បុណ្យ​សង្សារ​ឆ្នាំ​មុន


ដប់បួន​កុម្ភៈ គ្រប់គ្នា​ដឹង​ជាក់ ថ្ងៃ​បុណ្យ​សង្សារ
ឆ្នាំ​មុន​ស្មើ​នេះ ខ្ញុំ​នៅ​សាលា អង្គុយ​សិក្សា
ក្បែរ​អ្នក​ខ្ញុំ​ស្នេហ៍។

គ្រូ​ខំ​បង្រៀន ពន្យល់​មេរៀន មក​ជា​ហូរហែ
អាសូរ​តែ​ខ្ញុំ បាន​ជិត​ស្រី​ស្នេហ៍ មិន​បាន​ខ្វល់​ទេ
នឹង​មេរៀន​ថ្មី។

ចេញ​ពី​រៀន​ភ្លាម រត់​ស្ទើរ​ជ្រុះ​ឈាម សំដៅ​ផ្សារ​ថ្មី
ទិញ​ផ្កា​មួយ​ទង យក​ទៅ​ជូន​ស្រី ផ្កា​ស្រស់​ស្លឹក​ខ្ចី
គួរ​គាប់​ចិន្ដា។

ទិញ​ផ្កា​បាន​ឆាប់ រត់​យ៉ាង​ប្រញាប់ វិល​ទៅ​សាលា
ខ្លាច​មិត្ត​ភក្ដិ​ឃើញ គេ​បង្អាប់​ថា ទើប​ខ្ញុំ​យក​ផ្កា
លាក់​ក្នុង​ហោប៉ៅ។

ទៅ​ដល់​មាន​អី រត់​ហត់​ចង់​ក្ស័យ បែក​ញើស​ជោក​អាវ
ត្រជាក់​ដល់​ខោ ទាំង​ក្នុង​ទាំង​ក្រៅ លូក​ស្ទាប​ហោប៉ៅ
ផ្កា​បាក់​ខ្ទេច​អស់។

នឹក​ខឹង​ចង់​យំ រវល់​សន្ធំ ស្រមៃ​កៀន​កោះ
ភ្លេច​នឹក​ថា​ផ្កា ក្នុង​ហោប៉ៅ​ស្មោះ ផ្កា​ហ្នឹង​ខ្ទេច​អស់
បង់​បោះ​ឥត​ការ។

ខឹង​នោះ​សែន​ខឹង តែ​ខ្ញុំ​មិន​ដឹង នឹង​ធ្វើ​យ៉ាង​ណា
ខ្លាច​មិត្ត​ភក្តិ​ដឹង ថា​ខ្ញុំ​ទិញ​ផ្កា ទើប​ខំ​ទៅ​ផ្សារ
ទិញ​ផ្កា​ស្ងាត់ៗ។

មួហ្មង​ក្រៃ​លែង ឈរ​ស្ដាយ​ម្នាក់ឯង កន្លែង​បាំង​បាត់
ថ្លាថ្លែង​ខ្សឹបៗ អស់​បួន​ដប់​ម៉ាត់ ទើប​ដាច់​ចិត្ត​កាត់
ថា​លែង​ខ្មាស​គេ។

នៅ​មុខ​សាលា មាន​គេ​លក់​ផ្កា ក៏​មិន​តិច​ដែរ
ខ្ញុំ​ទៅ​ប្រញាប់ ឈរ​អើត​ក្រោយ​គេ មិត្ត​ខ្ញុំ​មិត្ត​គេ
នៅ​ក្បែរ​នោះ​ផង។

អៀន​មិន​តិច​ទេ ប៉ុន្តែ​ព្រោះ​ស្នេហ៍ ដែល​ខ្ញុំ​កួច​ប៉ង
«ខ្មាស​នៅ​មួយ​ដុំ ខ្ញុំ​សុំ​តែ​ម្ដង សម្រេច​បំណង
សឹម​អ្នក​មក​វិញ។»

មិត្ត​ខ្ញុំ​ម្នាក់​នោះ ខំ​ប្រឹង​ឈ្មុលឈ្មូស ប្រជ្រៀត​ចូល​ទិញ
ទិញ​បាន​គេ​ត្បុរ ចេញ​មក​ក្រៅ​វិញ ឃើញ​ខ្ញុំ​សើច​ស្ញេញ
ហក់​មក​គោះ​ស្មា។

«នែ​អា​សម្លាញ់ ម្ដេច​មិន​ប្រាប់​អញ ថា​មាន​សង្សារ
មក​ដល់​ពេល​នេះ ទើប​អញ​ដឹង​ការ លួច​មាន​សង្សារ
ពេល​ណា​ហ្នឹង​វ៉ើយ?»

