លោក លី សុវីរ វិភាគ​អក្សរសាស្ត្រ​ខ្មែរ


លោក លី សុវីរ ជា​អតីត​សាស្ត្រាចារ្យ​មធ្យមសិក្សា​ដែល​ចូល​និវត្ត។ ក្រោយ​ពី​គាត់​ចូល​និវត្ត គាត់​បាន​សរសេរ​សៀវភៅ​ជាច្រើន។ សៀវភៅ​របស់​គាត់​ដែល​ខ្ញុំ​កំពុង​អាន​មាន​ចំណងជើង​ថា “អ្នក​រៀបចំ​កែ​សំរួល​អក្សរ​ខ្មែរ​មុន​គេ”។ ក្នុង​សៀវភៅ​នេះ គាត់​វិភាគ (រិះគន់) លើ ​ការ​ប្រើប្រាស់​អក្សរសាស្ត្រ​ខ្មែរ មាន​ទាំង​អក្ខរាវិរុទ្ធ ពាក្យ និង​ការ​ប្រើប្រាស់​ពាក្យ ប្រឆាំង​នឹង​ក្រុម​សម្ដេច​ជួនណាត។ តាម​ការយល់ឃើញ​របស់​ខ្ញុំ ការវិភាក​របស់​គាត់​នេះ វា​បាន​ផ្ដល់​ចំណុច​វិជ្ជមាន​ផង និង​អវិជ្ជមាន​ផង។ ចំណុច​វិជ្ជមាន គឺ​អ្នក​អាន អាច​ស្វែងយល់​ពី​បញ្ហា​ចំពោះ​អក្សរសាស្ត្រ​ខ្មែរ ដែល​ធ្លាប់​កើត​មាន និង​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន ចំណែក​ចំណុច​អវិជ្ជមាន គឺ​សៀវភៅ​មិន​ឈរ​នៅ​កណ្ដាល តែ​បែរ​ជា​ឈរ​នៅ​ម្ខាងៗ (វិភាគ​ដោយ​រក​ចាប់​កំហុស​តែ​ម្ខាង តែ​មិន​ត្រឹមត្រូវ) រួច ​ធ្វើការ​វាយ​តម្លៃ​មិន​សម ទៅ​តាម​គំនិត​របស់​គាត់ ដែល​អាច​ធ្វើ​ឱ្យ​អ្នក​អាន យល់​ទៅ​តាម​គាត់​ដែរ ប្រសិន​បើ​គេ​មិន​មាន​អ្វី​ជា​សំអាង​ជាង​គាត់។ តែ​បើ​លោក​អ្នក​បាន​ទិញ​សៀវភៅ​នេះ​អាន​ហើយ គួរ​លោក​អ្នក​ប្រុងប្រយ័ត្ន។ ពេល​នេះ​ខ្ញុំ​សូម​លើក​យក​ទំព័រ​ចុងក្រោយ​មួយ​នៅ​ក្នុង​សៀវភៅ​របស់​កាត់​មក​ បង្ហាញ។

lysovy-book.jpg

តើ​យល់​យ៉ាងណា​សម្រាប់​ការ​បកស្រាយ​របស់​គាត់​ខាង​លើ​នេះ?

37 thoughts on “លោក លី សុវីរ វិភាគ​អក្សរសាស្ត្រ​ខ្មែរ

  1. រចនា ថ្ងៃចន្ទ ទី 25 ខែ​កុម្ភៈ 2008 / 5:16 ល្ងាច

    សុំ​ឱ្យ​យក​ពីរ ឬ បី​ទំព័​មក​ចុះ​ផ្សាយ​បាន​ដែរ​ទែ?

    ចំពោះ​រឿង​នេះ ខ្ញុំ​នៅ​តែ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ចិត្ត​នៅ​ឡើយ!!! តាម​ក្បួន API (Alphabet Phonetic International) (អក្ខរៈ​សូរ​វិទ្យា​អន្តរជាតិ) បាន​ចែង​មក​ថា អក្សរ ន និង ណ ត្រូវ​បាន​កំណត់​តាង​ដោយ​ព្យញ្ជនៈ​តែ​មួយ​គត់​គឺ n, ប្រសិន​បើ​ព្យាង្គ​ត្រូវ​បែង​ចែក​ជា​សូរ អ៊ ឬ អ គឺ​វា​ស្ថិត​លើ​ស្រះ​ជា​អ្នក​កំណត់។ នេះ​វា​មាន​ន័យ​ថា ស្រះ​ទេ ដែល​ត្រូវ​បាន​គេ​ចែក​ជា​ពីរ​ពួក​គឺ ពួក​អ និង ពួក​អ៊។ វា​ជា​ការ​ចំឡែក​មួយ​សម្រាប់​តួ​ព្យញ្ជនៈ​ខ្មែរ ដែល​នៅ​តែ​មាន​ការ​ជជែក​វែក​ញែក​គ្នា​មិន​អស់​មិន​ហើយ!

    ស្នើ > សំនើរ [-អ​’ម-] “-សព-”
    ស្នើ > សំណើរ [-អ’ម-] “-សព-“***

    *** ក្នុង​ការ​កម្លាយ​ពាក្យ យើង​អាច​ប្រើ ណ ឬ ន បាន​តាម​ការ​សរសេរ​របស់​យើង! “ណ=ន”

    នេះ​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ…

  2. បឿន ថ្ងៃចន្ទ ទី 25 ខែ​កុម្ភៈ 2008 / 6:24 ល្ងាច

    ពាក្យ​កម្លាយ​ខាង​លើ គួរ​កម្លាយ​មក​បែប​នេះ​វិញ៖
    – ស្នើ > សំណើ
    – ស្ងាត់ > សម្ងាត់
    – ស្ញេញ > សម្ញេញ
    តែ​សូម​​មើល​លោក សុវីរ គាត់​សួរ​ថា ពាក្យ​ស្នើ > សំណើ តើ​ព្យញ្ជនៈ “ណ” បាន​មក​ពី​ណា? តែ​បើ​គាត់​សរសេរ ស្ណើ បែប​នេះ ព្រោះ “ណ” ក៏​មាន​ជើង តើ​វា​យ៉ាងណា? មុន​នឹង​តប​សំណួរ​របស់​គាត់ សូម​ប្អូន​ចំណាំ​ថា ជើង “ណ” មិន​អាច​ប្រើ​នៅ​ក្រោម​អក្សរ “ស” បាន​ទេ។ មិន​អាច​សរសេរ​ថា ស្ណើ ស្ណា ស្ណំ ស្ណាម… ឡើយ គឺ​គេ​ប្រើ​ជើង “ន” វិញ ព្រោះ​ “ស” បាន​សម្លាប់​សំឡេង “ន” ឱ្យ​ទៅ​ជា “ណ” រួច​ទៅហើយ។

    ** បង​មិន​ទាន់​រួច​ដៃ សូម​បកស្រាយ​តែ​ប៉ុណ្ណេះ​ចុះ។ អរគុណ​សម្រាប់​ចម្ងល់ និង​យោបល់​របស់​ប្អូន។

  3. khmerpoemboy ថ្ងៃអង្គារ ទី 26 ខែ​កុម្ភៈ 2008 / 4:00 ល្ងាច

    ខ្ញុំយល់ស្របតាមបឿនព្រោះកាលនៅរៀនវិទ្យាល័យលោកគ្រូធ្លាប់ពន្យល់អំពីរាដែរ។
    របៀបដាក់ជើង ខ្ញុំក៏មានការលំបាកចំណាំណាស់ដែរជាពិសេសជើង “ត” និងជើង “ដ”។
    ឧ, ជន្តើ  ម្តេចមិនសរសេរ ជើង”ដ”?  ព្រោះដក៏មានជើងរបស់វាដែរ។
    បើប្រកបអោយតាមក្បួនឡូស៊ីកទៅគឺ “ជន់តើ” មិនមែន “ជន់ដើ” ទេ

    ជារួម ភាសាតែងមានករណីលើកលែង មិនថាភាសាខ្មែរឬអង់គ្លេសឬជប៉ុនឬប្រទេសណាៗទេ ព្រោះវាយាករណ៍បង្តើតក្រោយ។ វាខុសពីគណិតសាស្រ្ត ដែល១+១តែងតែស្មើពីគ្រប់ពេល។ 
    បើអស់លោកសាស្រ្តាចារណាចង់ទាមទារ អោយគ្រប់ពាក្យទាំងអស់ គោរពតាមក្បួនទូទៅដូចគណិតសាស្រ្តនោះ ចូរធ្វើបដិវឌ្ឍន៍ភាសាទៅ សឹងខ្ញុំមិនពិបាកចំណាំ🙂

