បញ្ហា​អង្ករ​ឡើង​ថ្លៃ និង ដំណោះស្រាយ​របស់​រដ្ឋាភិបាល


បញ្ហា​អង្ករ​ឡើង​ថ្លៃ​នៅ​កម្ពុជា ជា​បញ្ហា​ធំ​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​មិន​ធូរធារ។ អង្ករ​ដែល​ធ្លាប់​លក់​ក្នុង​តម្លៃ ១៨០០៛ ឬ ២០០០៛ បាន​ឡើង​ដល់​៤០០០៛​ក្នុង​មួយ​គីឡូក្រាម នៅ​ខែត្រ​មួយ​ចំនួន ឡើង​ដល់ ៥០០០៛ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ​មិន​មាន​លទ្ធភាព​ទិញ​អង្ករ​មក​ផ្គត់ផ្គង់​គ្រួសារ​បាន​គ្រប់គ្រាន់។ កម្មករ​រោងចក្រ​ជា​ច្រើន​បាន​ឈប់​ពី​ការងារ ដោយសារតែ​ប្រាក់​ខែ​៥០​ដុល្លារ មិន​អាច​គ្រប់​សម្រាប់​ការចាយវាយ និង ទិញ​អង្ករ​បាន​មួយ​ខែ​ផង។ កម្មករ​សំណង់​ដែល​កម្មករ​ធម្មតា​បាន​ប្រាក់​ប្រចាំ​ថ្ងៃ​តែ​៨០០០៛ និង កម្មករ​ដែល​មាន​ជំនាញ​បាន​ប្រាក់​កម្រៃ​ប្រចាំ​ថ្ងៃ​១២០០០៛ ត្រូវ​ចាយវាយ​លើ​អង្ករ និង ម្ហូប​អាហារ ដែល​មាន​តម្លៃ​ខ្ពស់​កប់​ពពក។ អ្នក​រស់​នៅ​ភ្នំពេញ​ដែល​មិន​សូវ​ជា​សម្បូរ រស់​នៅ​ពឹង​អង្ករ​ផ្សារ​កំពុង​តែ​ព្រួយ​បារម្ភ​នឹង​ការ​ដាច់ពោះ​ដោយសារ​តែ​រក​លុយ​ទិញ​អង្ករ​មិន​គ្រប់។

ទាក់ទង​នឹង​បញ្ហា​អង្ករ​ឡើង​ថ្លៃ​នេះ សម្ដេច​តេជោ​បាន​មាន​ប្រសាសន៍​ថា វា​បង្ករ​ឡើង​ដោយ​ពួក​ទុច្ចរិត មិន​មែន​សម្ដេច​ជា​អ្នក​ធ្វើ​ឡើង​ដូច​ពាក្យ​ចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ទេ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សម្ដេច​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​មាន​អង្ករ​បម្រុង​សម្រាប់​ធ្វើ​អន្តរាគមន៍​ចំនួន ៥០០០០​តោន​ ហើយ​រដ្ឋាភិបាល​នឹង​ដាក់​លក់​ជូន​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​ថោក និង ដើម្បី​ទប់ទល់​នឹង​ស្ថានការណ៍​អង្ករ​ឡើង​ថ្លៃ​នេះ​ផង។ សម្ដេច​មាន​មាន​ប្រសាសន៍​ខ្លាំងៗ​ដើម្បី​គំរាម​ដល់​ជន​ទុច្ចរិត​ដែល​សម្ដេច​ចោទ​ថា​ជា​អ្នក​ធ្វើ​ឱ្យ​អង្ករ​ឡើង​ថ្លៃ ដោយ​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​អ្នក​ណា​ខ្លាំង សូម​មក​ទិញ អង្ករ​ពី ហ៊ុន សែន លក់​ឱ្យ​១​គីឡូក្រាម​ស្មើ ៥០០០៛ ។ ខ្ញុំ​នឹង​ធ្វើ​ឱ្យ​អ្នក​ឯង​បះ​ដៃ​បះ​ជើង​តែ​ម្ដង ខ្ញុំ​លក់​ឱ្យ​អ្នក​ឯង ១គីឡូ​ក្រាម ៥០០០៛ ទុក​ឱ្យ​អ្នក​ឯង​ស្តុក​ទុក​ទៅ យើង​បញ្ចេញ​លក់​ថោក ធ្វើ​ឱ្យ​អ្នក​ឯង​សន្លប់​តែ​ម្ដង” ។ សម្ដេច​បាន​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​នឹងន​ចិត្ត​ចំពោះ​មុខ​សភាពការណ៍ និង​បញ្ជា​ឱ្យ​ក្រសួង​ពាណិជ្ជកម្ម​ចុះ​ធ្វើការ​តាមដាន​បញ្ហា​នេះ ដើម្បី​ចាប់​មេខ្លោង​មក​ដាក់​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់។