ខ្ញុំ​នេះ​ឡើង​ខ្មេរ អៀន​អ្វី​ម្ល៉េះ​ទេ មិន​ដឹង​តប​ឆ្លើយ
ម្ដេច​ឯង​មក​សួរ អា​សម្លាញ់​អើយ អញ​មិន​ដឹង​ឆ្លើយ
ប្រាប់​ថា​ម្ដេច​ទេ។

ឃើញ​ខ្ញុំ​មិន​ស្ដី វា​ក៏​ធ្វើ​ហី ដើរ​ចេញ​លឿន​ខ្មេរ
សួរ​ខ្ញុំ​នាំ​ឱ្យ ខ្ញុំ​នេះ​ខ្មាស​គេ គ្រប់​គ្នា​ងាក​បែរ
មើល​មុខ​ខ្ញុំ​ព្រាត។

ទិញ​ផ្កា​នោះ​បាន ខ្ញុំ​រៀប​ចំ​ប្រាណ រៀប​ឫក​មារយាទ
ប្រញាប់​ទៅ​វឹង គ្មាន​ចាំ​អី​ទៀត ស្រាប់​គេ​មើល​ព្រាត
ឃើញ​ខ្ញុំ​កាន់​ផ្កា។

ខ្ញុំ​អៀន​នោះ​អៀន ដើរ​ទៅ​មិន​ហ៊ាន ងើប​មើល​អ្នក​ណា
ស្រាប់​តែ​ភ្ញាក់​ព្រើត នឹង​ពាក្យ​វាចា «ជូន​ផ្កា​អ្នក​ណា
ប្រាប់​បាន​ទេ​បង?»

ខ្ញុំ​បុក​ពោះ​ភឹប វិះ​នឹង​ដួល​គ្រឹប កន្លែង​នោះ​ម្ដង
ឃើញ​ស្រី​ញញឹម ស្ដាប់​ឮ​ហៅ​បង ខ្ញុំ​អរ​កន្លង
តែ​ភ័យ​ចង់​ស្លាប់។

ខំ​ញញឹម​ជួយ ឱ្យ​បាន​ជំនួយ មុន​នឹង​សាសព្ទ
ភ័យ​ផង​អរ​ផង លុះ​ភ្លេច​ស្ដី​ប្រាប់ ញញឹម​ដូច​ស្លាប់
អត់​មាន​វាចា។

ស្រី​ឆាប់​ស្ដី​វឹង «មិន​ព្រម​ឱ្យ​ដឹង ក៏​អត់​ចុះ​ណា
កំណាញ់​ខ្លាំង​ម្ល៉េះ គ្រាន់​តែ​សង្សារ ខ្ញុំ​ក៏​មាន​ការ
សុំ​ទៅ​សិន​ហើយ។»

ខ្ញុំ​ឈរ​គាំង​ធ្មឹង ស្រី​ចេញ​ទៅ​វឹង អស់​ពេល​បាន​ឆ្លើយ
ផ្កា​នៅ​នឹង​ដៃ ជិត​នាង​បង្កើយ ហុច​ទៅ​ក៏​ហើយ
អស់​ខ្វល់​ចិន្ដា។

តែ​នេះ​វា​ថី នៅ​គាំង​សម្ដី គាំង​ទាំង​កាយា
ពេល​នាង​ទៅ​បាត់ ទើប​ស្លុង​ចិន្ដា នឹក​ស្ដាយ​ម្ល៉េះ​ណា
សង្ខារ​ស្ទើរ​ក្ស័យ។

នៅ​ឈរ​ភ្លាំង​ភ្លឹក អស់​យូរ​សន្ធឹក ទើប​នឹក​ជា​ថ្មី
ខ្ញុំ​ត្រូវ​ទៅ​តាម ឱ្យ​បាន​ជួប​ស្រី ម្ដង​នេះ​លែង​ភ័យ
ត្រូវ​តែ​ក្លាហាន។

ស្ទុះ​រត់​ទៅ​វឹង ឈរ​ឈប់​សម្លឹង រក​មើល​កល្យាណ
តែ​មិន​ឃើញ​នាង រឹត​ខ្វល់​ក្នុង​ប្រាណ ងាក​ទៅ​សព្វ​ឋាន
មិន​ឃើញ​សោះ​ណា។

ខ្ញុំ​ច្បាស់​អស់​ផ្លូវ ពេល​នេះ​នាង​ទៅ មិន​នៅ​សាលា
មិន​គួរ​សោះ​ឡើយ ធ្វើ​ឱ្យ​ខក​ការ ទើប​វិល​វិញ​រ៉ា
ទាំង​ចិត្ត​ទោម្នេញ។

ចូល​ក្នុង​សាលា មើល​ទៅ​អ្នក​ណា ក៏​សើច​ស្ញាញ​ស្ញេញ
ញញឹម​ញញែម គ្រប់​ទី​ពាស​ពេញ ឯ​ខ្ញុំ​នេះ​វិញ
ស្ទើរ​ប្រេះ​ឱរា។

កំពុង​ទុក្ខ​ធំ ក្នុង​ទ្រូង​ក្ដៅ​ងំ ស្ទើរ​ដាច់​សង្ខារ
ស្រាប់​តែ​ងាក​ទៅ ឃើញ​ស្រី​ជីវា ឈរ​ក្បែរ​គុម្ព​ផ្កា
ញញឹម​ផ្អៀង​ផ្អង។