  4. អាចម៍ផ្កាយ ថ្ងៃអង្គារ ទី 26 ខែ​កុម្ភៈ 2008 / 5:03 ល្ងាច

    តាម​យោបល់ខ្ញុំ បង​បឿន​ក្តី​,រ៉េន​ណា​ក្តី គឺត្រូវ​ដូច​គ្នា(សំរាប់រ៉េនណា សំនើ,
    សំណើ គ្មាន«រ» ទេ) ។បើ​យើង​​យក​វចនានុក្រម​សម្តេច​ជួនណាតជាគោល យើងឃើញថា​ការកំលាយ​របស់​បងបឿន គឺពិតជាត្រូវ១០០%តែ​ម្តង ព្រោះ
    អក្ខរាវិរុទ្ធរបស់ពាក្យ​ក្លាយ​ដែល​បាន​មកនោះ ត្រឹមត្រូវ​តាម​វចនានុក្រម។

    ម្យ៉ាងទៀត​បើយើងឲ្យ​ពាក្យ​ទាំងនោះ កំលាយមកជា៖
    ស្នើ >សំនើ
    ស្ងាត់​ >សំងាត់
    ស្ញេញ >សំញេញ
    ឃើញថាវាខុសឆ្គងតាមវចនានុក្រម តែបើតាមក្បួនច្បាប់​វេយ្យាករណ៍​គឺ​មិន
    ខុស​ទេ។​ហើយយើងក៏​គួរដឹងថា វចនានុ​ក្រមសម្តេចជួន​ណាត ដែលយើង​ប្រើប្រាស់​រាល់​ថ្ងៃ​នេះ គឺជាវចនានុក្រម ​ដែល​គេប្រកាសឲ្យ​ប្រើជាទូទៅ ដើម្បីឲ្យមាន​ឯក​ភាព គ្នា​ក្នុងការ​ប្រើ​ប្រាស់ភាសាខ្មែរ​ប៉ុណ្ណោះ ដូច្នេះ​ក៏​មិន​
    បានន័យ​ថាការសរ​​សេរ​ របស់ក្រុមដទៃខុសនោះដែរ​(នេះ​បើគោរពតាម​ក្បួន
    ​វេយ្យាករណ៍ខ្មែរ​ត្រឹម​ត្រូវ)​។

  5. Chanroeun Pa ថ្ងៃអង្គារ ទី 26 ខែ​កុម្ភៈ 2008 / 5:36 ល្ងាច

    Hi Boeun,

    I am always proud of you and other visitors that have paid close attention to all dimensions of Cambodian life. I hope young Cambodian will help to rediscover the authentic values and ways of life of our nation.

    Have a nice evening,

    Chanroeun

  6. បឿន ថ្ងៃអង្គារ ទី 26 ខែ​កុម្ភៈ 2008 / 6:38 ល្ងាច

    @khmerpoemboy: ជើង​អក្សរ ត និង ជើង​អក្សរ ដ មាន​ប្រើ​ដូច​គ្នា គ្រាន់​តែ​ប្រើ​ក្នុង​ករណី​ផ្សេង​គ្នា គ្រាន់​តែ​ជើង​របស់​វា មាន​រូបរាង​ដូច​គ្នា​ប៉ុណ្ណោះ ប៉ុន្តែ​គេ​អាច​សម្គាល់​បាន ដោយ​សារ​វា​មិន​អាច​ប្រើ​បាន​គ្រប់​តួ​អក្សរ ដូច​ជា​ជើង ត មិន​អាច​ប្រើ​ក្រោម​អក្សរ ម បើ​មាន​ប្រើ គឺ​មិនមែន​ជើង​ ត ទេ គឺ​វា​ជា​ជើង ដ ។ល។ ពាក្យ ជណ្ដើរ (មិន​មែន​ជន្ដើ​ទេ) ជើង​ដែល​ប្រើ គឺ​ជើង ដ មិន​មែន​ជើង​ ត ទេ។ អរគុណ!

    @អាចម៍ផ្កាយ៖ យើង​គួរ​ចៀសវាង​ការ​សរសេរ​រាយ​បែប​នោះ។

  7. បឿន ថ្ងៃអង្គារ ទី 26 ខែ​កុម្ភៈ 2008 / 6:43 ល្ងាច

    @Chanroeun: Nice to see you again. I want to call you or I really want to meet but I don’t have your phone number now. Could you text me to 016 237 015 and I’ll call you sometimes.

    Thanks
    Have a nice evening

  8. ckvirya ថ្ងៃអង្គារ ទី 26 ខែ​កុម្ភៈ 2008 / 10:09 ល្ងាច

    «ស្នើ» ប្រើ​ជើង​ «ន» លុះ​ពេល​កម្លាយ​ទៅ «សំនើ​» ប្រើ​ «ន» បាន​វាមិន​ផ្ទុយ​ក្បួន​កម្លាយ បើ​ «សំណើ» សរសេរ​នឹង «ណ» វា​ផ្ទុយ​នឹង​ក្បួន ។ ចុះ​ពាក្យ​មួយ​ចំនួន​ខាង​ក្រោម ខ្មែរ​យើង​មួយ​ស្រុក​មួយ​នគរ​និយាយ​ខុស​ក្បួន​វេយ្យាករណ៍​ឬ បាន​ជា​​កម្លាយ​ខុស​ពី​កិរិយា​ស័ព្ទ​ដើម​ខ្លាំង​ម៉្លេះ?
    ខ្ពស់ » កំពស់
    ខ្លាំង » កំលាំង
    ឆ្ការ » ចំការ
    ឆ្កួត​ » ចំកួត
    ឈ្នះ » ជំនះ
    បើ​តាម​​ក្បួន​វេយ្យាករណ៍​ដែល​លោក​លី​ សុវីរ​ សរសេរ​នោះ​គួរ​តែ​សរសេរ​តាម​របៀប​ខាង​ក្រោម​ទើប​ត្រូវ ?
    ក្លាយ​ » កំលាយ
    ខ្ពស់ » ខំពស់
    ខ្លាំង » ខំលាំង
    ឆ្ការ » ឆំការ
    ឆ្កួត » ឆំកួត
    ឈ្នះ » ឈំនះ
    ខ្ញុំ​យល់​ថា ករណី​ពិសេស​ ករណី​លើក​លែង​របស់​ភាសា​​តែង​តែ​មាន​ ។ ហើយ​ក្បួន​ខ្នាត​ទាំង​ឡាយ​បង្កើត​ឡើង​ដោយ​មនុស្ស ដូច្នេះ​​បើ​មនុស្ស​ភាគ​ច្រើន​កំណត់​​ឬ​យល់​ថា​អ្វី​មួយ​ត្រូវ​គឺ​ត្រូវ​គោរព​តាម​មតិ​ភាគ​ច្រើន ។ ក្បួន​ច្បាប់​ទាំង​នោះ​មិន​មែន​ជា​ច្បាប់​ធម្មជាតិ​​(ព្រះ​អាទិត្យ​រះ​ពី​ទិស​ខាង​កើត​ហើយ​លេច​ទៅ​វិញ​នៅ​​ទិស​ខាង​លិច)​ដែល​មនុស្ស​មិន​អាច​កំណត់​បាន​ឯណា! ​ករណី​លោក កាឌីលេ ដែល​​លោក​ លី​ សុវីរ​ បាន​លើក​ឡើង​នោះ​ទេ វា​ជា​រឿង​ពីរ​ដែល​ផ្ទុយ​គ្នា​ស្រឡះ គឺ​​មួយ​ជា​ច្បាប់​ធម្មជាតិ ហើយ​មួយ​ទៀត​គឺ​ច្បាប់​មនុស្ស​ជាតិ ។

    ខ្ញុំ​មាន​ចម្ងល់​មួយ​ថា ក្បួន​កម្លាយ​(ឬ​ក្បួន​វេយ្យាករណ៍​ខ្មែរ)ដែល​លោក លី សុវីរ បាន​លើក​ឡើង​នោះ​រៀប​ចំឡើង​នៅ​ពេល​ណា អ្នក​ណា​ជា​អ្នក​រៀប​ចំ?

