​ការប្រើ​ជើង​ព្យញ្ជនៈ​ជាមួយ​អក្សរ ក និង ខ


អក្សរ ក និង ខ នេះ វា​មាន​សំឡេង​ស្រដៀង​គ្នា​ណាស់ ដែល​ធ្វើ​ឱ្យ​អ្នក​អាន​ពិបាក​នឹង​ចែក​ថា​ជា​សំឡេង ក ឬ ខ។ ជា​ឧទាហរណ៍ ពាក្យ ក្លែប ក្សត្រ ក្នុង ។ល។ ភាគច្រើន​យើង​បញ្ចេញ​សំឡេង ខ។ ​បើ​តាម​សុភ័ក្ត្រ (ខំមិន​ទី៨) គឺអក្សរ ក នៅ​តែ​បញ្ចេញ​សំឡេង ក អក្សរ ខ នៅ​តែ​បញ្ចេញ​សំឡេង ខ ប៉ុន្តែ ការ​បញ្ចេញ​សំឡេង​នេះ ភាគច្រើន​យើង​បញ្ចេញ​ស្រដៀង​នឹង​អក្សរ ខ ជាង​​អក្សរ ក (ពាក្យ​ខាង​លើ)។ ពេល​នេះ ខ្ញុំ​សូម​លើក​ឡើង​តែ​អំពី​ការ​ប្រើ​អក្សរ​ទាំង​នេះ។ សូម​សាក​ពិនិត្យ​មើល​តាម​ខាង​ក្រោម​នេះ។

kor-khor.jpg

  1. ក វគ្គ៖ មិន​មាន​តម្រួត​ក្រោម​អក្សរ​ខ​ទេ វគ្គ​នេះ​មាន​តែ​ជើង ង ដែល​អាច​តម្រួត​ក្រោម​អក្សរ​ក​បាន។
  2. ច វគ្គ៖ មាន​តម្រួត​តែ​ក្រោម​អក្សរ​ខ។
  3. ដ វគ្គ៖ មាន​តម្រួត​តែ​ក្រោម​អក្សរ​ក។
  4. ត វគ្គ៖ ឃើញ​មាន​ប្រើ​ជើង​ត មួយ​នៅ​ក្រោម​អក្សរ​ខ គឺ​ពាក្យ “ខ្តត”។ ជើង​ទ ដែល​ផ្ញើ​ក្រោម​អក្សរ​ក មាន​តែ​មួយ​គត់ គឺ​ពាក្យ “ក្ទម្ព” ក្រៅ​ពី​នោះ​ជើង​ទ ​ផ្ញើ​នឹង​ខ​ទាំង​អស់។ ចំណែក​ឯ​ជើង​ន​វិញ មាន​ផ្ញើ​ក្រោម​ក​តែ​ពាក្យ ក្នក់ ក្នាញ់ ក្និកក្នក់ ឬ ក្នក់ក្និក ក្និច និង ក្នុង ក្រៅ​ពី​នេះ សុទ្ធតែ​ផ្ញើ​ក្រោម​ខ​ទាំង​អស់។
  5. ប វគ្គ៖ ជើង​ប មាន​ផ្ញើ​តែ​ក្រោម​អក្សរ​ក។ ជើង​ព មាន​ផ្ញើ​តែ​ក្រោម​អក្សរ​ខ។ ជើង​ម ផ្ញើ​ក្រោម​អក្សរ​ក មាន​ពាក្យ ក្មាង ក្មួយ ក្មេក និង ក្មេង ក្រៅ​ពី​នេះ​គេ​ផ្ញើ​ក្រោម​អក្សរ​ខ​ទាំង​អស់។
  6. សេស​វគ្គ៖ ជើង​យ ផ្ញើ​បាន​តែ​ក្រោម​អក្សរ​ខ។ ជើង​រ ផ្ញើ​បាន​តែ​ក្រោម​អក្សរ​ក។ ជើង​ល ផ្ញើ​ក្រោម​អក្សរ​ខ មាន​ពាក្យ ខ្លប ខ្លា ខ្លាច ខ្លាញ់ ខ្លី ខ្លឹម ខ្លឺត ខ្លុក ខ្លុង ខ្លុយ ខ្លុះ ខ្លូត ខ្លួន ខ្លេវៗ ខ្លែង ខ្លោង ខ្លោងទ្វារ ខ្លោច ខ្លោញៗ ខ្លោត ខ្លៅ ខ្លាំង និង ខ្លះ ក្រៅ​ពី​ពាក្យ​ទាំង​នេះ ផ្ញើ​ក្រោម​អក្សរ​ក​ទាំង​អស់។ ជើង​វ ផ្ញើ​ក្រោម​អក្សរ​ខ​ទាំង​អស់ លើក​លែង​តែ​ពាក្យ “ក្វែន”​មួយ​ដែល​ផ្ញើ​ក្រោម​អក្សរ​ក។ ជើង​ស ផ្ញើ​នឹង​អក្សរ​ក​មាន​ពាក្យ ក្សណៈ ក្សត្រ ឬ ក្សត្រិយ៍ ក្ស័យ ក្សាន្ត ក្សិណ ក្សិណក្ស័យ ក្សីណ ក្សីរ ក្សេត្រ ក្សេត្រាជីវកម្ម ក្សេត្រាធិការ ក្សេត្រារក្ស ក្សេម និង ក្សេមក្សាន្ត ក្រៅ​ពី​ពាក្យ​ទាំង​នេះ សុទ្ធ​តែ​ផ្ញើ​ជើង​ក្រោម​អក្សរ​ខ។ ជើង​អ អាច​ផ្ញើ​បាន​តែ​ក្រោម​អក្សរ​ក​ប៉ុណ្ណោះ។