ខ្ញុំ​អរ​ឡើង​ពើត រត់​ទៅ​លឿន​ស្លើត សំដៅ​នួនល្អង
ពេញ​ដោយ​សង្ឃឹម ញញឹម​ទៅ​ផង ដល់​នឹង​ប្រាប់​ម្ដង
ថា​បង​ស្រឡាញ់។

ទៅ​ដល់​ឈប់​ញ៉ាច់ ឃើញ​ផ្កា​មួយ​បាច់ នៅ​ដៃ​សម្លាញ់
គេ​ហុច​ឱ្យ​នាង ប្រាប់​ក្ដី​ស្រឡាញ់ នាង​ឆ្លើយ​តប​វិញ
ថា​អូន​ក៏​ស្ម័គ្រ។

(ដោយ ទឹម បឿន ១៤ កុម្ភៈ ២០០៨)

55 thoughts on “បុណ្យ​សង្សារ​ឆ្នាំ​មុន

  1. ល្បង​ណាក់​ ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែ​កុម្ភៈ 2008 / 6:32 ល្ងាច

    គ្រាន់​តែ​បុណ្យ​សង្សារ​ចេញ​កំណាព្យ​មួយ​! ឡូយ​មែន​លោក​តា​!

  2. kluv ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែ​កុម្ភៈ 2008 / 6:45 ល្ងាច

    oh u did write the poem well, i read from the first till end, so interesting u know!? but so sorry about the end.

  3. kk@111 ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែ​កុម្ភៈ 2008 / 7:02 ល្ងាច

    ចុម, ពូកែ​សរសេរ​កំណាព្យមែន។ ខ្ញុំ​អានបណ្តើរ​សើច​បណ្តើរ។ នេះ​ជាលើក​ទី​មួយ​ហើយ​ដែល​ខ្ញុំ​អានកំណាព្យ​ ហើយ​សើច​នោះ។ ខ្ញុំសុំ​សរសើរ​ស្នាដៃរបស់​ល្បង​បឿន​ដោយ​ស្មោះ។ និយាយអញ្ចឹង​ ហ្នឹង​ជា​រឿង​ពិត​មែនរឺ? បើ​ពិត​មែន ហើយ​ចុះ​ឆ្នាំ​នេះ​​​យ៉ាង​ម៉េច​ហើយ?

  4. vichetrath ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែ​កុម្ភៈ 2008 / 8:40 ល្ងាច

    មែនហ្នឹង!ពូកែតែងមែនទេន​សុំសរសើ។ ចង់ដឹងដែរហ្នឹង ឆ្នាំម៉េចវិញ?

  5. វីរិយា ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែ​កុម្ភៈ 2008 / 10:09 ល្ងាច

    ពិត​ជា​មិន​អន់​ទេ ពេល​ស្ដាប់​បឿន​សង្ខេប​សាច់​រឿង ខ្ញុំ​សង្ស័យ​ថា យីស​បឿន​សាច់​រឿង​ដែល​បឿន​និយាយ​ប្រាប់​នេះ ទាម​ទារ​ឲ្យ​មាន​ការ​ធ្វើ​អធិប្បាយ​ច្រើន ហើយ​បើ​យក​មក​សរសេរ​ជា​កំណាព្យ​ មិន​មែន​ជា​រឿង​ងាយទេ​ណា! ដល់​ពេល​បាន​អាន​មែន​បាន​ដឹង​ថា​បឿន​ឥឡូវ​ជិត​ក្លាយ​ខ្លួន​ជា​អ្នក​តែង​កំណាព្យ​អាជីព​មែន​ទែន​ហើយ!

    សួរ​ស្តី​បុណ្យ​នៃ​ក្តី​ស្រឡាញ់! សូម​ឲ្យ​ឆាប់​មានម្ចាស់​នៃ​​ក្តី​ស្រឡាញ់​ៗ​ឆាប់​ៗ​ណា​បឿន!

  6. សុភ័ក្ត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែ​កុម្ភៈ 2008 / 11:21 ល្ងាច

    ឆ្នាំ​នេះ​ចោល​លុយ​ហើយ​លោក​បឿន​នោះ ហាហាហាហាហា

  7. សុទ្ធិពង្ស ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 12:38 ព្រឹក

    សួស្តីថ្ងៃបុណ្យសង្សារល្បង

  8. samnang ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 1:11 ព្រឹក

    ចុម​!សសេរ​កំនាព្យ​បាន​ឡ្អ​ណាស់​តើ! ទាំង​ប្រ​យោគ​ទាំង​សាច់​រឿង, ស្រ​ដៀង​រឿង​ខ្ញុំ​ដែរ​ហ្នឹ​ណា៎, សម្លាញ់​អឺយ​កុំ​ឈឺ​ចាប់​អី!!!

  9. សុភី ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 7:22 ព្រឹក

    អាន​កំណាព្យលោក​បឿនសើចឡើងចុកពោះហើយណា!!! គ្រាន់បើមែន!!!