  9. sokkong ថ្ងៃអង្គារ ទី 26 ខែ​កុម្ភៈ 2008 / 11:02 ល្ងាច

    សួស្ដី
    ចំពោះពាក្យ ស្នើ នេះអាចកម្លាយមកជាសម្នើ ឬសំណើ ក៍បាន។កាលណាពាក្យដើមតម្រួត ពាក្យដែលកម្លាយគួរតែតម្រួតដូចគ្នាទើបត្រឹមត្រុវជាង។
    ពាក្យដែលផ្ដើមដោ្យអក្សរដែលនៅក្នុងវគ្គ គឹកវគ្គ ចវគ្គ។ល។ត្រូវយកអក្សរដែលនៅខាងដើមៗមកជាតួកម្លាយ។ចំពោះតួ ស វាជាអវគ្គ គឺត្រូវយកវាហ្នឺងឯងជាតួកម្លាយ ទើបបានជាពាក្យថាសម្នើដូចនេះ។

  10. vichet ថ្ងៃអង្គារ ទី 26 ខែ​កុម្ភៈ 2008 / 11:33 ល្ងាច

    ១) ដំបូងយើងដឹងថា “ន” អាចអានជា “ណ” បាន តាមក្បួនទំនាញសូរដូចជា
    សាសនា អានថា សាស់ ស្ណា
    សេនា អានថា សេ ណា
    ស្នាដៃ អានថា ស្ណា ដៃ
    ២) ខ្មែរមាន សញ្ញា “ ៉” អាចកែ ន ជា ណ បាន  ន៉ -> ណ (តែមិនយកមកប្រើ)

    អញ្ចឹងសំនួរគួរតែជាថា បើ ន អាចប្រើជា ណបាន ចុះហេតុអី ក៏ខ្មែរ ចាំបាច់ត្រូវបង្កើត ណ មកធ្វើអ្វី?

    អញ្ចឹងអ្នកគួរទៅមើលប្រវត្តិរបស់អក្សរ ណ វិញល្អជាង។ សាកសួរអ្នកចេះដឹងជ្រៅជ្រះផ្នែកអក្សរសាស្ត្រខ្មែរ អ្នកនឹងដឹងហើយ។

    សង្ឃឹមថា ក្រោយសួររួចហើយ អ្នកនឹងបកមកនិយាយប្រាប់អ្នករាល់គ្នាវិញពី អក្សរ ន-ណ នេះ៕
    (តែបើតាមខ្ញុំធ្លាប់ដឹង បុព្វបុរសខ្មែរបង្កើតអក្សរ ណ នេះសម្រាប់តែប្រើក្នុងពាក្យកំចីពីបាលីតែប៉ុណ្ណោះ មិនប្រើសម្រាប់ពាក្យខ្មែរសុទ្ធទេ មានន័យថា បង្កើតអក្សរ ណ តម្រូវនឹងអក្សរ xxxx ណាមួយក្នុង ភាសាបាលី)

  11. ទឹម បឿន ថ្ងៃពុធ ទី 27 ខែ​កុម្ភៈ 2008 / 10:21 ព្រឹក

    មិន​ទាន់​ទំនេរ!

  12. អាចម៍ផ្កាយ ថ្ងៃពុធ ទី 27 ខែ​កុម្ភៈ 2008 / 10:26 ព្រឹក

    ជូនចំពោះ ckvirya ៖
    ខ្ញុំមិនដឹងថា​ ckvirya ធ្លាប់បានរៀនវិធីកម្លាយពីមុនមកឬក៏អត់នោះទេ តែការយល់​ឃើញ​របស់​អ្នក​មួយភាគធំ​ខាង​លើ កំពុងមានការយល់ច្រលំៈ
    តាមក្បួនវិធីកម្លាយខ្មែរ ចំពោះក្រុមព្យញ្ជនៈគូ
    កខ
    គឃ
    ចឆ
    ជឈ
    ដឋ(ថ)
    តថ
    ទធ…
    ទាំងអស់នេះ គេ​ប្រើ​ជំនួសគ្នាបាន, ដូចជាឩទាហរណ៍ដែលអ្នក​បាន​លើកមកៈ
    ខ្ពស់ > កំពស់
    ខ្ពស់=ខ+ព+អ’+ស
    កំពស់=ក+អ’ម+ព+អ’+ស
    ដូច្នេះយើងអាចធ្វើការលុប ឬសម្រួលតួណាដែលដូចគ្នាចេញបាន ដែល​ក្នុង​នោះ​មាន តួ ក​និង​ខ(ព្យញ្ជនៈគូ, អាចលុបបាន),​ ពនិងព, អ’និងអ’,​ សនិងស
    នោះយើងឃើញនៅសល់ អ’ម ដែល​ស្តិតនៅ​ក្នុង​ ទំរង់​(_សព_)​ ផ្នត់ជែក
    [-អ’ម-]
    តាម​ក្បួន​ខ្មែរ​ម្យ៉ាងទៀត ដែលគេពឹងផ្អែក​ទៅ​លើសូរ​​វិ​ទ្យា​ភាសា​​អន្តរជាតិ​API ក្រុម​ព្យញ្ជនៈ​ខ,​ ឃ, ឆ​,​ ឈ… ហៅតាម​ភាសា​បាលី​ថា ​«ធនិត» ដែលជា
    ​«សិ​ថិល​»​(មាន​ដូច​ជា​ ក, គ, ច, ជ…) ផ្សំ​នឹង«ហ» បានន័យថាៈ
    ក(សិថិល)​+​ហ > ខ(ធនិត)
    គ+ហ>ឃ
    ច+ហ>ឆ
    ជ+ហ>ឈ…
    បើយើងគិត​តាម​ក្បួន​នេះ​ ហើយ​ប្រើ​វិធីសម្រួល​អក្សរ​តាមAPI យើង​នឹង​បាន​លទ្ធផល​ដូច​ខាង​លើ (សូមអភ័យ​បាទ ដែលខ្ញុំមិនអាចសម្រួលតាមAPIឲ្យ​មើល​បាន ព្រោះកុំ​ព្យូទ័រគ្មាន​Font API) ។
    សូម​បញ្ជាក់​ថាAPI ជា​សូរ​វិទ្យាភាសាអន្តរ​ជាតិ​មួយ ដែល​គេ​ប្រើ​ជាទូទៅ​លើ​ពិភពលោក និងគ្រប់​ភាសា​ទាំងអស់ និងជាជម្រើស​ចុង​ក្រោយ​ដ៏​សុក្រឹត​បំផុត​ សម្រាប់​ការ​វែក​ញែក​រក​ខុស​ត្រូវ​ក្នុង​ផ្នែក​សូរ​ភាសា​វិទ្យា។

    ជា​ការពិត​ណាស់​ដែល​ថា​ក្បួន​ខ្នាត​វេយ្យាករណ៍​ទាំង​ឡាយ​មនុស្ស​ជា​អ្នក​បង្កើត​ ​តែ​ក៏​មិន​បាន​ន័យ​ថា​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​មាន​សមត្ថភា​ព​​អាច​បង្កើត​វា​បាន​ តាម​​តែ​ការ​យល់​ឃើញ​របស់​ខ្លួន​បាន​នោះ​ទេ គឺ​វា​អា​ស្រ័យ​លើ​តក្កភាព ហេតុ​ផល​​ ចំណេះដឹង​ ពិសោធន៍​ និង​មាន​លក្ខណៈវិទ្យា​សាស្ត្រ​ឬក៏អត់​ថែមទៀត។
    បើ​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​អាច​បង្កើត​ច្បាប់ ក្បួនខ្នាត​វេយ្យាករណ៍បានតាម​តែ​ការ​យល់​ឃើញ​របស់​អ្នក​នោះ មិន​យូរ​មិន​ឆាប់អក្សរ​សាស្រ្ត​ជាតិ​នឹង​រលំ​រលាយ ហើយ​សង្គ្រាម​ភាសា​នឹង​កើត​ឡើង​ជា​មិន​ខាន។

    បងបឿន៖ ខ្ញុំ​យល់​ស្រប​តាម​បង​ ដែល​ថាយើង​គួរ​ចៀស​វាង​សរសេរ​រាយ​បែប​នេះ ព្រោះឃើញថា​ពាក្យ​ខ្លះក្នុង​វចនានុក្រម​​បាន​បង្គាប់​មិនឲ្យ​សរសេរ ហើយ​ដោយ​យល់​ថា​ វចនានុក្រមជាច្បាប់​ដែល​យើង​គួរប្រតិបត្តិ​តាម ដើម្បីសរសេរ​ឲ្យ​ត្រូវ​តាមអក្ខរាវិរុទ្ធ​ទាំងអស់​គ្នា ។​ម្យ៉ាង​បើទោះ​ជាយើងយល់ថា​ ពាក្យណា​មួយ​ក្នុង​វចនានុក្រម​ខុស​ស្រលះ​ក៏ដោយ ក៏​យើងត្រូវសរសេរ​តាមដែរ ដរាប​ណា​មិន​ទាន់​មាន​ការឯកភាព​ឲ្យ​កែ​ប្រែ​ជា​ផ្លុវការ។

