲ្យ​ប្រជាជន​គេ ព្រោះថា​រាល់​ប្រតិកម្ម​របស់​ប្រជាជន​គេ​ជា​កត្តា​រាំ​ង​ស្ទះ​មួយ​យ៉ាង​ធំ​មិន​អាច​ដំនើ​រការ​អភិវឌ្ឍន៍​បាន​ស្រួល​ទេ។
    តើ​នៅ​ស្រុក​យើង​មាន​បាន​គិត​ចឹង​ទេ,មាន​បាន​គិត​ពីប​សុខ​ទុក្ខ​របស់​រាស្រ្តទេ, ឬ​ក៏​គ្រាន់​តែ​បោក​រាស្ត្រ​យក​តែ​សន្លឹក​ឆ្នោត​ទេ????
    ឈឺក្បាល​!!!!!!!!!!!!!!!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s