>> អត្ថបទ​ខាង​លើ ជា​អត្ថបទ​ដែល​កែប្រែ​រួច បើ​មាន​យោបល់​អ្វី​បន្ថែម សូម​បញ្ចេញ​មតិ​នៅ​ខាង​ក្រោម។

9 thoughts on “​ការប្រើ​ជើង​ព្យញ្ជនៈ​ជាមួយ​អក្សរ ក និង ខ

  1. kooms ថ្ងៃពុធ ទី 20 ខែ​កុម្ភៈ 2008 / 11:12 ព្រឹក

    ពិតជាល្អណាស់ បឿនពីពេលនេះ​ទៅខ្ញុំឈប់ច្រឡំទៀតហើយ! តែសូមបឿនបង្ហាញ​ពី​ឯកសា​យោង​​ផង​បានទេ?

  2. ទឹម បឿន ថ្ងៃពុធ ទី 20 ខែ​កុម្ភៈ 2008 / 11:17 ព្រឹក

    ឯកសារ​យោង​គឺ​វចនានុក្រម​សម្ដេច​ព្រះសង្ឃរាជ​ជួនណាត បោះពុម្ព​គ្រា​ទី ៥ ដោយ​ធ្វើការ​ប្រៀបធៀប​រវាង​អក្សរ ក និង ខ។ នៅ​មាន​អក្សរ​គ-ឃ ច-ឆ ។ល។ សុទ្ធ​តែ​មាន​ការ​ច្រឡំ​ក្នុង​ការ​ប្រើ បើ​មាន​ពេល​ខ្ញុំ​នឹង​រៀបចំ​បន្ត​ទៀត ឬ​បើ​ភី​មាន​ពេល អាច​រៀបចំ​ចែក​គ្នា​បាន​វិភាគ​​ផង​ក៏​បាន។

    អរគុណ!

  3. វីរិយា ថ្ងៃពុធ ទី 20 ខែ​កុម្ភៈ 2008 / 11:30 ព្រឹក

    អរគុណ​បឿន​ដែល​បាន​ចែក​រំលែក​ចំណេះ​ដឹង​បន្ថែម ។ សុំ​បន្ថែម​បន្តិច បើ​តាម​ខ្ញុំ​ដឹង​ ក្ស ដែល​ខ្មែរ​យើង​ប្រើ​​ពាក្យ​ពីភាសា​​​សំស្ក្រឹត បើ​ជា​បាលី​គឺ​ប្រើ ខ ។ ក្សត្រ, ក្សេម​ក្សាន្ត, ក្សិណក្ស័យ ។ល។ ឧទាហរណ៍ ទក្ខិណានុប្បទាន (បាលី) ទក្សិណានុប្បទាន (សំស្ក្រឹត) ប្រែ​ថា​បុណ្យសប់ ។

  4. វីរិយា ថ្ងៃពុធ ទី 20 ខែ​កុម្ភៈ 2008 / 11:37 ព្រឹក

    អុញ​ខុស​មួយ​បាត់ “សព” មិន​មែន​ “សប់​” ទេ

  5. ទឹម បឿន ថ្ងៃពុធ ទី 20 ខែ​កុម្ភៈ 2008 / 1:00 ល្ងាច

    វីរិយា​ប្រហែល​ជា​សរសេរ​បញ្ច្រាស​ហើយ។ ទក្ខិណានុប្បទាន ជា​បាលី ចំណែក ទក្សិណានុប្បទាន ទើប​ជា​សំស្ក្រឹត។ ​អ្វី​ដែល​វីរិយា​លើក​ឡើង​នេះ យើង​គួរ​ចាត់​ចូល​ក្នុង​ផ្នែក​ផ្សេង​មួយ​ទៀត គឺ​គួរ​តែ​ដាក់​ក្នុង​របៀប​កម្លាយ​ពី​សំស្ក្រឹត​មក​បាលី​វិញ ដូច​ជា ក្ខ > ក្ស, ក្ក > ក្រ ។ល។