  13. ckvirya ថ្ងៃពុធ ទី 27 ខែ​កុម្ភៈ 2008 / 10:00 ល្ងាច

    អរគុណ​អាចម៍​ផ្កាយ សម្រាប់​ការ​ពន្យល់​ដ៏​ក្បោះ​ក្បាយ បើ​មាន​ឱកាស​ខ្ញុំ​នឹង​ស្វែង​រក​ជំនួយ​បន្ថែម​ទៀត​ពី​អាចម៍​ផ្កាយ​ដើម្បី​សិក្សា​ស្វែង​យល់​បន្ថែម​ពី​រឿង​នេះ សង្ឃឹម​ថា​ប្អូន​យល់​ព្រម​ជួយ​​ ហើយ​ខ្ញុំ​ក៏​សួម​អរគុណ​ទុក​ជា​មុន ។

    មែន​ហើយក្បួន​ខ្នាត​ទាំង​នោះ​មនុស្ស​ជា​អ្នក​បង្កើត​ឡើង ហើយ​មនុស្ស​ទាំង​នោះសុទ្ធ​សឹង​ជា​អ្នក​ប្រាជ្ញ មិន​មែនថា​នរណា​ក៏​អាច​បង្កើត​បាន​នោះ​ទេ ។ ខ្ញុំ​គាំ​ទ្រ​ប្អូន​ដែល​បាន​លើក​ឡើង​ពី​លទ្ធ​ផល​ដែល​អាច​កើត​មាន​ឡើង​ ប្រសិន​បើ​មាន​ការ​កែប្រែ​ទម្រង់​ទ្រង់​ទ្រាយ​ធំដុំ​ណាមួយ​ ដែល​មនុស្ស​ភាគ​ច្រើន​មិន​អាច​ទទួល​យក​បាន ។

    សូម​ជូនដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​ដែល​ចង់​បាន​ឯកភាព​ភាសា​ពិត​ប្រាដក ។ ថ្ងៃ​នេះ​ខ្ញុំ​មាន​ឱកាស​បាន​ជួប​ថ្នាក់​ដឹង​នាំ​របស់​ក្រសួង​អប់រំ​មួយ​រូប ខ្ញុំ​បាន​សាក​សួរ​លោក​អំពី​ចម្រូង​ចម្រាស​ក្នុង​ការ​ប្រើ​ប្រាស់​ភាសា​ខ្មែរ​យើង ។ លោក​មាន​ប្រសាស​ថា សៀវ​ភៅ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​អប់រំ​ទាំង​អស់​ កំពុង​ធ្វើ​ការ​កែ​ប្រែ​​បណ្ដើរៗ​ ដោយ​កំណត់​​យក​គោល​ការណ៍​របស់​វិទ្យាស្ថាន​ភាសា​វិទ្យាជាតិ និង រាជបណ្ឌិត្យ​សភា​កម្ពុជា ។ ហើយ​ក្រសួង​ក៏​បាន​ធ្វើ​សេចក្តី​ប្រកាស​រួម​ជា​ផ្លូវ​ការ​រួច​រាល់​មក​ហើយ​ដែរជាមួយ​វិទ្យាស្ថាន​ភាសា​ជាតិ និង​ រាជ​បណ្ឌិត្យសភា​កម្ពុជា និង​ ទីស្ដីការគណរដ្ឋមន្ត្រី អំពី​ឯកភាព​នៃ​ភាសា​ខ្មែរ​​នេះ ។

    ខ្លួន​ខ្ញុំ​ផ្ទាល់ សង្ឃឹម​ថា​ពេល​វេលា​អន្ធរកាល​នៃ​ភាសា​ខ្មែរ​យើង​កំពុង​រសាត់​ផុត​ហើយ ប​ន្ទាប់​ត​ពី​នេះ​ទៅ​​​ភាសា​យើង​នឹង​មាន​ឱកាស​ពង្រឹង​ជំហ​ខ្លួន​ឲ្យ​កាន់​តែ​រឹងមាំ​ថែម​ទៀត​ សម្រាប់​កូន​ខ្មែរ​ជំនាន់ក្រោយ ។ ខ្ញុំ​មាន​មោទនភាព​ណាស់​ ដែល​កើត​ជា​ខ្មែរ មាន​ភាសា​របស់​ខ្លួន​​ដែល​​​មាន​លក្ខណៈពិសេស មាន​វ័យ​ចំណាស់ មាន​អត្តសញ្ញាណ​​ច្បាស់លាស់ និងមាន​ភាពសម្បូរ​បែប ។

  14. sokkong ថ្ងៃ​ព្រហស្បតិ៍ ទី 28 ខែ​កុម្ភៈ 2008 / 2:10 ព្រឹក

    សួស្ដី
    តាមមតិខ្ញុំ យល់ថាបើចង់ឲ្យអក្សរខ្មែរមានឯកភាពនោះ ទាល់តែអ្នកចេះដឺងខាងផ្នែកនេះរួមគ្នាជជែកជាវេទិកាចំហមួយ ដោយឲ្យមានការចូលរួមចំណែកពីគ្រប់ក្រុមទាំងអស់ដែលពាក់ពាន់នឹងអក្សរនេះ ហើយសម្រេចយកមតិណាមួយ ដែលគិតថាត្រឹមត្រូវនិងមានហេតុផលជាងគេជាទីបំផុត។បើមិនដូចនេះ យើងនឹងនៅតែប្រកែកគ្នានឹងនៅតែយកតាមគំនិតម្នាក់ៗ គ្មានចប់។ខ្ញុំរៀនបានតែត្រឹមថ្នាក់ទី៦នៅឆ្នាំ១៩៨៦ ។ នៅចាំបានថា រៀនដល់ថ្នាក់ទី៦ហើយ សរសេរតែឈ្មោះថ្ងៃខែនិងឆ្នាំក៍មិនត្រូវ អានក៍មិនសូវរួចផងទៀត។មួយទៀតក្រសៀវភៅអានណាស់សម័យហ្នឹង។បើគឹតពីអ្នកដែលនៅក្នុងភូមិដែលមានអាយុប្រហែលគ្នានោះនៅរៀនតែត្រឹមថ្នាក់ទី៣ឫទី៤នៅឡើយ /មានតែម្នាក់ឯងប៉ុណ្ណោះដែលបានរៀនខ្ពស់ជាងគេ។នេះចង់ប្រាប់ថាការរៀនខ្សោយណាស់នៅពេលនោះ។តាំងពីឈប់រៀនមកមិនដែលអានអ្វីឡើយ ទើបមកដល់ឆ្នាំប្រមាណ១៩៩៥ឬ៩៦ ទើបរៀនអានជាថ្មី។អាស្រ៏យការអាននេះបានធ្្វើឲ្យយល់ដឹងខ្លះៗពីពាក្យខ្មែរ ថាពាក្យណាគួរត្រឹមត្រូវមួយណាមិនត្រឹមត្រូវ។ខ្ញុំសោកស្ដាយខ្លាំងណាស់នៅពេលឃើញការសរសេរអក្សរខុសយ៉ាងច្រើននៅក្នុងកាសែត សៀវភៅ ជាពិសេសនៅក្នុងចម្រៀងការាអូខេ។បើព្រៀបធៀបភាសាថៃវាមានការខុសគ្នាឆ្ងាយណាស់ គេច្្បាស់ទាំងអានទាំងសរសេរ​ ។តែក្រៅពីការសរសេរ យើងនៅមានបញ្ហាមួយទៀតគឺការអាន។រឿងអាននេះ សម្រាប់ខ្ញុំ នៅតែជាឧបសគ្គចម្បងមែនទែន គឺមិនដឹងអានយ៉ាងម៉េចឲ្យត្រូវគ្នានិងឯកភាពគ្នាបាន។
    ភ្ជាប់មកជាមួយនេះ ខ្ញុំមានពាក្យខ្លះដើម្បីឲ្យអ្នកអានៗឲ្យស្ដាប់ផង តើអានយ៉ាងណា? ពាក្យដូចជា
    មិថុនា មិនា សិល្បការិនី ទស្សនា បឋវី កនិដ្ឋា កិន្នរ កិន្នរី កម្មការិនី វស្សា មិគសិរ កត្តិក ភទ្របទ បទដ្ឋាន រដ្ឋប្បវេណី សូរ្យា កក្កដា ​មាត្រដ្ឋាន ។ល។ ខ្ញុំមានការអានដែលគឹតថាត្រូវរួចហើយចំពោះពាក្យខាងលើ គឺអានថា មិថុណា មិនា សិល​ ល្ប៉ៈការ៉ិណី ទះសៈណា ប៉ៈឋៈវ៉ី កៈណិត ឋា កិន ណ ​ កិន​​ ណ រ៉ី កាំម៉ៈការ៉ិណី វះសា មិ គៈសេ កាត់ដិក ភៈទ្របត់ ប៉ៈទាត់ ឋាន រ៉ាត់ ឋាប់ ប៉ៈវ៉េណី សូរ៉ៈយ៉ា(រ៉ៈ អានឲ្យកញ្ឆក់បន្តិច) កាក កៈដា មា ត្រាត់ ឋាន ។ល។អរគុណទុកជាមុនចម្ពោះការអានឲ្យស្ដាប់