  10. kosal ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 9:04 ព្រឹក

    នេះជាលើកទីមួយហើយដែលខ្ញុំព្យាយាមអានអត្ថបទរឺកំណាព្យដែលវែងៗចប់ ក៏ព្រោះតែបឿនតែងកំណាព្យបានល្អ សូមសរសើរ ។ ណឹងហើយវវល់តែអឹមអៀនច្រើនគេឆក់យកបាត់មុនចឹង រួចអាម៉េចហើយឆ្នាំនេះ?

  11. naraths ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 9:13 ព្រឹក

    ឆ្នាំ​នេះ​នៅ​តែ​ស្ញេញ​ចឹង!! កិកិ
    កំណាព្យ​នេះ​នៅ​មាន​ផាតធូ​ទៀត ចាំ​មើល!!

  12. ទឹម បឿន ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 10:17 ព្រឹក

    »»ចៅ​ណាក់៖ ចំ​ថ្ងៃ​បុណ្យ​សង្សារ នឹក​ចង់​អាប់ឌេត​ប្លក់​នឹង​គេ បាន​ជា​ខំ​សរសេរ​កំណាព្យ​នេះ។
    »»kluv: Thank you Kluv. I’m sorry at the end too but it’s just a poem.
    »»kk@111: រីករាយ​ដែល​បង​កា​ចូលចិត្ត។ សូម​កុំ​ហៅ​ខ្ញុំ​ល្បង​អី ព្រោះ​ខ្ញុំ​អាយុ​ប្អូន​បង​កា​ឯង​ទេ។ ឆ្នាំ​នេះ? បើ​អាច ខ្ញុំ​នឹង​បន្ត​សាច់រឿង​ទៅ​ទៀត។
    »»vichetrath: ហេហេ មាន​អ្នក​ចង់​ដឹង​ច្រើន ប្រហែល​ជា​ចង់​បន្ត​ភាគ​ហើយ។
    »»វីរិយា៖ លោក​វី​កុំ​សសើរ​ពេក​អី នាំ​ឱ្យ​ខ្ញុំ​អៀន​ខ្លួនឯង​ហើយ តែ​សូម​អរគុណ​បាទ និង​អរគុណ​សម្រាប់​ការ​ជូនពរ។ សូម​ឱ្យ​ពរ​ហ្នឹង​បាន​ដល់​លោក​វី​ដូច​គ្នា។
    »»សុភ័ក្ត្រ៖ ម៉េច​ថា​ចោល​លុយ? សុភ័ក្ត្រ​មិន​ដឹង​រឿង​ទេ។
    »»សុទ្ធិពង្ស៖ សួស្ដី​ថ្ងៃ​បុណ្យ​សង្សារ! មាន​បាន​ជូន​ផ្កា​កូន​គេ​ហើយ​ឬ​នៅ​ហ្នឹង?
    »»Samnang: អ៊‍ីចឹង​ខ្ញុំ​ជូន​កំណាព្យ​នេះ​ឱ្យ​សំណាង​ផង​ចុះ។ រឿង​ឈឺ​ចាប់​មិន​អី​ទេ តែ​សំណាង​ក៏​អ៊‍ីចឹង កុំ​ឈឺចាប់​អី។
    »»សុភី៖ អរគុណ​សុភី! វា​គួរ​តែ​កំប្លែង​ជាង​នេះ​តែ​ខ្ញុំ​សរសេរ​នៅ​មាន​កម្រិត។
    »»kosal: អរគុណ​កុសល​ដែល​​ខំ​អាន​កំណាព្យ​របស់​ខ្ញុំ​ដល់​ចប់​។ អារឿង​អៀនប្រៀន​ហ្នឹង គឺ​ជា​រឿង​ដែល​គ្រប់គ្នា​តែង​តែ​ជួប នៅ​ពេល​ដែល​គេ​មាន​ស្នេហ៍ ជា​ពិសេស​ស្នេហ៍​លើក​ដំបូង តែ​អៀន​បែប​​តួ​ក្នុងកំណាព្យ​ហ្នឹង គឺ​អៀន​ជ្រុល​ពេក។
    »»naraths: ណារដ្ឋ​មិន​ទាន់​ដឹង​ទេ! ផាត​ធូ មិន​ដឹង​ថា​នឹង​សរសេរ​ឬ​អត់​ទេ ព្រោះ​ដាច់​សាច់រឿង​ដែល​គ្រោង​អស់​ទៅ​ហើយ តែ​បើ​ទំនេរ នឹង​ទាញ​អារម្មណ៍​មក​វិញ។

    អរគុណ​អ្នក​ទាំង​អស់​គ្នា​​សម្រាប់​ការ​ចូល​មកផ្ដល់​មតិ​់។

  13. Bandith ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 10:47 ព្រឹក

    ហាហាហាហាហា….សុំសើចមួយមុនហ្នឹងផ្តល់ខមមេន🙂 ឡូយណាស់តើ​បឿនកំណាព្យបឿនឯងវ៉ី ហីពីម្សិលម៉ិញទៅណាទៅណីអត់ហ្នុង? សង្ឈឹមថាមិនដូច​ឆ្នាំមុនទៅណា។ ខ្ញុំអីនេះរ៉ូមែនទិកតែពីរនាក់ដល់កដែរហ្នឹង🙂

