ប្រាសាទ​ខ្មែរ, សារព័ត៌មាន, ស្រុក​ខ្មែរ

គណៈកម្មាធិការ​ព្រឹទ្ធសភា​ថៃ​ជំទាស់​នឹង​ការដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​តាម​ផែនទី​ថ្មី


ទៀត​ហើយ ល្បង​ថៃ​យើង!

កាសែត​ថៃ​បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​ថៃ នឹង​ដាក់​សំណើ​ជា​ផ្លូវការ​ទៅ​អង្គការ​យូណេស្កូ (UNESCO) ដើម្បី​ពន្យារ​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅ​ជា​បេតិកភណ្ឌ​ពិភពលោក ។

ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​ថៃ លោកស្រី ពីគុលកែវ គ្រីរីកស៍ ត្រូវ​បាន​កាសែត​ស្រង់​សម្ដី​ថា ក្រសួង​ការ​បរទេស​ធ្វើការ​ខ្វះ​តម្លាភាព​ក្នុង​ការចរចា​ជាមួយ​សមភាគី​ កម្ពុជា​លើ​បញ្ហា​ប្រាសាទ​ព្រះវិហារ ។

រដ្ឋមន្រ្តី​ការបរទេស​ថៃ លោក ណុបផៈដុន បាតាម៉ា បដិសេធ​ការលើកឡើង​នោះ​ដោយ​ពន្យល់​ថា តុលាការ​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ​បាន​កាត់សេចក្តី​ប្រគល់​ប្រាសាទ​ ព្រះវិហារ​ឲ្យ​ទៅ​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​១៩៦២​មក និង​ថា​ការសម្រេច​ឲ្យ​កម្ពុជា​ប្រើ​ផែនទី​ថ្មី​ក្នុង​ការដាក់​បញ្ចូល​ ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​ការការពារ​របស់​អង្គការ​យូណេស្កូ នឹង​មិន​ធ្វើ​ឲ្យ​ថៃ​បាត់បង់​ទឹក​ដី​នោះ​ទេ ។

លោក ណុបផៈដុន បាតាម៉ា បាន​មាន​ប្រសាសន៍​ថា ៖ “ជោគជ័យ​របស់​ក្រសួង​ការ​បរទេស​គឺ​ថា វា​បាន​បញ្ឈប់​កម្ពុជា​ពី​ការដាក់​បញ្ជូល​ដី​របស់​ថៃ​ទៅ​ក្នុង​សំណើ​ទៅ​ អង្គការ​ពិភពលោក វា​ជា​ការចាំបាច់​ណាស់ តែ​ខ្ញុំ​គិត​ថា​ជនជាតិ​ថៃ​ទាំងអស់​ត្រូវ​យល់​ហើយ​វា​ត្រូវ​បាន​កត់ត្រា​ជា​ ឯកសារ​និង​មិន​អាច​បំភ្លេច​បាន​ទេ” ។

ទោះជា​យ៉ាងនេះ​ក្តី​សមាជិក​សភា​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​កម្ពុជា​និង​ សកម្មជន​ឃ្លាំមើល​បញ្ហា​ព្រំដែន​កម្ពុជា​បាន​បង្ហាញ​ទស្សនៈ​ថា ការប្រើ​ផែនទី​ថ្មី​របស់​កម្ពុជា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ដើម្បី​ដាក់​បញ្ចូល​ប្រាសាទ​នេះ​ជា​មរតក​ពិភពលោក គឺ​ជា​ការខាតបង់​សម្រាប់​កម្ពុជា​ទៅវិញ​ទេ ។

ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​កម្ពុជា លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា ៖ «បញ្ជាក់ ​ថា​រឿង​ប្រាសាទ​ព្រះវិហារ​ហ្នឹង​ជា​ប្រាសាទ​របស់​ខ្មែរ​ទាំងស្រុង​ហើយ អត់​មាន​រឿង​អី​ត្រូវ​ព្រួយបារម្ភ អត់​មាន​រឿង​អី​ត្រូវ​ថៃ​មក​លើក​បញ្ហា​ប្រាសាទ​ទេ ហើយ​ការដាក់​ជា​បេតិកភណ្ឌ​អន្តរជាតិ​នោះ ត្រូវតែ​យើង​សិក្សា​ជាមួយ​ភាគី UNESCO តែ​មួយ​មុខ​ដើម្បី​ឲ្យ​ដឹង​ថា វា​មាន​មូលហេតុ​អី​បាន​ថៃ​មាន​សិទ្ធិ​មក​តវ៉ា​នៅពេល​ដែល​ប្រទេស​កម្ពុជា​យក​ ប្រាសាទ​របស់​ខ្លួន​ទៅ​ដាក់​ជា​សម្បត្តិ​របស់​ពិភពលោក​នេះ វា​អត់​មាន​ហេតុផល​ទាល់តែ​សោះ»