  15. សុខឿត ថ្ងៃ​ព្រហស្បតិ៍ ទី 28 ខែ​កុម្ភៈ 2008 / 11:05 ព្រឹក

    សួស្តីអ្នកទាំងអស់គ្នា ខ្ញុំយល់ថា ភាសាខ្មែរ​នៅមាន​បព្ហាជាច្រើន។ រីឯសម្តេច​ព្រះសង្ឃរាជ ជួន ណាត មានពុទ្ធដិការ ភាសាខ្មែរមានប្រភពពីភាសាសំស្រ្កឺត ប៉ុន្តែ លោក បណ្ឌិត កេង​ វ៉ាន់សាក់ បានប្រកែកថា ភាសាខ្មែរមិនមែនមាន​ប្រភពមកពីបាលីសំស្រ្កឺតទេ ខ្មែរមានភាសាខ្ឡួនឯងយូរយារណាស់មកហើយ​គឺមានតាំងពី មុនអរិយធម៏ឥណ្ឌាចូលមកដល់ទៅទៀត។
    តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះប្រភពនៃភាសាខ្មែរនេះ?

  16. សុខឿត ថ្ងៃ​ព្រហស្បតិ៍ ទី 28 ខែ​កុម្ភៈ 2008 / 11:16 ព្រឹក

    តាមវចនានុក្រម របស់សម្តេចសង្ឃជួនណាត
    ស្នើ ទៅជាសំណើរ ប៉ុន្តែ លោកកេង វ៉ាន់សាក់ ថា យើងអាច សរសេរថា សំនើរ បានព្រោះគាត់បានសិក្សា តាមលក្ខណះវិទ្យាសាស្ត្រ។

  17. អាចម៍ផ្កាយ ថ្ងៃ​ព្រហស្បតិ៍ ទី 28 ខែ​កុម្ភៈ 2008 / 3:04 ល្ងាច

    ជូនckvirya ៖ អរគុណ​បង​ដែល​បាន​ផ្តល់​ដំណឹង​ដ៏​ល្អ​នេះ ខ្ញុំ​សង្ឃឹម​ថា​មិន​យូរ​មិន​ឆាប់​ ភាសាខ្មែរ​យើង​នឹង​មាន​ឯក​ភាព។

  18. បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 28 ខែ​កុម្ភៈ 2008 / 9:21 ល្ងាច

    និយាយ​ទៅ​ខ្ញុំ​ចេះ​តែ​គិត​មិន​លេច ថា​តួ​អក្សរ ណ នេះ​ជា​ស្អី ហេតុ​អី​បាន​ជា​គិត​ចង់​ចៀសវាង​វា? បើ​តាម​ខ្ញុំ​ធ្លាប់​ដឹង​វា​គឺ​ជា​អក្សរ​ដែល​លោក​​កេង វ៉ាន់សាក់​លើក​យក​មក​ដើម្បី​ប្រឆាំង​នឹង​សម្ដេច​ជួនណាត​ប៉ុណ្ណោះ។ គួរ​សម្គាល់​ថា ភាសា​ខ្មែរ​ជា​ភាសា​ប្រជុំ​ដោយ​ភាសា​បី គឺ​ភាសា​អ្នក​ស្រុក ភាសា​បាលី និង​ភាសា​សំស្ក្រឹត។ ក្នុង​វេយ្យាករណ៍​ខ្មែរ​​ តួ​អក្សរ​ប្រកប​ពាក្យ​ខ្មែរ​ស្ទើរ​តែ​ទាំង​អស់​គឺ​ជា​ពពួក​អក្សរ​នៅ​ដើម​វគ្គ មាន ក ច ដ ត ប ពាក្យ​បាលី ឬ​សំស្ក្រឹត​ដែល​ប្រើ​នៅ​ក្នុង​ភាសា​ខ្មែរ​គេ​សឹង​តែ​ប្រើ​អក្សរ​ទី​២​ទី​៣​ទី​៤​ទាំង​អស់ ដែល​មាន​អក្សរ ខ​គ​ឃ ឆ​ជ​ឈ ថ​ឌ​ឍ ថ​ទ​ធ ផ​ព​ភ ចំណែក​តួ​អក្សរ​ចុង​វគ្គ និង​សេស​វគ្គ​ដែល​មាន​អក្សរ ង ញ ណ ន ម យ រ ល វ ស ហ ឡ អ គេ​ប្រើ​បាន​ទាំង​ពាក្យ​ខ្មែរ បាលី និង សំស្ក្រឹត​ផង។ មួយ​វិញ​ទៀត​​ពាក្យ​ខ្មែរ មាន​ពាក្យ​រាយ និង​ពាក្យ​តម្រួត។ ក្នុង​ការ​​តម្រួត គឺ​គេ​ធ្វើ​ការ​តម្រួត​លើ​ពាក្យ​ពីរ​ព្យាង្គ​ដែល​ព្យាង្គ​ខាង​ដើម​មាន​អក្សរ​ប្រកប និង​ឋិត​នៅ​ក្នុង​វគ្គ​ជាមួយ​គ្នា​ជាមួយ​នឹង​អក្សរ​ប្រកប​នៅ​ព្យាង្គ​បន្ទាប់ និង​ប្រសិនបើ​គេ​បំបែក​ព្យាង្គ​ទាំង​ពីរ​នោះ​ទៅ វា​មិន​មាន​ន័យ ឬ​ទៅ​ជា​ន័យ​ផ្សេង។

    សូម​តប​លោក​វិចិត្រ​ត្រង់​សំណួរ​ទី​២​បន្តិច បើ​តាម​ក្បួន​ខាង​លើ តួ​អក្សរ “ណ” មិន​មែន​ប្រើ​តែ​សម្រាប់​បាលី ឬ​សំស្ក្រឹតប៉ុណ្ណោះ​ទេ គឺ​អាច​ប្រើ​បាន​ទាំង​បី​ភាសា។

    ខ្ញុំ​ស្ដាយ​ដែរ ដែល​ខ្ញុំ​រៀន​ខ្មែរ​បាន​តិចតួច មិន​មាន​ហេតុផល​អ្វី​មក​បញ្ជាក់​ឱ្យ​ច្បាស់លាស់​ទេ អ្វី​ដែល​ខ្ញុំ​ដឹង​គឺ​​ខ្ញុំ​បាន​លើក​មក​រួច​ហើយ។ គ្រាន់​តែ​ថា​ខ្មែរ​មាន​ក្បួន​ច្បប់​ច្បាស់លាស់​ណាស់​សម្រាប់​ភាសា​របស់​​ខ្លួន ​ប្រហែល​ជា​ថៃ ឡាវ មិន​អាច​ប្រៀប​នឹង​ភាសា​ខ្មែរ​បាន​ឡើយ។

    ** ខ្ញុំ​បាន​អាន​មតិ​ខាង​លើ​មក​អស់​ហើយ តែ​ដោយ​សារ​តែ​វែង​ពេក ខ្ញុំ​មិន​សូវ​មាន​ពេល​ទំនេរ​ផង ទើប​មិន​អាច​បញ្ចេញ​មតិ​ផ្ទាល់​តប​ឱ្យ​បាន​គ្រប់។ ចំពោះ​លោក sokkong សូម​លោក​សាក​បើក​មើល​ពាក្យ​នៅ​ក្នុង​វចនានុក្រម​សម្ដេច​ព្រះ​សង្ឃរាជ​ជួន ណាត ប្រហែល​ជា​មាន​ពាក្យ​អាន​សម្រាប់​ពាក្យ​ខាង​លើ។