  14. ទឹម បឿន ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 10:52 ព្រឹក

    អរគុណ​បណ្ឌិត! ខ្ញុំ​មិន​ហ៊ាន​ប្រាប់​ទេ​ថា​ឆ្នាំ​នេះ​យ៉ាង​ម៉េច។ ហើយ​ម្សិលមិញ​ហ្នឹង​ទៅ​រ៉ូមែនទិក​នៅ​កៀន​ណា?😀

  15. សុទ្ធិពង្ស ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 11:31 ព្រឹក

    អត់បានជូនផ្កានរណាទេ ព្រោះសង្សារខ្មុំនៅខ្មែរ

  16. ទឹម បឿន ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 11:34 ព្រឹក

    កូន​ក្រមុំ​ថៃ​នៅ​ហ្នឹង ជូនៗ​សិន​ទៅ។😀

  17. ល្បង​ណាក់​ ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 11:41 ព្រឹក

    មាន​អ្នក​សសើរ​ច្រើន​ណាស់​! ពាក្យ​ដែល​ប្រុង​យក​មក​សសើរ​ត្រូវ​ដក​ចេញ​ហើយ​!

  18. ទឹម បឿន ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 11:44 ព្រឹក

    ខ្លាច​ខាត​ម្ល៉េះ​ប្អូន​ស្រី? បង​ចូល​មក​ដល់​ក៏​ចង់​ភ្ញាក់​ដែរ ឃើញ​មិត្រៗ​យើង​សរសើរ​ចង់​គ្រប់គ្នា។

  19. ល្បង​ណាក់​ ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 11:52 ព្រឹក

    ចឹង​ហើយ​កូន​គេ​! មិន​ដឹង​ជា​មិត្រ​​អី​ទេ​កញ្ចាស់​ទៅ​ហើយ​នឹង​!😉
    រ៉េនណា​ឈឺ​ហើយ​ដឹង​អត់​? កំពុង​តា​ភ័យ​! ទិច​ទៀត​ដល់​វេន​ខ្ញុំ​ហើយ​!😦

  20. ទឹម បឿន ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 12:00 ល្ងាច

    អ្ហាស៍! ម៉េច​អ៊‍ីចឹង? ឈឺ​អី​គេ ហើយ​ធ្ងន់​ធ្ងរ​ឬ​អត់?

  21. ល្បង​ណាក់​ ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 12:08 ល្ងាច

    បារម្ភ​ជាង​ខ្ញុំ​ទៀត​!😉

  22. Sambath ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 12:51 ល្ងាច

    អូ បឿន ឡូយ​អស់​ទាស់​តែ​ម្ដង​ហើយ ។ សូម​ចម្លង​បាន​ទេ នេះ​ជាកំណាព្យ​ពេញ​និយម​មែន​ទែន​ហើយ “នៅ​ឯណា​មាន​ស្រុកខ្មែរ” ។

  23. ទឹម បឿន ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 1:08 ល្ងាច

    ល្បង​ណាក់៖ ប្អូន​ស្រី​របស់​បង​ឈឺ មិន​ឱ្យ​បារម្ភ​យ៉ាងម៉េច​នី? ហើយ​មិន​ប្រាប់​ទេ​អ្ហី ថា​ឈឺ​យ៉ាង​ម៉េច?

    Sambath: ចុះមាន​ទៅ​រក្សា​សិទ្ធិ​អី បង​សម្បត្តិ។ បង​ចេះ​តែ​និយាយ​ថា​គ្មាន​នៅ​ស្រុក​ខ្មែរ​ហើយ កំណាព្យ​ឡើង​គរទឹក គរ​ដី​មិន​ខ្វះ​ទេ ហើយ​កំណាព្យ​ខ្ញុំ គ្មាន​ប្រយោជន៍​អី​ដូច​គេ​ទេ បាន​តែ​សរសេរ​លេង​តែ​ប៉ុណ្ណឹង​ឯង។

  24. ល្បង​ណាក់​ ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 2:28 ល្ងាច

    គេ​ឈឺ​ក្បាល​! ក្អក​រំខាន​! មាន​អី​ទៀត​ចាំ​សួរ​ខ្លួន​ឯង​ទៅ​!

  25. រចនា ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 2:29 ល្ងាច

    🙂

  26. ទឹម បឿន ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 2:32 ល្ងាច

    »»ប្អូន​នី!!?