ប៉ុន្តែ​លោក​ថា​អ្វី​ដែល​លោក​ព្រួយបារម្ភ​គឺ​ការសម្រេច​គូរ​ផែនទី​ថ្មី​ ផ្ញើ​ទៅ​ឲ្យ​ភាគី​ថៃ ដោយ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​កម្ពុជា​ក្នុង​ស្ថានភាព​លាក់លាម​មិន​បាន​ឲ្យ​ រដ្ឋសភា​ដឹង និង​មាន​ចរិត​បង្កប់​នូវ​ផលប្រយោជន៍​ឯកជន​ច្រើន​ជាង​ប្រយោជន៍​ជាតិ ។

ប្រធាន​គណៈកម្មាធិការ​ជាតិ​កិច្ចការ​ការពារ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ធ្លាប់​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ជុំវិញ​ផែនទី​ថ្មី​នៃ​ប្រាសាទ​សម្រាប់​ ការដាក់​បញ្ចូល​ជា​មរតក​ពិភពលោក​យ៉ាង​ដូច្នេះ ៖ «នៅ​ក្នុង​ឱកាស​ដែល​ កម្ពុជា​ដាក់​ប្រាសាទ​ព្រះវិហារ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក យើង​អត់​យក​បញ្ហា​ព្រំដែន​មក​និយាយ​ទេ គេ​អត់​និយាយ​ទេ វេទិកា​អង្គការUNESCO ជា​វេទិកា​វប្បធម៌ គេ​អត់​និយាយ​រឿង​ព្រំដែន​ទេ»

អាស៊ីសេរី

Advertisements

22 thoughts on “គណៈកម្មាធិការ​ព្រឹទ្ធសភា​ថៃ​ជំទាស់​នឹង​ការដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​តាម​ផែនទី​ថ្មី”

  1. ស្អី​ស្ដាប់​រ៉ាត់យ៉ូ​យប់​មិញ​ថា ស៊ីញ៉េ​យល់​ព្រម​ហើយ ហើយ​ខាង​គាត់(លោក ណុប) ក៏​ថា​វា​គ្មាន​ប៉ះ​ពាល់​ទឹក​ដី​អី​ដែរ ហើយ​ក៏​បាន​បក​ស្រាយ​ពល​រដ្ឋ​ខាង​គាត់​ដែរ ទោះ​មាន​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​មិន​ស្រប​ក៏​ដោយ ។ គាត់​ថា​ខាង​ខ្មែរ​សុំ​សិទ្ធិ​តែ​តួ​ប្រាសាទ​ប៉ុណ្ណោះ… អត់​មាន​ប៉ះ​ព្រំដែន​ម៉ា​​សង់ទីម៉ែត​អី​ទេ ។ ឥឡូវ​ខាង​ប្រឆាំង​នៅ​ថៃ ក៏​គេ​ថា​ខាត! ដល់​ខាង​ប្រឆាំង​នៅ​ខ្មែរ ក៏​ថា​​ខាត​ដែរ! ចឹង​មាន​តា​ខាត​ទាំង​អស់​គ្នា​ទៅ​ចឹង!!