កាល​ពី​ថ្ងៃ​ទី ២៦ ខែ​មិនា​ម្សិលមិញ​នេះ ឃើញ​ថា​រដ្ឋាភិបាល​បាន​បញ្ចេញ​អង្ករ​ចំនួន ៤០​តោន​លក់​តាម​ទីផ្សារ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​មាន​ដាក់​លក់​នៅ ផ្សារ​ធំថ្មី ផ្សារ​អូរឫស្សី ផ្សារ​ដើមគ និង ផ្សារ​ទួលទំពូង។ ប្រជាពលរដ្ឋ​ម្នាក់​អាច​ទិញ​អង្ករ​បាន​តែ ៥​គីឡូក្រាម ដែល​មួយ​គីឡូក្រាម​ថ្លៃ​ត្រឹម​តែ ១៨០០៛​ប៉ុណ្ណោះ។ រដ្ឋាភិបាល​នឹង​បញ្ចេញ​អង្ករ​បន្ថែម​ទៀត ប្រសិន​បើ​មិន​គ្រប់ ហើយ​ក៏​នឹង​បញ្ចេញ​លក់​នៅ​តាម​ទីផ្សារ​ផ្សេង ក៏ដូច​ជា​ខែត្រ​ផ្សេងៗ​ផង​ដែរ ដោយ​ការ​បញ្ចេញ​លក់​នេះ​នឹង​ធ្វើ​ទៅ​តាម​ដំណាក់ៗ​តាម​ស្ថានការណ៍​ជាក់ស្ដែង។

បាន​ឮ​ដំណឹង​បែប​នេះ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ គិត​ថា​នឹង​ទៅ​រក​ទិញ​អង្ករ​របស់​រដ្ឋ​នឹង​គេ។ ក្រោយ​មក​មាន​អ្នក​ជិតខាង​ដែល​បាន​ទៅ​ទិញ​រួច​ប្រាប់​ថា​អង្ករ​នោះ​ផ្អួរ​ញ៉ាំ​មិន​កើត​ទេ។ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ ខ្ញុំ​យល់​ថា​វា​ជា​នយោបាយ​មួយ​សម្រាប់​បញ្ចេញ​អង្ករ​ខូច​ចេញ​ពី​ស្តុក​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ ព្រោះ​អង្ករ​នោះ​បរិភោគ​លែង​កើត​ទៅ​ហើយ​ហើយ​ទុក​វា​នៅ​ស្តុក​ក៏​មិន​មាន​ប្រយោជន៍​អ្វី។ នៅ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត ដែល​ត្រៀម​ចាំ​ទិញ​អង្ករ​របស់​រដ្ឋ។😦

នេះ​ជា​ដំណោះស្រាយ​ដ៏​ឈ្លាសវៃ​របស់​រដ្ឋាភិបាល?