    សូម​អរគុណ

    ទឹម បឿន

  19. sokkong ថ្ងៃសុក្រ ទី 29 ខែ​កុម្ភៈ 2008 / 2:28 ល្ងាច

    សូមអរគុណលោកបឿនយ៉ាងច្រើន។ខ្ុំគ្រាន់តែសូរចង់បានគំឃើញខ្លះៗប៉ុណ្ណោះ។យើងអ្នកពុទ្ធប្រើភាសាបាឡីសំស្ក្រឺត។បើមិនមាន ណ ឡ ឫ ឥ ។ល។តាមដែលតែងតែលើកឡើងនោះ តើយកស្អីមកសរសេរជំនួសទៅ?​ អក្សរទាំងនេះត្រូវតែមាន។សូម្បីតែអង់គ្លេសក៏មានពុម្ភជាបាឡីសំស្ក្រឺតផងដែរ។ក្នុងការជជែកពីភាសាខ្មែរ តាមការសង្កេតមានដូចនេះគឺ ម្នាក់តាមសម្ដេច ជួនណាត ម្នាក់ទៀតតាមបណ្ឌិត កេងវ៉ាន់សាក់ ត្រង់នេះខ្ញុំយល់ថា លោកកេងវ៉ាន់សាក់ពុំសូវចេះអក្សរបុរាណ ឫបាឡីឫភាសាអ្នកជិតខាងយើងដូចជាសឿមជាដើម ច្រើនតែបកស្រាយពុំសមស្រប ។ជឿបានតិចតួចចំពោះពាក្យភាសាខ្មែររបស់គាត់ ទំនងជាស្អប់បាឡី។។ ពាក្យដែលមិនមាននៅក្នុងវចនានុក្រម តែងតែជាពាក្យមិនហ៊ានអារកាត់ ចំណុចនេះ បើយើងយល់ដូចជាមិនពិបាកឡើយ ព្រោះថាអ្នកពុទ្ធក្ដីកវីក្ដីនិពន្ធិកជនក្ដី។ល។តែងតែយកពាក្យភាសាផ្សេងៗមកប្រើ

    រើយៗមានបាឡីមានភាសាសៀម។ល។ពាក្យទាំងនោះយើងត្រូវរក្សានិងសរសេរតាមក្បួនភាសានោះៗទាំងស្រុង ហើយពាក្យនោះទៀតសោតមានច្រើននិងអាចសរសេរបានច្រើនបែប ដូចពាក្យថា អ្នកសម្លាប់ៈ ឃាតក ឃាតករ វធក។ចតុមគ្គៈ ចតុម្មគ្គ ចាតុម្មគ្គ ចតុមាគ៌ ចតុមាគ៌ាឫចាតុម្មាគ៌ ចាតុម្មាគ៌ា។បាលីៈបាឡី។វិទ្ធំសនាៈវិទ្ធង្សនា។វិហឺសាៈវិហិង្សា។ល។។មួយទៀត ច្រើនតែអាងដល់ពាក្យខ្មែរបុរាណ ត្រង់នេះដូចជាមិនសូវសមសោះ ព្រោះថាពាក្យបុរាណខ្មែរក៏ដូចជាភាសាថៃបុរាណ(មើលស្លឺករឺត)ភាគច្រើនសរសេរតៗគ្នាគ្មានអ្នកត្រួតឡើយនៅសម័យបុរាណហ្នុះ។ខុសច្រើន។

  20. ទឹម បឿន ថ្ងៃសុក្រ ទី 29 ខែ​កុម្ភៈ 2008 / 3:42 ល្ងាច

    និយាយ​មក​នេះ ខ្ញុំ​យល់​ស្រប។ ក្រុម​បណ្ឌិត​កេង វ៉ាន់សាក់​គឺ​ពិត​ជា​មិន​ចូលចិត្ត​បាលី​ និង​សំស្ក្រឹត​មែន។ ខាង​ក្រុម​នេះ គេ​ចង់​ប្រើ​តួ​អក្សរ​ខ្មែរ​សុទ្ធ ណ និង ឡ មិន​យក​មក​ប្រើ ឥ ជា អិ ឪ ជា អូវ… ។ល។ បើ​ធ្វើ​បែប​នេះ គឺ​ដូច​ជា​បង្កើត​ភាសា​មួយ​ថ្មី​អ៊‍ីចឹង គ្រាន់​តែ​រក្សា​សំឡេង​និយាយ តែ​ភាសា​សរសេរ​បាត់​អស់។ ឧទាហរណ៍ ពាក្យ ឪឡឹក ទៅ​ជា អូវលឹក បើ​ខ្ញុំ​ភ្លេច​ខ្លួន បែប​មិន​ដឹង​ថា​មានន័យ​យ៉ាងម៉េច​ទេ។ មួយ​ទៀត គេ​មិន​ប្រើ​តម្រួត​ ឧទាហរណ៍​ “អែងមើលចាក់ខុសព្រាត” បែប​មាន​អ្នក​គិត​ទៅ​ន័យ​ផ្សេង​ពី​ខ្ញុំ​សរសេរ បើ​ខ្ញុំ​មិន​ប្រាប់ ខ្ញុំ​ចង់​សរសេរ​ថា ឯង​មើល​ចក្ខុ​ស​ព្រាត (ប្រាប់​អ្នក​ណា​ម្នាក់​ឱ្យ​មើល​ចក្ខុ​ដែល​បើក​មាន​ពណ៍​ស​ស្ទើរ​ទាំង​អស់ មិន​មែន​ប្រាប់​ថា​នរណា​មួយ​កំពុង​ចាក់​អ្វី​មួយ​ខុស​សឹង​ទាំង​អស់​ឡើយ)។ សរសេរ “ចក្ខុ” ជា “ចាក់ខុ” ព្រោះ​គេ​ចៀសវាង​តម្រួត ចំណែក​ខ្ញុំ​ប្រើ​ពាក្យ “ព្រាត” ព្រោះ​ទម្លាប់​ស្រុក​ខ្ញុំ​ច្រើន​ប្រើ​បែប​នេះ។ ឧទាហរណ៍​មួយ​ទៀត ប្រយោគ “ចំការរបស់​ប្អូន​ខ្ញុំ” ខ្ញុំ​ចង់​ថា ចម្ការ​ជា​កម្មសិទ្ធិ​របស់​ប្អូន​ខ្ញុំ មិន​មែន​ចំ​ថ្ងៃ​រៀប​មង្គលការ​របស់​ប្អូន​ខ្ញុំ​ទេ។ បើ​នាំ​គ្នា​ចៀសវាង ខ្លាច​បាលី ខ្លាច​សំស្ក្រឹត​ដូច​អ្នក​មួយ​ចំនួន​​នោះ ភាសា​ខ្មែរ​​ច្បាស់​ជា​រលាយ​មិន​ខាន​ឡើយ។

    ហ្នឹង​គឺ​ខ្ញុំ​លើក​ឡើង​តាមដែល​ធ្លាប់​ឃើញ​អ្នក​ចង់​ឱ្យ​ភាសា​ខ្មែរ​មក​ជា​ខ្មែរ​សុទ្ធ​ប៉ុណ្ណោះ។ ខ្ញុំ​ថា​ចៀសវាង​មិន​បាន​ឡើយ ព្រោះ​ភាសា​យើង​វា​ប្រជុំ​បី​ភាសា​យ៉ាង​នេះ​មក​ហើយ។

    អរគុណ!

  21. sokkong ថ្ងៃសុក្រ ទី 29 ខែ​កុម្ភៈ 2008 / 9:21 ល្ងាច

    សូស្ដី
    សូមគាំទ្រទាំងស្រុង លោកបឿន។ទាក់ទងនិងតម្រូតនេះ អ្នកខ្លះថា
    វាលាំបាកសរសេរផង មើលទៅមិនស្អាតផង ។ហើយថាអក្សរថៃសរសេរងាយជាង ខ្ញុំថាប្រហែលជាងាយបណ្តិចមែន ។
    ប៉ុន្តែបើខ្មែរយកត្រាប់តាមថៃ សំឡេងពាក្យខ្មែរអាចល្្អៀងមួយរំពេច ដូចពាក្យថា สตรี ថៃអានថា ហ្សៈទ្រី បើខ្មែរយកតាមថៃត្រូវសរសេរថា
    សតរី រួចហើយអាចអានថា សៈត្រី ឫ សៈតៈរ៉ី។ល។គឺមិនមែន ស្ត្រីឡើយ ។មានពាក្យបែបនេះច្រើនណាស់។បើយកតាមមិនយូរទេ
    អាចអានញែកស័ព្ទខូចអស់។
    ភាសាថៃគឹពិបាកចាំណាស់ ព្រោះមានតួអក្សរច្រើនសាំគ្នាហើយមានសំឡេងច្រើនផងដែរ។
    រៀនជាមួយថៃ ឮសូរតែសួរពាក្យគ្នា ខ្មែរយើងសួរគ្នាតិចណាស់។
    ខ្ញុំបានឮអនុគណរូប១មានដីកាដោយផ្ទាល់ថា ពេលលោកសរសេរ
    សំបុត្រគណសង្ឃម្ដងៗ ត្រូវចំណាយពេលបើកមើលវចនានុក្រមគ្របដង
    ទើបផ្ញើ ព្រោះខ្លាចខុស។លោកអង្គនេះរៀនចប់ ป ธ ๙ ។នេះមិនធម្មតា។
    អរគុណ