  2. កាច​ម៉េះ!! ខ្ញុំ​ថា​គាត់​មិន​មែន​ចង់​បាន​ប្រាសាទ​ទេ គ្រាន់​តែ​ខ្លាច​បាត់​ទឹក​ដី​ជុំវិញ​តួ​ប្រាសាទ ! ណា​មួយ​ខ្លាច​ខាត​ប្រយោជន៍​ប្រយួយ​អី​គេ​ផស់​គាត់​ផង ។ បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា​អាហ្នឹង​អត់​មាន​ទាក់​ទង​នឹង​រឿង​ព្រំដែន​ទេ ខាង​ព្រំ​ដែន​គេ​មាន​អ្នក​ដោះ​ស្រាយ​ផ្សេង​ ។ ត​វ៉ា​មិន​ត​វ៉ា ក៏​វា​ត​រួច​ទៅ​ហើយ… មនុស្ស​យើង​​មនុស្ស​គេប្រាកដ​ជា​មាន​មាត់​ហើយ ។ សូម្បី​អ្នក​ជិត​ខាង​គ្នា​ គ្រាន់​តែ​ដើម​ឫស្សី​ទេរ​​ដើម​ចូល​របង​ផ្ទះ​ តាំង​ទៅ​កាប់​ឫស្សី​គេ​ខ្ទេច ! ខាង​នោះ​ខឹង​ចាំ​កាល​មិន​មក​កាប់​គុម្ព​ចេក​គាត់​វិញ ។

  3. កំណាព្យប្រដៅសៀម

    នែ៎!សៀមឈាមថោក គំនិតស្មោកគ្រោក លោភលន់ឥតខ្មាស់ ព្រះវិហារនេះណា ពិតខ្មែរជាម្ចាស់ សកលជ្រាបច្បាស់ គ្រប់ទីគ្រប់ឋាន។
    នែ៎!សៀមចង្រៃ កុំដេកស្រមៃ​ អោយហួសក្តីស្មាន ព្រះវិហាររបស់ខ្មែរ ឥតប្រកែកបាន តុលាការបាន កាត់ក្ដីរួចហើយ។
    នែ៎!សៀមទុរយស ទៅផ្ទះវិញចុះ​ កុំនៅកន្តើយ បើចង់សុខខ្លួន ចេញកុំងាកក្រោយ យើងប្រាប់អោយហើយ នេះការព្រមាន៕

    និពន្ធដោយ
    Khmer Students Association in Germany
    សូមអ្នកទាំងអស់គ្នាមេត្តាជួយធ្វើការផ្សព្វផ្សាយបន្ត សូមអរគុណ

  4. ខ្ញុំ​បាន​អាន​កាសែត​ព្រឹក​មិញ​ដែរ​អំពី​ការ​ធ្វើ​បាតុកម្ម​ពី​បន​សៀម​នៅ​ខាង​មុខ​ច្រក​ទ្វារ​ចូល​ប្រាសាទ​ព្រះ​វិហារ​ជា​ទី​គោរព​នៃ​យើង។ អា​ពួក​អស់​នេះ វា​ធ្វើ​ឲ្យ​តែ​មាន​បញ្ហា​ដើម្បី​រារាំង ឬ​ពន្យា​ពេល​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះ​វិហារ​របស់​យើង។ យើង​ចាំ​មើល​ថា​តើ​អា​ពួក​ហ្នឹង​វា​មាន​ប៉ុន្មាន​ល្បិច​ក្បាច់​ទៀត ?

    ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែរ​ដែល​ឃើញ​ពួក​ហ្នឹង​មិន​ត្រូវ​គ្នា។ វា​ធ្លាប់​តែ​មាន​អំណួត​ថា​ប្រទេស​វា​មិន​ដែល​មាន​សង្គ្រាម និង​មិន​ដែល​ស្ថិត​ក្រោម​អាណានីគម​ប្រទេស​ណានោះ តែ​ឥឡូវ​បែរ​ជា​មាន​បញ្ហា​មិន​ឈប់ រាប់​តាំង​ពី​អំពើ​ហិង្សា​ដែល​មាន​មនុស្ស​ស្លាប់​ជា​បន្ត​បន្ទាប់​នៅ​ខេត្ត​ភាគ​ខាង​ត្បូង​ដែល​មាន​ជន​មូស្លីម​ភាគ​ច្រើន រហូត​ដល់​ការ​មិន​ចុះ​សម្រុង​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ។ល។ ប្រទេស​នេះ​ក៏​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​ដែរ​ខាង​ការ​ដែល​មាន​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ច្រើន​ជាង​គេក្នុង​លោក។ 🙂