  6. kooms ថ្ងៃពុធ ទី 20 ខែ​កុម្ភៈ 2008 / 1:11 ល្ងាច

    បាទ! បើសិន​មានពេល​ខ្ញុំនិង​លើកចំណាមួយដែលទាក់​អក្សរសាស្រ្តជាតិ​យើង​មកនិយាយដែរ។

  7. ទឹម បឿន ថ្ងៃពុធ ទី 20 ខែ​កុម្ភៈ 2008 / 1:23 ល្ងាច

    ជួយ​ចែក​គ្នា​នូវ​អ្វី​ដែល​យើង​បាន​ដឹង គឺ​វា​ប្រសើរ​ណាស់។ ខ្ញុំ​គាំទ្រ!

  8. សុភ័ក្ត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែ​កុម្ភៈ 2008 / 11:31 ល្ងាច

    លោក​បឿន​យល់​ខុស​ហើយ ” …ហេតុ​អ្វី​បាន​ជា​គេ​ប្រើ​អក្សរ «ក» មិន​ប្រើ​អក្សរ «ខ» ទៅ​វិញ បើ​សំឡេង​វា​គឺ​ជា​សំឡេង​អក្សរ​ខ​យ៉ាង​នេះ។…” ខ្មែរ​សរសេរ ‌«ក» គឺ​បញ្ចេញ​សំឡេង «ក», សរសេរ «ខ» គឺ​បញ្ចេញ​សំឡេង «ខ»។ ឯ​រឿង​សរសេរ «ក» បញ្ចេញ​សំឡេង «ខ» នោះ គឺ​មាន​តែ​លោក​បញ្ចេញ​ខ្លួន​ឯង​នឹង ភាគ​ច្រើន​អ្នក​នៅ​ទីក្រុង បញ្ចេញ​សំឡេង​ «ខ» ហើយ។ ដូច​ជា «ក្លាហាន» អាន​ជា «ខ្លាហាន», «ក្លាយ» អាន​ជា «ខ្លាយ» ជា​ដើម។ល។ មិន​ខុស​គ្នា​នឹង «ស្រែ» អាន​ថា «ស៊ែ» នោះ​ទេ។ បើ​តាម​ពិត​ទៅ​ត្រូវ​សួរ​ទៅ​វិញ​ថា បើ​នាំ​គ្នា​គ្រប់​អង្គ អាន «ខ្លាហាន, ខ្លាយ» បែប​នេះ​ទេ ម្ដេច​សរសេរ «ក» ថ្វី?។ អក្សរ​សរសេរ​គឺ​កើត​ចេញ​ពី​ភាសា​និយាយ។ ខ្ញុំ​សាក​ដោយ​ខ្លួន​ឯង​ផ្ទាល់​ហើយ​ពាក្យ​អស់​ទាំង​នេះ។ បង​ប្អូន​អ្នក​នៅ​សៀមរាប គាត់​អាន​យ៉ាង​ត្រឹមត្រូវ​គឺ “ក្លាយ, ក្លាហាន” សូម​ប្រយ័ត្ន​កុំ​យល់​ច្រឡំ​នាំ​គ្នា​ថា​ពួក​គាត់​និយាយ​​តាម​អក្សរ​ឲ្យ​សោះ ព្រោះ​ពួក​គាត់​មិន​មែន​និយាយ​​តាម​អក្សរ តែ​ពួក​គាត់ និយាយ​ “ត្រូវ”។

  9. Boeun ថ្ងៃសុក្រ ទី 22 ខែ​កុម្ភៈ 2008 / 8:38 ព្រឹក

    សុភ័ក្ត្រ​និយាយ​អ៊‍ីចឹង​ខ្ញុំ​សូម​ឯកភាព​។ អក្សរ​ទាំង​ពីរ​នេះ​មាន​សំឡេង​ច្រឡំ​គ្នា​ណាស់​ពេល​យើង​ប្រកប​ជាមួយ​ជើង។ ពាក្យ​”ក្លាហាន” មាន​សំឡេង​តែ​ពីរ​ម៉ាត់​ទេ គឺ​អាន “កឡា-ហាន” សំឡេង ក និង​ឡា អាន​ជាប់​គ្នា​ធ្វើ​ឱ្យ​ឮ​សំឡេង​អក្សរ​ក​តិច ដែល​វា​ស្រដៀង​នឹង “ខឡា-ហាន​”មែន​ទែន។ ខ្ញុំ​មិន​បាន​ចាប់​ភ្លឹក នឹក​ដល់​ការ​ប្រកប​តួ​អក្សរ​ទាំង​ពីរ​នេះ ទើប​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ ខ្ញុំ​នឹង​បញ្ជាក់​បន្ថែម​ទៀត។ សូម​អរគុណ​សុភ័ក្ត្រ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s