10 thoughts on “បញ្ហា​អង្ករ​ឡើង​ថ្លៃ និង ដំណោះស្រាយ​របស់​រដ្ឋាភិបាល

  1. vutha ថ្ងៃ​ព្រហស្បតិ៍ ទី 27 ខែ​មីនា 2008 / 11:51 ព្រឹក

    វិធានការដែល​រដ្ឋាភិបាល​បាន​កំពុង​ធ្វើ​នោះ​ ខ្ញុំ​គិត​ថា​​ វា​មិន​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រី​ក្រ​ទេ​ តែ​ជា​យុទ្ធសា​ស្រ្ត​ដើម្បី​កេង​យក​សន្លឹក​ឆ្នោត​ នៅ​ខែ​កក្កដា​​ខាង​មុខ​នេះ។ បើ​សិន​ជា​ រដ្ឋាភិបាល​ពិត​ជា​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ក្រី​ក្រ​នោះ​ រដ្ឋ​គួត​តែ​ចាត់​វិធានការ​ជាយូរ​មក​​ហើយ​ បើ​ក្រឡែក​មើល​បញ្ហា​នៃ​តម្លៃ​ប្រេង​ឡើង​ថ្លៃ​ រដ្ឋាភិបាល​តែងតែ​ដាក់​បញ្ហា​ទៅ​លើ​ទីផ្សារ​ក្រៅប្រទេស​ទៅវិញ នៅពេល​ទីផ្សារ​ប្រេង​ឆៅ​នៅក្រៅ​ប្រទេស​ធ្លាក់​ថ្លៃ​ តែ​តម្លៃ​ទីផ្សារ​ក្នុង​មិន​ងាយ​ចុះតាម​នោះឡើយ។ តើមាន​នរណាគេទៅជឿលើ​រដ្ឋាភិបាល​មិន​នឹង​កើត​។

  2. naraths ថ្ងៃ​ព្រហស្បតិ៍ ទី 27 ខែ​មីនា 2008 / 11:55 ព្រឹក

    ឬ​ក៏​មក​ពី​រដ្ឋាភិបាល​ខ្លួន​ឯង??? គ្រា​កន្លង​ទៅ​ថ្មី​ៗ​មាន​ឈ្មួញ​បរទេស​ជិត​ខាង​ខ្វះ​អង្ករ​នាំ​ចេញ ច្នោះ​ហើយ​ពួក​គេ​សម្រុក​​យ៉ាង​ខ្វាត់​ខ្វែង​ពេញ​ប្រទេស​ខ្មែរ​ដើម្បី​ទិញ​អង្ករ​ពី​ស្រុក​ខ្មែរ ។ ឃើញ​ថា​គេ​ឲ្យ​តម្លៃ​ខ្ពស់​ហើយ ចាំ​អង្កាល់​បាន​អត់​លក់!
    មួយ​ទៀត ក៏​ខ្មែរ​យើង​មិន​អាច​នាំ​អង្ករ​ចេញ​ទៅ​ក្រៅ​ដោយ​ខ្លួន​ឯង បែរ​សុខ​ចិត្ត​លក់​ឲ្យ​អ្នក​ជិត​ខាង​គ្រាន់​បាន​ផល​កម្រៃ ។ ឃើញ​បែប​នេះ​ហើយ ឈ្មួញ​ក្នុង​ស្រុក​ប្រមើល​ថា អង្ករ​នឹង​ឡើង​ថ្លៃ​ជា​មិន​ខាន​ត្រូវ​តែ​ស្តុក​ទុក ។ គឺ​ទីផ្សារ​ទេ​ដែល​បង្ខំ​អ្នក​ជួញ​អង្ករ​តម្លើង​ថ្លៃ​បែប​នេះ ។ ឥឡូវ​ខ្វះ​អង្ករ​ហើយ ចាំ​បាច់​ត្រូវ​តែ​ឡើង​ថ្លៃ ។ រដ្ឋាភិបាល​បន្ទោស​ឈ្មួញ ឬ​ជន​ទុច្ចរិត សម​ឬ​មិន​សម!! មក​ពី​អ្នកណា??