  5. មែនហ្នឹង សុំតែខ្មែរយើងឈប់ឈ្លោះគ្នា សាមគ្គីគ្នា រួបរួមគ្នា ដោយក្តីគោរព និងស្រលាញ់​ រាប់អាន ក្នុងសេចក្តីថ្លៃថ្លូរ កសាងប្រទេសជាតិយើងឡើងវិញ ឲ្យ សាកសម នឹងអ្វីដែលដូនតាយើងបានបន្សល់ទុក្ខឲ្យ យើងបានឃើញដល់សព្វថ្ងៃ​​​! យើងទាំងអស់គ្នានឹងត្រឡប់ទៅកាន់ភាពជាអរិយប្រទេស តាមតំនើរ​នៃទំព័រប្រវត្តិសាសថ្មី ដែលយើងជាកូនចៅជំនាន់ថ្មីជាអ្នកបន្តវេនគូសវាស​ប្រកបដោយ សតិសម្បតិយ​​ បញ្ញាញាណ​នៃភាពជាអ្នកដឹកនាំ​!

    យើងនឹងមិនបន់ឲ្យគេជួបមហន្តរាយឡើយ តែដោយសារអំពើឥតកេរ៌ខ្មាស់របស់គេ សូមឲ្យគេទទួលយកផលទាំងពួងនៃអំពើលោភនោះទៅចុះ!

    ជ័យយោ ជាតិខ្មែរ
    ជ័យយោ ព្រះពុទ្ធសាសនា
    ជ័យយោ ព្រះមហាក្សត្រ
    ជ័យយោ ព្រះរាជាណាចក្រកម្ពុជា

    ដោយក្តីគោរព និង​ដឹងគុណបំផុត​!!!!

    គាំ ច័ន្ទរស្មី

  6. រស្មី អរគុណណាស់ដែលប្ងូនមានគំនិតផ្សព្វផ្សាយបន្ត សូមមេត្តាផ្សព្វផ្សាយឲបានកាន់តែច្រើន។​
    សង្ឃឹមថា សមាគមនិស្សិតបញ្ញាវ័ន្តខ្មែរនឹងរីកដុះដាលយ៉ាងឆាប់រហ័ស!

  7. យោបល់​ល្អ​ដែរ​ដែល​មិន​ត្រូវ​ជេរ​គេ ។ បើ​យើង​ធ្វើ​បាន​ល្អ​ណាស់​ដែល​មិន​ប្រើ​ផលិតផល​គេ ។ តែ​ខ្ញុំ​ខ្លាច​តែ​អត់​បាន ព្រោះ​បច្ចុប្បន្ន​សូម្បី​តែ​ប្រហិត​ក៏​ទិញ​ពី​គេ​ដែរ ការ៉េមកី​គួរ​តែ​អាច​ធ្វើ​បាន​ឲ្យ​វា​មាន​សោភណភាព​និង​អនាម័យ​ដូច​គេ​ទៅ ប្រាកដ​ជា​មាន​អ្នក​ទទួល​ទាន​ហើយ តែ​អត់ ។ បើ​តាម​ជាយ​ដែន​វិញ សូម្បី​តែ​ជី ខ្ទឹម ស្លឹកគ្រៃ​ក៏​អត់​ដាំ​ដែរ​ចាំ​ទៅ​ទិញ​ពី​ផ្សារ​គេ​មក​ហូប ។ ផ្សារ​ខ្មែរ​អត់​នៅ​លក់​ទេ តែ​ចង់​ទៅ​លក់​នៅ​ផ្សារ​គេ​វិញ ។ បើ​នៅ​សៀមរាប​វិញ ដី​ទុក​លក់ មិន​ដាំ​អី​ទុក​ស៊ី​ទេ ឲ្យ​តែ​ឮ​ថា​បិទ​ព្រំដែន​​ម្នាក់ៗ​បារម្ភ​ខ្លាច​អត់​ផ្លែឈើ​ស៊ី អត់​មាន​ប្រហិត​ស៊ី អត់​ទំនិញ​គេ​ប្រើ ។ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​ថា​ខ្លាច​តែ​អត់​ប្រើ​វា​មិន​បាន​ហ្នឹង​ណ៎ា ។ សូម​ទោស​គ្រប់​គ្នា​ផង​ដែល​និយាយ​បែប​នេះ ។ តែ​ខ្ញុំ​និយាយ​ការ​ពិត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s