    »»មិន​អី​ទេ​រចនា?🙂

  27. ល្បង​ណាក់​ ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 2:39 ល្ងាច

    មាន​​ការ​​អី​អាច​ផ្ដាំ​ផ្ញើរ​បាន​! ពេល​នេះ​រជ្ជនី​មិន​នៅ​ទេ​! ទឺត​ៗៗៗៗៗៗ​ 😉

  28. ទឹម បឿន ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 2:44 ល្ងាច

    មាន​ការ​ចង់​ផ្ដាំ​ច្រើន​ណាស់​បាទ សូម​ចាំ​ស្ដាប់៖ ទូតៗៗ!!! អុញ​អស់​លុយ​បាត់ ហេហេហេ (ក្មេងៗ​ចូលចិត្ត​លេង ចាស់​លេង​ដែរ​ហ្មង​ទៅ កិកិកិ)

  29. កូន​ស្វា​តូច​ ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 2:50 ល្ងាច

    អូ​! ហ៊ាន​លួច​ស្ទីល​សើច​បស់​ញ៉ុម​​ &បង​ណាង​ផង​! ប្រយត្ន័​ទៅ​….

  30. ទឹម បឿន ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 3:06 ល្ងាច

    ពាក្យ​ហ្នឹង​ប្រើ​បាន​តែ​នី និង​សំណាង​ទេ​អ្ហី? កម្មសិទ្ធិ​អី​ខ្លាំង​ម្ល៉េះ?

  31. រចនា ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 3:11 ល្ងាច

    អត់​អី​ទេ!

  32. កូន​ស្វា​តូច​ ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 3:16 ល្ងាច

    រឿង​ហ្នឹង​វា​ត្រូវ​តែ​ចឹង​ហើយ​!

  33. ទឹម បឿន ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 3:26 ល្ងាច

    »» រចនា៖ ល្អ​ហើយ​អ៊‍ីចឹង

    »» លែង​ហ៊ាន​ប្រើ​ហើយ​អ៊‍ិចឹង ហិហិហិ

  34. កូន​ស្វា​តូច​ ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 3:34 ល្ងាច

    ម៉េច​យំ​ចឹង​?

  35. បូរាណ ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 4:10 ល្ងាច

    សរសេរកំណាព្យឡូយអស់ស្ទះ! ប៉ុន្តែហេតុអីមិនបពា្ចប់សាច់រឿងឲ្យជួបគ្នាទៅ ម៉េចបានធ្វើឲ្យកំសត់ចុងក្រោយវិញ បឿន?

  36. chharda ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 4:19 ល្ងាច

    khum jol jet kamnap mouy nis nas . pit jea mean ney pit men. sum sor ser ors pi jet

  37. ទឹម បឿន ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 4:22 ល្ងាច

    មក​ពី​តួ​ស្រី មិន​ដែល​ចាប់អារម្មណ​លើ​តួ​ប្រុស​តាំង​ពី​មុន​មក តួ​ប្រុស​ហ្នឹង​លួច​ស្រឡាញ់​គេ​តែ​ម្នាក់ឯង ហើយ​គេ​លាក់​មិន​ឱ្យ​អ្នក​ណា​ដឹង​ថា​គេ​ស្រឡាញ់​គេ​ទេ ដូច​សូម្បី​តែ​ថ្ងៃ​ទិញ​ផ្កា​ហ្នឹង ក៏​គេ​មិន​ឱ្យ​គេ​ដឹង​ដែរ សុខ​ចិត្ត​ទៅ​ទិញ​ដល់​ផ្សារ​ថ្មី រត់​ឡើង​ធ្លាក់​ញើស​រហាម អ៊‍ីចឹង​ហើយ បាន​ជា​ស្រី​ហ្នឹង​មិន​ចាប់​អារម្មណ៍​នឹង​គេ​សោះ តែ​អ្នក​ដែល​គេ​ចាប់​អារម្មណ៍​នោះ គឺ​មិត្រ​របស់​តួ​ប្រុស​នោះ​ទៅ​វិញ ព្រោះ​គេ​ជា​មនុស្ស​ក្លាហាន ហើយ​បើ​តាម​ស្មាន គេ​ទាំង​ពីរ​ធ្លាប់​លួច​ស្រឡាញ់​គ្នា​មក​យូរ​ហើយ គេ​ក៏​បាន​ដឹង​រៀង​តែ​ខ្លួន​ផង ទើប​ខ្ញុំ​សម្រេច​ថា ឱ្យ​តួ​ប្រុស​នោះ​​ទៅ​ជា​យ៉ាង​នេះ តែ​ពេល​អនាគត​ថា​មិន​ត្រូវ អាច​គេ​មក​ស្រឡាញ់​តួ​ប្រុស​វិញ​ក៏​មិន​ដឹង ព្រោះ​បើ​តាម​ការ​ចាត់​តួ​របស់​ខ្ញុំ មិត្រ​របស់​តួ​ប្រុស​នោះ ជា​មនុស្ស​ខិលខូច​គួរ​សម​ដែរ ឃើញ​អ្នក​ណា​ដែល​គេ​ពេញ​ចិត្ត គេ​នឹង​ធ្វើ​សកម្មភាព​ភ្លាម…។ល។

    កុំ​អន់​ចិត្ត​នឹង​តួប្រុស​ដែល​ខក​បំណង​អី បើ​គិត​តាម​ការពិត វា​ត្រូវ​តែ​បែប​ហ្នឹង តែ​ផែន​ដី​វិល​ អ្វី​ៗ​អាច​ផ្លាសប្ដូរ​បាន។ អរគុណ​សម្រាប់​មតិ​នេះ។

  38. ទឹម បឿន ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 4:26 ល្ងាច

    អរគុណ​បង​ដា!