  22. ទឹម បឿន ថ្ងៃសុក្រ ទី 29 ខែ​កុម្ភៈ 2008 / 9:42 ល្ងាច

    បើ​តាម​ sokkong និយាយ បាន​ន័យ​ថា​ថៃ​ពិបាក​ជាង​ខ្មែរ​ឆ្ងាយ​ហើយ ជាពិសេស​បាលី​ហ្នឹង​តែ​ម្ដង​មែន​ទេ? ខ្ញុំ​មិន​ចេះ​ថៃ​អី​ទេ តែ​បើ​តាម​ស្ដាប់​អ្នក​ដែល​ចេះ​ថៃ​បាន​ច្រើន គេ​ថា​ខ្មែរ​យើង​មាន​ចំណុច​ពិសេសៗ​ជាង​ថៃ​ច្រើន​ណាស់ ដូច​ជា​ការ​ញែក​សំឡេង ឃោសៈ អឃោសៈ ការ​តម្រួត​ពាក្យ និង​មួយ​ទៀត គឺ​ភាសា​ខ្មែរ​យើង​អាច​អាន និង​សរសេរ​សំឡេង​បែប​ណា​ក៏​បាន។ បាន​ឮ​បែប​នេះ ខ្ញុំ​រឹតតែ​ពេញចិត្ត និង​ស្រឡាញ់​ភាសា​ខ្មែរ​ពេក​ទៅ​ហើយ ដែល​វា​មាន​គ្រប់សព្វ មិន​ខ្លាច​ខ្វះ​សម្រាប់​យក​មក​ប្រើប្រាស់។

  23. sokkong ថ្ងៃសៅរ៍ ទី 1 ខែ​មីនា 2008 / 9:41 ព្រឹក

    ុំមែនហើយ គឹពិបាកក្នុងការចាំស័ព្ទ ព្រោះថាព្យញ្ជនៈមានសំឡេងដូចគ្នាច្រើនតួ
    ។អ្នកប្រាជ្ញយើងប្រើតែសមួយតួប៉ុណ្ណោះ តែថៃប្រើសដល់ទៅ៤តូ រួមទាំងពាក្យ
    ទ្រ=ស ។ស្រ=ស ដូចជាពាក្យ ទ្រង់ ​ស្រង់​ ថៃអានថា សុង ថា សុង។ល។ហើយមានសំឡេងវណ្ណយុត្តិដល់ទៅ៥សៀង(សំឡេង)។កូនថៃត្រូវcommit it to memory។

  24. ទឹម បឿន ថ្ងៃសៅរ៍ ទី 1 ខែ​មីនា 2008 / 10:17 ព្រឹក

    ខ្ញុំ​ធ្លាប់​មើល​តួអក្សរ​របស់​ថៃ​ខ្លួនឯង​ដែរ អក្សរ​សឡេង​ដូចៗ​គ្នា​ច្រើន​នោះ​ច្រើន ដូច​អក្សរ “ខ”​ជា​ដើម។ មិន​ដឹង​ថា​គេ​ខ្វះ​”ខ”​សម្រាប់​ប្រើ​ឬ​យ៉ាងម៉េច? ប៉ុន្តែ​នេះ​ជា​ភាសា វា​ត្រូវ​តែ​អ៊‍ីចឹង​ហើយ ចម្លែក​តែ​អ្នក​មួយ​ចំនួន មក​ចង់​កាត់​អក្សរ​ខ្មែរ ទើស​​អក្សរ “ណ” ទើស​អក្សរ “ឡ” និង​ស្រះ​ពេញ​តួ​ទាំង ១៥​ទៀត។ ចង់​ឱ្យ​ខ្មែរ​ជំនាន់​ក្រោយ​អាន កខ តាម​របៀប​ខាង​ក្រោម?
    ក ខ គ ឃ ង
    ច ឆ ជ ឈ ញ
    ដ ថ ឌ ឍ
    ត ថ ទ ធ ន
    ប ផ ព ភ ម
    យ រ ល វ ស ហ អ។

    ក ខ គ ឃ ង
    ច ឆ ជ ឈ ញ
    ដ ថ ឌ ឍ ន៉
    ត ថ ទ ធ ន
    ប ផ ព ភ ម
    យ រ ល វ ស ហ ល៉ អ។
    បើ​ត្រង់​ “ណ” ជំនួស​ដោយ “ន៉” ចុះ​តួ​ផ្សេងៗ​ទៀត ដែល​​ដែល​អាច​ប្រើ មូលសិកទន្ត​ដែរ យក​មក​ដាក់​ដែរ​ឬ​យ៉ាង​ណា? ដូច ង៉ ញ៉ ប៉ ម៉ យ៉ រ៉ វ៉ ប៊ ស៊ ហ៊ អ៊..ជា​ដើម។ ពពួក​តួ​អក្សរ​ដែល​ថែម​មូលសិកទន្ត និង ត្រីស័ព្ទ​នេះ បុរាណចារ្យ​យើង​បន្ថែម​ដើម្បី​ឱ្យ​គ្រប់គ្រាន់​ក្នុង​ការ​ប្រើ​ប្រាស់​ភាសា​ប៉ុណ្ណោះ។ តួ​អក្សរ​គឺ​វា​មាន​គ្រប់គ្រាន់​តាម​ដែល​តួ​ដែល​ខ្មែរ​ប្រើ​សព្វ​ថ្ងៃ មិន​ចាំ​បាច់​កាត់​បន្ថយ​ឡើយ។ សូម​ឱ្យ​អ្នក​ដែល​ចង់​កែ​ភាសា​ខ្មែរ​ដោយ​បំបាត់​បាលី និង​សំស្ក្រឹត​ចោល​នេះ ពិចារណា​ឱ្យ​មែន​ទែន ហើយ​គិត​លើ​គំនិត​របស់​បណ្ឌិត​កេង វ៉ាន់សាក់​ឱ្យ​បាន​ល្អិតល្អន់។ កាល​អត្ថបទ​មុនៗ ធ្លាប់​មាន​ជជែក​គ្នា​អំពី​​រឿង​ដែល​ខ្ញុំ​រៀបរាប់​មក​ហ្នឹង​យ៉ាង​តឹង​សសៃ​ក រហូត​មាន​ជេរ​ដោយ​ប្រើ​ពាក្យ​អសុរស​ជា​ច្រើន​ដាក់​គ្នា។

    សុំ​បញ្ជាក់​បន្ថែម​តែ​ប៉ុណ្ណឹង
    បឿន

  25. sokkong ថ្ងៃសៅរ៍ ទី 1 ខែ​មីនា 2008 / 2:22 ល្ងាច

    រឿងតួអក្សរថៃដែលមានច្រើននោះជារឿងដែលយើងមិនអាចយល់បាន
    ប្រហែលគេមានហេតុផលរបស់គេច្្បាស់លាស់។ឯអក្ខរៈរបស់យើងដូចជា
    ល្មមសមរម្យហើយគឹមិនតិចមិនច្រើន អាចប្រើបានយ៉ាងល្អ។បើកាត់តួខ្លះចោលប្រាកដជាមានបញ្ហ។តែក៏សូមគាំទ្រ
    ការកែរតម្រូវខ្លះៗដែលធ្វើឡើងដោយហ្មត់ចត់និងត្រឹមត្រូវ
    បំផុត ហើយអាចទទួលយកបានពីជនភាគច្រើន ជាពិសេសពីអក្នជំនាញផ្នែកអក្សរសាស្ត្រ។ចំណែកការកំណត់ថា ពាក្យណាជាពាក្យខ្មែរ ពាក្យណាបាឡីនោះ មិនមែនចេះតែធ្វើដោយស្មាន
    បានឡើយ ដើម្បីយកខអាងថា នេះខ្មែរនេះបាលី ហើយបំបាត់បាលីចោល
    ដោយហេតុតួដូចគ្នាឫសំឡេងដូចគ្នានោះ​ អ្នកណាដឺង? បើមិនរៀនអក្សរបុរាណនិងបាលីផង។តែអ្នកប្រាជ្ញយើងដែលចេះភាសាទាំង
    នេះទើបអាចដឺងបាន ដោយការប្រៀបធៀបយ៉ាងច្រើនបែប។សម្ដេចព្រះសង្ឃរាជជួនណាតទ្រង់
    ចំណាយពេលមួយជីវិតរបស់ព្រះអង្គ ដើម្បីសឹក្សាតែរឿងពាក្យភាសាខ្មែរតែមួយយ៉ាង។ដូចនេះគួរជឿតាមទ្រង់ណាស់ហើយទ្រង់ថែមទាំងមានហេតុផលយ៉ាងច្រើន។និយាយអញ្ចឺងមិនមែនងប់ងល់និងបាលីទេតែចង់ប្រាប់ពីខុលត្រូវនិងហេតុផលប៉ុណ្ណោះ។ហើយរឿងនេះគួរតែនិយាយគ្នាបែបសប្្បាយៗ។អាចន៍ៈឥណ្ឌា អាច់=ខ្មែរ ក្បដៈឥ ក្បត់ៈខ នង្គលៈឥ ​នាំង្គាល់ៈខ ស្បថៈឥ ស្បត់ៈខ។ល។ ត្រូវ?