  3. Boeun ថ្ងៃ​ព្រហស្បតិ៍ ទី 27 ខែ​មីនា 2008 / 12:53 ល្ងាច

    ណារដ្ឋ​មិន​បន្ទោស​រដ្ឋាភិបាល​ជា​រឿង​សម​ហេតុផល ប៉ុន្តែ​នរណា​ជា​ឈ្នួញ? រដ្ឋាភិបាល​ស្រែក​កោកៗ ឱ្យ​ចាប់​ឈ្មួញ​ទាំង​នោះ​មក​ផ្ដន្ទាទោស គឺ​ស្រែក​បាន​តែ​ឮ​ទេ។ រឿង​ដែល​គួរ​ឱ្យ​ហូស​ចិត្ត​បំផុត​នោះ គឺ​រដ្ឋាភិបាល​យក​អង្ករ​ខូច​មក​លក់​ឱ្យ​ប្រជាពលរដ្ឋ​យក​ទៅ​បរិភោគ​ដោយ​មិន​គិត​ពី​សុខភាព​ប្រជាពលរដ្ឋ​សោះ។ នេះ​មក​ពី​អ្នក​ណា? ទោះ​ជា​ទីផ្សារ​បង្ខំ​ឱ្យ​ទំនិញ​អង្ករ​ឡើង​ថ្លៃ​ក៏​ដោយ រដ្ឋាភិបាល​គួរ​តែ​ចាត់វិធានការ​សមរម្យ​មួយ​ដើម្បី​ទប់​ស្ដាត់ មិន​មែន​លក់​អង្ករ​ខូច និង កំណត់​ឱ្យ​ម្នាក់​ទិញ​បាន​តែ​៥​គីឡូក្រាម (៥គីឡូក្រាម​យក​មក​ជួយ​ស្អី? អាច​ជួយ​ទប់​តម្លៃ​នៅ​លើ​ទីផ្សារ​បាន​ទេ នេះ​ប្រៀប​នឹង​យក​អំបិល​មួយ​ក្ដាប់​ទៅ​បាច​ក្នុង​ទន្លេសាប​ដែរ)។ ដូច​បច្ចុប្បន្ន​នេះ នៅ​ថៃ​ក៏​មាន​ការកើនឡើង​ថ្លៃ​អង្ករ​ដែរ ដោយសារ​តែ​​ចិន និង ឥណ្ឌា​សម្រុក​ទិញ​អង្ករ​ពី​ប្រទេស​នេះ​​យ៉ាងច្រើន។ ប៉ុន្តែ​រដ្ឋាភិបាល​គេ​បាន​ចេញ​អង្ករ​រដ្ឋ​២​លាន​តោន​មក​ច្រក​បាវ​លក់ ដើម្បី​ជួយ​ទប់​ថ្លៃ​អង្ករ​លើ​ទីផ្សារ។

  4. soursdey ថ្ងៃ​ព្រហស្បតិ៍ ទី 27 ខែ​មីនា 2008 / 6:53 ល្ងាច

    តាមសង្កេតទីផ្សារស្រុកខ្មែរដូចជាក្រឡាប់ចាក់មិនអាចស្ទុងបាន!​ប៉ុន្តែឆ្ងល់ថាហេតុអ្វី មិនលឺ​​ មិនបានទទួលដំណោះស្រាយពីមន្ត្រីខាងសេដ្ឋកិច្ច?ជាមន្ត្រីនាំមុខគួរណាស់តែមានគ្រោងមានភាពទប់ស្កាត់ការ​ឡើងថ្លៃលើទីផ្សារក្នុងស្រុក គឺគាត់ទៅវិញដែលគួរតែចេញមុខមកបំភ្លឺប្រជាជន ព្រោះជាជំនាញរបស់គាត់ ផ្ទុយទៅវិញឲ្យតែមានបញ្ហាអ្វីម្តងៗ លឺសូរតែសម្តេចមួយប៉ុណ្ណោះចេញមកបកស្រាយនេះនោះ។​

    អង្ករឡើងថ្លៃ ដីឡើងថ្លៃ ប្រជាជនលក់ដីស្រែយកលុយមកប្រើប្រាស់ មួយឆ្នាំពីរទៀតប្រហែលជាយ៉ាប់លើសពីនេះឆ្ងាយ។ បើចាំមិនខុស កាលមុនសម្តេចមានបន្ទូលថា មានតែគាត់ទេដែលអាចធ្វើអោយដីឡើងថ្លៃបាន ដល់ចឹងទៅធ្វើអោយឆ្ងល់!