  39. traactivity ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 6:09 ល្ងាច

    ពូកែ​តែងផស់គេ!
    ថ្ងៃមិញ​ពេលធ្វើ​សិក្ខាសាលានៅសកលវិទ្យាល័យ​ចេនឡា បើក​ប្លក់ផស់បឿនឯង ហើយ​អាន​កំណាព្យនេះ​​ឲ្យ​ក្មេងៗស្ដាប់ គេ​នាំគ្នា​សើចគឹល!!! ហើយថា​អ៊ូយ…​កំណាព្យនេះ​ឡូយណាស់!!!

  40. Phy ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 10:01 ល្ងាច

    ហេហេ…​ រឿង​ពិត​អី​ហ្នឹង​បឿន​? ពូកែ​តែង​កំណាព្យ​មែន​ទែន​។ សុំ​សរសើរ​ដោយ​ស្មោះ។​

  41. Vannara ថ្ងៃសុក្រ ទី 15 ខែ​កុម្ភៈ 2008 / 11:10 ល្ងាច

    មក​តែ​ពី​វាយ​អន្លាយ​ដូច​កំណាព្យ​នឹង​ហើយ​បាន​អត់​នឹង​ ថ្ងៃ​ក្រោយ​អោយ​ដឹង​ខ្លួន​ បើ​ចង់​ធ្វើ​អី​​ធ្វើ​ព្រឹប​ៗ​ទៅ បើ​ថា​ស្រលាញ់​​គេ​ដើ​រទៅ​ជិត​​​​ ហើយ​និយាយ​ថា​ i love u រួច​ចាប់​ប៊ីៗ​តែ​ម្តង​ទៅ​វា​ចប់​រឿង​ទៅ​ហើយ​ យ៉ាង​ច្រើន​ណាស់​ស៊ី​ម៉ា​កំផ្លៀង​នឹង «​និយាយលេង​ទេ​ណា​ តិច​ធ្វើ​តាម​មែន​» :D​ អូហ៌… និយាយ​ចឹង​ភ្លេច​សរសើរ​ស្នាដៃរ​សរសេរ​កំណាព្យ អត់​ចាញ់​កវី​និពន្ធ​ខក​ស្នេហ៏​ប៉ុន្មាន​ទេ😀

  42. ទឹម បឿន ថ្ងៃសៅរ៍ ទី 16 ខែ​កុម្ភៈ 2008 / 8:44 ព្រឹក

    >>traactivity: បង​ត្រា​អាន​ឱ្យ​ក្មេងៗ​ស្ដាប់​ចឹង​ក្មេង​សើច​ងាប់​ហើយ កំណាព្យ​ហ្នឹង​បាន​តែ​ចាស់ៗ​ដូច​បង​ត្រា​អី​ទេ សខខ!
    >>Phy: ភី​សាក​គិត​ទៅ​មើល​ថា​រឿង​ពិត​ឬ​អត់? ថ្ងៃ​១៤​ហ្នឹង នឹក​ថា​ចង់​ដាក់​អត្ថបទ​នឹង​គេ​តែ​មិន​ដឹង​ដាក់​អី បើ​អត្ថបទ​ស្វាគមន៍ ឃើញ​គេ​ដាក់​គ្រប់​គ្នា ទើប​នឹក​ឃើញ​ប្រឌិត​រឿង​នេះ​ទៅ។ ស្ដាយ​ដែរ​ដែល​សរសេរ​មិន​ទាន់​ចប់​សាច់រឿង តែ​ខ្ញុំ​សម្រេច​កាត់​ផ្ដាច់​ត្រឹមហ្នឹង​ចុះ។
    >>Vannara: ចេះ​ក្បាច់​សារភាព​ពិសេសៗ​ចឹង​បាន​ម៉ាក់​លក្ស្មី​បាក់​ខ្លាំង​ណាស់ ហេហេ។ ខ្ញុំ​អត់​ចេះ​ស៊ី​កំផ្លៀង​ដូច​វណ្ណរ៉ា បាន​ជា​មិន​ហ៊ាន សតត។

    >>> អរគុណ​អ្នក​ទាំង​បី ដែល​សរសើរ!