  26. ទឹម បឿន ថ្ងៃសៅរ៍ ទី 1 ខែ​មីនា 2008 / 3:35 ល្ងាច

    ពាក្យ​ដែល​ត្រូវ៖ អាចម៍ ​ក្បត់ នង្គ័ល ស្បថ។

  27. sokkong ថ្ងៃសៅរ៍ ទី 1 ខែ​មីនា 2008 / 6:33 ល្ងាច

    ត្រូវហើយ អរគុណច្រើន។តាមមើលទៅពាក្យខ្លះស្រដៀងគ្នាណាស់
    រហូតញែកមិនដាច់ ទាំងតួទាំងសំឡេងដូចពាក្យខាងលើ​ គឹបាលីៈកបដ ប្រហែលអាចតម្រួតជា ក្បដ រួចក្លាយជា ក្បត់។បាលីៈសបថ=ស្បថ។
    ទេសនា=ទេស្នា។ល។ខ្មែរច្រើនយកពាក្យរាយរបស់បាលីមកត្រួតគ្នា។
    បាលីៈនង្គល=ថែមសំយោគសញ្ញ។ពេលខ្លះមានបំប្លែងតួផ្សេងៗថែមទៀត
    ឧៈវេលា=ពេលា។វិសេស=ពិសេស។តារា=ដារា។វនិតា=វនិដា=ពនិដា
    (ស្ត្រី)ជាដើម។

  28. ទឹម បឿន ថ្ងៃចន្ទ ទី 3 ខែ​មីនា 2008 / 9:54 ព្រឹក

    មើល​ទៅ​លោក sokkong ដូច​ជា​ចេះ​បាលី​ច្រើន​ ខ្ញុំ​មិន​ចេះ​បាលី​ទេ តែ​បើ​ធ្លាប់​ស្ដាប់​សម្ដេច​ជួន ណាត លោក​ថា​អក្សរ ត និង ដ ឬ អក្សរ ព និង វ មាន​សំឡេង​ស្រដៀង​គ្នា​ណាស់​ក្នុង​ភាសា​បាលី តែ​ដល់​តែ​ខ្មែរ​យើង​យក​មក​ប្រើ​សំឡេង​វា​ចេះ​តែ​កែ ធ្វើ​ឱ្យ​មិន​ដូចគ្នា​យ៉ាង​នេះ។

  29. sokkong ថ្ងៃអង្គារ ទី 4 ខែ​មីនា 2008 / 12:08 ព្រឹក

    ខ្ញុំមិនចេះទ តែគ្រាន់បានយល់បានចេះចាំពាក្យបាលីខ្លះៗប៉ុណ្ណោះ
    ដោយការអានសៀវភៅធម៌និងមើលបាលី។ខ្ញុំមិនដឺងដែរចំពោះបន្ទូលនេះ ព្រោះបាលីមានការអានផ្សេងៗគ្នាទៅតាមជាតិសាសន៍និមួយៗ។តែមើលទៅ
    ហាក់ដូចជាមិនស្រដៀងគ្នាសោះក្នុងអំណានរបស់ខ្មែរ។ឯភាសាបាលីមាន
    ការផ្លាស់ព្យញ្ជនៈដូច្នេះ
    ត=ដ ទុក្កត ជា ទុក្កដ
    រ=ល មហាសារ ជា មហាសាល
    វ=ព វានរ ជា ពានរ ជាដើម។

  30. Boeun ថ្ងៃអង្គារ ទី 4 ខែ​មីនា 2008 / 3:32 ល្ងាច

    ខ្ញុំ​ដូច​ជា​​មិន​សូវ​យល់។ លើក​ឡើង​មក​ហ្នឹង បាន​ន័យ​ថា​ក្នុង​ភាសា​បាលី​ដដែល​ហ្នឹង គេ​ប្ដូរ​តួអក្សរ​សរសេរ​មែន​ទេ? ត ទៅ ដ, រ ទៅ ល, និង វ ទៅ ព។ តើ​យ៉ាង​ហ្នឹង​មែន​ទេ?

  31. sokkong ថ្ងៃអង្គារ ទី 4 ខែ​មីនា 2008 / 10:58 ល្ងាច

    មែនហើយ។តែការផ្លាស់ឫប្ដូរនោះមានក្បួនជាក់លាក់របស់គេ។
    យើងមិនចេះតែផ្លាស់តាមតែនឺកឃើញបានឡើយ។បើចង់យល់
    ពីបាលី សូមរកវេយ្យាករណ៍បាលីមកអានលេងៗលមើល៍ លោកប្រហែលនឺងអាចយល់បាន។

  32. Boeun ថ្ងៃពុធ ទី 5 ខែ​មីនា 2008 / 9:02 ព្រឹក

    បាទ អរគុណ​ច្រើន​ហើយ។ ខ្ញុំ​ក៏​ចង់​ចេះ​បាលី​ដែរ បើ​មាន​ពេល ខ្ញុំ​នឹង​ខំ​អាន​ខ្លះៗ​មិន​ខាន។

  33. sokkong ថ្ងៃពុធ ទី 5 ខែ​មីនា 2008 / 12:23 ល្ងាច

    បាលីជាភាសាពិបាករៀនណាស់ ព្រោះមានពាក្យច្រើនហើយថែមទាំង
    មានន័យដ៍ច្រើនទៀត ហើយនិងមានវេយ្យាករណ៍យ៉ាងច្រើនបែប។
    ប៉ុន្តែបើរៀនឲ្យត្រឺមតែយល់ដឺងពីពាក្យនិងសេចក្ដីរបស់ពាក្យមួយៗ
    ថាតើវាមានរូបយ៉ាងម៉េច រួចប្រែយ៉ាងណាហ្នុះ​ ដូចជាមិនលំបាកឡើយ។

  34. Boeun ថ្ងៃពុធ ទី 5 ខែ​មីនា 2008 / 12:55 ល្ងាច

    មិន​សង្ឃឹម​ថា​នឹង​អាច​ចេះ​ជ្រៅជ្រះ​ទេ គ្រាន់​តែ​បាន​មួយ​យល់ ខ្ញុំ​ពេញ​ចិត្ត​ហើយ។

  35. sokkong ថ្ងៃពុធ ទី 5 ខែ​មីនា 2008 / 1:32 ល្ងាច

    បើយើងយល់ យើងអាចយកមកប្រើបានយ៉ាងល្អ និងអាចបង្កើតពាក្យថ្មី
    ឫកាត់តពាក្យដើម្បីប្រើក្នុងសំណេរផ្សេងៗ ជាពិសេស ក្នុងការតែងចម្រៀង
    និងកំណាព្យជាដើម។

  36. Boeun ថ្ងៃពុធ ទី 5 ខែ​មីនា 2008 / 1:40 ល្ងាច

    ខ្ញុំ​ក៏​គិត​ថា​អ៊‍ីចឹង​ដែរ។

  37. សេរីបណ្ឌិត ថ្ងៃពុធ ទី 20 ខែមករា 2010 / 8:04 ល្ងាច

    មតិ​យោបល់​របស់​ខ្ញុំ​ប្រហែល​ជា​យឺត​យ៉ាវ​បន្តិច​ហើយ ព្រោះ​ខ្ញុំ​ទើប​នឹង​ឃើញ​អត្ថបទ​មួយ​នេះ ។
    ចំពោះ​ពាក្យ​ « សំណើ » វចនានុក្រម​ខ្មែរ​មិន​បាន​បញ្ជាក់​ន័យ​ថា​ជា​នាមសព្ទ ​ដែល​ក្លាយ​ពី​កិរិយាសព្ទ « ស្នើ » នោះ​ទេ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s