  5. Vannara ថ្ងៃ​ព្រហស្បតិ៍ ទី 27 ខែ​មីនា 2008 / 8:32 ល្ងាច

    បញ្ចេញ​​អង្ករ​​លក់​យ៉ាង​ពពាក់ពពូន​មើល​តែ​ស្រុក​កើត​កលយុទ្ធ😀 គ្រាន់​តែ​ទប់​ស្កាត់​ការ​នាំ​ចេញ​ស្រូវ​ទៅ​បណ្តារ​ប្រទេស​ជិត​ខាង​អោយ​តែ​បាន​ទៅ​វា​ចប់​បាត់​ទៅ​ហើយ។ ហើយ​បើ​​រដ្ឋាភិបាល​សួរ​ថា​ធ្វើ​ម៉េច​អាច​ទប់​ស្កាត់​បានទៅ​? ខ្ញុំ​ឆ្លើយ​អត់​កើត​ទេ ព្រោះ​មិន​ចង់​ដណ្តើម​តួនាទី​ឯកឧត្តមៗ​តែជា​ទី​ប្រឹក្សារ​របស់​រាជរដ្ឋាភិបាល😀 បើ​បណ្តោយ​អោយ​អង្ករ​នៅ​តែ​ឡើង​បែប​នេះ ច្បាស់​ជា​រាស្រ្ត​ខ្មែរ​​ដាច់​ពោះ​ស្លាប់​មិន​ខាន​ទេ😦

  6. sothy ថ្ងៃសុក្រ ទី 28 ខែ​មីនា 2008 / 3:08 ព្រឹក

    ខ្ញុំយល់ថានោះជាក្បួន ដែលហ៊ុន សែនប្រៀបធៀបប្រជាពលររដ្ឋខ្មែរ ស្មើនឹងសត្វ ដោយបញ្ចេញអង្ករផ្អូមអោយស៊ីហើយថាមានគុណទៀត។ ពិតជាមើលងាយប្រជារាស្រ្តមែន ! បើវាជាពូជពង្សស្តេចទៅ មើលងាយរាស្រ្តមិនសូវអីទេ ប៉ុន្តែអានេះវាបានងារសម្តេច បញ្ចេញសំដីយូកូម និងសកម្មភាពពេលខ្លះព្រៃផ្សៃពេលខ្លះមើលងាយរាស្ត្រដូចតែវាដែរ។

  7. trajoke ថ្ងៃចន្ទ ទី 31 ខែ​មីនា 2008 / 7:13 ព្រឹក

    អី អី ឡើង​ថ្លៃ​ទាំងអស់ តែ​ប្រាក់ខែ​អត់ឡើង​សោះ? តើ​ខ្ញុំ​រស់​ដល់​ពេលណា???

  8. Boeun ថ្ងៃចន្ទ ទី 31 ខែ​មីនា 2008 / 7:17 ព្រឹក

    ហេហេហេ!

  9. khmersport ថ្ងៃអង្គារ ទី 1 ខែ​មេសា 2008 / 12:40 ល្ងាច

    បើវាជាពូជពង្សស្តេចទៅ មើលងាយរាស្រ្តមិនសូវអីទេ ? ខ្ញុំថាបើទុកជាពូជស្តេច
    ពិតបា្រកដក៏មិនអាចមើលងាយរាស្ត្របានដែរ។

  10. HNG ថ្ងៃអង្គារ ទី 8 ខែ​មេសា 2008 / 2:11 ល្ងាច

    ថា​បាន​តែ​ថា អត់​ធើ​នៅ​តែ​អត់​ធើ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s