  43. Phy ថ្ងៃសៅរ៍ ទី 16 ខែ​កុម្ភៈ 2008 / 11:30 ព្រឹក

    គេ​ថា​ការ​បរាជ័យ​គ្មាន​បញ្ហា អីដែល​បញ្ហា​គឺ​ថា​តើ​យើង​បាន​រៀនអី​ពី​ការ​បរាជ័យ​នោះ។ ហើយ​បឿន​រៀន​បាន​អី?​

  44. khmerpoemboy ថ្ងៃសៅរ៍ ទី 16 ខែ​កុម្ភៈ 2008 / 11:30 ព្រឹក

    ឡូវមែនអ្វី!! តូប្រុសហ្នឹងមិនសមជាលោកបឿនឯងទេ លោកបឿនឯងសាកសមជា
    មិត្តរបស់តូប្រុស ហាហាហា

  45. ទឹម បឿន ថ្ងៃសៅរ៍ ទី 16 ខែ​កុម្ភៈ 2008 / 1:57 ល្ងាច

    >>Phy: សួរ​ធ្វើ​ដូច​ខ្ញុំ​ហ្នឹង​ជា​អ្នក​បរាជ័យ?😀 ។ តែ​យ៉ាង​ណា ក៏​ធ្លាប់​បរាជ័យ​ដែរ គ្រាន់​តែ​មិន​មែន​ជា​តួអង្គ​ក្នុង​រឿង​ខាង​លើ បើ​ថា​រៀន​ចេះ​អី​ខ្លះ ខ្ញុំ​មិន​ដឹង​ទេ តែ​សង្កេត​ឃើញ​ថា មនុស្ស​យើង​គ្មាន​អី​ជាង​ភាព​រឹងប៉ឹង​ទេ បើ​ជួប​បរាជ័យ​ហើយ​មិន​រឹងប៉ឹង ពិត​ជា​គ្មាន​ផ្លូវ​គិត​ឃើញ​ផ្លូវ​ចាកផុត​ទុក្ខសោក​ឡើយ។
    >>khmerpoemboy: ចេះ​តែ​មក​លើក​ដាក់​ឱ្យ​ខ្ញុំ​​ហើយ ខ្ញុំ​គ្មាន​នៅ​ក្នុង​តួ​ទាំង​ពីរ​ហ្នឹង​ទេ។ កំពុង​តែ​រក​តួ​ពិត​មិន​ទាន់​ឃើញ​ផង ខ្ញុំ​លើក​ដាក់​ឱ្យ​ឥឡូវ​ហើយ ហេហេហេ

  46. បូរាណ ថ្ងៃសៅរ៍ ទី 16 ខែ​កុម្ភៈ 2008 / 3:49 ល្ងាច

    អូ តាមពិតការបញ្ចប់សាច់រឿងបែបនេះគឺពិតជាត្រឹមត្រូវហើយ បឿន។ ទី១គឺ​ជំរុញទឹកចិត្តមនុស្សឲ្យក្លាហាន។ ទី២គឺវាស្របទៅនឹងទំនោរនៃបទចម្រៀង​ដែលភាគច្រើនគេច្រៀងពីរឿងស្នេហាខកចិត្ត អីចឹងៗ គឺស្តាប់បានយូរ​ មានន័យជ្រៅ(ដូចស្រាសាច់ដុំពិសេស :D)…

  47. ទឹម បឿន ថ្ងៃសៅរ៍ ទី 16 ខែ​កុម្ភៈ 2008 / 4:00 ល្ងាច

    ហេហេ ស្រា​សាច់​ដុំ​ពិសេស​ហ្នឹង​យ៉ាងម៉េច? ខ្ញុំ​ដូច​អត់​យល់។ ឃើញ​តែ​រូប​ស្រី​ផ្សាយពាណិជ្ជកម្ម​ហ្នឹង​ស៊ិចស៊ីៗ😀 ។ បើ​យល់​ថា​ការ​បញ្ចប់​បែប​ហ្នឹង​ល្អ ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែរ។

  48. កូន​ស្វា​តូច​ ថ្ងៃសៅរ៍ ទី 16 ខែ​កុម្ភៈ 2008 / 4:23 ល្ងាច

    មាន​ន័យ​ជ្រៅ​ដូច​ស្រា​ផែនដី​តើ​!

  49. ទឹម បឿន ថ្ងៃសៅរ៍ ទី 16 ខែ​កុម្ភៈ 2008 / 6:07 ល្ងាច

    ហេហេ មាន​អ្នក​ដឹង​រឿង​ទៀត ញញ!!!

  50. កូន​ស្វា​តូច​ ថ្ងៃសៅរ៍ ទី 16 ខែ​កុម្ភៈ 2008 / 6:23 ល្ងាច

    ញញ​??? ញ័រ​ញ័រ​មែន​អត់​?​😉

  51. ទឹម បឿន ថ្ងៃសៅរ៍ ទី 16 ខែ​កុម្ភៈ 2008 / 6:36 ល្ងាច

    ញញឹម!!

  52. កូន​ស្វា​តូច​ ថ្ងៃសៅរ៍ ទី 16 ខែ​កុម្ភៈ 2008 / 6:41 ល្ងាច

    ចឹង​សោះ​!

  53. ដូង ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែកក្កដា 2008 / 10:31 ព្រឹក

    ចង់សរសេរកំណាព្យដាក់ត្រង់នេះមួយទៀតតែខ្លាចបឿនសើច

  54. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែកក្កដា 2008 / 2:02 ល្ងាច

    សរសេរ​ម៉ោ! ខ្ញុំ​មិន​សើច​ទេ ជួយ​ចុះ​ផ្សាយ​ឲ្យ​ទៀត😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s